លោកគ្រូ តើកណ្ឌគម្ពីរ (១យ៉ូហាន ៥:១៨) មានន័យយ៉ាងដូចម្ដេច?
«យើងដឹងថា អ្នកណាដែលកើតពីព្រះមក នោះមិនចេះធ្វើបាបទេ អ្នកនោះឯងជាអ្នករក្សាខ្លួនវិញ ហើយមេកំណាចនឹងពាល់អ្នកនោះមិនបានឡើយ» (១យ៉ូហាន ៥:១៨)។
ខ្ញុំមិនប្រាកដថា អ្នកសួរកំពុងផ្ដោតលើផ្នែកណាមួយនៃខគម្ពីរនេះនោះទេ ទំនងជាគាត់កំពុងតែផ្ដោតលើទាំងបីចំណុច។
១. «អ្នកណាដែលកើតពីព្រះមក នោះមិនចេះធ្វើបាបទេ»—តើមានន័យយ៉ាងដូចម្ដេច?
២. «អ្នកណាដែលកើតពីព្រះមក អ្នកនោះឯងជាអ្នករក្សាខ្លួនវិញ»—តើមានន័យយ៉ាងដូចម្ដេច?
៣. «មេកំណាចនឹងពាល់អ្នកនោះមិនបានឡើយ»— តើមានន័យយ៉ាងដូចម្ដេច?
ដោយសារខ្ញុំមិនប្រាកដថា អ្នកសួរកំពុងតែផ្ដោតលើចំណុចមួយណា ដូច្នេះខ្ញុំនឹងឆ្លើយលើចំណុចទាំងបី។
អំពើបាបជាទម្លាប់
ខ្ញុំក៏មិនសូវច្បាស់ថា អ្នកសួរកំពុងតែអានការបកប្រែព្រះគម្ពីរនៅឆ្នាំណាដែរ ដូច្នេះខ្ញុំក៏នឹងកាន់តែមានការពិបាកបន្តិចក្នុងការឆ្លើយ។ ការបកប្រែចាស់មានចែងដូចតទៅ «អ្នកណាដែលកើតពីព្រះមក នោះមិនចេះធ្វើបាបទេ»។ នេះគឺជាការបកប្រែនៅឆ្នាំ១៩៥៤។ ឬក៏ការបកប្រែខ្មែរបច្ចុប្បន្ន នៅឆ្នាំ២០០៥៖ «អ្នកកើតមកពីព្រះជាម្ចាស់ មិនប្រព្រឹត្តអំពើបាបឡើយ»។ ដូច្នេះ គ្រីស្ទបរិស័ទដ៏ពិតមិនចេះប្រព្រឹត្តអំពើបាបមែនឬ?
ស្ដាប់ទៅ ហាក់បីដូចជាមានបញ្ហា—«គ្រីស្ទបរិស័ទដ៏ពិតមិនចេះប្រព្រឹត្តអំពើបាប»? ខ្ញុំធ្លាប់បានជួបស្ត្រីម្នាក់ដែលជឿថា នេះគឺជាការពិត។ គាត់បានប្រើប្រាស់កណ្ឌគម្ពីរ (១យ៉ូហាន ៥:១៨) និងកណ្ឌគម្ពីរ (១យ៉ូហាន ៣:៩)។ ហើយខ្ញុំក៏បានសួរគាត់វិញថា «តើប្អូនហៅអំពើបាបដែលប្អូនប្រព្រឹត្តថាយ៉ាងដូចម្ដេច?»។ ហើយគាត់បានប្ដូរឈ្មោះសម្រាប់អំពើបាបរបស់គាត់ជាច្រើន ដែលមានដូចជា៖ កំហុស គុណវិបត្តិ ភាពខ្វះមិនដល់ ភាពមិនល្អឥតខ្ចោះ ប៉ុន្តែគាត់នៅតែចចេសថា គាត់មិនប្រព្រឹត្តអំពើបាបទៀតឡើយ។
ជំនួយពីវេយ្យាករណ៍
