in

ព្រះ​គ្រីស្ទ​ទ្រង់​រស់​ក្នុង​ខ្ញុំ​វិញ

How Does ‘Christ Live in Me’ (Galatians 2:20)?

«ខ្ញុំ​បាន​ជាប់​ឆ្កាង​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ ប៉ុន្តែ​ខ្ញុំ​រស់​នៅ មិន​មែន​ជា​ខ្ញុំ​ទៀត គឺ​ជា​ព្រះ​គ្រីស្ទ​ទ្រង់​រស់​ក្នុង​ខ្ញុំ​វិញ ហើយ​ដែល​ខ្ញុំ​រស់​ក្នុង​សាច់​ឈាម​ឥឡូវ​នេះ នោះ​គឺ​រស់​ដោយ​ជំនឿ ជឿ​ដល់​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ដែល​ទ្រង់​ស្រឡាញ់​ខ្ញុំ ក៏​បាន​ប្រគល់​ព្រះ​អង្គ​ទ្រង់​ជំនួស​ខ្ញុំ​ហើយ»។ (កាឡាទី ២:២០)

ជា​ច្រើន​ឆ្នាំ​កន្លង​ផុត​ទៅ​នេះ ខ្ញុំ​បាន​សញ្ជឹង​គិត​ពិចារណា​ទៅ​លើ​កណ្ឌ​គម្ពីរ កាឡាទី ២:២០។ ខគម្ពីរ​នេះ​ហាក់​បី​ដូច​ជា​កំពុង​បង្រៀន​ខ្ញុំ​ថា លោក អ័ដាម​ដែល​ខ្ញុំ​រស់​នៅ​ក្នុង​នោះ​គឺ​លោក​បាន​ស្លាប់​បាត់​ទៅ​ហើយ ហើយ​ព្រះ​គ្រីស្ទ​ដែល​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ឥឡូវនេះ​ទ្រង់​កំពុង​តែ​រស់​នៅ​ក្នុង​ខ្ញុំ។ តើ​នៅ​ក្នុង​អត្ថ​ន័យ​មួយ​ណា​ដែល​ថា ជីវិត​ដែល​យើង​កំពុង​តែ​រស់​នៅ​ឥឡូវ​នេះ​គឺ​ជា​ជីវិត​ដែល​ព្រះ​អង្គ​បាន​ត្រាស់​ហៅ​ឲ្យ​យើង​រស់​នៅ​បែប​ជា​ជីវិត​ពេញ​លេញ​សម្រាប់​ទ្រង់ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​តាម​រយៈ​យើង ហើយ​និង​បំបែក​ដែន​កំណត់​របស់​យើង មន្ទិល​សង្ស័យ និង​ភាព​ភ័យ​ខ្លាច​ចោល? តើ​លោក​អ្នក​គិត​យ៉ាង​ដូច​ម្ដេច​ដែរ​ចំពោះ​ខ​គម្ពីរ​មួយ​នេះ?

