ព្រះជាម្ចាស់ជាម្ចាស់សន្យាថានឹងប្រទានព្រះគុណ ដើម្បីឲ្យយើងតតាំងនឹងអំពើបាប និងដើម្បីយកឈ្នះលើអំពើបាប។ យើងជឿថា ព្រះជាម្ចាស់ប្រទានព្រះគុណបែបនេះដល់រាស្ដ្រទ្រង់។ នេះមិនមែនជាអ្វីដែលយើងសមនឹងទទួលបានទេ។ វាមិនមែនជារបស់ដែលទ្រង់ជំពាក់យើងទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ទ្រង់នៅតែប្រទានវាមកដែរ។ វាគឺជាអ្វីដែលយើងមិនស័ក្តិសមនឹងទទួលបានទេ តែគឺជាការពេញហូរហៀរនៃសេចក្តីស្រឡាញ់របស់ទ្រង់សម្រាប់យើងវិញ។
ហើយយើងប្រាថ្នាចង់បានព្រះគុណនោះ គឺជាព្រះគុណដែលសម្លាប់អំពើបាប ព្រះគុណដែលនាំសេចក្ដីសុចរិតឲ្យមានជីវិត ព្រះគុណដែលធ្វើឲ្យយើងក្លាយជាអ្នកណាម្នាក់ និងជាអ្វីមួយដែលទ្រង់ត្រាស់ហៅយើងមកឲ្យធ្វើ។
ព្រះជាម្ចាស់ប្រទានព្រះគុណនោះ ប៉ុន្តែសម្រាប់ហេតុផលមួយចំនួន—ហេតុផលដ៏ល្អៗរបស់ទ្រង់—វាកម្រនឹងមកដល់យើងក្នុងទម្រង់ដែលយើងចង់បានណាស់។ ព្រះជាម្ចាស់ប្រទានវាមកមិនមែនតាមទម្រង់ដែលយើងចង់បានទេ ប៉ុន្តែតាមទម្រង់ដែលយើងត្រូវការ។ យើងចង់ឲ្យព្រះជាម្ចាស់លុបបំបាត់អំពើបាបរបស់យើង គឺលុបបំបាត់វាចោលភ្លាមៗ និងជារៀងរហូត។ សេចក្តីប៉ងប្រាថ្នាទាំងនោះ ការញៀនទាំងនោះ ការថ្វាយបង្គំរូបព្រះក្លែងក្លាយទាំងនោះ—យើងចង់ឲ្យព្រះជាម្ចាស់លុបបំបាត់ចោលនៅក្នុងមួយរំពេចតែម្ដង។
ព្រះជាម្ចាស់អាចធ្វើបែបនេះបាន។ ទ្រង់មានកម្លាំង និងអំណាចព្រះចេស្ដា។ ហើយម្តងម្កាល ទ្រង់ធ្វើបែបនេះមែន ទ្រង់ដកអំពើបាប និងសេចក្ដីល្បួងដែលនាំឲ្យធ្វើបាបភ្លាមៗ ហើយវាមិនត្រឡប់មកវិញដោយមានកម្លាំងដូចដើមនោះទេ។
ប៉ុន្តែ ជាទូទៅ ព្រះគុណរបស់ព្រះជាម្ចាស់មិនត្រូវបានបង្ហាញនៅក្នុងការលុបបំបាត់អំពើបាបភ្លាមៗនោះទេ។ ផ្ទុយទៅវិញ ព្រះគុណរបស់ទ្រង់ត្រូវបានបង្ហាញក្នុងបំណងប្រាថ្នាដែលបានរកឃើញថ្មី ដើម្បីបំផ្លាញអំពើបាបនោះ ចោល។ ព្រះជាម្ចាស់មិនលុបបំបាត់អំពើបាបរបស់យើងទេ ប៉ុន្តែទ្រង់ប្រទានឲ្យយើងនូវការស្អប់ថ្មីចំពោះវា និងបំណងប្រាថ្នាថ្មី ដើម្បីព្យាយាមប្រយុទ្ធនឹងវា។ ទ្រង់មិនដកវាចេញភ្លាមៗទេ ប៉ុន្តែទ្រង់បន្ថែមព្រះគុណ ដើម្បីឲ្យយើងអាចតស៊ូនឹងវាអស់មួយជីវិតបាន។ ទ្រង់បានបន្ថែមព្រះគុណ ដើម្បីឲ្យយើងអាចឃើញជោគជ័យជាបន្តបន្ទាប់ ដោយដឹងពីភាពកម្សោយរបស់យើង និងដង្ហោយស្រែករកកម្លាំងរបស់ទ្រង់។ ទ្រង់ប្រទានអ្វីដែលយើងត្រូវការ ទោះបីវាមិនមែនជាអ្វីដែលយើងចង់បានក៏ដោយ។
ហើយនេះក៏ជាព្រះគុណដែរ។ នេះក៏ជាការពេញព្រះជាម្ចាស់ហឬទ័យដ៏មិនសមទទួលពីព្រះជាម្ចាស់ដែលប្រកបដោយសេចក្ដីស្រឡាញ់ដែរ។ មិនដឹងដោយរបៀបណាទេ ការនេះល្អសម្រាប់យើងជាងជម្រើសផ្សេងៗទៀតឆ្ងាយណាស់។ «តែទ្រង់មានបន្ទូលមកខ្ញុំថា “គុណរបស់អញល្មមដល់ឯងហើយ ដ្បិតកម្លាំងអញបានពេញខ្នាត ដោយសេចក្ដីកំសោយ” ដូច្នេះ ខ្ញុំនឹងស៊ូអួតពីសេចក្ដីកំសោយរបស់ខ្ញុំដោយអំណរជាខ្លាំង ដើម្បីឲ្យព្រះចេស្ដានៃព្រះគ្រីស្ទបានសណ្ឋិតនៅនឹងខ្ញុំ» (២កូរិនថូស ១២:៩)។
មតិយោបល់
Loading…