in

នៅ​ពេល​គ្រីស្ទ​បរិស័ទ​មិន​ព្រម​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​បាប​ខាង​ឯ​ផ្លូវ​ភេទ

មាន​ប្អូន​ស្រី​ម្នាក់​ឈ្មោះ ធីតា បាន​សរសេរ​អ៊ីមែល​មក​កាន់​ក្រុម​ការងារ​ផ្លូវ​ពិត ដើម្បី​សួរ​នូវ​សំណួរ​មួយ​អំពី​វិន័យ​ក្នុង​ក្រុម​ជំនុំ។ ប្អូន​ស្រី​បាន​សួរ «ជាប់​ទាក់​ទង​នឹង​កណ្ឌ​គម្ពីរ ម៉ាថាយ ១៨:១៥-២០ នាង​ខ្ញុំ​ឆ្ងល់​ថា ក្នុង​នាម​ខ្ញុំ​ជា​គ្រីស្ទ​បរិស័ទ​ម្នាក់ នាង​ខ្ញុំ​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​ព្រះ​គម្ពីរ នៅ​ពេល​មាន​មិត្ត​អ្នក​ជឿ​ម្នាក់​កំពុង​រស់​នៅ​ក្នុង​អំពើ​បាប​ខាង​ផ្លូវ​ភេទ ហើយ​ជ្រើស​នៅ​តែ​បន្ត​វា បន្ទាប់​ពី ពួក​គេ​ត្រូវ​បាន​ហៅ​មក​ជួប​មុខ​និយាយ​ផ្ទាល់​ក្នុង​របៀប​មួយ​ដែល​ពេញ​ដោយ​សេចក្ដី​ស្រឡាញ់​រួច​ហើយ​ក្ដី»។

ចម្លើយ​ជាក់​ស្ដែង​វា​អាស្រ័យ​នៅ​ត្រង់​ថា ធីតា និង​មនុស្ស​ម្នាក់​ដែល​ប្អូន​ស្រី​បារម្ភ​អំពី​នោះ—ប្រហែល​មាន​មិត្ត​ម្នាក់​បាន​រួម​ដំណេក​ជា​មួយ​មិត្ត​ប្រុស​របស់​នាង។ ខ្ញុំ​មិន​បាន​ដឹង​ទេ ថា​មិត្ត​របស់​ប្អូន​ស្រី​ធីតា​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​បែប​ណា​ទេ ប៉ុន្តែ​និយាយ​ថា អញ្ចឹង​ចុះ—ថា​តើ​មនុស្ស​ទាំង​ពីរ​នាក់​នោះ​នៅ​ក្នុង​ក្រុម​ជំនុំ​មួយ​ដែល​មាន​សេចក្ដី​ជំនឿ​ស្មោះ​ត្រង់​ស្រប​ទៅ​តាម​បទ​គម្ពីរ​ទេ។ ដែល​ជា​ក្រុម​ជំនុំ​ដែល​ទុក​ព្រះ​គម្ពីរ ជា​ស្តង់ដារ​នៃ​សេចក្ដី​ជំនឿ និង​ការ​អនុវត្តន៍​របស់​ពួក​គេ។ ហើយ​ប្រសិន​បើ​ពួក​គេ​នៅ​ក្នុង​ក្រុម​ជំនុំ​បែប​នោះ​មែន ចម្លើយ​នោះ​គឺ ឬ​គួរ​តែ​ជា៖ បាទ ការ​កាត់​ចេញ​ពី​ក្រុម​ជំនុំ​គួរ​តែ​អាច និង​ប្រហែល​ជា​គួរ​តែ​កើត​មាន​ឡើង។

ប្រាកដ​ណាស់ ប្អូន​ស្រី​ចង់​សំដៅ​ទៅ​លើ​កណ្ឌ​គម្ពីរ​ម៉ាថាយ​ជំពូក១៨។ វា​ប្រហែល​ជា​មាន​ប្រយោជន៍​ក្នុង​ការ​ដើរ​កាត់​ជំហាន​ទាំង​នេះ ដើម្បី​ឲ្យ​គ្រប់​គ្នា​យល់​អំពី​ស្ថាន​ភាព ព្រោះ​វា​ខ្លី​ហើយ​ច្បាស់​ទៀត​ផង។ នេះ​ជា​អ្វី​ដែល​កើត​ឡើង​នៅ​ក្នុង​ទំនាក់​ទំនង​ពិត​របស់​ក្រុម​ជំនុំ​មួយ​ពី​មួយ​ពេល​ទៅ​មួយ​ពេល។

