«ជម្រាបសួរលោកគ្រូ! ខ្ញុំធ្លាប់ឮលោកគ្រូលើកឡើងថា កណ្ឌគម្ពីរ រ៉ូម ៣:២៥ គឺជាខគម្ពីរដ៏សំខាន់បំផុតនៅក្នុងព្រះគម្ពីរ។ ហេតុអ្វីបានជាលោកគ្រូគិតដូច្នេះ?»
ជាដំបូង ខ្ញុំចង់បញ្ជាក់ថា គ្រប់ខគម្ពីរទាំងអស់សុទ្ធតែសំខាន់។ ខ្ញុំលើកឡើងថា កណ្ឌគម្ពីរ រ៉ូម ៣:២៥ ជាខគម្ពីរដែលសំខាន់ជាងគេបំផុត ក្នុងករណីដែលថា ប្រសិនបើមានគេយកកាំភ្លើងមកភ្ជង់ក្បាលខ្ញុំ ហើយសួរថាតើខមួយណាសំខាន់ជាងគេ នោះខ្ញុំនឹងយកខនេះជាមិនខាន។ កណ្ឌគម្ពីរ រ៉ូម ៣:២៥ មានចែងថា «ដែលព្រះបានតាំងទ្រង់ [ព្រះយេស៊ូវគ្រីស្ទ] ទុកជាទីសន្តោសប្រោស ដោយសារសេចក្ដីជំនឿដល់ព្រះលោហិតទ្រង់ សម្រាប់នឹងសម្ដែងឲ្យឃើញសេចក្ដីសុចរិតរបស់ព្រះ ចំពោះការដែលទ្រង់មិនប្រកាន់អំពើបាប ដែលគេប្រព្រឹត្តពីដើម ដោយទ្រង់មានព្រះហឫទ័យអត់ធ្មត់»។
បញ្ហាដ៏ធំពីរ និងដំណោះស្រាយដ៏ល្អឥតខ្ចោះពីរ
ខ្ញុំគិតថា ខគម្ពីរនេះគឺជាខគម្ពីរដ៏សំខាន់ជាងគេបំផុតនៅក្នុងព្រះគម្ពីរ។ ហេតុអ្វីបានជាខ្ញុំលើកឡើងដូច្នេះ? មូលហេតុគឺដោយសារខគម្ពីរនេះបានលើកឡើងនូវដំណោះស្រាយដ៏អស្ចារ្យពីរយ៉ាង ទាក់ទងទៅនឹងបញ្ហាដ៏អាក្រក់បំផុតពីរយ៉ាងនៃមនុស្សលោកយើងក្នុងចក្រវាលនេះ។ ប្រសិនបើលោកអ្នកសួរមតិយោបល់គេថា «តើអ្វីទៅជាបញ្ហាដ៏ធំបំផុតសម្រាប់មនុស្សយើង?» នោះនឹងមានមនុស្សតិចនាក់ណាស់ដែលនឹងឆ្លើយថា «សេចក្ដីក្រោធរបស់ព្រះជាម្ចាស់»។ ប៉ុន្តែ នោះគឺជាបញ្ហាដ៏ធំមែន។ សេចក្ដីក្រោធរបស់ព្រះជាម្ចាស់គឺជាបញ្ហាដ៏ធំបំផុត។ ហើយខគម្ពីរនេះប្រាប់យើងអំពីរបៀបដែលព្រះជាម្ចាស់ដោះស្រាយបញ្ហានោះ។
នៅក្នុងខគម្ពីរនេះ យើងឃើញថាមាន «ព្រះ» [ជាម្ចាស់] និង «ទ្រង់» ដែលនេះសំដៅទៅលើព្រះយេស៊ូវគ្រីស្ទ។ ព្រះជាម្ចាស់ «បានតាំង»—ដែលនេះសំដៅទៅលើការយាងមកយកកំណើតជាមនុស្ស។ យើងឃើញថាមាន «ព្រះលោហិត»—ដែលនេះសំដៅទៅលើការប្រោសលោះ។ យើងឃើញថាមាន «សន្តោសប្រោស»—ដែលនេះសំដៅទៅលើចំណុចស្នូលនៃអ្វីដែលកើតឡើងក្នុងការប្រោសលោះ ខណៈពេលដែលព្រះជាម្ចាស់ដកសេចក្ដីក្រោធរបស់ទ្រង់ចេញ ហើយព្រះយេស៊ូវទទួលយកសេចក្ដីក្រោធនោះ។ យើងឃើញថាមាន «ដោយសារសេចក្ដីជំនឿ» ដែលនេះគឺជាដំណឹងដ៏ល្អបំផុតនៅលើផែនដីនេះ ពីព្រោះមិនសំដៅលើទង្វើដែលយើងប្រព្រឹត្តទេ។ យើងឃើញថាមាន «សម្រាប់នឹងសម្ដែងឲ្យឃើញសេចក្ដីសុចរិតរបស់ព្រះ» ដែលនេះមានន័យថា