in ,

ចូរ​ប្រុង​ប្រយ័ត្ន​ព្រះ​គ្រីស្ទ​ក្លែងក្លាយ

នៅ​ពេល​ដែល​មានវត្តមាន​វត្ថុ​ដែល​មាន​តម្លៃ​មហិមា​កើត​មាន​ឡើង​នៅ​ក្នុងសង្គម​ជាតិ យើង​សង្កេត​ឃើញ​ថា​ក៏ មាន​វត្ត​មាន ពី​របស់​ក្លែងក្លាយ​នោះ​កើត​ឡើង​ផង​ដែរ ដែល​គេ​ព្យាយាម​បង្កើត​ឡើង​ឲ្យ​ដូច​ហ្នឹង​របស់​ដើម​សឹង​តែ​ទាំង​ស្រុង​តែ​ម្ដង។ ខាង​ក្រោម​នេះ​គឺ​ជា​ឧទាហរណ៍​ខ្លះៗ​ពី​វត្ថុ​ដែល​មាន​តម្លៃ ហើយ​ក៏​មាន​ការ​បន្លំ​ផ្សេង​ទៀតដែល​យើង​ឃើញ៖

១. លុយ​ដុល្លា​ក្លែងក្លាយ
២. គ្រឿង​អលង្ការ​ក្លែងក្លាយ (ចិញ្ចៀន ខ្សែក ក្រវិល… )
៣. ផលិតផល​ក្លែងក្លាយ កាបូប នាឡិកា…។ល។

សំណួរ​ជាច្រើន​បាន​សួរ​ថា ហេតុ​អ្វី​បាន​ជា​មាន​ផលិតផល​របស់​របរ ឬ​វត្ថុ​ក្លែងក្លាយ​ជា​ច្រើន​កើត​ឡើង?
ហើយ​ហេតុអ្វីកើត​ឡើង​ចំពោះ​តែ​ផលិត​ដែល​មាន​តម្លៃ​យ៉ាង​ដូច្នេះ? ពី​ព្រោះ ជន​ខិលខូច​ដែល​បង្កើត​របស់​ដែល​ក្លែងក្លាយ​នោះ​ដឹង​ច្បាស់​ថា​របស់​ដែល​ពិត​ប្រាកដ​គឺ​មាន​តម្លៃ​ថ្លៃ​ណាស់ ដូច្នេះ​ជន​ខិល​ខូច​ព្យាយាម​ផលិត​របស់​ក្លែងក្លាយ​ដើម្បី​ក្លែង​បន្លំ​មហាជន​ដើម្បី​ឲ្យ​មហាជន​យល់ច្រឡំ ហើយ​ទទួល​បាន​កម្រៃ​ជា​ច្រើន​ពី​ផលិតផល​ដែលពួក​គេបានលក់​​។

ហើយ​បញ្ហា​ផលិតផល​ក្លែង​ក្លាយ​ជា​ច្រើន បាន​កើត​ឡើង​ជា​ច្រើន​មែន ទោះ​បី​ជា​មានការ​ទប់​ស្កាត់ និង​អន្តរាគមន៍​យ៉ាង​ណា​ក៏​ដោយ។ ក្រុម​ហ៊ុន​ដែល​ជា​ម្ចាស់​ផលិតផល​របស់​ពិត​ក៏​ចេញ​សេចក្ដី​ថ្លែង​ការ​ដល់​មហា​ជន​ដោយ​បដិសេធ​នូវ​ផលិតផល​ក្លែងក្លាយ​ទាំង​នោះដែរ (ព្រោះ​ឃើញ​ថា មាន​បុគ្គល​ខ្លះ​បាន​ចាញ់​បោក​ជន​ខិល​ខូច​តាម​របៀប​នោះជាញឹកញាប់) ហើយ​ក៏​បាន​ចេញ​ព័ត៌មាន​ដល់​មហា​ជន​ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជន​ខិល​ខូច​ដែល​បាន​ក្លែងបន្លំ​របស់​ពិត។ ហើយ​ក្រុម​ហ៊ុន​ក៏​បញ្ជាក់​យ៉ាង​ច្បាស់ៗ​អំពី​ស្លាក​សញ្ញា ដើម្បី​សម្គាល់​អំពី​របស់​ពិត និង​របស់​ក្លែងក្លាយ​នៅ​រាល់ផលិតផល​របស់​ពួក​គេ​នីមួយៗ​ផង​ដែរ។ ការ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​នេះ​គឺ​ដើម្បី​ការពារ​ដល់​មហាជន និង​ព្រមាន ដោយ​ប្រាប់​ជា​មុន​គឺ​ដើម្បី ឲ្យជៀស​ចេញ​ពី​កលល្បិច និង​ការ​បន្លំ​របស់​ជន​ខិល​ខូច​នោះ ហើយ​ក៏​ដើម្បី​ការពារ​ផលិតផល​ដ៏​ពិត​របស់​ក្រុម​ហ៊ុន​ពួក​គេផងដែរ។