កុំ​ខ្ជះខ្ជាយ​ជីវិត​របស់​ព្រះ​គ្រីស្ទ

សាវ័ក ប៉ុល បាន​លើក​ឡើង​ថា «ខ្ញុំ​បាន​ជាប់​ឆ្កាង​ជា​មួយ​នឹង​ព្រះគ្រីស្ទ ប៉ុន្តែ​ខ្ញុំ​រស់​នៅ មិន​មែន​ជា​ខ្ញុំ​ទៀត គឺ​ជា​ព្រះគ្រីស្ទ​ទ្រង់​រស់​ក្នុង​ខ្ញុំ​វិញ ហើយ​ដែល​ខ្ញុំ​រស់​ក្នុង​សាច់​ឈាម​ឥឡូវ​នេះ…» (កាឡាទី ២:២០)។ សូម​កត់​សម្គាល់​លើ​ចំណុច​ផ្ទុយ​គ្នា​ទាំង​នេះ ប៉ុន្តែ​វា​ជា​ការ​ពិត​ក្នុង​ពេល​តែ​មួយ​ក្នុង​ខ​គម្ពីរ​នេះ​ដែល​ថា «ខ្ញុំ​មិន​មែន​រស់​នៅ​ទៀត​ទេ» ហើយ​បន្ទាប់​មក​គាត់​លើក​ឡើង​ថា «ជីវិត​ដែល​ខ្ញុំ​កំពុង​រស់​នៅ»។ ក្នុង​អត្ថ​ន័យ​មួយ​នេះ​សាវ័ក ប៉ុល កំពុង​លើក​ឡើង​អំពី​ជីវិត​ដែល​គាត់​មិន​បាន​រស់​នៅ តែ​ព្រះ​គ្រីស្ទ​កំពុង​តែ​រស់​នៅ​ជំនួស​ទៅ​វិញ ហើយ​ក្នុង​អត្ថ​ន័យ​មួយ​ទៀត «តាម​ពិត​ទៅ ខ្ញុំ​កំពុង​តែ​រស់​នៅ​ទេ​តើ»។ ប៉ុន្តែ តើ​គាត់​ចង់​មាន​ន័យ​ដូច​ម្ដេច​ទៅ​លើ​ខ​គម្ពីរ​មួយ​នេះ?

ខ​គម្ពីរ​មួយ​នេះ​លើក​ឡើង​អំពី​មូល​ដ្ឋាន​គ្រឹះ​នៃ​សេចក្តី​ពិត​ទាក់​ទង​នឹង​ជីវិត​ជា​គ្រីស្ទ​បរិស័ទ។ នៅ​ពេល​ដែល​យើង​រួប​រួម​ជា​មួយ​ព្រះ​គ្រីស្ទ​ដោយ​ជំនឿ ជា​ដំបូង​យើង​ក៏​ត្រូវ​រួប​រួម​ជា​មួយ​សេចក្ដី​ស្លាប់​របស់​ទ្រង់​ផង​ដែរ។ កណ្ឌ​គម្ពីរ រ៉ូម ៦:៥ បាន​ចែង​ថា «ដ្បិត​បើ​យើង​បាន​ជាប់​ជា​មួយ​នឹង​ទ្រង់ ក្នុង​ការ​ដែល​ជា​គំរូ​ពី​សេចក្តី​សុគត​របស់​ទ្រង់ នោះ​ក៏​នឹង​បាន​ជាប់​ក្នុង​សេចក្តី​រស់​ឡើង​វិញ​របស់​ទ្រង់​ដែរ»។ បន្ទាប់​មក ចាប់​តាំង​ពី​ការ​បះ​បោរ​ចាស់​របស់​យើង ការ​មិន​មាន​ជំនឿ​របស់​ខ្លួន​បាន​ស្លាប់​ជា​មួយ​ព្រះ​គ្រីស្ទ ហើយ​តាម​រយៈ​ការ​រួប​រួម​ជាមួយ​នឹង​ការ​សុគត​របស់​ទ្រង់ នោះ​យើង​ក៏​ត្រូវ​បាន​រស់​ឡើង​វិញ​ដោយ​សារ​ព្រះ​វិញ្ញាណ​ផង​ដែរ ដើម្បី​ឲ្យ​យើង​អាច​ដើរ​ក្នុង​ជីវិត​ថ្មី​មួយ​នេះ​បាន (រ៉ូម ៦:៤)។ នៅ​ត្រង់​នេះ យើង​សង្កត់​ធ្ងន់​អំពី​ជីវិត​ថ្មី​ដែល​ព្រះ​គ្រីស្ទ​កំពុង​តែ​រស់​នៅ​ក្នុង​យើង ដើម្បី​ឲ្យ​រាល់​ផ្នែក​នៃ​ជីវិត​រស់​នៅ​របស់​យើង​បើក​បង្ហាញ​អំពី​ព្រះ​អង្គ។ ចំណុច​នោះ​គឺ​ជា​ការ​ល្អ​ណាស់។ តោះ! ចូរ​យើង​នាំ​គ្នា​មើល​ខ​គម្ពីរ​ផ្សេងៗ​ទៀត ដើម្បី​ឲ្យ​ដឹង​ថា​ខ​គម្ពីរ​ទាំង​នោះ​មាន​ភាព​ស៊ី​សង្វាក់​គ្នា​បាន​ដោយ​របៀប​ណា។

