in ,

ការងាររបស់ខ្ញុំពេល​ខ្លះ​ត្រូវស៊ី​ផឹក​កំដរ​ភ្ញៀវ តើ​ខ្ញុំ​អាច​បាត់​បង់​សេចក្តី​សង្គ្រោះ​ដែរ​ឬ​ទេ?

ចម្លើយ​៖ ខ្ញុំ​សូម​ឆ្លើយ​សំណួរ​នេះ ក្នុង​ករណី​ប្អូន​ជា​អ្នក​ជឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ​ដ៏​ពិត​ប្រាកដ​។ ដោយ​សារ​ព្រះ​គុណ តាម​រយៈ​ជំនឿ ប្អូន​បាន​កើត​ជា​ថ្មី​រួច​ហើយ​។ ឥឡូវ​ប្អូន​កំពុង​តែ​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​បាត់​បង់​សេចក្តី​សង្គ្រោះ ដោយ​ព្រោះ​នៅ​កន្លែង​ធ្វើ​ការ ពេល​ខ្លះ​ប្អូន​ផឹក​ស៊ី​កំដរ​ភ្ញៀវ​។

ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​បាន​សម្តែង​មក​ថា “ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក​ដល់​ម្ល៉េះ បាន​ជា​ទ្រង់​ប្រទាន​ព្រះ​រាជបុត្រា​ទ្រង់​តែ​មួយ ដើម្បី​អោយ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​អោយ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ” (យ៉ូហាន ៣:១៦)។ នៅ​ថ្ងៃ​ដែល​យើង​ទទួល​ជឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ យើង​មិន​មែន​ទទួល​បាន​ជីវិត​បណ្តោះ​អាសន្ន ហើយ​ចាំ​មើល​ប្រសិន​បើ​យើង​អាច​ដើរ​តាម​ព្រះ​អង្គ​បាន​ត្រឹម​ត្រូវ​ឥត​ខ្ចោះ ទើប​ទ្រង់​ប្រោស​ប្រទាន​ជីវិត​អស់​កល្ប​ដល់​យើង​នោះ​ទេ​។ ផ្ទុយ​ទៅវិញ នៅ​ថ្ងៃ​ដែល​យើង​ទទួល​ជឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ យើង​ទទួល​បាន​ជីវិត​អស់​កល្ប​ជានិច្ច​។ ក្នុង​ន័យ​ដូច​គ្នា​នេះ​ដែរ លោក​សាវ័ក​ប៉ុល​បាន​បញ្ជាក់​អោយ​ដឹង​ថា “ឯពួក​អ្នក​ដែល​ទ្រង់​បាន​តម្រូវ​ទុក​ជា​មុន នោះ​ទ្រង់​ក៏​ហៅ ហើយ​ពួក​អ្នក​ដែល​ទ្រង់​បាន​ហៅ នោះ​ទ្រង់​ក៏​រាប់​ទុក​ជា​សុចរិត ហើយ​ពួក​អ្នក​ដែល​ទ្រង់​បាន​រាប់​ទុក​ជា​សុចរិត នោះ​ទ្រង់​ក៏​បាន​តម្កើង​ឡើង​ដែរ” (រ៉ូម ៨:៣០)។ នេះ​មាន​ន័យ​ថា ពេល​ដែល​យើង​ឆ្លើយ​តប​ទៅ​នឹង​ការ​ត្រាស់​ហៅ​របស់​ព្រះ​ដោយ​ជំនឿ នោះ​យើង​ដឹង​ច្បាស់​ប្រាកដ​ថា​នៅ​ថ្ងៃ​ចុង​ក្រោយ យើង​នឹង​បាន​តម្កើង​ឡើង​ជា​មួយ​នឹង​ទ្រង់​ដែរ​។ បង​ប្អូន​អើយ យើង​អាច​ទុក​ចិត្ត​ព្រះ​បាន ព្រោះ​ព្រះ​អង្គ​ស្មោះ​ត្រង់ ទ្រង់​មិន​ប្រែ​ក្រឡាស់​ដូច​ជា​មនុស្ស​ទេ (ហេព្រើរ ១៣:៨, ២ធីម៉ូថេ ២:១១-១៣, យ៉ូហានទី១ ១:៩ )។

ដូច្នេះ គ្រីស្ទបរិស័ទ​ដែល​បាន​កើត​ជា​ថ្មី​ហើយ គេ​នឹង​បាន​រស់នៅ​អស់​កល្ប​ជានិច្ច​។ ក្នុង​ករណី​នេះ ប្អូន​នឹង​មិន​បាត់​បង់​សេចក្តី​សង្គ្រោះ​ទេ​។

