ក្នុងនាមជាគ្រូគង្វាល ឬជាអ្នកប្រឹក្សាយោបល់ តើលោកអ្នកអាចដឹងបានដោយរបៀបណាថា គួរឈប់ប្រឹក្សាយោបល់នៅពេលណា? ខណៈដែលលោកអ្នកព្យាយាមសម្រេចចិត្តត្រូវបន្ត ឬបញ្ចប់ការប្រឹក្សាយោបល់ នោះលោកអ្នកប្រហែលជាបានយល់ភាពមិនងាយស្រួលមួយចំនួនដែលថា គ្រប់បញ្ហាទាំងអស់មិនទាន់អាចដោះស្រាយបាននៅឡើយ។ លោកអ្នកនឹងដឹងអំពីតម្រូវការក្នុងការលូតលាស់ ឬការប្រឹក្សាយោបល់ជាប់លាប់បន្តទៀត។ ប៉ុន្តែ គំនិតទាំងនេះមិនមែនជាហេតុផល ដើម្បីបន្តការប្រឹក្សាយោបល់របស់លោកអ្នកនោះទេ។ ពេលដែលត្រូវបញ្ចប់ការប្រឹក្សាយោបល់តែងតែនាំមកនូវការវិនិច្ឆ័យដែលទាមទារប្រាជ្ញាជាច្រើនក្នុងការបញ្ចប់វា។ ការសម្រេចចិត្តក្នុងការបញ្ចប់ការប្រឹក្សាយោបល់ ពេលខ្លះយើងអាចមើលឃើញច្បាស់ ប៉ុន្តែភាគច្រើនមិនមែនបែបនោះទេ។
វាជាការល្អបំផុតដែលគិតអំពីការសម្រេចចិត្ត ដើម្បីបញ្ចប់ការប្រឹក្សាយោបល់ជាមួយនឹងលក្ខណៈវិនិច្ឆ័យច្បាស់លាស់មួយចំនួន។ សូមពិចារណាអំពីសន្ទស្សន៍សញ្ញាវិជ្ជមានចំនួនពីរ និងចំណុចដែលមិនសូវរីករាយចំនួនបួនក្នុងការប្រឹក្សាយោបល់។
១. បុគ្គលម្នាក់នោះ បានយល់ពីបញ្ហារបស់គាត់ ហើយត្រូវបានរៀបចំខ្លួន ដើម្បីដោះស្រាយវា
សន្ទស្សន៍សញ្ញាដ៏ល្អបំផុតសម្រាប់ការបញ្ចប់ការប្រឹក្សាយោបល់របស់លោកអ្នក គឺនៅពេលដែលបុគ្គលនោះ ត្រូវបានរៀបចំខ្លួន ដើម្បីឆ្លើយតបដោយជំនឿចំពោះបញ្ហា ហើយកំពុងបង្ហាញពីគំរូនៃការធ្វើបែបនោះនៅក្នុងជីវិតរបស់គាត់។ សញ្ញាដែលជំងឺបានធូរស្បើយ៖ ការធ្លាក់ទឹកចិត្តរបស់គាត់មិនអាក្រក់ដូចពីមុនទៀត ប្ដីប្រពន្ធត្រូវមានការផ្សះផ្សា ហើយបានកសាងទំនុកចិត្តចំពោះគ្នាឡើងវិញ។ យុវជនដែលញៀនក្នុងការមើលវីដេអូ ឬក៏រូបអាសអាភាសបានបញ្ឈប់អំពើបាបខាងឯផ្លូវភេទរបស់ពួកគេច្រើនជាងមុន។ សម្ពាធដែលបណ្ដាលមកពីប្រភពបញ្ហាដើម លែងជាការបំផ្លិចបំផ្លាញដល់ជីវិតរបស់ពួកគេទៀតហើយ។ ភ្លាមៗនោះពួកគេលែងមានអារម្មណ៍ត្រូវការជួបអ្នកទៀត។ ហើយខណៈដែលលោកអ្នកស្រឡាញ់ពួកគាត់ នោះលោកអ្នកក៏មិនចាំបាច់ត្រូវតែជួបជាមួយពួកគេទៀតដែរ។
២. ពេលដែលលោកអ្នកថែទាំពួកគេ ការថែទាំរបស់អ្នកផ្សេងបានបង្ហាញថា មានប្រសិទ្ធភាពជាងការថែទាំរបស់លោកអ្នក
