«ជម្រាបសួរលោកគ្រូ! វាគឺជាព្រះពរដល់ខ្ញុំក្នុងការទទួលបានចម្លើយដ៏ខ្លីៗ តាមរយៈការស្ដាប់ ឬក៏អានអត្ថបទរបស់លោកគ្រូ ជាពិសេសទាក់ទងទៅនឹងសំណួរសំខាន់ៗសម្រាប់ជីវិតរបស់យើង។ ខ្ញុំមានសំណួរមួយទាក់ទងទៅនឹងការយល់ពីដំណើរនៃសាច់រឿងណាមួយនៅក្នុងព្រះគម្ពីរ។ លោកគ្រូធ្លាប់បានលើកឡើងថា ការដែលលោកគ្រូបានចាប់ផ្ដើមយល់អំពីរបៀបដែលអ្នកនិពន្ធព្រះគម្ពីររៀបរៀងការវែកញែក និងការយល់អំពីរបៀបនៃការវែកញែកនោះឲ្យបានត្រឹមត្រូវ នៅពេលអានព្រះគម្ពីរ នោះគឺជាអ្វីដែលបានបំផ្លាស់បំប្រែរបៀបនៃការដែលលោកគ្រូអានព្រះគម្ពីរយ៉ាងខ្លាំង ទាក់ទងទៅនឹងការយល់ពីអ្នកនិពន្ធ ដែលនេះមានន័យថា យើងក៏យល់អំពីគោលបំណងរបស់ព្រះជាម្ចាស់នៅក្នុងព្រះបន្ទូលរបស់ទ្រង់ដែរ។ ខ្ញុំយល់អំពីរបៀបនៃការធ្វើដូចនេះនៅក្នុងព្រះគម្ពីរសញ្ញាថ្មី និងនៅក្នុងកណ្ឌប្រាជ្ញា ដូចជាកណ្ឌសុភាសិតជាដើម។ ប៉ុន្តែ សំណួររបស់ខ្ញុំគឺទាក់ទងទៅនឹងការយល់ពីដំណើរនៃសាច់រឿងណាមួយ។ ក្រុមជំនុំខ្ញុំកំពុងតែសិក្សាកណ្ឌគម្ពីរ លូកា។ យើងដឹង និងយល់អំពីរបៀបដែលកណ្ឌមួយនេះបានរៀបរៀងឡើង ចុះចំណែកឯការយល់ពីដំណើរនៃសាច់រឿងណាមួយវិញ? តើមានចំណុចគន្លឹះខុសៗគ្នាដែលលោកគ្រូព្យាយាមរកដែរឬទេ? តើមានឈ្នាប់ផ្លាស់ប្ដូរជាក់លាក់ ចំណុចសម្គាល់ ឬក៏គន្លឹះណាមួយដែលលោកគ្រូរកនៅក្នុងខគម្ពីរដែលរៀបរាប់អំពីដំណើររឿងទាំងនោះដែរទេ?
ការឃើញអ្វីដែលអ្នកនិពន្ធកំពុងតែមានប្រសាសន៍
ខ្ញុំធ្លាប់បានផ្ដោតមើលអំពីរបៀបនៃការយល់នូវផ្នត់គំនិតរបស់អ្នកនិពន្ធយ៉ាងយកចិត្តទុកដាក់ ដើម្បីរកគោលបំណងដ៏ពិតរបស់គាត់។ ហើយខ្ញុំជឿថា គោលបំណងមូលដ្ឋាននៃការអានគឺ ដើម្បីស្វែងរកគោលបំណងរបស់អ្នកនិពន្ធ គឺរកនូវអ្វីដែលគាត់ព្យាយាមចង់ប្រាប់ដល់យើង។ សូមយល់ថា មានរបៀបខុសៗគ្នាជាច្រើននៃការធ្វើបែបនេះ ក្នុងការស្វែងរកគោលបំណងនោះនៅពេលដែលយើងអាន ដូចជាទទួលបានការកម្សាន្តនៅពេលអានព្រះគម្ពីរ។ ប៉ុន្តែ ប្រសិនបើគ្មានការស្វែងរកឥទ្ធិពលមូលដ្ឋាននៃគោលបំណងរបស់អ្នកនិពន្ធ នោះមានន័យថា យើងកំពុងបង្ហាញភាពឈ្លើយរបស់ខ្លួន ហើយយើងក៏កំពុងតែប្រព្រឹត្តចំពោះអ្នកនិពន្ធក្នុងរបៀបដែលយើងមិនចង់ឲ្យអ្នកផ្សេងប្រព្រឹត្តចំពោះយើង នៅពេលដែលយើងព្យាយាមប្រាប់អ្វីមួយ ហើយមានគេឆ្លើយតបថា
«ខ្ញុំមិនខ្វល់ថាលោកអ្នកកំពុងតែព្យាយាមនិយាយអ្វីនោះទេ។ ខ្ញុំនឹងកាត់ស្រាយពាក្យសម្ដីរបស់លោកអ្នកទៅជារបៀបនេះ ឬក៏ជារបៀបនោះ តាមតែចិត្តរបស់ខ្ញុំ»។
