in

តើ​គ្រីស្ទ​បរិស័ទ​អាច​បាត់​បង់​នូវ​សេចក្តី​សង្គ្រោះ​របស់​ពួក​គេ​ដែរ​ទេ?

«ដ្បិត​អស់​អ្នក​ដែល​បាន​ភ្លឺ​ម្តង​មក​ហើយ ហើយ​បាន​ភ្លក់​អំណោយ​ទាន​ពី​ស្ថាន​សួគ៌ ក៏​មាន​ចំណែក​ជា​មួយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ព្រម​ទាំង​បាន​ភ្លក់​ព្រះ​បន្ទូល​ដ៏​ល្អ​របស់​ព្រះ និង​ព្រះ​ចេស្ដា​ទាំង​ឡាយ​នៃ​បរលោក ហើយ​បន្ទាប់​មក ប្រសិន​បើ​គេ​ធ្លាក់​ចេញពី​ជំនឿ នោះ​គ្មាន​ផ្លូវ​ណា​នឹង​នាំ​ឲ្យ​គេ​ប្រែ​ចិត្ត​ម្តង​ទៀត​បាន​ឡើយ ព្រោះ​គេ​បាន​ឆ្កាង​ព្រះ​រាជបុត្រា​របស់​ព្រះ​សា​ជា​ថ្មី ព្រម​ទាំង​ធ្វើ​ឲ្យ​ព្រះអង្គ​អាម៉ាស់​មុខ​ជា​សាធារណៈ​ទៀត​ផង» (ហេព្រើរ ៦:៤-៦ គកស)។

ភាព​ធ្ងន់ធ្ងរ​នៃ​ការ​ក្បត់​សាសនា
ដោយ​ចាប់​ផ្ដើម​ភ្លាម​ជាមួយ​នឹង​ប្រយោគ​ជា​ភាសា​ក្រិក ដែល​នាំ​មុខ​ដោយ​ខ​គម្ពីរ​បី​ផ្សេង​ទៀត «គ្មាន​ផ្លូវ​ណា» បាន​ទាញ​យក​ចំណាប់​អារម្មណ៍​របស់​យើង។ បន្ទាប់​មក​ទៀត អ្នក​និពន្ធ​បាន​ធ្វើ​ឲ្យ​មាន​ការ​ងឿងឆ្ងល់ រហូត​ដល់​ពាក់​កណ្ដាល​ខ​ទី​៦ ដោយ​មិន​បាន​ពន្យល់​ឲ្យ​ច្បាស់ នូវ​អ្វី​ដែល​ថា «គ្មាន​ផ្លូវ​ណា»។ ចុង​ក្រោយ ទើប​អ្នក​និពន្ធ​ប្រាប់​ថា គ្មាន​ផ្លូវ​ណា «នឹង​នាំ​ឲ្យ…ប្រែ​ចិត្ត​ម្តង​ទៀត​បាន​ឡើយ» សំដៅ​ទៅលើ​ពួក​អ្នក​ដែល «បាន​ធ្លាក់​ចេញ»។ មុន​នឹង​ប្រាប់​នូវ​ប្រយោគ​ដ៏​គ្រោះ​ថ្នាក់ នៃ​ការ​ដាច់​ចេញ​ខាង​ឯ​វិញ្ញាណ ដែល​មិន​អាច​វិល​វិញ​បាន អ្នក​និពន្ធ​ក៏​បាន​រាយ​នាម​បញ្ជី​អំណោយ​ទាន ដ៏​សប្បុរស​របស់​ព្រះ​ជាម្ចាស់ ដែល​ផ្សំ​នូវ​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​ក្បត់​សាសនា​ផង​ដែរ។ អ្នក​និពន្ធ​បាន​ប្ដូរ​ពី​សព្វនាម​ផ្ទាល់​ខ្លួន​បុរស​ទី​មួយ និង​ទីពីរ ដែល​ជា​សព្វនាម​ពហុវចនៈ («យើងខ្ញុំ» និង «អ្នក​រាល់​គ្នា»; ៥:១១-១២; ៦:១, ៣) នៅ​ក្នុង​បទ​សន្ទនា ទៅ​ជា​សព្វនាម​ពណ៌នា​បុរស​ទី​បី​វិញ («អស់​អ្នក​ដែល» និង «គេ») ដោយ​សារ​តែ​អ្នក​និពន្ធ មិន​កំពុង​ចោទ​ប្រកាន់​អ្នក​អាន​របស់​គាត់ អំពី​ការ​ឆ្លង​កាត់​ចំណុច​ខាង​ឯ​វិញ្ញាណ ដែល​មិន​អាច​ត្រឡប់​មក​វិញ​បាន ដោយ​ត្រូវ​ទទួល​បណ្ដាសា និង​ត្រូវ​ជាប់​មាន​ទោស​នោះ​ទេ (៦: ៨)។ អ្នក​ក្បត់​សាសនា​ដែល​ធ្លាប់​មាន​អំណរ​ម្តង​រួច​ជា​អភ័យ​ឯកសិទ្ធិ អំពើ​អាក្រក់​ដ៏​គួរ​ឲ្យ​រន្ធត់​នៃ​ការ​ធ្លាក់​ចេញ ពី​ការ​ទុក​ចិត្ត​លើ​ព្រះរាជបុត្រា​នៃ​ព្រះ ហើយ​និង​ការ​ខូច​ខ្ទេចខ្ទាំ ដែល​មិន​អាច​ជួសជុល​វិញ​បាន​របស់​ពួក​គេ គឺ​មិន​ពាក់ព័ន្ធ​ទៅ​នឹង​អ្នក​អាន​ដើម ដែល​មិន​ទាន់​ពេញ​វ័យ​ខាង​ឯ​វិញ្ញាណ​របស់​អ្នក​និពន្ធ​នោះ​ទេ ក៏​រឹត​តែ​មិន​ពាក់ព័ន្ធ​ទៅ​នឹង​អ្នក​អាន ដែល​ត្រូវការ​ការជំរុញ​ចិត្ត​ឲ្យ​ស៊ូ​ទ្រាំ ដល់​ទី​បញ្ចប់​នោះ​ដែរ។

