យើងជាគ្រីស្ទបរិស័ទពាក់ស្រោមមុខតួល្អ មិនអញ្ចឹង? យើងម្នាក់ៗមានវត្តមាននៅព្រឹកថ្ងៃអាទិត្យមើលទៅហាក់ដូចជាយើងសុខសប្បាយណាស់ មើលទៅហាក់ដូចជាជីវិតរបស់យើងកំពុងស្ថិតនៅលើនាវាដែលគ្រប់គ្រងខ្លួនឯងបាន ដែលមើលទៅហាក់ដូចជាថាយើងមានអ្វីល្អៗកើតឡើងពេញមួយសប្ដាហ៍។ ប៉ុន្តែ ក្រោយពេលសួរសំណួរចាក់ដោតពីរបីសំណួរ និងចុកស្ទង់ពីលើ នោះក៏ឃើញថាពួកគេមានបញ្ហា។ យើងម្នាក់ៗមកព្រះវិហារដោយមានអារម្មណ៍ថាមានបន្ទុក និងការលំបាកៗនៅក្នុងជីវិត។ ព្រះជាម្ចាស់មានអ្វីម្យ៉ាងដែលទ្រង់សព្វព្រះហឫទ័យឲ្យយើងធ្វើក្នុងស្ថានភាពទាំងនេះ។ មានអ្វីម្យ៉ាងដែលទ្រង់ហៅយើងទៅកាន់—អ្វីម្យ៉ាងដែលគួរឲ្យភ្ញាក់ផ្អើល ដែលចាប់អារម្មណ៍ និងមិនស្រួលចិត្តឡើយ។ ចូរតាមដានជាមួយខ្ញុំពីរទៅបីនាទី នោះខ្ញុំនឹងបង្ហាញអ្នកថាវាជាអ្វី។
ការពិតជាក់ស្ដែង៖ លោកអ្នកគឺជាធូលីដី
អត្ថបទខ្លីមួយនៅក្នុងព្រះគម្ពីរទាំងមូលដែលខ្ញុំចូលចិត្តគឺនៅក្នុងកណ្ឌគម្ពីរទំនុកតម្កើងជំពូក១០៣។ ខ្ញុំអធិស្ឋានតាមលំនាំនេះជាញឹកញាប់ ដោយផ្ដោតលើពាក្យទាំងនេះ៖ «ដ្បិតទ្រង់ស្គាល់រាងកាយរបស់យើង ក៏នឹកចាំថា យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ»។ ពាក្យទាំងនេះប្រាប់យើងថា សូម្បីពេលដែលយើងកំពុងតែអធិស្ឋានទៅកាន់ព្រះដែលជ្រាបគ្រប់ការទាំងអស់ និងមានគ្រប់ព្រះចេស្ដាក៏ដោយ ក៏យើងនៅអធិស្ឋានបែបដូចជារូបសូនដែលត្រូវបានបង្កើតចេញពីធូលីដីដែរ។ ប្រសិនបើយើងរៀនបានអ្វីម្យ៉ាងពីប្រភពដើមរបស់យើងដែលជាធូលីដី នោះយើងនឹងរៀនបានថាព្រះជាម្ចាស់មិនមានចេតនាសូនយើងឲ្យក្លាយជាមនុស្សអច្ឆរិយៈនោះទេ ហើយទ្រង់ក៏មិនមានចេតនាបង្កើតយើងឲ្យមានលក្ខណៈដូចជាព្រះអង្គដែរ។ ទ្រង់បានបង្កើតយើងពីធូលីដីមិនមែនឲ្យមានលក្ខណៈដូចជាព្រះទេ។ ហើយនេះជាបំណងព្រះហឫទ័យដ៏ល្អរបស់ទ្រង់។ ទ្រង់បានបង្កើតយើងមកជាសណ្ឋានទន់ខ្សោយ។
ការលំបាក៖ លោកអ្នកមានបន្ទុក