ជំហាន​ទី១៖ លោក​អ្នក និង​បង​ប្អូន​របស់​លោក​អ្នក

ជំហាន​ទី១៖ «បើ​បង​ឬ​ប្អូន​ធ្វើ​បាប​នឹង​អ្នក នោះ​ឲ្យ​ទៅ​បន្ទោស​គាត់ ក្នុង​កាល​ដែល​មាន​តែ​អ្នក​ហើយ និង​គាត់ បើ​គាត់​ស្តាប់​អ្នក នោះ​អ្នក​នឹង​បាន​បង​ឬ​ប្អូន​នោះ​មក​វិញ» (ម៉ាថាយ ១៨:១៥)។

ដូច្នេះ ជំហាន​ទី១៖ ចូរ​លោក​អ្នក​ទៅ​រក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បាប​នោះ រួច​លោក​អ្នក​ចូល​ទៅ​ឯ​ពួក​គេ។ សូម​លោក​អ្នក​កុំ​ទាន់​ធ្វើ​ឲ្យ​បញ្ហា​នោះ​បែក​ធ្លាយ​ជា​សាធារណៈ​សិន។ ចូរ​លោក​អ្នក​កុំ​រហ័ស​ក្នុង​ការ​លើក​យក​អំពើ​បាប​ផ្ទាល់​ខ្លួន​របស់​នរណា​ម្នាក់​មក​បង្ហាញ​ជា​សាធារណៈ​នោះ​ឡើយ។ លោក​អ្នក​ក៏​មាន​បញ្ហា​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក​ដែរ។ «ចូរ​យក​ធ្នឹម​ពី​ភ្នែក​របស់​ខ្លួន​ចេញ​ជា​មុន​សិន នោះ​ទើប​នឹង​បាន​ឃើញ​ច្បាស់ អាច​នឹង​យក​កម្ទេច​ចេញ​ពី​ភ្នែក​របស់​បង​ប្អូន​អ្នក​បាន​ដែរ» (ម៉ាថាយ ៧:៥)។ តែ​នៅ​ពេល​លោក​អ្នក​បាន​ធ្វើ​ការ​វាយ​តម្លៃ​ខ្លួន​ឯង​ដោយ​ត្រឹម​ត្រូវ​​រួច​រាល់​ជា​ស្រេច ព្រម​ទាំង​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ​ជាម្ចាស់ និង​ប្រកាស​អំពី​ការ​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​គុណ​តែ​មួយ​មុខ​គត់​របស់​លោក​អ្នក​រួច​ហើយ បន្ទាប់​មក ចូរ​លោក​អ្នក​ចេញ​ទៅ​ឯ​គេ​ចុះ។ នេះ​ហើយ គឺ​ជា​អ្វី​ដែល​សេចក្ដី​ស្រឡាញ់​គួរ​ធ្វើ។ នេះ​ក្នុង​ករណី​ប្អូន​ស្រី​ម្នាក់​នោះ—ប្រហែល​ជា​មាន​មិត្ត​ស្រី​ម្នាក់​បាន​រួម​ដំណេក​ជា​មួយ​មិត្ត​ប្រុស​របស់​នាង—បន្ទាប់​មក ប្អូន​ស្រី​ចូល​ទៅ​និយាយ​ជា​មួយ​ប្អូន​ស្រី​ម្នាក់​នោះ​ចុះ។ ប្អូន​ស្រី​អាច​និយាយ​ថា «ការ​នេះ​មិន​ស្រប​ទៅ​តាម​បទ​គម្ពីរ​ទេ។ វា​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ព្រះ​ជាម្ចាស់​មិន​សព្វ​ព្រះ​ទ័យ​នឹង​ការ​នេះ​ទេ»។ ហើយ​ប្អូន​ស្រី​សូម​អង្វរ​គាត់​ឲ្យ​ឈប់​ប្រព្រឹត្ត​ការ​នោះ​ចុះ។ ប្អូន​ស្រី​ប្រហែល​ជា​អាច ឬ​ប្រហែល​ជា​មិន​អាច​យក​ប្ដូរ​នាង​ឲ្យ​ឈប់​បាន​ទេ។