ចូរ​ស្លាប់​ខាង​ឯ​បាប ហើយ​រស់​ខាង​ឯ​ព្រះ​ជាម្ចាស់​វិញ​ចុះ

យើង​ខ្ញុំ​ចង់​នៅ​បន្ត​មើល​កណ្ឌ​គម្ពីរ​កាឡាទី​បន្តិច​ទៀត​សិន។ យើង​ទើប​តែ​មើល​កណ្ឌ​គម្ពីរ កាឡាទី ២:២០ ប៉ុន្តែ​ឥឡូវ​នេះ តោះ​ចូរ​យើង​នាំ​គ្នា​ទៅ​មើល​កណ្ឌ​គម្ពីរ កាឡាទី ៥:២៤ សិន​ដែល​ថា៖ «ហើយ​អស់​អ្នក​ដែល​ជា​របស់​ផង​ព្រះ​គ្រីស្ទ នោះ​បាន​ឆ្កាង​សាច់​ឈាម​ហើយ ព្រម​ទាំង​សេចក្តី​រំជួល និង​សេចក្តី​ប៉ងប្រាថ្នា​ទាំង​ប៉ុន្មាន​ផង»។ អ្វី​ដែល​បាន​ចូល​រួម​ស្លាប់​ជា​មួយ​ព្រះគ្រីស្ទ​គឺ ការ​ប៉ង​ប្រាថ្នា​ចាស់ៗ​របស់​យើង ដែល​មាន​ដូច​ជា​ការ​ប៉ងប្រាថ្នា​ដែល​បំផ្លិច​បំផ្លាញ អំពើ​បាប និង​ការ​ប៉ងប្រាថ្នា​ដែល​មិន​ថ្វាយ​ព្រះ​កិត្តិយស​ដល់​ព្រះ​គ្រីស្ទ។ ទាំង​នេះ​ឯង​គឺ​ជា​របៀប​ដែល​យើង​បង្ហាញ​ព្រះ​គ្រីស្ទ​ឥឡូវ​នេះ។ យើង​មាន​បំណង​ប្រាថ្នា​ថ្មីៗ។ បំណង​ប្រាថ្នា​របស់​ទ្រង់​ចាប់​ផ្តើម​គ្រប់​គ្រង​លើ​ជីវិត​របស់​យើង។

ជា​ថ្មី​ម្ដង​ទៀត៖ «ឯ​ខ្ញុំ កុំ​បី​ឲ្យ​ខ្ញុំ​អួត​ខ្លួន​ឡើយ អួត​បាន​តែ​ពី​ឈើ​ឆ្កាង​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​ប៉ុណ្ណោះ ដែល​ដោយសារ​ទ្រង់ នោះ​លោកីយ៍​បាន​ត្រូវ​ជាប់​ឆ្កាង​ខាង​ឯ​ខ្ញុំ ហើយ​ខ្ញុំ​ខាង​ឯ​លោកីយ៍​ដែរ» (កាឡាទី ៦:១៤)។ ការ​ដែល​បាន​ជាប់​ឆ្កាង​ជា​មួយ​ព្រះ​គ្រីស្ទ​នោះ​មាន​ន័យ​ថា យើង​មិន​មែន​ជា​ទាសករ​របស់​លោកីយ៍​នេះ​ទៀត​ទេ។ យើង​មាន​សេរី​ភាព​ហើយ។

