សំណេរស្រាវជ្រាវ (ហេព្រើរ១០:១៩-២៥) ដោយ៖ និស្សិត ( ហៀក លីហួ )
ព្រះគម្ពីរហេព្រើរជាកណ្ឌមួយដែលបានសរសេរឡើងតាមបែបសេចក្ដីអធិស្បាយ ហើយមាន ទម្រង់ជាភាសាក្រិក តែចំណុចដែលប្លែកខុសពីកណ្ឌដទៃទៀតនោះ ដោយមិនអាចកំណត់សម្គាល់ថា នរណាដែលជាអ្នកដែលសរសេរឡើងនោះឡើយ ព្រោះអត្ថន័យនៅក្នុងកណ្ឌនេះវាដូចនឹងការ បង្រៀនរបស់លោកស្ទេផាន ពេត្រុស ប៉ុល យ៉ូហាន។ កណ្ឌត្រូវបានសរសេរដោយជនជាតិហេព្រើរ ដែលចេះភាសាក្រិកយ៉ាងច្បាស់ ហើយបានដកស្រងចេញពីព្រះគម្ពីរសញ្ញាចាស់ជាច្រើន។ សម្រាប់ អ្នកនិពន្ធដើមរបស់ពួកកណ្ឌនេះវិញ គឺជាជនជាតិហេព្រើរដែលជួបការបៀតបៀនពីរជ្ជកាលអធិរាជនេរ៉ូ (ឆ្នាំ ៥៤-៦៨ គ.ស.) ដែលបណ្ដាលមកពីពួកគេបានផ្លាស់ប្ដូរជំនឿពីការកាន់សាសនាយូដា មកទទួលជឿលើ ព្រះយេស៊ូវវិញ។ មនុស្សអ្នកខ្លះបានបោះបង់ចោលសេចក្ដីជំនឿ និងត្រឡប់ទៅសាសនាដើមវិញ ដូច្នេះ កណ្ឌនេះជាការលើកទឹកចិត្តឲ្យគ្រីស្ទបរិស័ទបានរឹងមាំនៅក្នុងសេចក្ដីជំនឿ ដោយមិនត្រូវបោះបង់ចោល សេចក្ដីជំនឿលើព្រះយេស៊ូវដែលនាំមកនូវសេចក្ដីសង្គ្រោះនោះឡើយ។
នៅក្នុងជំពូក១០:១៩-២១ បានរៀបរាប់អំពីការដែលចូលទៅក្នុងទីបរិសុទ្ធរបស់ព្រះ។ នៅត្រង់ នេះការចូលទៅក្នុងទីបរិសុទ្ធ អាចមានអត្ថន័យដូចគ្នាទៅនឹងការចូលកាត់វាំងនន និងដំណាក់ព្រះ។ ពាក្យថាវាំងនននៅត្រង់នេះបើមើលទៅជំពូក៩:១-១០ គឺចង់បង្ហាញអំពីរោងឧបោសថដែលត្រូវបាន សាងសងដោយដៃរបស់មនុស្ស តែវាមានកន្លែងមួយដែលហៅថាទីបរិសុទ្ធបំផុត ដែលមានវាំងននខណ្ឌ មិនអាចមានសង្ឃណាអាចចូលបាននោះឡើយ គឺមានតែម្នាក់ដែលអាចនឹងចូលទៅបាន គឺសម្ដេច សង្ឃ ដោយចូលបានក្នុងរវាងមួយឆ្នាំម្ដង ហើយការចូលទៅនោះសោត សម្ដេចសង្ឃនោះត្រូវតែមាន ឈាមដើម្បីថ្វាយដើម្បីលោះអំពើបាបខ្លួនឯងសិន នោះទើបអាចចូលទៅ ដើម្បីនឹងលោះបាបបណ្ដាជន បាន។ ដ្បិតឈាមសត្វដែលអាចនឹងលាងអំពើបាបក្នុងការដែលចូលទៅក្នុងទីបរិសុទ្ធបំផុតនោះ គឺមិន អាចសម្អាតអំពើបាបនៅក្នុងបញ្ញាចិត្តនៅឡើយដែរ មានន័យថាពួកគេគ្រាន់ តែធ្វើតាមសេចក្ដីបញ្ញត្ត