in

កើត​អំពី​ទឹក ហើយ​អំពី​ព្រះ​វិញ្ញាណ

សំណួរ​នេះ​គឺ​ជា​សំណួរ​សំខាន់ ពីព្រោះ​វា​ស្ថិត​ក្នុង​ចំណុច​ស្នូល​នៃ​ការ​ពន្យល់​របស់​ព្រះ​យេស៊ូវ​លើ​ការ «កើត​ជា​ថ្មី» នៃ​កំណើត​ថ្មី។ នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​បាន​ណែនាំ​ចំណុច​នេះ​ដំបូង (យ៉ូហាន ៣:៣) លោក នីកូដេម មិន​បាន​យល់​ច្បាស់​អំពី​អ្វី​ដែល​ព្រះ​យេស៊ូវ​ចង់​មាន​អត្ថន័យ ដូច្នេះ​បាន​ជា​គាត់​ទូល​សួរ​ថា៖ «ធ្វើ​ដូច​ម្តេច​នឹង​កើត​ឡើង​បាន ក្នុង​កាល​ដែល​ចាស់​ហើយ? តើ​អាច​នឹង​ចូល​ទៅ​ក្នុង​ពោះ​ម្ដាយ​ម្ដង​ទៀត ហើយ​កើត​ឡើង​វិញ​បាន​ឬ?» (៣:៤)។

មាន​មនុស្ស​ជា​ច្រើន​គិត​ថា​សំណួរ​ដែល​លោក នីកូដេម បាន​សួរ​បង្ហាញ​ថា​គាត់​ជា​មនុស្ស​ឆ្កួត​ដែល​យល់​អត្ថ​ន័យ​ចំៗ។ ប៉ុន្តែ នេះ​គឺ​ពិត​ជា​ហួស​ហេតុ​ពេក​ហើយ។ គេ​នឹង​មិន​ហៅ​គាត់​ថា​ជា «គ្រូ​នៃ​សាសន៍​អ៊ីស្រាអែល» (យ៉ូហាន ៣:១០—ទំនង​ជា​ងារ) ប្រសិន​បើ​គាត់​មិន​អាច​យល់​ការ​ប្រៀប​ប្រដូច​ចម្លែកៗ​នោះ​បាន។ នៅ​ពេល​ដែល​គាត់​ឮ​ព្រះ​យេស៊ូវ​មាន​ព្រះ​បន្ទូល​ថា ដើម្បី​អាច​ឲ្យ​បុគ្គល​ណា​ម្នាក់​ចូល​ទៅ​នគរ​ព្រះ​បាន​គាត់​ត្រូវ​តែ «កើត​ជា​ថ្មី» យើង​ខ្ញុំ​សង្ស័យ​ថា​លោក នីកូដេម បាន​យល់​ថា​ព្រះ​យេស៊ូវ​ចង់​មាន​ន័យ​ថា​យើង​មិន​ល្អ​គ្រប់​គ្រាន់​ក្នុង​ការ​ចូល​នគរ​ព្រះ៖ យើង​ត្រូវ​តែ​ចាប់​ផ្ដើម​ម្ដង​ទៀត មាន​ប្រភព​ផ្សេង ផុស​ឡើង​ចេញ​ពី​ជីវិត​ផ្សេង។ លោក នីកូដេម គិត​ថា​ព្រះ​យេស៊ូវ​មាន​បន្ទូល​លើស​ពេក​ហើយ៖ មនុស្ស​យើង​មិន​មាន​លទ្ធភាព​ពិត​ក្នុង​ការ​ចាប់​ផ្ដើម​ជា​ថ្មី ឬ​ក៏​ប្រកាស​យក​ជីវិត​ថ្មី អួត​អំពី​កំណើត​ថ្មី ឬ​ក៏​អរ​សប្បាយ​ក្នុង​ការ​ចាប់​ផ្ដើម​ជា​ថ្មី​បាន​ឡើយ។ លោក​គ្រូ អូម័រ ខាយយាម (Omar Khayyam) បាន​លើក​ឡើង​យ៉ាង​ត្រឹម​ត្រូវ៖ «ម្រាម​ដៃ​ដែល​មាន​ចលនា​សរសេរ ហើយ​បន្ទាប់​ពី​បាន​សរសេរ ក៏​បន្ត​ទៅ​មុខ​ទៀត៖ មិន​ថា​ការ​គោរព​ប្រតិបត្តិ​របស់​ខ្លួន ឬ​ក៏​ការ​ខិតខំ​ប្រឹងប្រែង នោះ​ក៏​មិន​អាច​លួង​ឲ្យ​វា​ត្រឡប់​ក្រោយ ទៅ​លុប​ចោល​ពាក់​កណ្ដាល​បន្ទាត់​បាន​ដែរ ហើយ​សូម្បី​តែ​ទឹក​ភ្នែក​ទាំង​អស់​របស់​លោក​អ្នក​ក៏​មិន​អាច​លុប​មួយ​ពាក្យ​បាន​ដែរ។»

