គាត់ចង់ដើរតាមព្រះយេស៊ូវ។ គាត់ចង់នៅជិតព្រះយេស៊ូវ។ គាត់ចង់រស់នៅក្នុងជីវិតនៃការស្តាប់បង្គាប់ទាំងស្រុង។ ប៉ុន្តែ ព្រះយេស៊ូវបានមានបន្ទូលប្រាប់គាត់ឲ្យនៅ មិនឲ្យចេញទៅទេ។ កុំតាមខ្ញុំឲ្យសោះ។
បុរសនោះត្រូវបានអារក្សចូល ត្រូវបានបណ្ដេញចេញពីចិត្តគំនិតខ្លួន ហើយបណ្ដេញចេញពីសង្គមដ៏សុភាពរាបសា។ គាត់បានរស់នៅកន្លែងគេកប់ខ្មោច រស់នៅជាមួយមនុស្សស្លាប់ ស្រែកយំ អារសាច់ខ្លួនឯង ហូរឈាម អាក្រាត និងឆ្កួត។
ពេលព្រះយេស៊ូវយាងមកដល់ ហើយមានបន្ទូលមួយព្រះឱស្ឋ គាត់ក៏ត្រូវបានដោះលែង។ គាត់មានសេរីភាព។
«កាលទ្រង់ [ព្រះយេស៊ូវ] បានយាងចុះទូក នោះអ្នកដែលអារក្សចូលពីដើម គាត់ក៏សូមទៅជាមួយនឹងទ្រង់ តែទ្រង់មិនអនុញ្ញាតទេ…» (ម៉ាកុស ៥:១៨-១៩)។
បំណងប្រាថ្នារបស់បុរសនោះគឺបរិសុទ្ធ។ សូមព្រះអម្ចាស់អនុញ្ញាតឲ្យទូលបង្គំទៅជាមួយទ្រង់ផង។ សូមអនុញ្ញាតឲ្យទូលបង្គំរៀនពីទ្រង់ ហើយសូមឲ្យទូលបង្គំនៅជិតទ្រង់ដែរ។
ប៉ុន្តែ ព្រះយេស៊ូវមានផែនការល្អជាងនោះ។ ចូរនៅ! «ចូរទៅផ្ទះទៅ ហើយប្រាប់បងប្អូនឯងពីការធំទាំងម៉្លេះ ដែលព្រះអម្ចាស់បានមេត្តាប្រោសដល់ឯងវិញ» (ខ១៩)។ ខ្ញុំមិនអនុញ្ញាតឲ្យអ្នកមកទេ។ អ្នកត្រូវតែនៅ។
ហេតុអ្វី? ព្រោះគ្មានបេសកជនណាល្អជាងនេះ ចំពោះក្រុងរបស់គាត់ និងប្រជាជនរបស់គាត់នោះទេ។ ពួកគេបានដឹងថា គាត់ធ្លាប់ជាអ្វី ហើយជានរណា ហើយពួកគេទាំងអស់នោះអាចមើលឃើញការផ្លាស់ប្ដូរមួយនេះបាន។ ការផ្លាស់ប្ដូរដែលមិនអាចប្រកែកបាននោះអាចប្រកាសអំពីអំណាចព្រះចេស្ដានៃព្រះបាន។
បុរសនេះបានជួបព្រះយេស៊ូវក្នុងរបៀបនៃការផ្លាស់ប្ដូរជីវិតមួយ។ ដូច្នេះ ព្រះយេស៊ូវមានបន្ទូលទៅគាត់ឲ្យនៅ។ ចូរនៅកន្លែងដែលអ្នកកំពុងនៅចុះ ចូរទៅស្វែងរកមិត្តភក្ដិ និងអ្នកជិតខាងរបស់អ្នកចុះ ហើយប្រាប់ពួកគេអំពីអ្វីដែលព្រះអម្ចាស់បានធ្វើសម្រាប់អ្នក។
ឱបងប្អូនគ្រីស្ទបរិស័ទអើយ ព្រះជាម្ចាស់បានតែងតាំងអ្នកឲ្យធ្វើជាបេសកជនរបស់ទ្រង់ នៅកន្លែងដែលអ្នកកំពុងនៅ។ គ្មានអ្នកណាស័ក្តិសមនឹងកិច្ចការនោះជាងអ្នកទេ។ «ទៅផ្ទះ ទៅកាន់មិត្តភក្ដិ គ្រួសារអ្នក អ្នកជិតខាង អ្នករួមការងារជាមួយអ្នក ហើយប្រាប់ពួកគេពីការដ៏ធំម្ល៉េះដែលព្រះអម្ចាស់បានធ្វើចំពោះអ្នក និងពីរបៀបដែលទ្រង់មានសេចក្ដីមេត្តាករុណាដល់អ្នក»។
គាត់ចង់ដើរតាមព្រះយេស៊ូវ។ គាត់ចង់នៅជិតព្រះយេស៊ូវ។ គាត់ចង់រស់នៅក្នុងជីវិតនៃការស្តាប់បង្គាប់ទាំងស្រុង។
មតិយោបល់
Loading…