សូមអាន
«ប៉ុន្តែ ឥឡូវនេះ ក្រៅពីក្រិត្យវិន័យ សេចក្ដីសុចរិតផងព្រះដែលមានទាំងក្រិត្យវិន័យ នឹងពួកហោរាធ្វើបន្ទាល់ឲ្យផង នោះបានលេចចេញមកហើយ គឺជាសេចក្ដីសុចរិតរបស់ព្រះ ដែលបាន ដោយសារសេចក្ដីជំនឿជឿដល់ព្រះយេស៊ូវគ្រីស្ទ ក៏សំរាប់គ្រប់អស់អ្នកណាដែលជឿផង ដ្បិតគ្មានខុសអំពីគ្នាទេពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះដោយពឹងដល់ព្រះគុណទ្រង់ នោះបានរាប់ជាសុចរិតទទេ ដោយសារសេចក្ដីប្រោសលោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវដែលព្រះបានតាំងទ្រង់ទុកជាទីសន្ដោសប្រោស ដោយសារសេចក្ដីជំនឿដល់ព្រះលោហិតទ្រង់ សំរាប់នឹងសំដែងឲ្យឃើញសេចក្ដីសុចរិតរបស់ព្រះ ចំពោះការដែលទ្រង់មិនប្រកាន់អំពើបាប ដែលគេប្រព្រឹត្តពីដើម ដោយទ្រង់មានព្រះហឫទ័យអត់ធ្មត់ ដើម្បីនឹងសំដែងឲ្យឃើញសេចក្ដីសុចរិតរបស់ព្រះ នៅជាន់ឥឡូវនេះ ប្រយោជន៍ឲ្យទ្រង់បានសុចរិត ព្រមទាំងរាប់ពួកអ្នកដែលមានសេចក្ដីជំនឿ ជឿដល់ព្រះយេស៊ូវ ថាជាសុចរិតដែរ » (រ៉ូម ៣:២១-២៦)។
ការសញ្ជឹងគិត
ហេតុអ្វីបានជាព្រះយេស៊ូវយាងមកគង់ក្នុងចំណោមយើង? លោកអ្នកដឹងហើយថា ព្រះអង្គមិនចាំបាច់ធ្វើដូច្នោះទេ។ ព្រះអង្គអាចទុកយើងចោលក្នុងអំពើបាបរបស់យើង ហើយព្រះអង្គក៏មានភាពយុត្តិធម៌ក្នុងការថ្កោលទោសយើងដែរ។ យើងទាំងអស់គ្នាសុទ្ធតែបានប្រព្រឹត្តអំពើបាប ហើយខ្វះមិនដល់សេរីល្អនៃព្រះអាទិកររបស់យើង។ ប្រសិនបើព្រះអង្គគ្រាន់តែមក ដើម្បីបង្រៀនយើងអំពីសេចក្ដីពិតផ្នែកសីលធម៌ខ្លះៗ នោះព្រះអង្គមិនចាំបាច់យាងទៅឯឈើឆ្កាងទេ។ ក្រឹត្យវិន័យបានបើកសម្ដែងអំពីលក្ខណសម្បត្តិរបស់ព្រះជាម្ចាស់ ក្នុងភាពបរិសុទ្ធ យុត្តិធម៌ និងសប្បុរសធម៌ដ៏អស្ចារ្យរបស់ទ្រង់។
ហេតុអ្វីបានជាទ្រង់យាងមក? ព្រះអង្គបានយាងមក ដើម្បីបំពេញក្រឹត្យវិន័យ តាមរយៈការរស់នៅក្នុងការស្ដាប់បង្គាប់ព្រះវរបិតារបស់ទ្រង់យ៉ាងល្អឥតខ្ចោះ និងស្រឡាញ់អស់អ្នកដែលទ្រង់បានជួបយ៉ាងពេញលេញ។ ព្រះអង្គបានយាងមក ដើម្បីដើរក្នុងជំនឿក្នុងចំណុចដែលសាសន៍អ៊ីស្រាអែលបរាជ័យ។ ព្រះអង្គបានយាងមក ដើម្បីបង្រៀនយើងអំពីអត្ថន័យនៃព្រះជន្មរបស់ទ្រង់—និងការសុគត។ ព្រះអង្គបានប្រសូត ដើម្បីសុគត ដើម្បីឲ្យយើងដែលទទួលជឿបានរស់នៅយ៉ាងអស់កល្បជានិច្ច។
តាមរយៈការប្រសូតរបស់ព្រះយេស៊ូវ នៅយប់ដ៏បរិសុទ្ធនោះ ព្រះគុណនៃការប្រោសលោះក៏បានមកដល់ផងដែរ។ សូមកុំមើលរំលងពាក្យ «ការប្រោសលោះ» ឡើយ។ តើការប្រោសលោះមានន័យយ៉ាងដូចម្ដេច? វាមានន័យថា ព្រះអង្គបានទិញយើងក្នុងតម្លៃណាមួយ។ យើងនាំមកនូវបំណុលចំពោះអំពើបាប ដោយសារយើងបានបះបោរទាស់ប្រឆាំងនឹងក្រឹត្យវិន័យរបស់ព្រះជាម្ចាស់។ ហើយព្រះយេស៊ូវបានរំដោះយើងឲ្យមានសេរីភាព។ ព្រះអង្គបានប្រោសលោះយើង។ ប៉ុន្តែ តើទ្រង់បានធ្វើដោយរបៀបណា? ក្នុងរបៀបតែមួយដែលទ្រង់អាចធ្វើបាន ដើម្បីឲ្យព្រះជាម្ចាស់មានភាពយុត្តិធម៌ និងជាអង្គដែលនាំឲ្យមានភាពយុត្តិធម៌ក្នុងពេលតែមួយបាន។ ព្រះយេស៊ូវបានប្រគល់រូបអង្គទ្រង់ជាយញ្ញបូជាជំនួសអំពើបាបរបស់យើង។ ព្រះអង្គបានសុគតសម្រាប់សេចក្ដីស្លាប់ដែលយើងស័ក្តិសមនឹងទទួល ដើម្បីឲ្យព្រះដ៏យុត្តិធម៌អាចមានការស្កប់ព្រះទ័យបាន។