មាន​បួន​គុណ​នាម​ជំនួយ​ជា​ភាសា​ក្រិក (Greek participle)—ពោល​គឺ «បាន​ភ្លឺ​ម្តង» («ហាផាក្ស ហ្វូធីសសឹនធឺស» hapax phōtisthentas) «បាន​ភ្លក់» («ដ្យាអឺសសាមឺនឺស» geusamenous) «មាន​ចំណែក» («ដ្យេនីសឹនធឺស» genēthentas) និង​ឃ្លា​ដដែល​មួយ​ទៀត «បាន​ភ្លក់» («ដ្យាអឺសសាមឺនឺស» geusamenous)—បាន​បង្ហាញ​អំពី​អភ័យឯកសិទ្ធិ​ខាង​ឯ​វិញ្ញាណ ដែល​បាន​រីករាយ ដោយ​ពួក​អ្នក​ដែល​ជា​សមាជិក​នៃ​ក្រុម​ជំនុំ។ ពួកគេ​បាន «ភ្លឺ…ម្តង» (៦:៤) គឺ​នៅ​ពេល​ដែល​ពួក​គេ​បាន​ឮ ព្រះ​សូរ​សៀង​របស់​ព្រះ​ជាម្ចាស់ បាន​មាន​បន្ទូល​អំពី​ដំណឹង​ល្អ (៣:៧; ៤:២) នៃ​សេចក្តី​សង្គ្រោះ​តាម​រយៈ​ពួក​សាវ័ក (២:៣-៤)។ នៅ​ក្នុង​សៀវភៅ​របស់ លោក ចាស្ទីន ម៉តធឺរ (Justin Martyr) និង​សំណេរ​របស់​ពួក​អ្នក​ការពារ​សេចក្តី​ជំនឿ (ពួក​ជំនុំ​ដើម) ពាក្យ​ថា «បំភ្លឺ» បាន​ប្រើ​ជា​ពាក្យ​ប្រៀប​ប្រដូច​ទៅ​នឹង ពិធី​បុណ្យ​ជ្រមុជ​ទឹក។ ប៉ុន្តែ មិន​មាន​ការ​ប្រើ​ប្រាស់​ពាក្យ phōtizō (ភាសា​ក្រិក «ហ្វូធីហ្សូ») នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ដែល​សំដៅ​លើ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​នោះ​ទេ (លូកា ១១:៣៦; យ៉ូហាន ១:៩; ១កូរិនថូស ៤:៥; អេភេសូរ ១:១៨; ៣:៩; ២ធីម៉ូថេ ១:១០; វិវរណៈ ១៨:១; ២១:២៣; ២២:៥)។ ផ្ទុយ​ទៅ​វិញ ពួក​អ្នក​ដែល «បាន​ភ្លឺ» ទំនង​ជា​ពួក​អ្នក ដែល​បាន​ស៊ាំ​ទៅ​នឹង​ពន្លឺ​នៃ​ការ​សង្គ្រោះ​របស់​ព្រះជាម្ចាស់ តាម​រយៈ​ការ​ឮ​ដំណឹង​ល្អ ដែល​បាន​ប្រកាស​វិញ​ជា​ជាង។