ការទាមទារដ៏យុត្តិធម៌របស់ទ្រង់ ទាក់ទងទៅនឹងសេចក្ដីក្រោធ គឺព្រះអង្គបានដោះស្រាយហើយ។ ហើយយើងក៏មាន «ដោយសារ…ទ្រង់មិនប្រកាន់អំពើបាប ដែលគេប្រព្រឹត្តពីដើម» ដែលនេះមានន័យថា ចំណុចចម្ងល់ចុងក្រោយគឺថា ព្រះអង្គនឹងមិនរាប់អំពើបាបរបស់យើងទាស់នឹងយើងទៀតទេ។ តាមដែលខ្ញុំស្គាល់ ខ្ញុំមិនដឹងថាមានខគម្ពីរណាផ្សេងទៀត ក្រៅពីខគម្ពីរមួយនេះ ដែលមានចំណុចដ៏អស្ចារ្យជាច្រើនៗនៅក្នុងតែមួយខដែលបង្ហាញអំពីដំណោះស្រាយដ៏អាក្រក់បំផុតនៃបញ្ហាពីរយ៉ាងរបស់យើងទេ។
បញ្ហាដ៏ធំបំផុតរបស់យើង
បញ្ហាដ៏ធំបំផុតរបស់យើងនៅក្នុងចក្រវាលគឺសេចក្ដីក្រោធរបស់ព្រះជាម្ចាស់លើមនុស្សលោកទាំងអស់ ក្នុងការអនុញ្ញាតឲ្យមនុស្សយើងជាប់ក្នុងបណ្ដាសាអស់កល្បជានិច្ច (សូមអានបន្ថែមនៅក្នុងកណ្ឌគម្ពីរ យ៉ូហាន ៣:៣៦)។ ប្រសិនបើយើងមិនទទួលជឿលើព្រះយេស៊ូវ នោះយើងនឹងស្ថិតក្នុងស្ថានភាពបែបនោះ—ដែលនេះគឺអស់កល្បជានិច្ច—ក្រោមសេចក្ដីក្រោធរបស់ព្រះជាម្ចាស់។ សូមពិចារណាលើ កណ្ឌគម្ពីរ រ៉ូម ៣:៥ ដែលរៀបរាប់អំពីសេចក្ដីខ្ញាល់ និងភាពឃោរឃៅ ដែលជាមូលហេតុនាំឲ្យព្រះអង្គមានសេចក្ដីក្រោធ៖ ព្រះជាម្ចាស់មានភាពយុត្តិធម៌ក្នុងការចាក់សេចក្ដីក្រោធរបស់ទ្រង់លើយើង។ ដូច្នេះ ទាំងនោះគឺជាចំណុចទាំងពីរ៖ សេចក្ដីក្រោធរបស់ព្រះជាម្ចាស់ ហើយថាសេចក្ដីសុចរិតរបស់ទ្រង់តម្រូវឲ្យមានសេចក្ដីក្រោធ។ នេះមិនមែនគ្រាន់តែមានន័យថា ព្រះជាម្ចាស់កំពុងតែខ្ញាល់នោះទេ។ ទំនងអ្នកខ្លះគិតថា ព្រះអង្គជាអ្នកគ្រប់គ្រងដ៏ឃោរឃៅ។ ប៉ុន្តែ នោះគឺជាការគិតខុសហើយ ព្រះអង្គមិនដូច្នោះទេ។ ព្រះអង្គមានពេញទៅដោយភាពយុត្តិធម៌ និងសេចក្ដីសុចរិតក្នុងសេចក្ដីក្រោធដែលទ្រង់មានទាស់នឹងយើង។ ដូច្នេះ ចំណុចទាំងពីរនេះមាននៅក្នុងខគម្ពីរនេះ ក្រោយពាក្យ [សេចក្ដី] សន្តោសប្រោស។
ដំណោះស្រាយដ៏អស្ចារ្យ
១. ព្រះយេស៊ូវគ្រីស្ទបានខ្ចាយព្រះលោហិតរបស់ទ្រង់ ដើម្បីទទួលយកសេចក្ដីក្រោធដ៏សុចរិតរបស់ព្រះជាម្ចាស់
