កាលពីពេលខ្ញុំមានអាយុ ១៨ ឬ១៩ឆ្នាំ ខ្ញុំបានរៀនអានសៀវភៅ។ ខ្ញុំអានវាខ្លាំងមែនទែន។ មុនពេលនោះ ខ្ញុំអានតែបញ្ជីមុខម្ហូបនៅហាង ឬលទ្ធផលបាល់ទាត់នៅលើកញ្ចក់ទូរទស្សន៍ប៉ុណ្ណោះ។ ប៉ុន្តែ បន្ទាប់មកខ្ញុំបានអានសៀវភៅមួយក្បាលនេះ ហើយខ្ញុំចាប់ផ្ដើមចូលចិត្តវាខ្លាំងមែនទែន។ ខ្ញុំបានចាប់ផ្ដើមគិតថា ការអានគឺជាការសប្បាយ ហើយខ្ញុំផ្ដល់គុណតម្លៃលើការអានចាប់ពីពេលនោះមក។
មានមនុស្សម្នាក់បានឲ្យកាដូជាកូនសៀវភៅមួយក្បាលដែលបានសរសេរដោយបុរសដ៏ឆ្លាតវៃម្នាក់ដែលមានឈ្មោះថា ចន អូវិន (John Owen) (ដែលគាត់ត្រូវបានគេស្គាល់ថា ជាម្នាក់ដែលពាក់ស្បែកជើងស្បែកកវែង ហើយប្រើចាហួយលាបសក់ច្រើនបន្តិច)។ ខ្ញុំបានអានវាចប់យ៉ាងឆាប់រហ័ស។ បន្ទាប់ពីនោះមក ខ្ញុំបានទៅបណ្ណាគារគ្រីស្ទបរិស័ទនៅក្នុងតំបន់មួយកន្លែងដើម្បីមើលថា តើមានសៀវភៅផ្សេងទៀតដែលបានសរសេរដោយអ្នកនិពន្ធម្នាក់ហ្នឹងដែរឬទេ។ ខ្ញុំរកឃើញសៀវភៅមួយក្បាលដែលមានចំណងជើងថា «សេចក្ដីស្លាប់នៃការស្លាប់នៅក្នុងការសុគតរបស់ព្រះគ្រីស្ទ» (The Death of Death in the Death of Christ)។ ដូច្នេះ ខ្ញុំបានទិញវា ហើយយកមកផ្ទះ។
នៅទំព័រដំបូងគេ ខ្ញុំបានអាន៖
ជូនចំពោះអ្នកអាន—ប្រសិនបើលោកអ្នកមានបំណងបន្តអាន (មិនមែនគ្រាន់តែចាប់ផ្ដើមអាន—ពាក្យចាស់ៗគឺជាពាក្យពិបាក) ខ្ញុំសូមអង្វរលោកអ្នកឲ្យឈប់នៅត្រង់នេះបន្តិច។ ប្រសិនបើលោកអ្នក ដូចមានមនុស្សជាច្រើននៅក្នុងសម័យកាលនៃមនុស្សមានពុតនេះ—ជាសញ្ញា ឬជាអ្នកសម្លឹងមើលចំណងជើង ហើយចូលមកក្នុងសៀវភៅដូចជា កេតូ (Cato) ចូលមកក្នុងរោងកុន ហើយចេញទៅវិញ—នោះលោកអ្នកមានការកម្សាន្តត្រឹមនេះ សូមលាហើយ។
សូមឲ្យខ្ញុំបានបកស្រាយប្រយោគនេះ៖ «ប្រសិនបើយើងវាស់កម្រិតមនុស្សភ្លីភ្លើដល់កម្រិតបណ្ឌិត ហើយបើអ្នកជាមនុស្សភ្លីភ្លើ ចូរដាក់សៀវភៅចុះថ្នមៗ ហើយដើរចេញទៅ»។ មួយទំព័រ មួយប្រយោគ មួយបន្ទាត់ ហើយប្រាប់ខ្ញុំថា «នោះលោកអ្នកមានការកម្សាន្តបែបនេះ សូមលាហើយ»។ ខ្ញុំបានឮសម្លេងរបស់លោក អូវិន កំពុងចំអកខ្ញុំអស់ជាច្រើនសតវត្សដោយបានលើកឡើងថា អែនឌី ចូរបោះបង់ទៅ—នៅក្នុងសៀវភៅនេះមិនមានរូបភាពនោះទេ វាពិបាកខ្លាំងពេកសម្រាប់អ្នកហើយ ហើយវាក៏លើសពីអ្វីដែលឯងយល់បានដែរ ទៅមើលទូរទស្សន៍វិញទៅ។ ដូច្នេះ ខ្ញុំក៏បានបិទសៀវភៅ ហើយមិនបានអានវាតាំងពីពេលនោះមក។