ស្របពេលជាមួយគ្នា ព្រះគម្ពីរបានប្រាប់យើងថា ជីវិតនេះគឺពោរពេញដោយការល្បងល និងទុក្ខលំបាក។ បទពិសោធន៍កន្លងមកបានបញ្ជាក់ប្រាប់អំពីការទាំងនោះ។ ពិភពលោកនេះពេញដោយអំពើបាប យើងក៏មានបាប ហើយមនុស្សនៅជុំវិញយើងក៏មានបាបដែរ ដែលថាការល្បងលនោះយើងមិនអាចគេចផុតពីបានឡើយ។ យើងម្នាក់ៗមានបន្ទុកដែលយើងស្ពាយនៅក្នុងជីវិត។ ពេលខ្លះ បន្ទុកទាំងនោះគឺយើងជាអ្នកបង្កើតមកវាដោយខ្លួនឯង ពេលខ្លះបន្ទុកទាំងនោះកើតឡើងដោយសារជម្ងឺ ហើយពេលខ្លះទៀតបន្ទុកទាំងនោះកើតឡើងតាមរយៈទម្រង់នៃការរងទុក្ខផ្សេងៗទៀត។ ប៉ុន្តែ ទោះបីជាក្នុងរបៀបណាក៏ដោយ យើងជាមនុស្សដែលកើតពីធូលី គឺជៀសមិនផុតពីការប្រឈមមុខនឹងបន្ទុកដែលមើលទៅហាក់ដូចជាសង្កត់យ៉ាងធ្ងន់ធ្ងរ និងមិនអាចដោះស្រាយបានឡើយ។ ព្រះយេស៊ូវមានបន្ទូលអំពីការពិតជាក់ស្ដែងនៃជីវិតក្នុងលោកនេះថា៖ «ខ្ញុំប្រាប់សេចក្តីទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នាបានសេចក្តីសុខសាន្ត ដោយសារខ្ញុំ នៅលោកីយ៍នេះ នោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន ប៉ុន្តែត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍ហើយ» (យ៉ូហាន ១៦:៣៣) ។ យើងទន់ខ្សោយ ហើយក៏មានបន្ទុកទៀតផង។
សេចក្តីសន្យា៖ ជំនួយ
ព្រះជាម្ចាស់ជ្រាបហើយថា យើងទន់ខ្សោយ។ ព្រះអង្គជ្រាបរាល់ការល្បងលនីមួយៗដែលយើងប្រឈមមុខ ហើយទ្រង់សន្យាយ៉ាងប្រាកដថា ទ្រង់អាច ហើយនឹងជួយទ្រទ្រង់យើងក្នុងការល្បងលនីមួយៗនេះបាន។ នៅក្នុងកណ្ឌគម្ពីរ ទំនុកដំកើង ៥៥:២២ ទ្រង់បានមានបន្ទូលថា «ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា នោះទ្រង់នឹងជួយទប់ទល់អ្នក»។ នៅគ្រានៃសេចក្តីល្បួងដែលនាំឲ្យប្រព្រឹត្តអំពើបាប នោះទ្រង់បានសន្យាថា «ដ្បិតគ្មានសេចក្តីល្បួងណាកើតដល់អ្នករាល់គ្នា ក្រៅពីសេចក្តីល្បួងដែលត្រូវខាងមនុស្សលោកទេ រីឯព្រះទ្រង់ក៏ស្មោះត្រង់ដែរទ្រង់មិនឲ្យកើតមានសេចក្តីល្បួងណាហួសកម្លាំងអ្នករាល់គ្នាឡើយ គឺនៅវេលាណាដែលត្រូវល្បួង នោះទ្រង់ក៏រៀបផ្លូវឲ្យចៀសរួច ដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទ្រាំបាន» (១កូរិនថូស ១០:១៣)។ នៅមានសេចក្តីសន្យាជាច្រើនទៀតដែលយើងអាចឃើញបាន ប៉ុន្តែខ្លឹមសារគឺដូចតែគ្នាទេ៖ ព្រះជាម្ចាស់ទទួលស្គាល់ភាពកម្សោយរបស់យើង ហើយសន្យាថា ទ្រង់នឹងជួយយើងដោយកម្លាំងរបស់ទ្រង់។ យើងទន់ខ្សោយ ហើយមានបន្ទុក ប៉ុន្តែទ្រង់សន្យាថានឹងជួយយើង។
សេចក្តីល្បួង៖ ការពឹងលើខ្លួនឯង
