in ,

ហេតុ​អ្វី​ប្រារព្ធ​​ណូអែល?

គ្រី​​ស្ទ​បរិស័ទ​នៅ​ជុំ​វិញ​ពិភព​លោក​នេះ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​ក្នុង​លក្ខណៈ​នៃ​ការ​ថ្វាយ​ព្រះ​កិត្តិយស​ទៅ​កាន់​ការ​ប្រសូត​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​នៅ​ឯ​ភូមិ​បេថ្លេហិម។ មាន​ទំនៀម​ទម្លាប់​ជា​ច្រើន​នា​បុណ្យ​ណូអែល​ដែល​ត្រូវ​បាន​ទាក់​ទិន​ជា​មួយ​នឹង​ការ​ប្រារព្ធ​បុណ្យ​ណូអែល ហើយ​ប្រពៃ​ណី​ខុសៗ​គ្នា​ក៏​ប្រារឰ​ខុសៗ​គ្នា​ដែរ។ ចំណុច​រួប​រួម​គ្នា​គឺ​សេចក្ដី​ពិត​ពី​ប្រវត្តិសាស្ត្រ​ដែល​ថា​ព្រះ​យេស៊ូវ​បាន​ប្រសូត​នៅ​ប្រហែល​ឆ្នាំ៥​មុន​គ.ស.។ ទេវតា​ដែល​បាន​លេច​ឡើង​ទៅ​កាន់​ពួក​អ្នក​គង្វាល​នៅ​យប់​ដែល​ព្រះ​យេស៊ូវ​បាន​ប្រសូត​បាន​និយាយ​ថា៖ «ខ្ញុំ​មក​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ពី​អំណរ​យ៉ាង​អស្ចារ្យ​សម្រាប់​មនុស្ស​ទាំង​អស់ ដ្បិត​នៅ​ថ្ងៃ​នេះ មាន​ព្រះ​សង្គ្រោះ​មួយ​អង្គ ប្រសូត​ដល់​អ្នក​រាល់​គ្នា​នៅ​ក្រុង​ព្រះ​បាទ​ដាវីឌ គឺ​ព្រះ​គ្រីស្ទ​ជា​ព្រះ​អម្ចាស់» (លូកា ២:១០-១១)។

យើង​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល ពីព្រោះ​ដូច​ដែល​ទេវតា​បាន​លើក​ឡើង​ថា ការ​ប្រសូត​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​គឺ​ជា «ដំណឹង​ល្អ»។ ដំណឹង​ល្អ​គឺ​ជា​ចំណុច​ដែល​គួរ​ឲ្យ​អប​អរ​សាទរ។ តាម​ពិត​ទៅ ទេវតា​បាន​មាន​ប្រសាសន៍​ថា ដំណឹង​នៃ​ការ​ប្រសូត​របស់​ព្រះ​យេស៊ូវ​នឹង​បង្ក​ឲ្យ​មាន «អំណរ​យ៉ាង​អស្ចារ្យ» បាន​នោះ​គឺ «សម្រាប់​មនុស្ស​ទាំង​អស់»—ការ​ប្រារព្ធ​ដែល​មាន​អំណរ​នឹង​ក្លាយ​ជា​ទ្រង់​ទ្រាយ​បែប​សកល។ មនុស្សម្នា​ជុំ​វិញ​ពិភព​លោក​នឹង​មាន​អំណរ​ដោយ​សារ​ព្រឹត្តិ​ការណ៍​មួយ​នេះ។