ព្រះគម្ពីរកែសម្រួលឆ្នាំ២០១៦ បានបកប្រែថា «យើងដឹងថា អ្នកដែលកើតមកពីព្រះ»—ហើយបានបកប្រែកិរិយាសព្ទដូចតទៅ «មិនធ្វើបាបទៀតឡើយ» ដែលនេះបានជួយយើងបន្តិច។ កណ្ឌគម្ពីរ (១យ៉ូហាន ៣:៩) មានបញ្ហាដូចគ្នា៖ «អស់អ្នកណាដែលកើតពីព្រះ នោះមិនដែលប្រព្រឹត្តអំពើបាបទេ ពីព្រោះពូជព្រះនៅក្នុងអ្នកនោះឯង បានជាពុំអាចនឹងធ្វើបាបបានឡើយ ដ្បិតបានកើតពីព្រះមក»។
កិរិយាសព្ទក្នុងភាសាក្រិកក៏អាចជួយយើងបានបន្តិចដែរ ប៉ុន្តែមិនមែនជាចំណុចគោលគំនិតទេ។ គោលគំនិតក្នុងកិរិយាសព្ទបច្ចុប្បន្នកាលរបស់ភាសាក្រិក «ហាម៉ាថានី» «hamartanei» នៅក្នុងកណ្ឌគម្ពីរ (១យ៉ូហាន ៥:១៨) ដែលកំពុងមានការប្រើប្រាស់ គឺត្រង់ថា អស់អ្នកដែលបានកើតជាថ្មីហើយ ដែលបានទទួលព្រះវិញ្ញាណបរិសុទ្ធនៃព្រះមកគង់នៅក្នុងពួកគាត់គឺពួកគាត់មិនអាចមានសន្តិភាពជាមួយនឹងអំពើបាបបានទេ មិនអាចរស់នៅជាមួយនឹងអំពើបាប មិនអាចធ្វើជាមិត្តជាមួយនឹងអំពើបាប ហើយក៏មិនអាចនៅបន្តប្រព្រឹត្តអំពើបាបបានដែរ—ដោយបន្តប្រព្រឹត្តអំពើបាប ហាក់បីដូចជាមិនចាំបាច់ធ្វើសង្គ្រាមទាស់ប្រឆាំងនឹងអំពើបាបឡើយ ហើយក៏នឹងគ្មានអ្វីកើតឡើងដែរប្រសិនបើយើងមិនធ្វើសង្គ្រាម។ កិរិយាសព្ទបច្ចុប្បន្នកាលលើកឡើងដូចតទៅ៖ ទេ! យើងមិនអាចធ្វើដូច្នោះបានឡើយ។ យើងមិនអាចនៅបន្តប្រព្រឹត្តអំពើបាបដូច្នោះទៀតបានទេ។
តម្រុយពីបរិបទ
ប៉ុន្តែ ប្រសិនបើលោកអ្នកមិនចេះភាសាក្រិក លោកអ្នកក៏មិនចាំបាច់ត្រូវទុកចិត្តលើខ្ញុំក្នុងចំណុចនេះដែរ ដោយសារមានមូលហេតុមួយចំនួនដែលអស់អ្នកដែលមិនចេះភាសាក្រិកដឹងថា ខគម្ពីរនេះមិនមែនមានន័យថា គ្រីស្ទបរិស័ទមិនធ្វើអ្វីខុសនោះដែរ។
ពីរខមុនកណ្ឌគម្ពីរ (១យ៉ូហាន ៥:១៦) បានចែងដូចតទៅ៖ «បើអ្នកណាឃើញបងប្អូន [ជាគ្រីស្ទបរិស័ទ] កំពុងតែធ្វើបាប គឺជាបាបដែលមិនមានទោសដល់ស្លាប់ទេ»។ ដែលនេះមានន័យថា អ្នកនិពន្ធមិនអាចមានន័យថា គ្រីស្ទបរិស័ទមិនប្រព្រឹត្តអំពើបាបទៀតទេ ពីព្រោះគាត់ទើបតែផ្ដល់ជួននូវការណែនាំអំពីរបៀបនៃការជួយគ្រីស្ទបរិស័ទដែលប្រព្រឹត្តអំពើបាប។
