ប្រសិនបើលោកអ្នកអានព្រះគម្ពីរ ដោយចាប់ផ្ដើមពីលោកុប្បត្តិជំពូក១ នោះលោកអ្នកនឹងឃើញអ្វីៗគ្រប់យ៉ាងដូចដែលលោកអ្នកបានរំពឹងទុក ពោលគឺលោកអ្នកនឹងឃើញព្រះដ៏ជាព្រះអាទិករ និងជាអ្នកប្រតិស្ឋានពិភពលោកដ៏អស្ចារ្យនេះ។ លោកអ្នកនឹងឃើញពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ តាមរយៈភាពស្រស់ស្អាត និងភាពវិសេសវិសាលនៃរបស់សព្វសារពើទាំងអស់ដែលទ្រង់បានបង្កើតមក។ មនុស្សគឺជាចំណុចសំខាន់នៅក្នុងការបង្កើតរបស់ព្រះជាម្ចាស់ ប៉ុន្តែ នៅពេលដែលលោកអ្នកអានដល់ទំព័រទីបី ឬទីបួន (អាស្រ័យលើទំហំព្រះគម្ពីររបស់លោកអ្នក) នោះលោកអ្នកនឹងឃើញរឿងមួយ ដែលមើលទៅហាក់ដូចជាមិនស៊ីគ្នាសោះ៖
ឯពស់ជាសត្វចេះឧបាយកលលើសជាងអស់ទាំងសត្វព្រៃ ដែលព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បានបង្កើត វានិយាយទៅកាន់ស្ត្រីថា តើព្រះមានបន្ទូលហាមមិនឲ្យអ្នកបរិភោគផ្លែឈើណានៅក្នុងសួនច្បារមែនឬ។ (លោកុប្បត្តិ ៣:១)
ហេតុអ្វីដូច្នេះ?
គឺមានអំពើទុច្ចរិតមួយបានកើតឡើងនៅក្នុងស្នាព្រះហស្ដដ៏គ្រប់លក្ខណ៍របស់ព្រះជាម្ចាស់ ពោលគឺនៅក្នុងពិភពលោកដែលទ្រង់បានបង្កើត និងគ្រប់គ្រង។ មានអ្វីមួយក្នុងចំណោមស្នាព្រះហស្ដរបស់ព្រះជាម្ចាស់ បានព្យាយាមបំផ្លាញសិទ្ធិអំណាចរបស់ទ្រង់ និងទាញមនុស្សជាតិឲ្យធ្លាក់ចុះតាមវា។
រឿងនេះធ្វើឲ្យមានសំណួរជាច្រើនចោទឡើង! តោះសូមមើលសំណួរខាងក្រោមនេះ៖
តើសត្វពស់នៅក្នុងលោកុប្បត្តិជំពូក៣ជានរណា?
លោកុប្បត្តិមិនបានពន្យល់ប្រាប់យើងថាអារក្សសាតាំងមកពីណាទេ ក៏មិនប្រាប់មូលហេតុដែលវាទៅល្បួងនាង អេវ៉ា ដែរ។ លោកុប្បត្តិគ្រាន់តែប្រាប់យើងថា សត្វពស់ក៏ជាស្នាព្រះហស្ដរបស់ព្រះជាម្ចាស់ដែរ ប៉ុន្តែវា «ចេះឧបាយកលលើសជាងអស់ទាំងសត្វព្រៃ»។ ប៉ុន្តែ យើងដឹងច្បាស់ពីដំបូងមកហើយថា នេះមិនមែនជាពស់ធម្មតាដូចពស់ផ្សេងៗទៀតក្នុងសួនច្បារទេ។
ទីមួយ៖ ពស់នេះចេះនិយាយ! ខ្ញុំមិនដឹងថាលោកអ្នករស់នៅទីណាទេ ប៉ុន្តែនៅកន្លែងដែលខ្ញុំរស់នៅ គឺមិនសូវមានសត្វដែលចេះនិយាយទេ។ ចំណុចដែលសត្វពស់នៅក្នុងលោកុប្បត្តិជំពូក៣ចេះនិយាយ ហាក់ដូចជាបញ្ជាក់ឲ្យយើងឃើញថា មានបុគ្គលណាម្នាក់កំពុងគ្រប់គ្រងលើវា។
