តើហេតុអ្វីបានជាគ្រីស្ទបរិស័ទនៅប្រទេសកម្ពុជាប្រារព្ធធ្វើពិធីបុណ្យណូអែល? តើពិធីបុណ្យនេះគឺគ្រាន់តែជាពិធីបុណ្យដែលលោកខាងលិចប្រារព្ធធ្វើ ហើយគ្រីស្ទបរិស័ទនៅប្រទេសកម្ពុជាគ្រាន់តែយកមកប្រារព្ធធ្វើតាមឲ្យតែសប្បាយៗមែនឬ?
មិនដូច្នោះទេ! គ្រីស្ទបរិស័ទបានចាប់ផ្ដើមប្រារព្ធពិធីបុណ្យណូអែល ប្រហែលនៅឆ្នាំ ៣០០ នៃគ.ស. ដើម្បីរំឭកពីថ្ងៃដែលព្រះយេស៊ូវបានប្រសូតមក នៅប្រទេសអ៊ីស្រាអែល។ យើងមិនបានដឹងច្បាស់ថា ព្រះយេស៊ូវគ្រីស្ទប្រសូតមកចំថ្ងៃមួយណាយ៉ាងប្រាកដនោះទេ ពីព្រោះនៅក្នុងព្រះបន្ទូលមិនបានប្រាប់យើងដែរ។ មួយទៀតសោត ព្រះគម្ពីរក៏មិនបានបង្គាប់បញ្ជាឲ្យគ្រីស្ទបរិស័ទប្រារព្ធពិធីបុណ្យណូអែលដែរ ប៉ុន្តែនេះគឺជាទម្លាប់ ជាប្រពៃណីរបស់គ្រីស្ទបរិស័ទដែលបានប្រារព្ធធ្វើតៗមកជិត២០០០ឆ្នាំមកហើយ។
ប៉ុន្តែ ហេតុអ្វីបានជាយើងដែលជាគ្រីស្ទបរិស័ទនៅប្រទេសកម្ពុជាប្រារព្ធធ្វើពិធីបុណ្យណូអែល?
ព្រោះការប្រសូតរបស់ព្រះយេស៊ូវ គឺជាការចាប់ផ្ដើមនៃដំណឹងល្អដ៏សំខាន់បំផុតសម្រាប់ជីវិតយើង។ ប៉ុន្តែ ដើម្បីឲ្យយើងយល់ពីភាពឧដុង្គឧត្តមនៃដំណឹងល្អនេះ យើងត្រូវតែត្រឡប់ទៅដើមដំបូងបំផុតនៃផែនដីនេះ។
បើយើងមើលនៅក្នុងកណ្ឌគម្ពីរ លោកុប្បត្ដិ ១:១ ដែលជាខគម្ពីរដំបូងក្នុងព្រះគម្ពីរនោះយើងឃើញដូចនេះថា «កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃនឹងផែនដី»។ នៅក្នុងខគម្ពីរត្រង់នេះបានបង្ហាញឲ្យយើងឃើញយ៉ាងច្បាស់ថា ពិតជាមានព្រះដែលបានបង្កើតចក្រវាលទាំងមូល ទ្រង់ជាព្រះអាទិករ ជាព្រះដែលបានបង្កើតគ្រប់អ្វីៗទាំងអស់ ព្រះអង្គនេះហើយគឺជាអង្គដែលបានបង្កើតរបស់សព្វសារពើអស់រយៈពេលប្រាំមួយថ្ងៃ។ នៅថ្ងៃទីប្រាំមួយនោះ ព្រះអង្គបានបង្កើតឲ្យមានមនុស្សប្រុសម្នាក់ និងមនុស្សស្រីម្នាក់ គឺទ្រង់បានបង្កើតអ្នកទាំងពីរនោះឲ្យដូចជារូបព្រះអង្គ (លោកុប្បត្ដិ ១:២៦-២៧)។ គាត់ទាំងពីរនាក់នោះម្នាក់មានឈ្មោះ អ័ដាម ដែលជាមនុស្សប្រុស ហើយម្នាក់ទៀតជាស្ត្រីដែលមានឈ្មោះថា អេវ៉ា។ ព្រះអង្គបានដាក់ពួកគេទាំងពីរនៅក្នុងសួនច្បារមួយ ហើយអ្វីៗទាំងអស់ដែលមាននៅក្នុងសួនច្បារនោះ គឺអស្ចារ្យ គ្រប់លក្ខណ៍ ហើយក៏ល្អណាស់ដែរ។ ព្រះអង្គបានមានបន្ទូលឲ្យពួកគេគ្រប់គ្រងរបស់ទាំងអស់ដែលទ្រង់បានបង្កើតមក ហើយទ្រង់ក៏បានមានបន្ទូលទៀតថា ពួកគេអាចបរិភោគគ្រប់ទាំងផ្លែឈើទាំងអស់នៅក្នុងសួនច្បារនោះ ប៉ុន្តែមានដើមឈើតែមួយប៉ុណ្ណោះដែលទ្រង់បានហាមមិនឲ្យពួកគាត់បរិភោគ គឺជាដើមឈើដឹងខុសត្រូវ ដ្បិតនៅថ្ងៃណាដែលពួកគេបរិភោគ នោះនឹងត្រូវស្លាប់ជាមិនខាន (លោកុប្បត្ដិ ២:១៧)។