ហើយក្នុងដំណើរការបែបនោះ គឺយើងនឹងបាត់បង់ឱកាសដ៏ធំក្នុងការលូតលាស់ជាមិនខាន។ ប្រសិនបើយើងមិនខ្វល់អំពីការរកឃើញនូវអ្វីដែលបុគ្គលម្នាក់ទៀតបានរកឃើញថា ជាការពិត ហើយយើងគ្រាន់តែបញ្ចូលគំនិតរបស់យើងលើអ្វីដែលគាត់បាននិពន្ធ នោះយើងនឹងមិនលូតលាស់ឡើយ។ ហើយកណ្ឌគម្ពីរ ២ពេត្រុស ៣:១៨ មានចែងថា «ចម្រើនឡើងក្នុងព្រះគុណ ហើយក្នុងការស្គាល់ដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា»។ ដូច្នេះ ខ្ញុំនឹងវែកញែកថា ចំណុចដ៏សំខាន់មួយនៃរបៀបនៃការរកគោលបំណងរបស់អ្នកនិពន្ធ និងការលូតលាស់ខាងឯចំណេះដឹង និងព្រះគុណ គឺដាច់ខាត យើងត្រូវតែយល់អំពីរបៀបវែកញែករបស់អ្នកនិពន្ធ។
ហើយតាមរយៈពាក្យ «វែកញែក» ខ្ញុំមិនមែនមានន័យថា យើង «ឈ្លោះគ្នា» នោះទេ។ ខ្ញុំយល់ថាពេលខ្លះគេប្រើប្រាស់ពាក្យ «វែកញែក» ខុសពីរបៀបដែលខ្ញុំប្រើប្រាស់នៅត្រង់នេះ។ អ្វីដែលខ្ញុំចង់មានន័យតាមរយៈពាក្យ
«វែកញែក» គឺថាយើងយល់អំពីលំដាប់លំដោយនៃគំនិតពីការសាងសង់មូលដ្ឋានរហូតដល់ចប់។ ឧទាហរណ៍៖ កណ្ឌគម្ពីរ រ៉ូម ១:១៥-១៧ មានចែងដូចតទៅ (មានពាក្យ «ដ្បិត» ពីរដង និងពាក្យ «ពីព្រោះ» មួយដង)
«ដូច្នេះ ឯខ្ញុំៗប្រុងប្រៀបតែនឹងប្រាប់ដំណឹងល្អមកអ្នករាល់គ្នា ដែលនៅក្រុងរ៉ូមដែរ ដ្បិតខ្ញុំគ្មានសេចក្ដីខ្មាស ចំពោះដំណឹងល្អនៃព្រះគ្រីស្ទទេ ពីព្រោះជាព្រះចេស្ដានៃព្រះ សម្រាប់នឹងជួយសង្គ្រោះដល់អស់អ្នកណាដែលជឿ…ដ្បិតសេចក្ដីសុចរិតនៃព្រះ បានសម្ដែងមកក្នុងដំណឹងល្អនោះ ដោយសារសេចក្ដីជំនឿ ហើយឲ្យបានសេចក្ដីជំនឿចម្រើនច្រើនឡើងផង»។
ខ្ញុំបានអានព្រះគម្ពីរអស់រយៈពេល២០ឆ្នាំមុនខ្ញុំរកឃើញអំពីរបៀបដែលសាវ័ក ប៉ុល សរសេរ។ នៅក្នុងខគម្ពីរប៉ុន្មាននេះ យើងឃើញថាមានប្រយោគដ៏សំខាន់ៗ និងធំៗ៤យ៉ាង។ ហើយចំណុចរបស់ខ្ញុំគឺថា លោកអ្នកមិនអាចយល់អំពីគោលបំណងរបស់សាវ័ក ប៉ុល បានទេ អំពីអ្វីដែលគាត់កំពុងតែព្យាយាមលើកឡើង លុះត្រាតែលោកអ្នកយល់អំពីទំនាក់ទំនងតក្កនៃការគិតរបស់គាត់រវាងប្រយោគទាំងបួននេះសិន។ ហើយរបៀបនៃការបង្ហាញរបស់សាវ័ក ប៉ុល ដែលយើងឃើញយ៉ាងច្បាស់លាស់ ក្នុងទំនាក់ទំនងនេះ គឺតាមរយៈការដែលគាត់ប្រើប្រាស់ពាក្យ «ដ្បិត» ពីរដង និង «ពីព្រោះ» មួយដង។ គាត់កំពុងតែរចនាការវែកញែកពីមូលដ្ឋានរហូតដល់ទីបញ្ចប់។
តម្រុយនៅក្នុងដំណើររឿង
សំណួរដែលបានលើកឡើងគឺទាក់ទងទៅនឹងរបៀបលម្អិត ការផ្ដោតលើយ៉ាងខ្លាំងទៅលើតក្កនៃទំនាក់ទំនងនៃការគិតរវាងប្រយោគណាមួយ ដែលទាក់ទងទៅនឹងរបៀបនៃការកាត់ស្រាយលើដំណើរនៃសាច់រឿងធំណាមួយនៅក្នុងព្រះគម្ពីរ ឬក៏ដំណើររឿងទាំងមូលនៅក្នុងព្រះគម្ពីរ។ ហើយអ្នកសួរក៏អាចទំនងជាសួរបន្ថែមទៀតថា៖ «តើរបៀបនៃការធ្វើដូចនេះទាក់ទងទៅនឹងកណ្ឌគម្ពីរកំណាព្យ រឿងប្រៀបប្រដូច។ល។ បានដោយរបៀបណា?» ព្រឹត្តិការណ៍ដែលបានចងចូលគ្នាក្នុងរបៀបជាក់លាក់ណាមួយ—ហើយនេះជាអ្វីដែលខ្ញុំមានន័យលើដំណើរនៃសាច់រឿងណាមួយ។ តើយើងគួរព្យាយាមស្វែងរកគោលបំណងរបស់អ្នកនិពន្ធក្នុងរបៀបដូចគ្នាមែនឬ?