ទៅមុខទៀត យើងនឹងឃើញយ៉ាងច្បាស់ថា ការលេចឡើងរបស់សត្វពស់គឺជាការបង្ហាញខ្លួនរបស់អារក្សសាតាំង។ អ្វីៗដែលសត្វពស់នោះបានធ្វើនៅក្នុងសួនច្បារអេដែនបង្ហាញពីសកម្មភាពរបស់អារក្សសាតាំង ហើយវាបានល្បួងនាង អេវ៉ា ឲ្យឈប់ស្ដាប់បង្គាប់ព្រះជាម្ចាស់។ ព្រះគម្ពីរសញ្ញាថ្មីបានហៅអារក្សសាតាំងថា «មេល្បួង» (ម៉ាថាយ ៤:៣; ១ថែស្សាឡូនីច ៣:៥) ហើយដោយសត្វពស់បានទទួលជ័យជម្នះក្នុងការបោកបញ្ឆោតមនុស្សលោក ព្រះអម្ចាស់យេស៊ូវបានហៅអារក្សសាតាំងថា បិតានៃមេកុហក (យ៉ូហាន ៨:៤៤)។ សត្វពស់ក៏ប្រឆាំងនឹងការល្អរបស់ព្រះជាម្ចាស់ដែរ ដូច្នេះហើយទើបសាវ័ក យ៉ូហាន បានសរសេរថា អារក្សសាតាំង «បានធ្វើបាប ចាប់តាំងពីដើមរៀងមក» (១យ៉ូហាន ៣:៨)។
ដូច្នេះ យើងមិនគួរភ្ញាក់ផ្អើលទេ ដែលសាវ័ក យ៉ូហាន ពន្យល់អំពីការដែលព្រះជាម្ចាស់បានយកជ័យជម្នះលើអារក្សសាតាំងនៅក្នុងកណ្ឌគម្ពីរ វិវរណៈ ១២:៩ ដោយហៅវាថា៖
នោះនាគធំត្រូវបោះទំលាក់ទៅ គឺជាពស់ពីបុរាណ ដែលឈ្មោះហៅថា អារក្ស ហើយសាតាំងផង ដែលបាននាំលោកីយ៍ទាំងមូលឲ្យវង្វេងចេញ វាត្រូវបោះទំលាក់ទៅផែនដីវិញ ព្រមទាំងពួកទេវតារបស់វាផង។
បើទោះជាកណ្ឌគម្ពីរលោកុប្បត្តិមិនបានប្រើឈ្មោះ «អារក្សសាតាំង» ថាជាសត្វពស់នៅក្នុងសួនច្បារអេដែនក៏ដោយ ក៏យើងនៅតែអាចសន្និដ្ឋានបានថា អារក្សសាតាំងបានបង្ហាញខ្លួនតាមរយៈសត្វពស់ដែរ។
ដូច្នេះ តើអារក្សសាតាំងមកពីណា?
បទគម្ពីរមិនបានប្រាប់យើងច្រើនអំពីដើមកំណើតរបស់អារក្សសាតាំងទេ។ វាបង្ហាញខ្លួនភ្លាមៗនៅក្នុងលោកុប្បត្តិជំពូក៣ ហើយចាប់ពីពេលនោះមក ព្រះគម្ពីរក៏បន្តរៀបរាប់អំពីវត្តមានរបស់វា។
តាមរយៈការយកភស្ដុតាងទាំងអស់មកបូកផ្សំគ្នា នោះយើងនឹងឃើញថាដើមកំណើតរបស់អារក្សសាតាំង គឺជាទេវតាមួយរូប។ សាវ័ក ប៉ុល បានថ្លែងថា អារក្សសាតាំងបាន «ក្លែងខ្លួនធ្វើជាទេវតានៃពន្លឺ» (២កូរិនថូស ១១:១៤)។ ការក្លែងខ្លួនរបស់វាគឺមិនមែនគ្រាន់តែក្លែងធ្វើជា «ទេវតា» ប៉ុណ្ណោះទេ តែគឺក្លែងធ្វើជាទេវតា «នៃពន្លឺ»។ ទោះបើព្រះគម្ពីរមិនបានផ្ដល់ចម្លើយសម្រាប់រាល់សំណួរដែលទាក់ទងនឹងដើមកំណើតរបស់អារក្សសាតាំងក៏ដោយ ក៏យើងនៅតែអាចដឹងយ៉ាងប្រាកដអំពីចំណុចមួយចំនួនដែរ៖
- ព្រះជាម្ចាស់បានបង្កើតអារក្សសាតាំង! អ្វីៗទាំងអស់សុទ្ធតែកើតមកដោយសារទ្រង់។ ព្រះជាម្ចាស់បានបង្កើតពិភពលោកនេះមក ដូច្នេះគ្រប់អ្វីៗដែលមាននៅលើស្ថានសួគ៌ នៅលើផែនដី និងក្រោមដី គឺសុទ្ធតែជំពាក់ជីវិតទៅនឹងព្រះជាម្ចាស់ ព្រោះទ្រង់ជាអ្នកដែលបានបង្កើតពួកគេមក (កូឡុស ១:១៦)។ អារក្សសាតាំងក៏ជំពាក់ជីវិតព្រះជាម្ចាស់ដែរ។
- ព្រះជាម្ចាស់បានបង្កើតអារក្សសាតាំងមកល្អប្រពៃ! លោកុប្បត្តិ ១:៣១ បានចែងថា អ្វីៗដែលព្រះជាម្ចាស់បានបង្កើតមក គឺសុទ្ធតែល្អប្រពៃ ហើយគ្មានអំពើបាប គ្មានការបោកបញ្ឆោត ឬការអាក្រក់ណាមួយក្នុងព្រះជាម្ចាស់ឡើយ (១យ៉ូហាន ១:៥; យ៉ាកុប ១:១៣)។ ដូច្នេះ យើងអាចសន្និដ្ឋានបានថា នៅពេលដែលព្រះជាម្ចាស់បានបង្កើតអារក្សសាតាំងមក គឺព្រះអង្គបានបង្កើតវាឲ្យមានសីលធម៌ល្អ។
