ព្រះគម្ពីរបានធ្វើបន្ទាល់ថា លោកអ្នកអាចអានព្រះគម្ពីរបាន។ និយាយម្យ៉ាងទៀត ព្រះបន្ទូលមានភាពច្បាស់លាស់ ភាពប្រចក្សច្បាស់ ភាពងាយយល់ និងការអាចយល់បាន។ ការមានជំនឿជាក់លើភាពច្បាស់លាស់នៃព្រះគម្ពីរនេះ គឺចាំបាច់ណាស់សម្រាប់ជីវិតគ្រីស្ទបរិស័ទ ហើយការមានជំនឿជាក់នេះគឺជាសេចក្ដីសន្និដ្ឋានរបស់ក្រុមជំនុំមានជាប់តាំងពីរហូតមកក្នុងប្រវត្តិសាស្ត្រ។
ប៉ុន្តែ គោលលទ្ធិណាក៏ដោយអំពីព្រះគម្ពីរគឺត្រូវតែតាមស្វែងយល់ឲ្យដល់ប្រភព នៅក្នុងគោលលទ្ធិអំពីព្រះជាម្ចាស់។ ព្រះបន្ទូលរបស់ព្រះ គឺជាផ្នែកមួយដែលដូចជាព្រះដែរ។ ហេតុអ្វីបានជាអ្នកនិយាយតាមរបៀបដែលលោកអ្នកធ្វើ? ដោយព្រោះតែនោះគឺជាលក្ខណៈរបស់លោកអ្នក។ ហេតុអ្វីបានជាព្រះជាម្ចាស់មានព្រះបន្ទូលតាមរបៀបដែលទ្រង់ប្រព្រឹត្ត? ដោយព្រោះតែនោះគឺជាលក្ខណៈរបស់ព្រះអង្គ។ នេះមានន័យថា ប្រសិនបើយើងទទួលស្គាល់ ឬបដិសេធភាពច្បាស់លាស់នៃព្រះគម្ពីរ នោះយើងត្រូវតែនិយាយអ្វីមួយអំពីលក្ខណសម្បត្តិរបស់ព្រះជាម្ចាស់ដែរ។
ដូច្នេះ ហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលយ៉ាងច្បាស់នៅក្នុងព្រះបន្ទូលរបស់ព្រះអង្គ? តើភាពច្បាស់លាស់នៃព្រះគម្ពីរបង្រៀនយើងអ្វីខ្លះអំពីព្រះជាម្ចាស់? សម្រាប់ចម្លើយនោះ យើងត្រូវត្រឡប់ទៅចំណុចចាប់ផ្ដើមវិញ។
បង្កើតមក ដើម្បីមានទំនាក់ទំនង
នៅចំណុចចាប់ផ្ដើមនៃការបង្កើតមនុស្សជាតិ យើងអាចមើលឃើញនូវភាពច្បាស់លាស់នៃព្រះបន្ទូលរបស់ព្រះបាន។ ព្រះជាម្ចាស់បានមានបន្ទូលនៅថ្ងៃទីប្រាំមួយនៃការបង្កើតថា៖ «ចូរយើងធ្វើមនុស្សឲ្យដូចជារូបយើង ឲ្យមានភាពដូចយើង» (លោកុប្បត្ដិ ១:២៦)។ តើព្រះជាម្ចាស់កំពុងមានបន្ទូលទៅកាន់អ្នកណា? មិនមែនទៅកាន់សត្វលើដីគោក ឬសត្វក្នុងទឹកនោះទេ។ ព្រះអង្គមានបន្ទូលថា «យើង»។ បើយោងតាមអត្ថបទនោះ អង្គបុគ្គលនៃព្រះត្រៃឯក—ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណ—បានចូលរួមក្នុងការពិភាក្សាដោយមានការពិចារណាយ៉ាងយកព្រះទ័យទុកដាក់ នៅពេលដែលព្រះអង្គបានបង្កើតមនុស្សដំបូង។ ហើយការសម្រេចព្រះទ័យរបស់ព្រះត្រៃឯក គឺបង្កើតមនុស្ស «ឲ្យមានភាពដូចយើង»។ មិនមែនដូចសត្វលើដីគោក និងសត្វក្នុងទឹកនោះទេ មនុស្សត្រូវបានបង្កើតឡើងមកតាមរូបអង្គរបស់ព្រះជាម្ចាស់។