ហើយនៅក្នុងព្រះគម្ពីរបានចែងថា «រីឯអ័ដាមនឹងប្រពន្ធគាត់ក៏នៅជាអាក្រាតទទេ ឥតមានសេចក្ដីអៀនខ្មាសឡើយ» (លោកុប្បត្ដិ ២:២៥)។
នៅក្នុងសួនច្បារនាពេលនោះមិនមានសេចក្តីភ័យខ្លាច សេចក្ដីអៀនខ្មាស ឬក៏សេចក្ដីអាម៉ាស់នោះឡើយ។ ពិភពលោកនៅពេលនោះ គឺគ្រប់លក្ខណ៍ ហើយអស្ចារ្យបំផុត។ រីឯលោក អ័ដាម និងនាង អេវ៉ា ក៏ទទួលបានកិត្តិយសពីព្រះជាម្ចាស់ដោយសារទ្រង់បានបង្កើតពួកគេមក។ ពួកគាត់ទាំងពីរគោរពថ្វាយបង្គំព្រះជាម្ចាស់តែមួយប៉ុណ្ណោះ ថែមទាំងមានទំនាក់ទំនងយ៉ាងល្អជាមួយព្រះអាទិករដែលជាព្រះរបស់ពួកគេ។ ហើយពេលនោះក៏គ្មានសេចក្តីស្លាប់ដែរ។
បន្ទាប់មិនយូរប៉ុន្មានក្រោយពេលនោះ សេចក្ដីភ័យខ្លាច និងសេចក្តីអាម៉ាស់បានចូលមកក្នុងផែនដីនេះ។ ដោយសារអំពើបាប សេចក្តីស្លាប់ក៏បានចូលមកក្នុងផែនដីនេះផងដែរ។
ព្រះគម្ពីរបានចែងប្រាប់ឲ្យយើងដឹងថា មានសត្វពស់មួយបានចូលទៅល្បួងនាង អេវ៉ា។ តើសត្វពស់នេះជានរណា? ព្រះគម្ពីរបានប្រាប់យើងថា សត្វពស់នេះគឺជាសាតាំង (វិវរណៈ ២០:២)។ ពីដំបូងឡើយ សាតាំងមួយនេះ គឺជាទេវតាមួយរូបដែលល្អ បរិសុទ្ធ ហើយគ្រប់លក្ខណ៍ដែលព្រះជាម្ចាស់បានបង្កើតមក។ ប៉ុន្តែ ក្រោយមកវាក៏បានបះបោរប្រឆាំងទាស់នឹងព្រះជាម្ចាស់ ដោយវាចង់ក្លាយជាព្រះដូចទ្រង់ ដូច្នេះវាក៏បានក្លាយទៅជាទេវតាអាក្រក់មួយដែលពោរពេញដោយអំនួតដែលយើងហៅវាថា វិញ្ញាណអាក្រក់ ឬអារក្សសាតាំង។ លើសពីនោះទៅទៀត ក៏មានទេវតាចំនួនមួយភាគបីទៀតក៏បានដើរតាមវាក្នុងការចូលរួមបះបោរប្រឆាំងទាស់នឹងព្រះជាម្ចាស់ផងដែរ (វិវរណៈ ១២:៣-៩)។ ប៉ុន្តែ ទោះបីពួកវាមិនអាចយកឈ្នះលើព្រះជាម្ចាស់ក៏ដោយ ក៏ពួកវានៅតែព្យាយាមធ្វើបាបមនុស្សដែលជាទីស្រឡាញ់របស់ព្រះជាម្ចាស់។ មូលហេតុដែលពួកវាមិនអាចយកឈ្នះបានគឺ ព្រោះព្រះជាម្ចាស់មានគ្រប់អំណាចព្រះចេស្តា។ យើងហៅពួកទេវតាដែលស្តាប់តាមសាតាំងថាជា អារក្ស ឬវិញ្ញាណអាក្រក់។
ព្រះគម្ពីរបានចែងប្រាប់ថា សាតាំងបានចូលទៅក្នុងសួនច្បារ ហើយបានល្បួងនាង អេវ៉ា ដោយប្រាប់នាងថា ទាក់ទងនឹងផ្លែឈើនៃដើមដឹងខុសត្រូវ ព្រះជាម្ចាស់បានមានបន្ទូលកុហកនាងទេ។ វាបន្តថា តាមពិតទៅ ប្រសិនបើនាងបរិភោគផ្លែឈើនោះ នោះនាងនឹងមានប្រាជ្ញា ហើយនឹងត្រឡប់ដូចជាព្រះជាម្ចាស់ ហើយថែមទាំងដឹងខុសត្រូវទៀតផង។ នាង អេវ៉ា ក៏បានជឿទៅលើការកុហករបស់សាតាំង ហើយនាងបានលូកដៃទៅបេះផ្លែឈើដឹងខុសត្រូវនោះយកមកបរិភោគ ថែមទាំងចែកជូនដល់លោក អ័ដាម រួចគាត់ក៏បរិភោគទៅ។ រំពេចភ្លាមៗនោះ ភ្នែករបស់ពួកគេទាំងពីរនាក់បានភ្លឺឡើង ហើយបានដឹងខ្លួនថា ខ្លួននៅជាអាក្រាត ហើយមានការអៀនខ្មាស ទាំងមានអារម្មណ៍ភ័យខ្លាច ហើយក៏បានយកស្លឹកឈើមកបិទបាំងខ្លួនប្រាណ។