យើង​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល ពីព្រោះ​ដូច​ដែល​ទេវតា​បាន​លើក​ឡើង​ថា «ព្រះ​សង្គ្រោះ​មួយ​អង្គ ប្រសូត​ដល់​អ្នក​រាល់​គ្នា…គឺ​ព្រះ​គ្រីស្ទ​ជា​ព្រះ​អម្ចាស់»។ ងារ​ទាំង​បី​ដែល​ទេវតា​បាន​ដាក់​លើ​ព្រះ​យេស៊ូវ​គឺ​ជា​ងារ​ដ៏​សំខាន់ៗ​ណាស់។ ព្រះ​យេស៊ូវ​គឺ​ជា​ព្រះ​អង្គ​សង្គ្រោះ​ដែល​រំដោះ​យើង​ចេញ​ពី​អំពើ​បាប និង​សេចក្ដី​ស្លាប់ (ម៉ាថាយ ១:២១)។ ទ្រង់​គឺ​ជា​ព្រះ​គ្រីស្ទ (ឬ​ក៏​ព្រះ​អង្គ​សង្គ្រោះ) ដែល​មាន​សណ្ឋាន​ជា​មនុស្ស ដែល​បំពេញ​ក្រឹត្យវិន័យ និង​ពួក​ហោរា ដោយ​បង្ហាញ​ថា​ព្រះ​ស្មោះ​ត្រង់ (ម៉ាថាយ ៥:១៧)។ ហើយ​ទ្រង់​គឺ​ជា​ព្រះ​ដ៏​ជា​អម្ចាស់​ដែល​បាន​យាង​ចូល​មក​ផែន​ដី​យើង៖ ព្រះ​ដែល​មាន​ពេញ​ទៅ​ដោយ​ព្រះ​ចេស្ដា​បាន​យាង​មក​យក​សណ្ឋាន​ជា​មនុស្ស។ ព្រះ និង​មនុស្ស​ត្រូវ​បាន​លាយឡំ​ចូល​គ្នា​ក្នុង​លក្ខណៈ​ដែល​មិន​អាច​ផ្ដាច់​ពី​គ្នា​បាន ពោល​គឺ​មាន​ចំណង​ជាប់​គ្នា​យ៉ាង​អស់​កល្ប ជានិច្ច ដែល​ទ្រង់​គឺ​ជា​ព្រះ​ដែល​ពិត​ជា​គង់​នៅ​ជា​មួយ​យើង​មែន (ម៉ាថាយ ១:២៣)។

ក្នុង​ការ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល យើង​អប​អរ​សាទរ​ព្រះ​អង្គ​សង្គ្រោះ ពីព្រោះ​យើង​ត្រូវ​ការ​ការ​រំដោះ។ យើង​ប្រារព្ធ​ព្រះ​គ្រីស្ទ ព្រោះ​ក្នុង​ទ្រង់​រាល់​សេចក្ដី​សន្យា​របស់​ព្រះ​ជាម្ចាស់​គឺ «បាទ» និង «អាម៉ែន» (២កូរិនថូស ១:២០)។ យើង​ប្រារព្ធ​ព្រះ​អម្ចាស់​ដែល​បាន​បន្ទាប​ខ្លួន​ដោយ​បាន «មក​យក​សភាព​ជា​អ្នក​បម្រើ» សម្រាប់​ជា​ប្រយោជន៍​ដល់​យើង (ភីលីព ២:៦-៨)។

យើង​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​ដោយ​ឲ្យ​កាដូ ពីព្រោះ​ព្រះ​ជាម្ចាស់​បាន​ប្រទាន​មក​កាន់​យើង​នូវ «អំណោយ​ទាន​ដ៏​រក​ថ្លែង​ពុំ​បាន» (២កូរិនថូស ៩:១៥)។ យើង​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​ដោយ​តុប​តែង​លម្អ​ភ្លើង ពីព្រោះ​ពន្លឺ​នៃ​លោកីយ៍​បាន​យាង​មក​ដល់​យើង​ហើយ (យ៉ូហាន ១:១៤; និង​អេសាយ ៩:២)។ យើង​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​ដោយ​មាន​ចម្រៀង​ច្រៀង​អម​ជា​មួយ​នឹង​ក្រុម​ភ្លេង ពីព្រោះ​វា​គឺ​ជា​ការ​បើក​បង្ហាញ​សម្ដែង​អំពី​អំណរ និង​ការ​ត្រាប់​តាម​គំរូ​របស់​នាង ម៉ារា លោក សាការី និង​លោក ស៊ីម្មាន និង​ពួក​ទេវតា ដ្បិត​ពួក​គាត់​ទាំង​អស់​គ្នា​សុទ្ធ​តែ​កោត​សរសើរ​ព្រះ​អម្ចាស់​ក្នុង​ទំនុក​លំនាំ​ជា​កំណាព្យ (លូកា ១-២)។ យើង​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​ដោយ​តុប​តែង​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​គ្រប់​រដូវ (ដែល​ពេល​ខ្លះ​ហៅ​ថា ដើម​ណូអែល) ដោយ​ផ្កាយ ទេវតា និង​បន្ទះ​លោហៈ​ធាតុ​ភ្លឺៗ​សម្រាប់​ប្រើ​ក្នុង​ការ​តុប​តែង ពីព្រោះ​តែ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដែល​ព្រះ​គ្រីស្ទ​បាន​នាំ​មក (យ៉ូហាន ៤:១៤)—ហើយ​ផ្កាយ ទេវតា និង​រាល់​អ្វីៗ​ដែល​ស្រស់​ស្អាត​សុទ្ធ​តែ​ទាក់​ទិន​គ្នា​ជា​មួយ​នឹង​ការ​ប្រសូត​របស់​ព្រះ​យេស៊ូវ។

