យើងជឿជាក់ថា គ្រប់ទាំងបទគម្ពីរគឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងទេ ក៏មានប្រយោជន៍សម្រាប់ការបង្រៀន ការរម្លឹកឲ្យដឹងខ្លួន ការកែតម្រង់ និងការបង្ហាត់ខាងឯសេចក្ដីសុចរិត (២ធីម៉ូថេ ៣:១៦-១៧)។ ប៉ុន្តែ កណ្ឌគម្ពីរមួយចំនួនដែលមាននៅក្នុងព្រះគម្ពីរក៏យើងមានការពិបាកយល់ខ្លាំងជាងកណ្ឌគម្ពីរមួយចំនួនផ្សេងទៀតដែរ។
ដើម្បីអានកណ្ឌគម្ពីរយ៉ូបឲ្យបានល្អ ដាច់ខាតលោកអ្នកត្រូវតែត្រៀមខ្លួនជាស្រេច (ដោយក្នុងរបៀបជាច្រើនទៀត) ក្នុងកណ្ឌគម្ពីរយ៉ូបគឺជាកណ្ឌដ៏ពិបាកមួយ។
កណ្ឌគម្ពីរយ៉ូបគឺជាកណ្ឌដ៏ពិបាក
កណ្ឌគម្ពីរយ៉ូបគឺជាកណ្ឌដ៏ពិបាក ពីព្រោះវាបានលើកឡើងអំពីប្រធានបទដ៏ពិបាក—ពោលគឺការរងទុក្ខ។ ហើយលោក យ៉ូប ក៏បានរងទុក្ខយ៉ាងពិបាកជាច្រើនដែរ។ ទ្រព្យសម្បត្តិរបស់គាត់ កូនៗរបស់គាត់ និងសុខភាពរបស់គាត់—ហើយទាំងនេះយើងមិនទាន់បានលើកឡើងអំពីឋានៈរបស់គាត់ក្នុងសង្គមផង—គឺត្រូវបានឆក់ចេញពីគាត់យ៉ាងសាហាវ។ ហើយនេះគឺជាប្រធានបទដែលធ្វើឲ្យមានការឈឺចាប់ គឺមិនមែនសម្រាប់អ្នកដែលមានចិត្តខ្សោយនោះទេ។
កណ្ឌគម្ពីរយ៉ូបគឺជាកណ្ឌដ៏ពិបាក ពីព្រោះវាមិនបានផ្ដល់នូវចម្លើយដ៏ពេញលេញដែលយើងចង់បាននោះឡើយ។ យើងចង់ដឹងថា មូលហេតុអ្វីបានជាមនុស្សល្អ និងមនុស្សដែលកោតខ្លាចព្រះជាម្ចាស់ត្រូវបានរងទុក្ខ ហើយកណ្ឌគម្ពីរនេះមិនបានឆ្លើយនូវសំណួរនេះទាល់តែសោះ។ តាមពិតទៅ តួនាទីរបស់ព្រះជាម្ចាស់ក្នុងមហន្តរាយរបស់លោក យ៉ូប គឺមិនមែនអ្វីលើសជាងការធ្វើឲ្យកាន់តែច្រឡំទៀតដែរ។
កណ្ឌគម្ពីរយ៉ូបគឺជាកណ្ឌដ៏ពិបាក ពីព្រោះជំពូកជាច្រើននៃកណ្ឌគម្ពីរនេះគឺជាការរៀបរាប់អំពីសម្រង់សម្ដីរបស់មិត្តភក្ដិលោក យ៉ូប ដែលនៅចុងក្រោយព្រះជាម្ចាស់នឹងប្រកាសថាពាក្យពេចន៍របស់ពួកគាត់គឺសម្ដីខុសឆ្គង។ ដូច្នេះ តើឲ្យយើងដឹងថាយើងគួរជឿទៅលើអ្វី ហើយដោយរបៀបណា? ហើយប្រសិនបើលោកអ្នកព្យាយាមអធិប្បាយចេញពីកណ្ឌគម្ពីរមួយនេះ តើឲ្យលោកអ្នកអាចរចនាសេចក្ដីអធិប្បាយរបស់លោកអ្នកលើយោបល់ដ៏មិនត្រឹមត្រូវរបស់ពួកគាត់ដោយរបៀបណាទៅ?
