in ,

អ្នក​កាន់​ទុក្ខ​ប្រាថ្នា​

ខណៈពេល​ដែល​ចុង​ឆ្នាំ​ខិត​ជិត​មក​ដល់ សឹងតែ​គ្រប់​កន្លែង​ដែល​យើង​ទៅ​សុទ្ធតែ​មាន​អ្នក​ប្រាប់​យើង​ថា «រីករាយ​ថ្ងៃ​បុណ្យ​អរ​ព្រះ​គុណ!» «រីករាយ​ថ្ងៃ​បុណ្យ​ណូអែល!» «រីករាយ​ឆ្នាំ​ថ្មី!» មើល​ទៅ យើង​គួរ​តែ​មាន​ភាព​រីករាយ​អរ​សប្បាយ​រហូត។

ប៉ុន្តែ ចំពោះ​អស់​អ្នក​ដែល​ទើប​តែ​បាត់បង់​មនុស្ស​ដែល​ពួក​គាត់​ស្រឡាញ់ ថ្ងៃ​បុណ្យ​ទាំង​នេះ​ហាក់បី​ដូចជា​ពេល​មួយ​ដែល​ពួក​គាត់​ត្រូវ​តែ​ឆ្លងកាត់​មួយ​គ្រា​សិន ជាជាង​មាន​ភាព​អរសប្បាយ។ ប្រពៃណី​វប្បធម៌ និង​ព្រឹត្តិការណ៍​ដែល​អាច​បន្ថែម​ក្ដី​អំណរ និង​អត្ថន័យ​ដ៏​មហិមា​ទៅ​លើ​រដូវ​កាល​បែបៗ​នោះ គឺ​តាម​ពិត​ទៅ​មាន​ពេញ​ទៅ​ដោយ​ការ​រម្លឹក​ដ៏​ឈឺចាប់​អំពី​បុគ្គល​ដែល​យើង​ស្រឡាញ់ ដែល​ឥឡូវ​នេះ​គាត់​មិន​មាន​វត្តមាន​ក្នុង​ការ​ចូល​រួម​កម្មវិធី​ទាំង​នេះ​ទៀត​ទេ។ មាន​មនុស្ស​ជា​ច្រើន​ប្រាថ្នា​ចង់​រក​កន្លែង​ដ៏​ស្ងៀមស្ងាត់​មួយ ដើម្បី​ពួន​រហូត​ដល់​ថ្ងៃ​ទី២​ខែ​មករា​សិន។

ទោះបើ​យើង​មិន​អាច​ព្យាបាល​ភាព​ខ្លោចផ្សា​នៃ​ការ​ឈឺចាប់​របស់​អស់​អ្នក​ដែល​យើង​កំពុង​នៅ​ជិត ដែល​ពួក​គាត់​កំពុង​កាន់​ទុក្ខ​ដោយ​សារ​បាត់បង់ ក៏​យើង​នៅ​អាច​ជួយ​រំលែក​ទុក្ខ​ព្រួយ​នៃ​ការ​ឈឺចាប់​របស់​ពួក​គាត់​ដោយ​ព្យាយាម​យល់​ពី​អារម្មណ៍​ថា តើ​ការ​ឈឺចាប់​នោះ​វា​មាន​អារម្មណ៍​យ៉ាង​ណា​នៅ​ក្នុង​រដូវ​កាល​បុណ្យ​បែបៗ​នេះ? អ្នក​កាន់​ទុក្ខ​ប្រាថ្នា​ចង់​ឲ្យ​ដឹង​យ៉ាង​ហោច​ណាស់​សេចក្ដី​ពិត​៥​យ៉ាង​ក្នុង​ចំណោម​សេចក្ដី​ពិត​នានា ទាក់ទង​នឹង​រដូវ​កាល​បុណ្យ​ណូអែល។

១. សូម្បី​តែ​ពេល​វេលា​ដ៏​ល្អ​បំផុត​ក៏​នៅ​មាន​ការ​កត់​សម្គាល់​ថា មាន​នរណា​ម្នាក់​អវត្តមាន​ដែរ

