និយមន័យដ៏ខ្លីមួយនៃ «ព្រះគុណ»
នៅពេលដែលខ្ញុំគិតពីនិយមន័យ «ដោយព្រះគុណ» ខ្ញុំមិនចង់មើលរំលងអត្ថន័យដែលយើងតែងតែឲ្យថា ព្រះគុណ គឺជាការដែលព្រះជាម្ចាស់អត់ទោសឲ្យយើង ជាការដែលព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងយើង ទោះបើយើងមិនស័ក្តិសមនឹងទទួលក៏ដោយ «ដ្បិតដោយសារព្រះគុណ អ្នករាល់គ្នាបានសង្គ្រោះតាមរយៈជំនឿ ហើយសេចក្ដីនេះមិនមែនមកពីអ្នករាល់គ្នាទេ គឺជាអំណោយទានរបស់ព្រះវិញ» (អេភេសូរ ២:៨ គកស)។ ប៉ុន្តែ ចំណុចពិបាកនោះគឺ បើយើងចាប់ផ្ដើមរកសេចក្តីបង្រៀនស្ដីពីការអត់ទោស និងការដែលព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងយើងទាំងយើងមិនស័ក្តិសមនឹងទទួល នៅក្នុងព្រះគម្ពីរវិញ នោះយើងនឹងឃើញថា យើងគ្រាន់តែអាចស្រង់យកអត្ថន័យខ្លីៗមួយចំនួនចេញពីសំបុត្រសាវ័ក ប៉ុល និងខគម្ពីរផ្សេងៗទាក់ទងនឹងការដែលព្រះយេស៊ូវសុគតលើឈើឆ្កាងដោយនិយាយថា «នេះឯងជាការដែលព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងយើង ទោះបើយើងមិនស័ក្តិសមនឹងទទួលក៏ដោយ»។ បន្ទាប់មកយើងនឹងឃើញថា មានខគម្ពីរផ្សេងៗទៀតដែលបង្ហាញឲ្យយើងឃើញថា តើខ្លួនយើងកំពុងព្យាយាមរកអ្វី ពោលគឺយើងនឹងមិនស្កប់ចិត្តនឹងអត្ថន័យប៉ុណ្ណឹងឡើយ។
សេចក្តីបង្រៀនពីសេចក្តីសង្គ្រោះ
ប្រសិនបើយើងពិតជាជឿថា ព្រះគម្ពីរបានបង្រៀនយើងអំពីព្រះគុណចាប់តាំងពីកណ្ឌគម្ពីរ លោកុប្បត្ដិ ៣:១៥ រហូតដល់សញ្ញាថ្មី ដែលព្រះជាម្ចាស់បានមានបន្ទូលថា «អញនឹងធ្វើឲ្យឯងហើយនឹងស្ត្រី គឺទាំងពូជឯង និងពូជនាងមានសេចក្ដីខ្មាំងនឹងគ្នា ពូជនាង និងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងគេ» នោះមានន័យថា យើងក៏ជឿដែរថា គ្រប់ខគម្ពីរទាំងអស់បង្រៀនអំពីសេចក្តីសង្គ្រោះ៖ ព្រះជាម្ចាស់បានសម្ដែងព្រះគុណរបស់ទ្រង់ដល់មនុស្សលោកឲ្យឃើញនៅក្នុងព្រះគម្ពីរ។ អ្វីដែលនឹងកើតចេញពីការយល់ឃើញបែបនេះគឺ យើងនឹងលែងគ្រាន់តែលើកឡើងថា «ចូរទទួលយកការដែរព្រះជាម្ចាស់អត់ទោសអ្នកចុះ» ឬក៏ «នេះជាការបង្រៀនអំពីការដែលព្រះយេស៊ូវបានយាងមក ដើម្បីសង្គ្រោះលោកអ្នក»។ តែផ្ទុយទៅវិញយើងនឹងលើកឡើងថា ព្រះជាម្ចាស់តែងតែផ្គត់ផ្គង់នូវអ្វីៗដែលយើងមិនអាចផ្គត់ផ្គង់សម្រាប់ខ្លួនឯង។
កណ្ឌគម្ពីរ លោកុប្បត្តិ ៣:១៥ គឺជាដើមចមនៃសេចក្ដីបង្រៀនអំពីព្រះគុណ ហើយព្រះគម្ពីរសញ្ញាចាស់បានបន្តបង្រៀនកាន់តែច្បាស់ថែមទៀត រហូតមកដល់ព្រះយេស៊ូវ ហើយយើងក៏បានឃើញអត្ថន័យនេះយ៉ាងច្បាស់តែម្ដងតាមរយៈព្រះយេស៊ូវ។ ការដែលព្រះជាម្ចាស់កំពុងតែផ្គត់ផ្គង់ប្រជារាស្ត្ររបស់ទ្រង់ដែលពួកគេមិនអាចផ្គត់ផ្គង់ខ្លួនឯងបាន នោះ គឺជាអ្វីដែលយើងកំពុងតែស្វែងរក ហើយនោះឯងក៏ជាព្រះគុណ។ ដូច្នេះ នៅពេលដែលព្រះជាម្ចាស់ប្រទានអាហារដល់អ្នកស្រែកឃ្លាន ហើយប្រទានការសម្រាកដល់អ្នកនឿយហត់ ក៏ដូចជាប្រទានកម្លាំងដល់អ្នកទន់ខ្សោយ ប្រទានជ័យជម្នះដល់អ្នកដែលមិនសមមានជ័យជម្នះទាល់តែសោះ ហើយប្រទានការអត់ទោសដល់មនុស្សមានបាប ហើយទ្រង់ស្មោះត្រង់ចំពោះអ្នកដែលមិនស្មោះត្រង់ចំពោះទ្រង់ ទាំងអស់នេះហើយ គឺមានន័យថា ព្រះជាម្ចាស់បានសម្ដែងហើយបង្ហាញឲ្យយើងបានឃើញច្បាស់ពីព្រះគុណរបស់ទ្រង់។
បើនិយាយឲ្យចំទៅ ព្រះគុណ គឺជាការដែលព្រះជាម្ចាស់ផ្គត់ផ្គង់ដល់អស់អ្នកដែលមិនអាចផ្គត់ផ្គង់ខ្លួនឯង។
មតិយោបល់
Loading…