ត្រឡប់​មក​វិញ​ដូច​គ្នា​នឹង​ព្រះ​យេស៊ូវ​ដ៏​ពិត​ ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ​ដែរ។ ព្រះ​យេស៊ូវ​ដ៏​ពិត​ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ​គឺមាន​តម្លៃ​ណាស់។ ព្រោះ​ព្រះ​យេស៊ូវ​ដ៏​ពិត​ទ្រង់​ជា​ផ្លូវ​តែ​មួយ​ប៉ុណ្ណោះ​ដែល​នាំ​សេចក្ដី​សង្គ្រោះ​មនុស្ស​រួច​ពី​អំពើ​បាប និង​ជា​ស្ពាន​ទៅ​ដល់​ព្រះ​វរបិតា​បាន។ (យ៉ូហាន ១៤:៦) ដូ​ច្នេះ​បាន​ជា​មាន​ ខ្មាំង​សត្រូវ
(អារក្ស​សាតាំង) បាន​ធ្វើ​ការជា​ច្រើន តាម​រយៈ​រូប​ភាព​ផ្សេងៗ​ និងវិធីផ្សេងៗ ដើម្បី​ក្លែង​បន្លំ​ដល់​អស់​អ្នក​ដែល​ដើរ​តាម​ព្រះ​យេស៊ូវ​ដ៏​ពិត​ ដោយ​បង្ហាញ​ឲ្យ​ពួកគេឃើញ​ដូច​គ្នា​ហ្នឹង​ព្រះ​យេស៊ូវ​របស់​ពួក​គេ ដើម្បី​នាំ​គ្រីស្ទាន​ជាច្រើន ឲ្យ​វង្វេង​ចេញ​ពី​ព្រះ​យេស៊ូវ​ដែលពិត។ ហេតុ​ដូច្នេះ​ទើប​យើង​ឃើញ​ថា មាន​ព្រះ​យេស៊ូវ​ក្លែងក្លាយ​កើត​ឡើង​នៅ​លើ​ផែនដីនេះ​ហើយ។

ចូរ​ចាំ​ថា ​វិធី​សាស្ត្រ​របស់​សាតាំងគឺការ​បន្លំ ការបញ្ឆោត ការកុហក និងការភូតភរ (២ថែស្សា‌ឡូ‌នីច ២:៩)។ សូម្បី​តែ​ពេល​ខ្លះ​ក៏​វា​ធ្វើ​ការ​អស្ចារ្យ​ដ៏​កំភូត ហើយ​ពេល​ខ្លះ​វា​ក្លែង​ខ្លួន​ធ្វើ​ទេវតា​នៃ​ពន្លឺ​ដែរ (២កូរិនថូស ១១:១៤)។

សម្រង់​សម្ដី​លោកគ្រូ ចន កាល់វិន បាន​និយាយ​ថា «ដាច់​ខាត! យើង​ត្រូវ​តែ​ចងចាំ​ថា សាតាំង​ក៏​មាន​ការ​អស្ចារ្យ​របស់​វា​ដែរ»។