យើង​មិន​មែន​គ្រាន់​តែ​បន្ទោរ ត្រាប់​តាម ឬ​ក៏​ឆ្លុះ​បញ្ចាំង​ពី​ស្តង់ដារ​នៃ​លោកីយ៍​នេះ​ទេ ដែល​ទាំង​អស់​នោះ​មាន​ន័យ​ថា អំពើ​បាប​របស់​យើង​បាន​ដាច់​ចេញ​ពី​យើង​ហើយ។ កណ្ឌគម្ពីរ រ៉ូម ៦:៧ បាន​ចែង​ថា «ដ្បិត​អ្នក​ណា​ដែល​ស្លាប់ នោះ​ក៏​បាន​រាប់​ជា​សុចរិត​រួច​ពី​បាប​ហើយ»។ សាវ័ក ប៉ុល បន្ត​ទៀត​ថា «ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​រាប់​ខ្លួន​ទុក​ជា​ស្លាប់​ខាង​បាប​ដែរ តែ​រស់​ខាង​ឯ​ព្រះ​វិញ​ចុះ ដោយ​នូវ​ព្រះ​គ្រីស្ទ​យេស៊ូវ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា»។ (រ៉ូម ៦:១១)។ នេះ​ហើយ​គឺ​ជា​របៀប​ដែល​យើង​ត្រូវ​រស់​នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ។ យើង​រស់​នៅ​ក្នុង​ជីវិត​ដែល​មាន​ជ័យ​ជម្នះ​លើ​អំពើ​បាប​ដែល​ទ្រង់​បាន​សុគត ដើម្បី​យក​ឈ្នះ​លើ​វា​រួច​ទៅ​ហើយ។

នេះ​គឺ​ជា​ចំណុច​វិជ្ជមាន​មួយ​នៃ​ការ​លើក​ឡើង​ក្នុង កណ្ឌគម្ពីរ រ៉ូម ៦:១៣ «ក៏​កុំ​ឲ្យ​ប្រគល់​អវយវៈ​ទាំង​ប៉ុន្មាន របស់​អ្នក​រាល់​គ្នា​ទៅ​ក្នុង​អំពើ​បាប ទុក​ដូច​ជា​ប្រដាប់​ទុច្ចរិត​នោះ​ឡើយ គឺ​ត្រូវ​ប្រគល់​ខ្លួន​ទៅ​ព្រះ ដូច​ជា​បាន​រស់​ពី​ស្លាប់​នោះ​ឡើង​វិញ ហើយ​ថ្វាយ​អវយវៈ​របស់​អ្នក​រាល់​គ្នា [ដៃ ជើង និង​អណ្ដាត] ទៅ​ព្រះ ទុក​ដូច​ជា​ប្រដាប់​ប្រដា​សុចរិត​ផង»។ យើង​ខ្ញុំ​គិត​ថា​ឃ្លា «ប្រដាប់​ប្រដា​សុចរិត» គឺ​ជា​របៀប​នៃ​ការ​និយាយ​ម្យ៉ាង​ទៀត ដែល​ថា «ការ​បង្ហាញ​ឲ្យ​ឃើញ​ពីរ​របៀប​ដែល​ព្រះ​គ្រីស្ទ​រស់​នៅ​យ៉ាង​សុចរិត​នៅ​ក្នុង​លោកីយ៍​នេះ»។

ក្លិន​ក្រអូប​នៃ​ព្រះគ្រីស្ទ

មួយ​វិញ​សោត របៀប​ម្យ៉ាង​ទៀត​ដែល​សាវ័ក ប៉ុល កំពុង​លើក​ឡើង​គឺ​ថា ប្រសិន​បើ​យើង​ទទួល​រង​ទុក្ខ​សម្រាប់​ព្រះគ្រីស្ទ នោះ «យើង​ខ្ញុំ​ផ្ទុក​សេចក្តី​សុគត​នៃ​ព្រះ​អម្ចាស់​យេស៊ូវ នៅ​ក្នុង​រូប​កាយ​យើង​ខ្ញុំ​ជានិច្ច ដើម្បី​ឲ្យ​ព្រះ​ជន្ម​នៃ​ទ្រង់​បាន​សម្ដែង​មក ក្នុង​រូប​កាយ​យើង​ខ្ញុំ​ដែរ» (២កូរិនថូស ៤:១០)។ នោះ​គឺ​ជា​ចំណុច​ដែល​បង្ហាញ​យ៉ាង​ច្បាស់​លាស់៖ ព្រះ​ជន្ម​របស់​ទ្រង់​បាន​សម្ដែង​ឲ្យ​ឃើញ​ក្នុង​រូប​កាយ​របស់​យើង​ដែល​រង​ទុក្ខ។

