in

អំពើបាប

ទិស​ខាង​កើត​នៅ​ឆ្ងាយ​ពី​ទិស​ខាង​លិច​យ៉ាង​ណា
ដោយ​សារ​តែ​ព្រះ​គ្រីស្ទ នោះ​អំពើ​បាប​របស់​យើង​មិន​អាច​បំបែក​បំបាក់​យើង​ចេញ​ពី​ព្រះ​ជាម្ចាស់​បាន​ឡើយ។ ជា​ការ​ពិត​ណាស់ នៅ​ពេល​ដែល​យើង​លន់តួ​អំពើ​បាប​របស់​យើង ហើយ​ទទួល​ជឿ​ទ្រង់ នោះ​ព្រះ​ជាម្ចាស់​បាន​សម្អាត​យើង​ចេញ​ពី​អំពើ​ទុច្ចរិត ហើយ​ព្រះ​អង្គ​បាន​រាប់​យើង​ថា ជា​បុត្រា​បុត្រី​របស់​ទ្រង់។ សូម​ឲ្យ​លោក​អ្នក​បង​ប្អូន​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​តាម​រយៈ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ និង​តាម​រយៈ​ខ​គម្ពីរ​ទាំង​នេះ និង​ការ​ពន្យល់​ត្រួសៗ​ដែល​បាន​ដក​ស្រង់​ចេញ​ពី​ការ​សិក្សា​ព្រះ​គម្ពីរ ESV។

កាឡាទី ៥:១៩-២១
«រីឯ​កិច្ចការ​ខាង​សាច់​ឈាម នោះ​ប្រាកដ​ច្បាស់​ហើយ គឺ​ជា​សេចក្តី កំផិត សហាយស្មន់ ស្មោកគ្រោក អាសអាភាស ថ្វាយ​បង្គំ​រូប​ព្រះ មន្តអាគម សំអប់​គ្នា ឈ្លោះ​ប្រកែក ឈ្នានីស កំហឹង ទាស់ទែង​គ្នា បាក់​បែក បក្សពួក ច្រណែន កាប់​សំឡាប់ ប្រមឹក ស៊ី​ផឹក​ជ្រុល និង​ការ​អ្វី​ទៀត ដែល​ស្រដៀង​នឹង​សេចក្តី​ទាំង​នេះ​ផង ហើយ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ទុក​ជា​មុន ដូច​ជា​បាន​ប្រាប់​រួច​មក​ហើយ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​ដូច្នេះ នោះ​មិន​បាន​គ្រង​នគរ​ព្រះ ទុក​ជា​មរដក​ឡើយ»។

ឃ្លា «កិច្ចការ​ខាង​សាច់​ឈាម» មាន​ន័យ​ថា សកម្មភាព​ទាំង​ឡាយ​ណា​ដែល​បាន​កើត​ចេញ​ពី​ការ​ធ្លាក់​ចុះ​របស់​មនុស្ស និង​បំណង​ប្រាថ្នា​របស់​វា។ ដោយ​ឡែក​ពី​កិច្ចការ​បំផ្លាស់​បំប្រែ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ទាំង​នេះ​គឺ​ជា​សកម្មភាព​ដែល​មនុស្ស​មាន​បាប​ធ្វើ​តាម​សភាវគតិ។ ទាំង​នេះ​គឺ​ជា​ភ័ស្ដុតាង​នៃ​ការ​មាន​បំណង​ចង់​មាន​ទំនាក់​ទំនង​ជា​មួយ​ផ្នែក​ខាង​ឯ​ព្រលឹង​វិញ្ញាណ​តាម​រយៈ​មនុស្ស​ដែល​បាន​បង្កើត​ដែល​មាន​ន័យ​ថា៖ ពួក​គេ​សន្មត​ថា​មាន​ព្រះ​ពេល​គេ​ឈាន​ដល់​ទី​បញ្ចប់ ប៉ុន្តែ​ពួក​គេ​បដិសេធ​នូវ​អ្វី​ដែល​ព្រះ​គម្ពីរ​បាន​បើក​សម្ដែង​ទាក់​ទង​នឹង​របៀប​ដែល​យើង​គួរ​ថ្វាយ​បង្គំ​ទ្រង់។ ហើយ​ដោយ​សារ​ព្រះ​គ្រីស្ទ​ទ្រង់​គឺ «ជា​ផ្លូវ ជា​សេចក្តី​ពិត ហើយ​ជា​ជីវិត» នោះ​គ្រប់​ទាំង​ផ្លូវ​ផ្សេង​ទៀត​ទៅ​កាន់​ព្រះ​ជាម្ចាស់​ក្រៅ​ពី​នេះ​សុទ្ធ​តែ​មិន​ពិត។

នៅ​ពេល​មនុស្ស​បដិសេធ​ព្រះ​ជាម្ចាស់ នោះ​ពួក​គេ​បែរ​មក​រក​ផ្លូវ​របស់​ខ្លួន​វិញ ដូច្នេះ​ហើយ ទំនាក់​ទំនង​រវាង​មនុស្ស​និង​មនុស្ស ក៏​ត្រូវ​បាន​បាក់​បែក​ផង​ដែរ។ ភាព​ច្រណែន​កើត​ឡើង​នៅ​ពេល​ដែល​មនុស្ស​មិន​ចេះ​ស្កប់​ចិត្ត​នូវ​អ្វី​ដែល​ព្រះ​ជាម្ចាស់​បាន​ប្រទាន​ដល់​ពួក​គេ ប៉ុន្តែ​ផ្ទុយ​ពី​នេះ ពួក​គេ​ចង់​បាន​អ្វី​ដែល​ព្រះ​ជាម្ចាស់​បាន​ប្រទាន​ដល់​អ្នក​ដទៃ​ទៅ​វិញ។ ការ​ញៀន​គ្រឿង​ស្រវឹង និង​អំពើ​អបាយមុខ​គឺ​ជា​គំរូ​នៃ​ការ​ដែល​មនុស្ស​ប្រើប្រាស់​អំណោយ​ទាន​ល្អៗ​របស់​ព្រះ​ជាម្ចាស់​នៅ​ក្នុង​ការ​បំផ្លិច​បំផ្លាញ និង​ក្នុង​របៀប​ពោរពេញ​ទៅ​ដោយ​អំពើ​បាប ដើម្បី​បះបោរ​ទាស់​ប្រឆាំង​នឹង​ព្រះ​ជាម្ចាស់​ដែល​ទ្រង់​ជា​អង្គ​ដែល​ប្រទាន​គ្រប់​របស់​ទាំង​អស់​ដោយ​សប្បុរស។ នៅ​ក្នុង​សម័យ​សញ្ញា​ចាស់ ស្រា​ទំពាំង​បាយ​ជូរ​មាន​ការ​ពាក់​ព័ន្ធ​ជា​មួយ​អំណរ និង​ការ​ជប់​លៀង (នេហេមា ៨:១០; ទំនុកតម្កើង ១០៤:១៥; សូម​មើល​នៅ​ក្នុង​កណ្ឌ​គម្ពីរ យ៉ូហាន ២:៣) ប៉ុន្តែ​នៅ​ពេល​ដែល​គេ​ឃើញ​ថា​ផឹក​លើស​កំណត់​បាន​បណ្ដាល​ឲ្យ​មាន​រៀង​រ៉ាវ​ជា​ច្រើន (សុភាសិត ២០:១; ២១:១៧; ២៣:២៩-៣៥) ហើយ​ការ​ញៀន​ក្នុង​ការ​សេព​គ្រឿង​ស្រវឹង​គឺ​មាន​ការ​ថ្កោល​ទោស​ពាស​ពេញ​នៅ​ក្នុង​បទ​គម្ពីរ​ដែរ (អេភេសូរ ៥:១៨)។ ការ​រួម​ភេទ គឺ​ជា​អំណោយ​ទាន​ដ៏​មាន​តម្លៃ​សម្រាប់​ប្ដី និង​ប្រពន្ធ ប៉ុន្តែ​នៅ​ពេល​គេ​រំលោភ​បំពាន​លើ​ចំណុច​នេះ នោះ​វា​ក៏​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​អ្នក​ដែល​បាន​ពាក់​ព័ន្ធ​ដែរ (១កូរិនថូស ៦:១៨)។

ចំពោះ​ឃ្លា​បច្ចុប្បន្ន និង​អតីតកាល​ដែល​កំពុង​មាន​សកម្មភាព (ពាក្យ​ក្រិក «ប្រាសិនថេស៍» “Prassontes” បាន​បក​ប្រែ​នៅ​ទី​នេះ​ថា «ប្រព្រឹត្ត») សំដៅ​ទៅ​លើ​អស់​អ្នក​ណា​ដែល «តែង​តែ​អនុវត្ត​ក្នុង​ការ​ប្រព្រឹត្ត​» អ្វី​មួយ ដូច​ជា​លំនាំ​មួយ​នៃ​ជីវិត។ អាកប្បកិរិយា​ខាង​ក្រៅ​របស់​ពួក​គេ​បង្ហាញ​អំពី​ស្ថាន​ភាព​ខាង​ក្នុង​នៃ​ឯ​ព្រលឹង​វិញ្ញាណ​​របស់​ខ្លួន៖ ដែល​ថា​ពួក​គេ​មិន​មែន​កើត​មក​ពី​ព្រះ​ជាម្ចាស់​នោះ​ទេ មិន​មាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​គង់​នៅ​ជា​មួយ ហើយ​ក៏​មិន​មែន​ជា​បុត្រា​បុត្រី​របស់​ព្រះ​ជាម្ចាស់​ដ៏​ពិត​ប្រាកដ​នោះ​ទេ។