បើ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ប្អូន​អោយ​គិត​បន្ត​ទៀត​ថា តើ​ការ​នេះ​គាប់​ព្រះ​ហឫទ័យ​ព្រះ​ជា​ម្ចាស់​ដែរ​ឬ​ទេ? អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ហេព្រើរ​បាន​លើក​ឡើង​ថា “ទ្រង់​ប្រោស​អោយ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍​ក្នុង​ការ​ល្អ​គ្រប់​ជំពូក​ដោយ​សារ​ព្រះ​លោហិត​នៃ​សញ្ញា​ដ៏​នៅ​អស់​កល្ប​ជានិច្ច ប្រយោជន៍​អោយ​អ្នក​រាល់​គ្នា​បាន​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់ ដោយ​ទ្រង់​ធ្វើ​ការ​ក្នុង​អ្នក​រាល់​គ្នា​ដែល​គាប់​ដល់​ព្រះ​ហឫទ័យ​នៃ​ទ្រង់​ដោយ​សារ​ព្រះ​គ្រីស្ទ​យេស៊ូវ …” (ហេព្រើរ ១៣:២១)។ នៅ​ក្នុង​ជីវិត​ថ្មី គ្រីស្ទបរិស័ទ​សង្វាត​រស់​នៅ​ដើម្បី​ជា​ទី​គាប់​ព្រះ​ហឫទ័យ​ដល់​ព្រះ​ជាម្ចាស់ (កូរិនថូសទី២ ៥:៩)។ ហេតុ​ដូច្នោះ​ហើយ លោក​សាវ័ក​ប៉ុល​បាន​ក្រើន​រំលឹក​ពួក​អ្នក​ជឿ​នៅ​ទីក្រុង​អេភេសូរ​ថា “ដ្បិត​កាល​ពី​ដើម អ្នក​រាល់​គ្នា​ក៏​ងងឹត​ដែរ តែ​ឥឡូវ​នេះ​វិញ​បាន​ភ្លឺ​ក្នុង​ព្រះ​អម្ចាស់ ដូច្នោះ​ចូរ​ដើរ​ដូច​ជា​មនុស្ស​ភ្លឺ​ចុះ ដ្បិត​ផល​ផ្លែ​នៃ​ពន្លឺ នោះ​មាន​នៅ​ក្នុង​គ្រប់​ទាំង​កិរិយា​ល្អ សេចក្តី​សុចរិត និង​សេចក្តី​ពិត ចូរ​លមើល​អោយ​ដឹង​សេចក្តី​អ្វី​ដែល​ព្រះ​អម្ចាស់​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ចុះ កុំ​អោយ​ប្រកប​ក្នុង​ការ​ឥត​ផល​ប្រយោជន៍​របស់​សេចក្តី​ងងឹត​ឡើយ…” (អេភេសូរ ៥:៨-១០)។ រាល់​ថ្ងៃ យើង​ត្រូវ​សិក្សា​ស្វែង​យល់​ពី​អ្វី​ដែល​គាប់​ព្រះ​ហឫទ័យ​ព្រះ​ជាម្ចាស់ ហើយ​ប្រព្រឹត្តិ​តាម (ភីលីព ៤:៨-៩)។ ទន្ទឹម​នឹង​នេះ​ដែរ ទាក់​ទង​ទៅ​នឹង​ការ​ស៊ី​ផឹក លោក​សាវ័ក​ប៉ុល​បាន​លើក​ចំៗ​ថា “ត្រូវ​អោយ​យើង​ដើរ​តាម​តែ​គួរ​គប្បី ដូច​ជា​ដើរ​នៅ​ពេល​ថ្ងៃ មិន​មែន​ដោយ​ស៊ី​ផឹក លេង​ល្បែង ឬ​មាន​ស្រីញី ឬ​ដោយ​ឈ្លោះ​ប្រកែក និង​ឈ្នានីស​នោះ​ឡើយ” (រ៉ូម ១៣:១៣)។ នៅ​ក្នុង​បរិបទ​ស្រុក​ខ្មែរ យើង​ឃើញ​ថា ស្រា​គឺ​ជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ​។ នៅ​ក្រោម​ក្រសែ​ភ្នែក​បណ្តា​ជន ការ​ផឹក​ស៊ី​ផ្តល់​ជា​ភាព​អវិជ្ជមាន​ដ៏​ច្រើន​លើស​លប់​។ ដូច្នេះ បើ​តាម​គំនិត​ខ្ញុំ ការ​ផឹក​ស៊ី​មិន​ត្រឹម​តែ​មិន​បាន​លើក​តម្កើង​សិរី​ល្អ​របស់​ព្រះ​ជាម្ចាស់​ប៉ុណ្ណោះ​ទេ ផ្ទុយ​ទៅ​វិញ វា​ប៉ះ​ពាល់​ដល់​សិរី​ល្អ​របស់​ទ្រង់​។ ក្នុង​ន័យ​នេះ វា​មិន​មែន​ជា​ទី​គាប់​ព្រះ​ហឫទ័យ​ដល់​ព្រះ​ជាម្ចាស់​ទេ​។