ខ្ញុំ​នឹក​ចាំ​ពី​ការ​សន្ទនា​មួយ ដែល​ខ្ញុំ​បាន​ជួប​ជាមួយ​មិត្តភក្ដិ​ម្នាក់ ខណៈពេល​ដែល​យើង​ត្រៀម​ខ្លួន​ចេញ​ដំណើរ​កំសាន្ត​នៅ​ថ្ងៃ​ឈប់​សម្រាក​ដ៏​ខ្លី​មួយ បន្ទាប់​ពី​កូន​ស្រី​របស់​យើង​ទើប​តែ​ស្លាប់។ «ឯង​ទំនង​ជា​នឹង​សប្បាយ​ហើយ» គាត់​និយាយ​មក​ខ្ញុំ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​គួរ​តែ​ឯកភាព​យ៉ាង​ពេញទី​ជាមួយ​នឹង​គាត់ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​មិន​ទាន់​ដឹង​នោះ​គឺ​អំពី​របៀប​ពន្យល់​ថា នៅ​ពេល​ដែល​លោកអ្នក​បាត់បង់​សមាជិក​ណា​ម្នាក់​នៅ​ក្នុង​ក្រុម​គ្រួសារ នោះ​សូម្បី​តែ​ពេល​វេលា​ដ៏​ល្អ​បំផុត​ក៏​នៅ​មាន​ការ​ឈឺចាប់​យ៉ាង​ខ្លាំង​ដែរ ព្រោះ​លែង​មាន​សមាជិក​មួយ​នោះ​ទៀត​ហើយ។ ដូច​ជា​មាន​នរណា​បាត់​ខ្លួន សូម្បី​តែ​ក្នុង​ថ្ងៃ​ដ៏​ល្អ​បំផុត និង​ពិធី​ដ៏​ឱឡារិក​បំផុត​ក៏​យើង​នៅ​មាន​អារម្មណ៍​សោកសៅ​មិន​ស្រឡះ​មុខ។

២. ការ​ជួប​ជុំ​គ្នា​នៅ​មាន​ចិត្ត​ខ្លោច​ផ្សា

ខ្ញុំ​មិន​ដែល​យល់​ថា ហេតុអ្វី​បាន​ជា​ពេល​ដែល​មាន​មនុស្ស​ជា​ច្រើន​នៅ​ជុំវិញ​អស់​អ្នក​ដែល​កំពុង​កើត​ទុក្ខ​គឺ​ជា​ពេល​វេលា​ដ៏​ពិបាក​មួយ​សម្រាប់​ពួក​គាត់​សោះ។ ការ​និយាយ​លេង​តិចតួច​អាច​ជា​រឿង​មួយ​ដែល​ពួក​គាត់​ពិបាក​នឹង​ធ្វើ ពេល​ដែល​រឿង​ដ៏​ធំ​មួយ​ទើប​តែ​បាន​កើត​ឡើង។ ការ​ជួប​អ្នក​ថ្មី​នឹង​បណ្ដាល​ឲ្យ​ការ​សន្ទនា​គ្នា​មាន​ការ​សួរ​ដេញដោល​អំពី​គ្រួសារ។ ការ​ដើរ​ចូល​ក្នុង​បន្ទប់​មួយ​ដែល​មាន​ពេញ​ទៅ​ដោយ​អ្នក​ដែល​មាន​ដៃ​គូរ ខណៈពេល​ដែល​ដៃ​គូរ​ជីវិត​របស់​លោកអ្នក​ទើប​តែ​ស្លាប់ ឬ​ក៏​ការ​ទៅ​ចូលរួម​កម្មវិធី​ដែល​មាន​កូន​ក្មេង​ជា​ច្រើន ខណៈពេល​ដែល​កូន​របស់​លោកអ្នក​ទើប​តែ​ស្លាប់​ក៏​ការ​នោះ​គឺ​ជា​ការ​រម្លឹក​ដ៏​អួល​ដើម​ក​អំពី​អ្វី​ដែល​លោកអ្នក​បាន​បាត់បង់​ដែរ។

ប្រសិន​បើ​លោកអ្នក​បាន​អញ្ជើញ​នរណា​ម្នាក់ ដែល​កំពុង​តែ​កាន់​ទុក្ខ ឲ្យ​មក​ចូលរួម​ក្នុង​កម្មវិធី​របស់​លោកអ្នក សូម​ប្រាប់​ពួក​គាត់​ឲ្យ​ដឹង​ច្បាស់​ថា លោកអ្នក​យល់​អំពី​អារម្មណ៍​ពួក​គាត់ ប្រសិនបើ​ពួក​គាត់​សុំ​ដក​ខ្លួន​ចេញ​ដោយ​មិន​ទៅ​ចូលរួម​ទោះ​បើ​កម្មវិធី​កៀក​នឹង​ចាប់ផ្ដើម​ភ្លាមៗ​ហើយ ឬ​ក៏​ថា ពួក​គាត់​អាច​ទៅ​ចូលរួម​បាន​តែ​មួយ​ភ្លែត​ក៏​ដោយ។

ប្រសិន​បើ​លោកអ្នក​ទៅ​ចូល​រួម​កម្មវិធី​ណាមួយ សូម​ទាក់ទង​ទៅ​កាន់​អ្នក​ដែល​កំពុង​កាន់​ទុក្ខ ហើយ​សួរ​ពួក​គាត់​ថា តើ​ខ្ញុំ​អាច​ទៅ​យក​អ្នក​ដល់​ផ្ទះ​បាន​ដែរ​ឬ​ទេ ហើយ​កំដរ​អ្នក​ខណៈពេល​ដែល​កំពុង​ចូលរួម​កម្មវិធី ព្រោះ​លោកអ្នក​ចង់​រំលែក​ទុក្ខ​គាត់។ ឬ​ក៏​ថា ពេល​ដែល​លោកអ្នក​ជួប​នរណា​ម្នាក់​ដែល​កំពុង​កាន់​ទុក្ខ​នៅ​កន្លែង​កម្មវិធី​សម្រាប់​ពិធី​ជប់លៀង សូម​ប្រាប់​ឲ្យ​គាត់​ដឹង​ថា លោកអ្នក​ក៏​កំពុង​គិត​អំពី​បុគ្គល​ដែល​គាត់​ស្រឡាញ់​ដែល​បាន​ស្លាប់​ទៅ​ដែរ ហើយ​សូម​លើក​ទឹកចិត្ត​គាត់​ឲ្យ​និយាយ​អំពី​អនុស្សាវរីយ៍​ដែល​គាត់​បាន​សាង​ជាមួយ​នឹង​បុគ្គល​ម្នាក់​នោះ។ សូម​កុំ​មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​និយាយ​ឈ្មោះ​នៃ​បុគ្គល​ដែល​បាន​ស្លាប់​ទៅ​នោះ​ឡើយ។ វា​នឹង​ផ្តល់​ភាព​ស្រាកស្រាន្ត​ទៅ​កាន់​អ្នក​ដែល​មាន​អារម្មណ៍​កើត​ទុក្ខ។

៣. សាច់ញាតិ​អាច​បង្ក​ឲ្យ​មាន​ភាព​ពិបាក និង​ភាព​ប្រក្រតី

ការ​កាន់​ទុក្ខ​គឺ​ជា​ការ​ពិបាក​ណាស់—សូម្បី​តែ ហើយ​ពិសេស​ជាមួយ​នឹង​អស់​អ្នក​ដែល​ស្គាល់​យើង​យ៉ាង​ជិត​ដិត។