តើនៅមានសល់អ្វីសម្រាប់ឲ្យយើងធ្វើ? គឺទទួលយកអំណោយទានដ៏ល្អអស្ចារ្យបំផុត—ការរាប់ជាសុចរិត។ ព្រះយេស៊ូវបានមកយកអំពើបាបរបស់យើង ហើយយើងទទួលបានសេចក្ដីសុចរិតរបស់ទ្រង់។ តើយើងអាចទទួលបានអំណោយទាននេះដោយរបៀបណា? គឺតាមរយៈជំនឿ។ យើងនឹងមិនអាចរកបានអ្វីដែលល្អប្រសើរជាងនេះនោះទេ។ ប៉ុន្តែ គ្រាន់តែសម្រាប់អស់អ្នកដែលមានការបន្ទាបខ្លួនប៉ុណ្ណោះ។ សម្រាប់តែអស់អ្នកដែលបាក់បែក។ សម្រាប់អស់អ្នកដែលទទួលស្គាល់ថា ខ្លួនមិនមានជម្រើសណាផ្សេងទៀតឡើយ។ អំណោយទាននេះមិនមែនសម្រាប់អស់អ្នកណាដែលគិតថា ខ្លួនស័ក្តិសមក្នុងការទទួលបាននោះទេ។
អ្នកដែលព្រះជាម្ចាស់បានរាប់ជាសុចរិតនឹងទទួលស្គាល់ថា ព្រះជាម្ចាស់មានភាពយុត្តិធម៌ក្នុងការដាក់ទោសពួកគាត់។ ពួកគាត់ដឹងថា ការខិតខំប្រឹងប្រែងដ៏ល្អប្រសើរបំផុតរបស់ខ្លួន ក្នុងការត្រាប់តាមក្រឹត្យវិន័យ និងនៅតែខ្វះមិនដល់សិរីល្អរបស់ទ្រង់ទាល់តែសោះ។ វាហាក់បីដូចជាថា អំណោយទានដ៏ធំបំផុតនារដូវកាលណូអែលគឺជាកម្មសិទ្ធិរបស់កូនៗដែលដឹងថា ខ្លួនស័ក្ដិសមទទួលបានតែសំរាមជាកាដូ។ ព្រះយេស៊ូវមានការជំទាស់នឹងលោកតាសាន់តា ក្លាស៍ (Santa Clause)។ ព្រះអង្គជ្រាបរួចហើយថា យើងស័ក្ដិសមនៅក្នុងបញ្ជីឈ្មោះមនុស្សខិលខូច។ នេះហើយជាមូលហេតុដែលទ្រង់បានយើងមក ដើម្បីសង្គ្រោះយើង។ នេះឯងជាមូលហេតុដែលទ្រង់បានលះបង់សិរីល្អនៃស្ថានសួគ៌ ដើម្បីមកផ្ទំនៅក្នុងផ្ទៃនាង ម៉ារា ដែលជាមាតារបស់ទ្រង់។ ព្រះអង្គបានប្រសូត ដើម្បីសុគត។ ហើយប្រសើរជាងនោះទៅទៀត បន្ទាប់ពីគេបានចាប់ទ្រង់សម្រាប់អំពើល្មើសរបស់យើង នោះព្រះអង្គក៏បានមានព្រះជន្មរស់ឡើងវិញសម្រាប់ជាការរាប់ជាសុចរិតរបស់យើងដែរ (រ៉ូម ៤:២៥)។
នារដូវកាលបុណ្យណូអែលនេះ សូមប្រាកដឲ្យច្បាស់ថា លោកអ្នកនឹងទទួលយកអំណោយទាននេះ។ សូមចូលមកដោយមានជំនឿ ហើយចេញទៅវិញដោយទទួលបានការរាប់ជាសុចរិតចុះ។
ការឆ្លើយតប
តើព្រះជាម្ចាស់អាចមានភាពយុត្តិធម៌ ហើយក៏អាចជាអ្នកនាំឲ្យមានភាពយុត្តិធម៌ក្នុងពេលតែមួយបានដោយរបៀបណា? តើចំណេះដឹងរបស់លោកអ្នកអំពីអំពើបាបរបស់ខ្លួនអាចនាំឲ្យលោកអ្នកកាន់តែស្រឡាញ់ព្រះជាម្ចាស់បានដោយរបៀបណា?
ការមានអំណរ
«យប់សុខសាន្តយប់វិសុទ្ធ
ព្រះបុត្រព្រះបរិសុទ្ធ
ដោយមានរស្មីភ្លឺពីព្រះភក្ត្រ
ឲ្យបានឃើញព្រះគុណទ្រង់ជាយ៉ាងជាក់
ក្នុងកាលទ្រង់ប្រសូតនោះ»។
–និពន្ធដោយលោក៖ Joseph Mohr
(បកប្រែជាភាសាអង់គ្លេសដោយលោក៖ John Freeman Young),
«យប់សុខសាន្ត» (“Silent Night”)។
មតិយោបល់
Loading…