«នោះមានសេចក្ដីខ្លះ [របស់សាវ័ក ប៉ុល] ដែលពិបាកយល់» (២ពេត្រុស ៣:១៦)។ នេះពិតជាការធូរស្បើយមែនក្នុងការអាន ពិតមែនទេ? ប្រសិនបើសាវ័ក ពេត្រុស មានការពិបាកយល់ការនិពន្ធរបស់សាវ័ក ប៉ុល នោះវាមិនមែនជាការភ្ញាក់ផ្អើលទេ ដែលយើងក៏មានការពិបាកយល់ដែរ។ ពេលខ្លះខ្ញុំឆ្ងល់ថា តើកណ្ឌគម្ពីរ រ៉ូម ១១:២៦ «សាសន៍អ៊ីស្រាអែលទាំងអស់គ្នានឹងបានសង្គ្រោះ» គឺជាខគម្ពីរមួយដែលសាវ័ក ពេត្រុសបានគិតដល់ដែរ?
នេះគឺជាខគម្ពីរប្រស្នា វិចខ្ចប់ក្នុងការវែកញែកដែលពេញទៅដោយអាថ៌កំបាំង ក្នុងសំបុត្រដ៏ក្រាស់ដែលមានពេញទៅដោយហេតុផល។ ហើយនេះក៏ជាតម្រុយដ៏ល្អប្រសើរបំផុតមួយដែលយើងមានអំពីរបៀបដែលសាវ័ក ប៉ុល យល់លើព្រះបន្ទូលទាំងមូល។
ប៉ុន្តែ វាក៏ពិតជាពិបាកយល់មែនដែរ។ សូមអនុញ្ញាតឲ្យខ្ញុំព្យាយាមបកស្រាយប្រយោគមួយនេះ ដោយឆ្លើយបួនសំណួរ សំណួរមួយលើផ្នែកនីមួយៗនៃខគម្ពីរ។ ការធ្វើបែបនេះនឹងមិនជួនដល់យើងនូវចម្លើយទាំងអស់នោះទេ ប៉ុន្តែវានាំយើងទៅទិសដៅត្រឹមត្រូវ។
១. តើពាក្យ «បានសង្គ្រោះ» មានន័យយ៉ាងដូចម្ដេច?
តោះ! ចូរយើងចាប់ផ្ដើមនៅផ្នែកដ៏ងាយស្រួលបំផុត។ តាមរយៈពាក្យ «បានសង្គ្រោះ» សាវ័ក ប៉ុល មានន័យថា «បានសង្គ្រោះ ឬក៏បានរំដោះចេញពីការថ្កោលទោសរបស់ព្រះជាម្ចាស់លើអំពើបាប»។ យើងអាចនិយាយបន្ថែមទៀតថា—សាវ័ក ប៉ុល បានធ្វើការនោះ។ ប៉ុន្តែ នេះគឺជាអត្ថន័យទូទៅ។
សាវ័ក ប៉ុល បញ្ជាក់អំពីចំណុចនេះសម្រាប់យើងក្នុងខបន្ទាប់ នៅពេលដែលគាត់សរសេរថា «មានព្រះដ៏ប្រោសឲ្យរួច ទ្រង់នឹងចេញពីស៊ីយ៉ូនមក ទ្រង់នឹងបង្វែរសេចក្តីទមិលល្មើសពីយ៉ាកុបទៅ នោះហើយជាសេចក្តីសញ្ញាដែលអញតាំងនឹងគេ ក្នុងកាលដែលអញបានដោះបាបគេចេញហើយ» (រ៉ូម ១១:២៦-២៧)។ ព្រះយេស៊ូវគឺជា «ព្រះដ៏ប្រោសឲ្យរួច» ហើយអស់អ្នកដែលទទួលបានការសង្គ្រោះគឺជាអស់អ្នកដែលទទួលជឿលើទ្រង់ (សូមអានកណ្ឌគម្ពីរ រ៉ូម ១១:២៣ ដោយគិតអំពីកណ្ឌគម្ពីរ រ៉ូម ៩:៣០-១០:៤)។
២. តើពាក្យ «សាសន៍អ៊ីស្រាអែល» មានន័យយ៉ាងដូចម្ដេច?