​អ្នក​ជឿ​ព្រះយេស៊ូវ​ថ្មីថ្មោង ប្រហែល​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង ចំពោះ​ជំនឿ​លើ​ព្រះ​យេស៊ូវ​ដោយ​សារ​តែ​ពួក​គេ​ឃើញ​មាន​ការ​អះអាង​រៀងៗខ្លួន​ពី​បុគ្គល​ដែល​ជា​មនុស្ស​នៅ​លើ​ផែន​ដី​នេះ ដោយ​សារ​ពួក​គេ​ទាំង​នោះ​បានអះអាង​ថា ពួក​គេ​នោះ​ផ្ទាល់​ជា​ព្រះ​យេស៊ូវ​ដែល​យាង​មក។ ហើយ​ក៏​មាន​គ្រីស្ទាន​មួយ​ចំនួន​ធំ បានចាញ់​បោក​ពួក​គេ​ផង​ដែរ។ ប៉ុន្តែ​ប្រសិន​បើយើង​ពិនិត្យ​មើល​ក្នុង​ព្រះ​គម្ពីរ​ គឺ​ពួក​គេ​ដែល​អះអាង​នោះ​ ជា​ព្រះ​យេស៊ូវ​ក្លែងក្លាយ

សព្វ​ថ្ងៃ​យើង​ឃើញ​មាន​ព្រះ​យេស៊ូវ​ក្លែងក្លាយ​កើត​ឡើង ហើយក៏​កំពុងបន្ត​​កើតមាន​ឡើងផងដែរ។ តើ​លោក​អ្នក​មាន គណនេយ្យហ្វេ​ស​បុក​ទេ? ឬ​ធ្លាប់​មើល​បណ្ដាញ​សង្គម​ទេ? តើ​លោក​អ្នក​បាន​ជួប​ប្រទះ​អំពី​ព្រះ​យេស៊ូវ​ទាំង​នោះទេ? តើ​លោក​អ្នក​ធ្លាប់​ជួប​ផ្ទាល់​ភ្នែក​ទេ? ធ្លាប់​បាន​ជជែក​ជា​មួយ​ក្រុម​ព្រះ​យេស៊ូវ​ក្លែងក្លាយ​នោះ​ដែរទេ?

បញ្ហា​ព្រះ​យេស៊ូវ​ក្លែងក្លាយ​នេះ គឺ​បាន​កើត​ឡើង​តាំង​ពី​យូរ​ណាស់​មក​ហើយ!
ប្រសិន​បើ​បង​ប្អូន​មើល​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ទាំង​មូល លោក​អ្នក​នឹង​ឃើញ​ព្រះបន្ទូលរបស់​ព្រះ​យេស៊ូវ​ និង​ពួក​សាវ័ក​របស់​ទ្រង់ បាន​ប្រាប់​ជា​មុន និង​ព្រមាន​ជា​មុន​អំពី​ព្រះ​គ្រីស្ទ​ក្លែងក្លាយ​ដែល​នឹង​មក​ដល់​ផង​ដែរ។

ព្រះ​យេស៊ូវ​ដ៏​ពិត​ប្រាប់​ជា​មុន​ អំពី​ព្រះ​យេស៊ូវ​ក្លែងក្លាយ​ដែល​នឹង​មក​ដល់

កណ្ឌ​គម្ពីរ (ម៉ាថាយ ២៤:២៤-២៦) «ដ្បិត​នឹង​មាន​ព្រះគ្រីស្ទ​ក្លែង ហើយ​ហោរា​ក្លែង​កើត​ឡើង គេ​នឹង​ធ្វើ​ទី​សំគាល់​យ៉ាង​ធំ ហើយ​និង​ការ​អស្ចារ្យ ដើម្បី​នឹង​នាំ​ទាំង​ពួក​អ្នក​រើស​តាំង​ឲ្យ​វង្វេង​ផង បើ​សិន​ជា​បាន មើល ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ជា​មុន ដូច្នេះ បើ​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា មើល ទ្រង់​គង់​នៅ​ទី​រហោស្ថាន នោះ​កុំ​ឲ្យ​ចេញ​ទៅ​ឡើយ ឬ​ថា មើល ទ្រង់​គង់​នៅ​ក្នុង​បន្ទប់ នោះ​ក៏​កុំ​ឲ្យ​ជឿ​ឲ្យ​សោះ»។

ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ចូរ​ប្រយ័ត្ន ក្រែង​អ្នក​ណា​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន យក​ឈ្មោះ​ខ្ញុំ​មក​និយាយ​ថា ខ្ញុំ​នេះ​ជា​ព្រះគ្រីស្ទ ហើយ​អ្នក​ទាំង​នោះ​នឹង​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង​ចេញ​ផង (ម៉ាថាយ ២៤:៤-៥)។

