in ,

ប្រសិន​បើ​មនុស្ស​ម្នាក់​ផឹក​ស្រា ឬ​ជក់​បារី តើ​គាត់មិនមែនគ្រីស្ទបរិស័ទ?

ខ្ញុំ​មិន​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ជក់​បារី ឬ​ផឹក​ស្រា​នោះ​ទេ ប៉ុន្តែ​មិត្តភក្ដិ​មួយ​ចំនួន​ជា​ទូទៅ​គិត​ថា ការ​ប្រព្រឹត្តិ​ទង្វើ​ទាំង​នោះ​មាន​ន័យ​ថា​អ្នក​ដែល​ប្រព្រឹត្តិ​នោះ​មិន​មែន​ជា​គ្រីស្ទ​បរិស័ទ។ តើ​យើង​គួរ​គិត​ដូច​ម្ដេច​ដែរ?

ជា​ការ​ពិត​ណាស់ លោក​អ្នក​មិន​អាច​វិនិច្ឆ័យ បុគ្គល​ដែល​ជក់​បារី និង​ផឹក​ស្រា​ថា​មិន​មែន​ជា​គ្រីស្ទ​បរិស័ទ​នោះ​ទេ ដោយ​សារ​យើង​មិន​ទទួល​បាន​សេចក្ដី​សង្គ្រោះ​តាម​រយៈ​ការ​មិន​ជក់​បារី ឬ​តាម​រយៈ​ការ​មិន​ផឹក​ស្រា​ឡើយ។ យើង​ទទួល​បាន​សេចក្ដី​សង្គ្រោះ​តាម​រយៈ​ការ​ជឿ​ទុក​ចិត្ត​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ។

នោះ​មិន​មែន​មាន​ន័យ​ថា យើង​មិន​គួរ​ខ្វល់​ខ្វាយ​ចំពោះ​ជីវិត​អ្នក​ដទៃ​នោះ​ទេ។ មាន​ផល​ប៉ះ​ពាល់​ខ្លាំង​ចំពោះ​ការ​ជក់​បារី ហើយ​ក៏​មាន​ផល​ប៉ះ​ពាល់​ខ្លាំង​ចំពោះ​ការ​ផឹក​ស្រា​ដែរ។ ផល​ប៉ះ​ពាល់​ទាំង​នោះ​មិន​ដូច​គ្នា​ទាំង​ស្រុង​ទេ ប៉ុន្តែ​ក៏​មាន​មួយ​ចំនួន​ដែល​ដូច​គ្នា​ដែរ។ ហើយ​ប្រសិន​បើ​លោក​អ្នក​ពិត​ជា​ស្រឡាញ់​អស់​អ្នក​ដែល​លោក​អ្នក​ស្រឡាញ់​មែន នោះ​មិន​ថា​ពួក​គាត់​ងាយ ឬ​ក៏​មិន​ងាយ​រងគ្រោះ​នោះ​ទេ នោះ​លោក​អ្នក​នឹង​ប្រាកដ​ជា​និយាយ​ជា​មួយ​ពួក​គាត់​អំពី​គ្រោះ​ថ្នាក់​ទាំង​នោះ​ជា​មិន​ខាន។

ដូច្នេះ វា​មិន​មែន​សាមញ្ញ​ដោយ​គ្រាន់​តែ​លើក​ឡើង​ថា «ចូរ​ឲ្យ​ពួក​គាត់​ធ្វើ​អ្វី​ដែល​ពួក​គាត់​ចង់​ធ្វើ​ចុះ ព្រោះ​នោះ​មិន​មែន​ជា​របៀប​ដែល​ពួក​គាត់​ទទួល​បាន​សង្គ្រោះ​នោះ​ទេ» ជា​គោល​គំនិត​ដែល​ថា យើង​ទាំង​អស់​គ្នា​ទទួល​បាន​សេរីភាព​ចេញ​ពី​ព្រះ​គុណ ដូច្នេះ​យើង​អាច​បន្ត​ធ្វើ​អ្វី​ក៏​បាន។ ផ្ទុយ​ទៅ​វិញ ផល​ផ្លែ​នៃ​ដំណឹង​ល្អ​អាច​ផ្លាស់​ប្ដូរ​មនុស្ស​បាន។ វា​បាន​ផ្លាស់​ប្ដូរ​របៀប​ដែល​ពួក​គាត់​គ្រប់​គ្រង​គ្រឿង​ស្រវឹង ហើយ​វា​ក៏​ផ្លាស់​ប្ដូរ​របៀប​ដែល​ពួក​គាត់​គ្រប់​គ្រង​សារធាតុ​ញៀន​របស់​គាត់​ផង​ដែរ។ វា​ពិត​ជា​ចម្លែក​មែន​ដែល​មនុស្ស​ម្នាក់​រាប់​សារធាតុ​ញៀន​ថា​ជា​ផល​ផ្លែ​មួយ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។

ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​ពួក​គាត់​មាន​ពេលវេលា ក្នុង​ការ​យក​ជ័យ​ជម្នះ​លើ​ទម្លាប់​មួយ ជា​ពិសេស​នៅ​ក្នុង​ការ​ចាប់​ផ្ដើម​បន្ទាប់​ពី​បាន​ទទួល​ជឿ ប្រសិន​បើ​គាត់​ត្រូវ​ការ​ពេល ដើម្បី​ផ្លាស់​ប្រែ និង​ទទួល​ស្គាល់​ថា អ្វី​ធ្វើ​ឲ្យ​ពួក​គាត់​ឈឺ​ចាប់។

«ខ្ញុំ​មាន​ច្បាប់​នឹង​ធ្វើ​គ្រប់​ការ​ទាំង​អស់​បាន ប៉ុន្តែ​មិន​មែន​ការ​ទាំង​នោះ​មាន​ប្រយោជន៍​ទាំង​អស់​ទេ» (១កូរិនថូស ៦:១២)។ ហើយ​គ្រីស្ទ​បរិស័ទ​ដែល​មិន​ទាន់​មាន​ភាព​ចាស់​ទុំ​មិន​ទាន់​​ដឹង​អំពី​អ្វី​ដែល​មាន​ប្រយោជន៍ និង​អ្វី​ដែល​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់ ព្រម​ទាំង​អំពី​អ្វី​ដែល​មាន​ផល​ប៉ះ​ពាល់​ក្នុង​រយៈ​ពេល​យូរ​នោះ​ទេ។

ប៉ុន្តែ ចម្លើយ​ដ៏​ខ្លី និង​ចម្លើយ​ដ៏​សំខាន់​គឺ​ថា លោក​អ្នក​មិន​គួរ​វិនិច្ឆ័យ ឬ​សន្និដ្ឋាន​ភ្លាមៗ​ថា ប្រសិន​បើ​បុគ្គល​ណា​ម្នាក់​ផឹក​ស្រា ឬ​ជក់​បារី នោះ​បុគ្គល​ម្នាក់​នោះ​មិន​មែន​ជា​គ្រីស្ទ​បរិស័ទ​នោះ​ទេ។

លោក​គ្រូ​បាន​លើក​ឡើង​ថា​យើង​មិន​អាច​គូស​បន្ទាត់​ត្រង់​រវាង​ការ​ពិសា​គ្រឿង និង​ការ​ប្រើ​ថ្នាំ​ជក់​ជា​មួយ​នឹង​ជីវិត​គ្រីស្ទ​បរិស័ទ​បាន​ឡើយ។

និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ឯក ធីម៉ូថេ, លោក​ស្រី កែវ សិរីវុឌ្ឍី, លោក សឹម រក្សា និង​លោក​ ឈាង បូរ៉ា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

សំណួរ៖ បើ​ខ្ញុំ​ជឿ​លើ​ព្រះ​យេស៊ូវ តើ​ខ្ញុំ​អាច​ស្តាប់​ធម៌​​បាន​ទេ? តើ​ខ្ញុំ​អាច​ប្រគេន​ចង្ហាន់​បាន​ទេ?

អំពើ​បាប