ពេលនោះព្រះជាម្ចាស់បានយាងចូលទៅក្នុងសួនច្បារ ហើយនៅពេលដែលពួកគេបានឮសំឡេងរបស់ទ្រង់ ពេលនោះពួកគេក៏បាននាំគ្នាពួននឹងព្រះជាម្ចាស់។ ហេតុអ្វីបានជាពួកគេពួននឹងព្រះជាម្ចាស់? ព្រះជាម្ចាស់បានសួរទៅ អ័ដាមថា ហេតុអ្វីបានជាឯងពួននឹងយើងអញ្ចឹង? លោក អ័ដាម បានឆ្លើយតបវិញថា «ទូលបង្គំបានឮសំឡេងទ្រង់នៅក្នុងសួនច្បារ ក៏រត់ទៅពួន ដោយនឹងភ័យខ្លាច ពីព្រោះនៅខ្លួនទទេ» (លោកុប្បត្ដិ ៣:១០)។ ពួកគេពួននឹងព្រះជាម្ចាស់ដោយសារពួកគេខ្លាចព្រះជាម្ចាស់ ដោយសារតែពួកគេមិនបានស្ដាប់បង្គាប់ព្រះជាម្ចាស់ ហើយដោយសារពួកគេកើតមានសេចក្តីអាម៉ាស់ពីភាពនៅអាក្រាតរបស់ខ្លួននៅចំពោះព្រះជាម្ចាស់ ព្រោះតែការអាក្រក់ដែលពួកគេបានប្រព្រឹត្ត។ ព្រះជាម្ចាស់បានលើកកិត្តិយសដល់ពួកគេ ដោយឲ្យពួកគេគ្រប់គ្រងពិភពលោកដែលទ្រង់បានបង្កើតមក ប៉ុន្តែពួកគេចង់លើកកិត្តិយសដោយខ្លួនឯង ហើយចង់ក្លាយជាព្រះ ប៉ុន្តែជាលទ្ធផលការនោះបានបង្កឲ្យខ្លួនពួកគេទទួលបាននូវភាពអាម៉ាស់ ដោយសារអំពើបាបរបស់ពួកគេ។ ពួកគេមិនគួរត្រូវខ្លាចព្រះជាម្ចាស់ឡើយ ព្រោះទ្រង់បានបង្កើតពួកគេ ហើយថែមទាំងបានបង្ហាញសេចក្តីស្រឡាញ់យ៉ាងអស្ចារ្យដល់ពួកគេផងដែរ។ ប៉ុន្តែ ឥឡូវនេះ ដោយសារតែអំពើបាប ពួកគេបានចាប់ផ្ដើមមានការភ័យខ្លាចចំពោះទ្រង់ដែលទ្រង់ជាអង្គដែលស្រឡាញ់ពួកគេ គឺដោយសារពួកគេមិនបានស្ដាប់បង្គាប់ទ្រង់។ ដោយសារព្រះជាម្ចាស់ដ៏បរិសុទ្ធ គឺជាអង្គដែលបានបង្កើតពួកគេ ដូច្នេះហើយបានជាព្រះអង្គមិនអាចមានទំនាក់ទំនងនឹងពួកគេបានដោយសារពួកគេមិនបរិសុទ្ធ។ ហេតុដូច្នេះហើយបានជាឥឡូវនេះទំនាក់ទំនងរបស់ពួកគេជាមួយនឹងព្រះជាម្ចាស់មានការបាក់បែកគ្នា។
ព្រះជាម្ចាស់បានដាក់បណ្ដាសាពិភពលោកទាំងមូល ដោយសារតែពួកគេមិនបានស្ដាប់បង្គាប់ព្រះអង្គ។ ប៉ុន្តែ នៅចំកណ្ដាលនៃបណ្ដាសានោះ ព្រះអង្គក៏បានប្រទានក្ដីសង្ឃឹមនៃសេចក្ដីសង្គ្រោះ នៅពេលដែលទ្រង់ដាក់បណ្ដាសាសត្វពស់នោះដោយទ្រង់បានមានបន្ទូលថា «យើងនឹងធ្វើឲ្យឯង និងស្ត្រី ព្រមទាំងពូជឯង និងពូជស្ត្រី ក្លាយទៅជាសត្រូវនឹងគ្នា ពូជនាងនឹងជាន់ក្បាលរបស់ឯង ហើយឯងនឹងចឹកកែងជើងពូជនាង» (លោកុប្បត្ដិ ៣:១៥ គខប)។
តើលោកអ្នកអាចមើលឃើញពីក្តីសង្ឃឹមនៅក្នុងបណ្តាសានោះទេដែលទ្រង់មានបន្ទូលថា «ពូជនាង (មានន័យថា កូនចៅរបស់នាង) នឹងជាន់ក្បាលរបស់ឯង»?