ក្លិន​ក្រអូប​របស់​ព្រះ​គ្រីស្ទ​ក៏​ជា​របៀប​មួយ​ទៀត​នៃ​ការ​បើក​សម្ដែង​អំពី​ចំណុច​នេះ​ដែរ។ សាវ័ក ប៉ុល បាន​បន្ត​លើក​ឡើង​ថា «តែ​អរ​ព្រះ​គុណ​ដល់​ព្រះ​អង្គ ដែល​ទ្រង់​ចេះ​តែ​នាំ​យើង​ខ្ញុំ ឲ្យ​មាន​ជ័យ​ជំនះ​ក្នុង​ព្រះ​គ្រីស្ទ ហើយ​ក៏​ផ្សាយ​ក្លិន​ពី​ដំណើរ​ដែល​យើង​ខ្ញុំ​ស្គាល់​ព្រះ ឲ្យ​បាន​សុស​សាយ​ទូទៅ​គ្រប់​កន្លែង​ផង» (២កូរិនថូស ២:១៤)។ យើង​គឺ​ជា​ក្លិន​ក្រអូប​របស់​ព្រះគ្រីស្ទ។ យើង​ខ្ញុំ​គិត​ថា នេះ​គឺ​ជា​របៀប​មួយ​ទៀត​នៃ​ការ​និយាយ​ថា​ជីវិត​របស់​យើង​គឺ​ជា​របស់​ព្រះគ្រីស្ទ។

នៅ​ពេល​ដែល​អ្នក​ដទៃ​ដឹង​ពី​ចិត្តគំនិត អាកប្បកិរិយា និង​ទង្វើ​របស់​យើង​ខាង​ឯ​វិញ្ញាណ—ពេល​ដែល​ពួក​គាត់​ហិត​ក្លិន​របស់​យើង​ខាង​ឯ​វិញ្ញាណ—នោះ​អ្វី​ដែល​ពួក​គាត់​ស្រូប​បាន​គឺ​ជា​ក្លិន​ក្រអូប​របស់​ព្រះ​គ្រីស្ទ​ទៅ​កាន់​ព្រះ​ជា​ម្ចាស់​ក្នុង​ចំណោម​អស់​អ្នក​ដែល​ទទួល​បាន​សេចក្តី​សង្គ្រោះ និង​ទៅ​កាន់​អស់​អ្នក​ដែល​កំពុង​វិនាស (២កូរិនថូស ២:១៥)។ កុំ​ខ្ជះខ្ជាយ​ក្លិន​ដ៏​ក្រអូប​របស់​ព្រះគ្រីស្ទ​ដែល​មាន​នៅ​ក្នុង​លោក​អ្នក​ឲ្យ​សោះ។