យើងជាមនុស្សដែលសូនចេញពីធូលីដី និងពេញដោយអំពើបាបយើងប្រឈមមុខនឹងសេចក្តីល្បួងដ៏គួរឲ្យអស់ខ្លាច៖ គឺការពឹងលើខ្លួនឯង។ មិនថាយើងខ្សាយ និងមានកំណត់ត្រាអំពើបាបច្រើនប៉ុណ្ណាក៏ដោយ ក៏យើងឃើញថា ខ្លួនយើងនៅតែមានការល្បួងជាញឹកញយឲ្យពឹងខ្លួនយើងក្នុងការរកជំនួយ។ សូមស្តាប់នូវអ្វីដែលលោកគ្រូ ចន ផាបភ័រ មានប្រសាសន៍៖ «អំនួត ឬក៏ការលើកតម្កើងខ្លួនឯង ឬក៏ការពឹងលើខ្លួនឯង គឺជាមេរោគមួយដែលបណ្ដាលឲ្យមានជម្ងឺសីលធម៌គ្រប់យ៉ាងក្នុងពិភពលោកនេះ។ នេះជាករណីដែលកើតមានតាំងពីពេលដែលលោក អ័ដាម និងនាង អេវ៉ា បានបរិភោគផ្លែឈើពីដើមដឹងខុសត្រូវដោយព្រោះពួកគាត់ចង់ធ្វើជាព្រះ ជាជាងទុកចិត្តលើទ្រង់។ ហើយការនេះនឹងនៅជាការពិតទាល់តែការបះបោរចុងក្រោយនៃអំនួតរបស់មនុស្សត្រូវបានកំទេចចោលក្នុងសង្គ្រាមអើម៉ាគេដូន (Armageddon)។ មានបញ្ហាសីលធម៌ជាមូលដ្ឋានតែមួយគត់៖ តើយើងអាចយកឈ្នះលើការជំរុញចិត្តរបស់មនុស្សឥតឈប់ឈរ ក្នុងការអះអាងខ្លួនឯងដោយទាស់ប្រឆាំងនឹងសិទ្ធិអំណាច និងព្រះគុណរបស់ព្រះបានដោយរបៀបណា?»។ យើងអាចឃើញការពឹងលើខ្លួនឯងនេះនៅក្នុងជីវិតយើងយ៉ាងហោចណាស់ក្នុងពីរចំណុច៖ នៅពេលដែលយើងមិនបាននាំយកបន្ទុករបស់យើងទៅឯព្រះជាម្ចាស់តាមរយៈការអធិស្ឋាន និងនៅពេលដែលយើងមិនបាននាំយកបន្ទុកទាំងនោះទៅប្រាប់បងប្អូនគ្រីស្ទបរិស័ទដទៃទៀត។ ក្នុងករណីទាំងពីរនេះ យើងបានបញ្ចុះបញ្ចូលខ្លួនឯងថា យើងអាចទ្រាំទ្រទម្ងន់នេះបានដោយខ្លួនឯង ហើយថាយើងមានកម្លាំងល្មមគ្រប់គ្រាន់ដើម្បីស្ពាយវា។
ដំណោះស្រាយ៖ ភាពជាសហគមន៍
នៅពេលដែលយើងត្រៀមខ្លួនរួចជាស្រេច ដើម្បីបោះបង់ចោលនូវភាពគ្រប់គ្រាន់របស់យើងបាន នោះយើងឃើញថា ព្រះជាម្ចាស់នឹងផ្តល់នូវដំណោះស្រាយដ៏អស្ចារ្យមួយជាមិនខាន។ ទ្រង់ផ្ដល់នូវវិធីមួយដែលយើងអាចសម្រាលបន្ទុកដែលយើងស្ពាយនោះបាន។ ជាញឹកញយ របៀបដែលព្រះជាម្ចាស់សម្រេចនូវសេចក្តីសន្យារបស់ទ្រង់ ហើយឆ្លើយតបចំពោះការអធិស្ឋានរបស់យើង គឺតាមរយៈបងប្អូនរួមជំនឿផ្សេងទៀតនៅក្នុងក្រុមជំនុំតាមតំបន់របស់យើងហ្នឹងឯង។ ព្រះជាម្ចាស់រំពឹងឲ្យយើងប្រាប់បងប្អូនរួមជំនឿដទៃទៀតអំពីបន្ទុករបស់យើង ហើយថាឲ្យយើងដោះស្រាយវារួមគ្នាជាសហគមន៍។ នេះហើយជាមូលហេតុដែលសាវ័ក ប៉ុល បានប្រាប់ក្រុមជំនុំនៅក្រុងកាឡាទីឲ្យ «យកអាសាគ្នាទៅវិញទៅមក