ដំណោះស្រាយដំបូងគឺថា ព្រះគ្រីស្ទបានខ្ចាយព្រះលោហិតរបស់ទ្រង់ ហើយតាមរយៈការខ្ចាយព្រះលោហិតរបស់ទ្រង់ នោះព្រះអង្គបានបំពេញសេចក្ដីសន្តោសប្រោសនៃសេចក្ដីក្រោធរបស់ព្រះជាម្ចាស់។ លោកអ្នកគ្រាន់តែត្រូវការគិតអំពីចំណុចនេះ៖ ព្រះអង្គហៀបនឹងចាក់សេចក្ដីក្រោធដែលពេញទៅដោយភាពឃោរឃៅនៃសព្វានុភាពរបស់ព្រះជាម្ចាស់ ភ្លាមនោះស្រាប់តែព្រះយេស៊ូវឈរវាងយើង និងសេចក្ដីក្រោធនោះ ហើយព្រះអង្គក៏បានទទួលយកជំនួសយើងផ្ទាល់ គឺថាព្រះអង្គបានសុគតជំនួសយើង ហើយយើងមិនស្ថិតក្រោមសេចក្ដីក្រោធនោះទៀតឡើយ។ យើងទទួលបានការរំដោះទាំងស្រុង។ ដូច្នេះ ខគម្ពីរមួយនេះដោះស្រាយបញ្ហាដ៏ធំបំផុតក្នុងចក្រវាលនេះ។
២. ព្រះជាម្ចាស់នៅតែជាព្រះដែលសុចរិត ខណៈពេលដែលព្រះអង្គកំពុងតែចាក់សេចក្ដីក្រោធដ៏យុត្តិធម៌របស់ទ្រង់លើព្រះរាជបុត្រារបស់ព្រះអង្គ
ដំណោះស្រាយបន្ទាប់គឺថា ព្រះជាម្ចាស់នៅតែជាព្រះដែលសុចរិតក្នុងការចាក់សេចក្ដីក្រោធរបស់ទ្រង់ ដូច្នេះតើព្រះអង្គនៅធ្វើដូច្នោះបានដោយរបៀបណា? ចម្លើយគឺថា៖ ព្រះអង្គមិនលាក់ ឬក៏មើលរំលងអំពើបាបទេ។ ព្រះអង្គបានដោះស្រាយបញ្ហានោះក្នុងព្រះរាជបុត្រារបស់ទ្រង់ ហេតុដូច្នេះហើយបានជាព្រះយេស៊ូវបង្ហាញភាពត្រឹមត្រូវនៃសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់។ ព្រះអង្គមិនគ្រាន់តែដកចេញសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ទេ—តែព្រះអង្គបានបង្ហាញពីភាពគ្មានទោសនៃសេចក្ដីក្រោធរបស់ព្រះជាម្ចាស់វិញ។ តាមដែលខ្ញុំដឹង ខ្ញុំមិនស្គាល់ខគម្ពីរណាផ្សេងដែលនិយាយយ៉ាងច្បាស់លាស់ដូចខគម្ពីរមួយនេះនោះទេ។ ហើយនោះគឺជាឧបសគ្គពីរដ៏ធំបំផុតដែលត្រូវមានដំណោះស្រាយ។
ហើយបន្ទាប់មក ខគម្ពីរនេះក៏បានលើកឡើងក្នុងរបៀបដ៏អស្ចារ្យថាយើងទទួលបាន «ដោយសារសេចក្ដីជំនឿ»។ ដែលនេះមានន័យថា ខ្ញុំមិនចាំបាច់ប្រព្រឹត្តទង្វើអ្វីមួយ ដើម្បីឲ្យទទួលបាននោះទេ។ ខ្ញុំមិនចាំបាច់ធ្វើអ្វីទាល់តែសោះ។ ខ្ញុំមើលព្រះជាម្ចាស់ធ្វើការសង្គ្រោះដោយរូបអង្គទ្រង់ផ្ទាល់ ដោយសារព្រះអង្គស្រឡាញ់ខ្ញុំ ហើយខ្ញុំក៏គ្រាន់តែបានទទួលយក។ ហើយការធ្វើបែបនោះក៏ថ្វាយព្រះកិត្តិយសដល់ព្រះដែលរក្សាសេចក្ដីតាំងសញ្ញារបស់ទ្រង់ផងដែរ។
យើងអាចនៅបន្តបកស្រាយបន្ថែមទៀតបាននៅលើខគម្ពីរមួយនេះ ប៉ុន្តែទាំងនេះគឺជាចំណុចសំខាន់គោលៗដែលខ្ញុំបានលើកឡើង ដើម្បីបញ្ជាក់ថា នេះគឺជាខគម្ពីរដ៏សំខាន់បំផុតចំពោះខ្ញុំ។ បញ្ហាដ៏ធំបំផុតពីរយ៉ាងនៅក្នុងចក្រវាលនេះទទួលបានការដោះស្រាយដ៏ធំពីរយ៉ាង។ ហើយបន្ទាប់មក ព្រះអង្គបានប្រទានមកកាន់យើងដោយឥតគិតថ្លៃតាមរយៈសេចក្ដីជំនឿ។
មតិយោបល់
Loading…