គ្រូគង្វាលគ្រប់រូបប្រឈមនឹងបញ្ហាដែលសមាជិកលែងមកថ្វាយបង្គំ ឬក៏ត្រូវបានល្បួងឲ្យលែងមកថ្វាយបង្គំជាមួយរាស្ដ្ររបស់ព្រះជាម្ចាស់។ ស្ទើរតែគ្រប់ពេល ព្រះវិហារសុទ្ធតែមានសមាជិកមួយចំនួនស្ថិតក្នុងគ្រោះថ្នាក់នៃការដាច់ឆ្ងាយដូចនេះ ហើយមិនយូរមិនឆាប់ពួកគេនឹងលែងចូលរួមក្នុងជីវិតនៃក្រុមជំនុំជាមិនខាន។ ការធ្វើដូច្នេះគឺជាការមិនស្តាប់បង្គាប់ដោយផ្ទាល់ទៅនឹងកណ្ឌគម្ពីរហេព្រើរ ១០:២៤-២៥ ដែលបានចែងថា៖ «ហើយត្រូវឲ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្ដាលឲ្យមានសេចក្តីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង ឥតលែងប្រជុំគ្នា ដូចជាអ្នកខ្លះធ្លាប់នោះឡើយ ត្រូវឲ្យកំឡាចិត្តគ្នាវិញ ឲ្យកាន់តែខ្លាំងឡើងផង តាមដែលឃើញថាថ្ងៃនោះជិតមកដល់ហើយ»។ ខគម្ពីរនេះមិនត្រឹមតែដាស់តឿនយើងកុំឲ្យធ្វេសប្រហែសចំពោះការប្រកបគ្នានឹងការចូលរួមក្នុងក្រុមជំនុំតាមតំបន់ប៉ុណ្ណោះទេ តែក៏ថែមទាំងប្រាប់អំពីតម្រុយនៃមូលហេតុថាយើងក៏ទំនងធ្វើបែបនោះផងដែរ។
ខាងក្រោមនេះជាមូលហេតុពីរយ៉ាងដែលលោកអ្នកអាចនឹងត្រូវបានល្បួងឲ្យលែងប្រជុំគ្នាជាមួយនឹងរាស្ដ្ររបស់ព្រះជាម្ចាស់។
លោកអ្នកភ្លេចនូវអ្វីដែលលោកអ្នកនាំមក
កណ្ឌគម្ពីរ ហេព្រើរ ១០:២៥ ដាស់តឿនគ្រីស្ទបរិស័ទគ្រប់រួបមិនឲ្យចាកចេញពីការប្រកបគ្នាក្នុងក្រុមជំនុំតាមតំបន់ ហើយខគម្ពីរនេះក៏ប្រាប់ភ្លាមៗអំពីមូលហេតុជាចម្បងផងដែរ។ ក្នុងនាមជាគ្រីស្ទបរិស័ទ យើងទាំងអស់គ្នាទទួលខុសត្រូវស្មើគ្នាក្នុងការបណ្ដាលគ្នាទៅវិញទៅមកឲ្យមានសេចក្ដីស្រឡាញ់ និងប្រព្រឹត្តការល្អ។ ពួកយើងត្រូវតែបណ្ដាលគ្នាទៅវិញទៅមកក្នុងការប្រព្រឹត្តដោយសេចក្ដីស្រឡាញ់ និងបណ្ដាលគ្នាទៅវិញទៅមក ដើម្បីប្រព្រឹត្តការល្អ។ ហើយរឿងដែលងាយយល់គឺថា យើងមិនអាចធ្វើបែបនេះបានទេ ប្រសិនបើយើងមិនទៅជុំគ្នានោះ។
ព័ត៌មានពីក្រោយកណ្ឌគម្ពីរហេព្រើរដែលជាព្រះគម្ពីរសញ្ញាថ្មីបង្រៀនគឺថា យើងជាគ្រីស្ទបរិស័ទ យើងរួមគ្នាមកជារូបកាយតែមួយ—ពោលគឺជារូបកាយរបស់ព្រះគ្រីស្ទ។ ក្នុងកណ្ឌគម្ពីររ៉ូមជំពូក១២ សាវ័ក ប៉ុល បានមានប្រសាសន៍ថា «ដ្បិតដែលយើងរាល់គ្នាមានអវយវៈជាច្រើន រួមគ្នាជារូបកាយតែមួយ តែអវយវៈទាំងនោះមានការងារផ្សេងៗពីគ្នាជាយ៉ាងណា នោះយើងដែលមានគ្នាច្រើន ក៏ជារូបកាយតែមួយក្នុងព្រះគ្រីស្ទ ហើយជាអវយវៈដល់គ្នានឹងគ្នាបែបយ៉ាងនោះដែរ»។ ក្នុងរបៀបខ្លះៗ ព្រះជាម្ចាស់ប្រដូចគ្រីស្ទបរិស័ទគ្រប់រូបទៅនឹងអវយវៈនៃរូបកាយទាំងមូល—ពោលគឺមានអវយវៈច្រើន