in ,

អំពើ​បាប

អំពើ​បាប៖ ខ្ញុំ​មិន​អាច​រស់​នៅ​ជា​មួយ​វា​បាន​ទេ ប៉ុន្តែ​ម្ដង​ហើយ​ម្ដង​ទៀត​ខ្ញុំ​នៅ​តែ​ឃើញ​ថា ខ្ញុំ​មិន​អាច​រស់​នៅ​ដោយ​គ្មាន​វា​បាន​ដែរ។ ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​មាន​សេរីភាព​ចេញ​ពី​អំពើ​បាប​ហើយ ពោល​គឺ​មាន​សេរីភាព​ពី​អំណាច​នៃ​អំពើ​បាប ប៉ុន្តែ​ខ្ញុំ​នៅ​តែ​បន្ត​ធ្វើ​បាប។ ព្រះ​បន្ទូល​បាន​ប្រាប់​ខ្ញុំ​ថា មិន​ឲ្យ​អំពើ​បាប​សោយ​រាជ្យ​លើ​ខ្ញុំ ហើយ​ក៏​ប្រាប់​ថា បើ​ខ្ញុំ​ពិត​ជា​កូន​របស់​ព្រះ​យ៉ាង​ពិត​ប្រាកដ​មែន នោះ​ខ្ញុំ​នឹង​មិន​បន្ត​ប្រព្រឹត្ត​បាប​ទៀត​ទេ (រ៉ូម៦:១២, ១យ៉ូហាន ៣:៩)។ ប៉ុន្តែ ខ្ញុំ​នៅ​តែ​បន្ត​ធ្វើ​បាប។ ទោះ​បី​នៅ​ពេល​ដែល​ខ្ញុំ​ខិតខំ​ផ្ដោត​លើ​អំពើ​បាប​ជាក់​លាក់​ណា​មួយ​ក៏​ខ្ញុំ​ឃើញ​ថា ខ្ញុំ​មិន​អាច​បញ្ឈប់​វា​បាន នៅ​មិន​អាច​សម្លាប់​វា​ទាំង​ស្រុង​ចោល​បាន។ គំនិត​របស់ខ្ញុំ​មិន​អាច​ធ្វើ​បាន ចិត្ត​របស់​ខ្ញុំ​ក៏​មិន​អាច​ធ្វើ​បាន ឆន្ទៈ​របស់​ខ្ញុំ​មិន​អាច​ធ្វើ​បាន ហើយ​ដៃ​របស់​ខ្ញុំ​ក៏​មិន​អាច​ធ្វើ​បាន​ដែរ។ អំពើ​បាប​នោះ​ទំនង​មិន​អាច​សោយ​រាជ្យ​ជា​ស្ដេច​បាន​មែន ប៉ុន្តែ​វា​នៅ​តែ​បន្ត​កើត​ឡើង​ជា​ការ​ល្បង​ល និង​សេចក្ដី​ល្បួង​ស្ថិតស្ថេរ​មួយ​ដដែល។