ចុះចំណែកឯលោក យ៉ូប ផ្ទាល់វិញ? ក្នុងការសន្ទនាដែលហាក់បីដូចជាគ្មានការបញ្ចប់ របៀបនិយាយរបស់លោក យ៉ូប ទៅកាន់ព្រះជាម្ចាស់ហាក់បីដូចជាមានភាពឆេវឆាវជាជាងការអត់ធ្មត់។ គាត់បានឈ្លោះប្រកែកជាមួយនឹងព្រះជាម្ចាស់ ហើយបានរអ៊ូរទាំអំពីកាលៈទេសៈរបស់គាត់។ កណ្ឌគម្ពីរមួយនេះហាក់បីដូចជាទុក្ខសោកដ៏វែងមួយអញ្ចឹង។ ចុះក្រែងគ្រីស្ទបរិស័ទគួរតែមានអំណររាល់វេលាមែនឬ?
កណ្ឌគម្ពីរយ៉ូបគឺជាកណ្ឌដ៏ពិបាក ពីព្រោះ ៩៥% នៃកណ្ឌគម្ពីរនេះគឺជាកំណាព្យ។ អក្សរសិល្ប៍កំណាព្យទាមទារឲ្យមានការយល់ដឹងដ៏ជ្រាលជ្រៅលើការប្រៀបប្រដូច ហើយនិងពាក្យប្រៀបធៀប ក៏ដូចជាអត្ថន័យដែលមានខុសគ្នាតែបន្តិចបន្តួចដែលមានភាពស្រពិចស្រពិល ទាក់ទងនឹងទម្រង់ជាច្រើននៃភាពប្រហាក់ប្រហែលគ្នាក្នុងភាសាហេប្រឺ។ សមត្ថភាពរបស់យើងក្នុងការឲ្យតម្លៃលើលក្ខណៈពិសេសទាំងនេះនឹងកាន់តែពិបាកពេលដែលយើងព្យាយាមឆ្លងគន្លងដ៏ធំនៃប្រពៃណីដែលបំបែកយើងចេញពីអ្នកនិពន្ធកណ្ឌគម្ពីរ។
កណ្ឌគម្ពីរយ៉ូបគឺជាកណ្ឌដ៏ពិបាក ពីព្រោះវាជាកណ្ឌដ៏វែងដែលមាន ៤២ ជំពូក។ ហើយភាគរយជាច្រើននៃជំពូកទាំងនោះគឺជាជំពូកដែលលើកឡើងអំពីចំណុចដដែលៗ ហើយក៏គួរឲ្យបាក់ទឹកចិត្តទៀតផង។ ឧទាហរណ៍៖ លោក យ៉ូប និងមិត្តភក្ដិរបស់គាត់និយាយយ៉ាងហូរហែ ឈ្លោះប្រកែកគ្នាម្ដងហើយម្ដងទៀត ហើយទាំងសងខាងមិនមានការយោគយល់គ្នាទាល់តែសោះ។ គេបានលើកឡើងថា «ឃ្លាសម្គាល់ “ភាពអត់ធ្មត់របស់លោក យ៉ូប” គួរតែប្តូរទៅជា “ភាពអត់ធ្មត់របស់អ្នកអានកណ្ឌគម្ពីរយ៉ូប” វិញ»។ ទំនងជាមានសេចក្ដីពិតក្នុងឃ្លានេះមែន។
របៀបនៃការអានគម្ពីរយ៉ូបដ៏មានអត្ថប្រយោជន៍
ការអានកណ្ឌគម្ពីរយ៉ូបគឺជាការដ៏ពិបាក ប៉ុន្តែភ្លាមៗនោះវាក៏អាចជារង្វាន់ដល់យើងផងដែរ។ នៅខាងក្រោមនេះគឺជាចំណុច ៥ យ៉ាង ដើម្បីជួយលោកអ្នកក្នុងការជីកយកកំណប់នៃទ្រព្យសម្បត្តិនោះបាន៖