មនុស្ស​ថ្មី

របៀប​មួយ​ទៀត​ដែល​គាត់​និយាយ​អំពី​ចំណុច​នោះ​គឺ​នៅ​ក្នុង​កណ្ឌ​គម្ពីរ ២កូរិនថូស ៣:១៨ ខ​គម្ពីរ​នេះ​គឺ​ជា​របៀប​ដែល​យើង​ពិត​ជា​មាន​លក្ខណៈ​ដូច​ជា​ព្រះគ្រីស្ទ​មែន​ទែន៖ «ហើយ​យើង​រាល់​គ្នា​ទាំង​អស់ ដែល​កំពុង​តែ​រំពឹង​មើល​សិរីល្អ​ព្រះអម្ចាស់ ទាំង​មុខ​ទទេ ដូច​ជា​ឆ្លុះ​មើល​ទ្រង់​ក្នុង​កញ្ចក់ យើង​កំពុង​តែ​ផ្លាស់​ប្រែ​ទៅ ឲ្យ​ដូច​ជា​រូប​ឆ្លុះ​នោះ​ឯង ពី​សិរីល្អ​ទៅ​ដល់​សិរីល្អ គឺ​ដោយសារ​ព្រះអម្ចាស់​ដ៏​ជា​ព្រះវិញ្ញាណ»។ មួយ​ទៀត​សោត ការ​ដែល​យើង​ឃើញ​ព្រះគ្រីស្ទ​ក្នុង​លោកីយ៍​នេះ​កាន់​តែ​ច្បាស់ នោះ​យើង​ក៏​កាន់​តែ​ផ្លាស់​ប្រែ​ឲ្យ​ដូច​ជា​រូប​អង្គ​ទ្រង់ ហើយ​ជីវិត​របស់​យើង​ក៏​កាន់​តែ​ដូច​គ្នា​ទៅ​នឹង​ជីវិត​របស់​ទ្រង់​ដែរ ដើម្បី​ឲ្យ​អ្នក​ដ៏ទៃ​អាច​មើល​ឃើញ។

យើង​មិន​ត្រូវ​ខ្ជះខ្ជាយ​ជីវិត​របស់​យើង​តាម​រយៈ​ការ​ដែល​ខំ​ឲ្យ​មាន​លក្ខណៈ​កាន់​តែ​ដូច​លោកីយ៍​នេះ​នោះ​ឡើយ។ យើង​មិន​ព្យាយាម​ខ្ជះខ្ជាយ​ជីវិត​របស់​យើង តាម​រយៈ​ការ​ដែល​យើង​កាន់​តែ​មាន​លក្ខណៈ​ដូច​ព្រះ​គ្រីស្ទ​ឲ្យ​ខ្លាំង​ឡើងៗ​នោះ​ទេ និង​កាន់​តែ​ឃើញ​ទ្រង់​ច្បាស់​ថែម​ទៀត ហើយ​ការ​កាន់​តែ​ស្គាល់​ព្រះ​អង្គ​ឲ្យ​ស៊ី​ជម្រៅ​ជាង​មុន ព្រម​ទាំង​ការ​កាន់​តែ​មាន​រូប​អង្គ​ទ្រង់​ជាង​មុន​នៅ​ក្នុង​លោកីយ៍​នេះ​ដែរ។

នេះ​គឺ​ជា​ចំណុច​ចុង​ក្រោយ​ដែល​សាវ័ក ប៉ុល បាន​លើក​ឡើង​អំពី​ជីវិត​ដែល​យើង​រស់​នៅ​ក្នុង​ព្រះ​គ្រីស្ទ និង​ការ​មិន​ខ្ជះខ្ជាយ​ជីវិត​របស់​ព្រះគ្រីស្ទ​នៅ​ក្នុង​យើង៖ «ព្រោះ​អស់​អ្នក​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ក្នុង​ព្រះ​គ្រីស្ទ នោះ​ឈ្មោះ​ថា​បាន​ប្រដាប់​កាយ​ដោយ​ព្រះ​គ្រីស្ទ​ហើយ» (កាឡាទី ៣:២៧)។ ជា​ថ្មី​ម្ដង​ទៀត «គឺ​ត្រូវ​ប្រដាប់​ខ្លួន ដោយ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​វិញ ហើយ​កុំ​ឲ្យ​ផ្គត់​ផ្គង់ ដើម្បី​នឹង​បំពេញ​សេចក្តី​ប៉ង​ប្រាថ្នា ខាង​ឯ​សាច់​ឈាម​ឡើយ» (រ៉ូម ១៣:១៤)។ ឬ​ក៏​ម្យ៉ាង​ទៀត៖ «ចូរ​ប្រដាប់​ខ្លួន​ដោយ​មនុស្ស​ថ្មី​វិញ ដែល​កំពុង​តែ​កែ​ឡើង​ខាង​ឯ​សេចក្តី​ចេះ​ដឹង ឲ្យ​បាន​ត្រូវ​នឹង​រូប​អង្គ​ព្រះ ដែល​បង្កើត​មនុស្ស​ថ្មី​នោះ​មក» (កូឡូស ៣:១០)។