នៅ​ក្នុង​សៀវភៅ ជីវិត​គ្រីស្ទ​បរិស័ទ៖ សេចក្ដី​ណែនាំ​គោល​លទ្ធិ លោក​គ្រូ សិនឃ្លែរ ហ្វឺហ្គូសិន (The Christian Life: A Doctrinal Introduction Sinclair Ferguson) បាន​សរសេរ​អំពី​ទំនាក់​ទំនង​ដ៏​ពិបាក​យល់​នៃ​អំពើ​បាប​នេះ​ដល់​គ្រីស្ទ​បរិស័ទ ហើយ​ផ្ដល់​នូវ​ពាក្យ​នៃ​ការ​ដឹង​ប្រាកដ​ច្បាស់​ថា «យើង​មិន​មែន​ជា​យើង​ទៀត​ទេ យើង​មិន​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​អំពើ​បាប​ដូច​ពី​មុន​ទៀត​ទេ»។ នេះ​សំខាន់​ណាស់​សម្រាប់​ខ្ញុំ ដើម្បី​ឲ្យ​យល់ និង​ចង​ចាំ​ក្នុង​ចិត្ត នៅ​ពេល​ខ្ញុំ​តស៊ូ​នឹង​អំពើ​បាប មិន​ថា​អំពើ​បាប​ណា​ក៏​ដោយ។ ខ្ញុំ​មិន​មែន​ជា​អ្វី​ដូច​ពី​មុន​ទេ។ ខ្ញុំ​មិន​មែន​ជា​បុគ្គល​ដូច​ពី​មុន​ទៀត​ដែរ។ ពី​មុន​ខ្ញុំ​ជា​បាវ​បម្រើ​នៃ​អំពើ​បាប វា​គ្រប់​គ្រង​លើ​ខ្ញុំ ដោយ​ប្រទាញ​ខ្ញុំ​មិន​អាច​ឲ្យ​ខ្ញុំ​ឈប់​បាន។ ប៉ុន្តែ ឥឡូវ​នេះ ខ្ញុំ​ជា​បាវ​បម្រើ​របស់​ចៅហ្វាយ​មួយ​ផ្សេង​ទៀត។ ខ្ញុំ​ជា​របស់​ផង​ព្រះ ហើយ​ចុះ​ចូល​ចំពោះ​ទ្រង់។ ទំនាក់​ទំនង​របស់​ខ្ញុំ​ជា​មួយ​នឹង​អំពើ​បាប​មាន​ការ​ផ្លាស់​ប្ដូរ​ទាំង​ស្រុង។

ប៉ុន្តែ ខ្ញុំ​នៅ​តែ​ខឹង។ ខ្ញុំ​នៅ​តែ​បញ្ចេញ​អាការៈ​ខឹង​សម្បារ។ ខ្ញុំ​នៅ​តែ​ក្ដៅ​ក្រហាយ​ក្នុង​កំហឹង។ ខ្ញុំ​នៅ​តែ​ការ​ប៉ង​ប្រាថ្នា​ដែល​កើត​ចេញ​ពី​សេចក្ដី​កំហឹង ហើយ​រង​ទុក្ខ​ការ​ឈឺ​ចាប់​នឹង​លទ្ធផល​នៃ​កំហឹង​របស់​ខ្ញុំ។ ហើយ​នោះ​គ្រាន់​តែ​ជា​អំពើ​បាប​មួយ​ប៉ុណ្ណោះ។ ខ្ញុំ​នៅ​តែ​មាន​ចិត្ត​ស្រើបស្រាល ចិត្ត​ច្រណែន រមិល​គុណ ហើយ​នៅ​ធ្វើ​បាប​ក្នុង​របៀប​ជា​ច្រើន​ទៀត។ ខ្ញុំ​បាន​ស្លាប់​ខាង​ឯ​អំពើ​បាប ប៉ុន្តែ​អំពើ​បាប​មិន​បាន​ស្លាប់​នៅ​ខាង​ក្នុង​ខ្ញុំ​នៅ​ឡើយ​ទេ។ ប៉ុន្តែ មាន​ភាព​ផ្សេង​ខុស​ពី​គ្នា ហើយ​ភាព​ផ្លាស់​ប្ដូរ​នោះ​គឺ៖ អំពើ​បាប​មិន​មាន​អំណាច​ជា​ស្ដេច​គ្រប់​គ្រង​លើ​ខ្ញុំ​ទៀត​ទេ។ ហើយ​ជាក់​ស្ដែង ខ្ញុំ​ក៏​មិន​មាន​ទំនាក់​ទំនង​ជា​មួយ​វា ហាក់​បី​ដូច​ជា​ថា​វា​មាន​អំណាច​គ្រប់​គ្រង​លើ​ខ្ញុំ​ទៀត​ឡើយ។ ខ្ញុំ​ត្រូវ​តែ​ប្រាកដ​ឲ្យ​ច្បាស់​ថា បទ​ពិសោធន៍​នៃ​អំពើ​បាប​របស់​ខ្ញុំ​ត្រូវ​តែ​ស្រប​តាម​ការ​ទេវវិទ្យា​របស់​ខ្ញុំ ទាក់ទង​នឹង​អំពើ​បាប។