តាមរយៈពាក្យ «សាសន៍អ៊ីស្រាអែល» សាវ័ក ប៉ុល សំដៅទៅលើ «ជនជាតិអ៊ីស្រាអែល» (សាសន៍យូដា)។ ចំពោះសាវ័ក ប៉ុល គាត់បានបែងចែកផែនដីនេះទៅជាការមានមនុស្សពីរប្រភេទ៖ សាសន៍អ៊ីស្រាអែល និងអ្នកផ្សេងៗ (សាសន៍ដទៃទៀត)។ ហើយយោងតាមសាវ័ក ប៉ុល សាសន៍អ៊ីស្រាអែលមានផ្សំទៅដោយមនុស្សដែលព្រះជាម្ចាស់បានញែកដោយឡែកសម្រាប់ទ្រង់ផ្ទាល់ បានធ្វើការសន្យាជាមួយ បានបង្កើតសេចក្ដីតាំងសញ្ញាជាមួយ ហើយក៏បានផ្ញើក្រឹត្យវិន័យរបស់ទ្រង់ទុកជាមួយដែរ (រ៉ូម ៩:១-៥)។ ពួកគាត់គឺជាពូជពង្សរបស់លោក អ័ប្រាហាំ—មិនមែនគ្រប់ៗគ្នានោះទេ ប៉ុន្តែអស់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើសដោយសេរី តាមរយៈសេចក្ដីមេត្តាករុណារបស់ទ្រង់ ដូចជាលោក អ៊ីសាក និងលោក យ៉ាកុប (រ៉ូម ១១:១)។
ពូកគេគឺជារាស្ដ្រដែលការឆ្លើយតបរបស់ខ្លួន ចំពោះដំណឹងល្អរបស់សាវ័ក ប៉ុល មិនគួរមានការភ្ញាក់ផ្អើលចំពោះនរណាម្នាក់ឡើយ (រ៉ូម ៩:៣១)។ ទោះជាយ៉ាងណាក៏ដោយ លើសជាងពីរបីដង ក៏ព្រះជាម្ចាស់បានរំពឹងទុកនូវការមិនជឿរបស់ពួកគេដែរ (រ៉ូម ១០:១៩-២១; ១១:២)។ ហើយលើសពីនោះទៅទៀត ពួកគេគឺជារាស្ត្រដែលសាវ័ក ប៉ុល បានបន្តសម្លឹងមើលខណៈពេលដែលគាត់ធ្វើព័ន្ធកិច្ចជាមួយនឹងសាសន៍ដទៃ ដោយសង្ឃឹម និងអធិស្ឋានថា «ដើម្បីនឹង [អាច] បណ្ដាលសាច់ញាតិខ្ញុំ ឲ្យមានសេចក្ដីច្រណែន ហើយនឹងជួយសង្គ្រោះអ្នកខ្លះក្នុងពួកគេ បើសិនជាបាន» (រ៉ូម ១១:១៣-១៤)។
សាសន៍ដទៃគឺជាអ្នកនៅក្រៅ។ ប្រសិនបើសាសន៍យូដាគឺជារាស្ដ្ររបស់ព្រះជាម្ចាស់ នោះសាសន៍ដទៃមិនមែនទេ (រ៉ូម ១០:១៩) យ៉ាងហោចណាស់មិនមែនពីដំបូង ហើយក៏មិនមែនក្នុងរបៀបដូចៗគ្នាទាំងស្រុងដែរ។ ពិតណាស់ ព្រះជាម្ចាស់តែងតែមានសេរីភាពក្នុងការផ្លាស់ប្ដូរឋានៈរបស់សាសន៍ដទៃ ដែលថា «មិនមែនរាស្ត្ររបស់ទ្រង់» បាន។ តាមពិតទៅ តម្រុយដែលថា ទ្រង់នឹងធ្វើក៏ទ្រង់បានប្រទានទៅកាន់លោក អ័ប្រាហាំ តាំងពីដំបូងមកម្ល៉េះ (រ៉ូម ៤:១៧-១៨) ហើយក៏បានអះអាងជាបន្ទាប់បន្សំក្នុងដំណើររឿងផ្សេងៗផងដែរ (រ៉ូម ៩:២៥-២៦; រ៉ូម ១០:១៩; ១៥:៩-១១)។
ប៉ុន្តែ ក៏នៅមានអត្ថន័យដែលថាសាសន៍អ៊ីស្រាអែល និងសាសន៍ដទៃមានចំណុចខុសៗគ្នា។ នេះគឺជាអ្វីដែលសាវ័ក ប៉ុល ផ្ដល់អត្ថន័យលើក្នុងការប្រៀបប្រដូចរបស់គាត់តាមរយៈដើមអូលីវ (រ៉ូម ១១:១៧-២៤)។ សាសន៍ដទៃដែលទទួលជឿនឹងមានការភ្ជាប់គ្នាក្នុងខ្សែស្រឡាយនៃគ្រួសាររបស់លោក អ័ប្រាហាំ ប៉ុន្តែក្នុងរបៀបខុសៗគ្នាបន្តិចបន្តួចពីសាសន៍អ៊ីស្រាអែលដែលទទួលជឿ។ ពួកគេមានការភ្ជាប់គ្នាក្នុងរបៀបដែល «ផ្ទុយពីធម្មជាតិ» ដែលនោះមិនមែនជាអ្វីដែលអាចលើកឡើងបានចំពោះសាសន៍យូដាដែលទទួលជឿនោះទេ (រ៉ូម ១១:២៤)។
៣. តើពាក្យ «ទាំងអស់គ្នា» មានន័យយ៉ាងដូចម្ដេច?