ខណៈដែលមានការជជែកវែកញែកជាច្រើនអំពីសំណួរថា តើព្រះជាម្ចាស់បានរួមបញ្ចូលអ្វីខ្លះឲ្យប្រាកដទៅនៅក្នុងភាព «ដូចជារូបយើង» របស់មនុស្សជាតិ? មានភាពស្របគ្នាមួយយ៉ាងច្បាស់ណាស់ថា៖ ព្រះជាម្ចាស់បានបង្កើតមនុស្សឲ្យដូចជាព្រះអង្គ ដើម្បីឲ្យអាចមានទំនាក់ទំនងបាន។ ក្នុងនាមជាព្រះត្រៃឯក ព្រះជាម្ចាស់ជាព្រះដែលប្រាស្រ័យទាក់ទង។ ព្រះវរបិតាបង្ហាញរូបអង្គទ្រង់យ៉ាងល្អឥតខ្ចោះ នៅក្នុងព្រះរាជបុត្រា (ហេព្រើរ ១:៣)។ ព្រះរាជបុត្រាថ្វាយសិរីល្អប្រកបដោយអំណរក្នុងព្រះវរបិតាអស់កល្បជានិច្ច (យ៉ូហាន ១៧:៥) ហើយព្រះវិញ្ញាណបរិសុទ្ធត្រូវបានចាត់ឲ្យចេញទៅពីព្រះវរបិតា និងព្រះរាជបុត្រាមកអស់កល្បជានិច្ច (យ៉ូហាន ១៥:២៦)។ ព្រះជាម្ចាស់ជាព្រះដែលមានប្រាស្រ័យទាក់ទង ហើយមនុស្សដែលព្រះជាម្ចាស់បានបង្កើតមកក្នុងរូបអង្គរបស់ព្រះអង្គក៏មានការប្រាស្រ័យទាក់ទងគ្នាដែរ។
នៅក្នុងកណ្ឌគម្ពីរ លោកុប្បត្ដិ ២:១៦-១៧ យើងឃើញមានទំនាក់ទំនងដែលបានកត់ត្រាជាលើកដំបូងរវាងព្រះជាម្ចាស់ និងមនុស្ស។ តែនៅថ្ងៃទីប្រាំមួយ បន្ទាប់ពីព្រះជាម្ចាស់បានបង្កើតលោក អ័ដាម ចេញពីធូលីដី (ប៉ុន្តែ មុនពេលដែលព្រះអង្គបានបង្កើតនាង អេវ៉ា ពីឆ្អឹងជំនីររបស់លោក អ័ដាម) នោះព្រះជាម្ចាស់មានបន្ទូលទៅកាន់លោក អ័ដាម ដោយព្រះអង្គបានមានបន្ទូលថា៖ «ឯងនឹងស៊ីផ្លែឈើទាំងអស់ក្នុងសួនច្បារនេះបានតាមចិត្ត តែឯត្រង់ដើមដឹងខុសត្រូវ នោះមិនត្រូវឲ្យឯងស៊ីផលឡើយ ដ្បិតនៅថ្ងៃណាដែលឯងស៊ី នោះនឹងត្រូវស្លាប់ជាមិនខាន»។ ព្រះជាម្ចាស់មិនត្រឹមតែប្រាស្រ័យទាក់ទងគ្នាក្នុងចំណោមព្រះអង្គទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែព្រះអង្គក៏មានបន្ទូលទៅកាន់អ្វីដែលព្រះអង្គបានបង្កើតផងដែរ។ ហើយនៅក្នុងប្រយោគដំបូងនេះដែលព្រះជាម្ចាស់បានមានបន្ទូលទៅកាន់មនុស្ស សូមកត់សម្គាល់ថា ព្រះជាម្ចាស់រំពឹងឲ្យលោក អ័ដាម អាចយល់បាន។ ជីវិតរបស់លោក អ័ដាម អាស្រ័យលើការយល់នោះ! នេះមានន័យថា ព្រះជាម្ចាស់បានបង្កើតមនុស្សឲ្យមានសមត្ថភាពទាំងការស្តាប់ ការយល់ដឹង និងសូម្បីតែការអាចនិយាយដោយប្រើភាសាបានផងដែរ (លោកុប្បត្ដិ ២:២៣)។