មនុស្ស​ជា​ច្រើន​សុទ្ធ​តែ​ធ្លាប់​ប្រឈម​មុខ​នឹង​ពេល​វេលា​ដែល​យើង​ប្រាថ្នា​ចង់ «ចាប់​ផ្ដើម​ជា​ថ្មី​ម្ដង​ទៀត» ឬ​ក៏​យ៉ាង​ហោច​ណាស់​លុប​ចេញ​នូវ​អំពើ​បាប ឬ​ក៏​កំហុស​អាក្រក់​របស់​ខ្លួន។ លោក អ័រហ្វ្រិឌ លូដ ថេនីសិន (Alfred Lord Tennyson) បាន​សរសេរ​ថា «អូ៎ បើ​ឲ្យ​មាន​បុរស​ម្នាក់​ទៀត​កើត​ចេញ​ពី​ក្នុង​ខ្ញុំ​បាន នោះ​បុរស​ដែល​ជា​ខ្ញុំ​នេះ​នឹង​លែង​មាន​ទៀត​ហើយ»។ ឬ​ក៏​ដូច​លោក ចន ខ្ល័រ (John Clare) បាន​លើក​ឡើង​ថា «ប្រសិន​បើ​ជីវិត​មាន​ការ​បោះពុម្ព​ជា​លើក​ទី២ នោះ​ខ្ញុំ​នឹង​កែ​តម្រង់​នូវ​ការ​ត្រួត​ពិនិត្យ​ជា​មិន​ខាន»។ លោក នីកូដេម បក​ស្រាយ​អំពី​ភាព​ឥត​ប្រយោជន៍​នៃ​ការ​ដែល​យើង​ខិត​ខំ​ព្យាយាម​មាន​ការ​ចាប់​ផ្ដើម​ជា​ថ្មី៖ វា​យឺតយ៉ាវ​បន្តិច​ហើយ​ក្នុង​ការ​ដែល​យើង​ទាម​ទារ​ឲ្យ​មាន​ការ​ចាប់​ផ្ដើម​ជា​ថ្មី ខណៈ​ពេល​ដែល​យើង​បាន​ធ្វើ​ឲ្យ​មាន​ភាព​កខ្វក់​នៃ​ការ​ធ្វើ​ដំណើរ (យ៉ូហាន ៣:៤, ៩)។ ហើយ​ប្រសិន​បើ​នោះ​គឺ​ជា​ការ​ទាម​ទារ​ឲ្យ​មាន ដើម្បី​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន នោះ​យើង​គ្មាន​សង្ឃឹម​ទេ៖ «ធ្វើ​ដូច​ម្តេច​នឹង​កើត​ឡើង​បាន ក្នុង​កាល​ដែល​ចាស់​ហើយ»?