ហើយចំណុចនេះក៏ពិតដែរនៅក្នុងកណ្ឌគម្ពីរ (១យ៉ូហាន ១:៨-១០)៖ «បើសិនជាយើងថា យើងគ្មានបាបសោះ នោះឈ្មោះថាយើងបញ្ឆោតដល់ខ្លួន ហើយសេចក្ដីពិតមិនស្ថិតនៅក្នុងយើងទេ បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនិងសម្អាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង បើយើងថា «យើងមិនដែលធ្វើបាបសោះ» នោះឈ្មោះថាយើងធ្វើឲ្យទ្រង់ទៅជាអ្នកកុហកវិញ ហើយព្រះបន្ទូលទ្រង់មិននៅក្នុងយើងទេ»។
ដូច្នេះ នៅក្នុងអត្ថន័យនៃកណ្ឌគម្ពីរ (១យ៉ូហាន ៥:១៨) ខ្ញុំគិតថានៅក្នុងបរិបទនេះ ចំណុចដំបូងដែលបញ្ជាក់យ៉ាងច្បាស់លាស់អំពីអត្ថន័យគឺថា៖ អស់អ្នកដែលបានកើតមកពីព្រះនឹងមិនបន្តប្រព្រឹត្តអំពើបាបដែលនាំឲ្យស្លាប់ ដែលនេះមានន័យថា យើងមិនមានសន្តិភាពជាមួយនឹងអំពើបាប យើងនឹងមិនមានទម្លាប់នៃការប្រព្រឹត្តអំពើបាប ដែលនឹងបំផ្លាញយើងចោលនៅទីបញ្ចប់។ យោងតាមកណ្ឌគម្ពីរ (១យ៉ូហាន ១:៨-១០) គ្រីស្ទបរិស័ទដើរក្នុងពន្លឺ ហើយការដើរក្នុងពន្លឺមិនមែនមានន័យថា គ្មានអំពើបាបទេ។ វាគឺជាការដើរក្នុងរបៀប ដែលលោកអ្នកមានភ្នែកមើលឃើញក្នុងពន្លឺ នូវអំពើអាក្រក់នៃអ្វីដែលលោកអ្នកទើបតែបានប្រព្រឹត្តិ ហើយលោកអ្នកក៏មានការខកចិត្តអំពីវា។ ដូច្នេះ លោកអ្នកក៏នឹងលន់តួបាប។ លោកអ្នកសូមឲ្យព្រះជាម្ចាស់អត់ទោសភ្លាមៗ ហើយបន្តរស់នៅទៅមុខទៀត។
ដូច្នេះ ខ្ញុំគិតថាឃ្លា «មិនចេះធ្វើបាបទេ» មានន័យថា៖
១) មិនប្រព្រឹត្តអំពើបាបដែលមានទោសដល់ស្លាប់
២) មិនបន្តមានទម្លាប់ប្រព្រឹត្តអំពើបាប ដែលបង្ហាញជាភស្តុតាងថា លោកអ្នកមិនមានជីវិតខាងឯវិញ្ញាណ នៅក្នុងខ្លួនឡើយ។
ព្រះគ្រីស្ទដែលជាអ្នកការពារថែរក្សាយើង
ចំណុចទី២៖ «អ្នកណាដែលកើតពីព្រះមក…អ្នកនោះឯងជាអ្នករក្សាខ្លួន» ខ្ញុំគិតថាឃ្លានេះមានន័យថា ព្រះគ្រីស្ទ—ដែលព្រះគម្ពីរបានហៅថា បានកើតពីព្រះជាម្ចាស់ ជាព្រះរាជបុត្រាទ្រង់តែមួយរបស់ព្រះ ជាវិញ្ញាណអស់កល្បជានិច្ចដែលបានកើតមកពីនាងក្រមុំព្រហ្មចារី ប៉ុន្តែបានប្រសូតមកក្នុងវិញ្ញាណនៃព្រះរាជបុត្រារបស់ព្រះ—ការពារយើងពីអារក្សសាតាំង។
ព្រះអង្គអង្វរកជំនួសយើង (ហេព្រើរ ៧:២៥) ហើយព្រះអង្គក៏គង់នៅជាមួយនឹងយើងរាល់គ្នាជារាល់ថ្ងៃ ដរាបដល់បំផុតកល្ប ដើម្បីជួយយើងដែរ (ម៉ាថាយ ២៨:២០) ហើយព្រះលោហិតរបស់ទ្រង់គ្របបាំងយើង (អេភេសូរ ២:១៣) ហើយការពារយើងឲ្យមានសុវត្ថិភាពពីការចោទប្រកាន់របស់សាតាំង ពីព្រោះការចោទប្រកាន់នោះមិនអាចមានប្រសិទ្ធភាពបាន ដោយសារព្រះគ្រីស្ទបានសុគតជំនួសយើង។
