in ,

រង្វាន់​ពី​កណ្ឌ​គម្ពីរ​យ៉ូប

យើង​ជឿ​ជាក់​ថា គ្រប់​ទាំង​បទ​គម្ពីរ​គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍​សម្រាប់​ការ​បង្រៀន ការ​រម្លឹក​ឲ្យ​ដឹង​ខ្លួន ការ​កែ​តម្រង់ និង​ការ​បង្ហាត់​ខាង​ឯ​សេចក្ដី​សុចរិត (២ធីម៉ូថេ ៣:១៦-១៧)។ ប៉ុន្តែ កណ្ឌ​គម្ពីរ​មួយ​ចំនួន​ដែល​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ​ក៏​យើង​មាន​ការ​ពិបាក​យល់​ខ្លាំង​ជាង​កណ្ឌ​គម្ពីរ​មួយ​ចំនួន​ផ្សេង​ទៀត​ដែរ។

ដើម្បី​អាន​កណ្ឌ​គម្ពីរ​យ៉ូប​ឲ្យ​បាន​ល្អ ដាច់​ខាត​លោក​អ្នក​ត្រូវតែ​ត្រៀម​ខ្លួន​ជា​ស្រេច (ដោយ​ក្នុង​របៀប​ជា​ច្រើន​ទៀត) ក្នុង​កណ្ឌ​គម្ពីរ​យ៉ូប​គឺ​ជា​កណ្ឌ​ដ៏​ពិបាក​មួយ។

កណ្ឌ​គម្ពីរ​យ៉ូប​គឺ​ជា​កណ្ឌ​ដ៏​ពិបាក

កណ្ឌ​គម្ពីរ​យ៉ូប​គឺ​ជា​កណ្ឌ​ដ៏​ពិបាក ពីព្រោះ​វា​បាន​លើក​ឡើង​អំពី​ប្រធាន​បទ​ដ៏​ពិបាក—ពោល​គឺ​ការ​រង​ទុក្ខ។ ហើយ​លោក យ៉ូប ក៏​បាន​រង​ទុក្ខ​យ៉ាង​ពិបាក​ជា​ច្រើន​ដែរ។ ទ្រព្យ​សម្បត្តិ​របស់​គាត់ កូនៗ​របស់​គាត់ និង​សុខភាព​របស់​គាត់—ហើយ​ទាំង​នេះ​យើង​មិន​ទាន់​បាន​លើក​ឡើង​អំពី​ឋានៈ​របស់​គាត់​ក្នុង​សង្គម​ផង—គឺ​ត្រូវ​បាន​ឆក់​ចេញ​ពី​គាត់​យ៉ាង​សាហាវ។ ហើយ​នេះ​គឺជា​ប្រធាន​បទ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់ គឺ​មិន​មែន​សម្រាប់​អ្នក​ដែល​មាន​ចិត្ត​ខ្សោយ​នោះ​ទេ។

កណ្ឌ​គម្ពីរ​យ៉ូប​គឺ​ជា​កណ្ឌ​ដ៏​ពិបាក ពីព្រោះ​វា​មិន​បាន​ផ្ដល់​នូវ​ចម្លើយ​ដ៏​ពេញ​លេញ​ដែល​យើង​ចង់​បាន​នោះ​ឡើយ។ យើង​ចង់​ដឹង​ថា មូល​ហេតុ​អ្វី​បាន​ជា​មនុស្ស​ល្អ និង​មនុស្ស​ដែល​កោត​ខ្លាច​ព្រះ​ជាម្ចាស់​ត្រូវ​បាន​រង​ទុក្ខ ហើយ​កណ្ឌ​គម្ពីរ​នេះ​មិន​បាន​ឆ្លើយ​នូវ​សំណួរ​នេះ​ទាល់​តែ​សោះ។ តាម​ពិត​ទៅ តួនាទី​របស់​ព្រះ​ជាម្ចាស់​ក្នុង​មហន្តរាយ​របស់​លោក យ៉ូប គឺ​មិន​មែន​អ្វី​លើស​ជាង​ការ​ធ្វើ​ឲ្យ​កាន់​តែ​ច្រឡំ​ទៀត​ដែរ។