នេះ​ជា​ព្រះ​បន្ទូល​ដ៏​ពិត​របស់​ព្រះ​យេស៊ូវ​ដ៏​ពិត ដែល​ទ្រង់​បាន​គង់​នៅ​លើ​ផែន​ដី​យ៉ាង​ពិត​ប្រាកដ​មុន​ពេល​ដែល​ទ្រង់​យាង​ទៅ​ស្ថាន​សួគ៌​វិញ គឺ​ទ្រង់​បាន​ប្រាប់​ដល់​ពួក​សិស្ស ក៏​ដូច​ជា​អស់​អ្នក​ដែល​ជឿ​ដល់​ទ្រង់​អំពី​ព្រះ​គ្រីស្ទ​ក្លែងក្លាយ​ដែល​នឹង​មក​ដល់។

សូម​លោក​អ្នក​កត់​សម្គាល់​ត្រង់​នេះ ពាក្យ​កណ្ដាល​ខ​គម្ពីរ​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ​ដែល​ទ្រង់​មាន​បន្ទូល​ថា «…ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន យក​ឈ្មោះ​ខ្ញុំ​មក​និយាយ​ថា ខ្ញុំ​នេះ​ជា​ព្រះគ្រីស្ទ…» (ម៉ាថាយ ២៤:៤-៥)។
វា​ជា​ការ​ភ្ញាក់​ផ្អើល​ណាស់ ត្រង់​ថា «មាន​មនុស្ស​ជា​ច្រើន យក​ឈ្មោះ​ខ្ញុំ​មក​និយាយ​ហើយថា គេ​ជា​ព្រះ​គ្រីស្ទ» ។ ត្រង់​នេះ​គឺ​បញ្ជាក់​ថា ព្រះ​យេស៊ូវ​ទ្រង់​ជ្រាប​ច្បាស់​ពី​ពេល​វេលា​ខាង​មុខ​ថា នឹង​មាន​ការ​បន្លំ​កើតមាន​ឡើង​ គឺថា​នឹង​មាន​មនុស្ស​ជា​ច្រើន​ដែល​នឹង​យក​ព្រះ​នាម​របស់​ទ្រង់​មក​ក្លែងបន្លំ និង​អះ​អាង​ថា​ខ្លួន​ពួក​គេផ្ទាល់​ជា​ព្រះ​យេស៊ូវ អ្វី​ដែល​គួរឲ្យ​កត់សម្គាល់​គឺ​ថា ​មិន​មែន​តែ​មនុស្ស​ពីរ​ឬ​បី​នាក់​នៃ​តួ​លេខ​ជាក់​លាក់​នោះ​ទេ គឺ​មាន​មនុស្ស​ជា​ច្រើន​នាក់ផងដែរ។ ដូច​នេះ យើង​ឃើញ​ថា​ការ​នេះ​គឺ​បាន​កើត​ឡើង​យ៉ាង​ពិត​ប្រាកដ​មែន ដូច្នេះ​ព្រះ​យេស៊ូវ​បាន​ព្រមាន និង​បាន​បង្រៀន​ទុក​ជា​មុន!

ខាង​ក្រោម​នេះ​គឺ​ជា​បុគ្គល​មួយ​ចំនួន​ដែល​បាន​អះអាង​ថាខ្លួន​ពួក​គេ​ផ្ទាល់ ជា​ព្រះ​យេស៊ូវ៖

១. លោក​អាំង សាំង ហុង ដែល​ជា​ជន​ជាតិ​កូរ៉េ​ម្នាក់​ដែល​បាន​ស្លាប់​ដោយ​សារ​ដាច់​សរសៃ​ឈាមខួរ​ក្បាល និង​គាំង​បេះ​ដូង នៅ​ឆ្នាំ​១៩៨៥ ។

២. អា​ប៉ូ​ឡូ គឺ​បូ​ឡុយ ​ដែល​ជា​ជន​ជាតិ​ហ្វីលីពីន លោក​អះអាង​ថា លោក​ជា​ព្រះ​រាជបុត្រា (ព្រះ​យេស៊ូវ)

៣. លី ម៉ាន់​ហ៊ី និង​ព្រះ​វិហារ​ស៊ីន​ឆន់​ជី ប្រទេស​កូរ៉េ (ក្រុម​នេះ​បាន​អះអាង​ថា ផ្លូវ​ទៅ​សេចក្ដី​សង្គ្រោះ​មាន​តែ​មួយ​ទេ​ គឺ​តាម​រយៈ​រូប​លោក)។