មានសុវត្ថិភាពពីសាតាំង
ចំណុចទី៣៖ «មេកំណាចនឹងពាល់អ្នកនោះមិនបានឡើយ»។ ការចោទប្រកាន់ សេចក្ដីល្បួង និងការរំខានរបស់សាតាំងអាចធ្វើឲ្យយើងមានការឈឺចាប់យ៉ាងខ្លាំងបាន ប៉ុន្តែវាមិនអាចបំផ្លាញយើងចោលទាំងស្រុងបាននោះទេ។ មិនមានការប៉ះពាល់ពីវាដែលអាចនឹងនាំឲ្យយើងស្លាប់បានឡើយ។ មិនមានការខាំដែលពេញទៅដោយពិសពុលនោះទេ។ ព្រះអង្គបានដកចង្កូមវាចេញនៅឯឈើឆ្កាង ហើយព្រះអង្គក៏បានដកពិសដែលធ្វើឲ្យអ្នកជឿស្លាប់ចេញពីវាដែរ។ វាមិនអាចបំផ្លាញយើងបានទេ។
ដូច្នេះ ខ្ញុំកាត់ស្រាយឃ្លា «នឹងពាល់អ្នកនោះមិនបានឡើយ» ឲ្យមានន័យថា សាតាំងមិនអាចប៉ះយើងរហូតដល់ធ្វើឲ្យយើងស្លាប់បាននោះទេ។ វាអាចធ្វើឲ្យយើងមានការឈឺចាប់យ៉ាងខ្លាំងបាន។ ខ្ញុំមិនចង់និយាយបន្ទាបការពិតនៃអំណាចរបស់សាតាំងនៅលើលោកីយ៍នេះទេ។ យោងតាមកណ្ឌគម្ពីរ (វិវរណៈ ២:១០) វាអាចបោះយើងចូលក្នុងគុកបាន ហើយវាក៏អាចបណ្ដាលឲ្យអ្នកដទៃសម្លាប់យើងបានដែរ។ ប៉ុន្តែ វាមិនអាចធ្វើឲ្យយើងឈឺចាប់រហូតដល់ស្លាប់បានទេ។ វាមិនអាចប៉ះយើងក្នុងរបៀបនៃការពាល់ដែលនាំឲ្យយើងធ្លាក់នរក ឬក៏បំផ្លិចបំផ្លាញយើងចោលបានដែរ។ ព្រះអង្គបានដកការនោះចេញពីដៃវា តាមរយៈព្រះលោហិតរបស់ព្រះយេស៊ូវហើយ។ យោងតាមកណ្ឌគម្ពីរ (កូឡូស ២:១៥) ព្រះយេស៊ូវបានធ្វើការនោះនៅឯឈើឆ្កាងរួចស្រេចហើយ។ ព្រះអង្គបានដកអំណាចនោះចេញពីអារក្សដែលជាអ្នកគ្រប់គ្រងលើផែនដីនេះ នៅពេលដែលព្រះអង្គសុគត ហើយខ្ចាយព្រះលោហិតទ្រង់។
ដូច្នេះ ព្រះរាជបុត្រាតែមួយគត់របស់ព្រះជាម្ចាស់គឺពិតជាព្រះដែលល្អឥតខ្ចោះរបស់យើង ហើយក៏ជាព្រះដែលការពារយើងយ៉ាងអស់កល្បជានិច្ចដែរ។
ស្ដាប់ទៅ ហាក់បីដូចជាមានបញ្ហា—«គ្រីស្ទបរិស័ទដ៏ពិតមិនចេះប្រព្រឹត្តអំពើបាប»? ខ្ញុំធ្លាប់បានជួបស្ត្រីម្នាក់ដែលជឿថា នេះគឺជាការពិត។ គាត់បានប្រើប្រាស់កណ្ឌគម្ពីរ ១យ៉ូហាន ៥:១៨ និងកណ្ឌគម្ពីរ ១យ៉ូហាន ៣:៩…
មតិយោបល់
Loading…