យើងបានទទួលសារជាច្រើនដែលសួរសំណួរស្រដៀងគ្នាៗ ដែលយើងអាចសង្ខេបបានដូចនេះ៖ គ្រប់ពេលដែលយើងអានព្រះគម្ពីរ តើយើងត្រូវតែបញ្ចប់ដោយមានគោលការណ៍នៃជីវិត ឬក៏ចំណុចជាក់លាក់ណាមួយ ដើម្បីអនុវត្តមែនឬ?
ពិតណាស់ ខ្ញុំមានការចាប់អារម្មណ៍លើសំណួរនេះខ្លាំងណាស់។ ចម្លើយគឺ៖ ទេ! ហើយនេះជាមូលហេតុដែលខ្ញុំមានការចាប់អារម្មណ៍លើសំណួរនេះ។ ខ្ញុំគិតថាប្រហែលជា ៩៩% នៃជីវិតយើងគឺយើងរស់នៅដោយមិនមានការសញ្ជឹងគិតភ្លាមៗ ទាក់ទងទៅនឹងគោលការណ៍នៃជីវិត។ តែផ្ទុយពីនោះ គឺយើងមានសកម្មភាពវិញ។ ប្រសិនបើលោកអ្នកគិតអំពីថ្ងៃណាមួយរបស់លោកអ្នក នោះលោកអ្នកនឹងឃើញថា មានការសម្រេចចិត្តធំៗរាប់រយដងដែលលោកអ្នកធ្វើក្នុងមួយថ្ងៃនោះ។ តាមរយៈពាក្យ «ធំៗ» ខ្ញុំមានន័យថា យើងធ្វើដោយមាន «សម្បជញ្ញៈ»។
ប៉ុន្តែ ឥឡូវនេះ ខ្ញុំគ្រាន់តែកំពុងសន្ទនាជាមួយនឹងលោកអ្នកប៉ុណ្ណោះ។ គឺខ្ញុំគ្រាន់តែជ្រើសរើសពាក្យពេចន៍និយាយ ឬក៏សរសេរតែម្ដង។ មុនខ្ញុំជ្រើសរើសពាក្យពេចន៍ណាមួយ ខ្ញុំមិនបានឈប់ ហើយសួរខ្លួនឯងថា «តើមានគោលការណ៍អ្វីកំពុងគ្រប់គ្រងលើពាក្យមួយនេះ? តើមានគោលការណ៍ណាមួយដែលនឹងគ្រប់គ្រងលើប្រយោគមួយនេះ?» តែពាក្យពេចន៍ទាំងនោះគឺហោះចេញពីមាត់របស់ខ្ញុំតែម្ដង។
តាមពិតទៅ នេះគឺពិតជាគួរឲ្យខ្លាចមែន។ ពិត ឬក៏អត់? តើពាក្យពេចន៍ទាំងនោះកើតចេញមកពីណា? ភាគច្រើននៃជីវិតយើង គឺយើងរស់នៅដោយឯកឯង។ ភាគច្រើននៃជីវិតយើង គឺយើងមិនបានរស់នៅ បន្ទាប់ពីបានសញ្ជឹងគិតអស់រយៈពេល១០វិនាទី ដោយមានមូលដ្ឋានលើគោលការណ៍ណាមួយដែលស្របតាមព្រះគម្ពីរនោះទេ។ ដូច្នេះ តើការធ្វើបែបនេះកើតចេញពីណា? វាកើតចេញពីការដែលថា តើយើងជាបុគ្គលដែលមានលក្ខណៈបែបណារួចស្រេចទៅហើយ។
ដែលនេះលើកឡើងនូវសំណួរថា៖ តើលោកអ្នកអាចក្លាយជាបុគ្គលដែលមានលក្ខណៈ ដែលអាចជាដើមឈើល្អ ដែលបង្កើតផលផ្លែភ្លាមៗ ជាជាងជាដើមឈើអាក្រក់ដែលបង្កើតផលផ្លែអាក្រក់ភ្លាមៗបាន ដោយរបៀបណា? ចម្លើយគឺថា៖ លោកអ្នកត្រូវតែត្រាំខ្លួនក្នុងព្រះបន្ទូល ហើយអនុញ្ញាតឲ្យការដែលលោកអ្នកឃើញព្រះយេស៊ូវ និងការដែលលោកអ្នកភ្លក់រសជាតិអំពីព្រះយេស៊ូវ និងរបៀបរបស់ទ្រង់នៅក្នុងព្រះគម្ពីរជះឥទ្ធិពល និងរចនាព្រលឹងវិញ្ញាណរបស់លោកអ្នកឡើង។ សូមប្រឡាក់ព្រលឹងវិញ្ញាណរបស់លោកអ្នកក្នុងទឹកជ្រលក់នៃព្រះគុណ រហូតទាល់តែព្រលឹងនោះទន់ ផុយ ងាយគ្រប់គ្រងលើបាន និងងាយឆ្លើយតបទៅនឹងការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ ដើម្បីឲ្យថាក្នុងរបៀបណាមួយ នោះលោកអ្នកនឹងឆ្លើយតបយ៉ាងដូចម្ដេច។
អានព្រះគម្ពីរ ដើម្បីមានការភ្ញាក់ផ្អើល