ប៉ុន្តែ ឆ្ងាយ​ពី​ការ​ថយ​ចេញ ព្រះ​យេស៊ូវ​បាន​លើក​ឡើង​ចំណុច​នោះ​ម្ដង​ទៀត (យ៉ូហាន ៣:៥) ហើយ​ព្រះ​អង្គ​បាន​ធ្វើ​ក្នុង​របៀប​ដែល​ទ្រង់​ពន្យល់​បន្ថែម​លើ​ការ «កើត​ជា​ថ្មី» ដោយ​ប្ដូរ​ទៅ​ជា​ការ «កើត​អំពី​ទឹក ហើយ​អំពី​ព្រះ​វិញ្ញាណ» ហើយ​ក្នុង​របៀប​នោះ​ព្រះ​អង្គ​ក៏​បាន​ផ្ដល់​ការ​ពន្យល់​ខ្លះៗ។ នេះ​ហើយ​គឺ​ជា​មូល​ហេតុ​ដែល​ថា វា​ជា​រឿង​ដ៏​សំខាន់​ណាស់​ក្នុង​ការ​យល់​អំពី​អ្វី​ដែល​ព្រះ​យេស៊ូវ​ចង់​មាន​អត្ថ​ន័យ​តាមរយៈ​ព្រះ​បន្ទូល​នោះ។

ដូច្នេះ តើ​ព្រះ​អង្គ​ចង់​មាន​អត្ថ​ន័យ​យ៉ាង​ដូច​ម្ដេច?

ការ​កាត់​ស្រាយ​ដែល​នៅ​ខ្វះ​ចន្លោះ

មាន​គេ​បាន​លើក​ឡើង​នូវ​ការ​កាត់​ស្រាយ​មួយ​ចំនួន តាម​ពិត​ទៅ​នៅ​តែ​ខ្វះ​ចន្លោះ។ អ្នក​ខ្លះ​បាន​យល់​ឃើញ​ថា ព្រះ​យេស៊ូវ​កំពុង​តែ​លើក​ឡើង​អំពី​កំណើត​ពីរ​ប្រភេទ៖ បុគ្គល​ម្នាក់​មិន​ត្រឹម​តែ​ចាំ​បាច់​ត្រូវ​ឆ្លង​កាត់​កំណើត​ធម្មជាតិ («កើត​អំពី​ទឹក») ប៉ុន្តែ​គាត់​ក៏​ត្រូវ​ឆ្លង​កាត់​កំណើត​ខាង​ឯ​វិញ្ញាណ​ដែរ («កើត​អំពី…ព្រះ​វិញ្ញាណ»)។ មនុស្ស​យើង​មិន​ត្រឹម​តែ​ចាំ​បាច់​គ្រាន់​តែ​កើត​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​ក៏​ចាំ​បាច់​ត្រូវ​កើត​ជា «ថ្មី» ដែរ។ មាន​បញ្ហា​ចម្បងៗ​ពីរ​យ៉ាង​ទាក់​ទង​នឹង​ការ​កាត់​ស្រាយ​មួយ​នេះ៖ (១) វា​រាក់​ខ្លាំង​ពេក​ហើយ ដូច្នេះ​យើង​មិន​អាច​ទទួល​យក​បាន​ទេ។ ចំណុច​ដំបូង​មិន​បាន​លើក​ឡើង​ច្រើន​ប៉ុន្មាន​ទេ​ទាក់​ទង​នឹង​ការ​ចូល​នគរ​ព្រះ លោក​អ្នក​គ្រាន់​តែ​ចាំ​បាច់​មាន​ជីវិត៖ លោក​អ្នក​គ្រាន់​តែ​ចាំ​បាច់​កើត​មក ហើយ​គ្រាន់​តែ​នៅ​ទី​នេះ​បាន​ហើយ។ ដែល​នេះ​មាន​ន័យ​ថា ចំណុច​សំខាន់​នៃ​ចម្លើយ​របស់​ព្រះ​យេស៊ូវ​គឺ​មាន​នៅ​ក្នុង​ចំណុច​ទី២ «កើត​អំពី…ព្រះ​វិញ្ញាណ» ដែល​នេះ​នឹង​នាំ​ឲ្យ​យើង​ឆ្ងល់​អំពី​អ្វី​ដែល​មាន​នៅ​ក្នុង​ចំណុច​ទី១ «កើត​អំពី​ទឹក» ថា​វា​បន្ថែម​អត្ថ​ន័យ​លើ​ការ​ពន្យល់​របស់​ព្រះ​យេស៊ូវ​យ៉ាង​ដូច​ម្ដេច។