គុណ​នាម​ជំនួយ​ផ្សេង​ទៀត​ក៏​បាន​ផ្ដោត​ទៅ​លើ​មធ្យោបាយ​នៃ​ព្រះគុណ​ជា​ចម្បង ពាក្យ​របស់​ពួក​សាវ័ក និង​កិច្ចការ​ដ៏​អស្ចារ្យ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​បាន​បញ្ជាក់​នូវ​បន្ទាល់​របស់​ពួក​សាវ័ក​ផង​ដែរ។ ការ​ផ្ទឹម​ពាក្យ​ជា​គូរៗ​រវាង​ពាក្យ​របស់​ពួក​សាវ័ក និង​បន្ទាល់ ដែល​បាន​បញ្ជាក់​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ត្រូវ​បាន​លើក​ឡើង​ដដែលៗ​ពីរ​ដង ដែល​លើក​ទី​មួយ​បញ្ជាក់​ជា​លក្ខណៈ​ទូទៅ និង​លើក​ទី​ពីរ​ជា​លក្ខណៈ​ជាក់​លាក់៖

(ក) ដែល​បាន​ភ្លក់​អំណោយ​ទាន​ពី​ស្ថានសួគ៌
(ខ) ដែល​បាន​ក្លាយជា​ពួក​សម្លាញ់​ឬ​អ្នក​មាន​ចំណែក​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ
(ក’) ដែល​បាន​ភ្លក់​ព្រះបន្ទូល​ដ៏​ល្អ​របស់​ព្រះ
(ខ’) ហើយនឹង​ការ​អស្ចារ្យ ឬ​ឫទ្ធិបារមី​​របស់​បរ​លោក​នាយ

ទោះបីជា «អំណោយ​ទាន​ពី​ស្ថានសួគ៌» អាច​សំដៅ​ទៅកាន់​សេចក្ដី​សង្គ្រោះ​ទាំងស្រុង ដែល​ព្រះជាម្ចាស់​ប្រទាន​ឲ្យ ដោយ​ព្រះគុណ​ក៏ដោយ ក៏​ការ​ប្រើ​ប្រាស់​ពាក្យ​ដដែលៗ​នៃ​ពាក្យ «បាន​ភ្លក់» បង្ហាញ​ថា អំណោយ​ទាន​ដែល​ចុះ​មក​ពី​ស្ថានសួគ៌ គឺ​ជា «ព្រះ​បន្ទូល​ដ៏​ល្អ​របស់​ព្រះ» ដដែល​ហ្នឹង។ នៅ​ក្នុង​កណ្ឌ​គម្ពីរ ហេព្រើរ ១២:២៥ ព្រះ​សូរសៀង​របស់​ព្រះ​ជាម្ចាស់ ដែល​មាន​បន្ទូល​ទៅ​កាន់​ពួក​អ៊ីស្រាអែល នៅ​​ផែនដី (នៅ​ឯ​ភ្នំ​​ស៊ីណាយ) ផ្ទុយ​គ្នា​ទៅ​នឹង​ការ​ថ្លែង​ប្រាប់​ដល់​ក្រុម​ជំនុំ​ក្នុង​សម័យ​ព្រះ​គម្ពីរ​​សញ្ញា​ថ្មី ដែល​ម្តង​នេះ មក​ពី​ស្ថានសួគ៌​វិញ។ ដូច្នេះ ព្រះ​បន្ទូល​ដ៏​ល្អ​របស់​ព្រះ គឺ​ជា​អំណោយ​ទាន​ដែល​ម្តង​នេះ មក​ពី​ស្ថាន​សួគ៌ តាម​រយៈ​អ្នក​នាំ​សារ​របស់​ព្រះ​គ្រីស្ទ។

យើង​គួរ​រម្លឹក​ឡើង​វិញ (តែ​ព្រះ​មិន​ដែល​ភ្លេច) អំពី​របៀប​ដែល​ទ្រង់​បាន​បង្វែរ​ចិត្ត​យើង​ទៅ​រក​ទ្រង់​វិញ។