ចំណុច​ចុង​ក្រោយ ទាក់​ទង​ទៅ​នឹង​ទី​បន្ទាល់​របស់​ប្អូន​។ ប្អូន​គឺ​ជា​ទូត​ដំណាង​ព្រះ​គ្រីស្ទ (កូរិនថូសទី២ ៥:២០)។ ប្អូន​គឺ​ជា​អំបិល និង​ពន្លឺ​លោកិយ (ម៉ាថាយ ៥:១៣-១៦)។ ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​មាន​ព្រះ​បន្ទូល​ដោយ​ផ្ទាល់​ព្រះ​អង្គ​ថា “ដូច្នោះ ចូរ​អោយ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​ដូច្នោះ​ដែរ ដើម្បី​អោយ​គេ​ឃើញ​ការ​ល្អ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្តិ រួច​សរសើរ​តម្កើង​ដល់​ព្រះ​វរបិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន​សួគ៌” (ម៉ាថាយ ៥:១៦)។ ថ្វី​ដ្បិត​បើ​ការ​ផឹក​ស៊ី​មិន​ប៉ះ​ពាល់​ដល់​សេចក្តី​សង្គ្រោះ​របស់​ប្អូន ប៉ុន្តែ​វា​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​ទី​បន្ទាល់​របស់​ប្អូន​។ តើ​មនុស្ស​នៅ​ជុំ​វិញ​នឹង​គិត​យ៉ាង​ណា​អំពី​ប្អូន អំពី​សេចក្តី​ជំនឿ​របស់​ប្អូន និង​អំពី​ព្រះ​ដែល​ប្អូន​ថ្វាយ​បង្គំ នៅ​ពេល​ដែល​គេ​ឃើញ​ប្អូន​ផឹក​ស៊ី​កំដរ​ភ្ញៀវ? មួយ​វិញ​ទៀត នៅ​ក្នុង​សំបុត្រ​ផ្ញើ​ទៅ​កាន់​បង​ប្អូន​រួម​ជំនឿ​នៅ​ឯ​ទីក្រុង​រ៉ូម លោក​សាវ័ក​ប៉ុល​បាន​រំលេច​ឡើង​ថា “គួរ​តែ​កុំ​អោយ​បរិភោគ​សាច់ ឬ​ស្រា​ទំពាំង​បាយ​ជូរ ឬអ្វី​ដែល​នាំ​អោយ​បង​ប្អូន​អ្នក​ជំពប់ ឬ​រវាត​ចិត្ត ឬ​ធ្វើ​អោយ​ខ្សោយ​នោះ​ឡើយ” (រ៉ូម ១៤:២១)។ ទី​បន្ទាល់​របស់​គ្រីស្ទបរិស័ទ​មិន​ត្រឹម​តែ​ចំពោះ​អ្នក​មិន​ជឿ​ប៉ុណ្ណោះ​ទេ​។ ទន្ទឹម​នឹង​នេះ​ដែរ យើង​ត្រូវ​រស់​នៅ​ជាទី​បន្ទាល់​ដល់​បង​ប្អូន​រួម​ជំនឿ​ដ៏​ទៃ​ទៀត​។ ឆ្លើយ​តប​ទៅ​នឹង​ព្រះ​គម្ពីរ រ៉ូម ១៤:២១ ខាង​លើ បើ​ការ​នោះ​បណ្តាល​អោយ​បង​ប្អូន​រួម​ជំនឿ​ដ៏​ទៃ​ទៀត​ជំពប់ ឬ​រវាត​ចិត្ត ឬ​ធ្វើ​អោយ​គេ​ខ្សោយ​នោះ លោក​សាវ័ក ប៉ុល ហាម​មិន​អោយ​យើង​ប្រព្រឹត្តិ​ទេ​។