ព្រះជាម្ចាស់បានបង្កើតមនុស្សលោក ហើយព្រះអង្គក៏បានប្រទានភាសាដល់ពួកគេដែរ។ ភាសារបស់មនុស្សគឺជាអំណោយទានមកពីព្រះជាម្ចាស់។ ពាក្យ និងប្រយោគមិនមែនជាឧបករណ៍ដែលពូជសត្វស្វាម្យ៉ាង (homo sapiens) វិវត្តន៍ ឬអភិវឌ្ឍវាបន្តិចម្ដងៗអស់រយៈពេលរាប់ពាន់ឆ្នាំនោះទេ។ នៅថ្ងៃកំណើតរបស់មនុស្សជាតិ យើងអាចស្តាប់បាន យើងអាចនិយាយបាន ហើយយើងក៏អាចយល់បានផងដែរ។ ភាសាគឺជាឧបករណ៍ទំនាក់ទំនងមួយដែលព្រះជាម្ចាស់បានប្រទានមកកាន់យើង ដើម្បីឲ្យយើងអាចទូលទៅកាន់ព្រះអង្គ និងនិយាយគ្នាទៅវិញទៅមក ដោយសារយើងត្រូវបានបង្កើតឡើងមកតាមរូបអង្គរបស់ព្រះអង្គ។
ល្អ និងច្បាស់លាស់
ដូចជាអ្វីផ្សេងទៀតដែលព្រះជាម្ចាស់បានបង្កើតមក ភាសាគឺជាអំណោយដ៏ល្អមួយ ពីព្រោះវាត្រូវបានបង្កើតឡើងមកដោយព្រះអាទិករដ៏ល្អ។ បន្ទាប់ពីទ្រង់បានបង្កើតផែនដី និងសមុទ្ររួចហើយ «នោះទ្រង់ក៏ឃើញថាល្អ» (១:១០)។ នៅពេលដែលព្រះអង្គបានបង្កើតរុក្ខជាតិរួចហើយ «ទ្រង់ឃើញថាល្អ» (១:១២)។ ព្រះជាម្ចាស់បានបង្កើតព្រះអាទិត្យ ព្រះចន្ទ និងផ្កាយ (១:១៨) សត្វស្លាប និងត្រី (១:២១) និងសត្វនៅលើដី (១:២៥) ហើយ «ព្រះទ្រង់ទតគ្រប់ទាំងរបស់ដែលទ្រង់បានធ្វើនោះ ក៏ឃើញថា ទាំងអស់ជាការល្អប្រពៃ» (១:៣១) ។ ភាសាដែលជាផ្នែកមួយនៃការបង្កើតនោះក៏ល្អផងដែរ។ សម្រាប់អ្វីដែលព្រះជាម្ចាស់បានបង្កើត ពាក្យថា «ល្អ» មានន័យថា វាដំណើរការតាមរបៀបរបស់វា និងតាមរបៀបដែលព្រះជាម្ចាស់បានរចនាវាឡើង ដើម្បីឲ្យដំណើរការ។ នៅថ្ងៃទីប្រាំមួយនៃការបង្កើត អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់បានបង្កើត (រួមទាំងភាសាផង) គឺល្អ—វាមានដំណើរការយ៉ាងល្អឥតខ្ចោះ ហើយបានលើកតម្កើងព្រះអង្គ តាមរបៀបដែលព្រះអង្គសព្វព្រះហឫទ័យ។ ការបង្កើតរបស់ព្រះជាម្ចាស់ល្អ ដោយព្រោះព្រះអង្គល្អ (ទំនុកតម្កើង ២៥:៨, ៣៤:៨, ១១៩:៦៨) ហើយការបង្កើតទាំងនោះរួមបញ្ចូលទាំងភាសាផងដែរ។