- ទេវតាមួយចំនួនដែលព្រះជាម្ចាស់បានបង្កើតមក ពួកគេបានបះបោរទាស់នឹងទ្រង់! នៅចន្លោះលោកុប្បត្តិ ១:៣១ (គ្រប់អ្វីៗទាំងអស់នៅល្អប្រពៃនៅឡើយ) និងលោកុប្បត្តិ ៣:១ (មានសត្វពស់ក្នុងសួនច្បារ) យើងឃើញថា មានទេវតាមួយចំនួនបានបះបោរទាស់នឹងព្រះជាម្ចាស់។ ២ពេត្រុស ២:៤ និងយូដាស ១:៦ បានរៀបរាប់អំពីការបះបោររបស់ពួកគេ។
- អារក្សសាតាំងមានអំណាចក្នុងចំណោមអារក្សទាំងអស់! ព្រះគម្ពីរបានលើកឡើងពីរបីដងថា អារក្សសាតាំងជាមេគេក្នុងចំណោមអារក្សទាំងអស់ (យ៉ូហាន ១២:៣១ និងអេភេសូរ ២:២)។ យើងក៏បានឃើញដែរថា អារក្សសាតាំងជាមេផ្ដើមក្នុងការវាយប្រហារ និងការល្បួងរាស្ដ្ររបស់ព្រះជាម្ចាស់ (យ៉ូប ១:៦; ១ពង្សសវតាក្សត ២១:១; សាការី ៣:១)។
- សេចក្ដីអាក្រក់កើតចេញពីអារក្សសាតាំងដោយខ្លួនវាផ្ទាល់! គ្មានអ្នកណាមកល្បួង ហើយនាំវាឲ្យទៅធ្វើបាបទេ ប៉ុន្តែវាជាម្ចាស់នៃអំពើបាប និងការបោកបញ្ឆោត (យ៉ូហាន ៨:៤៤)។
សរុបសេចក្ដីមក អារក្សសាតាំងគឺជាមេដឹកនាំនៃពួកទេវតាដែលបានបះបោរទាស់នឹងព្រះជាម្ចាស់។ ហេតុដូច្នេះហើយបានជាទ្រង់បណ្ដេញវាចេញពីព្រះវត្តមានរបស់ទ្រង់ (វិវរណៈ ១២:៧-១២)។
ពិតណាស់ថា ចំណុចទាំងនេះនៅមានរឿងអាថ៌កំបាំងខ្លះដែលយើងមិនអាចយល់ និងដឹងបាន ដូច្នេះយើងត្រូវតែមានការប្រុងប្រយ័ត្ន ពោលគឺមិនត្រូវសន្និដ្ឋានលើសពីអ្វីដែលព្រះគម្ពីរបានប្រាប់យើងឡើយ។ ព្រះជាម្ចាស់មិនបានប្រាប់យើងអំពីមូលហេតុដែលទ្រង់អនុញ្ញាតឲ្យអារក្សសាតាំងបះបោរទាស់នឹងទ្រង់ទេ។ ព្រះអង្គក៏មិនបានប្រាប់យើងអំពីមូលហេតុដែលទ្រង់មិនបំផ្លាញពួកវាតាំងពីយូរមកហើយដែរ។
ប៉ុន្តែ យើងត្រូវតែចងចាំថា ហេតុផលចម្បងដែលបណ្ដាលឲ្យអារក្សសាតាំងត្រឡប់ជាអាក្រក់ គឺដោយព្រោះតែវាជាបុគ្គលមិនស្មោះត្រង់នឹងព្រះជាម្ចាស់។ វាមិនមែនជាព្រះទេ ទោះបើវាខំប្រជែងទាស់នឹងព្រះជាម្ចាស់យ៉ាងណាក៏ដោយ។ ដូចដែលលោកគ្រូ ម៉ាធិន លូធ័រ (Martin Luther) បានលើកឡើងថា «អារក្សសាតាំងជាខ្មាំងសត្រូវរបស់យើងតាំងពីដើមរៀងមក» ប៉ុន្តែយើងមិនត្រូវខ្លាចវាឡើយ។ ព្រះយេស៊ូវ «បានបំផ្លាញ» អារក្សសាតាំងរួចហើយ។ ឥឡូវនេះ យើងគ្រាន់តែរង់ចាំឲ្យទ្រង់សម្រេចការនោះទាំងស្រុងប៉ុណ្ណោះ។
ចុះក្នុងបទគម្ពីរ បានសម្ដែងថា ព្រះបានបង្កើតមហាទេវតា៣ គឺ មីគែល កាព្រីយ៉ែល និងលូស៊ីហ្វ័រ តើនោះនៅត្រង់ណា?