ប្រសិនបើលោកអ្នកកំពុងប្រឹក្សាយោបល់នៅក្នុងក្រុមជំនុំ លោកអ្នកអាចនឹងសូមឲ្យគូស្វាមីភរិយា ឬបុគ្គលផ្សេងទៀត ដើម្បីចូលរួមជាមួយនឹងអ្នកប្រឹក្សាយោបល់។ ជារឿយៗ បុគ្គលផ្សេងទាំងនឹងមានប្រសិទ្ធភាពជាងលោកអ្នកក្នុងការដោះស្រាយបញ្ហាដួងចិត្តរបស់អ្នកមកទទួលការប្រឹក្សា។ នេះមិនមែនជា ការគំរាមកំហែងដល់មុខដំណែងជាគ្រូគង្វាល ឬអ្នកប្រឹក្សាយោបល់ទេ ប៉ុន្តែជាសញ្ញាសម្គាល់ពីរបៀបដែលក្រុមជំនុំគួរតែដំណើរការប្រឹក្សាយោបល់តាមរបៀបបែបនេះ។ វាគួរតែធ្វើឲ្យលោកអ្នករំភើបចិត្ត ដែលអ្នកដទៃបង្ហាញពីជំនាញ ឬមានការយល់ដឹងរបស់ពួកគេដែលលោកអ្នកមិនធ្លាប់បានធ្វើពីមុនមក។ ប្រសិនបើលោកអ្នកទទួលស្គាល់រឿងនេះ វាជាការល្អបំផុតក្នុងការផ្លាស់ប្ដូរពួកគេ ទៅកាន់ការថែទាំពីអ្នកផ្សេង ដែលមិនមែនជាលោកអ្នក។
ជាការដ៏គួរឲ្យស្តាយណាស់ មិនមែនថាគ្រប់ការប្រឹក្សាយោបល់បញ្ចប់ដោយមានភាពវិជ្ជមាននោះទេ។ ពេលខ្លះ ដោយសារហេតុផលផ្សេងៗ នោះក៏បានតម្រូវឲ្យមានការផ្លាស់ប្ដូរអ្នកប្រឹក្សាយោបល់ ឬប្រភេទនៃការថែទាំថ្មី។
៣. អ្វីៗហាក់ដូចជាមិនផ្លាស់ប្ដូរទាល់តែសោះ
លោកអ្នកបានព្យាយាមជួយក្នុងការផ្តល់ការប្រឹក្សាយោបល់អស់មួយរយៈពេល ហើយបញ្ហារបស់ពួកគេ ហាក់ដូចជាមិនបានបាត់ទៅណាទាល់តែសោះ។ យ៉ាងហោចណាស់ ពួកគេបានបង្ហាញឲ្យឃើញថា ពួកគេបានខិតខំព្យាយាមធ្វើការផ្លាស់ប្ដូរបញ្ហានោះដែរ ប៉ុន្តែបញ្ហាដូចគ្នាដែលពួកគេមានតាំងពីដំបូងនោះ គឺនៅតែកំពុងតាមរំខានដល់ជីវិតរបស់ពួកគេ។ វាអាចបណ្ដាលមកពីកង្វះការយល់ដឹង ឬជំនាញរបស់លោកអ្នកនៅមានកម្រិត ឬវាអាចបណ្ដាលមកពីចិត្តរឹងរូស ភាពព្រងើយកន្តើយ ឬកត្តាផ្សេងទៀត ដែលជាបញ្ហាបណ្ដាលមកពីផ្នែករបស់ពួកគេវិញ។ ជាធម្មតា វាអាចបណ្ដាលមកពីភាគីទាំងសងខាង។ ប៉ុន្តែចំណុចសំខាន់នោះគឺវាហាក់ដូចជាមិនមានអ្វីដែលធ្វើឲ្យមានភាពខុសប្លែក។ វាជាពេលវេលាដ៏ល្អមួយ ដើម្បីពិចារណាផ្លាស់ប្ដូរការប្រឹក្សាយោបល់នោះ ទៅឲ្យអ្នកដទៃផ្សេងវិញ។
៤. ពួកគេមិនចង់ក្នុងការសហការ