ដូច្នេះ តើវាមានន័យដូចម្ដេចសម្រាប់ភាសា ដើម្បីឲ្យដំណើរការបានល្អ ឬដើម្បីអាចថា «ល្អ» បាន? តើព្រះជាម្ចាស់បានបង្កើតវាសម្រាប់អ្វី? ពិតប្រាកដណាស់គឺ ដើម្បីប្រាស្រ័យទាក់ទងគ្នា! ដើម្បីទទួលយកគំនិតមួយចេញពីគំនិតមួយទៀតរបស់មនុស្សម្នាក់ ហើយបញ្ចូលវាទៅក្នុងគំនិតរបស់មនុស្សម្នាក់ទៀត ឲ្យបានសមស្រប។ ព្រះជាម្ចាស់មិនបានបង្កើតពាក្យទាំងឡាយមក ដើម្បីផ្ទេរចំណេះដឹងសព្វគ្រប់បែបយ៉ាងពីស្ថានសួគ៌មកផែនដីនោះទេ ប៉ុន្តែព្រះអង្គបានប្រទានវាមក ដើម្បីឲ្យលោក អ័ដាម ដឹងថា គាត់អាចបរិភោគពីគ្រប់ដើមឈើបាន លើកលែងតែមួយដើមនោះ។ ព្រះជាម្ចាស់បានបង្កើតវាមក ដើម្បីព្រមាន ត្រួសត្រាយ កម្សាន្តចិត្ត ណែនាំ បំភ្លឺ លូតលាស់ និងបើកសម្ដែង។ កិរិយាសព្ទ នាម ឃ្លា និងកម្មបទផ្ទាល់គឺជាអំណោយខាងវេយ្យាករណ៍ដ៏ល្អពីព្រះជាម្ចាស់ នៅពេលដែលពាក្យទាំងនេះផ្ទេរគំនិតពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានយ៉ាងមានប្រសិទ្ធភាព។
សូមគិតតាមរបៀបនេះ៖ ប្រសិនបើទូរស័ព្ទមួយគ្រឿងបានដំណើរការល្អ នោះលោកអ្នកអាចនិយាយគ្នា និងស្តាប់គ្នាជាមួយនឹងវាបាន។ ប្រសិនបើទូរស័ព្ទនោះមិនល្អ នោះនឹងមានសម្លេងរំខាន ហើយនៅទីបំផុត លោកអ្នកនឹងទុកទូរស័ព្ទនោះចោល ហើយទិញទូរស័ព្ទថ្មីមួយទៀតជាមិនខាន។ ដូចគ្នាផងដែរ ដើម្បីឲ្យភាសាទទួលបានការប្រើប្រាស់យ៉ាងល្អ ភាសានោះត្រូវតែបញ្ជូនសារពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ដែលប្រកបដោយប្រសិទ្ធភាព។
ដូច្នេះ ដើម្បីឲ្យភាសាមានភាពល្អបាន នោះវាត្រូវតែច្បាស់លាស់។ ប្រសិនបើខ្ញុំនិយាយមិនច្បាស់ ក្នុងលក្ខណៈដែលថាគំនិតនៅក្នុងចិត្តរបស់ខ្ញុំមិនអាចចូលទៅក្នុងគំនិតរបស់លោកអ្នកបាន នោះអាចថា ខ្ញុំនិយាយមិនច្បាស់ ឬក៏បោកប្រាស់លោកអ្នកហើយ។ ទោះជាមួយណាក៏ដោយ ក៏វាមិនល្អដែរ ពីព្រោះវាជាដំណើរការប្រឆាំងនឹងការរចនារបស់ព្រះជាម្ចាស់សម្រាប់ភាសា—ពោលគឺការប្រាស្រ័យទាក់ទងដែលច្បាស់លាស់។ ភាសាត្រូវតែច្បាស់ នោះទើបល្អ។ ប្រសិនបើព្រះជាម្ចាស់នឹងប្រើប្រាស់ភាសាឲ្យបានល្អ (យោងទៅតាមការរចនារបស់ព្រះអង្គ) នោះព្រះអង្គត្រូវតែប្រើវាឲ្យបានច្បាស់ដូចគ្នាដែរ។