៤. សាន់ ម៉្ញុង មូន នៅ​ក្នុង​ប្រទេស​កូរ៉េ (ក្រុម​នេះ​ថា ព្រះ​យេស៊ូវ​មិន​បាន​រៀប​ការ អញ្ចឹង​គាត់​ជា ព្រះ​មេ​ស៊ី​ថ្មី ដើម្បី​ធ្វើ​នៅ​អ្វី​ដែល​ព្រះ​យេស៊ូវ​មិន​បាន​ធ្វើ​គឺ​យក​ប្រពន្ធ)។

៥. ក្រុម​ខុស​ឆ្គង​ចិន យ៉ាង ស៊ីង​ប៊ីន ដែល​មាន​ហ្វេ​ស​បុក​ផេក ក្រុម​ជំនុំ​ដែល​មាន​ព្រះ​ចេស្ដា។ ក្រុម​នេះ​បង្រៀន​ថា ព្រះ​យេស៊ូវ​បាន​យាង​មក​វិញ​ជា​ជន​ជាតិ​ចិន ជា​ភេទ​ស្រី ក្រុម​នេះ​គឺ​មាន​សកម្មភាព​ខ្លាំង​មែន​ទែន​ក្នុង​បណ្ដាញ​សង្គម​គ្រីស្ទាន។ ​និងមាន​ក្រុម​​ច្រើន​ទៀត។ល។

សូម​បង​ប្អូន​កត់​សម្គាល់​ថា ក្រុម​ព្រះ​យេស៊ូវ​ក្លែងក្លាយ​ទាំង​នោះ ​គឺ​មក​រក​តែ​អស់​អ្នក​ដែល​ជឿ​លើព្រះ​យេស៊ូវ​ហើយប៉ុណ្ណោះ!

ព្រះ​យេស៊ូវ​មួយ​ផ្សេង​ទៀត?

នៅ​ក្នុង​សំបុត្រ​របស់​សាវ័ក ប៉ុល បាន​ប្រាប់​យើង​អំពី «ព្រះ​យេស៊ូវ​មួយ​ផ្សេង​ទៀត» ដែល​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន!

«ពី​ព្រោះ​ខ្ញុំ​ប្រចណ្ឌ ចំពោះ​អ្នក​រាល់​គ្នា ដោយ​សេចក្តី​ប្រចណ្ឌ​នៃ​ព្រះ ដ្បិត​ខ្ញុំ​បាន​បម្រុងអ្នក​រាល់​គ្នា​ទុក ឲ្យ​មាន​ប្តី​តែ​មួយ ទុក​ដូច​ជា​ក្រមុំ​បរិសុទ្ធ គឺ​ដើម្បី​នឹង​ថ្វាយ​ទៅ​ព្រះគ្រីស្ទ​តែ​មួយ​ប៉ុណ្ណោះ តែ​ខ្ញុំ​ខ្លាច​ក្រែង​គំនិត​អ្នក​រាល់​គ្នា ត្រូវ​បង្ខូច​ចេញ​ពី​សេចក្តី​ទៀង​ត្រង់​ខាង​ឯ​ព្រះគ្រីស្ទ ដូច​ជា​សត្វ​ពស់​បាន​បញ្ឆោត​នាង​អេវ៉ា ដោយ​ឧបាយកល​យ៉ាង​នោះ​ដែរ ពី​ព្រោះ​បើ​សិន​ជា​មាន​អ្នក​ណា​មក ប្រកាស​ប្រាប់​ពី​ព្រះយេស៊ូវ​មួយ​ទៀត ដែល​យើង​ខ្ញុំ​មិន​បាន​ប្រកាស​ប្រាប់ ឬ​បើ​អ្នក​រាល់​គ្នា​ទទួល​វិញ្ញាណ​ណា​ផ្សេង​ទៀត ដែល​មិន​បាន​ទទួល​ពី​ដើម ឬ​ដំណឹង​ណា​ផ្សេង​ទៀត ដែល​មិន​ទទួល​កាល​ពី​មុន នោះ​អ្នក​រាល់​គ្នា​នឹង​ទ្រាំ​ទ្រ​វិញ​ជា​មិន​ខាន» (២កូរិនថូស ១១:២-៤)។