ជំហាន​ទី២៖ ស្មរ​បន្ទាល់​ពីរ ឬ​បី​នាក់

ជា​ជំហាន​បន្ទាប់ នៅ​ក្នុង​កណ្ឌ​គម្ពីរ ម៉ាថាយ ១៨:១៦ បាន​ចែង​ថា៖ «តែ​បើ​គាត់​មិន​ព្រម​ស្តាប់​ទេ នោះ​ត្រូវ​យក​មនុស្ស​ម្នាក់​ឬ​២​នាក់​ទៅ​ជា​មួយ ដើម្បី​នឹង​បញ្ជាក់​គ្រប់​ទាំង​ពាក្យ ដោយ​សារ​ស្មរ​បន្ទាល់​២ ឬ​៣​នាក់»។

លោក​អ្នក​អាច​ឃើញ​ថា មិន​ចាំ​បាច់​អី​ត្រូវ​ប្រញាប់​ក្នុង​ការ​ថ្កោល​ទោស​នោះ​ទេ។ ក៏​មិន​ចាំ​បាច់​ប្រញាប់​នាំ​រឿង​នេះ​ទៅ​ប្រាប់​ក្រុម​ជំនុំ​ទាំង​មូល​នោះ​ដែរ។ យើង​រាល់​គ្នា​ត្រូវ​ព្យាយាម​រក្សា​វា​ជា​រឿង​តូច​ឲ្យ​អស់​ពី​សមត្ថភាព​សិន និង​រក្សា​ជា​ឯក​ជន​តាម​ដែល​អាច​ធ្វើ​បាន កុំ​ទាន់​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ និង​ឈឺ​ចាប់​ជា​សាធារណ​:លើស​ពី​ការ​ចាំ​បាច់​នោះ​ឡើយ។ ដូច្នេះ ប្អូន​ស្រី​នាំ​យក​មិត្ត​ម្នាក់ ឬ​ពីរ​នាក់​ដែល​ប្រហែល​ជា​ស្គាល់ និង​ស្រឡាញ់​មិត្ត​របស់​ប្អូន​ស្រី​នោះ​ទៅ​ជា​មួយ ហើយ​នាំ​គ្នា​ទៅ​ជួប​នឹង​នាង​ចុះ។ នាង​ប្រហែល​មិន​អនុញ្ញាត​ឲ្យ​ប្អូន​ស្រី​ធ្វើ​បែប​នេះ​ទេ ប៉ុន្តែ​ប្អូនស្រី​សូម​ព្យាយាម ហើយ​និយាយ​ទាំង​អស់​គ្នា​ថា «ពួក​យើង​ស្រឡាញ់​ប្អូន​ស្រី។ ពួក​យើង​បារម្ភ​ពី​ប្អូន​ស្រី។ តើ​ពួក​យើង​អាច​អធិស្ឋាន​ឲ្យ​ប្អូន​ស្រី​បាន​ទេ? ពួក​យើង​ចង់​ឲ្យ​ប្អូន​ស្រី​បាន​រួច​ចេញ​ពី​អំពើ​បាប​នេះ ពី​ព្រោះ​វា​នឹង​បំផ្លាញ​ប្អូន​ស្រី​ជា​មិន​ខាន។ វា​នឹង​បំផ្លាញ​ប្អូន​ប្រុស​នោះ​ផង​ដែរ។ វា​នឹង​បំផ្លាញ​ទី​បន្ទាល់​របស់​ប្អូន​ស្រី។ វា​នឹង​បំផ្លាញ​ក្រុម​ជំនុំ​ធ្ងន់ធ្ងរ​បំផុត ហើយ​វា​នឹង​បន្តុះ​បង្អាប់​ដល់​សិរី​ល្អ​របស់​ព្រះ​គ្រីស្ទ»។ ប្អូន​ស្រី​ត្រូវ​ព្យាយាម​ប្ដូរ​ចិត្ត​នាង។

