ចាប់តាំងពីព្រះជាម្ចាស់បានបណ្តេញលោក អ័ដាម ចេញពីសួនច្បារអេដែនដោយព្រោះគាត់មិនបានប្រតិបត្តិតាមព្រះបន្ទូលរបស់ទ្រង់មក មនុស្សបានបែកខ្ញែកជាពីរក្រុម គឺក្រុមដែលប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងក្រុមដែលមិនប្រតិបត្តិតាម។ លោក ណូអេ បានប្រតិបត្តិតាម ប៉ុន្តែពួកសង់ក្រុងបាបិលមិនបានប្រតិបត្តិតាមទេ។ លោក អ័ប្រាហាំ បានប្រតិបត្តិតាម ប៉ុន្តែស្តេចផារ៉ោនមិនបានប្រតិបត្តិតាមទេ។ ស្តេច ដាវីឌ បានប្រតិបត្តិតាម ប៉ុន្តែកូនៗរបស់ទ្រង់ភាគច្រើនមិនបានប្រតិបត្តិតាមទេ។ លោក សាខេ បានប្រតិបត្តិតាម ប៉ុន្តែលោក ពីឡាត់ មិនបានប្រតិបត្តិតាមទេ។ លោក ប៉ុល បានប្រតិបត្តិតាម ប៉ុន្តែពួកអ្នកដែលតាំងខ្លួនជាមហាសាវ័កមិនបានប្រតិបត្តិតាមទេ។
យើងអាចមើលឧទាហរណ៍ជាច្រើនទៀតនៅក្នុងប្រវត្តិសាស្ត្រពួកជំនុំ។ លោកគ្រូ អាថានេហ្សឺស៍ (Athanasius) បានប្រតិបត្តិតាមព្រះបន្ទូល ប៉ុន្តែលោកគ្រូ អេរីអឺស៍ (Arius) មិនបានប្រតិបត្តិតាមនោះទេ។ លោកគ្រូ លូសើរ (Luther) បានប្រតិបត្តិតាម ប៉ុន្តែពួកកាតូលិកទីក្រុងរ៉ូម (Rome) មិនបានប្រតិបត្តិតាមនោះទេ។ លោកគ្រូ ម៉េឆិន (Machen) បានប្រតិបត្តិតាម ប៉ុន្តែលោកគ្រូ ហ្វូសឌិក (Fosdick) មិនបានប្រតិបត្តិតាមនោះទេ។
ខ្ញុំមិនប្រាកដថា ខ្ញុំអាចមើលឃើញចិត្តរបស់អស់លោកដែលខ្ញុំបានដកស្រង់ឈ្មោះពួកគាត់ចេញពីប្រវត្តិសាស្ត្រច្បាស់ដូចជាព្រះជាម្ចាស់ទតឃើញនោះទេ។ ប៉ុន្តែប្រវត្តិសាស្ត្រនៅក្នុងព្រះគម្ពីរពិតជាបានបង្ហាញឲ្យយើងថា អ្វីដែលញែករាស្ត្ររបស់ព្រះជាម្ចាស់ពីគ្រូក្លែងក្លាយ និងអ្នកមិនជឿគឺ រាស្ត្ររបស់ព្រះជាម្ចាស់ស្តាប់ព្រះបន្ទូលទ្រង់ហើយប្រព្រឹត្តតាមព្រះបន្ទូលនោះ។ ឯអ្នកផ្សេងទៀតគេមិនធ្វើដូចនោះទេ។
នេះហើយជាអ្វីដែលលោក ម៉ូសេ បានព្យាយាមបង្រៀនយ៉ាងអស់ពីចិត្តដល់សាសន៍អ៊ីស្រាអែលនៅក្នុងកណ្ឌចោទិយកថា នៅពេលដែលលោកឈរនៅក្បែរទឹកដីសន្យាជាមួយពួកគេជាលើកទីពីរ។ លោកចាប់ផ្ដើមប្រាប់ពួកគេថា លោកបានឈរនៅក្បែរទឹកដីសន្យានេះជាមួយឪពុកម្ដាយពួកគេកាលពី៤០ឆ្នាំមុន ប៉ុន្តែឪពុកម្ដាយរបស់ពួកគេមិនបានស្ដាប់បង្គាប់នោះទេ ហេតុដូច្នេះហើយបានជាព្រះជាម្ចាស់ដាក់បណ្តាសាដល់ឪពុកម្ដាយរបស់ពួកគេឲ្យស្លាប់នៅក្នុងទីរហោស្ថាន។ យើងអាចសង្ខេបសុន្ទរកថាបីដែលលោក ម៉ូសេ បាននិយាយជិត៣០ជំពូកយ៉ាងសាមញ្ញដូចនេះ៖ «ចូរស្តាប់! ចូរឮ! ចូរកត់ចុះ! សូមចងចាំនូវអ្វីដែលព្រះជាម្ចាស់បានមានបន្ទូល។ ទ្រង់ជាអ្នកដែលបានរំដោះឯងចេញពីចំណងនៅស្រុកអេស៊ីព្ទ! ហេតុដូច្នេះហើយ ឯងត្រូវស្ដាប់ទ្រង់»។ នៅក្នុងកណ្ឌចោទិយកថា ៣០:១៩ លោក ម៉ូសេ បានសង្ខេបនូវអ្វីដែលគាត់បាននិយាយដោយសង្កត់ធ្ងន់ទៅលើបញ្ញត្តិមួយនេះ៖ «ដូច្នេះចូររើសយកជីវិតចុះ»។
រាស្ត្ររបស់ព្រះជាម្ចាស់នឹងរកឃើញជីវិតតាមរយៈការស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការប្រតិបត្តិតាមព្រះបន្ទូលនោះតែប៉ុណ្ណោះ។ របៀបនៃការរកជីវិត វាសាមញ្ញណាស់។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់សម្រាប់ពួកជំនុំនៅសញ្ញាថ្មី មិនខុសគ្នាពីអ្វីដែលលោក ម៉ូសេ បាននិយាយទៅកាន់ពួកអ៊ីស្រាអែលនោះទេ។ ទ្រង់សង្គ្រោះយើងចេញពីចំណងនៃបាប និងសេចក្តីស្លាប់នៅពេលដែលយើងស្តាប់ព្រះបន្ទូលរបស់ទ្រង់ ហើយទទួលជឿទ្រង់ (រ៉ូម ១០:១៧)។ ឥឡូវ យើងត្រូវស្តាប់ព្រះបន្ទូលរបស់ទ្រង់ ហើយប្រតិបត្តិតាម។ ការដែលយើងស្ដាប់ ហើយប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះមានន័យថា យើងកាន់តែឆ្លុះបញ្ចាំងពីចរិតលក្ខណៈ និងសិរីល្អរបស់ទ្រង់។
ប្រហែលជាមានមនុស្សមួយចំនួនជំទាស់ថា «ការនោះស្តាប់ទៅដូចជាយើងគិតតែពីខ្លួនឯង។ តើព្រះជាម្ចាស់មិនមែនត្រាស់ហៅពួកជំនុំឲ្យគិតពីអ្នកដទៃ ដូចជាការចេញទៅធ្វើបេសកកម្មទេឬអី? ឬផ្ដោតទៅលើការផ្សាយដំណឹងល្អទេឬអី?»។ ពិតប្រាកដណាស់ ព្រះជាម្ចាស់បានត្រាស់ហៅពួកជំនុំឲ្យធ្វើកិច្ចការទាំងនេះ។ នេះជាចំណែកមួយនៃការបង្ហាញឲ្យឃើញពីចរិតលក្ខណៈរបស់ព្រះជាម្ចាស់។ ព្រះយេស៊ូវបានមានបន្ទូលថា «ចូរមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នក ឲ្យធ្វើជាអ្នកនេសាទមនុស្សវិញ» (ម៉ាថាយ ៤:១៩ គកស)។
