in ,

ការ​មើល​ប្រធាន​បទ​ធំៗ​នៅ​ក្នុង​ព្រះ​គម្ពីរ៖ បញ្ជី​កណ្ឌ​គម្ពីរ និង​ដំណាក់កាល

លោក​គ្រូ​ដែល​ឆ្លើយ​សំណួរ​របស់​យើង​នៅ​ថ្ងៃ​នេះ​គឺ​ជា​លោក​គ្រូ​ម្នាក់​ដែល​មាន​ជំនាញ​ខាង​ឯ​ប្រធាន​ទេវវិទ្យា​ព្រះ​គម្ពីរ ដែល​ពិនិត្យ​មើល​ដំណើរ​រឿង​ព្រះ​គម្ពីរ​ចាប់​ពី​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ​រហូត​ដល់​វិវរណៈ។

«ជម្រាប​សួរ​លោក​គ្រូ! ខ្ញុំ​សូម​អរគុណ​លោក​គ្រូ​ដែល​បាន​ញែក​ពេល ដើម្បី​ជួយ​ឆ្លើយ​សំណួរ​របស់​យើង ជា​ពិសេស​ទាក់​ទង​ទៅ​នឹង​ប្រធាន​បទ​ធំៗ​នៅ​ក្នុង​ព្រះ​គម្ពីរ ចាប់​ពី​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ​រហូត​ដល់​វិវរណៈ។ ថ្ងៃ​នេះ យើង​នឹង​មើល​ប្រធាន​បទ​ធំ​លើ​ព្រះ​គម្ពីរ​ទាំង​មូល។ សូម​លោក​គ្រូ​ជួយ​សង្ខេប​ព្រះ​គម្ពីរ​ទាំង​មូល​សម្រាប់​យើង»។

បញ្ជី​កណ្ឌ​គម្ពីរ និង​ដំណាក់​កាល

ដើម្បី​និយាយ​អំពី​ដំណើរ​រឿង​សង្ខេប​នៃ​ព្រះ​គម្ពីរ គឺ​យើង​ត្រូវ​មើល​លើ​ចំណុច​ខុសៗ​គ្នា​ពីរ​យ៉ាង។

ការ​រៀប​រៀង​កណ្ឌ​គម្ពីរ

មួយ​វិញ​សោត គឺ​យើង​មាន​ព្រះ​គម្ពីរ​ដែល​យើង​ហៅ​ថា​ព្រះ​គម្ពីរ​សញ្ញា​ចាស់ និង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី និង​ការ​រៀប​រៀង​កណ្ឌ​នីមួយៗ​ឲ្យ​កាន់​តែ​ច្បាស់។ ពេល​ខ្លះ កណ្ឌ​នីមួយៗ​ទាំង​នោះ​មាន​លក្ខណៈ​ខុសៗ​គ្នា​ពី​ភាសា​ខ្មែរ ក្នុង​ការ​សិក្សា​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ជា​ភាសា​ហេព្រើរ។

ឧទាហរណ៍៖ យើង​លើក​ឡើង​អំពី​ហោរា​ធំ និង​ហោរា​តូច ប៉ុន្តែ​នោះ​មិន​មែន​ជា​ការ​រៀបរៀង​កណ្ឌ​នីមួយៗ​នោះ​ទេ​ក្នុង​ភាសា​ដើម។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​យើង​នៅ​អាច​ញែក​កណ្ឌ​គម្ពីរ​ទៅ​ជា​បញ្ចកណ្ឌ (កណ្ឌ៥ដំបូង) កណ្ឌ​ប្រវត្តិ​សាស្ត្រ កណ្ឌ​ប្រាជ្ញា (កណ្ឌ​គម្ពីរ​សុភាសិត និង​សាស្ដា។ល។) និង​កណ្ឌ​ហោរា (ហោរា​ធំ និង​ហោរា​តូច ទោះ​បើ​នេះ​មិន​មែន​ជា​ការ​រៀប​រៀង​តាម​ស្តង់ដារ​ក៏​ដោយ)។