ស្វាមី​ខ្ញុំ​ហើយ​និង​ខ្ញុំ​មើល​ខុស​ត្រូវ​កម្មវិធី​នា​ចុង​សប្ដាហ៍​សម្រាប់​ដៃ​គូរ​ជីវិត ដែល​កូនៗ​ខ្លួន​បាន​ស្លាប់ ហើយ​ខ្ញុំ​បាន​កត់​សម្គាល់​ឃើញ​ថា ប្រធាន​បទ​មួយ​ដែល​ពួក​គាត់​តែងតែ​លើក​ឡើង​និយាយ​គឺ​ទាក់ទង​ទៅ​នឹង​ភាព​លំបាក​នៃ​ការ​ចំណាយ​ពេល​ជាមួយ​នឹង​គ្រួសារ​សាច់ញាតិ​នា​ពេល​បុណ្យ​នានា។ ពួក​គាត់​ដឹង​ថា មាន​សមាជិក​គ្រួសារ​មួយ​ចំនួន​គិត​ថា ពួក​គាត់​បាន​កាន់​ទុក្ខ​យូរ​ល្មម​គ្រប់គ្រាន់​ហើយ ហើយ​ចង់​ឲ្យ​ពួក​គាត់​បំភ្លេច​ចោល ហើយ​ឆ្ពោះ​ទៅ​មុខ​ទៅ។ រីឯ​អ្នក​ផ្សេង​ទៀត ពួក​គាត់​ចង់​ចាប់​ផ្ដើម​និយាយ​អំពី​បុគ្គល​ដែល​បាន​ស្លាប់​បាត់​ទៅ ប៉ុន្តែ​ពួក​គាត់​មិន​ដឹង​ថា ត្រូវ​ធ្វើ​បែប​ម៉េច។ ជា​ទូទៅ អ្វី​មួយ​ដែល​បាន​កើតឡើង​ជា​រឿយៗ​គឺ​ថា ឈ្មោះ​បុគ្គល​ដែល​បាន​ស្លាប់​បាត់​ទៅ​មិនដែល​បាន​លើកឡើង ហើយ​ការ​នោះ​បង្ក​ឲ្យ​បុគ្គល​ដែល​កំពុង​តែ​កាន់​ទុក្ខ​មាន​អារម្មណ៍​ថា ពួក​គាត់​បាន​បំភ្លេច​បុគ្គល​ដែល​បាន​ស្លាប់​នោះ​ចោល​ពី​គ្រួសារ​បាត់​ហើយ។ តើ​លោកអ្នក​ស្គាល់​បុគ្គល​ណា​ម្នាក់​ដែល​កំពុង​កើត​ទុក្ខ ដែល​គាត់​កំពុង​ធ្វើ​ដំណើរ​ចេញ​ទៅ​ជួបជុំ​គ្រួសារ​សម្រាប់​រដូវ​កាល​បុណ្យ​នេះ​ដែរ​ឬទេ? បើ​ស្គាល់ លោកអ្នក​អាច​សួរ​អំពី​សេចក្ដី​រំពឹង​របស់​គាត់​ដែល​គាត់​មាន​លើ​គ្រួសារ​គាត់​ពេល​ទៅ​ជួបជុំ​គ្នា។ ហើយ​ប្រសិន​បើ​ពួក​គាត់​មាន​ចិត្ត​ចង់​ឲ្យ​គ្រួសារ​គាត់​នឹក​ចាំ​អំពី​រឿង​មួយ​ចំនួន ទាក់ទង​នឹង​បុគ្គល​ដែល​គាត់​ស្រឡាញ់ ហើយ​បើ​ពួក​គាត់​មាន​ការ​ភ័យ​ខ្លាច​ថា ការ​នោះ​ទំនង​នឹង​មិន​កើតឡើង នោះ​លោកអ្នក​អាច​លើក​ទឹក​ចិត្ត ហើយ​ជួយ​ជូន​ដំណឹង​ទៅ​កាន់​គ្រួសារ​គាត់​មុន​រដូវ​កាល​នេះ​មក​ដល់ ដោយ​លើកឡើង​យ៉ាង​ចំៗ​ថា តើ​អ្វី​ទៅ​នឹង​ជួយ​ឲ្យ​គាត់​មាន​អារម្មណ៍​ធូរ​ស្បើយ ជាជាង​រំពឹង​ថា គ្រួសារ​គាត់​នឹង​ដឹង​ដោយ​ឯងៗ។

៤. ការ​ស្រក់​ទឹក​ភ្នែក​មិន​មែន​ជា​បញ្ហា

ចំពោះ​យើង​ជា​ច្រើន​នាក់ ការ​ស្រក់​ទឹក​ភ្នែក​គឺ​ជា​រឿង​ធម្មតា​ទេ ពេល​ដែល​យើង​កើត​ទុក្ខ ជាពិសេស​ទឹក​ភ្នែក​ដែល​ស្រក់​ក្នុង​ពេល​ដែល​គិត​ថា វា​មិន​គួរ​ស្រក់។ ពេល​ខ្លះ អ្នក​ដែល​កើត​ទុក្ខ​មាន​អារម្មណ៍​ថា នៅ​ពេល​ដែល​អស់​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​ពួក​គាត់​ឃើញ​ទឹក​ភ្នែក​របស់​ពួក​គាត់ នោះ​គឺ​ពួក​គាត់​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​ដោយ​គិត​ថា សម្រែក​ទឹក​ភ្នែក​ទាំង​នោះ​មាន​ន័យ​ថា ពួក​គាត់​កំពុង​តែ​មាន​បញ្ហា​ក្នុង​ការ​កើត​ទុក្ខ។ ប៉ុន្តែ វា​ជា​រឿង​ធម្មតា​ទេ ដែល​ការ​កាន់​ទុក្ខ​បុគ្គល​ដែល​យើង​ស្រឡាញ់​ដែល​បាន​បាត់បង់​នឹង​បង្ហាញ​ខ្លួន​តាមរយៈ​ទឹក​ភ្នែក។ ការ​ស្រក់​ទឹក​ភ្នែក​មិន​មែន​ជា​ខ្មាំង​សត្រូវ​នោះ​ទេ។ ទឹក​ភ្នែក​មិន​មែន​ជា​ការ​ឆ្លុះ​បញ្ចាំង​ថា​គ្មាន​ជំនឿ​ឡើយ។ ទឹក​ភ្នែក​គឺ​ជា​អំណោយ​ទាន​ពី​ព្រះ​ជាម្ចាស់ ដែល​ជួយ​លាង​សម្អាត​ចោល​នូវ​ភាព​ឈឺចាប់​ដ៏​ខ្លាំង​ក្លា​នៃ​ការ​បាត់បង់។