ហើយចម្លើយរបស់ខ្ញុំគឺថា៖ មែនហើយ បើយោងតាមគោលការណ៍។ ប៉ុន្តែ ទាក់ទងទៅនឹងចំណុចលម្អិតនៃរបៀបដែលអ្នកនិពន្ធបានបង្ហាញគោលបំណងរបស់គាត់ គឺយើងត្រូវប្រយ័ត្នដោយព្យាយាមស្វែងរកចំណុចផ្សេងទៀត ក្រៅពីការគ្រាន់តែផ្ដោតលើធ្នាក់មួយទៅធ្នាក់មួយទៀត ដោយមានតក្កភ្ជាប់មួយក្នុងចន្លោះ ទោះបីដំណើរនៃសាច់រឿងណាមួយមិនកើតឡើងដូច្នោះក៏ដោយ។ ប៉ុន្តែ អ្នកនិពន្ធព្រះគម្ពីរបានសរសេរចុះដំណើរនៃសាច់រឿងណាមួយដោយមានហេតុផល។ ពួកគាត់កំពុងតែព្យាយាមប្រាប់នូវចំណុចណាមួយមកកាន់យើង។ ហើយពួកគាត់ក៏ចង់ឲ្យយើងរកឃើញចំណុចនោះដែរ។
កាលខ្ញុំសរសេរសៀវភៅមួយមានចំណងជើងជាភាសាអង់គ្លេសថា (Reading the Bible Supernaturally) (ដែលប្រែជាភាសាខ្មែរថា «ការអានព្រះគម្ពីរបែបអធិធម្មជាតិ») ខ្ញុំបានឃើញចំណុចដ៏អស្ចារ្យជាច្រើន។ កាលនោះគឺជាលើកដំបូងដែលខ្ញុំបានឃើញ។ របៀបរិះគន់ដ៏ចម្បងមួយរបស់ព្រះយេស៊ូវអំពីពួកផារិស៊ីគឺថា ពួកគាត់មិនចេះរបៀបអានឡើយ។ ខ្ញុំគិតថា ការរិះគន់នេះទំនងជាបានធ្វើឲ្យពួកគេឈឺចាប់ចាប់ខ្លាំង ព្រោះដូចដែលយើងដឹងហើយថា ពួកគេគឺជាអ្នកអាន។ ព្រះអង្គបានលើកឡើងម្ដងហើយម្ដងទៀតថា «តើអ្នករាល់គ្នាមិនដែលមើលរឿង…ទេឬអី?» (ម៉ាថាយ ១២:៣; ២២:៣១)។ ហើយទំនងពួកគេកំពុងតែអេះក្បាល ហើយតបវិញថា «ការងាររបស់យើងគឺជាការអាន!»។ ពិតណាស់ ពួកគាត់បានអានមែន។ ដូច្នេះ តើព្រះយេស៊ូវកំពុងមានន័យយ៉ាងដូចម្ដេច? ព្រះអង្គកំពុងតែមានន័យថា ពួកគាត់បានអានមែន ប៉ុន្តែមិនបានយល់ទេ ហើយបានមើលមែន ប៉ុន្តែមិនបានឃើញទេ។
និយាយម្យ៉ាងវិញទៀត មានគោលបំណងពិតៗរបស់អ្នកនិពន្ធ ដែលព្រះវិញ្ញាណបរិសុទ្ធបានបណ្ដាលឲ្យតែង កំពុងតែចង់លើកឡើងថា—ក្នុងករណីនេះ គឺសំដៅទៅលើអ្នកនិពន្ធព្រះគម្ពីរសញ្ញាចាស់ដែលពួកផារិស៊ីអានជាប្រចាំថ្ងៃ—មិនថាអានដោយយកចិត្តទុកដាក់ ដោយបកស្រាយអត្ថន័យពីមួយឃ្លាទៅមួយឃ្លា ឬក៏ថាកំពុងអានកណ្ឌគម្ពីរកំណាព្យ អានដំណើររឿងណាមួយ ប៉ុន្តែអ្វីដែលកំពុងតែកើតឡើងនោះគឺថា ពួកផារិស៊ីទាំងនោះមិនយល់អ្វីទាល់តែសោះ។ នោះគឺជាអ្វីដែលកំពុងតែធ្វើឲ្យព្រះយេស៊ូវខកព្រះទ័យ។