សាតាំងបានល្បួងមនុស្សជាតិឲ្យធ្វើបាប ហើយមនុស្សបានធ្លាក់ក្នុងអំពើបាបដែលអំពើបាបនោះបានធ្វើឲ្យពួកគេមានសេចក្តីអាម៉ាស់ មានភាពភ័យខ្លាច និងពិរុទ្ធភាព។ ឥឡូវនេះ មនុស្សលោកយើងមានមូលហេតុក្នុងការខ្លាចព្រះជាម្ចាស់ និងខ្លាចវិញ្ញាណអាក្រក់។ មនុស្សបានបាត់បង់កេរ្តិ៍ឈ្មោះ បាត់បង់កិត្តិយសដែលព្រះជាម្ចាស់បានផ្ដល់ឲ្យ។ ដោយព្រោះព្រះជាម្ចាស់ទ្រង់បរិសុទ្ធ ដូច្នេះហើយបានជា ទ្រង់មិនអាចមានទំនាក់ទំនងល្អជាមួយមនុស្សជាតិបានដូចមុនទៀតឡើយ នេះក៏ដោយសារអំពើបាបរបស់មនុស្សយើងដែរ។
ប៉ុន្តែ ទោះបើសាតាំងបានរៀបផែនការដ៏អាក្រក់ដូចនេះក៏ដោយ ក៏ផែនការរបស់វានឹងមិនដំណើរការរហូតបាននោះទេ ដ្បិតព្រះជាម្ចាស់នឹងបញ្ជូនម្នាក់ឲ្យមកជាន់លើក្បាលវា រួចបំផ្លាញផែនការរបស់វា ដូច្នេះមនុស្សយើងអាចនឹងទទួលបានកិត្តិយសនៅចំពោះព្រះជាម្ចាស់ម្ដងទៀត និងដើម្បីកុំឲ្យយើងខ្លាចព្រះអង្គទៀតឡើយ។ នៅពេលដែលម្នាក់ដែលទ្រង់បានបញ្ជូនមកបានយកឈ្នះលើអារក្សសាតាំង នោះយើងនឹងលែងខ្លាចអារក្សតទៅទៀតហើយ ហើយក៏មិនខ្លាចព្រះជាម្ចាស់ដែរ។ តាមរយៈបុគ្គលម្នាក់នោះ គាត់នឹងនាំមនុស្សយើងត្រឡប់ទៅរកទំនាក់ទំនងដ៏ត្រឹមត្រូវ និងមានពេញដោយសេចក្តីស្រឡាញ់ជាមួយទ្រង់ម្ដងទៀតជាមិនខាន។ ព្រះអង្គនឹងរៀបចំផ្លូវ ដើម្បីនឹងឲ្យយើងទទួលបានការអត់ទោសបាបពីអំពើបាបយើងដែលជំទាស់នឹងព្រះជាម្ចាស់ និងដើម្បីនឹងឲ្យយើងបានបរិសុទ្ធឡើងវិញ ដែលនោះនឹងនាំឲ្យយើងអាចមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងព្រះអង្គជាថ្មីវិញម្ដងទៀត។
ថ្ងៃមួយ អ្នកដែលជាន់ក្បាលសត្វពស់នឹងយាងមក។ គាត់នោះគឺជាកូនចៅរបស់នាង អេវ៉ា។ ហើយសត្វពស់នោះនឹងចឹកកែងជើងបុគ្គលម្នាក់នោះ ប៉ុន្តែគាត់នឹងកិនក្បាលវា។ ព្រះអង្គនឹងមានជ័យជម្នះលើសត្វពស់ដ៏អាក្រក់នោះ ហើយនឹងដកបណ្ដាសានោះដោយធ្វើឲ្យយើងវិលត្រឡប់ទៅរកភាពដូចដើមវិញ។
បន្ទាប់ពីព្រះជាម្ចាស់បានដាក់បណ្ដាសាដល់ពួកគេ ព្រះអង្គបានសម្លាប់សត្វ ដើម្បីយកស្បែកសត្វនោះមកធ្វើជាសម្លៀកបំពាក់បិទបាំងកេរ្តិ៍ខ្មាសលោក អ័ដាម និងនាង អេវ៉ា ហើយក៏ដើម្បីការពារពួកគេដែរ (លោកុប្បត្តិ ៣:២១)។ រួចពីនោះមកទ្រង់បានបណ្ដេញពួកគេចេញពីសួនច្បារ។ នេះគឺជាការដ៏សំខាន់មួយដែលយើងគួរចងចាំគឺថា ដើម្បីបិទបាំងកេរ្តិ៍ខ្មាស និងដើម្បីការពារពួកគេបាន ដាច់ខាតត្រូវតែមួយជីវិតមួយផ្សេងទៀតដែលត្រូវស្លាប់ជំនួសពួកគេ។ សូមចងចាំពីការនេះ!