ហើយ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ យើង​អាច​គិត​អំពី​កណ្ឌ​ដំណឹង​ល្អ កណ្ឌ​កិច្ចការ កណ្ឌ​សំបុត្រ​ទាំង​អស់ និង​កណ្ឌ​នៃ​គ្រា​ចុង​ក្រោយ។ ហើយ​យើង​ក៏​ថែម​ទាំង​អាច​រៀប​រៀង​កណ្ឌ​គម្ពីរ​សំបុត្រ​ទៅ​ជា​សំបុត្រ​ទៅ​កាន់​ក្រុម​ជំនុំ និង​សំបុត្រ​ទៅ​កាន់​បុគ្គល​នីមួយៗ​បាន​ដែរ​ដូច​ជា កណ្ឌ​គម្ពីរ ១ធីម៉ូថេ កណ្ឌ​គម្ពីរ ២ធីម៉ូថេ កណ្ឌ​គម្ពីរ ទីតុស និង​កណ្ឌ​គម្ពីរ ភីលេម៉ូន ជា​ដើម។ ទាំង​នេះ​គឺជា​ការ​រៀប​រៀង​ដែល​អាច​ជា​ជំនួយ​ដល់​យើង​បាន។

តាម​រយៈ​ការ​ធ្វើ​បែប​នេះ អ្វី​ដែល​យើង​មិន​អាច​បង្ហាញ​បាន​គឺ​អំពី​ដំណាក់​កាល​នៃ​ដំណើរ​រឿង​ដែល​បាន​សរសេរ​ចុះ​ដែរ។ ហើយ​នេះ​គឺ​ជា​អ្វី​ដែល​យើង​ចង់​ផ្ដោត​លើ​ក្នុង​ឯក​សារ​នេះ។ សំណួរ​សួរ​ថា តើ​អ្វី​ទៅ​ជា​ដំណើរ​រឿង​ព្រះ​គម្ពីរ​ដែល​ភ្ជាប់​កណ្ឌ​ទាំង​នោះ​ជា​មួយ​នឹង​ទម្រង់​នៃ​អក្សរ​សាស្ត្រ និង​អក្សរ​សិល្ប ការ​រៀប​រៀង​ឡើង​ខុសៗ​គ្នា និង​ភាសា​ខុសៗ​គ្នា​ឲ្យ​មាន​ភាព​ស៊ី​គ្នា។ល។?

ការ​តាម​ដាន​ដំណើរ​រឿង

ចំណុច​បន្ទាប់​ដែល​យើង​ត្រូវ​សង្កេត​មើល​គឺ​ថា យើង​អាច​រៀប​រាប់​ដំណើរ​រឿង​នោះ​ក្នុង​របៀប​ត្រួសៗ ឬ​ក៏​យើង​អាច​លើក​ឡើង​ដោយ​ចំណាយ​ពេល​រាប់​ម៉ោង។ ក្នុង​ការ​រៀបរាប់​ត្រួសៗ យើង​អាច​សង្ខេប​ដូច​ត​ទៅ៖ ការ​បង្កើត ការ​ធ្លាក់​ក្នុង​អំពើ​បាប ការ​ប្រោស​លោះ និង​ការ​សម្រេច​ទាំង​ស្រុង។ ការ​ធ្វើ​បែប​នេះ​នាំ​ឲ្យ​យើង​ឃើញ​អំពី​ដំណើរ​ដើម​ចម និង​ទី​បញ្ចប់ ហើយ​ក្នុង​ចន្លោះ​ចំណុច​ទាំង​ពីរ​នេះ គឺ​យើង​មាន​ការ​ធ្លាក់​ក្នុង​អំពើ​បាប—បញ្ហា​ដែល​បាន​លើក​ឡើង—ហើយ​បន្ទាប់​មក​គឺ​ការ​ប្រោស​លោះ—ដែល​នេះ​ជា​ដំណោះ​ស្រាយ​ដែល​ព្រះ​ជាម្ចាស់​បាន​ប្រទាន​ដល់​យើង។ សរុប​សេចក្ដី​ទៅ នេះ​គឺ​ជា​របៀប​សង្ខេប​ដំណើរ​រឿង​ព្រះ​គម្ពីរ​ត្រួសៗ។ ហើយ​បន្ទាប់​មក យើង​ក៏​អាច​បន្ថែម​ព័ត៌មាន​បន្តិច​ទៀត ដើម្បី​សង្ខេប​ក្នុង​ពេល​ពីរ​ទៅ​បី​នាទី។ ឬ​ក៏​ថា របៀប​មួយ​ទៀត​ដែល​យើង​អាច​ធ្វើ​បាន​គឺ ចំណាយ​ពេល​ជា​ច្រើន​ក្នុង​ការ​លើក​ឡើង​អំពី​ព័ត៌មាន​លម្អិត ដើម្បី​ពិភាក្សា​គ្នា ដោយ​លើក​ឡើង​ជា​តារាង និង​របៀប​ដែល​កណ្ឌ​គម្ពីរ​ទាំង​អស់​មាន​ភាព​ស៊ី​គ្នា ដើម្បី​ជា​លទ្ធផល​អាច​នាំ​ឲ្យ​លោក​អ្នក​ឃើញ​បាន​យ៉ាង​ច្បាស់​លាស់​អំពី​ការ​ដែល​វា​មាន​ភាព​ស៊ី​គ្នា​នៅ​ក្នុង​ដំណើរ​រឿង។