យ៉ាកុប ១:១៤-១៥

«តែ​ដែល​គ្រប់​គ្នា​កើត​មាន​សេចក្តី​ល្បួង នោះ​គឺ​ដោយសារ​តែ​សេចក្តី​ប៉ងប្រាថ្នា​របស់​ខ្លួន​នាំ​ប្រទាញ ហើយ​លួង​លោម​ទេ រួច​កាល​ណា​សេចក្តី​ប៉ង​ប្រាថ្នា​ជាប់​មាន​ជា​ផ្ទៃ នោះ​សំរាល​ចេញ​មក​ជា​អំពើ​បាប ហើយ​កាល​ណា​បាប​បាន​ពោរពេញ​ឡើង នោះ​ក៏​បង្កើត​ជា​សេចក្តី​ស្លាប់»។

«សេចក្តី​ល្បួង និង​សេចក្តី​ប៉ងប្រាថ្នា​» គឺ​ជា​ការ​ប្រៀប​ធៀប​ទៅ​នឹង​ការ​ស្ទូច​ត្រី​ដែល​ទាក់​ទាញ​នាំ​ត្រី​ចេញ​ពី​សម្បុក ដើម្បី​ឲ្យ​ជាប់​អន្ទាក់​ផ្លែ​សន្ទូច​នៃ​សេចក្ដី​ស្លាប់។ នេះ​គឺ​ជា​សេចក្ដី​ប៉ង​ប្រាថ្នា​ដ៏​អាក្រក់​របស់​មនុស្ស​ដែល​ជាប់​អន្ទាក់។ នៅ​ក្នុង​កណ្ឌ​គម្ពីរ ១ពេត្រុស ៥:៨-៩ វា​គឺ​ជា​សាតាំង​ដែល​ជា​អ្នក «រក​អ្នក​ណា​ដែល​វា​នឹង​ត្របាក់​លេប​បាន»។ អំពើ​បាប​គឺ​មិន​មែន​មក​ពី​កំហុស​របស់​ព្រះ​ជាម្ចាស់​ទាល់​តែ​សោះ។ រូប​ភាព​នេះ​ប្ដូរ​ទៅ​ជា​ការ​ប្រៀប​ធៀប​ចំពោះ​ការ​កើត/កើត​ឡើង​វិញ ទៅ​ជា​ការ​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​ពេញ​លេញ​ដែល​បង្កើត​បាន​កូន​ខ្លួន​ឯង​ដែល​ជា​អំពើ​បាប ហើយ​ដែល​អំពើ​បាប​នោះ​ឯង​បាន​ធំ​ធាត់​ពេញ​វ័យ​ឡើង ហើយ​ក៏​បាន​បង្កើត​បាន​ចៅ​ដែល​ជា​សេចក្ដី​ស្លាប់។ ការ​រៀប​រាប់​ដ៏​ល្អ​ក្បោះ​ក្បាយ​មួយ​នេះ​បង្ហាញ​អំពី​លទ្ធផល​យ៉ាង​អាក្រក់​នៅ​ពេល​ដែល​នរណា​ម្នាក់​ធ្លាក់​ទៅ​ក្នុង​សេចក្ដី​ល្បួង។

លោកុប្បត្ដិ ៣:៦

«កាល​ស្ត្រី​បាន​ឃើញ​ថា ផ្លែ​ឈើ​នោះ​បរិភោគ​បាន ក៏​ជា​ទី​គាប់​ដល់​ភ្នែក ហើយ​ជា​ដើម​ដែល​ល្មម​គួរ​នឹង​ចង់​បាន ដើម្បី​ឲ្យ​បាន​ប្រាជ្ញា នោះ​នាង​ក៏​យក​ផ្លែ​មក​បរិភោគ ព្រម​ទាំង​ចែក​ឲ្យ​ដល់​ប្តី​ដែរ គាត់​ក៏​បរិភោគ​តាម»។

នៅ​ក្នុង​សួន​ច្បារ អេដែន ដូច​គ្នា​ទៅ​នឹង​ដើម​ឈើ​ផ្សេងៗ​ដែរ យើង​ឃើញ​ថា ដើម​ដឹង​ខុស​ត្រូវ​គឺ​ជា​ដើម​ដែល
«ជា​ទី​គាប់​ភ្នែក ហើយ​បរិភោគ​បាន» (២:៩)។ រឿង​ដែល​ហួស​ចិត្ត​នោះ​គឺ​យើង​មិន​ដឹង​ថា សាតាំង​បាន​ធ្វើ​ឲ្យ​ស្ត្រី​នោះ​មិន​ស្កប់​ចិត្ត​នឹង​ដើម​ឈើ​ដទៃ​ទៀត​ដែល​ព្រះ​ជាម្ចាស់​បាន​អនុញ្ញាត​ឲ្យ​បរិភោគ​ដោយ​របៀប​ណា​នោះ​ទេ ប៉ុន្តែ​វា​បាន​ធ្វើ​ឲ្យ​នាង​ផ្ដោត​បំណង​ប្រាថ្នា​របស់​នាង​ទៅ​លើ​ដើម​ឈើ​មួយ​នោះ​វិញ។ គាត់​មាន​ចំណាប់​អារម្មណ៍​ដ៏​ពេញ​ដោយ​គ្រោះ​ថ្នាក់​យ៉ាង​ខ្លាំង ជាក់​ស្ដែង វា​គឺ​ជា​សមត្ថភាព​ក្នុង​ការ​ធ្វើ​ឲ្យ​ម្នាក់​មាន​ប្រាជ្ញា—មាន​ប្រាជ្ញា តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​នេះ​មិន​មែន​ជា​ប្រាជ្ញា​ដែល​ស្រប​តាម «សេចក្តី​កោតខ្លាច​ដល់​ព្រះ​យេហូវ៉ា» ដែរ (សុភាសិត ១:៧; ៩:១០)។ ការ​ដែល​លោក អ័ដាម បាន​នៅ «ជា​មួយ​នាង» ហើយ​គាត់​បាន​បរិភោគ​ដោយ​ដឹង​ពី​អ្វី​ដែល​ព្រះ​ជាម្ចាស់​បាន​ហាម​ប្រាម​បង្ហាញ​ថា អំពើ​បាប​របស់​គាត់​គឺ​ជា​ទង្វើ​ពីរ​យ៉ាង៖ ជា​ការ​ដែល​ប្រព្រឹត្តិ​ដោយ​មាន​មនសិការ​ទាស់​ប្រឆាំង​នឹង​ព្រះ​ជាម្ចាស់ និង​ការ​បរាជ័យ​ក្នុង​ការ​អនុវត្ត​ទំនួល​ខុស​ត្រូវ​ដែល​ព្រះ​ជាម្ចាស់​បាន​ប្រទាន​ដល់​គាត់​ក្នុង​ការ​ការពារ ឬ «រក្សា» (លោកុប្បត្ដិ ២:១៥) ទាំង​សួន​ច្បារ និង​ស្ត្រី ដែល​ព្រះ​ជាម្ចាស់​បាន​បង្កើត​ស្ត្រី​មក​ឲ្យ​ធ្វើ​ជា «អ្នក​ជំនួយ​ដ៏​ស័ក្ដិសម​សម្រាប់​គាត់» (លោកុប្បត្ដិ ២:១៨; ២០)។ យើង​មិន​អាច​រៀប​រាប់​យ៉ាង​ក្បោះ​ក្បាយ​អំពី​គ្រោះ​ថ្នាក់​នៃ​ផលកម្ម​ដ៏​អាក្រក់​នៃ​អំពើ​បាប​របស់​លោក អ័ដាម បាន​ឡើយ៖ នាំ​ឲ្យ​មនុស្ស​ជាតិ​ទាំង​អស់​ធ្លាក់​ក្នុង​អំពើ​បាប ការ​ចាប់​ផ្ដើម​នៃ​ការ​មាន​អំពើ​បាប​គ្រប់​បែប​យ៉ាង ការ​រង​ទុក្ខ និង​ការ​ឈឺ​ចាប់ ក៏​ដូច​ជា​ការ​ស្លាប់​ទាំង​រូប​កាយ និង​ព្រលឹង​វិញ្ញាណ​របស់​មនុស្ស​យើង​ផង​ដែរ។