ដូច្នេះហើយបានជាមនុស្សលោកបាននាំគ្នារង់ចាំអ្នកជាន់ក្បាលសត្វពស់នោះដែលត្រូវយាងមក។ ហើយខណៈពេលនោះដែរ ក្នុងនាមជាកូនចៅរបស់លោក អ័ដាម មនុស្សយើងក៏ចេះតែបន្តធ្វើបាបជាថែមទៀត ពោលគឺមនុស្សយើងចេះតែបន្តធ្វើបាប បន្តស្វែងរកកេរ្តិ៍ឈ្មោះសម្រាប់ខ្លួន ដែលតាមពិតការធ្វើបែបនោះគ្រាន់តែបន្តនាំឲ្យយើងទទួលបានសេចក្តីអាម៉ាស់តែប៉ុណ្ណោះ។ សេចក្តីអាម៉ាស់នោះ បណ្ដាលមកពីយើងមិនបានថ្វាយកិត្តិនាមដល់ព្រះជាម្ចាស់ ដែលជាព្រះអាទិកររបស់យើង។ ដូច្នេះហើយមនុស្សយើងក៏នៅតែបន្តរស់នៅក្នុងភាពភ័យខ្លាច៖ ខ្លាចចំពោះគ្នាទៅវិញទៅមក ខ្លាចអារក្ស ខ្លាចការជំនុំជម្រះរបស់ព្រះជាម្ចាស់ដែលនឹងត្រូវមកដល់។
ព្រះគម្ពីរបានចែងថា «គ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ» (រ៉ូម ៣:២៣)។ ហើយក៏បានចែងដែរទៀតផងថា «ដ្បិតឈ្នួលរបស់អំពើបាប នោះជាសេចក្ដីស្លាប់» (រ៉ូម ៦:២៣)។
ព្រះគម្ពីរបានប្រាប់យើងពីផែនការរបស់ព្រះជាម្ចាស់ និងពីរបៀបដែលព្រះអង្គនឹងបញ្ជូនអ្នកជាន់ក្បាលសត្វពស់ ដើម្បីមកសង្គ្រោះមនុស្សលោកយើង។ មានរឿងរ៉ាវជាច្រើននៅក្នុងព្រះគម្ពីរដែលបានប្រាប់មនុស្សយើងយ៉ាងច្បាស់លាស់ពីចរិតលក្ខណៈរបស់អ្នកជាន់ក្បាលសត្វពស់នោះ។
អ្នកជាន់ក្បាលសត្វពស់នោះបានប្រសូតមកលើផែនដីនេះអស់រយៈពេលជាច្រើនពាន់ឆ្នាំរួចទៅហើយ។ ប៉ុន្តែ បុគ្គលម្នាក់នោះមិនបានប្រសូតនៅក្នុងភាពឧត្ដុង្គឧត្ដម នៅកន្លែងដ៏ខ្ពង់ខ្ពស់សម្បូរសប្បាយ ឬក៏មានពេញដោយមហាអំណាចនោះទេ។ ទ្រង់ប្រសូតមកមានលក្ខណៈជាមនុស្សដែលរស់នៅក្នុងក្រុមគ្រួសារដ៏ក្រីក្រមួយ។ ប៉ុន្តែ បុត្រតូចនេះមិនមែនគ្រាន់តែជាមនុស្សប៉ុណ្ណោះនោះទេ តែទ្រង់ក៏ជាព្រះដែរ។ ព្រះអង្គមានព្រះនាមថា «យេស៊ូវ» ព្រះអង្គគឺជាព្រះដែលបានយាងមកយកកំណើតជាមនុស្ស ព្រះអង្គជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ បានយាងមកយកកំណើតជាមនុស្ស ដើម្បីសង្គ្រោះមនុស្សលោកចេញពីអំពើបាប។ បុត្រតូចមួយអង្គនេះឯងដែលជាអ្នកជាន់ក្បាលសត្វពស់នោះ។
មានទេវតាមួយអង្គបានប្រកាសពីការប្រសូតរបស់ទ្រង់ដល់អ្នកគង្វាលចៀមដែលជាអ្នកក្រីក្រថា «កុំខ្លាចអី មើល៍ ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីសេចក្ដីអំណរយ៉ាងអស្ចារ្យ ដែលសម្រាប់បណ្ដាជនទាំងអស់គ្នា ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះ១អង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ ហើយនេះជាទីសម្គាល់ដល់អ្នករាល់គ្នា