តាម​រយៈ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​យើង​អប​អរ​សាទរ​សេចក្ដី​ស្រឡាញ់ និង​ការ​ដែល​ព្រះ​ជាម្ចាស់​ដាក់​ខ្លួន​ដោយ​ក្លាយ​ជា​អ្នក​តូច។ នៅ​ថ្ងៃ​ទី២៣ ខែ​មិថុនា ឆ្នាំ២០១៨ នៅ​ប្រទេស​ថៃ មាន​ក្រុម​បាល់​ទាត់​មួយ​ក្រុម​ឈ្មោះ «ជ្រូក​ព្រៃ» (the Wild Boars) បាន​ចូល​ទៅ​លេង​ល្អាង​ថាំង ឡែង (Tham Luang)។ ដោយ​សារ​ពេល​នោះ​គឺ​ជា​រដូវ​ភ្លៀង​ខ្លាំង ខណៈ​ពេល​ដែល​ក្រុម​បាល់​ទាត់​កំពុង​តែ​ចូល​លេង​ក្នុង​ល្អាង នោះ​ល្អាង​ក៏​បាន​លិច​ទឹក ដូច្នេះ​ទាំង​គ្រូ​បង្វឹក និង​កីឡាករ​របស់​គាត់​ដែល​មាន​ចំនួន១២​នាក់​ក៏​បាន​ជាប់​នៅ​ក្នុង​ល្អាង​អស់​រយៈ​ពេល​លើស​១៤​ថ្ងៃ​ក្រោម​ដី​ដែល​មាន​ជម្រៅ​៤គីឡូ​ម៉ែត្រ។ ទាំង​កង​ទ័ព​ជើង​ទឹក​ជាតិ និង​អន្តរជាតិ​ក៏​បាន​សហការ​គ្នា ដើម្បី​ជួយ​សង្គ្រោះ​ពួក​គាត់។ ក្នុង​ការ​ព្យាយាម​ជួយ​សង្គ្រោះ​ពួក​គាត់​ក៏​មាន​ទាហាន​ជើង​ទឹក​ថៃ​ម្នាក់​ឈ្មោះ​លោក សាមែន ខូណែន (Saman Kunan) បាន​ស្លាប់​ដោយ​សារ​គាត់​អស់​ខ្យល់​ក្នុង​បំពង់​អុកស៊ីសែន ខណៈ​ពេល​ដែល​គាត់​កំពុង​ព្យាយាម​យក​បំពង់​ខ្យល់​អុកស៊ីសែន​ទៅ​ឲ្យ​ក្រុម​បាល់​ទាត់​នោះ។ អ្នក​ជួយ​សង្គ្រោះ​មិន​បាន​ប្រាប់​ក្រុម​ឲ្យ​រក​របៀប​ឡើង​ចេញ​មក​វិញ​នោះ​ទេ ហើយ​ពួក​គាត់​ក៏​មិន​បាន​ស្រែក​ដាក់​ក្រុម​ឲ្យ​មាន​អារម្មណ៍​សប្បាយៗ ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ពួក​គាត់​ផង​ដែរ។ អត់​ទេ! ពួក​គាត់​បាន​ចុះ​ទៅ​កន្លែង​ដែល​ក្រុម​កំពុង​ជាប់ ហើយ​ជួយ​ក្រុម​ឡើង​វិញ។ ពួក​គាត់​បាន​ធ្វើ​នូវ​អ្វីៗ​ដែល​ចាំ​បាច់​ត្រូវ​ធ្វើ។ អ្នក​ជួយ​សង្គ្រោះ​បាន​ធ្វើ​ការ​ដោយ​មិន​ឈប់​សម្រាក​អស់​រយៈ​ពេល​លើស​៣៣៨ម៉ោង ដើម្បី​រំដោះ​ពួក​គាត់។