រ៉ូម ៦:១២-១៤

«ហេតុ​នេះ កុំ​ឲ្យ​បាប​សោយ​រាជ្យ​ក្នុង​រូបកាយ​របស់​អ្នក​រាល់​គ្នា ដែល​តែង​តែ​ស្លាប់ ដើម្បី​នឹង​ស្តាប់​តាម​សេចក្តី​ប៉ងប្រាថ្នា​របស់​បាប​នោះ​ឡើយ ក៏​កុំ​ឲ្យ​ប្រគល់​អវយវៈ​ទាំង​ប៉ុន្មាន របស់​អ្នក​រាល់​គ្នា​ទៅ​ក្នុង​អំពើ​បាប ទុក​ដូច​ជា​ប្រដាប់​ទុច្ចរិត​នោះ​ឡើយ គឺ​ត្រូវ​ប្រគល់​ខ្លួន​ទៅ​ព្រះ ដូច​ជា​បាន​រស់​ពី​ស្លាប់​នោះ​ឡើង​វិញ ហើយ​ថ្វាយ​អវយវៈ​របស់​អ្នក​រាល់​គ្នា​ទៅ​ព្រះ ទុក​ដូច​ជា​ប្រដាប់​ប្រដា​សុចរិត​ផង ដ្បិត​បាប​មិន​ត្រូវ​មាន​អំណាច​លើ​អ្នក​រាល់​គ្នា​ទៀត​ឡើយ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​មិន​នៅ​ក្រោម​ក្រឹត្យវិន័យ គឺ​នៅ​ក្រោម​ព្រះ​គុណ​វិញ»។

ភាព​តាន​តឹង​ដែល​បាន​កើត​ឡើង​នៅ​ទី​នេះ​គឺ​រវាង​អ្វី​ដែល​ព្រះ​ជាម្ចាស់​បាន​ធ្វើ​សម្រេច​រួច​ហើយ និង​ការ​មាន​ទំនួល​ខុស​ត្រូវ​នៃ​ប្រជារាស្ត្រ​របស់​ទ្រង់​ក្នុង​ការ​ស្ដាប់​បង្គាប់​ទ្រង់។ ពួក​គេ​នៅ​តែ​ទទួល​បាន​នូវ​សេចក្ដី​ល្បួង​ពី​បំណង​ប្រាថ្នា​ក្នុង​ការ​ប្រព្រឹត្ត​បាប ហើយ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​បំណង​ប្រាថ្នា​ទាំង​នោះ​គ្រប់​គ្រង​លើ​យើង​បាន​ឡើយ។ រៀង​រាល់​ថ្ងៃ ពួក​គេ​ត្រូវ​តែ​ថ្វាយ​ខ្លួន​ជា​ថ្មី​ទៅ​កាន់​ព្រះ​ជាម្ចាស់។ ឃ្លា​ដែល​ថា «អំពើ​បាប​នឹង​មិន​មាន​អំណាច​លើ​លោក​អ្នក​បាន​ទេ» មិន​មែន​ជា​បញ្ញត្តិ​នោះ​ទេ ប៉ុន្តែ​មាន​សេចក្ដី​សន្យា​មួយ​ដែល​ថា អំពើ​បាប​នឹង​មិន​អាច​យក​ជ័យ​ជម្នះ​នៅ​ក្នុង​ជីវិត​រស់​នៅ​របស់​គ្រីស្ទ​បរិស័ទ​បាន​ឡើយ។ ដោយ​សារ​ពួក​គាត់​រស់​នៅ​ក្នុង​សម័យ​កាល​ថ្មី​នៃ​ការ​បំពេញ ពួក​គាត់​មិន​រស់​នៅ​ក្រោម​សម័យ​កាល​ចាស់​នៃ​ប្រវត្តិសាស្ត្រ​នៃ​ការ​ប្រោស​លោះ​ទៀត​ឡើយ៖ ដែល​នេះ​មាន​ន័យ​ថា ពួក​គាត់​មិន​នៅ​ក្រោម​ក្រឹត្យ​វិន័យ​ទៀត​ទេ ដែល​ក្រឹត្យ​វិន័យ​របស់​លោក ម៉ូសេ និង​អំពើ​បាប​បាន​គ្រប់​គ្រង​លើ​រាស្ត្រ​របស់​ព្រះ​ជាម្ចាស់។ ផ្ទុយ​ទៅ​វិញ នៅ​ក្រោម​ព្រះ​គុណ ដែល​មាន​ន័យ​ថា យើង​រស់​នៅ​ក្រោម​សម្ព័ន្ធ​មេត្រី​ថ្មី​នៅ​ក្នុង​ព្រះ​គ្រីស្ទ នៅ​ក្នុង​សម័យ​កាល​ដែល​បាន​កំណត់​ដោយ​ព្រះ​គុណ (សូម​ប្រៀប​ធៀប​នៅ​ក្នុង​កណ្ឌ​គម្ពីរ រ៉ូម ៣:២៤; ៤:១៦; រ៉ូម ៥:២; ១៥-២១)។

កូឡូស ៣:៥-៦

«ដូច្នេះ ចូរ​សម្លាប់​និស្ស័យ​សាច់​ឈាម​របស់​អ្នក​រាល់​គ្នា ដែល​នៅ​ផែនដី​នេះ​ចេញ គឺ​ជា​ការ​សហាយស្មន់​ស្មោកគ្រោក សម្រើប​សម្រាល ប៉ង​ប្រាថ្នា​អាក្រក់ និង​សេចក្តី​លោភ ដែល​រាប់​ទុក​ដូច​ជា​ការ​ថ្វាយ​បង្គំ​រូប​ព្រះ គឺ​ដោយ​ហេតុ​សេចក្តី​ទាំង​នោះ បាន​ជា​សេចក្តី​ខ្ញាល់​របស់​ព្រះ​មក​លើ​ពួក​មនុស្ស​រឹង​ចចេស»។

ដោយ​ពឹង​​លើ​ការ​ស្លាប់ និង​រស់​ឡើង​វិញ​របស់​ពួក​គេ​ជា​មួយ​ព្រះ​គ្រីស្ទ និង​សេចក្ដី​សង្ឃឹម​នៃ​ជីវិត​នៅ​អនាគត​ជា​មួយ​ទ្រង់ សាវ័ក ប៉ុល លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​នៅ​ទី​ក្រុង កូឡូស ឲ្យ​បន្ត​បញ្ឈប់​អាកប្បកិរិយា​ដ៏​ពោរពេញ​ដោយ​អំពើ​បាប​ចេញ​ពី​ជីវិត​រស់​នៅ​របស់​ពួក​គេ និង​បណ្ដុះ​បណ្ដាល​លក្ខណសម្បត្តិ​នៅ​ក្នុង​គ្រីស្ទ​បរិស័ទ។ សាវ័ក ប៉ុល បាន​ហៅ​បណ្ដា​ជន​នៅ​ក្នុង​ទី​ក្រុង កូឡូស ឲ្យ​មាន​ការ​សម្រេច​ចិត្ត​ជា​មួយ​នឹង​ការ​មាន​ទំនោរ​ចំពោះ​អំពើ​បាប​ដែល​ពួក​គាត់​បាន​អនុវត្ត​នៅ​ក្នុង​ជីវិត​ជា​គ្រីស្ទ​បរិស័ទ​របស់​ខ្លួន។ ដោយ​សារ​អ្នក​ជឿ​បាន​ស្លាប់​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ (កូឡូស ២:២០; ៣:៣) នោះ​ពួក​គេ​អាច​ដក​ចេញ​ពី​ការ​ប្រព្រឹត្ត​អំពើ​បាប​របស់​ពួក​គេ​បាន (រ៉ូម ៦:១១; ៨:១៣)។ ភាសា​ដែល​ប្រើ​ប្រាស់​សម្រាប់​ការ​សម្លាប់​ចង្អុល​បង្ហាញ​ថា គ្រីស្ទ​បរិស័ទ​ត្រូវ​មាន​វិធាន​ការ​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ការ​យក​ឈ្នះ​លើ​អំពើ​បាប។ ការ​ចាំ​យាម និង​ការ​អធិស្ឋាន​ទាស់​ប្រឆាំង​នឹង​វា​គឺ​ជា​ជំហាន​ដំបូង (ម៉ាថាយ ២៦:៤១) ជា​មួយ​និង​ការ​ការ​លត់ដំ​តាម​ដំបូន្មាន (ម៉ាថាយ ៥:២៩-៣០)។ ភាព​អសីលធម៌​ខាង​ឯ​ផ្លូវ​ភេទ (ដែល​ភាសា​ក្រិក​ហៅ​ថា «ភននេអា» “porneia”) សំដៅ​ទៅ​លើ​ការ​មាន​សកម្មភាព​ផ្លូវ​ភេទ​គ្រប់​បែប​យ៉ាង​ដែល​ស្ថិត​នៅ​ក្រៅ​ចំណង​អាពាហ៍ពិពាហ៍។ ចំណុច​ប្រាំ​យ៉ាង​ដែល​សាវ័ក ប៉ុល បាន​លើក​ឡើង​ទាក់​ទង​នឹង​ភាព​បរិសុទ្ធ​ខាង​ផ្លូវ​ភេទ កំពុង​សង្កត់​ធ្ងន់​លើ​សារៈ​សំខាន់​នៃ​ការ​នាំ​យក​ផ្នែក​មួយ​នៃ​ជីវិត​នេះ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង និង​ការ​ដឹក​នាំ​របស់​ព្រះ​គ្រីស្ទ។ ភាព​លោភ​លន់ អំពើ​បាប​ខាង​ឯ​ផ្លូវ​ភេទ និង​អំពើ​អាក្រក់​ផ្សេងៗ​ទៀត​អាច​ជ្រៀត​ចូល​ក្នុង​ទំនាក់​ទំនង​នរណា​ម្នាក់​ជា​មួយ​ព្រះ​ជាម្ចាស់ ដោយ​យក​កន្លែង​ជំនួស​របស់​ទ្រង់​ក្នុង​ការ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ភក្ដី​ភាព​របស់​ទ្រង់។