កណ្ឌ​គម្ពីរ​យ៉ូប​គឺ​ជា​កណ្ឌ​ដ៏​ពិបាក ពីព្រោះ​ជំពូក​ជា​ច្រើន​នៃ​កណ្ឌ​គម្ពីរ​នេះ​គឺ​ជា​ការ​រៀប​រាប់​អំពី​សម្រង់​សម្ដី​របស់​មិត្តភក្ដិ​លោក យ៉ូប ដែល​នៅ​ចុង​ក្រោយ​ព្រះ​ជាម្ចាស់​នឹង​ប្រកាស​ថា​ពាក្យ​ពេចន៍​របស់​ពួក​គាត់​គឺ​សម្ដី​ខុស​ឆ្គង។ ដូច្នេះ តើ​ឲ្យ​យើង​ដឹង​ថា​យើង​គួរ​ជឿ​ទៅ​លើ​អ្វី ហើយ​ដោយ​របៀប​ណា? ហើយ​ប្រសិន​បើ​លោក​អ្នក​ព្យាយាម​អធិប្បាយ​ចេញ​ពី​កណ្ឌ​គម្ពីរ​មួយ​នេះ តើ​ឲ្យ​លោក​អ្នក​អាច​រចនា​សេចក្ដី​អធិប្បាយ​របស់​លោក​អ្នក​លើ​យោបល់​ដ៏​មិន​ត្រឹម​ត្រូវ​របស់​ពួក​គាត់​ដោយ​របៀប​ណា​ទៅ?

ចុះ​ចំណែក​ឯ​លោក យ៉ូប ផ្ទាល់​វិញ? ក្នុង​ការ​សន្ទនា​ដែល​ហាក់​បី​ដូច​ជា​គ្មាន​ការ​បញ្ចប់ របៀប​និយាយ​របស់​លោក យ៉ូប ទៅ​កាន់​ព្រះ​ជាម្ចាស់​ហាក់​បី​ដូច​ជា​មាន​ភាព​ឆេវឆាវ​ជា​ជាង​ការ​អត់​ធ្មត់។ គាត់​បាន​ឈ្លោះ​ប្រកែក​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់ ហើយ​បាន​រអ៊ូរទាំ​អំពី​កាលៈទេសៈ​របស់​គាត់។ កណ្ឌ​គម្ពីរ​មួយ​នេះ​ហាក់​បី​ដូច​ជា​ទុក្ខ​សោក​ដ៏​វែង​មួយ​អញ្ចឹង។ ចុះ​ក្រែង​គ្រីស្ទ​បរិស័ទ​គួរ​តែ​មាន​អំណរ​រាល់​វេលា​មែន​ឬ?

កណ្ឌ​គម្ពីរ​យ៉ូប​គឺ​ជា​កណ្ឌ​ដ៏​ពិបាក ពីព្រោះ ៩៥% នៃ​កណ្ឌ​គម្ពីរ​នេះ​គឺ​ជា​កំណាព្យ។ អក្សរ​សិល្ប៍​កំណាព្យ​ទាម​ទារ​ឲ្យ​មាន​ការ​យល់​ដឹង​ដ៏​ជ្រាល​ជ្រៅ​លើ​ការ​ប្រៀប​ប្រដូច ហើយ​និង​ពាក្យ​ប្រៀប​ធៀប ក៏​ដូច​ជា​អត្ថន័យ​ដែល​មាន​ខុស​គ្នា​តែ​បន្តិចបន្តួច​ដែល​មាន​ភាព​ស្រពិចស្រពិល ទាក់ទង​នឹង​ទម្រង់​ជា​ច្រើន​នៃ​ភាព​ប្រហាក់​ប្រហែល​គ្នា​ក្នុង​ភាសា​ហេប្រឺ។ សមត្ថភាព​របស់​យើង​ក្នុង​ការ​ឲ្យ​តម្លៃ​លើ​លក្ខណៈ​ពិសេស​ទាំង​នេះ​នឹង​កាន់​តែ​ពិបាក​ពេល​ដែល​យើង​ព្យាយាម​ឆ្លង​គន្លង​ដ៏​ធំ​នៃ​ប្រពៃណី​ដែល​បំបែក​យើង​ចេញ​ពី​អ្នក​និពន្ធ​កណ្ឌ​គម្ពីរ។