លើស​ពី​នោះ​ទៅ​ទៀត មាន​កណ្ឌ​គម្ពីរ​មួយ​ចំនួន​គឺ​ជា​កណ្ឌ​ដែល​សញ្ជឹង​គិត​អំពី​ព្រឹត្តិការណ៍​ណា​មួយ ពេល​វេលា​ណា​មួយ សម័យ​កាល​សោយ​រាជ្យ​របស់​ស្ដេច​ណា​មួយ ឬ​ក៏​អំពី​អំឡុង​ពេល​ណា​មួយ។ ឧទាហរណ៍៖ យើង​អាច​គិត​អំពី​កណ្ឌ​គម្ពីរ​នាង​អេសធើរ។ កណ្ឌ​នេះ​រៀប​រាប់​អំពី​ម្ចាស់ក្សត្រី​ម្នាក់ និង​អំពី​អភិរាជ​ម្នាក់ នឹង​តែង​អំពី​ផ្នែក​ខ្លះៗ​នៃ​ព្រះ​ជន្ម​របស់​អង្គ​ទាំង​ពីរ​នោះ។ ខណៈ​ពេល​ដែល​យើង​មាន​កណ្ឌ​គម្ពីរ​ដូច​ជា ១សាំយ៉ូអែល ២សាំយ៉ូអែល ហើយ​បន្ទាប់​មក ១ពង្សាវតារក្សត្រ ២ពង្សាវតារក្សត្រ ១របាក្សត្រ និង​២របាក្សត្រ។ល។ ដែល​រៀប​រាប់​អំពី​ការ​សោយ​រាជ្យ​របស់​ស្ដេច​ជា​ច្រើន​អង្គ។ ដែល​នេះ​មាន​ន័យ​ថា អ្នក​និពន្ធ​បាន​ប្រមូល​ផ្តុំ​ការ​សោយរាជ្យ​នៅ​ជា​ច្រើន​ក្នុង​អំឡុង​ពេល​នោះ ដែល​រៀប​រាប់​អំពី​រយៈ​ពេល​រាប់​រយ​ឆ្នាំ។ ប្រសិន​បើ​យើង​អាន​កណ្ឌគម្ពីរ ១សាំយ៉ូអែល រហូត​ដល់​ចុង​បញ្ចប់​នៃ​កណ្ឌ​គម្ពីរ ២ពង្សាវតារក្សត្រ នោះ​មាន​ន័យ​ថា យើង​កំពុង​តែ​មើល​ពេល​វេលា​ក្នុង​អំឡុង​ពេល​មុន​ស្ដេច សូល—ដែល​នេះ​មាន​ន័យ​ថា យើង​ពុង​តែ​អាន​ក្នុង​ដំណើរ​រឿង​នៃ​អំឡុង​ពេល១១សតវត្សរ៍​មុន​គ.ស.—ត្រឡប់​ទៅ​វិញ​រហូត​ដល់​ពេល​នៃ​ការ​បំផ្លាញ​ទីក្រុង យេរូសាឡឹម នៅ​ឆ្នាំ ៥៨៦-៥៨៧​មុន​គ.ស.។ នេះ​ស្ទើរ​តែ​ពាក់​កណ្ដាល​នៃ​សហស្ស​វត្សរ៍។ ដែល​នេះ​មាន​ន័យ​ថា ចាប់​ផ្ដើម​មាន​ការ​សរសេរ​ចុះ​អំពី​ដំណើរ​រឿង​តាំង​ពី​ពេល​នោះ​មក​ម៉្លេះ។ ប៉ុន្តែ ដំណើរ​រឿង​មាន​ការ​រចនា​ឡើង​ចេញ​ពី​រឿង​តូចៗ​ដូច​នោះ ក្នុង​អំឡុង​ពេល​នោះ។