ព្រះយេស៊ូវបានមានបន្ទូលស្រដៀងគ្នានេះនៅកន្លែងផ្សេងទៀតក្នុងព្រះគម្ពីរថា «ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាព្រះវរបិតាបានចាត់ឲ្យខ្ញុំមកដែរ» (យ៉ូហាន ២០:២១)។ នៅពេលដែលយើងធ្វើបេសកកម្ម ហើយផ្សាយដំណឹងល្អ ព្រមទាំងធ្វើកិច្ចការសម្រាប់នគរព្រះ នោះមានន័យថា យើងយកតម្រាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូចដែលកណ្ឌម៉ាថាយ ៤:១៩, យ៉ូហាន ២០:២១ និងបទគម្ពីរជាច្រើនទៀតបានលើកឡើង។ យើងមិនមែនធ្វើបេសកកម្ម ផ្សាយដំណឹងល្អ ឬធ្វើកិច្ចការសម្រាប់នគរព្រះដោយសារតែពួកបណ្ឌិតទេវវិទ្យាមួយចំនួនបានគិតពីការទាំងនេះឡើងនោះទេ។ ហើយយើងក៏មិនមែនធ្វើបេសកកម្ម ផ្សាយដំណឹងល្អ ឬធ្វើកិច្ចការសម្រាប់នគរព្រះដោយសារតែយើងទាំងអស់គ្នាឯកភាពថា ការទាំងនេះជាគំនិតល្អមួយនោះដែរ។ ប៉ុន្តែយើងធ្វើបេសកកម្ម ផ្សាយដំណឹងល្អ ហើយធ្វើកិច្ចការខាងឯនគរព្រះជាម្ចាស់ ដោយសារតែព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្កាប់ឲ្យយើងធ្វើកិច្ចការទាំងនេះ។
តាមពិតទៅ យើងមិនគួរបែងចែកប្រវត្តិសាស្ត្រនៅត្រឹមតែចន្លោះរវាងអ្នកដែលផ្សាយដំណឹងល្អ និងអ្នកដែលមិនផ្សាយដំណឹងល្អនោះទេ។ នោះមិនមែនជាលក្ខណៈចម្បងរបស់ពួកជំនុំទេ។ យើងបែងចែកមនុស្សជាពីរក្រុម គឺអ្នកដែលស្ដាប់ព្រះជាម្ចាស់ និងអ្នកមិនស្ដាប់ព្រះជាម្ចាស់។
ហេតុដូច្នេះហើយបានជាលោក ម៉ាថាយ បានប្រាប់ពីអ្វីដែលព្រះយេស៊ូវបានមានបន្ទូលទៅកាន់សាតាំងថា មនុស្សរស់ដោយសារ «គ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋព្រះមកដែរ» (ម៉ាថាយ ៤:៤)។ ហើយគាត់ក៏បានប្រាប់ពីព្រះបន្ទូលចុងក្រោយដែលព្រះយេស៊ូវមានបន្ទូលទៅកាន់សិស្សរបស់ទ្រង់ គឺឲ្យពួកគេទៅបង្កើតសិស្សនៅគ្រប់ទាំងសាសន៍ដោយធ្វើបុណ្យជ្រមុជទឹកឲ្យពួកគេព្រមទាំង «បង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង» (ម៉ាថាយ ២៨:២០)។
ហេតុដូច្នេះហើយបានជាលោក ម៉ាកុស បានប្រាប់ពីរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូវស្តីអំពីគ្រាប់ពូជដែលបានដាំនៅលើដីបួនប្រភេទខុសៗគ្នា។ នេះជារឿងប្រៀបប្រដូចមួយអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ម៉ាកុស ៤)។ អ្នកខ្លះនឹងទទួលព្រះបន្ទូល ហើយអ្នកខ្លះទៀតនឹងមិនទទួលទេ។
ហេតុដូច្នេះហើយបានជាលោក លូកា បានរាប់ខ្លួនលោកថាជាសាក្សីដែលបានឃើញផ្ទាល់នឹងភ្នែក និងជាអ្នកបម្រើព្រះបន្ទូល (លូកា ១:២)។ មូលហេតុនេះហើយបានជាលោកប្រាប់ពីសេចក្តីសន្យារបស់ព្រះយេស៊ូវថា «មានពរហើយ អស់អ្នកដែលស្ដាប់ព្រះបន្ទូល ហើយប្រព្រឹត្តិតាម» (លូកា ១១:២៨ គកស)។