សាក្សី​ជា​ពាក្យ​សម្ដី​របស់​ពួក​សាវ័ក គឺ​ជា​បន្ទាល់​ដែល​បាន​បញ្ជាក់​ដោយ​ព្រះជាម្ចាស់ «ដោយ​ទី​សម្គាល់ ការ​អស្ចារ្យ និង​ការ​ឫទ្ធិបារមី​ជា​ច្រើន​យ៉ាង ទាំង​ចែក​ព្រះវិញ្ញាណ​បរិសុទ្ធ​មក​តាម​ព្រះហឫទ័យ​ទ្រង់​ផង» (២:៤) ។ ពាក្យ «ដាយណាមីស» (dynameis) (ពហុវចនៈ) ដែល​បក​ប្រែ​ជា «ការ​ឫទ្ធិបារមី» នៅ​ក្នុង​កណ្ឌ​គម្ពីរ ហេព្រើរ ២:៤ បាន​លេច​ឡើង​ម្តង​ទៀត ជា​ពាក្យ «ការ​អស្ចារ្យ» ដែល​ក្នុង​អត្ថបទ​ទាំង​ពីរ​នេះ «ការ​ឫទ្ធិបារមី ឬ​ក៏​ការ​អស្ចារ្យ» គឺ​បាន​ផ្សារភ្ជាប់​ជាមួយនឹង​ព្រះវិញ្ញាណ​បរិសុទ្ធ (កិច្ចការ ២:១៧-១៩; ៤:២៩-៣១; ១០:៣៨)។ ការ​ផ្សារភ្ជាប់​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ជាមួយនឹង​ការ​ឫទ្ធិបារមី វា​បង្ហាញ​ថា សកម្មភាព​សាធារណៈ​របស់​ទ្រង់ នៅ​ក្នុង​សហគមន៍​គ្រីស្ទបរិស័ទ មិន​មែន​ជា​កិច្ចការ​ដែល​បង្កើត​ឡើង​វិញ ដោយ​សម្ងាត់ៗ​នៅ​ក្នុង​ចិត្ត​មនុស្ស​នោះ​ទេ តែ​វា​គឺ​ជា​កិច្ចការ​ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​វិញ។ ឃ្លា​ជា​ភាសា​ក្រិក​ដែល​បាន​បក​ប្រែ​ថា «មាន​ចំណែក​ជា​មួយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ» មាន​ន័យ​ត្រង់ៗ​ថា «បាន​ក្លាយ​ទៅ​ជា (មេថូឆយ) metochoi) [ពួក​សម្លាញ់] នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ»។ វា​មាន​ន័យ​ថា អ្នក​ក្បត់​សាសនា បាន​ក្លាយជា​ពួក​សម្លាញ់​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ឬក៏​បាន​ក្លាយជា​មិត្តសម្លាញ់​របស់​ព្រះ​មេស្ស៊ី ហើយ​ត្រង់​កណ្ឌ​គម្ពីរ ហេព្រើរ ១:៩ និង​៣:១៤ ពួកគេ​ក៏​បាន​ក្លាយជា​សមាជិក​នៃ​សហគមន៍​គ្រីស្ទបរិស័ទ ដែល​ព្រះវិញ្ញាណ​បាន​បញ្ជាក់ ដោយ​ដំណឹង​ល្អ​តាមរយៈ​ការ​ឫទ្ធិបារមី​នោះ​ឯង។ ប្រហែល​ជា​ពួក​គេ​ផ្ទាល់​បាន​ធ្វើ​ការ​ឫទ្ធិបារមី​បែប​នេះ​ដែរ ទោះបីជា​ចិត្ត​​របស់​ពួកគេ​ដាច់​ចេញ​ពី​ព្រះជាម្ចាស់ ដូច​ជា​យូដាស​បាន​ធ្វើ​ក៏ដោយ (ម៉ាថាយ ១០:១-៨; សូម​បន្ថែម​ក្នុង ៧:២១-២៣)។

