in ,

តើបទគម្ពីរ យេរេមា ២៩:១១ មាន​ន័យ​យ៉ាង​ដូច​ម្ដេច?

«ដ្បិត​ព្រះ​យេហូវ៉ា​ទ្រង់​មាន​ព្រះ​បន្ទូល​ថា អញ​ស្គាល់​សេចក្តី​ដែល​អញ​គិត​ពី​ដំណើរ​ឯង​រាល់​គ្នា មិន​មែន​គិត​ធ្វើ​សេចក្តី​អាក្រក់​ទេ គឺ​គិត​ឲ្យ​បាន​សេចក្តី​សុខ​វិញ ដើម្បី​ដល់​ចុង​បំផុត ឲ្យ​ឯង​រាល់​គ្នា​បាន​សេចក្តី​សង្ឃឹម» (យេរេមា ២៩:១១)

ការ​យល់​បរិបទ

ប្រសិន​បើ​លោក​អ្នក​រក​សន្លឹក​ឆ្នោត​លើ​ខ​គម្ពីរ​ដែល​គេ​ស្គាល់​ខ្លាំង​ជាង​គេ​បំផុត​នៅ​ក្នុង​កណ្ឌ​គម្ពីរ​យេរេមា នោះ​ភាគរយ​នៃ​កណ្ឌ​គម្ពីរ យេរេមា ២៩:១១ នឹង​នៅ​កៀក​ជាង​គេ​បំផុត​ខាង​លើ ហើយ​ទំនង​ជា​នៅ​លើ​គេ​បំផុត​ផង។ នេះ​គឺ​ជា​ខ​គម្ពីរ​ដ៏​ពេញ​និយម​មួយ​ដែល​គេ​លើក​ឡើង​ជា​ញឹកញាប់ ដែល​គេ​ចែក​ចាយ​ដើម្បី​លើក​ទឹក​ចិត្ត​មនុស្ស​ជា​ច្រើន​ឲ្យ​មាន​សង្ឃឹម​សម្រាប់​អនាគត​ដែល​ព្រះ​ជាម្ចាស់​នឹង​ធ្វើ​គ្រប់​អ្វីៗ​ទាំង​អស់​សម្រាប់​ពួក​គាត់។ ប៉ុន្តែ តើ​នេះ​ជា​អត្ថន័យ​ពិត​ប្រាកដ​ដែល​ខ​គម្ពីរ​គេ​ស្គាល់​នេះ​មាន​មែន​ឬ?

ចំណុច​ចាប់​ផ្ដើម​ក្នុង​ការ​កាត់​ស្រាយ​អត្ថ​ន័យ​ខ​គម្ពីរ​ណា​មួយ​ក្នុង​ព្រះ​គម្ពីរ គឺ​យើង​ត្រូវ​យល់​អំពី​បរិបទ​នៅ​ជុំ​វិញ​ខ​នោះ។ លោក យេរេមា គឺ​ជា​ហោរា​ម្នាក់​ដែល​បម្រើ​ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​មុន​សាសន៍​យូដា​បាន​ក្លាយ​ជា​ពួក​ឈ្លើយ​នៅ​ឯ​ទីក្រុង​បាប៊ីឡូន ហើយ​ព័ន្ធកិច្ច​របស់​គាត់​ក៏​បន្ត​ក្នុង​អំឡុង​ពេល​ជា​ច្រើន​ឆ្នាំ​ដែល​សាសន៍​យូដា​នៅ​ជា​ពួក​ឈ្លើយ។ កណ្ឌ​គម្ពីរ​យេរេមា​គឺ​ជា​ការ​ប្រមូល​ផ្ដុំ​នៃ​បើក​សម្ដែង​នៃ​ទំនាយ​របស់​គាត់​ដែល​ព្រះ​ជាម្ចាស់​បាន​មាន​បន្ទូល​មក​កាន់ និង​តាម​រយៈ​គាត់​ក្នុង​អំឡុង​ពេល​នៃ​ព័ន្ធកិច្ច​របស់​គាត់។