ជំហាន​ទី៣៖ ប្រាប់​ក្រុម​ជំនុំ

ហើយ​នៅ​ជំហាន​ទី៣៖ «ប្រសិន​បើ​គាត់​បដិសេធ​មិន​ព្រម​ស្ដាប់​ពួក​គេ​ទេ ចូរ​ប្រាប់​វា​ទៅ​ក្រុម​ជំនុំ​ចុះ» (ម៉ាថាយ ១៨:១៧)។
ត្រង់​នេះ​គឺ​ជា​ចំណុច​ដែល​ត្រូវ​មាន​ការ​ប្រមូល​គ្នា​ក្នុង​ក្រុម​ជំនុំ​ធ្វើ​ការ​ប្រជុំ​មួយ​ដែល​មាន​ការ​ស្ដាប់​ព័ត៌មាន និង​ការ​សម្រេច​លើ​រឿង​នោះ​ដោយ​ត្រឹម​ត្រូវ។ ទង្វើ​ដំបូង​របស់​ក្រុម​ជំនុំ គឺ​ការ​និយាយ​ថា «ពួក​យើង​ចង់​ឲ្យ​ប្អូន​ស្រី​ត្រឡប់​ក្រោយ​វិញ» ពីព្រោះ​នេះ​មិន​ទាន់​ជា​ការ​កាត់​ការ​ចេញ​ពី​ក្រុម​ជំនុំ​នៅ​ឡើយ​ទេ។ វា​ជា​ការ​អធិស្ឋាន ការ​ឈឺ​ចាប់ និង​ការ​ប៉ង​ប្រាថ្នា​របស់​ក្រុម​ជំនុំ​ទាំង​មូល​ក្នុង​ការ​ដែល​ឲ្យ​គាត់​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​បាប​នោះ។

ជំហាន​ទី៤៖ ការ​កាត់​ចេញ​ពី​ក្រុម​ជំនុំ

ជំហាន​ចុង​ក្រោយ​គឺ៖ «បើ​គាត់​មិន​ព្រម​ស្តាប់​អ្នក​ទាំង​នោះ​ទេ នោះ​ត្រូវ​តែ​ប្រាប់​ដល់​ពួក​ជំនុំ ហើយ​បើ​មិន​ព្រម​ស្តាប់​ពួក​ជំនុំ​ទៀត នោះ​ត្រូវ​តែ​រាប់​គាត់​ទុក​ជា​អ្នក​ក្រៅ​សាសន៍ ឬ​ជា​អ្នក​យក​ពន្ធ​វិញ» (ម៉ាថាយ ១៨:១៧)។

នោះ​មាន​ន័យ​ថា ក្រុម​ជំនុំ​មាន​ជំហាន​មួយ​ចំនួន​ក្នុង​ការ​កាត់​ការ​មនុស្ស​ម្នាក់​នោះ​ចេញ ដូច​ជា​កាត់​ចេញ​ពិធី​លាង​ព្រះ​អម្ចាស់ និង​ចេញ​ពី​ទំនាក់​ទំនង​ធម្មតា ដែល​លោក​អ្នក​ធម្មតា​មាន​ជា​មួយ​អ្នក​ជឿ​ម្នាក់​ក្នុង​ការ​ធ្វើ​ការ​ជា​មួយ​គ្នា​ដូច​អស់​អ្នក​ដែល​មាន​ការ​ប្ដេជ្ញា​ចិត្ត​ដូច​គ្នា​ចំពោះ​ព្រះ​យេស៊ូវ។ ចូរ​លោក​អ្នក​កាត់​ការ​ពួក​គេ​ចេញ​ចុះ។ នោះ​មាន​ន័យ​ថា មិន​មែន​លោក​អ្នក​ដាក់​បណ្ដា​សារ​ពួក​គេ​ទេ ប៉ុន្តែ​លោក​អ្នក​ត្រូវ​តែ​ដាក់​ពួក​គេ​នៅ​ក្នុង​ចំណុច​មួយ ដែល​លោក​អ្នក​កំពុង​តែ​ប្រាថ្នា​ចង់​បាន និង​អធិស្ឋាន​សម្រាប់​ការ​ប្រែ​ចិត្ត​របស់​ពួក​គេ។