ដូច្នេះ ចម្លើយគឺថា មែនហើយ ក្នុងគ្រប់កណ្ឌ គឺយើងត្រូវតែព្យាយាមស្វែងរកគោលបំណងចម្បងៗរបស់អ្នកនិពន្ធ—ការនិពន្ធឡើងទាំងអស់សុទ្ធតែមានតម្លៃ។ មែនហើយ យើងគួរតែព្យាយាមស្វែងរកតម្រុយទាំងអស់ដែលអ្នកនិពន្ធបានផ្ដល់ដល់យើង ហើយអ្នកនិពន្ធល្អៗតែងតែផ្ដល់តម្រុយ ដើម្បីជួយយើងឲ្យរកឃើញអ្វីដែលគាត់កំពុងតែព្យាយាមប្រាប់យើង។ តម្រុយទាំងនោះទាក់ទងទៅនឹងដំណើរនៃសាច់រឿងណាមួយទំនងជាអាចពាក់ព័ន្ធទៅនឹងការលើកឡើងនូវចំណុចដដែលៗម្ដងហើយម្ដង ឬក៏ទាក់ទងទៅនឹងដំណាក់កាលនៃព្រឹត្តិការណ៍ដែលបានកើតឡើង ឬក៏ថាតើការសន្ទនាកំពុងតែលើកឡើងនូវចំណុចពិតអ្វី ឬក៏គាត់អាចលើកឡើងអំពីលទ្ធផលនៃព្រឹត្តិការណ៍ជាក់លាក់ណាមួយ ឬក៏ថាគាត់សរសេរបញ្ចូលការកាត់ស្រាយផ្ទាល់តែម្ដង។ល។
លោក យ៉ូសែប និងសាច់រឿងដែលមានជាច្រើនផ្នត់
សូមអនុញ្ញាតឲ្យខ្ញុំលើកឡើងនូវឧទាហរណ៍មួយចំនួនអំពីដំណើររឿងដ៏ល្អបំផុតមួយនៅក្នុងព្រះគម្ពីរសញ្ញាចាស់។ ខ្ញុំកំពុងគិតអំពីលោក យ៉ូសែប ក្នុងកណ្ឌគម្ពីរ លោកុប្បត្ដិ ជំពូក៣៧-៥០។ អ្នកខ្លះបានលើកឡើងថា ដំណើររឿងមួយនេះគឺជាដំណើររឿងដ៏ខ្លីល្អបំផុតមួយដែលធ្លាប់បានសរសេរចុះ ប្រសិនបើយើងចង់ដាក់វាចូលក្រោមចំណាត់ថ្នាក់ណាមួយ។ នេះគឺជាដំណើររឿងដែលពិតជារន្ធត់ណាស់ ហើយលោកអ្នកទំនងជាឆ្ងល់ថា៖ តើកំពុងមានអ្វីកើតឡើងនៅក្នុងវគ្គនេះ? តើអ្វីទៅជាចំណុចគោលនៅក្រោយដំណើររឿងនេះ?
មាន១៤ជំពូកសរុបដែលរៀបរាប់អំពី សុបិន្ដរបស់លោក យ៉ូសែប ការស្អប់របស់បងៗ ការដែលបងៗបានលក់គាត់ធ្វើជាទាសករ ការដែលគាត់កាន់តែធ្លាក់ចូលការរងទុក្ខដោយសារប្រពន្ធរបស់លោក ប៉ូទីផារ បាននិយាយមួលបង្កាច់អំពីគាត់—ហើយបន្ទាប់មកគេបានដាក់គុកគាត់ ហើយគេក៏បានភ្លេចគាត់នៅក្នុងគុកដែរ។ ហើយបន្ទាប់មក គាត់ក៏បានក្លាយជាអ្នកដឹកនាំ ដែលមានឋានៈបន្ទាប់ពីស្ដេច ផារ៉ោន នៅស្រុកអេស៊ីព្ទ ហើយតាមរយៈការនោះព្រះជាម្ចាស់ក៏បានរក្សារាស្ត្ររបស់ទ្រង់ពីគ្រោះទុរភិក្ស និងការពារខ្សែតំណនៃរាជវង្សព្រះមេស្ស៊ី។ នោះគឺជាអ្វីដែលកំពុងតែកើតឡើង!