កណ្ឌ​គម្ពីរ​យ៉ូប​គឺ​ជា​កណ្ឌ​ដ៏​ពិបាក ពីព្រោះ​វា​ជា​កណ្ឌ​ដ៏​វែង​ដែល​មាន ៤២ ជំពូក។ ហើយ​ភាគរយ​ជា​ច្រើន​នៃ​ជំពូក​ទាំង​នោះ​គឺ​ជា​ជំពូក​ដែល​លើក​ឡើង​អំពី​ចំណុច​ដដែលៗ ហើយ​ក៏​គួរ​ឲ្យ​បាក់​ទឹក​ចិត្ត​ទៀត​ផង។ ឧទាហរណ៍៖ លោក យ៉ូប និង​មិត្តភក្ដិ​របស់​គាត់​និយាយ​យ៉ាង​ហូរ​ហែ ឈ្លោះ​ប្រកែក​គ្នា​ម្ដង​ហើយ​ម្ដង​ទៀត ហើយ​ទាំង​សង​ខាង​មិន​មាន​ការ​យោគ​យល់​គ្នា​ទាល់​តែ​សោះ។ គេ​បាន​លើក​ឡើង​ថា «ឃ្លា​សម្គាល់ “ភាព​អត់​ធ្មត់​របស់​លោក យ៉ូប” គួរតែ​ប្តូរ​ទៅ​ជា “ភាព​អត់​ធ្មត់​របស់​អ្នក​អាន​កណ្ឌ​គម្ពីរ​យ៉ូប” វិញ»។ ទំនង​ជា​មាន​សេចក្ដី​ពិត​ក្នុង​ឃ្លា​នេះ​មែន។

របៀប​នៃ​ការ​អាន​គម្ពីរ​យ៉ូប​ដ៏​មាន​អត្ថ​ប្រយោជន៍

ការ​អាន​កណ្ឌ​គម្ពីរ​យ៉ូប​គឺ​ជា​ការ​ដ៏​ពិបាក ប៉ុន្តែ​ភ្លាមៗ​នោះ​វា​ក៏​អាច​ជា​រង្វាន់​ដល់​យើង​ផង​ដែរ។ នៅ​ខាង​ក្រោម​នេះ​គឺ​ជា​ចំណុច ៥ យ៉ាង ដើម្បី​ជួយ​លោក​អ្នក​ក្នុង​ការ​ជីក​យក​កំណប់​នៃ​ទ្រព្យ​សម្បត្តិ​នោះ​បាន៖

១. ចូរ​ឲ្យ​តម្លៃ​លើ​ទម្រង់​នៃ​អក្សរ​សាស្ត្រ​ក្នុង​កណ្ឌ​គម្ពីរ

ការ​បើក និង​ការ​បិទ​ឆាក​នៃ​កណ្ឌ​គម្ពីរ​យ៉ូប​ផ្ដល់​ជូន​នូវ​គម្រោង​នៃ​សាច់​រឿង ប៉ុន្តែ​ចំណុច​ស្នូល​នៃ​កណ្ឌ​គម្ពីរ​នោះ​គឺ​ជា​កំណាព្យ​ចំ​តែ​ម្ដង។ កណ្ឌ​គម្ពីរ​យ៉ូប​គឺ​មិន​មែន​ជា​ការ​រៀប​រៀង​នៃ​ទស្សនវិជ្ជា​ដែល​ដាច់​តែ​ឯង​លើ​លក្ខណៈ​នៃ​ការ​រង​ទុក្ខ​នោះ​ទេ តែ​វា​មាន​លើស​ជាង​បទ​ពិសោធន៍​ដ៏​ពិត​នៃ​ការ​រង​ទុក្ខ​ផ្ទាល់​នោះ​ទៅ​ទៀត ហើយ​ថា​តើ​វា​មាន​ន័យ​យ៉ាង​ដូច​ម្តេច​ចំពោះ​បុគ្គល​ណា​ម្នាក់​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់។