ព្រះយេស៊ូវបានមានបន្ទូលថា ព្រះអង្គនឹងហៅឲ្យយើងឆ្លើយលើគ្រប់ពាក្យពេចន៍ខ្ជះខ្ជាយ ដែលយើងនិយាយឡើង។ ពាក្យពេចន៍ខ្ជះខ្ជាយ គឺជាពាក្យពេចន៍ដែលយើងបាននិយាយឡើងដោយមិនបានយកពេលគិតលើគោលការណ៍ស្របតាមព្រះគម្ពីរដែលយើងបានទទួលចេញពីព្រះគម្ពីរពេលយើងអាន។ ដូច្នេះ ខ្ញុំគិតថា ទោះអ្នកដែលមានទំនោរក្នុងការព្យាយាមទទួលបានគោលការណ៍បីយ៉ាង ឬក៏ចំណុចបីយ៉ាង ឬក៏អ្វីផ្សេងទៀត ហើយបន្ទាប់មកពួកគាត់ព្យាយាមត្រាប់តាមគោលការណ៍នោះដោយចេតនា ខណៈពេលដែលគាត់រស់នៅ គឺពួកគាត់កំពុងតែធ្វើនូវអ្វីដែលមិនអាចធ្វើទៅរួចបាន ដែលព្រះអង្គមិនបានរចនាយើងឡើងក្នុងការប្រព្រឹត្តនៅឡើយ។
ខ្ញុំនឹងលើកឡើងដូចនេះ។ ជីវិតដែលកោតខ្លាចព្រះជាម្ចាស់គឺជាជីវិតដែលរស់នៅដោយកើតចេញពីបេះដូង ដែលមានការភ្ញាក់ផ្អើលជាមួយនឹងព្រះគុណ—«ព្រះគុណអស្ចារ្យ ជាស័ព្ទពីរោះ ដែលប្រោះមនុស្សយ៉ាងដូចខ្ញុំ»។ ដូច្នេះ យើងអានព្រះគម្ពីរ ដើម្បីឲ្យទទួលបានការភ្ញាក់ផ្អើល។ យើងអានព្រះគម្ពីរ ដើម្បីឲ្យទទួលបានការអស្ចារ្យអំពីព្រះជាម្ចាស់ ដើម្បីឲ្យទទួលបានការអស្ចារ្យអំពីព្រះគ្រីស្ទ អំពីឈើឆ្កាង អំពីព្រះគុណ និងទទួលបានការអស្ចារ្យចំពោះដំណឹងល្អ។ ហើយនៅពេលដែលយើងចាប់អារម្មណ៍ខ្លាំង ទទួលបានការអស្ចារ្យ និងការបន្ទាបខ្លួន នោះយើងនឹងដើរចេញពីការសិក្សារបស់យើង ឬក៏ងើបចេញពីកៅអី ឬក៏ពីកន្លែងណាមួយដែលយើងកំពុងតែចំណាយពេលជាមួយនឹងព្រះជាម្ចាស់ ដោយមានចិត្ត និងគោលបំណងអំពីខ្លួនឯង ដែលធ្វើឲ្យយើងក្លាយជាមនុស្សល្អប្រសើរជាងមុននៅឯតុញ៉ាំបាយ ឬក៏នៅពេលដែលយើងចេញទៅធ្វើការ។
ខ្ញុំលើកឡើងចំណុចទាំងនោះ ដើម្បីលើកឡើងថា ខ្ញុំមិនជំទាស់ទៅនឹងការដែលខំព្យាយាមទទួលបានគោលការណ៍អនុវត្តនោះទេ។ បើខ្ញុំជំទាស់ នោះខ្ញុំក៏នឹងមិនសរសេរសៀវភៅ ដើម្បីផ្ដល់ជូនការព្យាយាមអនុវត្ត ដែលជាជំនួយក្នុងការគិតនោះទេ។ ប៉ុន្តែ នេះគឺជាគន្លឹះ៖ ការសញ្ជឹងគិតលើសេចក្ដីពិតរចនាព្រលឹងវិញ្ញាណឡើង។ កណ្ឌគម្ពីរ ២កូរិនថូស ៣:១៨ បានលើកឡើងថា យើងក្លាយជាអ្វីដែលយើងមើល។ ដូច្នេះ គោលបំណងចម្បងរបស់ខ្ញុំក្នុងការអានព្រះគម្ពីរគឺ ដើម្បីក្លាយជាបុគ្គលដែលមានលក្ខណៈដូចនោះ។ សូមកុំព្យាយាមបង្កើតគោលការណ៍ច្រើនពេក។
ការព្យាយាមបង្កើតការគិតដោយខ្លួនឯង ដែលរចនាឡើងដោយព្រះវិញ្ញាណ
«លោកគ្រូ តើលោកគ្រូគិតថា សមទេដែលយើងគួរលើកឡើងមកនិយាយអំពីការចេះគិតដោយខ្លួនឯង? តើជាការត្រឹមត្រូវទេក្នុងការលើកឡើងថា យើងរស់នៅជីវិតបែបជាគ្រីស្ទបរិស័ទ ដែលទទួលបានការដឹកនាំដោយព្រះវិញ្ញាណ គឺការចេះគិតដោយខ្លួនឯងដែលព្រះវិញ្ញាណបណ្ដាលឲ្យយើងគិត?»