ហើយក៏នៅមានផ្នត់គំនិតបន្ទាប់បន្សំមួយចំនួនទៀតនៃគោលបំណងរបស់អ្នកនិពន្ធក្នុងដំណើររឿងនេះដែរ។
ខ្ញុំចង់លើកទឹកចិត្តឲ្យលោកអ្នកឈប់គិតថា នៅពេលដែលលោកអ្នកអានដំណើរនៃសាច់រឿងណាមួយ នោះលោកអ្នកនឹងទទួលបាននូវផ្ទាំងទស្សនីយភាពធំ ឬក៏ចំណុចចម្បងធំណាមួយនោះឡើយ។។ ពិតណាស់ យើងក៏ត្រូវទទួលបានចំណុចចម្បងណាមួយមែនដែរ។ វាទំនងជាអាចនឹងគ្រប់គ្រងលើចំណុចតូចៗផ្សេងទៀតបានមែន ប៉ុន្តែសូមចងចាំថា ក៏នៅមានចំណុចតូចៗមួយចំនួនផ្សេងទៀតដែលអ្នកនិពន្ធបានលើកឡើងក្នុងដំណាក់កាលផ្សេងៗនៃដំណើររឿងនោះដែរ។
រឿងប្រៀបប្រដូចក្នុងព្រះគម្ពីរ
តោះ! ចូរចាប់ផ្ដើមជាមួយនឹងរូបភាពធំនៃដំណើររឿងមួយនេះ។ ខ្ញុំគិតថា នៅពេលដែលលោក ម៉ូសេ សរសេរកណ្ឌគម្ពីរលោកុប្បត្ដិ គឺគាត់មិនបានលាក់ទុកឲ្យយើងឆ្ងល់អំពីគោលបំណងចម្បងធំនៃដំណើររឿងនោះទេ។ គាត់បានបង្ហាញឲ្យយើងឃើញអំពីចំណុចយ៉ាងច្បាស់លាស់ពីរទៅបីដង តាមរយៈប្រយោគសង្ខេបៗអំពីអ្វីដែលគាត់កំពុងតែរៀបរាប់។ ឧទាហរណ៍៖ លោក យ៉ូសែប បានលើកឡើងនៅក្នុងកណ្ឌគម្ពីរ លោកុប្បត្ដិ ៤៥:៧-៨ ដូចតទៅ៖
«ព្រះទ្រង់បានចាត់ខ្ញុំឲ្យមកមុនអ្នករាល់គ្នា ដើម្បីនឹងរក្សាអ្នករាល់គ្នាឲ្យមានសំណល់សល់នៅផែនដី ហើយនឹងជួយសង្គ្រោះជីវិតនៃអ្នករាល់គ្នា ដោយសេចក្ដីប្រោសប្រាណយ៉ាងធំ ដូច្នេះ មិនមែនអ្នករាល់គ្នាដែលឲ្យខ្ញុំមកទីនេះទេ គឺជាព្រះវិញទេតើ ទ្រង់បានតាំងខ្ញុំទុកជាឪពុកដល់ផារ៉ោន ជាម្ចាស់លើដំណាក់ទ្រង់ទាំងអស់ ហើយជាចៅហ្វាយត្រួតត្រាលើស្រុកអេស៊ីព្ទទាំងមូលផង»។
បើនិយាយម្យ៉ាងវិញទៀត ព្រឹត្តិការណ៍ដែលមើលទៅហាក់បីដូចជាថា មនុស្សយើងជាតួអង្គដែលកំពុងតែធ្វើ ដែលយើងកំពុងតែអានអំពីជំពូកទាំង១៤ដំបូង ទោះបីមានរួមទាំងព្រឹត្តិការណ៍ដែលពេញទៅដោយអំពើបាបក៏ដោយ ក៏ជាព្រះដែលពេញទៅដោយអធិបតេយ្យភាព ដែលកំពុងតែគ្រប់គ្រងលើព្រឹត្តិការណ៍ទាំងនោះ ដោយព្រះអង្គបានចាត់អ្នកតំណាងទ្រង់ តាមរយៈទង្វើដែលមានពេញដោយអំពើបាបឲ្យទៅស្រុកអេស៊ីព្ទ ដើម្បីសង្គ្រោះរាស្ត្ររបស់ទ្រង់។ នេះគឺពិតជាឆ្កួតមែន។ ហើយនេះពិតជារឿងអស្ចារ្យមែន។ នេះស្ទើរតែស្មើនឹងអត្ថន័យនៃរឿងប្រៀបប្រដូចនៅក្នុងព្រះគម្ពីរ។
ហើយបន្ទាប់មកនៅក្នុងកណ្ឌគម្ពីរ លោកុប្បត្ដិ ៥០:២០ លោក យ៉ូសែប បាននិយាយទៅកាន់បងៗរបស់គាត់ដូចតទៅថា៖ «អ្នករាល់គ្នាបានគិតធ្វើអាក្រក់ដល់ខ្ញុំ តែព្រះទ្រង់សម្រេចជាការល្អវិញ ដើម្បីនឹងសង្គ្រោះដល់ជីវិតនៃមនុស្សជាច្រើន ដូចជាបានកើតមានសព្វថ្ងៃនេះ»។ ខ្ញុំគិតថា នៅពេលដែលលោកអ្នកអានខគម្ពីរមួយនេះ នោះលោកអ្នកចាំបាច់ត្រឡប់ទៅអានដំណើររឿងនោះម្ដងទៀត