មាន​សេចក្ដី​បង្រៀន​មួយ​ទៀត​ដែល​ខុស​អំពី​ព្រះ​យេស៊ូវ​ខាង​លើ​ដែល​យើង​បាន​រៀប​រាប់ ហើយ​ជា​ក្រុម​មួយ​ផ្សេង​ទៀត​ដែលអះ​អាង​ថា ព្រះ​យេស៊ូវ​ដែល​ពួក​គេ​មាន​ជំនឿ ជា​ប្រភេទ​ព្រះ​យេស៊ូវ​ដែល​ខុស​អំពី​ព្រះ​យេស៊ូវ​ដែល​ចែង​ក្នុង​ព្រះ​គម្ពីរ​ដែល​យើង​បានជឿ៖ គឺ​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ចុង​ក្រោយ។
គ្រីស្ទ​បរិស័ទ​ខ្លះ​ហៅ​ក្រុម​នេះ​ថា ក្រុម​ពួក​មរ​មន។ ទោះ​បី​ជា​ក្រុម​នេះ មេ​ដឹក​នាំ​របស់​សាសនា​របស់​ពួក​គេ​មិន​បាន​អះ​អាង​ខ្លួន​ផ្ទាល់​ថា ជា​ព្រះ​យេស៊ូវ ដូច​ក្រុម​ផ្សេង​ក៏​ដោយ ប៉ុន្តែ​ព្រះ​យេស៊ូវ​ដែល​គេ​ជឿ​នោះ​គឺ​ខុស​អំពី​ព្រះ​យេស៊ូវ​ដែល​យើង​ជឿ​នៅ​ក្នុង​ព្រះ​គម្ពីរ។ ជំនឿ​របស់​ពួក​គេ​ហាក់​ដូច​ប្លែក​ពី​ក្រុម​ខាង​លើ​ដោយ​បង្រៀន​ថា មាន​ព្រះ​រាប់​ពាន់​អង្គ​នៅ​ភព​ផែន​ដី​ផ្ទាល់​របស់ពួក​គេ។ នេះ​គឺ​ប្រភេទ​នៃ​ព្រះ​យេស៊ូវ​ដែល​គេ​ជឿ​ថា៖
-ព្រះ​យេស៊ូវ​គឺ​ជា​មនុស្ស​ធម្មតា​ដែល​បាន​ក្លាយ​ជា​ព្រះ។
-ហើយ​ព្រះ​យេស៊ូវ និង​សាតាំង​ជា​បង​ប្អូន​បង្កើត។
-គេ​បង្រៀន​ថា ព្រះ​វរបិតា​បាន​រួម​ភេទ​ជា​មួយ​នាង​ម៉ារ៉ា បង្កើត​បាន​រូប​កាយ​របស់​ព្រះ​យេស៊ូវ។
និងមាន​គោល​លទ្ធិ​ខុសឆ្គង​ជា​ច្រើន​ទៀត។ល។

មេ​ដឹក​នាំ​សាសនា​ចក្រ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​គឺ​លោក យ៉ូសែប ស្មីត​បាន​បង្កើត​សាសនា​ថ្មី​នេះ​ឡើង។ លោក​ថា ទេវតា​មក​ពី​ព្រះ មក​ប្រាប់​គាត់​ពី​ទី​កន្លែង​នៃសៀវភៅ​មាស​នោះ។ គឺ​គម្ពីរ​ថ្មី!

ដូច្នេះ យើង​ឃើញ​ថា ក្រុម​នេះ​គឺ​ប្រើ​ប្រាស់​ឈ្មោះ​ព្រះ​វិហារ​របស់​ពួក​គេ ​ដូច​គ្នា​ជា​មួយ​ឈ្មោះ​ព្រះ​វិហារ​របស់​គ្រីស្ទ​បរិស័ទ​ដែរ ប៉ុន្តែ​យើង​ឃើញ​ថា ព្រះ​យេស៊ូវ​ដែល​គេ​កំពុង​តែ​ដើរ​តាម មាន​ជំនឿ​នោះ​គឺ​ជា​ព្រះ​យេស៊ូវ​ក្លែងបន្លំ និង​ខុសឆ្គង
ដូច្នេះ​នេះ​គឺ​ជា​អ្វី​ដែល​សាវ័ក​ប្រាប់​យើង​ថា «ព្រះ​យេស៊ូវ​មួយ​ផ្សេង​ទៀត» ដែល​ត្រូវ​យើង​ប្រុងប្រយ័ត្ន
(២កូរិនថូស ១១:២-៤)