ខាងសាច់ឈាមតែប៉ុណ្ណោះ។ ទោះបីជាមានសម្ដេចសង្ឃអាចចូលទៅក្នុងទីបរិសុទ្ធដែលនៅក្នុងរោង ឧបោសថនេះក៏ដោយ ក៏ពួកគេមិនទាន់បានចូលទៅក្នុងទីបរិសុទ្ធដែលជាដំណាក់របស់ព្រះដែលនៅ ឯនគរស្ថានសួគ៌នៅឡើយនោះដែរ។ នៅក្នុងដំណាក់របស់ព្រះគឺបរិសុទ្ធ ដូច្នេះមនុស្សដែលមានអំពើ បាបគឺមិនចូលទៅក្នុងដំណាក់របស់ព្រះអង្គបាននោះឡើយ ពោលគឺមនុស្សត្រូវតែសម្អាតអំពើបាប នៅក្នុងបញ្ញាចិត្តរបស់ខ្លួនជាមុនសិន។ តាមប្រពន្ធនៃការថ្វាយដង្វាយលោះបាបនៅក្នុងរោងឧបោសថ នៅផែនដី គឺមិនអាចនឹងលាងអំពើបាបដែលនៅក្នុងបញ្ញាចិត្តរបស់មនុស្សបាននោះឡើយ គឺការថ្វាយ នេះគ្រាន់តែជាការរំលឹកដល់ពួកគេថា ពួកគេមានអំពើបាប(ហេព្រើរ ១០:១-៤)។
មានផ្លូវថ្មីដែលអាចនឹងនាំមនុស្សចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់បាន នោះគឺតាមរយៈ ព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទ។ បើមើលនៅក្នុងជំពូក៩:១១-២៨ គឺតាមរយៈការដែលព្រះយេស៊ូវ បានលះបង់ព្រះជន្មរបស់ទ្រង់នៅលើឈើឆ្កាង ដោយទ្រង់បានខ្ចាយព្រះលោហិតរបស់ព្រះអង្គផ្ទាល់ សម្រាប់មនុស្សដែលមានអំពើបាប ហើយតាមរយៈការខ្ចាយព្រះលោហិតនេះសោត គឺទ្រង់បានធ្វើតែ ម្ដងជាសម្រេច។ ព្រះយេស៊ូវទ្រង់ជាសម្ដេចសង្ឃដែលបានចូលទៅក្នុងទីបរិសុទ្ធរបស់ព្រះដែលនៅ ឯនគរស្ថានសួគ៌ ហើយទ្រង់បានថ្វាយអង្គទ្រង់ជាដង្វាយលោះបាបដល់មនុស្សទាំងអស់។ មិនមែន តែលោះអំពើបាបនោះឡើយ គឺទ្រង់នឹងប្រទានជីវិតដែលនៅអស់កល្បជានិច្ចដល់មនុស្សថែមទៀត។ ដូច្នេះតាមរយៈការសុគតរបស់ព្រះយេស៊ូវ នោះអ្នកដែលបានទទួលជឿលើព្រះអង្គនោះនឹងទទួលបាន ការដែលចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដោយសេចក្ដីក្លៀវក្លា គឺមានន័យថាដោយចិត្តក្លាហាន ក្នុងការចូលទៅកាន់ចំពោះព្រះជាម្ចាស់ មិនមានអំពើបាបដែលខណ្ឌអ្នកដែលទទួលជឿលើព្រះយេស៊ូវ ទៀតឡើយ។