ដើម្បីអានដំណើររឿងនោះម្ដងទៀត ពីព្រោះឥឡូវនេះលោកអ្នកឃើញអំពីគោលបំណងរបស់អ្នកនិពន្ធហើយ។ ហើយលោកអ្នកទំនងជាលើកឡើងថា «អូ នេះគឺជាទិសដៅដែលដំណើររឿងនោះកំពុងតែតម្រង់ទៅ»។ ហើយលោកអ្នកអាចអានដំណើររឿងម្ដងទៀត ដោយនឹកចាំអំពីតម្រុយរឿងនេះ «ដំណាក់កាលនៃដំណើររឿង ក្នុងចំណុចនេះ មានន័យយ៉ាងដូច្នេះ ហើយវាក៏កំពុងតែតម្រង់ទៅចំណុចនោះផងដែរ»។ ភ្លាមៗនោះ លោកអ្នកនឹងអាចឃើញព្រះហស្តរបស់ព្រះជាម្ចាស់យ៉ាងច្បាស់លាស់បាន។
សរុបសេចក្ដីទៅ រូបភាពធំគឺថា អំពើបាបរបស់មនុស្សអំពីរាស្ត្ររបស់ទ្រង់ ឬក៏អំពើបាបរបស់មនុស្សទាស់ប្រឆាំងនឹងរាស្ត្ររបស់ទ្រង់មិនគ្រាន់តែមិនបង្អាក់ផែនការនៃការសង្គ្រោះរបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែក៏ថែមទាំងនាំឲ្យដំណើរការនៃផែនការនៃការសង្គ្រោះនោះដំណើរការទៅមុខទៀត។ វាគឺជាផ្នែកមួយនៃផែនការរបស់ព្រះជាម្ចាស់ក្នុងការសង្គ្រោះរាស្ត្ររបស់ទ្រង់ ហើយនៅចុងបញ្ចប់ក៏នឹងចាត់ឲ្យព្រះមេស្ស៊ីយាងមកផែនដីនេះ តាមរយៈខ្សែស្រឡាយនោះដែរ។ ហើយលោក ម៉ូសេ បានផ្ដល់នូវតម្រុយក្នុងដំណាក់កាលនីមួយៗនៃដំណើររឿងដល់យើង ហើយគាត់ក៏បានលើកប្រយោគពន្យល់ដ៏ធំមួយ នៅចុងបញ្ចប់ទៀតផង។
«ព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងគាត់»
ប៉ុន្តែ នៅមានតម្រុយផ្សេងទៀត ទាក់ទងទៅនឹងអត្ថន័យ និងអត្ថន័យបន្ទាប់បន្សំក្រៅពីប្រយោគកាត់ស្រាយដ៏ច្បាស់លាស់នៅចុងក្រោយ។ នៅក្នុងដំណាក់កាលនៃដំណើររឿង លោក ម៉ូសេ បានត្បាញកាលៈទេសៈដែលកាន់តែអាក្រក់ៗចូលគ្នាជាមួយនឹងពាក្យពេចន៍ដែលមានការលើកទឹកចិត្តផងដែរ។ គេបានបោះលោក យ៉ូសែប ចូលគុក។ បងៗរបស់គាត់បានលក់គាត់ឲ្យធ្វើជាទាសករ។ គាត់នៅស្រុកអេស៊ីព្ទដែលនៅឆ្ងាយពីស្រុកកំណើត។ ប្រពន្ធរបស់លោក បូទីផារ បាននិយាយបង្ខូចអំពីគាត់។ គេក៏បានភ្លេចអំពីគាត់ ខណៈពេលដែលគាត់កំពុងជាប់គុក។ មើលទៅហាក់បីដូចជា គាត់កាន់តែធ្លាក់ដុនដាបទៅៗ—បើយើងចង់គូសក្រាហ្វិកលើដំណើររឿងនេះ ហើយសភាពនៃដំណើររឿងនេះក៏មានភាពស៊ីគ្នាជាមួយនឹងជីវិតយើងជាច្រើននាក់ដែរ។ ខ្ញុំបានគូសក្រាហ្វិកអំពីដំណើររឿងនេះ ក្នុងការបង្ហាញក្រុមជំនុំយើង។ ហើយនៅពេលដែលខ្ញុំកំពុងតែគូស ខ្ញុំក៏បានសួរដែរថា «តើបងប្អូនកំពុងស្ថិតនៅក្នុងដំណាក់កាលមួយណា ទាក់ទងទៅនឹងចំណុចអាក្រក់ៗដែលកំពុងតែកើតឡើងនៅក្នុងជីវិត ដែលកាន់តែធ្លាក់ចុះដុនដាបទៅក្នុងកាលៈទេសៈដែលពេញទៅដោយទុក្ខព្រួយក្នុងជីវិតនេះ?»។ ហើយនៅក្នុងដំណាក់កាលចុងក្រោយ មើលទៅហាក់បីដូចជាថា ព្រះជាម្ចាស់ក៏បានភ្លេចគាត់ដែរ។ តើកំពុងមានអ្វីកើតឡើង? ចម្លើយគឺថា នៅពេលដែលយើងកំពុងតែអាន គឺយើងត្រូវតែយល់អំពីហេតុការណ៍នោះក្នុងរបៀបនេះដូច្នោះសិន។