សាវ័ក ប៉ុល បាន​រាប់​ព្រះ​គ្រីស្ទ​ថា ជា​ឯក​សណ្ឋាន​ថ្មី ទី​សម្គាល់​ថ្មី និង​ជា​និមិត្ត​សញ្ញា​ថ្មី​របស់​យើង ។ ចូរ​ប្រដាប់​ខ្លួន​ដោយ​ព្រះ​អង្គ​ចុះ។ អ្វី​ដែល​យើង​យក​មក​ប្រដាប់​ខ្លួន ឬ​ក៏​ស្លៀក​ពាក់ ដើម្បី​បិទ​បាំង ជា​និមិត្ត​សញ្ញា ឬ​ក៏​ជា​ទី​សម្គាល់​មិន​មែន​គ្រាន់​តែ​គ្រប​បាំង​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​បាន​ក្លាយ​ជា​អត្ត​សញ្ញាណ​ថ្មី​មួយ​របស់​យើង សភាព​លក្ខណៈ​របស់​យើង​នៅ​លើ​ផែន​ដី​នេះ។ យើង​មិន​ត្រូវ​ខ្ជះខ្ជាយ​លក្ខណសម្បត្តិ​របស់​ព្រះ​គ្រីស្ទ​នោះ​ឡើយ។

របៀប​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ

សំណួរ​ចុង​ក្រោយ​គឺ៖ តើ​យើង​រស់​នៅ​ដោយ​បង្ហាញ​អំពី​អត្ត​សញ្ញាណ​របស់​យើង​មួយ​នេះ​ដែល​ថា «មិន​មែន​ខ្ញុំ តែ​ព្រះគ្រីស្ទ​គង់​ក្នុង​ខ្ញុំ» លើ​លោក​នេះ​ដោយ​របៀប​ណា​ទៅ? យើង​ខ្ញុំ​នឹង​លើក​ជា​ចំណុច​សង្ខេប​ខ្លីៗ​ពីរ​តែ​ប៉ុណ្ណោះ។ កណ្ឌ​គម្ពីរ កាឡាទី ២:២០ បាន​ចែង​ថា យើង​រស់​នៅ​ដោយ​សារ​ជំនឿ៖ «ហើយ​ដែល​ខ្ញុំ​រស់​ក្នុង​សាច់​ឈាម​ឥឡូវ​នេះ នោះ​គឺ​រស់​ដោយ​ជំនឿ ជឿ​ដល់​ព្រះរាជបុត្រា​នៃ​ព្រះ»។ ហើយ​ដែល​ខ្ញុំ​រស់​ក្នុង​សាច់​ឈាម​ឥឡូវ​នេះ នោះ​គឺ​រស់​ដោយ​ជំនឿ។ ការ​ដែល​យើង​ជ្រើស​រើស​ការ​ដើរ​តាម​ព្រះ​អង្គ​ដោយ​ចេតនា​នៅ​ក្នុង​ជីវិត​ថ្មី​មួយ​នេះ​គឺ​ជា​ការ​ទុក​ចិត្ត​លើ​ព្រះ​គ្រីស្ទ។

ប៉ុន្តែ កណ្ឌ​គម្ពីរ រ៉ូម ៧:៤-៦ មាន​ចែង​ថា «អ្នក​រាល់​គ្នា​ក៏​បាន​ស្លាប់​ពី​ខាង​ឯ​ក្រឹត្យវិន័យ​ដែរ ដោយសារ​រូប​អង្គ​នៃ​ព្រះគ្រីស្ទ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ទៅ​ជា​របស់​ផង​អ្នក​ម្នាក់​ទៀត ដែល​បាន​រស់​ពី​ស្លាប់​ឡើង​វិញ ប្រយោជន៍​ឲ្យ​យើង​បាន​បង្កើត​ផល​ថ្វាយ​ព្រះ…. [យើង] បាន​ស្លាប់​ក្នុង​សេចក្តី​ដែល​ឃុំ​ឃាំង​យើង​ទុក ប្រយោជន៍​ឲ្យ​យើង​បាន​គោរព​ប្រតិបត្តិ ដោយ​វិញ្ញាណ​ដែល​បាន​កែ​ជា​ថ្មី​វិញ មិន​មែន​តាម​តែ​ន័យ​ពាក្យ​ពី​បុរាណ​នោះ​ទៀត​ឡើយ»។