១. ចូរឲ្យតម្លៃលើទម្រង់នៃអក្សរសាស្ត្រក្នុងកណ្ឌគម្ពីរ
ការបើក និងការបិទឆាកនៃកណ្ឌគម្ពីរយ៉ូបផ្ដល់ជូននូវគម្រោងនៃសាច់រឿង ប៉ុន្តែចំណុចស្នូលនៃកណ្ឌគម្ពីរនោះគឺជាកំណាព្យចំតែម្ដង។ កណ្ឌគម្ពីរយ៉ូបគឺមិនមែនជាការរៀបរៀងនៃទស្សនវិជ្ជាដែលដាច់តែឯងលើលក្ខណៈនៃការរងទុក្ខនោះទេ តែវាមានលើសជាងបទពិសោធន៍ដ៏ពិតនៃការរងទុក្ខផ្ទាល់នោះទៅទៀត ហើយថាតើវាមានន័យយ៉ាងដូចម្តេចចំពោះបុគ្គលណាម្នាក់ដែលមានទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់។
ចំណុចពិតគឺត្រង់ថា វាត្រូវបាននិពន្ធឡើងជាកំណាព្យជាជាងពាក្យសម្រាយគឺជាការចង្អុលបង្ហាញថាវាគួរប៉ះពាល់ចិត្តរបស់យើងដូចជាវាប៉ះពាល់ខួរក្បាលរបស់យើងផងដែរ។ ទម្រង់កំណាព្យបានឆ្លុះបញ្ចាំងអំពីភាពចលាចលនៃអារម្មណ៍ដែលលោក យ៉ូប បានដកពិសោធន៍ទៅលើបញ្ហាហើយនឹងស្ថានភាពដែលគាត់កំពុងតែជួបប្រទះ។ ហើយដើម្បីឲ្យយើងឲ្យតម្លៃលើសារមួយនេះ ដាច់ខាតអ្នកអានត្រូវតែព្យាយាមជ្រាបចូលទៅក្នុងអារម្មណ៍មួយនោះដែរ។ លោកអ្នកមិនអាចអានកណ្ឌគម្ពីរមួយនេះដោយគ្មានអារម្មណ៍ ហើយរំពឹងថានឹងទទួលបានអ្វីដែលវាមានក្នុងការឲ្យដល់លោកអ្នកនោះឡើយ។
ទោះបើថាវាទំនងជាមិនស្រួលប៉ុណ្ណាក៏ដោយ ក៏ដាច់ខាតលោកអ្នកត្រូវតែអនុញ្ញាតឲ្យខ្លួនឯងទទួលនូវអារម្មណ៍ដែលលោក យ៉ូប បានទទួលដែរ។
២. កុំអានកណ្ឌគម្ពីរយ៉ូបលឿនពេក
ពិតណាស់ មានមូលហេតុដែលកណ្ឌគម្ពីរយ៉ូបមាន ៤២ ជំពូក។
ភាពចលាចលខាងឯអារម្មណ៍នៃការឈឺចាប់ និងការកាន់ទុក្ខគឺមានរយៈ