(២) យើង​ខ្ញុំ​មិន​ដែល​រក​ឃើញ​ឯកសារ​ណា​មួយ​ក្នុង​សម័យ​បុរាណ​ដែល​ប្រើ​ប្រាស់​ឃ្លា «កើត​អំពី​ទឹក» ថា​ជា​ការ​សំដៅ​ទៅ​លើ​កំណើត​តាម​ធម្មជាតិ​ទេ។ តាម​ពិត​ទៅ នេះ​មិន​មែន​ថា វា​មិន​អាច​កើត​ឡើង​បាន​នោះ​ទេ ការ​បែក​ទឹក​ភ្លោះ​មុន​កំណើត​តាម​ធម្មជាតិ​កើត​ឡើង​ក៏​បាន​បង្កើត​ឲ្យ​មាន​ឃ្លា «កើត​អំពី​ទឹក» ប៉ុន្តែ​ប្រសិន​បើ​ដូច្នោះ​មែន តាម​ដែល​ខ្ញុំ​យល់​ដឹង វា​មិន​ដែល​មាន​ក្នុង​ឯកសារ​នៃ​សាសន៍​យូដា ឬ​ក៏​ពួក​ហេលេន (Hellenistic) នោះ​ដែរ។ យោង​លើ​ចំណុច​ទាំង​ពីរ​នេះ នោះ​ទំនង​ជា​ការ​កាត់​ស្រាយ​នេះ​មិន​មែន​ត្រឹម​ត្រូវ​នៅ​ឡើយ។

អ្នក​ផ្សេង​ទៀត​បាន​កាត់​ស្រាយ​បែប​ជា​ពិធី​ដែល​បង្ហូរ​ព្រះ​គុណ៖ ពួក​គេ​បាន​យល់​ឃើញ​ថា កំណើត​ថ្មី​ជាប់​ពាក់​ព័ន្ធ​ជា​មួយ​នឹង​ការ​ជ្រមុជ (ទឹក) និង​ព្រះ​វិញ្ញាណ។ ក្នុង​បរិបទ​នេះ តើ​លោក នីកូដេម នឹង​យល់​លើ ពាក្យ​ «ទឹក» ថា​មាន​ន័យ​យ៉ាង​ដូច​ម្ដេច? តើ​លោក នីកូដេម យល់​លើ​ពាក្យ «ទឹក» ថា​ជា​ការ​និយាយ​សំដៅ​ទៅ​លើ​ការ​ជ្រមុជ​ទឹក​របស់​គ្រីស្ទ​បរិស័ទ​ដោយ​របៀប​ណា? វា​មិន​សូវ​ច្បាស់​នៅ​ឡើយ។ ដូច្នេះ​ទំនង​វា​មិន​អាច​ធ្វើ​បាន​នោះ​ទេ។ លើស​ពី​នោះ​ទៅ​ទៀត ក្នុង​ជំពូក​បន្ទាប់​សាវ័ក យ៉ូហាន បាន​ផ្ដោត​ទៅ​លើ​ការ​ពិត​ដែល​ថា ព្រះ​យេស៊ូវ​ផ្ទាល់​មិន​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​នរ​ណា​ទេ (យ៉ូហាន ៤:២) ប៉ុន្តែ​ឲ្យ​ពួក​សិស្ស​របស់​ទ្រង់​ធ្វើ៖ យ៉ាង​ហោច​ណាស់​មាន​ការ​ដាក់​គម្លាត​ពី​គ្នា​បន្តិច​បន្តួច​ផង​ដែរ។