ប៉ុន្តែរួមគ្នាជារូបកាយតែមួយវិញ។ ក្នុងរបៀបខ្លះទៀត ព្រះជាម្ចាស់ក៏ប្រដូចក្រុមជំនុំតាមតំបន់ដែលមានច្រើនរួមគ្នាមកជារូបកាយតែមួយផងដែរ។ សាវ័ក ប៉ុល ក៏បានពន្យល់អំពីសាច់ប្រធានបទនេះនៅក្នុងកណ្ឌគម្ពីរ១កូរិនថូស និងក្នុងអត្ថបទខ្លីទាំងពីរនេះ គាត់ក៏បានទាញនូវសេចក្តីសន្និដ្ឋានដូចគ្នាមួយ—គឺថាដូចដែលអវយវៈនៃរូបកាយមានមុខងារសំខាន់ដូចគ្នា នោះគ្រីស្ទបរិស័ទម្នាក់ៗក៏មានអំណោយទានសំខាន់ដូចគ្នាដែរ។ ដូចទៅនឹងអវយវៈនៃរូបកាយដែលធ្វើឲ្យរូបកាយទាំងមូលដំណើរការបានល្អ និងដូចទៅនឹងអំណោយទានរបស់គ្រីស្ទបរិស័ទម្នាក់ៗដែលនាំឲ្យក្រុមជំនុំទាំងមូលដំណើរការបានល្អដែរ។ មិនមានអវយវៈនៃរូបកាយណាមួយមិនសំខាន់ឡើយ ហើយក៏មិនមានគ្រីស្ទបរិស័ទណាម្នាក់ដែលមិនសំខាន់ដែរ។
នៅពេលដែលលោកអ្នកត្រូវបានល្បួងឲ្យផ្តាច់ចេញពីក្រុមជំនុំតាមតំបន់ មិនថាជាអចិន្ត្រៃយ៍ ឬក៏មកថ្វាយបង្គំមិនសូវទៀងទាត់ ឬសូម្បីតែពេលខ្ជិលទៅព្រះវិហារក៏ដោយ ក៏ការនោះបង្ហាញថា លោកអ្នកបានភ្លេចអំពីអ្វីដែលលោកអ្នកនាំមកកាន់ក្រុមជំនុំហើយ។ លោកអ្នកបានធ្វេសប្រហែសក្នុងការយល់ដឹង ឬជឿថាជាអ្នក! (មែនហើយគឺអ្នក!) គឺជាអវយវៈដ៏សំខាន់នៃរូបកាយរបស់ព្រះគ្រីស្ទ។ លោកអ្នកមានអំណោយទានដែលត្រូវនាំយកទៅ ហើយក្រុមជំនុំនឹងពេញលក្ខណៈ ក្នុងតែករណីដែលលោកអ្នកយកអំណោយទានរបស់ខ្លួនទៅ ហើយប្រើប្រាស់វាប៉ុណ្ណោះ។
ព្រះជាម្ចាស់បានបង្កើតលោកអ្នកមកជាអវយវៈនៃរូបកាយ ហើយរូបកាយទាំងមូលក៏ត្រូវការលោកអ្នក ដើម្បីដំណើរការឲ្យបានល្អផងដែរ។ នៅពេលដែលលោកអ្នកធ្វេសប្រហែសក្នុងការមកជួបប្រជុំជាមួយរាស្ដ្រដទៃទៀតរបស់ព្រះជាម្ចាស់ នោះមានន័យថា លោកអ្នកបានបដិសេធមិនប្រើប្រាស់នូវអំណោយទានដែលព្រះអង្គបានប្រទានដល់អ្នកហើយ—ពោលគឺអំណោយទានដែលថ្វាយសិរីល្អដល់ទ្រង់ នៅពេលដែលលោកអ្នកប្រើអំណោយទានទាំងនោះ ទុកជាប្រយោជន៍ដល់អ្នកដទៃ។
អ្នកភ្លេចនូវអ្វីដែលអ្នកត្រូវការ
ប្រសិនបើវាជាការពិតដែលថា ព្រះជាម្ចាស់បានប្រទានអំណោយទានដល់លោកអ្នក ដើម្បីជាអវយវៈនៃរូបកាយទាំងមូល នោះច្បាស់ណាស់ក៏នឹងមានការបង្កប់អត្ថន័យសំខាន់មួយជាមិនខានដែរ៖ ពោលគឺព្រះជាម្ចាស់ក៏បានប្រទានអំណោយទានដល់ពួកគេផងដែរ។ លោកអ្នកមិនអាចពេញលក្ខណៈបានទេ បើសិនជាគ្មានពួកគាត់ដែរ។ ព្រះជាម្ចាស់មិនបានប្រទានអំណោយទានដល់លោកអ្នកច្រើនហូរហៀរ ក្រៅពីចំណោមមនុស្សដែលព្រះទ្រង់បានប្រទានអំណោយទានឲ្យដែរ ដល់ថ្នាក់ថាលោកអ្នកអាចរីកចម្រើន