ពាក្យ «ទាំងអស់គ្នា» សំដៅទៅលើ «ចំនួនសរុបនៃសាសន៍យូដាដែលនៅសល់ និងមួយចំនួនធំទៀតដែលនៅមានសេចក្ដីរឹងរបឹង។ នេះគឺជារូបមន្ត៖ សាសន៍យូដាដែលនៅសល់ + មួយចំនួនធំទៀតដែលនៅមានសេចក្ដីរឹងរបឹង = សាសន៍អ៊ីស្រាអែលទាំងអស់គ្នា»។ ដូច្នេះ «សាសន៍អ៊ីស្រាអែលទាំងអស់គ្នា» មិនមានអ្វីតិចជាងចំនួនសរុបនៃក្រុមទាំងពីរដែលតែងតែមានក្នុងសាសន៍អ៊ីស្រាអែលឡើយ (រ៉ូម ៩:២៧-២៩; ១១:១-៩)។ នេះគឺជាអ្វីដែលព្រះជាម្ចាស់បានរក្សាទុក ទាក់ទងនឹងពួកដែលសល់ ដែលទ្រង់តែងតែរំពឹង និងសំដៅទៅលើ (រ៉ូម ១១:១៦) ទោះបើពេលដែលមើលទៅ ការបញ្ជាក់ហាក់បីដូចជាឆ្ងាយពីការអាចឈោងចាប់បានក៏ដោយ (រ៉ូម ៩:១-៦; ១០:១; ១១:១)។ នៅទីបញ្ចប់ សាសន៍អ៊ីស្រាអែលទាំងអស់គ្នា—ទាំងសាសន៍យូដាដែលនៅសល់ និងមួយចំនួនធំទៀតដែលនៅមានសេចក្ដីរឹងរបឹង—នឹងបានសង្គ្រោះ (សូមអានការបញ្ជាក់របស់សាវ័ក ប៉ុល នៅក្នុងកណ្ឌគម្ពីរ រ៉ូម ៩:៦ នៅពេលដែលគាត់បានលើកឡើងជាមូលដ្ឋានថា «ពិតមែនហើយ…លោកអ្នកបានយល់អំពីតួលេខយ៉ាងត្រឹមត្រូវ។ សូមគ្រាន់តែចងចាំថា ការនេះនឹងមិនមានរួមបញ្ចូលគ្រប់ទាំងសមាជិកនៃពួកមួយចំនួនធំទៀតដែលនៅមានសេចក្ដីរឹងរបឹងនោះទេ»)។
តើការនេះនឹងកើតឡើងបានដោយរបៀបណាទៅ? សាវ័ក ប៉ុល បានពន្យល់។ ព្រះជាម្ចាស់បានសន្យាថាខ្សែស្រឡាយពីគ្រួសាររបស់លោក អ័ប្រាហាំ និងមានពេញទៅដោយមែកធាងធម្មជាតិ (សាសន៍អ៊ីស្រាអែល)។ នេះធានាថា ការមិនមានភាពស៊ីមេទ្រី ដែលមានតាំងពីយូរណាស់មកហើយទាក់ទងទៅនឹងខ្សែស្រឡាយនៃគ្រួសាររបស់លោក អ័ប្រាហាំ—ដែលកើតឡើងដោយសារញាតិសន្តានរបស់គាត់ជាច្រើននាក់ត្រូវបានកាត់ចោលចេញ—នឹងមានថ្ងៃមួយដែលនឹងមានការបកស្រាយ។ ហើយក្នុងភាពស្ញប់ស្ញែង នោះព្រះជាម្ចាស់ក៏បានបើកសម្ដែងថា ទ្រង់នឹងប្រើប្រាស់មែកធាងព្រៃ (សាសន៍ដទៃ) ក្នុងការធ្វើការនោះ—ដើម្បីស្ដារភាពស៊ីមេទ្រីរបស់សាសន៍អ៊ីស្រាអែលវិញ។