ពេលវែង។ គ្មានចម្លើយងាយៗ ហើយក៏គ្មានការដោះស្រាយបន្ទាន់ដែរ។ ការព្យាបាលទាមទារឲ្យមានពេលវេលា។ ហើយការសន្ទនាដ៏ឥតល្ហែរវាងលោក យ៉ូប និងមិត្តភក្ដិរបស់គាត់ ដែលមានទាំងជម្លោះ និងភាពច្របូកច្របល់ គឺជាការត្រាប់តាមនៃបទពិសោធន៍ដែលមានការរងទុក្ខដ៏ពិត។ កណ្ឌគម្ពីរនេះមិនបានផ្ដល់ជូននូវចម្លើយយ៉ាងច្បាស់លាស់លើសំណួររបស់លោក យ៉ូប ដែលនេះជាទូទៅគឺជាអ្វីដែលអ្នករងទុក្ខតែងតែដកពិសោធន៍ជារឿយៗក្នុងភាពឈឺចាប់របស់ខ្លួន។ កណ្ឌគម្ពីរមួយនេះផ្ទាល់គឺបានលើកឡើងបែបជារូបភាពនៃបទពិសោធន៍របស់មនុស្សយើង ក្នុងពិភពលោកដែលបានធ្លាក់នៅក្នុងអំពើបាប ដែលចម្លើយលើសំណួរទាំងនេះតែងតែគេចវេសពីយើង ហើយយើងក៏ទទួលបានការជំរុញដ៏សាមញ្ញឲ្យទុកចិត្តទៅលើព្រះជាម្ចាស់តែមួយ។
កណ្ឌគម្ពីរនេះអញ្ជើញអ្នកអានឲ្យរួមដំណើរដ៏យូរ ហើយក្នុងដំណើរដ៏យូរមួយនេះ ជីវិតយើងនឹងទំនងជាឆ្លងកាត់ភាពអង្រួន ប៉ុន្តែជាលទ្ធផលចុងក្រោយយើងនឹងទទួលបានការបំផ្លាស់បំប្រែជាមិនខាន។
៣. ចូរអានកណ្ឌគម្ពីរយ៉ូបដោយសម្លឹងមើលតួឯកដែលគួរឲ្យចាប់អារម្មណ៍
សូមកត់សម្គាល់អំពីចំណុចខុសៗគ្នាដ៏ស្រពិចស្រពិលក្នុងរបៀបដែលមិត្តភក្ដិទាំងបីនាក់របស់លោក យ៉ូប បានប្រឆាំងទាស់នឹងគាត់ និងអំពីរបៀបនៃការជំទាស់របស់ពួកគេទៅកាន់គាត់បានកាន់តែក្លាយទៅជាការរិះគន់ និងបដិបក្ខ។
សូមគិតអំពីតួនាទីនៃសេចក្ដីអធិប្បាយលើប្រាជ្ញាក្នុងកណ្ឌគម្ពីរយ៉ូបជំពូក២៨ ទាក់ទងនឹងការស៊ីគ្នាក្នុងសាច់រឿងទាំងមូល។ តើនេះអាចជារយៈពេលចន្លោះដែលអ្នករៀបរៀងបានផ្ដល់ឲ្យមុនឈានទៅដល់វគ្គចុងក្រោយមែនឬ? ហើយតើហេតុអ្វីបានជាលោក អេលីហ៊ូវ ដ៏អាថ៌កំបាំងត្រូវបានមានការណែនាំភ្លាមៗក្នុងកណ្ឌគម្ពីរយ៉ូបជំពូក៣២ បន្ទាប់ពីលោក យ៉ូប បានលើកឡើងជាប្រសាសន៍ចុងក្រោយរបស់គាត់? តើអ្នកនិពន្ធបានផ្ដល់តម្រុយអ្វីខ្លះ ទាក់ទងនឹងរបៀបដែលយើងគួរគិតអំពីតួនាទីរបស់លោក អេលីហ៊ូវ ក្នុងកណ្ឌគម្ពីរនេះ?