គឺអ្នករាល់គ្នានឹងឃើញព្រះឱរស១រុំនឹងសំពត់ផ្ដេកនៅក្នុងស្នូក នោះស្រាប់តែមានពួកពលបរិវារកក់កុញពីស្ថានសួគ៌ មកនៅជាមួយនឹងទេវតានោះ ក៏ពោលសរសើរដល់ព្រះថា «សូមឲ្យព្រះជាម្ចាស់នៅស្ថានដ៏ខ្ពស់បំផុតប្រកបដោយសិរីរុងរឿង ហើយក្ដីសុខសាន្ដមានដល់អស់អ្នកនៅលើផែនដីដែលព្រះអង្គគាប់ព្រះហឫទ័យ» (លូកា ២:១០–១៤ សម្រាប់ខ១៤ដកស្រង់ចេញពី គគខ)
បុត្រតូចនេះមានភាពជាមនុស្ស១០០ភាគរយ និងភាពជាព្រះ១០០ភាគរយ។ ដោយសារទ្រង់ជាមនុស្ស១០០ភាគរយ ដូច្នេះហើយបានទ្រង់អាចធ្វើជាអ្នកតំណាងរបស់យើងដូចលោក អ័ដាម។ នៅពេលដែលលោក អ័ដាម បានធ្វើបាប ដូច្នេះយើងក៏ទទួលបានអំពើបាបរបស់គាត់ ពីព្រោះគាត់គឺជាអ្នកតំណាងរបស់យើង។ ប៉ុន្តែ ព្រះយេស៊ូវគឺជាលោក អ័ដាម ទីពីរ ហើយទ្រង់មិនមែនត្រឹមតែជាមនុស្សប៉ុណ្ណោះនោះទេ តែទ្រង់ក៏ជាព្រះដែរ ដូច្នេះទ្រង់អាចនឹងរស់នៅក្នុងជីវិតមួយដែលគ្មានអំពើបាបសោះ ហើយព្រះអង្គក៏ប្រទានសេចក្តីសុចរិត និងព្រះកិត្តិនាមរបស់ទ្រង់ដល់អស់អ្នកដែលជឿលើព្រះនាមទ្រង់ផងដែរ។
ព្រះយេស៊ូវបានរស់នៅក្នុងជីវិតមួយដែលគ្រប់លក្ខណ៍ ហើយមិនដែលធ្វើខុសសូម្បីតែបន្តិច ទ្រង់មិនដែលធ្វើបាបសោះឡើយ។ ព្រះអង្គបានធ្វើការអស្ចារ្យ បានប្រោសមនុស្សខ្វាក់ឲ្យមើលឃើញ ធ្វើឲ្យមនុស្សខ្វិនឲ្យដើរវិញបាន បានដេញវិញ្ញាណអាក្រក់ចេញពីមនុស្ស ហើយទ្រង់ក៏បានប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញផងដែរ។
ព្រះយេស៊ូវបានក្លាយជាអ្នកល្បីល្បាញនៅប្រទេស អ៊ីស្រាអែល ហេតុដូច្នេះហើយបានជាអ្នកដឹកនាំអ៊ីស្រាអែលស្អប់ទ្រង់។ ពីព្រោះពួកគេចង់ក្ដោបក្ដាប់អំណាច ដូច្នេះពួកគេបានរៀបចំផែនការដើម្បីសម្លាប់ទ្រង់ចោល។
ប៉ុន្តែ តាមពិតនេះគឺជាផែនការរបស់ព្រះ ព្រះយេស៊ូវយាងមកផែនដី ដើម្បីរស់នៅក្នុងជីវិតដែលគ្រប់លក្ខណ៍ ហើយសុគត ដើម្បី «ឲ្យជីវិតខ្លួន ទុកជាថ្លៃលោះមនុស្សជាច្រើនផង» (ម៉ាថាយ ២០:២៨)។
ដូច្នេះគេបានសម្លាប់ព្រះយេស៊ូវ ដោយឆ្កាងទ្រង់នៅលើឈើឆ្កាងដូចជាជាអ្នកទោស បើទោះជាទ្រង់មិនបានធ្វើអ្វីខុសក៏ដោយ។ ប៉ុន្តែ ព្រះអង្គបានលះបង់ជីវិតរបស់ទ្រង់ដោយស្ម័គ្រព្រះទ័យ ដើម្បីឲ្យទ្រង់អាចសង្គ្រោះអស់អ្នកដែលទទួលជឿទុកចិត្តលើព្រះនាមទ្រង់ឲ្យចេញពីបណ្ដាសានៃអំពើបាបដែលជាសេចក្តីស្លាប់។ ពីព្រោះនៅពេលដែលលោក អ័ដាម បានធ្វើបាប នោះសេចក្តីស្លាប់ក៏បានចូលមកក្នុងលោកីយ៍នេះ។ ហេតុអ្វី? ព្រោះច្បាប់របស់ព្រះជាម្ចាស់ចែងថា អស់អ្នកដែលមានបាបត្រូវតែស្លាប់ជាដាច់ខាត (អេសេគាល ១៨:២០)។ ប៉ុន្តែ ជីវិតថ្មីដែលជាជីវិតនៅអស់កល្បជានិច្ចបានចូលមកក្នុងលោកីយ៍នេះ តាមរយៈការសុគតរបស់ព្រះយេស៊ូវហើយ។