ហើយព្រះអង្គនឹងធ្វើការនេះមិនមែនតាមរយៈការផ្សាំងមែកធាងព្រៃជាច្រើនក្នុងទីតាំងនៃមែកធាងធម្មជាតិនោះទេ ប៉ុន្តែតាមរយៈការផ្សាំងចូលនៅមែកធាងព្រៃ ដើម្បីឲ្យទទួលបានចំណាប់អារម្មណ៍ពីមែកធាងធម្មជាតិ។ នេះគឺជា «សេចក្ដីអាថ៌កំបាំង» ដែលត្រូវបានលាក់ទុក ហើយទើបតែបានទទួលការបើកសម្ដែងថ្មីៗនេះ (រ៉ូម ១១:២៥)។ ព្រះជាម្ចាស់បានសន្យាថា ទ្រង់នឹងសង្គ្រោះសាសន៍ដទៃ ហើយក៏នឹងចាក់រុករាស្ដ្ររបស់ទ្រង់ដែលមានសេចក្ដីរឹងរបឹង (រ៉ូម ១០:១៩)។ ប៉ុន្តែ មិនមានអ្នកណាឃើញការនេះដែលនឹងកើតឡើងនោះទេ៖ ព្រះជាម្ចាស់បំពេញសេចក្ដីសន្យានៃភាពពុំទាន់ចេញជារូបរាង ក្នុងការរក្សាទុកនូវពួកដែលសល់ តាមរយៈការរាប់បញ្ចូលទាំងសាសន៍ដទៃដែរ។ គ្មានអ្នកណាគេឃើញជាមុនថា ការនេះនឹងកើតឡើងក្នុងរបៀប «នោះ» ទេ (រ៉ូម ១១:២៥) ដែលថាសាសន៍អ៊ីស្រាអែលទាំងអស់គ្នា។
៤. តើពាក្យ «នឹងបាន» មានន័យយ៉ាងដូចម្ដេច?
តើ «សាសន៍អ៊ីស្រាអែលទាំងអស់គ្នានឹងបានសង្គ្រោះ» នៅពេលណា? ចម្លើយ៖ បន្ទាប់ពីពេលដែល «សាសន៍ដទៃទាំងប៉ុន្មានបានចូលជឿគ្រប់ចំនួន» (រ៉ូម ១១:២៥) ដែលនឹងកើតឡើងមុនពេលដែលព្រះយេស៊ូវនឹងយាងត្រឡប់មកវិញ ដូច្នេះហើយបានជាសាវ័ក ប៉ុល លើកឡើងថា មុនការប្រោសឲ្យរស់ឡើងវិញនៅក្នុងកណ្ឌគម្ពីរ រ៉ូម ១១:១៥ (១កូរិនថូស ១៥:២៣; ២ពេត្រុស ៣:៨-១៥)។ ខគម្ពីរពីរដែលសាវ័ក ប៉ុល បានលើកឡើងនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលមាននៅក្នុងកណ្ឌគម្ពីរ រ៉ូម ១១:២៦-២៧ ក៏ទំនងជាចង្អុលបង្ហាញនៅក្នុងទិសដៅនេះដែរ។
ទោះជាយ៉ាងណាក៏ដោយ សំណួរដ៏ធំគឺថា តើការដែលសាសន៍អ៊ីស្រាអែលទាំងអស់គ្នានឹងបានសេចក្ដីសង្គ្រោះក្នុងពេលតែម្ដងជាស្រេច ឬក៏បន្តិចម្ដងៗ? តើការលើកចេញនូវភាគរយខ្លះៗនៃសេចក្ដីរឹងរបឹងរបស់សាសន៍អ៊ីស្រាអែលកំពុងតែចាំឲ្យសាសន៍ដទៃបានទទួលជឿទាំងស្រុងសិន ឬក៏ថាតើវាបានចាប់ផ្ដើមរួចហើយ?