លោកអ្នកនឹងស្ថិតនៅក្នុងស្ថានភាពនៃការប្រឹក្សាយោបល់ ដែលអ្នកមកទទួលការប្រឹក្សាប្រើពេលវេលានោះដើម្បីធ្វើការត្អូញត្អែរ រអ៊ូរទាំ និងនិយាយដើមអ្នកដទៃ។ ប៉ុន្តែ ពួកគេមិនចង់ធ្វើ នៅពេលដែលឈានដល់កិច្ចការលំបាកៗដូចជាការសិក្សាព្រះបន្ទូល ការគិតពីការជំរុញនៃដួងចិត្ត ការប្រឈមមុខនឹងអំពើបាប ឬការប្រឈមមុខនឹងការព្រួយបារម្ភរបស់ពួកគេ។ ពួកគេរំពឹងថា លោកអ្នកនឹងធ្វើការពិបាកៗ នៅក្នុងវគ្គនៃការប្រឹក្សាយោបល់នីមួយៗ។ ប៉ុន្តែ យើងមិនបម្រើសមាជិកក្រុមជំនុំរបស់យើង ដោយធ្វើការបណ្តោយតាមអារម្មណ៍របស់ពួកគេក្នុងការ «ធ្វើអ្វីមួយ» ដែលទាក់ទងនឹងបញ្ហារបស់ពួកគេ ដោយការដែលពួកគេគ្រាន់តែមកទទួលយកការប្រឹក្សាយោបល់ នៅពេលដែលពួកគេមានបញ្ហា ហើយពួកគេបានបដិសេធមិនធ្វើអ្វីមួយ ដែលលោកអ្នកបានស្នើឲ្យពួកគេធ្វើនោះទេ។ កុំឲ្យពួកគេបោកបញ្ឆោតខ្លួនឯងជាមួយគំនិតដែលគិតថា ខ្លួនពួកគេកំពុងខិតខំប្រឹងប្រែង ទាំងដែលពួកគេមិនបាន ធ្វើអ្វីសោះ នោះឡើយ។ ប្រសិនបើពួកគេមិនធ្វើកិច្ចការ ដែលលោកអ្នកបានដាក់ឲ្យពួកគេធ្វើនៅផ្ទះ ហើយមិនចាប់អារម្មណ៍ក្នុងការឆ្លើយសំណួរ ដែលលោកអ្នកបានសួរ នោះលោកអ្នកគួរបញ្ចប់ការប្រឹក្សាយោបល់ ដើម្បីជាប្រយោជន៍ដល់ពួកគេ។
៥. ពួកគេមិនបានទុកចិត្តលោកអ្នកទេ
វាក៏នឹងមានស្ថានភាពដែលបង្ហាញថា កំហុសដ៏គួរឲ្យឈឺចាប់របស់លោកអ្នកមានជាភស្តុតាង។ ប្រហែលជាលោកអ្នក បានបង្កភាពរញ៉េរញ៉ៃ ដោយលោកអ្នកបាននិយាយរឿងមួយ ដែលលោកអ្នកមិនយល់ពីវា ឬដោយឆ្លើយតបដោយការខកចិត្ត។ លោកអ្នកបានភ្លេចការណាត់ជួប ឬមិនអាចដាក់ពួកគេចូលតារាងកាលវិភាគរបស់លោកអ្នកដោយមានហេតុផលនៃការផ្លាស់ប្ដូរសមរម្យដល់ពួកគេ។ មានរឿងពិតពីរយ៉ាងដែលលោកអ្នកបានដឹងអំពីខ្លួនឯង៖ លោកអ្នកគឺជាមនុស្ស ហើយលោកអ្នកក៏ជាមនុស្សមានបាបដែរ។ ចំណុចសំខាន់គឺថា ពួកគេបានបាត់បង់ទំនុកចិត្តលើលោកអ្នក ទោះជាតាមរយៈកំហុសរបស់លោកអ្នក ឬតាមរយៈការរំពឹងទុកដែលមិនប្រាកដប្រជារបស់ពួកគេក៏ដោយ។ ទោះយ៉ាងណាក៏ដោយ ពួកគេនឹងមិនធ្វើតាមការណែនាំរបស់លោកអ្នកនោះទេ ប្រសិនបើពួកគេមិនមានទំនុកចិត្តលើលោកអ្នក ហើយវាគឺដល់ពេលដែលលោកអ្នកត្រូវបញ្ចប់ការប្រឹក្សាយោបល់ហើយ។ ប្រសិនបើ ពួកគេមិនមានទំនុកចិត្តលើការប្រឹក្សាយោបល់ ពីអ្នកណាផ្សេងទៀតក្នុងក្រុមជំនុំ នោះវាក៏អាចជាពេលវេលាសម្រាប់ពួកគេ ដើម្បីធ្វើការពិចារណាអំពីការផ្លាស់ប្ដូរទៅកាន់ក្រុមជំនុំផ្សេងមួយទៀត។