ចំណុច​ពិត​គឺ​ត្រង់​ថា វា​ត្រូវ​បាន​និពន្ធ​ឡើង​ជា​កំណាព្យ​ជា​ជាង​ពាក្យ​សម្រាយ​គឺ​ជា​ការ​ចង្អុល​បង្ហាញ​ថា​វា​គួរ​ប៉ះ​ពាល់​ចិត្ត​របស់​យើង​ដូច​ជា​វា​ប៉ះ​ពាល់​ខួរ​ក្បាល​របស់​យើង​ផង​ដែរ។ ទម្រង់​កំណាព្យ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ភាព​ចលាចល​នៃ​អារម្មណ៍​ដែល​លោក យ៉ូប បាន​ដក​ពិសោធន៍​ទៅ​លើ​បញ្ហា​ហើយ​នឹង​ស្ថាន​ភាព​ដែល​គាត់​កំពុង​តែ​ជួប​ប្រទះ។ ហើយ​ដើម្បី​ឲ្យ​យើង​ឲ្យ​តម្លៃ​លើ​សារ​មួយ​នេះ ដាច់​ខាត​អ្នក​អាន​ត្រូវ​តែ​ព្យាយាម​ជ្រាប​ចូល​ទៅ​ក្នុង​អារម្មណ៍​មួយ​នោះ​ដែរ។ លោក​អ្នក​មិន​អាច​អាន​កណ្ឌ​គម្ពីរ​មួយ​នេះ​ដោយ​គ្មាន​អារម្មណ៍ ហើយ​រំពឹង​ថា​នឹង​ទទួល​បាន​អ្វី​ដែល​វា​មាន​ក្នុង​ការ​ឲ្យ​ដល់​លោក​អ្នក​នោះ​ឡើយ។

ទោះ​បើ​ថា​វា​ទំនង​ជា​មិន​ស្រួល​ប៉ុណ្ណា​ក៏​ដោយ ក៏​ដាច់​ខាត​លោក​អ្នក​ត្រូវតែ​អនុញ្ញាត​ឲ្យ​ខ្លួន​ឯង​ទទួល​នូវ​អារម្មណ៍​ដែល​លោក យ៉ូប បាន​ទទួល​ដែរ។