ហេតុដូច្នេះហើយបានជាលោក យ៉ូហាន បានប្រាប់ពីព្រះបន្ទូលចុងក្រោយរបស់ព្រះយេស៊ូវទៅកាន់លោក ពេត្រុស ដោយទ្រង់មានបន្ទូលដដែលៗបីដងថា «ចូរឲ្យចំណីដល់កូនចៀមខ្ញុំស៊ីផង» (យ៉ូហាន ២១:១៥-១៧)។ តើអ្វីជាចំណីរបស់ពួកគេ? ចំណីរបស់ពួកគេគឺជាព្រះបន្ទូលនៃព្រះជាម្ចាស់។
ហេតុដូច្នេះហើយបានជា នៅពេលដែលពួកជំនុំដំបូងក្នុងកណ្ឌកិច្ចការបានប្រជុំគ្នា នោះពួកគេ «ក៏នៅតែព្យាយាមក្នុងសេចក្តីបង្រៀនរបស់ពួកសាវ័ក ហើយក្នុងសេចក្តីប្រកបគ្នា ព្រមទាំងការកាច់នំបុ័ង និងសេចក្តីអធិស្ឋានផង» (កិច្ចការ ២:៤២)។
ហេតុដូច្នេះហើយបានជាលោក ប៉ុល បានប្រាប់ដល់ពួកជំនុំទីក្រុងរ៉ូមថា «ជំនឿកើតឡើងដោយសេចក្ដីដែលបានឮ ហើយសេចក្តីដែលបានឮនោះ គឺដោយសារព្រះបន្ទូលរបស់ព្រះគ្រីស្ទ» (រ៉ូម ១០:១៧ គកស)។
ហេតុដូច្នេះហើយបានជាលោកប្រាប់ដល់ពួកជំនុំកូរិនថូសថា «ដំណឹងពីឈើឆ្កាង» ជា «ព្រះចេស្ដានៃព្រះ» ដល់យើងដែលកំពុងតែបានសង្គ្រោះ (១កូរិនថូស ១:១៨) ដ្បិត «ព្រះអង្គសព្វព្រះហឫទ័យសង្គ្រោះអស់អ្នកដែលជឿ ដោយសារសេចក្ដីល្ងីល្ងើដែលយើងប្រកាសនោះវិញ» (១កូរិនថូស ១:២១ គកស)។ ហេតុដូច្នេះហើយបានជា ក្រោយមកលោកបានប្រាប់ដល់ពួកជំនុំដដែលនោះថា លោកមិនបាន «រកចំណេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ» ក៏មិនបាន «បំភ្លៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ» ប៉ុន្តែលោក «និយាយដោយអស់ពីចិត្ដ» សម្រាប់ជាប្រយោជន៍ដ៏នៅអស់កល្បជានិច្ចដល់ពួកគេ (២កូរិនថូស ២:១៧, ៤:២)។
ហេតុដូច្នេះហើយបានជាលោកប្រាប់ដល់ពួកជំនុំនៅស្រុកកាឡាទីថា «បើអ្នកណាប្រាប់ដំណឹងណា ខុសអំពីដំណឹងល្អ ដែលអ្នករាល់គ្នាបានទទួលហើយ នោះឲ្យគេត្រូវបណ្ដាសាចុះ» (កាឡាទី ១:៩)។