៦. ពួកគេត្រូវការជំនួយលើសពីអ្វីដែលលោកអ្នកអាចផ្តល់ឲ្យ
បញ្ហារបស់ពួកគេមានភាពធ្ងន់ធ្ងរ ដែលត្រូវការពេលវេលា ឬជំនាញច្រើនជាងអ្វីដែលលោកអ្នកអាចផ្តល់ឲ្យ។ លោកអ្នកចង់បានពេលវេលាច្រើនជាងនេះ ដើម្បីចំណាយជាមួយពួកគេ ប៉ុន្តែការបំពេញទំនួលខុសត្រូវផ្សេងទៀតរបស់លោកអ្នក គឺលោកអ្នកមិនអាចធ្វើទៅរួចនោះទេ ដោយសារពួកគេត្រូវការពេលវេលារបស់លោកអ្នកច្រើនជាងអ្វីដែលលោកអ្នកសន្ទនាមួយម៉ោងក្នុងមួយសប្ដាហ៍ជាមួយពួកគេ។ ជាឧទាហរណ៍ ការញៀនថ្នាំញៀន អាចបណ្ដាលឲ្យមនុស្សម្នាក់មិនអាចគ្រប់គ្រងខ្លួនឯងបាន ហើយអ្នកដែលមានបញ្ហាញៀននោះត្រូវការ ការអន្តរាគមន៍ពីលោកអ្នកជារៀងរាល់ថ្ងៃ។ គេចង់ឲ្យខ្លួនលោកអ្នកមានជំនាញច្រើនជាងជំនាញ ដែលលោកអ្នកកំពុងមាន ដើម្បីដឹងពីលក្ខណៈនៃបញ្ហាជាក់លាក់ណាមួយរបស់ពួកគេ ប៉ុន្តែលោកអ្នកមិនមានការយល់ដឹង មិនមានជំនាញ ឬពេលវេលាដែលលោកអ្នកត្រូវការ ដើម្បីធ្វើការតម្រៀបភាពស្មុគស្មាញ ទៅតាមប្រភេទនីមួយៗរបស់វានោះទេ។ ឥឡូវនេះ សូមលោកអ្នកចងចាំថា កម្រិតនៃអ្វីដែលលោកអ្នកអាចដោះស្រាយបាន គឺមានកម្រិតខ្ពស់ជាងអ្វីដែលជាការយល់ដឹង។ ប៉ុន្តែ យើងក៏បានទទួលស្គាល់ថា បញ្ហាមួយចំនួនបានក្លាយទៅជាបញ្ហាស្មុគស្មាញខាងវិញ្ញាណ ឬផ្នែកសរីរាង្គ ដែលលោកអ្នកគួរតែស្វែងរកអ្នកណាម្នាក់ ដែលមានជំនាញច្បាស់លាស់ជាងលោកអ្នក។ គោលបំណង គឺលោកអ្នកមិនចង់លុបបំបាត់បញ្ហារបស់ពួកគេចោលនោះទេ ប៉ុន្តែផ្ទុយទៅវិញនោះ ដើម្បីឲ្យពួកគេ ទទួលបានជំនួយដែលពួកគេត្រូវការ។
កុំឲ្យមានអារម្មណ៍ថា លោកអ្នកបានបរាជ័យក្នុងការដែលត្រូវបញ្ជូនពួកគេទៅឲ្យអ្នកណាម្នាក់ផ្សេងទៀត នៅក្នុងក្រុមជំនុំរបស់លោកអ្នក ដើម្បីធ្វើការប្រឹក្សាយោបល់ឲ្យពួកគេ (គ្រូគង្វាលផ្សេងទៀត ឬអ្នកជឿផ្សេងទៀតដែលមានភាពចាស់ទុំជាងលោកអ្នក) ឬអ្នកណាម្នាក់ដែលគាត់មិនមែននៅក្នុងក្រុមជំនុំលោកអ្នក (អ្នកប្រឹក្សាយោបល់ ឬវេជ្ជបណ្ឌិតនៅក្នុងសហគមន៍របស់លោកអ្នក)។ ពេលខ្លះ វិធីដ៏ល្អបំផុតដើម្បីថែទាំពួកគេ គឺមិនមែនលោកអ្នកបន្តការងារប្រឹក្សាយោបល់នោះដោយខ្លួនឯងទេ ប៉ុន្តែណែនាំ បង្ហាញពួកគេឲ្យបានឃើញទិសដៅដ៏ត្រឹមត្រូវ៖ ណែនាំពួកគេទៅកាន់អ្នកណាម្នាក់ដែលអាចផ្តល់ឲ្យពួកគេនូវពេលវេលា និងការយកចិត្តទុកដាក់គ្រប់គ្រាន់ដល់ពួកគេ ទៅតាមអ្វីដែលជាតម្រូវការពួកគេ។