ការ​បះបោរ​ដោយ​ចេតនា
ការ​បក​ប្រែ​ថា «រួច​ធ្លាក់​ទៅ​វិញ» (ពគប) ដែល​ស្ថិត​នៅ​ដើម​ខ៦ ក្នុង​ចំណោម​គុណ​នាម​ជំនួយ​ផ្សេងៗ​ទៀត​ដែល​យើង​មើល​នៅ​ក្នុង​ការ​កាត់​ស្រាយ​កណ្ឌ​គម្ពីរ ហេព្រើរ ៦:៤-៥ គឺ​ជា​ការ​បក​ប្រែ​ល្អ។ ព្រះ​គម្ពីរ​កែ​សម្រួល​បាន​បក​ប្រែ​ថា «ប្រសិន​បើ​គេ​ធ្លាក់​ចេញពី» (គកស ២០១៦) ដែល​ធ្វើ​ឲ្យ​មាន​ការ​កាត់​ស្រាយ​ថា សម្រាប់​មនុស្ស​ដែល​មាន​ពិសោធន៍​ចំពោះ​ព្រះ​ពរ​ពីមុន​រួច​ហើយ ហើយ​ធ្លាក់​ចេញ​ពី​ជំនឿ នោះ​គឺ​ជា​ការ​ឧបមា​តែ​ប៉ុណ្ណោះ មិន​មែន​ជា​ការ​ពិត​នោះ​ទេ។ ប៉ុន្តែ គ្រោះ​ថ្នាក់​នៃ​ការ​ក្បត់​សាសនា ដោយ​បំណង​ចិត្ត ដែល​គ្មាន​ផ្លូវ​ណា ដែល​អាច​ប្រែចិត្ត​វិញ​បាន គឺ​ជា​ការ​ពិត។ ពិត​មែនហើយ គ្មាន​នរណា​ម្នាក់ ដែល​ព្រះគ្រីស្ទ​បាន​ប្រទាន​ជីវិត​អស់​កល្ប​ជានិច្ច​រួច​ហើយ អាច​ត្រូវ​បាន​ឆក់​ចេញ​ពី​ព្រះ​ហស្ត​របស់​ទ្រង់​បាន​ទេ (យ៉ូហាន ១០:២៩-៣០)។ ប៉ុន្តែ មនុស្ស​ម្នាក់​ដែល​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​នៅ​សម័យ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី បាន​ឮ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ ព្រម​ទាំង​បាន​ឃើញ​កិច្ចការ​របស់​ព្រះ​វិញ្ញាណ​របស់​ទ្រង់ ក៏​អាច​ធ្វើ​ឲ្យ​ចិត្ត​របស់​ខ្លួន​ទៅ​ជា​រឹងរូស ហើយ​ប្រឆាំង​នឹង​ព្រះ​សូរសៀង របស់​ព្រះ​ជាម្ចាស់​បាន​ដែរ ដូច​ដែល​សាសន៍​អ៊ីស្រាអែល​មួយ​ចំនួន​បាន​ធ្លាប់​ធ្វើ​រួច​ហើយ (ហេព្រើរ ៣:១-៤:១៣; កិច្ចការ ៨:១៣, ១៨-២៤; ២ពេត្រុស ២:១; យូដា ៤)។

អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ហេព្រើរ (ក៏​ដូច​ជា​គ្រូ​គង្វាល​សព្វថ្ងៃ​នេះ​ដែរ) មិន​ទាមទារ​ឲ្យ​សង្កេត​មើល​ចិត្ត​អ្នកណា​ម្នាក់​នោះ​ទេ ប៉ុន្តែ​គាត់​ប្រាប់​អ្នក​អាន​របស់​គាត់ ឲ្យ​សង្កេត​មើល​នរណា​ម្នាក់​តាម​រយៈ​កិច្ច​ការងារ និង​អាកប្ប​កិរិយា​របស់​ពួក​គេ​ជាជាង ដោយ​ដឹង​ថា មុន​នឹង​ក្រោយ អាកប្បកិរិយា​ខាង​ក្រៅ​នឹង​បង្ហាញ​ឲ្យ​ឃើញ​ធាតុ​ពិត ជា​មិន​ខាន។ ទោះបីជា​អ្នកនិពន្ធ សម្គាល់​សហគមន៍​ទាំង​មូល ជា​អ្នក​ជឿ​ក៏ដោយ ក៏​គាត់​បាន​ផ្ដល់​ជា​តម្រុយ​ថា គាត់​មិន​អាច​ដឹង​គ្រប់​រឿង​បាន​ដែរ—ពោល​គឺ​អ្នក​ខ្លះ​អាច​មិន​មែន​ជា​អ្នក​ជឿ​ពិត​នោះ​ទេ ទោះ​បី​ជា​ពួក​គេ​នៅ​ជា​សហគមន៍​ជាមួយ​អ្នក​ជឿ​ក៏ដោយ (ហេព្រើរ ៣:៦, ១៤; ៤:១-២; ៦:១១)។ ដូច​ទៅ​នឹង​ភាព​ផ្ទុយ​គ្នា​រវាង «ដី» ដែល​បាន​បង្ហាញ​រូប​ភាព​ខុសគ្នា រវាង​ព្រះពរ​ដែល​មាន​ពិសោធន៍​ស្ដែង​ចេញ​ខាង​ក្រៅ និង​ការ​ឆ្លើយ​តប​ស្ដែង​ចេញ​ពី​ខាង​ក្នុង​អញ្ចឹង​ដែរ (ហេព្រើរ ៦:៧-៨)។