ដូច្នោះ បើ​ប្អូន​សម្លឹង​មើល​បរិបទ​ស្រុក​ខ្មែរ ទាក់ទង​ទៅ​នឹង​បញ្ហា​ផឹក​ស៊ី សូម​ប្អូន​គិត​ពិចារណា​ថា តើ​វា​នឹង​ប៉ះ​ពាល់​យ៉ាង​ណា​ខ្លះ​ដល់ទី​បន្ទាល់​របស់​ប្អូន​ចំពោះ​ក្រុម​គ្រួសារ ចំពោះ​ឪពុក​ម្តាយ ចំពោះ​បង​ប្អូន ចំពោះ​ប្រពន្ធ​កូន ចំពោះ​សាច់​ញាតិ ចំពោះ​មិត្ត​ភក្តិ ព្រម​ទាំង​ចំពោះ​អ្នក​ជឿ​ដ៏​ទៃ​ផ្សេងៗ​ទៀត។ល។

សរុប​មក​វិញ ថ្វី​ត្បិត​តែ​ការ​ផឹក​ស៊ី​កំដរ​ភ្ញៀវ​មិន​ប៉ះ​ពាល់​ដល់​សេចក្តី​សង្គ្រោះ​របស់​ប្អូន ប៉ុន្តែ​ក្នុង​បរិបទ​ស្រុក​ខ្មែរ យើង​ឃើញ​ថា វា​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់ទី​បន្ទាល់​របស់​ប្អូន និង​សិរី​ល្អ​របស់​ព្រះ​ជាម្ចាស់​។ ក្នុង​ន័យ​នេះ ខ្ញុំ​យល់​ថា វា​មិន​មែន​ជា​ទី​សព្វ​ព្រះ​ហឫទ័យ​ដល់​ព្រះ​ជាម្ចាស់​ទេ​។ ក្នុង​នាម​ជា​បង​ប្អូន​រួម​ជំនឿ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ប្អូន​អោយ​ទូល​សូម​ជំនួយ និង​ប្រាជ្ញា​ពី​ព្រះ​ជាម្ចាស់ ដើម្បី​អោយ​ប្អូន​បាន​ធ្វើ​ជា​ពន្លឺ​របស់​ទ្រង់​នៅ​កន្លែង​ធ្វើ​ការ​របស់​ប្អូន​។ វា​គឺ​ជា​ទី​បន្ទាល់​ដ៏​ល្អ​បំផុត​មួយ ប្រសិន​បើ​អ្នក​នៅ​ជុំ​វិញ​មើល​ឃើញ​ប្អូន​ត្រឹម​ត្រូវ ដោយ​ប្អូន​មិន​ប្រព្រឹត្តិ​ដូច​ជា​អ្នក​ដ៏ទៃ​។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ផង​ដែរ បើ​បញ្ញា​ចិត្ត​របស់​ប្អូន​ប្រាប់​ថា ការ​ដែល​ប្អូន​កំពុង​តែ​ប្រព្រឹត្តិ វា​មិន​ត្រឹម​ត្រូវ​ចំពោះ​ព្រះ​ជាម្ចាស់ វា​កំពុង​តែ​បន្ទាប​បន្ថោក​សិរី​ល្អ​របស់​ព្រះ​ជាម្ចាស់ វា​កំពុង​តែ​ប៉ះ​ពាល់​ដល់​ទី​បន្ទាល់​របស់​ប្អូន វា​គឺជា​ការ​ដាស់​តឿន​មក​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ប្អូន​ត្រូវ​តែ​ស្តាប់​តាម​។ ជា​ជម្រើស​ចុង​ក្រោយ យ៉ាង​ណា​ក៏​ដោយ បើ​ការងារ​នេះ​ប៉ះ​ពាល់​ដល់​សិរី​ល្អ​របស់​ព្រះ​ជាម្ចាស់ និង​ទី​បន្ទាល់​របស់​ប្អូន ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ប្អូន​អោយ​រក​ការងារ​ថ្មី ដែល​អនុញ្ញាត​អោយ​ប្អូន​បាន​ធ្វើ​ជា​ពន្លឺ​សម្រាប់​មនុស្ស​នៅ​ជុំ​វិញ និង​សម្រាប់​ជា​សិរី​ល្អ​ដល់​ព្រះ​ជាម្ចាស់​៕

និពន្ធដោយ៖ លោក ញឹមវ៉ាន់ សុខណាល់
កែសម្រួលដោយ៖ ក្រុមការងារ ផ្លូវពិត
ដោយមានការអនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

តើ​ពេល​ណា​ជា​លើក​ចុង​ក្រោយ​បង្អស់​ដែល​លោក​អ្នក​បាន​រីករាយ​ជា​មួយ​លុយ​របស់​ខ្លួន?

កត្តា​ជំរុញ​ចិត្ត​បី​យ៉ាង​ដើម្បី​អធិស្ឋាន