យើង​ឃើញ​ថា សូម្បី​តែ​សាវ័ក ប៉ុល​ដែល​ជា​សាវ័ក​ចុង​ក្រោយ​គេ (តូច​ជាង​គេ) ក៏​លោក​បាន​ទទួល​ការ​បើក​សម្ដែង​ពី​ព្រះ​អម្ចាស់​យេស៊ូវ​យ៉ាង​អស្ចារ្យ​ក្នុង​ខណៈ​ពេល​ដែល​លោក​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​ដាម៉ាស​ដើម្បី​ទៅ​ចាប់​អ្នក​ជឿ​ព្រះ​យេស៊ូវ​នៅ​ទី​នោះ ប៉ុន្តែ​សង្ខេប​យ៉ាង​ខ្លី​ទៅ លោក​បាន​ផ្លាស់​ប្រែ​ជាថ្មី ​បន្ទាប់​ពី​ការ​បើក​សម្ដែង​របស់​ព្រះ​អម្ចាស់។ បន្ទាប់​មក លោក​ចាប់​ផ្ដើម​ធ្វើ​បន្ទាល់​អំពី​ព្រះ​យេស៊ូវ! យើង​ឃើញ​ថា អ្វី​ដែល​សាវ័ក ប៉ុល ទទួល​បាន​ការ​បើក​សម្ដែង​នោះ​គឺ ដូច​គ្នា​ទាំង​ស្រុង អំពី​ព្រះ​យេស៊ូវ​ដែល​មាន​ចែង​ក្នុង​គម្ពីរ​ដំណឹងល្អ​ទាំង​បួន (ម៉ាថាយ ម៉ាកុស លូកា យ៉ូហាន) និង​ពួក​សាវ័ក​ផ្សេងៗ​កំពុង​បម្រើ​ដែរ។ សាវ័ក ប៉ុល មិន​បាន​ប្រកាស​ប្រាប់​ដំណឹង​ល្អ​អំពី​ព្រះ​យេស៊ូវ​ណា ខុស​គ្នា​អំពី​ព្រះយេស៊ូវ​ដ៏​ពិត នៅ​ក្នុងកណ្ឌ​គម្ពីរដំណឹងល្អ​ទាំង​បួន ​រួម​ទាំង​គម្ពីរ​ដែល​ពួក​សាវ័ក បានប្រកាស​នោះ​ទេ។ យើង​ឃើញ​ថា ការ​នេះ​គឺ​ខុស​គ្នា​ពី​ការ​បើក​សម្ដែង​របស់​លោក យ៉ូសែប​ស្មីត និង​សាវ័ក ប៉ុល ផ្ទាល់។យើង​ខ្ញុំ​មិន​ប្រកាស​ប្រាប់​ពី​ខ្លួន​យើង​ខ្ញុំ​ទេ គឺ​ពី​ព្រះគ្រីស្ទយេស៊ូវ ជា​ព្រះអម្ចាស់​វិញ ហើយ​ក៏​រាប់​ខ្លួន​យើង​ខ្ញុំ ថា​ជា​បាវ​បំរើ​របស់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ព្រះយេស៊ូវ​ដែរ។ (២កូរិនថូស ៤:៥)

ប្រហែល​ខាង​មុខ​នឹង​មាន​ព្រះ​យេស៊ូវ​ក្លែង​ក្លាយ​ថ្មីៗ​ទៀត តែ​ប្រហែលមិន​ទាន់​ឮ​ដល់​ពួក​យើង​នៅ​ឡើយ។ ខ្ញុំ​មិន​ដឹង​ថា នៅ​ប្រទេស​កម្ពុជា​យើង​ តើ​មាន​ព្រះ​យេស៊ូវ​ក្លែងក្លាយ​កើត​ឡើង​ដូច​នៅ​ប្រទេស​ផ្សេង​ដែរ​ឬ​ទេ?
ប៉ុន្តែ​អ្វី​ដែល​លោក​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន ដូច​ដែល​ព្រះ​យេស៊ូវ​ទ្រង់​ផ្ទាល់​មាន​ព្រះ​បន្ទូល​ថា «មាន​មនុស្ស​ជា​ច្រើន យក​ឈ្មោះ​ខ្ញុំ​មក​និយាយ​ថា ខ្ញុំ​នេះ​ជា​ព្រះ​គ្រីស្» ។ ទំនង​នឹង​មាន​ច្រើន​ទៀត! ដូច្នេះ​យើង​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រៀប​ឈរ​អោយមាំ​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​ជានិច្ច ដោយ​នឹក​ចាំ​ពី​ការ​នេះ!