យ៉ាងនោះទើបបានសម្រេចតាមក្រឹត្យវិន័យនៃព្រះគ្រីស្ទ» ( កាឡាទី ៦:២) ។ សហគមន៍ព្រះវិហាររបស់យើងត្រូវបានសម្គាល់នៃការចែករំលែក និងការយកអាសាគ្នាទៅវិញទៅមក។ ប្រសិនបើយើងចង់ឲ្យរឿងនេះកើតឡើងមែន នោះក្រុមជំនុំយើងគួរតែមានការសម្គាល់ដោយការបន្ទាបខ្លួន ដោយយើងម្នាក់ៗទទួលស្គាល់ថា ខ្លួនមិនអាចដោះស្រាយការនេះដោយខ្លួនឯងផ្ទាល់បានទេ។ យើងត្រូវតែមានការសម្គាល់ដោយចេះបើកចំហ ដោយការបើកចិត្តប្រាប់បន្ទុកនេះដល់អ្នកផ្សេងទៀត ហើយស្វែងរកការប្រឹក្សា និងជំនួយពីពួកគាត់ យើងត្រូវតែមានការសម្គាល់ដោយការយល់ដឹងអំពីបន្ទុកនេះ ដោយយើងសួរនាំមនុស្សនៅជុំវិញខ្លួនអំពីរបៀបដែលយើងអាចជួយពួកគាត់ក្នុងការល្បងលនៃជីវិតនេះ។ ដំណោះស្រាយរបស់ព្រះជាម្ចាស់តែងតែកើតឡើងតាមរយៈជំនួយក្រៅពីខ្លួនយើង។
វិជ្ជាជីវៈ៖ ការយកអាសាគ្នា
ការទាំងអស់នេះនឹងនាំយើងទៅរកវិជ្ជាជីវៈដ៏រីករាយមួយពីការយកអាសាគ្នា។ លោកគ្រូ ចន ផាបភ័រ បានមានប្រសាសន៍ថា «នេះគឺជាវិជ្ជាជីវៈមួយដែលនឹងនាំឲ្យលោកអ្នកពេញចិត្តខ្លាំងជាងការក្លាយជាមហាសេដ្ឋីដប់ដងទៅទៀត៖ គឺបង្កើតជំនាញដ៏អស្ចារ្យមួយក្នុងការអាចឃើញបន្ទុករបស់អ្នកដទៃ ហើយលះបង់ខ្លួនអ្នកជារៀងរាល់ថ្ងៃ ដើម្បីធ្វើឲ្យបន្ទុកនោះស្រាលជាងមុន» ។ ចូរធ្វើឲ្យបន្ទុកនោះស្រាលជាងមុនតាមរយៈការអធិស្ឋាន ចូរធ្វើឲ្យបន្ទុកស្រាលជាងមុនដោយការនាំយកព្រះបន្ទូលរបស់ព្រះ និងអនុវត្តព្រះបន្ទូលនោះយ៉ាងប៉ិនប្រសប់ ហើយនិងធ្វើឲ្យបន្ទុកនោះស្រាលជាងមុនតាមរយៈការកម្សាន្តចិត្តដោយព្រោះវត្តមានរបស់លោកអ្នកដែរ។ ក្នុងគ្រប់ករណី ចូរធ្វើវាជាការត្រាស់ហៅដ៏ពិសិដ្ឋមួយក្នុងការស្វែងរកឲ្យឃើញ ហើយចែករំលែកបន្ទុកទាំងនោះពីបងប្អូនប្រុសស្រីរួមជំនឿរបស់អ្នកចុះ។ មិនមានការត្រាស់ហៅណាខ្ពស់ជាងនេះទៀតនោះទេ។ (សម្រាប់ព័ត៌មានបន្ថែមអំពីការយកអាសាគ្នា សូមអានសៀវភៅ «ជំនាញវិសាមញ្ញសម្រាប់គ្រីស្ទបរិស័ទធម្មតា» (An Extraordinary Skill for Ordinary Christians)។ ប៉ុន្តែ នៅមានអ្វីដែលលើសនេះទៅទៀត៖ គឺលោកអ្នកផ្ទាល់ក៏ជំពាក់ការនេះជាមួយខ្លួនឯង និងសហគមន៍ព្រះវិហាររបស់លោកអ្នកក្នុងការចែករំលែកបន្ទុករបស់ខ្លួនដោយបន្ទាបខ្លួន ក្នុងការសុំជំនួយពីពួកគាត់ផងដែរ។
មតិយោបល់
Loading…