ព្រះគម្ពីរមានភាពច្បាស់លាស់ ដោយសារព្រះជាម្ចាស់ទ្រង់ល្អ
ដូច្នេះ សូមត្រឡប់ទៅសំណួរដំបូងរបស់យើងវិញ៖ ហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលយ៉ាងច្បាស់លាស់? ដោយយល់យ៉ាងច្បាស់អំពីភាពគួរឲ្យអស់សំណើចនោះ ឥឡូវនេះយើងអាចសួរសំណួរម្យ៉ាងទៀតថា «ហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលល្អដូចនេះ?» តើលោកអ្នកឃើញចម្លើយនៅក្នុងសំណួរនេះទេ? ជាផ្នែកមួយ ព្រះជាម្ចាស់មានបន្ទូលដូចជាលក្ខណៈរបស់ទ្រង់។ ហេតុអ្វីបានជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ល្អ? ដោយព្រោះព្រះជាម្ចាស់ទ្រង់ល្អ។
ខ្ញុំយល់ឃើញថា មូលហេតុដែលព្រះជាម្ចាស់មានបន្ទូលយ៉ាងច្បាស់នៅក្នុងព្រះគម្ពីរ គឺដោយសារតែព្រះជាម្ចាស់ទ្រង់ល្អ។ ភាពល្អរបស់ព្រះអង្គត្រូវបានឆ្លុះបញ្ចាំងឲ្យឃើញនៅក្នុងការបង្កើតរបស់ទ្រង់—ពោលគឺនៅក្នុងពិភពរូបីយ៍ នៅក្នុងមនុស្សជាតិ និងនៅក្នុងភាសា។ ហើយព្រះជាម្ចាស់ប្រើប្រាស់អំណោយដ៏ល្អនៃភាសាដែលព្រះអង្គបានបង្កើត ដើម្បីប្រាស្រ័យទាក់ទងយ៉ាងមានប្រសិទ្ធភាពជាមួយនឹងមនុស្ស ដែលព្រះអង្គបានបង្កើតមកក្នុងរូបអង្គរបស់ទ្រង់។ ព្រះជាម្ចាស់មានបន្ទូលយ៉ាងច្បាស់ទៅកាន់រាស្ដ្ររបស់ទ្រង់ នៅក្នុងគ្រប់ទំព័រនៃព្រះគម្ពីរ (២ធីម៉ូថេ ៣:១៦-១៧)។
និយាយម្យ៉ាងទៀតគឺថា ព្រះគម្ពីរមានភាពច្បាស់លាស់ដោយព្រោះព្រះជាម្ចាស់ទ្រង់ល្អ។
ដើម្បីឲ្យព្រះជាម្ចាស់អាចមានបន្ទូលមិនច្បាស់លាស់បាន នោះលុះត្រាតែព្រះអង្គអសមត្ថភាព ឬមិនស្ម័គ្រព្រះទ័យក្នុងការប្រាស្រ័យទាក់ទង ប៉ុន្តែអត្ថបទព្រះគម្ពីរបានបង្ហាញថា ព្រះអង្គមិនមានលក្ខណៈទាំងពីរនោះទេ។ ព្រះជាម្ចាស់មិនមែនជាអ្នកនិយាយវោហារសាស្ត្រដែលមិនបានទទួលការបណ្ដុះបណ្ដាល ឬជាអ្នកបោកប្រាស់ដោយទុច្ចរិតឡើយ។ ព្រះគម្ពីរមានចែងផ្ទុយពីនេះ៖ ព្រះជាម្ចាស់មានសមត្ថភាព ហើយមានព្រះហឫទ័យនឹងប្រាស្រ័យទាក់ទង តាមរបៀបដែលព្រះអង្គមានបំណងព្រះហឫទ័យ ក្នុងការប្រើប្រាស់អំណោយដ៏ល្អនៃភាសា។ លោកអ្នកអាចជឿជាក់តាមព្រះបន្ទូលរបស់ទ្រង់បាន! ព្រះគម្ពីរមានភាពច្បាស់លាស់ដោយព្រោះព្រះជាម្ចាស់ទ្រង់ល្អ។