ប្រសិនបើសន្ទស្សន៍សញ្ញាទាំងនេះមានភាពស៊ីគ្នានឹងស្ថានភាពរបស់លោកអ្នក វាប្រហែលជាដល់ពេល ដែលលោកអ្នកត្រូវបញ្ចប់ការប្រឹក្សាយោបល់របស់លោកអ្នក ដោយស្នើសុំការជួបជាលើកចុងក្រោយ។ ពួកគេមួយចំនួននឹងសប្បាយចិត្តនៅពេលដែលការប្រឹក្សាយោបល់នេះត្រូវបានបញ្ចប់។ អ្នកផ្សេងទៀតនឹងមានការភ្ញាក់ផ្អើលខ្លាំង ចំពោះការបញ្ចប់។ សម្រាប់ការជួប ជាលើកចុងក្រោយជាមួយពួកគេ គឺពួកគេអាចនឹងគិតថា ដូចជាឃាតករដែលសម្លាប់ពួកគេ។ ពួកគេចង់បានការប្រឹក្សាយោបល់ដែលមានរយៈពេលយូរ ហើយប្រហែលជាអាចមានការវែកញែកជាមួយលោកអ្នកអំពីការដែលពួកគេត្រូវការជំនួយបន្ថែមទៀត។ ប្រសិនបើលោកអ្នក ហើយនៅក្នុងប្រាជ្ញារបស់លោកអ្នក (មិនមែនជាការអត់ធ្មត់របស់លោកអ្នក) ដែលត្រូវបានសន្និដ្ឋានថា រឿងរ៉ាវគួរតែបានធូរស្រាល ដូច្នេះត្រូវមានចិត្តសប្បុរស ហើយបន្តដំណើរការក្នុងការនាំយកអ្វីៗគ្រប់យ៉ាង ធ្វើការសន្និដ្ឋានចុងក្រោយ។ កុំបណ្តោយឲ្យមានគ្រោះថ្នាក់ និងសម្ពាធ ដែលមនុស្សមានតម្រូវការខ្លាំង កំណត់ល្បឿននៃការប្រឹក្សាយោបល់របស់លោកអ្នកនោះឡើយ។ សូមស្តាប់ពីការព្រួយបារម្ភរបស់ពួកគេ ដោយការបន្ទាបខ្លួនរបស់លោកអ្នក និងអធិស្ឋានសម្រាប់ការព្រួយបារម្ភរបស់ពួកគេ ហើយបន្ទាប់មកលោកអ្នក ត្រូវធ្វើការកំណត់អ្វីដែលជាដំណោះស្រាយល្អបំផុត។
*****
កំណត់សម្គាល់ពីអ្នកកែសម្រួល៖ ការបង្ហោះអត្ថបទនេះ គឺជាការដកស្រង់ចេញពីសៀវភៅរបស់ លោក ជេរ៉េមី ព្យែរ និង ឌីប៉ាក់ រីជូ (Jeremy Pierre and Deepak Reju) ស្តីពីលោកគ្រូ គង្វាល និងការប្រឹក្សាយោបល់៖ មូលដ្ឋានគ្រឹះនៃសមាជិកនៃការឃ្វាលដែលត្រូវការ (“The Pastor and Counseling: The Basics of Shepherding Members in Need” Crossway, ២០១៤)។ វាត្រូវបានបង្ហាញជាលើកដំបូងនៅលើគេហទំព័ររបស់សម្ព័ន្ធប្រឹក្សាយោបល់ព្រះគម្ពីរ ( Biblical Counseling Coalition’s website)។
មតិយោបល់
Loading…