កណ្ឌ​គម្ពីរ យេរេមា ២៩ គឺ​ជា​ការ​សរសេរ​ចុះ​នៃ​សំបុត្រ​ដែល​ហោរា​បាន​សរសេរ​ទៅ​កាន់​ពួក​ឈ្លើយ ដែល​កំពុង​រស់​នៅ​ទីក្រុង​បាប៊ីឡូន (យេរេមា ២៩:១-៣)។ មាន​ពួក​ឈ្លើយ​មួយ​ចំនួន​បាន​រស់​នៅ​ឯ​ទីក្រុង​បាប៊ីឡូន​អស់​ប្រមាណ​ជា​៨​ឆ្នាំ ហើយ​ស្រប​ពេល​នោះ​ក៏​ទើប​តែ​មាន​អ្នក​ថ្មី​បាន​ទៅ​ដល់​ដែរ។ ហោរា យេរេមា ណែនាំ​ឲ្យ​ពួក​គាត់​ស្វះស្វែង​ក្នុង​ការ​រៀបរៀង​ជីវិត​របស់​ខ្លួន​នៅ​ឯ​ទីក្រុង​បាប៊ីឡូន ដោយ​ធ្វើ​នូវ​អ្វី​ដែល​សាមញ្ញ​ដែល​មាន​ដូច​ជា​ការ​សាងសង់​ផ្ទះ ការ​ដាំដំណាំ រៀបការ និង​មាន​កូន​ចៅ ហើយ​ពិត​ណាស់​ពួក​គាត់​ក៏​ត្រូវ​តែ​ស្វែងរក​សន្តិសុខ​សង្គម​សម្រាប់​​ទីក្រុង​បាប៊ីឡូន ខណៈ​ពេល​ដែល​ពួក​គាត់​កំពុង​តែ​រស់​នៅ​ទីនោះ​ផង​ដែរ (យេរេមា ២៩:៤-៧)។ ពួក​គាត់​មិន​ត្រូវ​អើពើ​ជា​មួយ​នឹង​ពួក​ដែល​ហៅ​ខ្លួន​ឯង​ថា​ជា «ហោរា» ដែល​កំពុង​តែ​អះអាង​ថា​ភាព​ជា​ឈ្លើយ​មាន​ពេល​វេលា​ខ្លី ពីព្រោះ​ព្រះ​ជាម្ចាស់​មិន​បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​គេ ឬ​ក៏​បាន​ចាត់​ឲ្យ​ពួក​គេ​ទៅ​ដែរ (យេរេមា ២៩:៨-៩)។ ជា​ជាង​ជាប់​ក្នុង​ភាព​ជា​ឈ្លើយ​ក្នុង​ពេល​វេលា​ខ្លី ភាព​ជា​ឈ្លើយ​នេះ​នឹង​មាន​រយៈពេល​៧០​ឆ្នាំ។ ហើយ​គឺ​នៅ​ពេល​នោះ ព្រះ​ជាម្ចាស់​នឹង​បំពេញ​សេចក្ដី​សន្យា​របស់​ទ្រង់ ហើយ​នាំ​ពួក​គាត់​ត្រឡប់​មក​ឯ​ទឹកដី​សន្យា​វិញ (យេរេមា ២៩:១០)។

តើ​អ្វី​ទៅ​ជា «សេចក្ដី​សុខ»?

ចំណុច​នេះ​នាំ​យើង​មក​ដល់​កណ្ឌ​គម្ពីរ យេរេមា ២៩:១១។ សូម​អាន​ម្ដង​ទៀត។ ព្រះ​ជាម្ចាស់​បាន​សន្យា​ថា ទ្រង់​នឹង​បំពេញ​ផែនការ​នៃ​ការ​ប្រទាន​សេចក្ដី​សុខ​របស់​ទ្រង់​មក​កាន់​រាស្ត្រ​របស់​ទ្រង់។ តើ​ផែនការ និង​សេចក្ដី​សុខ​នោះ​មាន​លក្ខណៈ​យ៉ាង​ដូច​ម្ដេច? កណ្ឌ​គម្ពីរ យេរេមា ២៩:១២-១៤ មាន​ចែង​សម្រាប់​យើង។ ព្រះ​ជាម្ចាស់​នឹង​ឆ្លើយ​តប​នូវ​សេចក្ដី​អធិស្ឋាន​របស់​ទ្រង់។ នៅ​ពេល​ដែល​ពួក​គាត់​ស្វែង​រក​ព្រះ​អង្គ នោះ​ពួក​គាត់​នឹង​រក​ឃើញ​ទ្រង់។ ព្រះ​ជាម្ចាស់​នឹង​ស្ដារ​ពួក​គាត់​ចេញ​ពី​ភាព​ជា​ឈ្លើយ​របស់​ខ្លួន ឲ្យ​ទៅ​កាន់​ទឹកដី​ដែល​ព្រះ​អង្គ​បាន​សន្យា​សម្រាប់​ពួក​គាត់​វិញ។

ព្រះ​ជាម្ចាស់​នៅ​មាន​បន្ទូល​មក​កាន់​យើង​សព្វ​ថ្ងៃ​នេះ តាម​រយៈ​សេចក្តី​សន្យា​ដែល​ទ្រង់​បាន​ធ្វើ​ឡើង​ទៅ​កាន់​សាសន៍​យូដា ខណៈ​ពេល​ដែល​ពួក​គាត់​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ភាព​ជា​ឈ្លើយ។