២. កុំ​អាន​កណ្ឌ​គម្ពីរ​យ៉ូប​លឿន​ពេក

ពិត​ណាស់ មាន​មូល​ហេតុ​ដែល​កណ្ឌ​គម្ពីរ​យ៉ូប​មាន ៤២ ជំពូក។

ភាព​ចលាចល​ខាង​ឯ​អារម្មណ៍​នៃ​ការ​ឈឺ​ចាប់ និង​ការ​កាន់​ទុក្ខ​គឺ​មាន​រយៈ
​ពេល​វែង។ គ្មាន​ចម្លើយ​ងាយៗ ហើយ​ក៏​គ្មាន​ការ​ដោះ​ស្រាយ​បន្ទាន់​ដែរ។ ការ​ព្យាបាល​ទាម​ទារ​ឲ្យ​មាន​ពេល​វេលា។ ហើយ​ការ​សន្ទនា​ដ៏​ឥត​ល្ហែ​រវាង​លោក យ៉ូប និង​មិត្តភក្ដិ​របស់​គាត់ ដែល​មាន​ទាំង​ជម្លោះ និង​ភាព​ច្របូក​ច្របល់ គឺ​ជា​ការ​ត្រាប់​តាម​នៃ​បទ​ពិសោធន៍​ដែល​មាន​ការ​រង​ទុក្ខ​ដ៏​ពិត។ កណ្ឌ​គម្ពីរ​នេះ​មិន​បាន​ផ្ដល់​ជូន​នូវ​ចម្លើយ​យ៉ាង​ច្បាស់​លាស់​លើ​សំណួរ​របស់​លោក យ៉ូប ដែល​នេះ​ជា​ទូ​ទៅ​គឺ​ជា​អ្វី​ដែល​អ្នក​រង​ទុក្ខ​តែង​តែ​ដក​ពិសោធន៍​ជា​រឿយៗ​ក្នុង​ភាព​ឈឺ​ចាប់​របស់​ខ្លួន។ កណ្ឌ​គម្ពីរ​មួយ​នេះ​ផ្ទាល់​គឺ​បាន​លើក​ឡើង​បែប​ជា​រូប​ភាព​នៃ​បទ​ពិសោធន៍​របស់​មនុស្ស​យើង ក្នុង​ពិភព​លោក​ដែល​បាន​ធ្លាក់​នៅ​ក្នុង​អំពើ​បាប ដែល​ចម្លើយ​លើ​សំណួរ​ទាំង​នេះ​តែង​តែ​គេចវេស​ពី​យើង ហើយ​យើង​ក៏​ទទួល​បាន​ការ​ជំរុញ​ដ៏​សាមញ្ញ​ឲ្យ​ទុក​ចិត្ត​ទៅ​លើ​ព្រះ​ជាម្ចាស់​តែ​មួយ។

កណ្ឌ​គម្ពីរ​នេះ​អញ្ជើញ​អ្នក​អាន​ឲ្យ​រួម​ដំណើរ​ដ៏​យូរ ហើយ​ក្នុង​ដំណើរ​ដ៏​យូរ​មួយ​នេះ ជីវិត​យើង​នឹង​ទំនង​ជា​ឆ្លង​កាត់​ភាព​អង្រួន ប៉ុន្តែ​ជា​លទ្ធ​ផល​ចុង​ក្រោយ​យើង​នឹង​ទទួល​បាន​ការ​បំផ្លាស់​បំប្រែ​ជា​មិន​ខាន។

៣. ចូរ​អាន​កណ្ឌ​គម្ពីរ​យ៉ូប​ដោយ​សម្លឹង​មើល​តួឯក​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍

សូម​កត់​សម្គាល់​អំពី​ចំណុច​ខុសៗ​គ្នា​ដ៏​ស្រពិចស្រពិល​ក្នុង​របៀប​ដែល​មិត្តភក្ដិ​ទាំង​បី​នាក់​របស់​លោក យ៉ូប បាន​ប្រឆាំង​ទាស់​នឹង​គាត់ និង​អំពី​របៀប​នៃ​ការ​ជំទាស់​របស់​ពួក​គេ​ទៅ​កាន់​គាត់​បាន​កាន់​តែ​ក្លាយ​ទៅ​ជា​ការ​រិះគន់ និង​បដិបក្ខ។

សូម​គិត​អំពី​តួនាទី​នៃ​សេចក្ដី​អធិប្បាយ​លើ​ប្រាជ្ញា​ក្នុង​កណ្ឌ​គម្ពីរ​យ៉ូប​ជំពូក២៨ ទាក់​ទង​នឹង​ការ​ស៊ីគ្នា​ក្នុង​សាច់​រឿង​ទាំង​មូល។ តើ​នេះ​អាច​ជា​រយៈ​ពេល​ចន្លោះ​ដែល​អ្នក​រៀប​រៀង​បាន​ផ្ដល់​ឲ្យ​មុន​ឈាន​ទៅ​ដល់​វគ្គ​ចុង​ក្រោយ​មែន​ឬ? ហើយ​តើ​ហេតុ​អ្វី​បាន​ជា​លោក អេលី‌ហ៊ូវ ដ៏​អាថ៌កំបាំង​ត្រូវ​បាន​មាន​ការ​ណែនាំ​ភ្លាមៗ​ក្នុង​កណ្ឌ​គម្ពីរ​យ៉ូប​ជំពូក៣២ បន្ទាប់​ពី​លោក យ៉ូប បាន​លើក​ឡើង​ជា​ប្រសាសន៍​ចុង​ក្រោយ​របស់​គាត់? តើ​អ្នក​និពន្ធ​បាន​ផ្ដល់​តម្រុយ​អ្វី​ខ្លះ ទាក់​ទង​នឹង​របៀប​ដែល​យើង​គួរ​គិត​អំពី​តួនាទី​របស់​លោក អេលី‌ហ៊ូវ ក្នុង​កណ្ឌ​គម្ពីរ​នេះ?