យើងអាចសួរម្យ៉ាងទៀតថា តើសាវ័ក ប៉ុល បានរាប់សាសន៍យូដាដែលទទួលជឿនៅក្នុងសម័យកាលគាត់ (និងសម័យកាលយើង) ថាកំពុងតែបន្ថែមបន្តិចម្ដងៗចូលក្នុងចំណោមពួកដែលនៅសល់ ឬក៏ថាជាការប្ដូរបន្តិចម្ដងៗនូវពួកមួយចំនួនធំដែលមានសេចក្ដីរឹងរបឹង?
ខ្ញុំមានទំនោរចិត្តទៅលើជម្រើសទី២ ដែលនេះមានន័យថា ការប្ដូរបន្តិចម្ដងៗនៃពួកមួយចំនួនធំដែលមានសេចក្ដីរឹងរបឹងបានចាប់ផ្ដើមរួចហើយ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលសាវ័ក ប៉ុល លើកឡើងអំពីការដែលសាសន៍យូដាទទួលជឿចាប់ពីកណ្ឌគម្ពីរ រ៉ូម ១១:១១ ទៅមុខ គាត់បានទៅដែរអំពីការផ្សាំងជាថ្មី (រ៉ូម ១១:២៣-២៤) និងការផ្លាស់ប្ដូរ (រ៉ូម ១១:២៥) មិនមែនសំដៅទៅលើការបន្ថែមលើចំនួនពួកដែលនៅសល់នោះទេ។ ចំណុចនេះមានភាពស៊ីគ្នាជាមួយនឹងអ្វីដែលសាវ័ក ប៉ុល បានលើកឡើងនៅក្នុងកណ្ឌគម្ពីរ រ៉ូម ១១:៣១ ពីព្រោះសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់គឺមិនមែនជាអ្វីដែលពួកមួយចំនួនធំដែលមានសេចក្ដីរឹងរបឹងត្រូវតែរង់ចាំក្នុងការទទួលនោះទេ។
ដោយបានលើកឡើងយ៉ាងដូច្នេះ ការកាត់ស្រាយនេះមិនដកចេញនូវដំណើរការដ៏យូរ ដែលបញ្ចប់ដោយការបំផ្លាស់បំប្រែចិត្តយ៉ាងអាណោចអាធ័ម។ ដើម្បីឲ្យឃើញថា តើការនោះនឹងកើតឡើង ឬក៏អត់ដាច់ខាតយើងគ្រាន់តែចាំមើលតែប៉ុណ្ណោះ។
ជម្រៅដ៏ជ្រៅ!
សាវ័ក ពេត្រុស បានលើកឡើងយ៉ាងត្រឹមត្រូវ។ មានខគម្ពីរមួយចំនួននៅក្នុងការនិពន្ធរបស់សាវ័ក ប៉ុល មានការពិបាកយល់ណាស់។ ប៉ុន្តែ នេះមិនមែនមានន័យថា យើងគួរគេចវេះចេញពីវានោះទេ។ ផ្ទុយទៅវិញ ខគម្ពីរ ដែលតម្រូវឲ្យមានការជីកកកាយគឺជាខគម្ពីរដែលជាទូទៅនឹងផ្ដល់ជូននូវកំណប់ដ៏មានតម្លៃ។
កណ្ឌគម្ពីររ៉ូមជំពូក១១គឺជាបទគម្ពីរដូចនោះ។ វាគឺជាដំណើររឿងដែលមានពេញទៅដោយការបត់ទៅលិចទៅកើត ទៅនេះទៅនោះ មានការអស្ចារ្យ និងមានការអាថ៌កំបាំង (រ៉ូម ១១:៣៣-៣៦)។ ប៉ុន្តែ តើយើងគួររំពឹងធ្វើអ្វីផ្សេងទៀតពីព្រះដូចជាព្រះរបស់យើង?
មតិយោបល់
Loading…