ការ​ពន្យល់​ដ៏​ល្អ​ប្រសើរ​ជាង

មាន​របៀប​ដ៏​ល្អ​ប្រសើរ​ជាង​ក្នុង​ទម្រង់​ការ។ ទី១ ប្រៀប​ធៀប​កណ្ឌ​គម្ពីរ យ៉ូហាន ៣:៣ និង​កណ្ឌ​គម្ពីរ យ៉ូហាន ៣:៥ ក្នុង​របៀប​ដែល​យើង​នឹង​ឃើញ​ពី​ភាព​ស៊ី​គ្នា​បាន​ច្បាស់​លាស់៖

យ៉ូហាន ៣:៣

ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​មិន​បាន​កើត​ជា​ថ្មី នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ឃើញ​នគរ​ព្រះ​បាន​ទេ។

យ៉ូហាន ៣:៥

ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​មិន​បាន​កើត​អំពី​ទឹក ហើយ​អំពី​ព្រះ​វិញ្ញាណ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន​ទេ។

ភ្លាមៗ​នេះ យើង​នឹង​ឃើញ​យ៉ាង​ច្បាស់​លាស់​ថា​ការ «កើត​អំពី​ទឹក ហើយ​អំពី​ព្រះ​វិញ្ញាណ» (៣:៥) មាន​ភាព​ស៊ី​គ្នា​ទៅ​នឹង​ការ «កើត​ជា​ថ្មី» (៣:៥)។ បើ​និយាយ​ម្យ៉ាង​វិញ​ទៀត​ទៅ​ការ «កើត​អំពី​ទឹក ហើយ​អំពី​ព្រះ​វិញ្ញាណ» មិន​អាច​សំដៅ​ទៅ​លើ​កំណើត​ពីរ​បាន​នោះ​ទេ មួយ​តាម​ធម្មជាតិ ហើយ​មួយ​ទៀត​តាម​ព្រះ​វិញ្ញាណ តែ​ផ្ទុយ​ទៅ​វិញ វា​សំដៅ​ទៅ​លើ​កំណើត​តែ​មួយ​ទេ កំណើត​ដែល​ព្រះ​យេស៊ូវ​កំពុង​តែ​សំដៅ​លើ នៅ​ពេល​ដែល​ព្រះ​អង្គ​មាន​បន្ទូល​អំពី​ការ «កើត​ជា​ថ្មី»។ ដែល​នេះ​មាន​ន័យ​ថា ការ​ដែល​ព្រះ​យេស៊ូវ​ប្រើ​ប្រាស់​ឃ្លា «កើត​អំពី​ទឹក ហើយ​អំពី​ព្រះ​វិញ្ញាណ» គឺ​ជា​ការ​ពន្យល់​អំពី​អ្វី​ដែល​ព្រះ​អង្គ​មាន​ន័យ​លើ​ឃ្លា «កើត​ជា​ថ្មី» ហើយ​គោល​បំណង​គឺ​ដើម្បី​ឆ្លើយ​សំណួរ​របស់​លោក នីកូដេម។

ទី២ ក្នុង​អ្វី​ដែល​ព្រះ​អង្គ​បាន​លើក​ឡើង យើង​ឃើញ​យ៉ាង​ច្បាស់​លាស់​ថា ព្រះ​យេស៊ូវ​បាន​គិត​ថា​ការ​ពន្យល់​របស់​ទ្រង់​គឺ​ល្មម​គ្រប់​គ្រាន់​ហើយ​សម្រាប់​លោក នីកូដេម។ ប្រាកដ​ណាស់! ព្រះ​យេស៊ូវ​បាន​ស្ដី​បន្ទោស​លោក នីកូដេម ទាក់​ទង​នឹង​ការ​មិន​យល់​របស់​គាត់ ទោះ​បើ​ថា​គាត់​ជា «គ្រូ​នៃ​សាសន៍​អ៊ីស្រាអែល» ក៏​ដោយ (៣:៩-១០)។ ក្នុង​នាម​ជា​ពួក​ផារិស៊ី​ម្នាក់ លោក នីកូដេម បាន​សិក្សា​ព្រះ​គម្ពីរ​សញ្ញា​ចាស់ និង​ការ​សញ្ជឹង​គិត​បន្ថែម​ទៀត​ផ្នែក​ទេវ​វិទ្យា​ជា​ច្រើន។ ពី​ការ​រៀន​សូត្រ​ទាំង​អស់ តើ​លោក នីកូដេម គួរ​រៀន​បាន​អ្វី​ខ្លះ​ចេញ​ពី​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ​ដែល​គួរ​ធ្វើ​ឲ្យ​គាត់​មាន​ការ​យល់​ដឹង​ដ៏​ល្អ​ប្រសើរ​ជាង​អំពី​អ្វី​ដែល​ព្រះ​យេស៊ូវ​កំពុង​តែ​មាន​បន្ទូល​អំពី​ទៅ​ទៀត?