នៅ​ឯ​សួន​ច្បារ អេដែន លោក អ័ដាម និង​នាង អេវ៉ា បាន​ធ្លាក់​ចុះ។ ពួក​គេ​បាន​ធ្លាក់​ចុះ ហើយ​ក៏​នាំ​មនុស្ស​ជាតិ​ទាំង​មូល​ឲ្យ​ធ្លាក់​ចុះ​ជា​មួយ​នឹង​ពួក​គេ​ទៅ​ក្នុង​ភាព​ងងឹត និង​សេចក្ដី​ស្លាប់​នៃ​អំពើ​បាប។ ហើយ​តើ​ព្រះ​ជាម្ចាស់​បាន​ធ្វើ​អ្វី? ទ្រង់​មិន​បាន​ប្រាប់​យើង​ឲ្យ​ស្វែង​រក​ផ្លូវ​ចេញ​ពី​វិបត្តិ​ដែល​យើង​កំពុង​តែ​ជាប់​នៅ​ក្នុង​នោះ​ទេ ហើយ​ព្រះ​អង្គ​ក៏​បាន​ប្រព្រឹត្ត​លើស​ពី​ការ​ស្រែក​ដាក់​យើង​ឲ្យ​មាន​អារម្មណ៍​សប្បាយៗ​ពី​ស្ថាន​សួគ៌​ដែរ។ ទេ! ព្រះ​អង្គ​បាន​យាង​ចុះ​មក​នៅ​កន្លែង​ដែល​យើង​កំពុង​តែ​នៅ ហើយ​បាន​ជួយ​យើង។ នេះ​ហើយ​គឺ​ជា​អត្ថន័យ​នៃ​ពិធី​បុណ្យ​ណូអែល—ព្រះ​បាន​យាង​ចុះ​មក ដើម្បី​សង្គ្រោះ​យើង ហើយ​ក៏​បាន​ប្រព្រឹត្ត​នូវ​អ្វីៗ​ដែល​ចាំ​បាច់ ដើម្បី​រំដោះ​យើង​ចេញ​ពី​សេចក្ដី​ស្លាប់​ដែល​ទៀង​នឹង​កើត​ឡើង​ដែរ។

សូម្បី​តែ​នៅ​ពេល​ដែល​ក្រុម​មួយ​កំពុង​តែ​ស្ថិត​ក្នុង​កាលៈទេសៈ​នៃ​ការ​ប្រឈម​មុខ​នឹង​ភាព​គំរាម​កំហែង​ទាក់​ទង​នឹង​ជីវិត​របស់​ពួក​គាត់​ក៏​យើង​យល់​អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ផង​ដែរ។ ពេល​ព្រះ​ជាម្ចាស់​ទត​មើល​លើ​ភព​ផែន​ដី​នេះ​ដែល​មាន​ពេញ​ទៅ​ដោយ​អំពើ​បាប​របស់​យើង នោះ​ព្រះ​អង្គ​ឃើញ​ពិភព​លោក​ទាំង​មូល​ដែល​មាន​មនុស្ស​កំពុង​ស្ថិត​នៅ​ក្នុង​គ្រោះ​ថ្នាក់​នៃ​ការ​ស្លាប់។ យើង​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល ពីព្រោះ​គឺ​នៅ​ពេល​ណូអែល​នោះ​ហើយ​ដែល​ព្រះ​អង្គ​សង្គ្រោះ​នៃ​មនុស្ស​លោក​ទាំង​អស់​បាន​យាង​ចុះ​មក ដើម្បី​សង្គ្រោះ​យើង​ចេញពី​ស្ថាន​ភាព​នៃ​ការ​គ្មាន​សង្ឃឹម​ដែល​យើង​កំពុង​តែ​ស្ថិត​នៅ​ក្រោម​វា។ ព្រះ​អង្គ​មិន​បាន​គង់​នៅ​ស្ថាន​សួគ៌​ទេ។ ប៉ុន្តែ ទ្រង់​បាន​យាង​ចុះ​មក​កន្លែង​ដែល​យើង​កំពុង​តែ​នៅ។

និពន្ធដោយ៖ ក្រុម GotQuestions
បកប្រែដោយលោកគ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ​ និងលោកស្រី ​ពូល រដ្ឋា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.gotquestions.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

Leave a Reply

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

កើតមានសេចក្ដីភ័យខ្លាច

ស្វែងរកជីវិតដ៏អរសប្បាយ