ហើយ​ផ្នែក​មួយ​នៃ​ការ​ព្យាយាម​យល់​ដំណើរ​រឿង​គឺ​លើ​ចំណុច​ពិត​ដែល​ថា ដំណើរ​រឿង​នៃ​សាច់​រឿង​ចុង​ក្រោយ នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ គឺ​កណ្ឌ​គម្ពីរ នេហេមា ដែល​នៅ​ក្នុង​កណ្ឌ​គម្ពីរ​នេះ អ្នក​និពន្ធ​នៅ​លើក​ឡើង​អំពី​ព្រឹត្តិការណ៍​ដែល​កំពុង​តែ​បាន​កើត​ឡើង​ប្រមាណ​ជា៤០០ឆ្នាំ​មុន​ព្រះ​គ្រីស្ទ​បាន​យាង​មក។ ដូច្នេះ ដើម្បី​ឲ្យ​យើង​អាច​ឃើញ​ដំណើរ​រឿង​នៃ​កណ្ឌ​គម្ពីរ​ប្រវត្តិ​សាស្ត្រ​ទាំង​មូល គឺ​យើង​ត្រូវ​តែ​ដាក់​បញ្ចូល​ដំណើរ​រឿង​តូចៗ​ទាំង​នោះ ដែល​ទូទៅ​គេ​ហៅ​ថា អំឡុង​ពេល​ចន្លោះ​ព្រះ​គម្ពីរ—ដែល​នេះ​មាន​ន័យ​ថា អំឡុង​ពេល​រវាង​ព្រះ​គម្ពីរ​សញ្ញា​ចាស់​និង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ដែល​យើង​ហៅ​ថា អំឡុង​ពេល​ចន្លោះ​ព្រះ​គម្ពីរ ឬ​ក៏​ពេល​ខ្លះ​គេ​ហៅ​ពេល​នោះ​ថា ព្រះ​វិហារ​ទី២​របស់​សាសនា​យូដា—ដែល​នេះ​កំពុង​សំដៅ​ទៅ​លើ​អំឡុង​ពេល​នៃ​ការ​សាង​សង់​ព្រះ​វិហារ​ទី២ (បញ្ជាក់៖ មិន​មែន​ព្រះ​វិហារ​ដែល​ស្ដេច សាឡូម៉ូន បាន​សាង​សង់​ទេ ប៉ុន្តែ​ជា​ព្រះ​វិហារ​ដែល​លោក នេហេមា បាន​សាង​សង់​ឡើង​វិញ បន្ទាប់​ពី​ពួក​គាត់​បាន​ត្រឡប់​មក​វិញ​ពី​ភាព​ជា​ឈ្លើយ) ហើយ​ព្រះ​វិហារ​នោះ​ក៏​នៅ​មាន​រហូត​ដល់​ពេល​ពួក​សាសន៍​រ៉ូម​បាន​បំផ្លាញ​ចោល​នៅ​ក្នុង​ឆ្នាំ៧០​នៃគ.ស.។ ពិត​ណាស់ ព្រឹត្តិការណ៍​នេះ​ក៏​មាន​ការ​ជាន់​គ្នា​ជា​មួយ​នឹង​សម័យ​កាល​ដែល​ជំនឿ​គ្រីស្ទ​បរិស័ទ​បាន​ចាប់​ផ្ដើម​ឡើង​ផង​ដែរ។

និពន្ធដោយ៖ លោកគ្រូ D.A. Carson
បកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ឯក សត្យា, លោក សឹម រក្សា និងលោក ឯក ធីម៉ូថេ
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ដំណាក់​កាល​ផ្សេងៗ​នៃ​ភាព​ចាស់​ទុំ​ខាង​ឯ​វិញ្ញាណ៖ កុមារ​ភាព​

ដំណាក់​កាល​ផ្សេងៗ​នៃ​ភាព​ចាស់​ទុំ​ខាង​ឯ​វិញ្ញាណ៖ មនុស្ស​ពេញ​វ័យ