ហេតុដូច្នេះហើយបានជាលោក ប៉ុល ប្រាប់ដល់ពួកជំនុំទីក្រុងអេភេសូរថា «នៅក្នុងព្រះអង្គ អ្នករាល់គ្នាក៏បានឮព្រះបន្ទូលនៃសេចក្ដីពិតដែរ គឺជាដំណឹងល្អអំពីសេចក្ដីសង្គ្រោះសម្រាប់អ្នករាល់គ្នា» (អេភេសូរ ១:១៣ គគខ)។ លោកក៏បានប្រាប់ពួកគេផងដែរថាព្រះជាម្ចាស់ «បានប្រទានឲ្យអ្នកខ្លះធ្វើជាសាវ័ក អ្នកខ្លះជាហោរា អ្នកខ្លះជាអ្នកផ្សាយដំណឹងល្អ អ្នកខ្លះជាគ្រូគង្វាល ហើយអ្នកខ្លះជាគ្រូបង្រៀន ដើម្បីនាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍សម្រាប់កិច្ចការបម្រើ ហើយស្អាងព្រះកាយរបស់ព្រះគ្រីស្ទឡើង រហូតដល់យើងទាំងអស់គ្នាបានរួបរួមនៅក្នុងជំនឿ ហើយបានស្គាល់ព្រះរាជបុត្រារបស់ព្រះ ទៅជាមនុស្សពេញវ័យ និងដល់ខ្នាតកម្ពស់នៃសេចក្តីពោរពេញរបស់ព្រះគ្រីស្ទ» (អេភេសូរ ៤:១១-១៣ គកស)។
ហេតុដូច្នេះហើយបានជាលោកប្រាប់ដល់ពួកជំនុំក្រុងភីលីពថា ដោយសារតែចំណងរបស់លោក «បងប្អូនភាគច្រើនដែលមានការជឿជាក់ក្នុងព្រះអម្ចាស់ដោយសារចំណងរបស់ខ្ញុំ គេហ៊ានផ្សាយព្រះបន្ទូលកាន់តែខ្លាំងឡើង ដោយឥតភ័យខ្លាច» (ភីលីព ១:១៤ គកស)។
ហេតុដូច្នេះហើយបានជាលោកប្រាប់ដល់ពួកជំនុំក្រុងកូល៉ុសថា «ចូរឲ្យព្រះបន្ទូលរបស់ព្រះគ្រីស្ទសណ្ឋិតនៅក្នុងអ្នករាល់គ្នាជាបរិបូរ។ ចូរបង្រៀន ហើយទូន្មានគ្នាទៅវិញទៅមកដោយប្រាជ្ញាគ្រប់យ៉ាង» (កូល៉ុស ៣:១៦ គកស)។
ហេតុដូច្នេះហើយបានជាលោកប្រាប់ដល់ពួកជំនុំក្រុងថែស្សាឡូនីចថា «យើងអរព្រះគុណព្រះជាម្ចាស់ឥតឈប់ឈរ ដោយព្រោះពេលដែលអ្នករាល់គ្នាបានទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលយើងបានប្រកាស អ្នករាល់គ្នាមិនបានទទួលទុកជាពាក្យរបស់មនុស្សទេ ផ្ទុយទៅវិញទុកជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ពិតប្រាកដមែន ដែលធ្វើការនៅក្នុងអ្នករាល់គ្នាដែលជឿ» (១ថែស្សាឡូនីច ២:១៣ គគខ)។ ហេតុដូច្នេះហើយបានជាក្រោយមកទៀត លោកបានទូន្មានពួកគេថា «ដូច្នេះ បងប្អូនអើយ! ចូរឈរឲ្យមាំមួន ហើយកាន់តាមសេចក្ដីដែលយើងបានបង្រៀនអ្នករាល់គ្នាចុះ ទោះបីដោយពាក្យសំដី ឬសំបុត្រក្ដី។» (២ថែស្សាឡូនីច ២:១៥ គគខ)។
ហេតុដូច្នេះហើយបានជាលោក ប៉ុល ប្រាប់ដល់លោក ធីម៉ូថេ ដែលជាសិស្សរបស់លោកថា អ្នកត្រួតត្រា (ចាស់ទុំ) ដែលលោកជ្រើសរើសសម្រាប់ពួកជំនុំត្រូវតែ «ប្រសប់នឹងការបង្រៀន» ហើយជាមួយគ្នានោះដែរ អ្នកជំនួយដែលបម្រើនៅក្នុងពួកជំនុំរបស់លោក «ត្រូវជាអ្នកកាន់តាមសេចក្តីអាថ៌កំបាំង របស់ជំនឿ ដោយបញ្ញាចិត្តដ៏ស្អាត» (១ធីម៉ូថេ ៣:២, ៩)។ នៅក្នុងសំបុត្របន្ទាប់ទៀតលោក ប៉ុល បានប្រាប់ដល់លោក ធីម៉ូថេ ថា ការងាររបស់លោកគឺត្រូវផ្ដោតលើចំណុចស្នូលនេះ៖