កណ្ឌ​គម្ពីរ​នេះ​គឺ​ជា​ស្នាដៃ​សិល្បៈ​ដ៏​ឆ្នើម។ សូម​អនុញ្ញាត​ឲ្យ​ការ​រៀប​រៀង​ផ្ដល់​ជូន​នូវ​សារ​របស់​វា។

៤. ចូល​អាន​ពាក្យ​ពេចន៍​របស់​លោក យ៉ូប ដោយ​មាន​ការ​អាណិតអាសូរ

ការ​ឆ្លើយ​តប​ដំបូង​ដែល​មាន​ការ​គោរព​ជ្រាល​ជ្រៅ​លើ​ព្រះ​របស់​លោក យ៉ូប ទាក់​ទង​នឹង​ការ​រង​ទុក្ខ​របស់​គាត់​គឺ​សុទ្ធតែ​ជា​ពាក្យ​ពេចន៍​ដែល​យើង​សរសើរ (យ៉ូប ១:២១; ២:១០)។ ប៉ុន្តែ បន្ទាប់​មក​ការ​បាត់​បង់​របស់​គាត់​ក៏​បាន​ជ្រាប​ចូល ហើយ​ពាក្យ​ពេចន៍​នៃ​ការ​សោក​ស្ដាយ​របស់​គាត់ និង​ការ​រអ៊ូរទាំ​របស់​គាត់​ក៏​បាន​ហូរ​ចូល​យ៉ាង​រហ័ស​ដូច​ជា​ចរន្ត​ទឹក​អញ្ចឹង។ ពន្លឺ​ភ្លឹបភ្លែត​ដំបូង​ដែល​លោក យ៉ូប មាន​បទ​ពិសោធន៍​លើ​បាន​រលត់​បាត់​ទៅ ហើយ​ភាព​ងងឹត​ស្លប​ក៏​បាន​គ្រប​បាំង​លើ—ពោល​គឺ​ភាព​ងងឹត​នា​ពេល​រាត្រី​នៃ​ព្រលឹង​វិញ្ញាណ។

ការ​ប្រកាស​ដ៏​ឱឡារិក​របស់​លោក យ៉ូប គឺ​មិន​មែន​ជា​ការ​ឆ្លុះ​បញ្ចាំង​ដ៏​ស្ងប់​ស្ងាត់​នៃ​ទស្សន​វិជ្ជា​របស់​គាត់​ទេ តែ​វា​ជា​បន្ទុះ​ដ៏​ក្ដៅ​គគុក​របស់​បុគ្គល​ម្នាក់​ដែល​កំពុង​តែ​ជាប់​ក្នុង​ទន្លេ​នៃ​ភាព​ឈឺ​ចាប់ និង​ការ​រង​ទុក្ខ​ដ៏​សែន​វេទនា។ សូម​ចង​ចាំ​ថា ទោះ​បី​លោក យ៉ូប មាន​ប្រសាសន៍​យ៉ាង​ខ្លាំងៗ ក៏​គាត់​កំពុង​តែ​បន្ត​ស្វែង​រក​ព្រះ​ជាម្ចាស់​ដែរ។ លើស​ជាង​អ្វីៗ​ទាំង​អស់ គាត់​ចង់​ប្រឈម​មុខ​ទៅ​នឹង​ព្រះ​ជាម្ចាស់។ គាត់​បារម្ភ​លើ​ផ្នែក​ទំនាក់​ទំនង​ជាង​លើ​ការ​រក​បាន​ចម្លើយ។