ខ្ញុំ​ធ្លាប់​ឃើញ​ការ​នេះ​កើត​ឡើង ហើយ​វា​តែង​តែ​កើត​ឡើង​នៅ​ក្នុង​ព្រះ​គម្ពីរ​ជា​ញឹក​ញាប់ ដែល​ការ​កាត់​ចេញ​ពី​ក្រុម​ជំនុំ​ប្រភេទ​នេះ មាន​ការ​ប្រោស​លោះ​ទ្វេ​ដង។ វា​ជា​ការ​ប្រោស​លោះ​សម្រាប់​ក្រុម​ជំនុំ ដោយ​សារ​ហេតុ​នេះ សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ ហើយ​នឹង​អំណាច​របស់​វា​នឹង​មិន​ត្រូវ​បាត់​បង់ ដោយ​សារ​ពួក​មនុស្ស​មាន​ពុត​ដែល​ជា​អ្នក​ជឿ ដែល​ពួក​គេ​មិន​បង្កើត​ផល​ផ្លែ​ទាល់​តែ​សោះ។ ហើយ​វា​ជា​ការ​ប្រោស​លោះ​សម្រាប់​បុគ្គល​ម្នាក់ ដែល​ត្រូវ​បាន​កាត់​ចេញ​ពី​ក្រុម​ជំនុំ ពីព្រោះ​យើង​ឃើញ​នៅ​ក្នុង​កណ្ឌ​គម្ពីរ១កូរិនថូស​ជំពូក​៥ គោល​បំណង​នៃ​ការ​និរទេស​បណ្ដោះ​អាសន្ន​នេះ គឺ​ដើម្បី​សង្គ្រោះ (១កូរិនថូស ៥:៥)។ នោះ​យើង​ចង់​នាំ​ពួក​គេ​ទៅ​កាន់​ការ​ប្រែ​ចិត្ត និង​ការ​ស្ដារ​ឡើង​វិញ​ក្នុង​ក្រុម​ជំនុំ។ ហើយ​ដើម្បី​បញ្ចប់​ការ​នោះ យើង​ត្រូវ​តែ​និយាយ​ជា​មួយ​ពួក​គេ។ យើង​ចូល​ទៅ​ជិត​ពួក​គេ​ដូច​ដែល​យើង​ចូល​ទៅ​កាន់​អ្នក​ដែល​មិន​ជឿ​ដោយ​សេចក្ដី​ស្រឡាញ់។ យើង​រីករាយ​នឹង​លះ​បង់​ជីវិត​របស់​យើង​ឲ្យ​តែ​ពួក​គេ​បាន​ប្រែ​ចិត្ត។

គ្មាន​អ្វី​អាក្រក់ ឬ​ជា​សត្រូវ​នឹង​គ្នា​ទេ នៅ​ក្នុង​រឿង​នេះ។ ការ​នេះ​ត្រូវ​បាន​រចនា​ឡើង ដើម្បី​ធ្វើ​គ្រប់​កិច្ចការ​ទាំង​អស់​ដែល​ក្រុម​ជំនុំ​អាច​ធ្វើ​បាន​ក្នុង​ការ​រក្សា​សេចក្ដី​ពិត​របស់​ខ្លួន និង​សេចក្ដី​ទៀង​ត្រង់ សេចក្ដី​បរិសុទ្ធ និង​គ្មាន​ស្នាម​ប្រឡាក់ ហើយ​ដើម្បី​ស្រឡាញ់​អ្នក​ដទៃ និង​នាំ​ពួក​គេ​ត្រឡប់​ទៅ​ឯ​ព្រះ​សង្គ្រោះ​វិញ។

ដូច្នេះ ចម្លើយ​របស់​ខ្ញុំ​សម្រាប់​ប្អូន​ស្រី​គឺ៖ បាទ មាន​ការ​កាត់​ការ​ចេញ​ពី​ក្រុម​ជំនុំ ហើយ​នៅ​ក្នុង​កណ្ឌ​គម្ពីរ​ម៉ាថាយ​ជំពូក១៨ ប្រាប់​ពី​របៀប​នៅ​ក្នុង​ការ​ដើរ​តាម​ជំហាន​ទាំង​ឡាយ​នោះ។

ជំហាន​ទាំង​បួន​នៃ​ការ​ដាក់​វិន័យ​បាន​បង្កើត​ឡើង ដើម្បី​រក្សា​ក្រុម​ជំនុំ​ដ៏​បរិសុទ្ធ និង​គ្មាន​ស្នាម​ប្រលាក់ ខណៈ​ដែល​ការ​ទាំង​នោះ​មិន​បាន​ប្រែ​ចិត្ត​ត្រឡប់​ទៅ​កាន់​ព្រះ​យេស៊ូវ​វិញ។

និពន្ធ​ដោយ៖ John Piper
បក​ប្រែ​ដោយ៖ កញ្ញា គឹម បូព្រឹក
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ឯក ធីម៉ូថេ, លោក សឹម រក្សា និង​លោក​ឈាង បូរ៉ា
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.desiringgod.org ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ហេតុ​ផល​៥​យ៉ាង​យើង​មិន​បង្កើត​សិស្ស (ភាគ៤)

ចូល​រៀន​វិញ—ការ​អធិស្ឋាន​សម្រាប់​កូន​បេសកជន