«ចូរប្រកាសព្រះបន្ទូល ហើយខិតខំប្រកាសមិនថា ត្រូវពេល ឬខុសពេលឡើយ ចូរទូន្មាន ស្តីបន្ទោស លើកទឹកចិត្ត និងបង្រៀនដោយសេចក្តីអត់ធ្មត់គ្រប់បែបយ៉ាង ដ្បិតនឹងមានគ្រាមួយដែលពួកគេលែងស្ដាប់សេចក្ដីបង្រៀនត្រឹមត្រូវទៀតហើយ ផ្ទុយទៅវិញ ពួកគេនឹងប្រមូលគ្រូជាច្រើនសម្រាប់ខ្លួនឯងទៅតាមសេចក្តីប៉ងប្រាថ្នា ដើម្បីឲ្យនិយាយអ្វីដែលត្រចៀករបស់ពួកគេរមាស់ចង់ស្ដាប់ ពួកគេនឹងបែរត្រចៀកចេញពីសេចក្ដីពិត រួចបែរទៅស្ដាប់រឿងព្រេងវិញ» (២ធីម៉ូថេ ៤:២-៤ គគខ)
ហេតុដូច្នេះហើយបានជាលោកអរសប្បាយជាមួយនឹងលោក ទីតុស ដោយសារព្រះជាម្ចាស់បាន «សម្ដែងចេញឲ្យស្គាល់ព្រះបន្ទូល ដោយការប្រកាសប្រាប់ដែលផ្ញើទុកនឹងខ្ញុំ (ប៉ុល) តាមបង្គាប់របស់ព្រះជាព្រះសង្គ្រោះនៃយើង» (ទីតុស ១:៣ គកស)។
ហេតុដូច្នេះហើយបានជាលោក ប៉ុល លើកទឹកចិត្តលោក ភីលេម៉ូន ឲ្យសកម្មក្នុងការចែកចាយ «ជំនឿ» របស់លោក។ ពាក្យ «ជំនឿ» នេះមិនសំដៅទៅលើស្ថានភាពដែលប្រែប្រួលទៅតាមអារម្មណ៍នោះទេ តែសំដៅលើសំណុំនៃគោលជំនឿដ៏ជាក់លាក់ (ភីលេម៉ូន ១:៦)។
ហេតុដូច្នេះហើយបានជាអ្នកនិពន្ធកណ្ឌហេព្រើរបានព្រមានថា «ដ្បិតព្រះបន្ទូលរបស់ព្រះជាម្ចាស់មានជីវិត មានអំណាច ហើយមុតជាងដាវមុខពីរដែលចាក់ទម្លុះរហូតដល់កាត់ព្រលឹង និងវិញ្ញាណ ព្រមទាំងសន្លាក់ឆ្អឹង និងខួរឆ្អឹងឲ្យដាច់ចេញពីគ្នា រួចវិនិច្ឆ័យទាំងគំនិត និងបំណងចិត្តទៀតផង» (ហេព្រើរ ៤:១២ គគខ)។
ហេតុដូច្នេះហើយបានជាលោក យ៉ាកុប រំឭកមិត្តអ្នកអានរបស់លោកថា ព្រះជាម្ចាស់ «ទ្រង់បានបង្កើតយើងរាល់គ្នាមកតាមព្រះហឫទ័យទ្រង់ ដោយសារព្រះបន្ទូលដ៏ពិត» ហើយ «ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែស្ដាប់ប៉ុណ្ណោះ ហើយបញ្ឆោតខ្លួនវិញនោះឡើយ» (យ៉ាកុប ១:១៨, ២២)។
ហេតុដូច្នេះហើយបានជាលោក ពេត្រុស រំឭកដល់ពួកបរិសុទ្ធដែលបានខ្ចាត់ខ្ចាយទៅតាមតំបន់ជាច្រើនថា «ព្រះបានបង្កើតអ្នករាល់គ្នាជាថ្មី មិនមែនពីពូជដែលតែងតែពុករលួយនោះទេ គឺពីពូជដែលមិនចេះពុករលួយវិញ ជាព្រះបន្ទូលរបស់ព្រះដែលរស់នៅ ហើយស្ថិតស្ថេរ» (១ពេត្រុស ១:២៣ គកស) ហើយលោកក៏បានរំឭកផងដែរថា «ព្រះបន្ទូលនៃព្រះអម្ចាស់ នោះនៅជាប់អស់កល្បជានិច្ចវិញ» (១ពេត្រុស ១:២៥)។ អញ្ចឹងហើយបានជាលោកនិយាយនៅក្នុងសំបុត្រទីពីររបស់លោកផងដែរថា «គ្មានពាក្យទំនាយណាក្នុងគម្ពីរ ដែលស្រាយបានតាមតែចិត្តនោះឡើយ ដ្បិតសេចក្តីទំនាយមិនដែលមក ដោយបំណងចិត្តមនុស្សទេ គឺជាមនុស្សបរិសុទ្ធរបស់ព្រះ ដែលបានទាយ ដោយសារព្រះវិញ្ញាណបរិសុទ្ធទ្រង់បណ្តាលវិញ» (២ពេត្រុស ១:២០-២១)។
ហេតុដូច្នេះហើយបានជាលោក យ៉ូហាន បានសរសេរថា «តែអ្នកណាដែលកាន់តាមព្រះបន្ទូលទ្រង់វិញ នោះប្រាកដជាសេចក្ដីស្រឡាញ់នៃព្រះបានពេញខ្នាត នៅក្នុងអ្នកនោះហើយ គឺដោយសេចក្ដីនោះឯង ដែលយើងដឹងថា យើងនៅក្នុងទ្រង់ អ្នកណាដែលថាខ្លួននៅក្នុងទ្រង់ នោះត្រូវតែប្រព្រឹត្តដូចជាទ្រង់ដែរ» (១យ៉ូហាន ២:៥-៦)។ ហេតុដូច្នេះហើយបានជាលោកសរសេរថា «នេះហើយជាសេចក្ដីស្រឡាញ់ គឺយើងត្រូវប្រព្រឹត្តតាមបញ្ញត្តិរបស់ព្រះអង្គ» (២យ៉ូហាន ១:៦ គគខ)។ ហេតុដូច្នេះហើយបានជាលោកប្រកាសថា «គ្មានសេចក្ដីណាដែលនាំឲ្យខ្ញុំអរសប្បាយ លើសជាងសេចក្ដីនេះទេ គឺដែលឮនិយាយថា ពួកកូនខ្ញុំកំពុងតែប្រព្រឹត្តតាមសេចក្ដីពិតនោះឯង» (៣យ៉ូហាន ១:៤)។
ហេតុដូច្នេះហើយបានជាលោក យូដាស បានសរសេរស្ទើរតែពេញមួយសំបុត្ររបស់លោក ដើម្បីនឹងដាស់តឿនដល់អ្នកអានសំបុត្ររបស់លោកឲ្យចេះប្រុងប្រយ័ត្ន ហើយហ៊ានទាស់នឹងគ្រូក្លែងក្លាយ (យូដាស ១:៤-១៦)។ លោកថែមទាំងសន្យាថា ព្រះជាម្ចាស់នឹងយាងមក «ដើម្បីនឹងកាត់ទោសដល់គ្រប់មនុស្សទាំងឡាយ ហើយនិងរំឭកពួកទមិលល្មើសទាំងអម្បាលម៉ាន ឲ្យដឹងខ្លួនពីគ្រប់ទាំងការទមិលល្មើស ដែលគេបានប្រព្រឹត្តធ្វើ ដោយចិត្តល្មើស ហើយពីអស់ទាំងសេចក្តីរឹងទទឹងទាំងប៉ុន្មាន ដែលអស់ពួកទមិលល្មើសដ៏មានបាបទាំងនោះ បានពោលទាស់នឹងទ្រង់» (យូដាស ១៥)។
ហេតុដូច្នេះហើយបានជាលោក យ៉ូហាន កោតសរសើរពួកជំនុំទីក្រុងភីឡាដិលភានៅក្នុងកណ្ឌវិវរណៈថា «អញស្គាល់ការដែលឯងធ្វើហើយ…ទោះបើឯងមានអំណាចតែបន្តិចក៏ដោយ គង់តែបានកាន់តាមពាក្យអញដែរ ហើយមិនបានលះបង់ឈ្មោះអញទេ» (វិវរណៈ ៣:៨)។
ដកស្រង់ចេញពីសៀវភៅ «ពួកជំនុំដែលមានសុខភាពល្អ» និពន្ធដោយ៖ លោកគ្រូ ម៉ាក ដិវើរ រក្សាសិទ្ធិគ្រប់យ៉ាង © ដោយលោកគ្រូ ចន ផាភ័រ ប្រើដោយការអនុញ្ញាត