ហើយ​នៅ​ចុង​ក្រោយ​នោះ ព្រះ​ជាម្ចាស់​ក៏​បាន​សរសើរ​លោក យ៉ូប។ គាត់​បាន​ស៊ូទ្រាំ​ក្នុង​ជំនឿ​របស់​គាត់ (យ៉ាកុប ៥:១១)។

៥. សូម​តយុទ្ធ​ផ្ទាល់​ខ្លួន​លើ​សំណួរ​ដែល​លោក យ៉ូប បាន​សួរ

តើ​លោក​អ្នក​ថ្វាយ​បង្គំ​ព្រះ​ជាម្ចាស់​គ្រាន់​តែ ដើម្បី​ទទួល​បាន​អត្ថ​ប្រយោជន៍ ឬ​ក៏​ថា​លោក​អ្នក​រាប់​ព្រះ​ជាម្ចាស់​ថា​ស័ក្តិសម​ក្នុង​ការ​ទទួល​ការ​ថ្វាយ​បង្គំ គឺ​ដោយ​សារ​លក្ខណ​សម្បត្តិ​របស់​ទ្រង់​ផ្ទាល់?

សូម​អនុញ្ញាត​ឲ្យ​ការ​បើក​សម្ដែង​របស់​ព្រះ​ជាម្ចាស់​ក្នុង​ជំពូក​ចុង​ក្រោយ​ធ្វើ​ឲ្យ​លោក​អ្នក​ផ្ដោត​លើ​សំណួរ​ចម្បង​នៃ​កណ្ឌ​គម្ពីរ៖ តើ​ខ្ញុំ​អាច​ទុក​ចិត្ត​លើ​ប្រាជ្ញា​របស់​ព្រះ​ជាម្ចាស់​ក្នុង​ការ​ធ្វើ​ឲ្យ​ផែនដី​របស់​ទ្រង់​ដំណើរ​ការ​ល្អ​ខ្លាំង​ជាង​របស់​ខ្ញុំ​ដែរ​ឬ​ទេ?

មិន​ទាន់​មាន​ការ​ដោះ​ស្រាយ ប៉ុន្តែ​មាន​ការ​ធានា​ទុក

ប្រាកដ​ណាស់! ការ​អាន​កណ្ឌ​គម្ពីរ​យ៉ូប​ទំនង​ជា​នឹង​នាំ​ឲ្យ​លោក​អ្នក​មិន​មាន​ដំណោះ​ស្រាយ។

ប៉ុន្តែ វា​ក៏​អាច​នាំ​ឲ្យ​លោក​អ្នក​សម្លឹង​មើល​ទៅ​ឯ​សិរី​ល្អ​របស់​ព្រះ​ជាម្ចាស់ ខណៈ​ពេល​ដែល​លោក​អ្នក​ប្រឈម​មុខ​នឹង​ជីវិត​ដ៏​អាថ៌កំបាំង​មួយ​នៅ​លើ​ពិភព​លោក​នេះ បង្រៀន​ឲ្យ​លោក​អ្នក​ចេះ​មាន​ការ​អាណិតអាសូរ​ចំពោះ​អស់​អ្នក​ដែល​កំពុង​រង​ទុក្ខ ហើយ​ឲ្យ​លោក​អ្នក​ចេះ​ត្រៀម​ខ្លួន​ក្នុង​ការ​ប្រឈម​មុខ​នឹង​រឿង​វិប្បដិសារី​ដោយ​ជំនឿ។

និពន្ធ​ដោយ៖ លោក​គ្រូ Bill Kynes
បកប្រែដោយ៖ លោក​គ្រូ ឈាង បូរ៉ា
កែសម្រួលដោយ៖ ​លោក ទេព រ៉ូ, លោក ខែម បូឡុង និងលោក​ស្រី ឡូញ ស្រីរដ្ឋ
ដកស្រង់ខ្លះៗចេញពី www.thegospelcoalition.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

​ឮ​ព្រះនាម​ព្រះយេស៊ូវ

មូល​ហេតុ​៥​យ៉ាង​ក្នុង​ការ​ជឿ​ថា ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​ឡើង​វិញ