ចំណែកខ២២ “នោះត្រូវឲ្យយើងចូលទៅជិតទាំងមានចិត្តស្មោះត្រង់ និងចិត្តដឹងពិតប្រាកដ ហើយសេចក្ដីជំនឿ ព្រមទាំងមានចិត្តប្រោះញែកជាស្អាតរួចពីបញ្ញាចិត្តដែលសៅហ្មងផង ហើយបាន លាងរូបកាយនឹងទឹកដ៏ស្អាតដែរ” ។ ពាក្យថា “ចូលទៅជិត” នៅត្រង់នេះចង់បង្ហាញអំពីការចូលទៅកាន់ ព្រះជាម្ចាស់ ដែលអាចចូលទៅកាន់ទ្រង់បាន ទោះបីជាទ្រង់បរិសុទ្ធ យើងជាមនុស្សមានអំពើបាបក៏ ដោយ តែតាមរយៈសេចក្ដីលើព្រះយេស៊ូវគ្រីស្ទ ដ្បិតទ្រង់ជាអ្នកកណ្ដាលរវាងព្រះជាម្ចាស់ហើយនិង មនុស្សរាល់គ្នា ដែលទ្រង់ជាអ្នកនាំមនុស្សឲ្យបានចូលទៅកាន់ព្រះវត្តមានរបស់ព្រះ។ ពាក្យថា “ប្រោះ ញែកជាស្អាតរួចពីបញ្ញាចិត្តដែលសៅហ្មង” បានបង្ហាញអំពីការដែលប្រោះលោះតាមរយៈព្រះលោហិត របស់ព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានសុគតនៅលើឈើឆ្កាង ហើយអាចនឹងសម្អាតបាបយើងម្ដងជា សម្រេចបាន(ហេព្រើរ៩:១៤ ,១២:២៤)។ ដ្បិតតាមរយៈការថ្វាយជាយញ្ញបូជារបស់ព្រះយេស៊ូវនោះធ្វើឲ្យ យើងអាចរួចចេញពីចិត្តសៅហ្មង គឺអាចនឹងសម្អាតអំពើបាបដែលមាននៅខាងក្នុងចិត្ត ដែលដង្វាយនៅ តាមរយៈឈាមរបស់សត្វ និងសង្ឃនៅផែនដីមិនអាចនឹងធ្វើបាន(ហេព្រើរ ១០:៣-៤)។ ចំណែកឯការ លាងរូបកាយវិញ គឺចង់សំដៅលើការធ្វើពិធីបុណ្យជ្រមុជទឹក ដែលជាការសំគាល់អំពីការដែលព្រម ទទួលសេចក្ដីស្លាប់ និងសេចក្ដីរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ(កិច្ចការ២២:១៦)។
ខ២៣ “ត្រូវឲ្យយើងរាល់គ្នាកាន់ខ្ជាប់ តាមសេចក្ដីបន្ទាល់របស់សេចក្ដីសង្ឃឹមនោះ ឥតរវើរវាយ ដ្បិតព្រះដែលបានសន្យានោះ ទ្រង់ស្មោះត្រង់” ។ ពាក្យ “សេចក្ដីសង្ឃឹម” នៅត្រង់នេះសំដៅទៅលើការ ដែលព្រះយេស៊ូវគ្រីស្ទ ទ្រង់គឺស្មោះត្រង់នឹងជួយសង្គ្រោះដល់យើងពិតមែន(ហេព្រើរ៣:៦)។ ពាក្យ “ឥត រវើរវាយ” សំដៅទៅលើការដែលយើងជឿជាក់ថាបានជាពិតមែន មិនមែនគ្រាន់តែជាការប៉ានស្មាន ហើយគ្មានភស្តុតាងនោះឡើយ។ ដូច្នេះនៅក្នុងខនេះចង់បង្ហាញថា យើងអាចនឹងរស់នៅដោយជាប់ លាប់បានដោយពិតប្រាកដក្នុងសេចក្ដីពិតរបស់ព្រះ ដែលទ្រង់នឹងសង្គ្រោះពួកយើងជាពិត មិនមែន គ្រាន់តែជាការដែលយើងស្មាននោះឡើយ តែនេះជាសេចក្ដីសន្យារបស់ព្រះ ដែលមានសម្រាប់រាស្ត្រ របស់ព្រះអង្គ ដោយទ្រង់ជាព្រះដែលស្មោះត្រង់អាចនឹងទុកចិត្ត និងសង្ឃឹមទៅលើព្រះបន្ទូលរបស់ទ្រង់ បាន។