ក្នុង​ន័យ​មួយ​ទៀត មាន​ពេល​មួយ​យើង​ធ្លាប់​បាន​គិត​ថា ការ​ដែល​យើង​ខំ​ប្តូរ​ផ្តាច់​កាន់​តាម​ច្បាប់​វិន័យ​គឺ​ជា​កូន​សោ​នៃ​ការ​ទទួល​បាន​ជីវិត​អស់​កល្ប ប៉ុន្តែ​យើង​បាន​ស្លាប់​នៅ​ក្នុង​សេចក្តី​នេះ​រួច​ហើយ។ យើង​បាន​ស្លាប់​នៅ​ក្នុង​ច្បាប់​វិន័យ​នេះ​ក្នុង​អត្ថ​ន័យ​នេះ។ ហើយ​ឥឡូវ​នេះ ព្រះ​វិញ្ញាណ​បរិសុទ្ធ​គឺ​ជា​កូន​សោ គឺ​ជា​របៀប​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ពោល​គឺ​ជា​របៀប​ដែល​ទ្រង់​ធ្វើ​ការ​នៅ​ក្នុង​យើង​តាម​រយៈ​ជំនឿ។ នេះ​គឺ​ជា​របៀប​ថ្មី​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ។ ចំណុច​រួម​គឺ​ត្រង់​ថា នៅ​ពេល​ដែល​យើង​ទទួល​បាន​សេចក្ដី​សង្គ្រោះ នោះ​យើង​ទាំង​អស់​គ្នា​ក៏​បាន​រួប​រួម​ជា​មួយ​ព្រះគ្រីស្ទ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ផង​ដែរ។ រូប​កាយ​ចាស់​របស់​យើង—ការ​គ្មាន​ជំនឿ ការ​បះបោរ ការ​ស្រឡាញ់​ខ្លួន​ឯង—បាន​ស្លាប់​ជា​មួយ​ទ្រង់​រួច​បាត់​ទៅ​ហើយ។

ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បង្កើត​រូប​កាយ​ថ្មី​របស់​យើង​តាម​រយៈ​ជំនឿ ហើយ​រូប​អង្គ​នៃ​រូប​កាយ​ថ្មី​មួយ​ហ្នឹង​គឺ​ជា​ព្រះ​គ្រីស្ទ ពោល​គឺ​ព្រះគ្រីស្ទ​ផ្ទាល់ ពី​ជំហាន​មួយ​ទៅ​កាន់​ជំហាន​មួយ​ទៀត​នៃ​ការ​ទទួល​សិរីល្អ។ ពិត​ណាស់! យើង​មិន​ត្រូវ​ខ្ជះខ្ជាយ​ជីវិត​របស់​ព្រះ​គ្រីស្ទ និង​ជីវិត​របស់​ព្រះ​គ្រីស្ទ​ដែល​កំពុង​រស់​នៅ​ក្នុង​យើង​ទេ។ នេះ​គឺ​ជា​ទេវវិទ្យា​ដ៏​ល្អ!

និពន្ធ​ដោយ៖ លោក​គ្រូ John Piper
បកប្រែដោយ៖ លោក ខែម បូឡុង
កែសម្រួលដោយ៖ ​លោក ទេព រ៉ូ, លោក ឈាង បូរ៉ា, និង​កញ្ញា សួន សុជាតា
ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

គ្រែ​ដែល​ព្រះ​គ្រីស្ទ​ផ្ទំ

​បាន​ធ្វើ​ឡើង​ដោយ​ក្ដី​សង្ឃឹម