ដូច្នេះ រាល់ពេលដែលលោកអ្នកបើកព្រះគម្ពីរអាន ហើយយល់នូវអ្វីដែលព្រះគម្ពីរមានចែង នោះលោកអ្នកកំពុងតែរីករាយនៅក្នុងសេចក្ដីល្អរបស់ព្រះនៃយើង ដែលមានបន្ទូលយ៉ាងច្បាស់លាស់។ ភាពច្បាស់លាស់នៃព្រះបន្ទូលរបស់ព្រះអង្គ គឺជាទីបន្ទាល់មួយអំពីសេចក្តីសប្បុរស និងសេចក្តីស្រឡាញ់របស់ទ្រង់។ ព្រះជាម្ចាស់សព្វព្រះទ័យចង់បង្ហាញអង្គទ្រង់ឲ្យលោកអ្នកស្គាល់! ព្រះអង្គសព្វព្រះទ័យចង់ឲ្យលោកអ្នកយល់ព្រះបន្ទូលរបស់ទ្រង់! ព្រះជាម្ចាស់ទ្រង់ប្រាស្រ័យទាក់ទងនឹងយើងយ៉ាងច្បាស់លាស់ ដោយសារ «ទ្រង់ល្អប្រសើរ ហើយក៏ធ្វើការល្អដែរ» (ទំនុកតម្កើង ១១៩:៦៨)។ សូមសរសើរតម្កើងព្រះអម្ចាស់ ដោយសារព្រះបន្ទូលរបស់ព្រះអង្គច្បាស់លាស់ ពីព្រោះព្រះអង្គល្អខ្លាំងណាស់!
ហើយនៅពេលក្រោយ បើមាននរណាម្នាក់សួរថា តើអ្នកពិតជាអាចយល់ព្រះគម្ពីរបានឬក៏អត់ នោះសូមសួរពួកគេនូវសំណួរដ៏សាមញ្ញនេះវិញថា៖ តើព្រះជាម្ចាស់ទ្រង់ល្អដែរឬទេ? ប្រសិនបើព្រះជាម្ចាស់ទ្រង់ល្អមែន នោះមានន័យថា ព្រះបន្ទូលទ្រង់មុខជាច្បាស់លាស់ហើយ។ ប្រសិនបើព្រះជាម្ចាស់មានបន្ទូលមិនច្បាស់លាស់នៅក្នុងព្រះគម្ពីរ នោះមានន័យថា ព្រះអង្គអាចជាព្រះល្ងីល្ងើ ឬក៏ព្រះបោកបញ្ឆោត—បើទ្រង់អាចមានផ្នែកណាមួយនៃចំណុចទាំងពីរនោះ នោះមានន័យថា ព្រះអង្គមិនអាចល្អបានទេ។ ព្រះគម្ពីរមានភាពច្បាស់លាស់ ដោយព្រោះព្រះជាម្ចាស់ទ្រង់ល្អ ហើយទំនុកចិត្តទាំងអស់របស់យើងស្ថិតនៅលើសេចក្ដីពិតនេះ។
ដូច្នេះ ចូរយើងពិចារណាពាក្យដ៏ល្អៗរបស់សាវ័ក ពេត្រុស ទាំងអស់គ្នា៖
«នោះត្រូវឲ្យសង្វាតរកទឹកដោះសុទ្ធ ខាងឯព្រលឹងវិញ្ញាណវិញ ដូចជាទារកដែលទើបនឹងកើត ដើម្បីឲ្យអ្នករាល់គ្នាបានចម្រើនធំឡើង ដរាបដល់បានសង្គ្រោះ គឺបើអ្នករាល់គ្នាបានភ្លក់ឲ្យដឹងថា ព្រះអម្ចាស់ទ្រង់ល្អមែន» (១ពេត្រុស ២:២-៣)។
អានបន្ថែម ផ្នែកទី១, ផ្នែកទី៣, ផ្នែកទី៤,ផ្នែកទី៥, ផ្នែកទី៦។
មតិយោបល់
Loading…