ដូច្នេះ ក្នុង​បរិបទ​ដើម​នៃ​ខ​នេះ កណ្ឌ​គម្ពីរ យេរេមា ២៩:១១ គឺ​ជា​សេចក្ដី​សន្យា​របស់​ព្រះ​ជាម្ចាស់​ទៅ​កាន់​សាសន៍​យូដា ដែល​កំពុង​រស់​នៅ​ក្នុង​ភាព​ជា​ឈ្លើ​នៅ​ឯ​ទីក្រុង​បាប៊ីឡូន។ សរុប​មក តើ​នេះ​មាន​ន័យ​ថា យើង​មិន​អាច​យក​ខ​គម្ពីរ​នេះ​មក​ប្រើ​ប្រាស់​លើ​ខ្លួន​ឯង​ផ្ទាល់ ដែល​ជា​អ្នក​ជឿ​នៅ​សព្វ​ថ្ងៃ​នេះ​បាន​មែន​ឬ? តាម​ការ​យល់​ដឹង​លើ​បរិបទ​ធំ​នៃ​ដំណើរ​រឿង​នៃ​ព្រះ​គម្ពីរ​ចាប់​តាំងពី​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ​រហូត​ដល់​កណ្ឌ​គម្ពីរ​វិវរណៈ​នឹង​ជួយ​ឲ្យ​យើង​ឃើញ​ថា​ចម្លើយ​គឺ​បាន យើង​អាច​ប្រើ​ប្រាស់​បាន! ក្នុង​នាម​ជា​អ្នក​ជឿ ផែនការ​របស់​ព្រះ​ជាម្ចាស់​សម្រាប់​យើង គឺ​នាំ​យើង​ទៅ​កាន់​ផែនដី និង​ស្ថានសួគ៌​ថ្មី​ដែល​ព្រះ​អង្គ​បាន​សន្យា (វិវរណៈ ២១-២២)។ ស្រប​ពេល​នោះ យើង​ក៏​បន្ត​រស់​នៅ​ក្នុង​ភាព​ជា​ឈ្លើយ និង​ជា​អ្នក​ដែល​ស្នាក់​នៅ​លើ​ផែនដី​នេះ (១ពេត្រុស ១:១; ២:១១) ដោយ​រង់ចាំ​ការ​បង្កើត​ថ្មី​ក្នុង​ការ​រស់​នៅ​ក្នុង​ភាព​សុចរិត (២ពេត្រុស ៣:១៣)។ ព្រះ​យេស៊ូវ​បាន​បង្គាប់​ឲ្យ​យើង​ទូល​សូម​ព្រះ​ជាម្ចាស់​ក្នុង​ការ​អធិស្ឋាន ហើយ​ព្រះ​អង្គ​នឹង​ប្រទាន​មក​កាន់​យើង ហើយ​ឲ្យ​យើង​ស្វែងរក នោះ​យើង​នឹង​រក​ឃើញ​ទ្រង់ (ម៉ាថាយ ៧:៧)។ ព្រះ​ជាម្ចាស់​បាន​សន្យា​ថា ព្រះ​អង្គ​នឹង​ធ្វើ​រាល់​គ្រប់​អ្វីៗ​ទាំង​អស់​សម្រាប់​ជា​ការ​ល្អ​យ៉ាង​អស់​កល្ប​ជានិច្ច​សម្រាប់​រាស្ត្រ​របស់​ទ្រង់ (រ៉ូម ៨:២៨) ដែល​មាន​រួម​ទាំង​ការ​រងទុក្ខ​ដែល​ទ្រង់​បាន​គ្រោងទុក​សម្រាប់​យើង (រ៉ូម ៨:១៨)។

ដោយ​មាន​ការ​យល់​ដឹង​ក្នុង​បរិបទ​ធំ​នៃ​ព្រះ​គម្ពីរ នោះ​យើង​ឃើញ​ថា ព្រះ​ជាម្ចាស់​នៅ​មាន​បន្ទូល​មក​កាន់​យើង​សព្វ​ថ្ងៃ​នេះ តាម​រយៈ​សេចក្ដី​សន្យា​ដែល​ទ្រង់​បាន​ធ្វើ​ឡើង​ទៅ​កាន់​សាសន៍​យូដា ខណៈ​ពេល​ដែល​ពួក​គាត់​កំពុង​តែ​រស់​នៅ​ក្នុង​ភាព​ជា​ឈ្លើយ។ នៅ​ពេល​ដែល​យើង​យល់​អំពី​លក្ខណៈ​នៃ​ផែនការ​របស់​ព្រះ​ជាម្ចាស់​សម្រាប់​យើង​ក្នុង​នាម​ជា​អ្នកជឿ និង​លក្ខណៈ​នៃ​សេចក្ដី​សុខ​ដែល​ទ្រង់​បាន​សន្យា​មក​កាន់​យើង នោះ​យើង​អាច​យក​ចំណុច​ស្នូល​នៃ​ខ​នេះ​មក​អនុវត្ត​ដោយ​មាន​ទំនុក​ចិត្ត ក្នុង​ជីវិត​រស់​នៅ​របស់​យើង​សព្វ​ថ្ងៃ​នេះ​បាន។

និពន្ធដោយ៖ Matthew S. Harmon
បកប្រែដោយ៖ លោក ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ឈាង បូរ៉ា,លោក ទេព រ៉ូ, លោក ខែម បូឡុង,លោក ប៊ុន ធីម៉ូថេ,​លោក ឯក សត្យានិង លោក ឯក​ ធីម៉ូថេ
ដកស្រង់ និងកែសម្រួលចេញពី www.crossway.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

១០ចំណុចគួរយល់អំពីការរងទុក្ខ

យ៉ូហានទី១៖ ប្រយោគវិនិច្ឆ័យ