ពិតណាស់ វាស័ក្តិសម។ នោះគឺជាអ្វីដែលខ្ញុំកំពុងតែព្យាយាមលើកឡើង គឺត្រង់ថា ភាគច្រើននៃជីវិតរស់នៅរបស់យើង គឺជាការរស់នៅដោយរំពឹងលើធនធានដែលយើងមិនមែនកំពុងតែសញ្ជឹងគិតឥឡូវនេះ ក្នុងខួរក្បាលយើងនោះទេ។ ពាក្យសម្ដីរបស់យើងកំពុងតែកើតចេញពីខាងក្នុង—«តែឯសេចក្ដីដែលចេញពីមាត់មក នោះមកអំពីចិត្តវិញ គឺសេចក្ដីទាំងនោះហើយ ដែលធ្វើឲ្យមនុស្សស្មោកគ្រោក» (ម៉ាថាយ ១៥:១៨)។ ហើយភាគរយច្រើននៃបេះដូងនេះគឺជាអ្វីដែលកើតឡើងដោយយើងមិនដឹងខ្លួន ឬក៏ថាវាកើតឡើងដោយឯងៗ ហើយទាំងនោះក៏បានរចនាឡើងពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈអ្វីដែលយើងកំពុងតែទទួលយក។ វាទទួលបានការរចនាឡើងតាមអ្វីដែលយើងធ្វើជាមួយនឹងភ្នែករបស់យើងនៅលើកញ្ចក់កុំព្យូទ័រ ហើយជាពិសេសនោះគឺថា វាទទួលបានការរចនាឡើងតាមអ្វីដែលយើងធ្វើជាមួយនឹងព្រះគម្ពីររបស់យើង និងជាមួយនឹងការចំណាយពេលអធិស្ឋាន។
នៅពេលដែលខ្ញុំបានអធិស្ឋាន គឺខ្ញុំកំពុងតែទូលអង្វរព្រះអង្គ «សូមព្រះអង្គធ្វើការឲ្យកាន់តែបានជ្រៅជាងអ្វីដែលទូលបង្គំអាចធ្វើបាន តាមរយៈការអានឥឡូវនេះ។ សូមយកកាំបិតវះចុងស្រួចរបស់ព្រះអង្គ ហើយកុំគ្រាន់តែកាត់អំពើបាបដែលទូលបង្គំដឹងចោលនោះឡើយ៖ សូមព្រះអង្គវះកាត់ទូលបង្គំ ដូចជាគ្រូពេទ្យជំនាញខាងឯវះកាត់ចុះ»។ គ្រូពេទ្យវះកាត់តែងតែដាក់ថ្នាំសណ្ដំឲ្យយើងដេក ហើយពួកគាត់វះកាត់ដោយចូលទៅក្នុងកន្លែងនៃរាងកាយរបស់យើង ដែលយើងមិនដឹងអ្វីអំពីកន្លែងនោះ ហើយធ្វើការវះកាត់លើយើង។ នេះគឺជាអ្វីដែលព្រះជាម្ចាស់ត្រូវតែធ្វើជាមួយនឹងយើងផងដែរ។ ដូច្នេះ ពិតណាស់ ខ្ញុំគិតថា ព្រះវិញ្ញាណបរិសុទ្ធធ្វើការគ្រប់ពេល ក្នុងការរចនាសតិសម្បជញ្ញៈរបស់យើងឡើង។
មតិយោបល់
Loading…