ប៉ុន្តែ ក្នុងដំណាក់កាលនីមួយៗនៃដំណើររឿង លោក ម៉ូសេ បានលើកឡើងនូវប្រយោគខ្លះៗដូចនេះ «ព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងគាត់…ព្រះយេហូវ៉ាទ្រង់ធ្វើឲ្យគ្រប់ការទាំងអស់បានកើតឡើងដោយសារដៃគាត់» (លោកុប្បត្ដិ ៣៩:៣)។ ឬក៏ក្នុងកន្លែងមួយទៀត គាត់បានសរសេរថា «តែព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងយ៉ូសែប ហើយក៏ផ្តល់សេចក្ដីសប្បុរសដល់គាត់ ព្រមទាំងធ្វើឲ្យមេភូឃុំអាណិតមេត្តាដល់គាត់ផង» (លោកុប្បត្ដិ ៣៩:២១)។ យើងទទួលបានតម្រុយដូចនេះ ក្នុងដំណាក់កាលនីមួយៗនៃដំណើររឿង ទោះបីពេលមើលទៅហាក់បីដូចជាថា គ្រប់អ្វីៗទាំងអស់កំពុងកាន់តែអាក្រក់ទៅៗសម្រាប់លោក យ៉ូសែប ក៏ដោយ ហើយនេះក៏មិនមែនដោយសារអំពើបាបរបស់គាត់ដែរ។ គាត់មិនបានធ្វើអ្វីមួយ ដើម្បីនាំឲ្យរឿងនោះកើតឡើងចំពោះខ្លួនឯងឡើយ។ ហើយក៏មិនមែនដោយសារព្រះជាម្ចាស់បានបោះបង់គាត់ចោលដែរ—ប៉ុន្តែ គឺដោយសារគោលបំណងអាថ៌កំបាំងរបស់ព្រះជាម្ចាស់វិញ។ ហើយខណៈពេលដែលយើងកំពុងតែអាន យើងក៏ចង់ដឹងផងដែរថា តើអ្វីទៅជាគោលបំណងនោះ? ឱព្រះអង្គអើយ ព្រះអង្គបានលើកឡើងថា ទ្រង់នៅខាងគាត់ ប៉ុន្តែនៅពេលដែលទូលបង្គំអាន មើលទៅហាក់បីដូចជាថា ព្រះអង្គកំពុងតែជំទាស់នឹងគាត់វិញ។
សាច់រឿងនៅក្នុងសាច់រឿង
ខ្ញុំចង់លើកឡើងឧទាហរណ៍មួយទៀត អំពីរបៀបដែលអ្នកនិពន្ធបានផ្ដល់ជូនគោលបំណងរបស់គាត់ដល់យើង ហើយនេះគឺជារឿងមួយដែលពិបាកយល់ជាងគេបំផុតចំពោះខ្ញុំ ក្នុងដំណើររឿងទាំងមូល។ មើលទៅហាក់បីដូចជាថា រឿងនៅក្នុងជំពូក៣៨កំពុងតែនិយាយកាត់ដំណើររឿងទាំងមូល។ ដំណើររឿងរបស់លោក យ៉ូសែប បានចាប់ផ្ដើមនៅក្នុងជំពូក៣៧ អំពីសុបិន្ដ និងការដែលពួកបងៗបានលក់គាត់ឲ្យធ្វើជាទាសករនៅស្រុកអេស៊ីព្ទ—ហើយភ្លាមនោះ—លោក ម៉ូសេ ក៏បានសរសេរបញ្ចូលជំពូក៣៨ (ស្ទើរតែក្រោយរំពេចដែលដំណើររឿងធំទើបតែបានចាប់ផ្ដើម) ឲ្យមើលទៅពុំមានការទាក់ទងគ្នាសោះ។ ជំពូកនេះបានលើកឡើងអំពីរឿងដែលគួរឲ្យចម្លែកអំពីលោក យូដា ដែលត្រូវជាបងច្បងរបស់លោក យ៉ូសែប។ លោក យូដា បានដេកជាមួយកូនប្រសាស្រីរបស់គាត់ ហើយនាំឲ្យនាងមានផ្ទៃពោះ ដោយបានគិតថានាងគាត់ជាស្រីសំផឹង។ សំណួររបស់ខ្ញុំសម្រាប់លោក ម៉ូសេ
គឺថា៖ តើកំពុងមានអ្វីកើតឡើងនៅក្នុងជំពូកនេះ ហើយហេតុអ្វីបានចាំបាច់ត្រូវសរសេរអំពីរឿងនេះ? បើដាក់ជំពូកនោះមុនជំពូក៣៧ នោះវានឹងមិនរំខានដល់ ដំណើររឿងឡើយ។ ហេតុអ្វីបានត្រូវជាចាំបាច់រំខានដំណើររឿងដោយដាក់ជំពូក៣៨ដូច្នេះ?