វា​គឺ​ជា​អំណោយ​ទាន​ដ៏​ល្អ​ណាស់​ក្នុង​ការ​ដែល​លោកអ្នក​ប្រាប់​បុគ្គល​ដែល​កាន់​ទុក្ខ​ថា ពួក​គាត់​មិន​ចាំ​បាច់​ខ្មាសអៀន​អ្វី​ទេ​ក្នុង​ការ​យំ​នៅ​ពេល​ដែល​ពួក​គាត់​នៅ​ជាមួយ​នឹង​លោកអ្នក ពោល​គឺ​ពួក​គាត់​អាច​យំ​ជាមួយ​នឹង​លោកអ្នក។ ហើយ​អំណោយ​ទាន​ក៏​កាន់​តែ​ល្អ​លើស​នោះ​ទៅ​ទៀត​គឺ​ត្រង់​ថា លោកអ្នក​ក៏​យំ​ជាមួយ​ពួក​គាត់​សម្រាប់​បុគ្គល​ដែល​ពួក​គាត់​ស្រឡាញ់​ដែល​ត្រូវ​បាន​បាត់បង់​ដែរ។ ទឹក​ភ្នែក​របស់​លោកអ្នក​ឆ្លុះ​បង្ហាញ​ពី​តម្លៃ​ពី​បុគ្គល​ដែល​បាន​ស្លាប់ ហើយ​ក៏​ជា​ការ​ធានា​អះអាង​ទៅ​កាន់​ពួក​គាត់​ថា ពួក​គាត់​មិន​មែន​នៅ​តែ​ឯង​ក្នុង​ការ​នឹក​បុគ្គល​ម្នាក់​នោះ​ទេ។

៥. វា​អាច​ជា​ការ​ពិបាក​ក្នុង​ការ​ចងចាំ​ថា ហេតុអ្វី​រដូវ​បុណ្យ​ណូអែល​គឺ​ជា​រដូវ​សប្បាយ​រីករាយ

អស់​អ្នក​ដែល​កើត​ទុក្ខ​ដែល​នៅ​ក្បែរ​លោកអ្នក​យល់​អំពី​អារម្មណ៍​នៃ​ការ​នឿយហត់​ក្នុង​ជីវិត និង​អំពី​សេចក្ដី​ស្លាប់​នៅ​លើ​ផែនដី​នេះ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ពួក​គាត់​ងឿង​ឆ្ងល់​ថា តើ​ឲ្យ​អស់​អ្នក​ដែល​នៅ​ជុំវិញ​ពួក​គាត់​មាន​អំណរ​បាន​ដោយ​របៀប​ណា​ទៅ។ ពួក​គាត់​ត្រូវ​ឲ្យ​ព្រះ​គ្រីស្ទ​បន្ធូរ​ភាព​ឯកា និង​ការ​អស់​សង្ឃឹម​យ៉ាង​ខ្លាំង​ណាស់​របស់​គាត់​នោះ។ ខណៈពេល​ដែល​យើង​មិន​ចង់​អធិប្បាយ​ដល់​ពួក​គាត់ យើង​ក៏​ចង់​ព្យាយាម​រក​ឱកាស ដើម្បី​ចែកចាយ​ជាមួយ​នឹង​ពួក​គាត់​អំពី​ភាព​ស្រណុក​សុខ​ស្រួល នឹង​អំណរ​អរ​ដែល​អាច​រក​ឃើញ​បាន​ក្នុង​ការ​ដែល​ព្រះ​ផ្ទាល់​បាន​យាង​មក​ក្នុង​ព្រះ​គ្រីស្ទ ដើម្បី​រំដោះ​យើង។