រ៉ូម ៣:៩-១២

អញ្ចឹង តើ​មាន​អ្វី​បន្ទាប់​ទៀត? តើ​យើង​ជា​សាសន៍​យូដា​ដែល​ប្រសើរ​ជាង​ឬ? ទេ មិន​មែន​បែប​ហ្នឹង​ទាល់​តែ​សោះ។ ដ្បិត​យើង​ទាំង​អស់​គ្នា​បាន​នៅ​ក្នុង​ការ​ទាំង​នោះ​រួច​ហើយ ទាំង​សាសន៍​យូដា និង​សាសន៍​ក្រិក ស្ថិត​នៅ​ក្រោម​អំពើ​បាប ដូច​ដែល​មាន​សេចក្ដី​ចែង​ទុក​មក​ថា «គ្មាន​អ្នក​ណា​សុចរិត​សោះ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង គ្មាន​អ្នក​ណា​ដែល​យល់ គ្មាន​អ្នក​ណា​ដែល​ស្វែង​រក​ព្រះ គ្រប់​គ្នា​បាន​បែរ​ចេញ ហើយ​ត្រឡប់​ជា​ឥត​ប្រយោជន៍​ទាំង​អស់​គ្នា គ្មាន​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​សេចក្តី​សប្បុរស​សោះ តែ​ម្នាក់​ក៏​គ្មាន​ផង»។

សាវ័ក ប៉ុល បាន​ដក​ស្រង់​ចេញ​ពី​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ក្នុង​ការ​ចោទ​ប្រកាន់​លើ​អំពើ​បាប​ទាំង​អស់ (ទាំង​សាសន៍​យូដា និង​សាសន៍​ដទៃ) ដោយ​គាត់​កំពុង​រៀប​ចំ​ផ្លូវ​ក្នុង​ការ​អះអាង​ថា ការ​ឈរ​យ៉ាង​សុចរិត​នៅ​ចំពោះ​ព្រះ​ភក្ដ្រ​ព្រះ​ជាម្ចាស់​គឺ​មាន​សម្រាប់​តែ​អស់​អ្នក​ណា​ដែល​ទុក​ចិត្ត​នៅ​លើ​ការ​សុគត​ឲ្យ​ធួន​នឹង​បាប​របស់​ព្រះ​គ្រីស្ទ​តែ​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​ព្រះ​ជាម្ចាស់​បាន​សន្យា​ក្នុង​ការ​បំពេញ​នូវ​សេចក្ដី​សន្យា​ប្រោស​លោះ​របស់​ទ្រង់​ទៅ​កាន់​បណ្ដា​ជន​នៃ​សាសន៍​យូដា​ដែរ (ខ១-៤) ពួក​គេ​មិន​មាន​ដំណែង​នៅ​ក្នុង​កេរ្តិ៍​ដំណែល​ណា​មួយ​ឡើយ ដ្បិត​ពួក​គេ​ក៏​ស្ថិត​នៅ​ក្រោម​អំណាច​នៃ​អំពើ​បាប​ដែរ។ សាសន៍​ក្រិក​នៅ​ទី​នេះ​សំដៅ​ទៅ​លើ​សាសន៍​ដទៃ​នៅ​ក្នុង​ពិភព​លោក​ដែល​មិន​មែន​ជា​សាសន៍​យូដា។

សាវ័ក ប៉ុល ផ្ដោត​ទៅ​លើ​អំពើ​បាប​នៃ​មនុស្ស​ជាតិ​ទាំង​អស់ ដក​ស្រង់​ចេញ​ពី​ព្រះ​គម្ពីរ ទំនុកតម្កើង ១៤:១-៣ ហើយ​ក៏​ប្រហែល​ជា​បន្លឺ​ឲ្យ​ឃើញ​នៅ​កណ្ឌ​គម្ពីរ សាស្ដា ៧:២០។ នៅ​ពេល​ដែល​សាវ័ក ប៉ុល មាន​ប្រសាសន៍​ថា គ្មាន​អ្នក​ណា​សុចរិត គ្មាន​អ្នក​ណា​ដែល​ស្វែង​រក​ព្រះ គ្មាន​អ្នក​ណា​ដែល​ប្រព្រឹត្តិ​តាម​សេចក្ដី​សប្បុរស​សោះ គាត់​ចង់​មាន​ន័យ​ថា គ្មាន​មនុស្ស​ណា​ម្នាក់​ពឹង​អាង​លើ​ទង្វើ​របស់​ខ្លួន អាច​ស្វែង​រក​ព្រះ ឬ​ធ្វើ​អ្វី​មួយ​ល្អ ដើម្បី​ស័ក្តិសម​ក្នុង​ការ​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ឡើយ។ សាវ័ក ប៉ុល មិន​បាន​បដិសេធ​ថា មនុស្ស​ប្រព្រឹត្តិ​អំពើ​ល្អ​ខ្លះៗ​ដែល​ស្រប​ទៅ​តាម​អំពើ​ល្អ​ខាង​ក្រៅ ប៉ុន្តែ ទង្វើ​ទាំង​នេះ មុន​ការ​សង្គ្រោះ នៅ​តែ​ប្រឡាក់​ពេញ​ទៅ​ដោយ​អំពើ​អាក្រក់ ដោយ​ព្រោះ​ពួក​គាត់​មិន​បាន​ធ្វើ​ទង្វើ​ទាំង​នោះ​សម្រាប់​សិរី​ល្អ​របស់​ព្រះ​ជាម្ចាស់​ឡើយ (រ៉ូម ១:២១) ហើយ​ក៏​មិន​បាន​កើត​មក​ពី​ជំនឿ​ដែរ (១៤:២៣)។

១យូហាន ៣:៤-៦

«ឯ​អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​បាប​វិញ នោះ​ក៏​ឈ្មោះ​ថា​ប្រព្រឹត្ត​រំលង​ក្រឹត្យវិន័យ​ដែរ ដ្បិត​អំពើ​បាប​ជា​ការ​រំលង​ក្រឹត្យវិន័យ​ហើយ អ្នក​រាល់​គ្នា​ដឹង​ហើយ ថា​ទ្រង់​បាន​លេច​មក ដើម្បី​នឹង​ដោះ​បាប​យើង​ចេញ ហើយ​ក៏​នៅ​ក្នុង​ទ្រង់ នោះ​គ្មាន​បាប​សោះ ឯ​អស់​អ្នក​ណា​ដែល​នៅ​ជាប់​ក្នុង​ទ្រង់ នោះ​មិន​ដែល​ធ្វើ​បាប​ទេ តែ​ពួក​អ្នក​ដែល​ធ្វើ​បាប​វិញ គេ​មិន​បាន​ឃើញ​ទ្រង់​ឡើយ ក៏​មិន​ស្គាល់​ទ្រង់​ផង»។

ការ​រំលង​ក្រឹត្យ​វិន័យ (ភាសាក្រិក «អែនណូមីអា» “anomia”) គឺ​ជា​សកម្មភាព​ដែល​គ្មាន​ការ​ណែនាំ​មក​ពី​ព្រះ​ជាម្ចាស់ ហើយ​បំពាន​លើ​ច្បាប់​របស់​ទ្រង់។ អំពើ​បាប​គឺ​ជា​ការ​ប្រព្រឹត្តិ​រំលង​ក្រឹត្យ​វិន័យ។ សូម្បី​តែ​គ្រីស្ទ​បរិស័ទ​ក៏​ប្រព្រឹត្ត​អំពើ​បាប​ដែរ (១:៩; ២:១) ដូច្នេះ វា​អាច​មើល​ទៅ​ហាក់​បី​ដូច​ជា​រឿង​តូច​តាច​អញ្ចឹង។ ប៉ុន្តែ ការ​ព្រងើយ​កន្តើយ​លើ​ផល​ប៉ះ​ពាល់​ដ៏​ធ្ងន់ធ្ងរ​គឺ​ជា​សេចក្ដី​មហន្តរាយ​ដ៏​ធំ​ធេង។