ការ​អនុវត្តន៍ និង​សំណួរ

តើ​យើង​ត្រូវ​យក​ឈ្នះ​លើ​សេចក្ដី​កុហក​របស់​ក្រុម​ព្រះ​យេស៊ូវ​ក្លែងក្លាយ​ដោយ​របៀប​ណា? ចម្លើយ៖ គឺ​ការ​សិក្សា​ព្រះ​បន្ទូល​ព្រះ និង​ការ​អាន​ព្រះ​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ​ផ្ទាល់​ខ្លួន​យើង​ម្នាក់ៗ! (ជាប់​លាប់​ជា​មួយ​ពួក​ជំនុំ និង​ការ​ប្រកប​គ្នា​ជា​មួយ​គ្រីស្ទ​បរិស័ទ​ផ្សេង​ទៀត)

ចូរ​បដិសេធ​ក្រុម​ព្រះ​យេស៊ូវ​ក្លែងក្លាយ
នៅ​ពេល​ដែល​ពួក​គេ​មក​រក​លោក​អ្នក មិន​ថា នៅ​ផ្ទះ​ក្ដី តាម​ផ្លូវ​ក្ដី សូម​កុំ​ស្វាគមន៍​ពួក​គេ​ឲ្យ​សោះ!
ហេតុ​អ្វី?

ព្រោះ​នៅ​ក្នុង​ព្រះ​គម្ពីរ (២យ៉ូហាន ១:១០-១១) «បើ​អ្នក​ណា​មក​ឯ​អ្នក​រាល់​គ្នា តែ​មិន​បង្រៀន​ចំពោះ​សេចក្តី​នេះ នោះ​កុំ​ឲ្យ​ទទួល​អ្នក​នោះ នៅ​ក្នុង​ផ្ទះ​ឡើយ កុំ​ឲ្យ​ទាំង​ជំរាប​សួរ​ដល់​អ្នក​នោះ​ផង ដ្បិត​បើ​អ្នក​ណា​ជំរាប​សួរ នោះ​ក៏​តែង​មាន​សេចក្តី​ប្រកប​គ្នា ក្នុង​ការ​អាក្រក់​របស់​អ្នក​នោះ​ដែរ។»

ជា​ចុង​ក្រោយ ប្រសិន​បើ​បងប្អូន​មាន​បញ្ហា​ចម្ងល់​អំពី​អ្វី​មួយ​ សូម​កុំ​ទុក! សូម​សួរ​នាំ​មក​កាន់​ពួក​យើង​បាន!
សូម​លើក​ទឹក​ចិត្ត​ដល់​លោក​អ្នក សូម​អាន​ព្រះ​គម្ពីរ​ជា​ប្រចាំ​ថ្ងៃ​ផង​ដែរ។

បើ​ព្រះអង្គ​សព្វ​ព្រះ​ហឫទ័យ បើ​មាន​ឪ​កាស​យើង​នឹង​រៀន​ជា​មួយ​គ្នា​អំពី​គ្រូ​ក្លែងក្លាយ​មាន​លក្ខណៈ​
យ៉ាង​ដូច​ម្ដេច? សូម​ព្រះ​ប្រទាន​ពរ!

សូម​អធិស្ឋាន!

និពន្ធដោយ៖ ធនធានគ្រីស្ទាន
កែសម្រួលដោយ៖ ក្រុមការងារ ផ្លូវពិត
ដោយមានការអនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

របៀប​ដ៏ល្អ​ក្នុងការ​បង្រៀនព្រះបន្ទូល

តើ​ទំនាក់​ទំនង​របស់​ខ្ញុំ​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់​ល្អ​ដែរ​ឬ​ទេ?