ចំណុច​នេះ​នាំ​យើង​មក​ចំណុច​លម្អិត​ទី៣៖ ដែល​ជា​តម្រុយ​សម្រេច។ សំណួរ​ដែល​គួរ​សួរ​គឺ​ថា៖ តើ «ទឹក» និង «ព្រះ​វិញ្ញាណ» មក​ចូល​ជា​មួយ​គ្នា​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់​នៅ​កន្លែង​ណា ក្នុង​បរិបទ​ដែល​សន្យា​អំពី​ការ​ចាប់​ផ្ដើម​ជា​ថ្មី? មាន​តម្រុយ​មួយ​ចំនួន ប៉ុន្តែ​កណ្ឌ​គម្ពីរ អេសេគាល ៣៦:២៥-២៧ គឺ​ជា​អ្វី​ដែល​ច្បាស់​ជាង​គេ​បំផុត៖

«នោះ​អញ​នឹង​ប្រោះ​ទឹក​ស្អាត​ទៅ​លើ​ឯង​រាល់​គ្នា ដូច្នេះ ឯង​នឹង​បាន​ស្អាត អញ​នឹង​ជម្រះ​ឯង​រាល់​គ្នា​ឲ្យ​ស្អាត ពី​គ្រប់​ទាំង​សេចក្តី​ស្មោក​គ្រោក ហើយ​ពី​អស់​ទាំង​រូប​ព្រះ​របស់​ឯង​ផង អញ​នឹង​ឲ្យ​ឯង​មាន​ចិត្ត​ថ្មី ហើយ​នឹង​ដាក់​វិញ្ញាណ​ថ្មី​នៅ​ក្នុង​ឯង​ដែរ អញ​នឹង​ដក​ចិត្ត​ដែល​រឹង​ដូច​ថ្ម ពី​រូប​សាច់​ឯង​ចេញ រួច​នឹង​ឲ្យ​មាន​ចិត្ត​ជា​សាច់​វិញ អញ​នឹង​ដាក់​វិញ្ញាណ​របស់​អញ​នៅ​ក្នុង​ឯង​រាល់​គ្នា ហើយ​បណ្តាល​ឲ្យ​ឯង​រាល់​គ្នា​ដើរ​តាម​ក្រឹត្យ​ក្រម ហើយ​រក្សា​បញ្ញត្ត​ច្បាប់​របស់​អញ ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង»។

ដូច្នេះ ព្រះ​ជាម្ចាស់​កំពុង​តែ​សន្យា​តាម​រយៈ​ហោរា អេសេគាល ប្រមាណ​ជា ៦ សតវត្ស​មុន​កំណើត​ព្រះ​យេស៊ូវ។ ទ្រង់​មាន​ព្រះ​បន្ទូល​ថា នឹង​មាន​ពេល​មក​ដល់​ដែល​ជា​ការ​ចាប់​ផ្ដើម​ថ្មី។ នៅ​ពេល​នោះ​ឯង នឹង​មាន​ការ​បំផ្លាស់​បំប្រែ តាម​រយ:​របៀប​ពីរ​យ៉ាង​គឺ (១) តាម​រយ:​​ការ​លាង​សម្អាត ដែល​តំណាង​ដោយ​ទឹក​ដែល​នឹង​លាង​សម្អាត​នូវ​រូប​បដិមា និង​រាល់​អ្វី​ដែល​មិន​បរិសុទ្ធ​នោះ​ចោល ហើយ​និង (២) តាម​រយ:​អំណោយ​ទាន​ដែល​មាន​ពេញ​ទៅ​ដោយ​អំណាច​ព្រះ​ចេស្ដា​របស់​ព្រះ​វិញ្ញាណ​ដែល​នឹង​បំផ្លាស់​បំប្រែ​ដួង​ចិត្ត​មនុស្ស។ នោះ​គឺ​ជា​ចំណុច​តម្រូវ ប្រសិន​បើ​មនុស្ស​យើង​ចង់​ឃើញ និង​ចង់​ចូល​នគរ​ព្រះ។