ភាព​ធ្ងន់ធ្ងរ​នៃ​ការ​បះ​បោរ​ដោយ​ចេតនា​នេះ ស្រដៀង​ទៅ​នឹង​ការ​ក្បត់​របស់​យូដាស​អញ្ចឹង​ដែរ ដែល​ការ​នេះ​បាន​ពន្យល់​ពី​មូលហេតុ ដែល​ធ្វើ​ឲ្យ​ចិត្ត​របស់​អ្នក​ក្បត់​សាសនា​ហួស​ពី​លទ្ធភាព ដែល​អាច​ប្រែចិត្ត​បាន។ ទោះ​បើ​ព្រះ​ជាម្ចាស់​ដែល​ទ្រង់​ប្រោស​ប្រទាន​នូវ​ការ​ប្រែចិត្ត​ដល់​ពួក​បះ​បោរ​បាន​ក៏​ដោយ (កិច្ចការ ៣:២៦; ១១:១៨) ក៏​ទ្រង់​មិន​បាន​ធ្វើ​អន្តរាគមន៍​ដែរ (ទោះ​បើ​ទ្រង់​អាច​ធ្វើ​បាន​មែន) ក្នុង​ការ​បង្វែរ​ចិត្ត​ពួក​អ្នក​ដែល​បាន​ដើរ​ចេញ​ដោយ​ចេតនា​មក​វិញ​នោះ​ដែរ។ អ្នក​ក្បត់​សាសនា​បែប​នេះ បង្ហាញ​អត្តសញ្ញាណ​ខ្លួន​ឯង​ថា​ជា​ពួក​អ្នក ដែល​បាន​ឆ្កាង​ព្រះ​បុត្រា​របស់​ព្រះជាម្ចាស់ ហើយ​បាន​ប្រព្រឹត្ត​ចំពោះ​អង្គ​ទ្រង់ ដោយ​មើល​ងាយ (ហេព្រើរ ១២:២-៣; ១៣:១៣; ម៉ាថាយ ២៧:៣៩-៤៤)។ ខ​គម្ពីរ​ទាំង​នេះ និង​ខ​គម្ពីរ​នៅ​ក្នុង​កណ្ឌ​គម្ពីរ ហេព្រើរ ១០:២៩ អ្នក​និពន្ធ​របស់​យើង សំដៅ​ទៅលើ​ព្រះយេស៊ូវ​ថា​ជា «ព្រះ​រាជបុត្រា​របស់​ព្រះ» ដោយ​រម្លឹក​យើង​អំពី​សិរីល្អ​ជា​ព្រះ​របស់​ទ្រង់ ដែល​បាន​ប្រកាស​ប្រាប់​តាំង​ពី​ដើម​កណ្ឌ​គម្ពីរ​មក​ម្ល៉េះ (ហេព្រើរ១:១-៤)។ ភាព​លម្អ​របស់​ទ្រង់ គូស​បញ្ជាក់​អំពី ការ​អាក្រក់​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​នៃ​ការ​លះ​កាត់​ចិត្ត​ចេញពី​ទ្រង់ ហើយ​ដើរ​តាម​សត្រូវ​របស់​ទ្រង់​វិញ។

និពន្ធ​ដោយ៖ Dennis E. Johnson
បកប្រែ​ដោយ៖ លោក ថៃ វណ្ណៈ
ជំនួយ​ការ​បកប្រែ៖ លោក ង៉ែត វិទូ និងលោក ឈាង បូរ៉ា
កែសម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ស៊ូ ទិត្យ, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស,លោក ឡង់ គីមឡុង និង​លោក​ស្រី ឡូញ ស្រីរដ្ឋ
ដកស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី crossway.org ដោយ​មាន​ការ​អនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

​មួយ​ថ្ងៃ​ខ្ញុំ​មាន​ពេលមួយ​ម៉ោង​ តើ​ខ្ញុំ​គួរ​​អាន​ព្រះ​គម្ពីរប៉ុន្មាន​នាទី​​?

ហេតុ​អ្វី​ព្រះ​​ជ្រើសរើស​មនុស្សល្ងង់​ល្ងើ?