កណ្ឌគម្ពីរនេះគឺជាស្នាដៃសិល្បៈដ៏ឆ្នើម។ សូមអនុញ្ញាតឲ្យការរៀបរៀងផ្ដល់ជូននូវសាររបស់វា។
៤. ចូលអានពាក្យពេចន៍របស់លោក យ៉ូប ដោយមានការអាណិតអាសូរ
ការឆ្លើយតបដំបូងដែលមានការគោរពជ្រាលជ្រៅលើព្រះរបស់លោក យ៉ូប ទាក់ទងនឹងការរងទុក្ខរបស់គាត់គឺសុទ្ធតែជាពាក្យពេចន៍ដែលយើងសរសើរ (យ៉ូប ១:២១; ២:១០)។ ប៉ុន្តែ បន្ទាប់មកការបាត់បង់របស់គាត់ក៏បានជ្រាបចូល ហើយពាក្យពេចន៍នៃការសោកស្ដាយរបស់គាត់ និងការរអ៊ូរទាំរបស់គាត់ក៏បានហូរចូលយ៉ាងរហ័សដូចជាចរន្តទឹកអញ្ចឹង។ ពន្លឺភ្លឹបភ្លែតដំបូងដែលលោក យ៉ូប មានបទពិសោធន៍លើបានរលត់បាត់ទៅ ហើយភាពងងឹតស្លបក៏បានគ្របបាំងលើ—ពោលគឺភាពងងឹតនាពេលរាត្រីនៃព្រលឹងវិញ្ញាណ។
ការប្រកាសដ៏ឱឡារិករបស់លោក យ៉ូប គឺមិនមែនជាការឆ្លុះបញ្ចាំងដ៏ស្ងប់ស្ងាត់នៃទស្សនវិជ្ជារបស់គាត់ទេ តែវាជាបន្ទុះដ៏ក្ដៅគគុករបស់បុគ្គលម្នាក់ដែលកំពុងតែជាប់ក្នុងទន្លេនៃភាពឈឺចាប់ និងការរងទុក្ខដ៏សែនវេទនា។ សូមចងចាំថា ទោះបីលោក យ៉ូប មានប្រសាសន៍យ៉ាងខ្លាំងៗ ក៏គាត់កំពុងតែបន្តស្វែងរកព្រះជាម្ចាស់ដែរ។ លើសជាងអ្វីៗទាំងអស់ គាត់ចង់ប្រឈមមុខទៅនឹងព្រះជាម្ចាស់។ គាត់បារម្ភលើផ្នែកទំនាក់ទំនងជាងលើការរកបានចម្លើយ។
ហើយនៅចុងក្រោយនោះ ព្រះជាម្ចាស់ក៏បានសរសើរលោក យ៉ូប។ គាត់បានស៊ូទ្រាំក្នុងជំនឿរបស់គាត់ (យ៉ាកុប ៥:១១)។
៥. សូមតយុទ្ធផ្ទាល់ខ្លួនលើសំណួរដែលលោក យ៉ូប បានសួរ
តើលោកអ្នកថ្វាយបង្គំព្រះជាម្ចាស់គ្រាន់តែ ដើម្បីទទួលបានអត្ថប្រយោជន៍ ឬក៏ថាលោកអ្នករាប់ព្រះជាម្ចាស់ថាស័ក្តិសមក្នុងការទទួលការថ្វាយបង្គំ គឺដោយសារលក្ខណសម្បត្តិរបស់ទ្រង់ផ្ទាល់?
សូមអនុញ្ញាតឲ្យការបើកសម្ដែងរបស់ព្រះជាម្ចាស់ក្នុងជំពូកចុងក្រោយធ្វើឲ្យលោកអ្នកផ្ដោតលើសំណួរចម្បងនៃកណ្ឌគម្ពីរ៖ តើខ្ញុំអាចទុកចិត្តលើប្រាជ្ញារបស់ព្រះជាម្ចាស់ក្នុងការធ្វើឲ្យផែនដីរបស់ទ្រង់ដំណើរការល្អខ្លាំងជាងរបស់ខ្ញុំដែរឬទេ?
មិនទាន់មានការដោះស្រាយ ប៉ុន្តែមានការធានាទុក
ប្រាកដណាស់! ការអានកណ្ឌគម្ពីរយ៉ូបទំនងជានឹងនាំឲ្យលោកអ្នកមិនមានដំណោះស្រាយ។
ប៉ុន្តែ វាក៏អាចនាំឲ្យលោកអ្នកសម្លឹងមើលទៅឯសិរីល្អរបស់ព្រះជាម្ចាស់ ខណៈពេលដែលលោកអ្នកប្រឈមមុខនឹងជីវិតដ៏អាថ៌កំបាំងមួយនៅលើពិភពលោកនេះ បង្រៀនឲ្យលោកអ្នកចេះមានការអាណិតអាសូរចំពោះអស់អ្នកដែលកំពុងរងទុក្ខ ហើយឲ្យលោកអ្នកចេះត្រៀមខ្លួនក្នុងការប្រឈមមុខនឹងរឿងវិប្បដិសារីដោយជំនឿ។
មតិយោបល់
Loading…