ខ២៤ “ហើយត្រូវឲ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្ដាលឲ្យមាន សេចក្ដីស្រលាញ់ ហើយឲ្យប្រព្រឹត្តការល្អផង” ។ នៅត្រង់កន្លែងនេះចង់បង្ហាញអំពីសេចក្ដីស្រលាញ់ ដើមដែលព្រះជាម្ចាស់បានប្រទានសម្រាប់រាស្ត្ររបស់ព្រះអង្គ ហើយរាស្ត្ររបស់ទ្រង់ត្រូវមានសេចក្ដី ស្រលាញ់ទៅចំពោះអ្នកដទៃទៀត ដោយការស្រលាញ់មិនមែននិយាយចេញតែពីបបូរមាត់ តែជាការ ដែលត្រូវហានលះបង់ខ្លួនសម្រាប់សេចក្ដីស្រលាញ់នោះ សម្រាប់អ្នកដទៃ ដោយព្រះជាម្ចាស់បានលះ បង់ព្រះរាជបុត្រារបស់ទ្រង់ជាមុន ដោយសារសេចក្ដីស្រលាញ់របស់ទ្រង់សម្រាប់យើងរាល់គ្នា ដូច្នេះ យើងក៏ត្រូវធ្វើការនេះដូចជាព្រះអង្គផងដែរ។ ដ្បិតការស្រលាញ់នេះអាចកើតឡើងមកបានតតែមាន ការយកចិត្តទុកដាក់ទៅលើអ្នកដទៃ មិនរកផលប្រយោជន៍តែខ្លួនឯង តែធ្វើការងារទាំងនោះដើម្បីផល ប្រយោជន៍រួម ។ ដ្បិតនេះមិនមែនគ្រាន់តែជាការធម្មតានោះឡើយ គឺជាការបង្ហាញថាពួកគេជាកូនរបស់ ព្រះ ដោយទ្រង់នោះឯងជាសេចក្ដីស្រលាញ់(២យ៉ូហាន៤:១៦)។
ខ២៥ “ឥតលែងប្រជុំគ្នា ដូចជាអ្នកខ្លះធ្លាប់នោះឡើយ ត្រូវឲ្យកំឡាចិត្តគ្នាវិញ ឲ្យកាន់តែខ្លាំង ឡើងផង តាមដែលឃើញថាថ្ងៃនោះជិតមកដល់ហើយ”។ ពាក្យ “ប្រជុំគ្នា” យើងអាចមើលឃើញនៅក្នុង កិច្ចការ២:៤២ និយាយអំពីការដែលក្រុមជំនុំបានលក់របស់របបខ្លួនទាំងអស់ ហើយប្រមូលយកមកប្រើប្រាស់នៅក្នុងក្រុមជំនុំទាំងអស់គ្នា ហើយកំសាន្តចិត្តគ្នាជារៀងរាល់ថ្ងៃ។ នៅត្រង់កន្លែងនេះមានន័យថា មិនមែនតតែយើងនៅតែមួយកន្លែងដែលយើងបានកំណត់ នោះទើបអាចនឹងលើកទឹកចិត្តដល់គ្នាទៅ វិញទៅមកបាននោះឡើយ គឺយើងអាចនឹងលើកទឹកចិត្តគ្នានៅគ្រប់ទីកន្លែង មានន័យថាមិនរើសកន្លែង ដូចកាលដែលនៅគ្រាមុននោះឡើយ។ ហើយត្រង់កន្លែងថា “ថ្ងៃនោះជិតមកដល់ហើយ” បានសំដៅទៅ លើការដែលព្រះយេស៊ូវទ្រង់នឹងយាងមកជាលើកទី២ ដើម្បីនឹងជំនុំជំរះដល់លោកិយទាំងមូលនេះ ហើយសម្រាប់រាស្ត្ររបស់ព្រះអង្គនោះ ពួកគេនឹងទទួលបានរង្វាន់ និងសេចក្ដីសង្គ្រោះពីព្រះជាម្ចាស់ តែ សម្រាប់អ្នកដែលមិនបានទទួលជឿលើព្រះវិញ នោះគឺជាថ្ងៃនៃការទទួលទណ្ឌកម្ម ហើយត្រូវបោះទៅ ក្នុងបឹងភ្លើងអស់កល្បជានិច្ច(វិវរណៈ ២១:១-៨)។ ដូច្នេះយើងខំប្រឹងលើកទឹកចិត្តដល់គ្នាទៅវិញទៅមក កុំប្រកាន់ទីកន្លែងនោះឡើយ សំខាន់ឲ្យតែបានជួបគ្នា ដ្បិតការយាងមកជាលើកទី២របស់ព្រះយេស៊ូវជិត នឹងយាងមកហើយ។
សរុបមកវិញ តាមរយៈការដែលសង្ឃបានថ្វាយដង្វាយតាមរយៈឈាមសត្វនោះមិនអាច សម្អាតបាបបានឡើយ ហើយមនុស្សទោះបីជាពួកគេបានស្អាតខាងឯរូបរាងកាយ នោះក៏មិនអាចនឹង ចូលទៅកាន់ព្រះវត្តរបស់ព្រះបានដែរ។ មានផ្លូវថ្មីដែលអាចនាំមនុស្សចូលទៅកាន់ព្រះវត្តមានរបស់ព្រះជាម្ចាស់បាន នោះគឺតាមរយៈការថ្វាយខ្លួនជាដង្វាយលោះបាបរបស់ព្រះយេស៊ូវ ដោយទ្រង់បានសុគត នៅលើឈើឆ្កាងដើម្បីនឹងសងថ្លៃលោះអំពើបាប ហើយទ្រង់ក៏ជាសម្ដេចសង្ឃដែលបានចូលទៅក្នុងទី បរិសុទ្ធគឺដំណាក់របស់ព្រះ ដើម្បីនឹងនាំមនុស្សចូលទៅក្នុងដំណាក់របស់ព្រះបានផងដែរ។ ដោយរស់ នៅក្នុងជីវិតនៅក្នុងលោកិយនេះ នោះត្រូវរស់នៅដោយមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ត្រូវមាន សេចក្ដីសង្ឃឹមលើសេចក្ដីសង្គ្រោះ ហើយត្រូវកាន់តាមសេចក្ដីពិតរបស់ព្រះ ព្រមទាំងត្រូវរស់នៅដោយ មានសេចក្ដីស្រលាញ់ និងការលើកទឹកចិត្តដល់គ្នាទៅវិញទៅមក។
ក្នុងនាមជាគ្រីស្ទបរិស័ទនោះត្រូវមានសេចក្តីជំនឿដ៏ពិតនៅលើគ្រឹះរបស់ព្រះយេស៊ូវគ្រីស្ទ មិន និយាយថាទទួលបានសេចក្ដីសង្គ្រោះតាមរយៈការប្រព្រឹត្តនោះឡើយ គឺទទួលបានដោយព្រះគុណ របស់ព្រះនោះវិញ។ ហើយយើងត្រូវរស់នៅដោយមានសេចក្ដីស្រលាញ់ដែលមកពីព្រះ ដែលអាចនឹង លះបង់ខ្លួន សម្រាប់បងប្អូនដទៃទៀត ដូចជាគំរូរបស់ព្រះយេស៊ូវគ្រីស្ទ។ មួយវិញទៀត ត្រូវរស់នៅដោយ មានការលើកទឹកចិត្តដល់គ្នាទៅវិញទៅមក ដោយមិនមែនគ្រាន់តែ រកផលប្រយោជន៍សម្រាប់តែខ្លួន ឯងឡើយ គឺត្រូវរស់នៅដោយសម្រាប់អ្នកដទៃផងដែរ។
មតិយោបល់
Loading…