ព្រះ​យេស៊ូវ​បាន​យាង​មក ដើម្បី​ដក​អំពើ​បាប​ចេញ ហើយ​មិន​គ្រាន់​តែ ដើម្បី​ឲ្យ​អំពើ​បាប​ទទួល​បាន​ការ​អត់​ទោស​នោះ​ទេ (១:៩) ប៉ុន្តែ ក៏​ដើម្បី​ឲ្យ​វា​អាច​ឈប់​មាន​អំណាច​ក្នុង​​ការ​ឃុំឃាំង​យ៉ាង​សហាវ។ មាន​ឃ្លា​រម្លឹក​មួយ​ដែល​ថា «ព្រះ​ជាម្ចាស់​ទ្រង់​ជា​ពន្លឺ​ភ្លឺ» (១:៥) ហើយ​ព្រះ​រាជ​បុត្រា​របស់​ទ្រង់​តំណាង​ឲ្យ​ភាព​គ្មាន​អំពើ​បាប​របស់​ព្រះ​អង្គ។

អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ​ដ៏​ពិត​ប្រាកដ​មិន​ប្រព្រឹត្តិ​ល្មើស និង​បំពាន​លើ​អ្វី​ដែល​ទ្រង់​បាន​ចាក់​លាប​ឲ្យ ដោយ​ឥត​ប្រុង​ប្រយ័ត្ន​ដែល​ត្រូវ​បាន​ដាំ​នៅ​ក្នុង​ពួក​គេ​ឡើយ (២:២០, ២៧)។ អស់​អ្នក​ដែល​មាន​ទម្លាប់​ប្រព្រឹត្តិ​អំពើ គេ​មិន​ដែល​បាន​ឃើញ ឬ​ស្គាល់​ទ្រង់​ឡើយ។ ពួក​គេ​មិន​មែន​ជា​គ្រីស្ទ​បរិស័ទ​ដ៏​ពិត​ប្រាកដ​ទេ។

រ៉ូម ៥:១២-១៣

«ដូច្នេះ ដែល​បាប​បាន​ចូល​មក​ក្នុង​លោកីយ៍ ដោយសារ​មនុស្ស​តែ​ម្នាក់ ហើយ​ក៏​មាន​សេចក្តី​ស្លាប់​ចូល​មក​ដែរ ដោយសារ​អំពើ​បាប​នោះ​ជា​យ៉ាង​ណា នោះ​សេចក្តី​ស្លាប់​បាន​ឆ្លង​រាលដាល ដល់​មនុស្ស​គ្រប់​គ្នា​យ៉ាង​នោះ​ដែរ ដ្បិត​គ្រប់​គ្នា​បាន​ធ្វើ​បាប​ហើយ (ព្រោះ​រមែង​មាន​បាប​នៅ​ក្នុង​លោកីយ៍ ដរាប​ដល់​ក្រឹត្យវិន័យ តែ​កាល​មិន​ទាន់​មាន​ក្រឹត្យ​វិន័យ​នៅ​ឡើយ នោះ​មិន​បាន​រាប់​ជា​ទោស​ដល់​គេ​ទេ ប៉ុន្តែ​ចាប់​តាំង​ពី​លោក​អ័ដាម ដរាប​ដល់​លោក​ម៉ូសេ នោះ​សេចក្តី​ស្លាប់​បាន​សោយ​រាជ្យ លើ​ទាំង​ពួក​អ្នក​ដែល​ធ្វើ​បាប មិន​មែន​ដូច​ជា​អំពើ​រំលង​របស់​លោក​អ័ដាម​ផង ដែល​លោក​ជា​គំរូ​ពី​ព្រះ​អង្គ​ដែល​ត្រូវ​យាង​មក ប៉ុន្តែ ព្រះ​គុណ​មិន​មែន​ដូច​ជា​អំពើ​រំលង​នោះ​ទេ ដ្បិត​បើ​សិន​ជា​មាន​មនុស្ស​ជា​ច្រើន​បាន​ស្លាប់ ដោយ​ព្រោះ​អំពើ​រំលង​របស់​មនុស្ស​តែ​ម្នាក់ នោះ​ប្រាកដ​ជា​ព្រះ​គុណ​នៃ​ព្រះ ហើយ​និង​អំណោយ​ទាន​នៃ​ព្រះ​គុណ​នោះ ដែល​មក​ដោយ​សារ​មនុស្ស​តែ​ម្នាក់ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ នឹង​បាន​ចម្រើន​លើស​ទៅ​ទៀត ដល់​មនុស្ស​ជា​ច្រើន​ដែរ»។

លោក អ័ដាម បាន​នាំ​យក​អំពើ​បាប និង​សេចក្ដី​ស្លាប់​មក​ក្នុង​ពិភព​លោក​នេះ ប៉ុន្តែ​អស់​អ្នក​ណា​ដែល​បាន​ទទួល​ជឿ​លើ​ព្រះ​គ្រីស្ទ​គឺ​មាន​ពេញ​ទៅ​ដោយ​សេចក្ដី​សង្ឃឹម ដ្បិត​ព្រះ​គ្រីស្ទ​បាន​បង្វែរ​ផល​វិបាក​នៃ​អំពើ​បាប​របស់​លោក អ័ដាម ហើយ​បាន​ប្រទាន​ជីវិត និង​សេចក្ដី​សុចរិត​របស់​ទ្រង់​ផ្ទាល់ ដើម្បី​ធានា​ថា​ឲ្យ​ពួក​គេ​ទទួល​បាន​សិរី​ល្អ​ដ៏​នៅ​អស់កល្ប​ជា​និច្ច។ ភាព​ស្រប​គ្នា​រវាង​មនុស្ស​តែ​ម្នាក់​នៃ​អំពើ​បាប​របស់​លោក អ័ដាម និង​ការ​ស្ដាប់​បង្គាប់​របស់​ព្រះ​គ្រីស្ទ បង្ហាញ​ថា សាវ័ក ប៉ុល បាន​ចាត់​ទុក​លោក អ័ដាម ជា​បុគ្គល​ពី​ប្រវត្តិ​សាស្ត្រ មិន​មែន​ជា​តួអង្គ​បែប​ប្រឌិត ឬ​បែប​ជា​ទេវកថា​នោះ​ទេ។ វា​ក៏​ជា​ការ​បង្ហាញ​ពី​សារៈ​សំខាន់​នៃ​ការ​បង្ហាញ​ថា​លោក អ័ដាម ពិត​ជា​បុគ្គល​ដែល​មាន​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ សម្រាប់​បច្ចុប្បន្ន​កាល​នេះ​ដែរ (សូម​ប្រៀប​ធៀប​ជា​មួយ​នឹង​កណ្ឌ​គម្ពីរ ១កូរិនថូស ១៥:២២, ៤៥-៤៩)។ ខ​គម្ពីរ​ទាំង​នេះ​ក៏​បាន​បង្ហាញ​ថា លោក អ័ដាម មាន​តួនាទី​ជា​អ្នក​ដឹក​នាំ​ដោយ​តំណាង​ឲ្យ​មនុស្ស​ជាតិ ដែល​នាង អេវ៉ា មិន​មែន​នោះ​ទេ ទោះ​បី​ជា​នាង​បាន​ធ្វើ​បាប​ដោយ​បាន​បរិភោគ​ផ្លែ​ឈើ​ដែល​ព្រះ​ជាម្ចាស់​បាន​ហាម​ប្រាម​មុន​លោក អ័ដាម ក៏​ដោយ (លោកុប្បត្ដិ ៣:៦) វា​គឺ​ជា​ការ «ប្រព្រឹត្តិ​បាប​របស់​មនុស្ស​ម្នាក់» ដែល​នោះ​គឺ​ជា​អំពើ​បាប​របស់​លោក អ័ដាម ហើយ​តាម​រយៈ​ការ​នោះ​ដែរ «អំពើ​បាប​បាន​ចូល​មក​ក្នុង​លោកីយ៍​នេះ» (រ៉ូម ៥:១២) ហើយ​តាម​រយៈ​ការ​នេះ​ឯង «មនុស្ស​ជា​ច្រើន​បាន​ស្លាប់» (រ៉ូម ៥:១៥) «អំពើ​បាប​បាន​សោយ​រាជ្យ» (រ៉ូម ១២:១៧) ហើយ «ហើយ​មនុស្ស​ជា​ច្រើន​បាន​ក្លាយ​ជា​មនុស្ស​មាន​បាប» (រ៉ូម ១២:១៩)។