ជីវិត​របស់​ព្រះ​គ្រីស្ទ​ដែល​បាន​ចាប់ផ្ដើម​នៅ​ក្នុង​ស្នូក​ឈើ​ក៏​បាន​ឈាន​ដល់​ទី​បញ្ចប់​នៃ​សេចក្ដី​ស្លាប់​នៅ​លើ​ឈើ​ឆ្កាង​ផង​ដែរ។ ប៉ុន្តែ វា​មិន​មែន​ជា​ការ​ស្លាប់​ដែល​គ្មាន​អត្ថន័យ គ្មាន​ខ្លឹមសារ និង​ការ​គិតគូរ​នោះ​ទេ។ វា​គឺ​ជា​ការ​ស្លាប់​ដែល​យក​ឈ្នះ​លើ​សេចក្ដី​ស្លាប់​ដោយ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ជា​ថ្មី​ម្ដង​ទៀត។ អ្នក​និពន្ធ​កណ្ឌគម្ពីរ​ហេព្រើរ​បាន​ពន្យល់​ថា «ដូច្នេះ ដែល​កូន​ចៅ​បាន​ប្រកប​ដោយ​សាច់​ឈាម​ព្រម​គ្នា នោះ​ទ្រង់​ក៏​ទទួល​ចំណែក​ជា​សាច់​ឈាម​ដូច្នោះ​ដែរ ដើម្បី​ឲ្យ​ទ្រង់​បាន​បំផ្លាញ​អា​នោះ ដែល​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ គឺ​ជា​អារក្ស ដោយ​ទ្រង់​សុគត» (ហេព្រើរ ២:១៤)។ អំណាច​នៃ​សេចក្ដី​ស្លាប់​ដែល​ឥឡូវ​នេះ​នាំ​ឲ្យ​មាន​ទុក្ខ​ព្រួយ​ជា​ច្រើន​នឹង​មិន​នៅ​ដូច​នេះ​ទៀត​យ៉ាង​អស់កល្ប​ជានិច្ច​ឡើយ។ ចលនា​ដែល​ព្រះ​គ្រីស្ទ​បាន​បង្កើត​ឡើង ពេល​ដែល​ទ្រង់​បាន​យក​ឈ្នះ​លើ​សេចក្ដី​ស្លាប់​ក្នុង​ការ​យាង​មក​លើក​ទី​មួយ​របស់​ទ្រង់​នឹង​បង្កើត​ជា​ផលផ្លែ​យ៉ាង​ពេញទី​ពេល​ដែល​ទ្រង់​យាង​ត្រឡប់​មក​វិញ។

នេះ​គឺ​ជា​ក្ដី​សង្ឃឹម​ដ៏​ធំ​បំផុត​របស់​យើង​នា​រដូវ​បុណ្យ​ណូអែល ហើយ​នេះ​ក៏​ជា​ក្ដី​សង្ឃឹម​ដែល​យើង​មាន​ក្នុង​ការ​ចែកចាយ​ជាមួយ​នឹង​អស់​អ្នក​ដែល​កំពុង​កាន់​ទុក្ខ​ក្នុង​រដូវ​បុណ្យ​ណូអែល​នេះ​ដែរ។ ព្រះ​គ្រីស្ទ​ដែល​បាន​យាង​មក​យក​កំណើត​ជា​ព្រះ​ឱរស ហើយ​បាន​សុគត​ជំនួស​យើង​នឹង​យាង​មក​វិញ​នៅ​ថ្ងៃ​ខាង​មុខ ដើម្បី​នឹង​សម្រេច​នគរ​ទ្រង់។ ហើយ​នៅ​ពេល​ដែល​ទ្រង់​ធ្វើ​បែប​នោះ «ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ នឹង​គ្មាន​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​សោក​សង្រេង ឬ​សេចក្ដី​យំទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ ដ្បិត​សេចក្ដី​មុន​ទាំង​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​ហើយ» (វិវរណៈ ២១:៤)។

និពន្ធដោយ៖ លោកគ្រូ Nancy Guthrie
បកប្រែដោយ៖ លោក ឈាង បូរ៉ា និង​លោក ទេព រ៉ូ
កែសម្រួលដោយ៖ លោកស្រី ឡូញ ណារ៉ុង, ​លោក ម៉េង មនោ, លោក ឈាង បូរ៉ា,លោក ទេព រ៉ូ, លោក ខែម បូឡុង,លោក ប៊ុន ធីម៉ូថេ,​លោក ឯក សត្យានិង លោក ឯក​ ធីម៉ូថេ
ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។
ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ទាល់អំពីព្រះបុត្រា

ព្រះ​ជា​ម្ចាស់ និង​ការ​នៅ​ស្ងាត់