កំហឹង​មិន​មែន​ជា​ម្ចាស់​ខ្ញុំ​ទៀត​ទេ។ ព្រះ​គ្រីស្ទ​ជា​ម្ចាស់​របស់​ខ្ញុំ។ ភាព​ស្រើប​ស្រាល​មិន​ជំរុញ​ចិត្ត​ខ្ញុំ​ទេ។ ព្រះ​គ្រីស្ទ​ជំរុញ​ចិត្ត​ខ្ញុំ។ ការ​ច្រណែន​មិន​មាន​ជ័យ​ជម្នះ​ចុង​ក្រោយ​ទេ។ ព្រះ​គ្រីស្ទ​ទទួល​បាន​ជ័យ​ជម្នះ​ចុង​ក្រោយ។ ឈើ​ឆ្កាង​ឈរ​នៅ​ទី​នោះ ទុក​ជា​តំណាង​នៃ​ការ​ដឹង​ប្រាកដ​ច្បាស់​ថា ខ្ញុំ​ទទួល​បាន​ការ​សង្គ្រោះ​ចេញ​ពី​អំណាច​នៃ​អំពើ​បាប​នោះ ហើយ​នៅ​ទី​បំផុត​នៅ​ថ្ងៃ​ណា​មួយ នោះ​ខ្ញុំ​នឹង​បាន​ប្រោស​ឲ្យ​រួច​ចេញ​ពី​វត្តមាន​របស់​វា​ទាំង​ស្រុង។ អំពើ​បាប​នៅ​ក្នុង​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​នៅ​ក្នុង​ព្រះ​គ្រីស្ទ។ ហើយ​អ្វី​ដែល​មាន​នៅ​ក្នុង​ខ្ញុំ​គឺ​ត្រូវ​បាន​ដាក់​លើ​ទ្រង់​នៅ​លើ​ឈើ​ឆ្កាង។ នៅ​ពេល​នោះ ទ្រង់​បាន​យក​ជ័យ​ជម្នះ​លើ​វា។ ទ្រង់​បាន​បំបាក់​អំណាច​របស់​វា។ ហើយ​ឥឡូវ​នេះ ខ្ញុំ​គ្រាន់​តែ​ត្រូវ​រង់ចាំ ដោយ​តយុទ្ធ គឺ​​រង់ចាំ​ឲ្យ​ទ្រង់​មាន​ព្រះ​បន្ទូល​ហើយ​បញ្ចប់​វា ម្ដង​ជា​សម្រេច​សម្រាប់​ទាំង​អស់។

អំពើ​បាប៖ ខ្ញុំ​មិន​អាច​រស់​នៅ​ជា​មួយ​វា​បាន​ទេ ប៉ុន្តែ​ម្ដង​ហើយ​ម្ដង​ទៀត​ខ្ញុំ​នៅ​តែ​ឃើញ​ថា ខ្ញុំ​មិន​អាច​រស់​នៅ​ដោយ​គ្មាន​វា​បាន​ដែរ។

និពន្ធ​ដោយ៖ Tim Challies
បក​ប្រែ​ដោយ៖ លោក លោក អ៊ុច អភិរិន
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ឯក ធីម៉ូធេ, លោក សឹម រក្សា និង​លោក​ ឈាង បូរ៉ា
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.challies.com ដោយ​មាន​ការ​អនុញ្ញាត។​ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ប្រសិន​បើ​មនុស្ស​ម្នាក់​ផឹក​ស្រា ឬ​ជក់​បារី តើ​គាត់មិនមែនគ្រីស្ទបរិស័ទ?

ហេតុ​អ្វី​ត្រូវ​មាន​បេសកកម្ម?