អំពើ​បាប​បាន​ចូល​មក​ក្នុង​លោកីយ៍​នេះ​តាម​រយៈ​បុរស​តែ​ម្នាក់​ដែល​មាន​ឈ្មោះ​ថា​លោក អ័ដាម (រ៉ូម ៥:១៤; សូម​ប្រៀប​ធៀប​ជា​មួយ​នឹង​កណ្ឌ​គម្ពីរ លោកុប្បត្ដិ ៣:១៧-១៩; ១កូរិនថូស ១៥:២១-២២)។ ហើយ​សេចក្ដី​ស្លាប់​ដោយ​សារ​អំពើ​បាប​គឺ​ជា​ការ​ផ្ទុយ​គ្នា​ទៅ​នឹង​គំនិត​របស់​លោកីយ៍​ដែល​គេ​គិត​ថា សេចក្ដី​ស្លាប់​គឺ​ជា​ផ្នែក «ធម្មជាតិ» មួយ​នៃ​ជីវិត​របស់​មនុស្ស។ ក្នុង​អត្ថន័យ​នៃ​ព្រះ​គម្ពីរ សេចក្ដី​ស្លាប់​គឺ​មិន​ដែល​ជា​ធម្មជាតិ​នោះ​ទេ ប៉ុន្តែ​គឺ​ជា «ខ្មាំង​សត្រូវ​ក្រោយ​បង្អស់» (១កូរិនថូស ១៥:២៦; សូម​ប្រៀប​ធៀប​ជា​មួយ​នឹង​​កណ្ឌ​គម្ពីរ ១កូរិនថូស ១៥:៥៤) ដែល​នឹង​ដណ្ដើម​បាន​ជ័យ​ជំនះ​នៅ​ថ្ងៃ​ចុង​ក្រោយ និង​អស់​កល្ប​ជា​និច្ច នៅ​ពេល​ដែល​ព្រះ​គ្រីស្ទ​យាង​ត្រឡប់​មក​វិញ​ជា​លើក​ទី​២ (វិវរណៈ ២១:៤)។ នៅ​ក្នុង​ខ​គម្ពីរ​ទាំង​នេះ​ពាក្យ «សេចក្ដី​ស្លាប់» ភាគ​ច្រើន​ចង្អុល​បង្ហាញ​ទាំង​ការ​ស្លាប់​ខាង​ឯ​រូប​កាយ និង​ការ​ស្លាប់​ខាង​ឯ​ព្រលឹង​វិញ្ញាណ​ជា​មួយ​គ្នា​ផង​ដែរ (សាវ័ក ប៉ុល តែង​តែ​ភ្ជាប់​សេចក្ដី​ទាំង​ពីរ​នេះ​ជា​មួយ​គ្នា)។

អ្នក​បក​ប្រែ​ការ​ផ្សាយ​ដំណឹង​ល្អ​ភាគ​ច្រើន​គិត​ថា​ពាក្យ «ដែល» និង «ដូច្នេះ» មាន​ន័យ​ថា «នោះ» (រ៉ូម ១១:២៦) ហើយ​ឃ្លា​ដែល​ថា «គ្រប់​គ្នា​បាន​ធ្វើ​បាប» (រ៉ូម ៣:២៣) មាន​ន័យ​ថា គ្រប់​អំពើ​បាប​ទាំង​អស់​គឺ​បាន​ធ្វើ​នៅ​ក្នុង​អំពើ​បាប​របស់​លោក អ័ដាម ពីព្រោះ​គាត់​គឺ​ជា​ម្នាក់​ដែល​ដំណាង​ឲ្យ​អស់​អ្នក​ដែល​កើត​ចេញ​ពី​គាត់ (ដូច​ជា​ការ​ស្ដាប់​បង្គាប់​របស់​ព្រះ​គ្រីស្ទ​នឹង​បាន​រាប់​បញ្ចូល​សម្រាប់​អស់​អ្នក​ដែល​ដើរ​តាម​ព្រះ​អង្គ​ដែរ ជា​អ្នក​ដែល​ទ្រង់​បាន​តំណាង, រ៉ូម ៥:១៥-១៩)។ ការ​បក​ប្រែ​មួយ​ទៀត​បាន​បក​ថា គ្រប់​ទាំង​អស់​បាន​ធ្វើ​បាប​ដោយ​ផ្ទាល់ ពីព្រោះ​ពួក​គេ​បាន​កើត​មក​នៅ​ក្នុង​លោកីយ៍​ដែល​បាន​ស្លាប់​ខាង​ឯ​ព្រលឹង​វិញ្ញាណ។ ពាក្យ​ដែល​គេ​បាន​បក​ប្រែ​សម្រាប់​ពាក្យ «មនុស្ស​គ្រប់​គ្នា» នៅ​ក្នុង​ពាក្យ​ភាសា​ក្រិក «អែនស្រូផសតន៍» (“anthrōpos”) ដែល​នៅ​ក្នុង​ន័យ​ពហុវចនៈ​អាច​មាន​ន័យ​បាន​ថា «មនុស្ស» ដែល​មាន​ទាំង​ពីរ​ភេទ ដោយ​ពឹង​ផ្អែក​ទៅ​លើ​បរិបទ​មួយ​នោះ។ ត្រង់​នេះ​យើង​អាច​បក​ប្រែ​ពាក្យ «មនុស្ស​គ្រប់​គ្នា» (ហើយនៅ​ក្នុង​កណ្ឌ​គម្ពីរ រ៉ូម ៥:១៨) ដើម្បី​បង្ហាញ​ពី​ការ​មាន​ទំនាក់​ទំនង​ជា​មួយ «មនុស្ស​តែ​ម្នាក់» («អែនស្រូផសតន៍» “anthrōpos” ឯក​វចនៈ) ដែល​សំដៅ​លើ​ព្រះ​គ្រីស្ទ។

២កូរិនថូស ៥:២១
«ដ្បិត​ឯ​ព្រះ​អង្គ ដែល​មិន​បាន​ស្គាល់​បាប​សោះ នោះ​ទ្រង់​បាន​ធ្វើ​ឲ្យ​ត្រឡប់​ជា​តួ​បាប ជំនួស​យើង​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ត្រឡប់​ទៅ​ជា​សេចក្តី​សុចរិត​របស់​ព្រះ ដោយ​នូវ​ព្រះ​អង្គ​នោះ​ឯង»។

ខ​គម្ពីរ​មួយ​នេះ​គឺ​ជា​ខ​គម្ពីរ​មួយ​ដែល​សំខាន់​បំផុត​នៅ​ក្នុង​គ្រប់​បទ​គម្ពីរ​ក្នុង​ការ​ជួយ​ឲ្យ​យល់​អត្ថន័យ​នៃ​ដង្វាយ​ធួន​និង​បាប និង​ការ​រាប់​ជា​សុចរិត។ នៅ​ទី​នេះ​យើង​ឃើញ​ថា អង្គ​ដែល​មិន​បាន​ស្គាល់​អំពើ​បាប​សោះ​គឺ​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ (២កូរិនថូស ៥:២០) ហើយ​ថា​ទ្រង់ (ព្រះ​ជាម្ចាស់) បាន​ធ្វើ​ឲ្យ​ព្រះ​អង្គ (ព្រះ​​គ្រីស្ទ) ត្រឡប់​ជា​តួ​បាប (ភាសាក្រិក «ហាម៉ធីអា» “hamartia” «អំពើ​បាប»)។ នេះ​មាន​ន័យ​ថា ព្រះ​វរបិតា​ដ៏​ជា​ព្រះ​បាន​ប្រព្រឹត្ត និង​ចាត់​ទុក​ព្រះ​គ្រីស្ទ​ថា​ជា «តួ​បាប» ទោះ​បី​ជា​ព្រះ​គ្រីស្ទ​ទ្រង់​ផ្ទាល់​មិន​ដែល​បាន​ធ្វើ​បាប​សោះ​ក៏​ដោយ (ហេព្រើរ ៤:១៥; សូម​ប្រៀប​ធៀប​ជា​មួយ​នឹង​កណ្ឌ​គម្ពីរ កាឡាទី ៣:១៣)។ លើស​ពី​នេះ​ទៅ​ទៀត យើង​ឃើញ​ថា
​ព្រះ​ជាម្ចាស់​បាន​ធ្វើ​ការ​នេះ​សម្រាប់​ជា​ប្រយោជន៍​ដល់​យើង—ដែល​ថា ព្រះ​ជាម្ចាស់​បាន​ចាត់​ទុក និង​ប្រព្រឹត្តិ​ចំពោះ​អំពើ​បាប «របស់​យើង» (អំពើ​បាប​របស់​អស់​អ្នក​ដែល​បាន​ទទួល​ជឿ​លើ​ព្រះ​យេស៊ូវ) ហាក់​បី​ដូច​ជា​ថា​អំពើ​បាប​របស់​យើង​មិន​មែន​កម្មសិទ្ធិ​របស់​យើង​ទេ ប៉ុន្តែ​ចំពោះ​ព្រះ​គ្រីស្ទ​ផ្ទាល់។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា
​ព្រះ​គ្រីស្ទ «បាន​សុគត​សម្រាប់​ទាំង​អស់» ហើយ ដូច​ដែល​សាវ័ក ពេត្រុស បាន​លើក​ឡើង​ថា «ទ្រង់​បាន​ផ្ទុក​អំពើ​បាប​របស់​យើង​រាល់​គ្នា នៅ​លើ​រូប​អង្គ​ទ្រង់ ជាប់​លើ​ឈើ​ឆ្កាង» (១ពេត្រុស ២:២៤)។ ក្នុង​ការ​ត្រឡប់​ជា​តួ​នៃ​អំពើ​បាប «ជំនួស​យើង​រាល់​គ្នា» ព្រះ​គ្រីស្ទ​ទ្រង់​បាន​ក្លាយ​ជា​អ្នក​ជំនួស​យើង—ដែល​ថា ព្រះ​គ្រីស្ទ​បាន​ទទួល​យក​អំពើ​បាប​របស់​យើង​ដាក់​លើ​អង្គ​ទ្រង់​ផ្ទាល់ ហើយ​ក្នុង​នាម​ជា​អ្នក​តំណាង​ឲ្យ​យើង ហេតុ​នោះ​ហើយ​បាន​ជា​ព្រះ​អង្គ​បាន​ទទួល​យក​សេចក្ដី​ក្រោធ​របស់​ព្រះ​ជាម្ចាស់ (ទណ្ឌកម្ម​ដែល​យើង​ស័ក្តិសម​នឹង​ទទួល) នៅ​ក្នុង​កន្លែង​របស់​យើង «ជំនួស​យើង​រាល់​គ្នា»។ ដូច្នេះ ពាក្យ​បច្ចេកទេស​សម្រាប់​មូល​ដ្ឋាន​គ្រឹះ​នៃ​គោល​លទ្ធិ​នៃ​ជំនឿ​គ្រីស្ទ​បរិស័ទ​គឺ​ជា​ដង្វាយ​ធួន​នឹង​បាប​ជំនួស—ដែល​ថា ព្រះ​គ្រីស្ទ​បាន​ផ្គត់​ផ្គង់​ដង្វាយ​ធួន​នឹង​បាប​ក្នុង​នាម​ជា អ្នក​ជំនួស «របស់​យើង» សម្រាប់​អំពើ​បាប​ដល់​អស់​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​អង្គ (សូម​ប្រៀប​ធៀប​នៅ​ក្នុង​កណ្ឌ​គម្ពីរ រ៉ូម ៣:២៣-២៥)។