ដូច្នេះ​ហើយ​បាន​ជា​វា​មិន​មែន​ជា​ការ​ភ្នាក់ផ្អាល់​ដែល​ព្រះ​យេស៊ូវ​បាន​លើក​ឡើង​ម្ដង​ទៀត​ថា «ត្រូវ​តែ​កើត​ជា​ថ្មី»។

ទី៤ ប្រសិន​បើ​យើង​នៅ​មាន​ពេល​វេលា​បក​ស្រាយ​បន្ថែម​ទៀត​លើ​ឃ្លា «កើត​អំពី​ទឹក ហើយ​អំពី​ព្រះ​វិញ្ញាណ» នោះ​យើង​នឹង​ឃើញ​ថា​វា​មាន​ភាព​ស៊ី​គ្នា​ក្នុង​បរិបទ​ដែល​នៅ​សល់ ជា​ពិសេស​ក្នុង​បរិបទ​នៃ​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​របស់​សាវ័ក យ៉ូហាន ផង​ដែរ។ ព្រះ​យេស៊ូវ​បាន​ទទូច​យ៉ាង​ពេញ​ដោយ​អំណរ​ថា ការ​ប្រកាស​បែប​នេះ​អំពី​តម្រូវ​ការ​នៃ​កំណើត​ថ្មី​ប្រភេទ​នេះ​មាន​នូវ​អំណាច​នៃ​ការ​បើក​សម្ដែង​នៃ​ព្រះ​ពី​ខាង​ក្រោយ៖ ព្រះ​អង្គ​បាន​យាង​ចុះ​ពី​ស្ថាន​សួគ៌ ដើម្បី​នាំ​វា​មក (៣:១១-១៣)។ ហើយ​លំនាំ​នៃ​ការ​ដែល​ព្រះ​ជាម្ចាស់​យាង​ចុះ ហើយ​សង្គ្រោះ​រាស្ត្រ​របស់​ទ្រង់​ចេញ​ពី​អំពើ​បាប​របស់​ពួក​គេ នឹង​ចេញ​ពី​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​ក្លែង​ក្លាយ​គឺ​មាន​រួច​ទៅ​ហើយ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ (៣:១៤-១៥; ជនគណនា ២១:៤-៩)។

ប្រាកដ​ណាស់! ទាំង​នេះ​មាន​មូល​ដ្ឋាន​លើ​សេចក្ដី​ស្រឡាញ់​ដែល​មិន​អាច​ប្រៀប​ផ្ទឹម​បាន​របស់​ព្រះ​ជាម្ចាស់ (យ៉ូហាន ៣:១៦-២១) ហើយ​យើង​អាច​ចូល​ទៅ​កាន់​ទ្រង់​បាន​តាម​រយៈ​ជំនឿ៖ «ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះ​រាជ​បុត្រា​ទ្រង់​តែ១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ» (យ៉ូហាន ៣:១៦)។

និពន្ធដោយ៖ លោកគ្រូ Don Carson
បកប្រែដោយលោកគ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និងលោក ឯក សត្យា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.thegospelcoalition.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

យើងមិនដែលធ្វើបាបសោះ

អ្នកមានក៏លង់ក្នុងភាពចម្រុងចម្រើន