នេះគឺជាយោបល់របស់ខ្ញុំ ហើយខ្ញុំក៏ចង់ដឹងផងដែរថា តើយោបល់នេះត្រឹមត្រូវ ឬក៏អត់។ បន្ទាប់ពីយើងបានអានអំពីការធ្លាក់ក្នុងអំពើអសីលធម៌ដ៏អាក្រក់របស់លោក យូដា នៅក្នុងជំពូក៣៨—បន្ទាប់គឺដំណើររឿងរបស់លោក យ៉ូសែប—គឺដំណើររឿងអំពីការដែលលោក យ៉ូសែប ជ្រើសរើសផ្លូវដ៏ត្រឹមត្រូវ ហើយអស្ចារ្យទាក់ទងទៅនឹងទំនាក់ទំនងខាងឯផ្លូវភេទជាមួយនឹងប្រពន្ធលោក ប៉ូទីផារ ដែលបានព្យាយាមបង្ខំលោក យ៉ូសែប ឲ្យដេកជាមួយគាត់។ ហើយលោក ម៉ូសេ ក៏បានសរសេរនូវពាក្យពេចន៍នេះផងដែរ៖ «ធ្វើដូចម្ដេចឲ្យខ្ញុំប្រព្រឹត្តការ ដែលអាក្រក់យ៉ាងធំនេះទៅបាន ធ្វើយ៉ាងនោះនឹងមានបាបនៅចំពោះព្រះផង» (លោកុប្បត្ដិ ៣៩:៩)។ ដូច្នេះ ខ្ញុំគិតថា លំដាប់លំដោយនៃដំណើររឿង ដោយមានការសរសេរបញ្ចូលអំពីការធ្លាក់ក្នុងអំពើអសីលធម៌របស់លោកយូដា មុនភាពស្អាតស្អំរបស់លោក យ៉ូសែប ដែលគាត់បានឆ្លើយតបក្នុងរបៀបដ៏ស្រស់ស្អាត និងពេញទៅដោយប្រសិទ្ធភាពដែលនាំឲ្យយើងមានការភ្ញាក់ផ្អើល ទាក់ទងទៅនឹងក្រមសីលធម៌ដ៏ស្អាតស្អំរបស់គាត់ គឺដើម្បីលើកឡើងឲ្យច្បាស់លាស់អំពីចំណុចខុសគ្នារវាងភាពមិនស្មោះត្រង់របស់លោក យូដា និងភាពស្អាតស្អំរបស់លោក យ៉ូសែប ផ្នែកផ្លូវភេទ។ ដែលនេះបង្ហាញក្នុងរបៀបដ៏សាមញ្ញថា អាចមានចំណុចគោលៗបាននៅក្នុងដំណើរនៃសាច់រឿងធំ ហើយក៏នៅអាចមានចំណុចគោលៗបន្ទាប់បន្សំនៅក្នុងដំណើរនៃសាច់រឿងតូច ដែលយើងគួរតែកត់សម្គាល់ឃើញដែរ។
សូមបន្តមើលទៀត
ដូច្នេះ ក្នុងការឆ្លើយតបនូវសំណួរខាងលើ៖ មិនថាយើងកំពុងតែអានសំបុត្ររបស់សាវ័ក ប៉ុល ដែលមានការវែកញែកយ៉ាងច្បាស់លាស់ ឬក៏ថាយើងកំពុងតែអានដំណើរនៃសាច់រឿងដែលមាន១៤ជំពូកក៏ដោយ ក៏យើងត្រូវតែព្យាយាមស្វែងរកនូវគោលបំណងដែលអ្នកនិពន្ធចង់ប្រាប់មកកាន់យើងដែរ។ ហើយយើងស្វែងរកតម្រុយដូចនោះដែលគាត់បានលើកឡើងសម្រាប់យើង មិនថានៅក្នុងសំបុត្របែបសេចក្ដីអធិប្បាយតាមព្រះបន្ទូល ឬក៏ក្នុងដំណើររឿងនៃសាច់រឿងណាមួយឡើយ គឺដើម្បីឲ្យចំណុចទាំងនោះជួយឲ្យយើងឃើញគោលបំណងរបស់អ្នកនិពន្ធ។
ខ្ញុំចង់បញ្ចប់ដោយលើកឡើងថា ខណៈពេលដែលខ្ញុំកាន់តែអាន ដោយមានគោលបំណងក្នុងការស្វែងរកតម្រុយ ឬក៏គោលបំណងដែលអ្នកនិពន្ធបានផ្ដល់ឲ្យយើង នោះយើងនឹងកាន់តែឃើញវាច្បាស់លាស់ថែមទៀតជាមិនខាន។
មតិយោបល់
Loading…