រឿង​នៅ​ពី​ក្រោយ​នៃ​ការ​នេះ​គឺ​នៅ​ក្នុង​កណ្ឌ​គម្ពីរ អេសាយ ៥៣ ពី​ការ​បក​ប្រែ​ចេញ​ពី​ភាសា​ក្រិក
«សាប់ថួអាចែនថ៍» (“Septuagint”) ជា​ការ​បក​ប្រែ​ចេញ​ពី​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ក្នុង​ហេព្រើរ ដែល​មាន​រួម​បញ្ចូល​ទាំង​ទំនាយ​ដែល​បាន​ទាយ​ទុក​តាំង​ពី​យូរ​ និង​លម្អិត​ទាក់​ទង​ទៅ​នឹង​ការ​សុគត​របស់​ព្រះ​គ្រីស្ទ​ដែល​មាន​ភាព​ស៊ី​គ្នា​ជា​ច្រើន​ទៅ​នឹង​កណ្ឌ​គម្ពីរ ២កូរិនថូស ៥:២១។ ទំនាយ​របស់​ហោរា អេសាយ បាន​ប្រើ​ប្រាស់​ពាក្យ​នៅ​ក្នុង​ភាសា​ក្រិក​យ៉ាង​ចំៗ​ចំពោះ​ពាក្យ «អំពើ​បាប» («ហាម៉ធីអា» “hamartia”) រហូត​ដល់​ប្រាំ​ដង (ដូច​ដែល​បាន​បង្ហាញ​ខាង​ក្រោម​ក្នុង​ទម្រង់​អក្សរ​ទ្រេត) ដែល​ទៅ​លើ​ព្រះ​អង្គ​សង្គ្រោះ​ដែល​យាង​មក (អ្នក​បម្រើ​ដែល​រង​ទុក្ខ) នៅ​ក្នុង​តែ​ប៉ុន្មាន​ខ​គម្ពីរ​នេះ—ឧទាហរណ៍៖ «ទ្រង់​បាន​ទ្រាំទ្រ រង​អស់​ទាំង​សេចក្តី​ឈឺ​ចាប់​របស់​យើង» (អេសាយ ៥៣:៤); «ក៏​ត្រូវ​វាយ​ជាំ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ទេ» (អេសាយ ៥៣:៥); «ហើយ​ព្រះ​យេហូវ៉ា​បាន​ទម្លាក់​អំពើ​ទុច្ចរិត​របស់​យើង​ទាំង​អស់​គ្នា​ទៅ​លើ​ទ្រង់» (អេសាយ ៥៣:៦); «ហើយ​ទ្រង់​នឹង​ទទួល​រង​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​គេ» (អេសាយ ៥៣:១១); «ទ្រង់​បាន​ទទួល​រង​ទោស​នៃ​អំពើ​បាប​របស់​មនុស្ស​ជា​ច្រើន» (អេសាយ ៥៣:១២)។ នៅ​ក្នុង​ការ​បំពេញ​ទំនាយ​ដ៏​ល្អ​ឥត​ខ្ចោះ ព្រះ​គ្រីស្ទ​បាន​ក្លាយ​ជា «តួ​បាប» សម្រាប់​អស់​អ្នក​ណា​ដែល​ទទួល​ជឿ​លើ​ទ្រង់ ដើម្បី​ឲ្យ​យើង​អាច​ក្លាយ​ជា​មនុស្ស​សុចរិត​នៅ​ចំពោះ​ព្រះ​ជាម្ចាស់​បាន។ នេះ​មាន​ន័យ​ថា ព្រះ​ជាម្ចាស់​បាន​ដាក់​អំពើ​បាប និង​កំហុស​របស់​យើង​ទៅ​កាន់​ព្រះ​គ្រីស្ទ​វិញ (ទ្រង់​បាន​ធ្វើ​ឲ្យ​ព្រះ​អង្គ​​ត្រឡប់​ជា​តួ​បាប) ដូច្នេះ​ហើយ ព្រះ​ជាម្ចាស់​ក៏​បាន​ដាក់​សេចក្ដី​សុចរិត​របស់​ព្រះ​គ្រីស្ទ—ជា​សេចក្ដី​សុចរិត​ដែល​មិន​មែន​ជា​របស់​យើង—ទៅ​កាន់​អស់​អ្នក​ដែល​ទទួល​ជឿ​លើ​ព្រះ​គ្រីស្ទ។

ដោយ​សារ​ព្រះ​គ្រីស្ទ​បាន​ទទួល​រង​ទោស​នៃ​អំពើ​បាប​ចំពោះ​អ្នក​ដែល​ទទួល​ជឿ​លើ​ទ្រង់ នោះ​ព្រះ​ជាម្ចាស់​បាន​ប្រព្រឹត្តិ និង​ចាត់​ទុក​ចំពោះ​ពួក​អ្នក​ដែល​ជឿ​ថា​មាន​សិទ្ធិ​ស្រប​ច្បាប់​នៃ​ការ​ទទួល​បាន «សេចក្ដី​សុចរិត» (ជា​ភាសា​ក្រិក «ឌីខៃអស់ស៊ីនេ» “dikaiosynē”)។ សេចក្ដី​សុចរិត​នេះ គឺ​ជា​កម្មសិទ្ធិ​ដល់​អស់​អ្នក​ណា​ដែល​ទទួល​ជឿ​លើ​ព្រះ​យេស៊ូវ ពីព្រោះ​ពួក​គាត់​នៅ «ក្នុង​ទ្រង់» ដែល​នោះ​មាន​ន័យ​ថា «នៅ​ក្នុង​ព្រះ​គ្រីស្ទ» (សូម​មើល​ឧទាហរណ៍​នៅ​ក្នុង​កណ្ឌ​គម្ពីរ រ៉ូម ៣:២២; រ៉ូម ៥:១៨; ១កូរិនថូស ១:៣០; ២កូរិនថូស ៥:១៧, ១៩; ភីលីព ៣:៩)។ ដូច​នេះ​ហើយ «សេចក្ដី​សុចរិត​របស់​ព្រះ​ជាម្ចាស់» (ដែល​ទ្រង់​បាន​ដាក់​ទៅ​កាន់​ពួក​អ្នក​ជឿ) ក៏​ជា​សេចក្ដី​សុចរិត​តែ​មួយ​ដូច​គ្នា​ជា​មួយ​នឹង​សេចក្ដី​សុចរិត​របស់​ព្រះ​គ្រីស្ទ​ដែរ—ដែល​នោះ​មាន​ន័យ​ថា សេចក្ដី​សុចរិត និង​ឋានៈ​ស្រប​ច្បាប់​ដែល​ជា​កម្មសិទ្ធិ​របស់​ព្រះ​គ្រីស្ទ ហើយ​ជា​លទ្ធផល​ព្រះ​គ្រីស្ទ​បាន​រស់​នៅ​ក្នុង​នាម​ជា​អ្នក​ដែល «មិន​បាន​ស្គាល់​បាប​សោះ»។ ហើយ​បន្ទាប់​មក នេះ​ហើយ​គឺ​ជា​ចំណុច​ស្នូល​នៃ​គោល​លទ្ធិ​នៃ​ការ​រាប់​ជា​សុចរិត៖ ព្រះ​ជាម្ចាស់​ចាត់​ទុក (ឬ​រាប់) អ្នក​ជឿ​ថា​បាន​ទទួល​បាន​ការ​អត់​ទោស ហើយ​ព្រះ​ជាម្ចាស់​ក៏​ប្រកាស​និង​ចាត់​ទុក​ថា​ពួក​គាត់​បាន​ទទួល​ការ​អត់​ទោស​ឲ្យ​ហើយ​ដែរ ពីព្រោះ​ព្រះ​ជាម្ចាស់​ដ៏​ជា​ព្រះ​វរបិតា​បាន​ដាក់​អំពើ​បាប​របស់​អ្នក​ជឿ​ទៅ​កាន់​ព្រះ​គ្រីស្ទ ហើយ​ពី​ព្រោះ​ព្រះ​ជាម្ចាស់​ដ៏​ជា​ព្រះ​វរបិតា​ក៏​បាន​ដាក់​សេចក្ដី​សុចរិត​របស់​ព្រះ​គ្រីស្ទ​ទៅ​កាន់​ពួក​អ្នក​ដែល​ជឿ​លើ​ទ្រង់​ដូច​គ្នា​ដែរ។ (សូម​មើល​ការ​ពន្យល់​នៅ​ក្នុង​កណ្ឌ​គម្ពីរ រ៉ូម ៤:៦-៨; ៥:១៨; រ៉ូម ១០:៣; រ៉ូម ១០:៦-៨; សូម​មើល​បន្ថែម​នៅ​ក្នុង​កណ្ឌ​គម្ពីរ អេសាយ ៥៣:១១ («អ្នក​ដ៏​សុចរិត គឺ​ជា​អ្នក​បម្រើ​របស់​អញ [នឹង] ទ្រង់​នឹង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​សុចរិត»))។