ហើយនឹងលូតលាស់ដោយមិនមានពួកគាត់ដែរនោះទេ។ លោកអ្នកជាអវយវៈនៃរូបកាយទាំងមូល ប៉ុន្តែត្រឹមតែជាផ្នែកតូច និងទោលមួយប៉ុណ្ណោះ។ លុះត្រាតែលោកអ្នកគិតថា មេដៃរបស់លោកអ្នកអាចដាច់ចេញពីរាងកាយ ហើយអាចរស់នៅដោយខ្លួនឯងបាន លុះត្រាតែលោកអ្នកគិតថា ខ្នែងពោះវៀនរបស់លោកអ្នកអាចដាច់ចេញពីរាងកាយ ហើយលូតលាស់បានដោយខ្លួនឯងបាន នោះចាំលោកអ្នកគិតថា ខ្លួនមិនចាំបាច់ត្រូវការប្រកបគ្នាជាមួយក្រូមជំនុំតាមតំបន់ចុះ។
ក្នុងរបៀបនេះ ការលែងប្រជុំគ្នាជាមួយនឹងរាស្ដ្ររបស់ព្រះជាម្ចាស់ វាគឺជាសញ្ញានៃអំនួតដ៏លើសលប់ និងដ៏ក្អេងក្អាងមួយ។ លោកអ្នកបានចាត់ទុកថា អំណោយទានដែលព្រះបានប្រទានដល់អ្នកដទៃ នោះមិនមានប្រយោជន៍ចំពោះអ្នក ហើយអំណោយទានដែលព្រះបានប្រទានឲ្យលោកអ្នក គឺលោកអ្នកអាចរស់ដោយរីករាយបាន ដោយមិនចាំបាច់មានអ្នកដទៃហើយ។ ការពិតជាក់ស្ដែងគឺថា ព្រះជាម្ចាស់បានបង្កើតយើងមក ដើម្បីឲ្យរីកចម្រើន និងរស់នៅបានតែនៅក្នុងភាពជាសហគមន៍ប៉ុណ្ណោះ។ គ្រីស្ទបរិស័ទណាដែលនៅម្នាក់ឯង គឺជាគ្រីស្ទបរិស័ទដែលស្លាប់។
ព្រះជាម្ចាស់បានបង្កើតលោកអ្នកមកជាផ្នែកមួយនៃរូបកាយ ហើយលោកអ្នកក៏ត្រូវការអវយវៈផ្សេងទៀត ដើម្បីឲ្យរូបកាយទាំងមូលនោះដំណើរការបានល្អ។ នៅពេលដែលលោកអ្នកលែងមកប្រជុំគ្នាជាមួយនឹងរាស្ដ្រដទៃទៀតរបស់ព្រះជាម្ចាស់ នោះមានន័យថា លោកអ្នកបានបដិសេធនូវអំណោយទានដែលទ្រង់បានប្រទានដល់ពួកគេទុកសម្រាប់លោកអ្នកហើយ—ពោលគឺអំណោយទានដែលថ្វាយសិរីល្អដល់ទ្រង់នៅពេលពួកគាត់ប្រើប្រាស់អំណោយទានទាំងនោះ ដើម្បីជាប្រយោជន៍ដល់លោកអ្នក។
នៅគ្រាដែលវាហាក់ដូចជាពិបាកណាស់ក្នុងការក្លាយជាអវយវៈនៃក្រុមជំនុំតាមតំបន់ ហើយនិងនៅគ្រាដែលការមិនសូវខ្វល់ខ្វាយអំពីក្រុមជំនុំរបស់លោកអ្នកហាក់ដូចជាផុសផុលខ្លាំង នោះលោកអ្នកកំពុងតែភ្លេចអំពីអ្វីដែលលោកអ្នកនាំមក និងអំពីអ្វីដែលលោកអ្នកត្រូវការហើយ។ មែនហើយ! លោកអ្នកក៏បានភ្លេចគិតថា លោកអ្នកត្រូវការការអធិប្បាយពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការធ្វើពិធីលៀងព្រះអម្ចាស់ ការធ្វើបន្ទាល់ពីពិធីបុណ្យជ្រមុជទឹក និងមធ្យោបាយដ៏សាមញ្ញផ្សេងទៀតនៃព្រះគុណដែលព្រះប្រទានតាមរយៈការប្រជុំគ្នាក្នុងពួកជំនុំ ដែលមកជុំគ្នា។ ប៉ុន្តែ ជាដំបូង លោកអ្នកបានភ្លេចថា ខ្លួនគឺជាអវយវៈនៃរូបកាយតាំងពីដើមមកម្ល៉េះ—ពោលគឺរូបកាយដែលលោកអ្នកត្រូវការពួកគាត់ និងរូបកាយដែលពួកគាត់ត្រូវការលោកអ្នកដែរហើយ។
មតិយោបល់
Loading…