ប៉ុន្តែ ការដែលទ្រង់សុគតនៅលើឈើឆ្កាង គឺមិនមែនមកពីទ្រង់បានធ្វើបាបនោះទេ។ ផ្ទុយទៅវិញ ព្រះអង្គបានយកអំពើបាបរបស់មនុស្សនេះមកដាក់លើព្រះអង្គទ្រង់ផ្ទាល់ រួចមកព្រះជាម្ចាស់បានចាក់សេចក្តីក្រោធដែលទាស់ប្រឆាំងនឹងអំពើបាបទៅលើបុត្រារបស់ព្រះអង្គ ជាជាងដាក់សេចក្តីក្រោធនោះទាស់នឹងអំពើបាបលើព្រះយេស៊ូវជំនួសអស់អ្នកជឿវិញ។ ទ្រង់បានទទួលយកអំពើបាប ភាពអាម៉ាស់ និងភាពភ័យខ្លាចរបស់យើង ដើម្បីឲ្យទ្រង់អាចប្រទាននូវកិត្តិយសដែលយើងបានបាត់បង់ពីមុន ដោយសារអំពើបាបរបស់យើងវិញ។ មនុស្សគ្រប់ៗរូបខ្លាចសេចក្តីស្លាប់ ប៉ុន្តែព្រះយេស៊ូវបានសុគត ដើម្បីយកជ័យជម្នះលើសេចក្តីស្លាប់ហើយ។ មនុស្សគ្រប់ៗរូបខ្លាចអារក្ស ប៉ុន្តែព្រះយេស៊ូវសុគត ដើម្បីជួយដល់អស់អ្នកណាដែលជឿលើទ្រង់ឲ្យលែងខ្លាចអារក្ស ឬក៏សាតាំងទៀត។ យើងគ្រប់ៗរូបសមនឹងទទួលសេចក្តីស្លាប់ដ៏នៅអស់កល្បជានិច្ច ព្រោះយើងបានធ្វើបាបទាស់នឹងព្រះអាទិករដ៏គង់នៅអស់កល្បជានិច្ចរបស់យើង។ ប៉ុន្តែ ព្រះជាម្ចាស់បានរៀបចំផ្លូវមួយសម្រាប់យើង ដើម្បីសង្គ្រោះយើងតាមរយៈអង្គព្រះយេស៊ូវជាព្រះរាជបុត្រារបស់ព្រះអង្គ។
កណ្ឌគម្ពីរ រ៉ូម ៦:២៣ «ដ្បិតឈ្នួលរបស់អំពើបាប នោះជាសេចក្ដីស្លាប់ តែអំណោយទាននៃព្រះវិញ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា»។
ពេលដែលព្រះយេស៊ូវសុគត មើលទៅហាក់ដូចជាសត្វពស់បានមានជ័យជម្នះលើទ្រង់ ប៉ុន្តែធាតុពិត សត្វពស់នោះបានត្រឹមចឹកកែងជើងទ្រង់ប៉ុណ្ណោះ នេះគឺដោយសារព្រះយេស៊ូវមិនដែលធ្វើបាបសោះឡើយ បន្ទាប់ពីទ្រង់បានសុគតបីថ្ងៃក្រោយមក ព្រះអង្គបានមានព្រះជន្មរស់ឡើងវិញ ដ្បិតអំពើបាបគ្មានអំណាចលើបុគ្គលដែលមិនមានបាបនោះទេ។ ការដែលព្រះយេស៊ូវរស់ឡើងវិញបានសបញ្ជាក់ថា ទ្រង់មានអំណាចលើសេចក្ដីស្លាប់ ហើយបានយកជ័យជម្នះលើសត្វពស់ រីឯបណ្ដាសានៃអំពើបាប និងសេចក្តីស្លាប់ក៏សាបសូន្យរលាយបាត់អស់ទៅដែរ។
ព្រះយេស៊ូវបានមានបន្ទូលនៅត្រង់កណ្ឌគម្ពីរ យ៉ូហាន ១១:២៥ ថា «ខ្ញុំជាសេចក្ដីរស់ឡើងវិញ ហើយជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើបានស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ»។