១យ៉ូហាន ១:៧-៩

«តែ​បើ​យើង​រាល់​គ្នា​ដើរ​ក្នុង​ពន្លឺ​វិញ ដូច​ជា​ទ្រង់​ក៏​គង់​ក្នុង​ពន្លឺ​ដែរ នោះ​យើង​មាន​សេចក្តី​ប្រកប​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះ​លោហិត​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​រាជបុត្រា​នៃ​ទ្រង់ ក៏​សំអាត​យើង​រាល់​គ្នា ពី​គ្រប់​អំពើ​បាប​ទាំង​អស់។ អំពើ​បាប និង​ការ​អត់​ទោស បើ​សិន​ជា​យើង​ថា យើង​គ្មាន​បាប​សោះ នោះ​ឈ្មោះ​ថា​យើង​បញ្ឆោត​ដល់​ខ្លួន ហើយ​សេចក្តី​ពិត​មិន​ស្ថិត​នៅ​ក្នុង​យើង​ទេ បើ​យើង​លន់តួ​បាប​វិញ នោះ​ទ្រង់​មាន​ព្រះហឫទ័យ​ស្មោះត្រង់ ហើយ​សុចរិត ប្រយោជន៍​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​និង​សម្អាត​យើង ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង»។

ឃ្លា​ដែល​ថា «ដើរ​ក្នុង​ពន្លឺ» មាន​ន័យ​ថា ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ភាព​គ្រប់​លក្ខណ៍​របស់​ព្រះ​ជាម្ចាស់ (១យ៉ូហាន ១:៥) ចំពោះ​អ្នក​នៅ​ជុំ​វិញ​យើង ហើយ​រួម​បញ្ចូល​ទាំង​ការ​មាន​គោល​លទ្ធិ​ដ៏​ត្រឹម​ត្រូវ (សេចក្ដី​ពិត) និង​ភាព​ស្អាត​ស្អំ​ខាង​ឯ​សីលធម៌ (ភាព​បរិសុទ្ធ) ផង​ដែរ។ និមិត្ត​សញ្ញា​នៃ​ពន្លឺ​ជា​ចំណេះ​ដឹង​បង្ហាញ​ឲ្យ​ឃើញ​ថា នៅ​ពេល​ដែល​គ្រីស្ទ​បរិស័ទ «ដើរ​ក្នុង​ពន្លឺ» នោះ​អ្នក​ដទៃ​នឹង​បាន​ស្គាល់​ពី​ជីវិត​របស់​ពួក​គាត់ ហើយ​អំពើ​បាប ការ​កុហក ឬ​ការ​បោក​ប្រាស់ មិន​អាច​លាក់​បាំង​បាន​ទេ។ ជា​លទ្ធផល ការ​ដើរ «ក្នុង​ពន្លឺ» បែប​នេះ​បាន​នាំ​ឲ្យ​មាន​ការ​ប្រកប​គ្នា​យ៉ាង​ជ្រាលជ្រៅ​រវាង​មនុស្ស និង​ព្រះ (១យ៉ូហាន ១:៣) និង​ដំណើរ​ការ​នៃ​ការ​សម្អាត​នូវ​គ្រប់​អំពើ​បាប​ទាំង​អស់​បន្តិច​ម្ដងៗ​ចោល។ អារក្ស (១យ៉ូហាន ៣:៨) ឬ​ក៏​លោកីយ៍ (១យ៉ូហាន ២:១៥) អាច​មាន​ចំណែក​ក្នុង​ការ​នាំ​មនុស្ស​ឲ្យ​វង្វេង ប៉ុន្តែ​នៅ​ចុង​បញ្ចប់ បុគ្គល​ម្នាក់ៗ​មាន​ទំនួល​ខុស​ត្រូវ​រៀងៗ​ខ្លួន​សម្រាប់​អំពើ​បាប​របស់​ពួក​គាត់។ អំពើ​បាប​មួយ​ចំនួន​នៅ​តែ​មាន​នៅ​ក្នុង​ជីវិត​ជា​គ្រីស្ទ​បរិស័ទ​របស់​ម្នាក់ៗ ( ពាក្យ «មាន» គឺ​ជា​ពាក្យ​បច្ចុប្បន្នកាល) សូម្បី​តែ​សាវ័ក យ៉ូហាន ដែល​ជា​អ្នក​ចាស់​ទុំ​ក៏​ដោយ (ក៏​គាត់​បាន​ប្រើ​ពាក្យ «យើង»)។ គ្រីស្ទ​បរិស័ទ​ត្រូវ​តែ​លន់​តួ​អំពើ​បាប​របស់​ពួក​គាត់​ជា​ដំបូង​សិន ដើម្បី​ទទួល​បាន​សេចក្ដី​សង្គ្រោះ ហើយ​បន្ទាប់​មក​ពួក​គាត់​ត្រូវ​បន្ត​សេចក្ដី​ប្រកប​គ្នា​ជា​មួយ​ព្រះ​ជា​ម្ចាស់ និង​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក (១យ៉ូហាន ១:៣)។ ព្រះ​ជាម្ចាស់ «យឺត​នឹង​ខ្ញាល់ ក៏​មាន​សេចក្តី​មេត្តាករុណា​ជា​បរិបូរ ទ្រង់​តែង​អត់​ទោស​នៃ​សេចក្តី​ទុច្ចរិត និង​ការ​រំលង» (ជនគណនា ១៤:១៨)។ ហើយ​សាវ័ក យ៉ូហាន ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ផង​ដែរ (១យ៉ូហាន ៣:៦; ៩) ថា អំពើ​ដែល​មិន​ព្រម​ប្រែ​ចិត្ត​ម្ដង​ហើយ​ម្ដង​ទៀត គឺ​មិន​មែន​ជា​សញ្ញា​សម្គាល់​នៃ​ភាព​ជា​គ្រីស្ទ​បរិស័ទ​នោះ​ទេ—ព្រះ​ជាម្ចាស់ «មិន​មែន​រាប់​មនុស្ស​មាន​ទោស ទុក​ជា​គ្មាន​នោះ​ឡើយ» (ជនគណនា ១៤:១៨)។

និពន្ធដោយ៖ Crossway.org
បកប្រែដោយ៖ លោក ខែម បូឡុង
កែសម្រួលដោយ៖ លោក ឈាង​ បូរ៉ា, លោកស្រី ឡូញ ស្រីរដ្ឋ, លោក ធីម៉ូថេ ឯក និងលោក ឯក សត្យា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.crossway.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ត្រូវ​ធ្វើ​ក្នុង​​ព្រះ​នាម​ព្រះយេស៊ូវ​គ្រីស្ទ

​ដើរចេញពីក្នុង​ចំណោមអស់អ្នកដែលរាប់ថាខ្លួនជាគ្រីស្ទបរិស័ទ