នេះហើយជាមូលហេតុដែលយើងប្រារព្ធពិធីបុណ្យណូអែល ដោយសារព្រះសង្គ្រោះរបស់យើងបានប្រសូតមកជាមនុស្ស ទ្រង់ជាព្រះសង្គ្រោះដែលប្រទានឲ្យយើងមានជីវិតដែលមានកិត្តិយសអស់កល្បជានិច្ច ជួយយើងមិនឲ្យភ័យខ្លាចទៀត នេះគឺដោយសារព្រះអង្គរបស់យើងបានសុគតលើឈើឆ្កាង ហើយបានរស់ឡើងវិញ។ ព្រះអង្គជាព្រះសង្គ្រោះដែលអត់ទោសបាបឲ្យយើងតាមរយៈការខ្ចាយព្រះលោហិតរបស់ទ្រង់។ ព្រះអង្គជាព្រះសង្គ្រោះដែលនាំឲ្យយើងមានជីវិតអស់កល្បជានិច្ច ដោយសារជំនឿ យើងទទួលបានសេចក្តីសុចរិតរបស់ទ្រង់ទុកជារបស់យើង។ ហើយនៅពេលដែលយើងស្លាប់ទៅ នោះយើងនឹងមិនបន្តនៅស្លាប់រហូតឡើយ ប៉ុន្តែ យើងនឹងត្រូវរស់ឡើងវិញហើយមានជីវិតដ៏នៅអស់កល្បជានិច្ចនៅឯនគរស្ថានសួគ៌ ដែលនៅទីនោះយើងនឹងមានអំណរក្នុងព្រះជាម្ចាស់ជារៀងរហូតតទៅ។ យើងដែលជាអ្នកជឿលើព្រះយេស៊ូវលែងមានសេចក្តីភ័យខ្លាចនឹងវិញ្ញាណអាក្រក់ទៀតហើយ ហើយក៏លែងភ័យខ្លាចនឹងសេចក្តីស្លាប់ដែរ។ យើងលែងមានភាពអាម៉ាស់ទៀតហើយ។ នេះគឺដោយសារព្រះសង្គ្រោះរបស់យើង ទ្រង់មានព្រះជន្មគង់នៅ ហើយទ្រង់ស្រឡាញ់យើងជាខ្លាំង។
កណ្ឌគម្ពីរ រ៉ូម ១០:១១ បានចែងថា «អស់អ្នកណាដែលជឿដល់ទ្រង់ នោះនឹងគ្មានហេតុនាំឲ្យខ្មាសឡើយ»។ យើងមិនអាចនៅបន្តមានភាពអាម៉ាស់បានឡើយ ខណៈពេលដែលព្រះជាម្ចាស់ដ៏ជាព្រះអាទិកររបស់យើងមានព្រះហឫទ័យពេញចិត្តនឹងយើង។ ព្រោះទ្រង់មានពេញទៅដោយអំណាចព្រះចេស្ដា។
កណ្ឌគម្ពីរ ១យ៉ូហាន ៤:១៨ក «គ្មានសេចក្តីភ័យខ្លាចណានៅក្នុងសេចក្ដីស្រឡាញ់ឡើយ សេចក្តីស្រឡាញ់ដែលពេញខ្នាត នោះបណ្ដេញសេចក្តីភ័យខ្លាចចេញ»។ ពេលដែលព្រះជាម្ចាស់ផ្ទាល់បានដកពិរុទ្ធភាពរបស់យើងចេញ នោះនឹងលែងមានអ្វីដែលយើងគួរនឹងខ្លាចទៀតឡើយ។ ប្រសិនបើព្រះជាម្ចាស់មិនថ្កោលទោសយើង នោះមានន័យថា យើងមិនស្ថិតក្រោមការថ្កោលទោសណាទៀតឡើយ។
ប្រសិនបើលោកអ្នកមិនទាន់ស្គាល់ព្រះយេស៊ូវ ឥឡូវនេះ តើលោកអ្នកនឹងប្រែចិត្តចេញពីអំពើបាបរបស់ខ្លួន ហើយទទួលជឿលើព្រះយេស៊ូវគ្រីស្ទដែរឬទេ? ចូរប្រែចិត្ត ហើយទទួលជឿព្រះយេស៊ូវចុះ! នោះលោកអ្នកនឹងទទួលបានសេចក្តីសង្គ្រោះជាមិនខាន។
ត្រឹមត្រូវ ព្រះយ៉េស៊ូវ ពិតជាព្រះសង្គ្រោះ មកសង្គ្រោះយើងអ្នកជឿម្នាក់ៗ មានជីវិតអស់កលជានិច្ច។
ព្រះយេស៊ូវយាងមកប្រសូតនៅឋានកណ្តាល ជាមនុស្សនិងជាព្រះ។
ព្រះអង្គសុគតនៅលើឈើឆ្កាងជំនួសបាបមនុស្សលោក បីថ្ងៃព្រះអង្គជាព្រះមានព្រះជន្មរស់នៅ។ដូច្នេះ ការប្រារព្វពីធីបុណ្យណូអែល ជាបុណ្យអបអរសាទរនៃកំណើតព្រះអង្គ ជាការសមសួនណាស់ដល់អ្នកជឿដល់ព្រះអង្គ។បើមនុស្សស្លាប់ តើមាននរណា ធ្វើបុណ្យកំណើតឲ្យ មើលសាសនាដ៏ទៃចុះ មានដូចច្នោះទេ!