នេះជាសំណួររបស់ខ្ញុំ៖ តើវាជាការពិតដូចគ្នាសម្រាប់ព្រះគម្ពីរដែរឬទេ? តើព្រះគម្ពីរគឺសម្រាប់តែសាស្ត្រាចារ្យ អ្នកវិទ្យាសាស្ត្រដែលស្រាវជ្រាវអំពីផែនដី ឬភពដទៃ អ្នករៀនថ្នាក់ខ្ពស់ៗ ឬសម្រាប់តែបុគ្គលដែលមានចំណេះដឹង និងមានការចាប់អារម្មណ៍តែប៉ុណ្ណោះឬ? តើព្រះគម្ពីរសម្រាប់តែលោកគ្រូ ចន អូវិន ហើយមិនមែនសម្រាប់អ្នកផ្ដើមមែនឬ? តើព្រះគម្ពីរប្រើសម្រាប់តែគ្រូអធិប្បាយ ហើយមិនមែនសម្រាប់សមាជិកក្នុងក្រុមជំនុំទេ? តើវាសម្រាប់តែអ្នកមានជីវភាពមធ្យមឬយ៉ាងណា? តើវាអាចសម្រាប់គម្រោងនៅក្នុងសង្កាត់របស់ខ្ញុំ ឬសម្រាប់តំបន់សំណង់អនាធិបតេយ្យដែរឬទេ? តើព្រះគម្ពីរពិបាកយល់ខ្លាំងពេក? តើព្រះគម្ពីរលើសពីសមត្ថភាពសម្រាប់មនុស្សធម្មតា ហើយសម្រាប់តែអស់អ្នកដែលបានជ្រើសរើសតែពីរទៅបីនាក់ឬយ៉ាងណា?
ព្រះបន្ទូលនៃជីវិត
ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលបានដកស្រង់ចេញពីកណ្ឌគម្ពីរ ចោទិយកថា ៣០:១៤ «គឺព្រះបន្ទូលនេះនៅជិតឯងណាស់…»
កណ្ឌគម្ពីរ ចោទិយកថា នេះ លោក ម៉ូសេ ឈរជំនួសឲ្យប្រជារាស្ត្ររបស់ព្រះជាម្ចាស់ ដោយដកដង្ហើមធំនៅចុងបញ្ចប់នៃសេចក្ដីអធិប្បាយដ៏ធំៗចំនួនបី។ មិនបាច់សង្ស័យទេ ដែលបណ្ដាជនរងទុក្ខដោយចេញពីការអធិប្បាយដ៏លើសកម្រិត។ ប៉ុន្តែ សូមកត់សម្គាល់ថា លោក ម៉ូសេ បានបញ្ចប់សេចក្ដីអធិប្បាយរបស់គាត់ក្នុងចំណុចដ៏ខ្ពស់បំផុតដែលមានចំណុចអវិជ្ជមានចំនួន៤នៅក្នុងកណ្ឌគម្ពីរ ចោទិយកថា ៣០:១១-១៤។ ព្រះបន្ទូលនៃជីវិតគឺ៖
- មិនមែនហួសកម្លាំងឯងទេ
- ក៏មិនមែននៅឆ្ងាយដែរ
- មិនមែននៅលើស្ថានសួគ៌
- ក៏មិនមែននៅត្រើយសមុទ្រឯនាយដែរ
ព្រះជាម្ចាស់មានព្រះបន្ទូលថា ព្រះបន្ទូលរបស់ទ្រង់មិនពិបាកខ្លាំងពេកសម្រាប់លោកអ្នកនោះទេ។ ព្រះបន្ទូលទ្រង់មិនមែនមិនអាចចូលដល់បាន មិនមែនមិនស្រួលអនុវត្ត មិនមែនមិនអាចយល់បាន ហើយព្រះបន្ទូលទ្រង់មិនមានសម្រាប់តែអ្នកដែលសិក្សាស្រាវជ្រាវ ឬសម្រាប់តែគ្រូគង្វាលនោះដែរ។ ដើម្បីស្គាល់ពីព្រះ និងយល់ព្រះបន្ទូលទ្រង់ លោកអ្នកមិនចាំបាច់ត្រូវតែក្លាយជាម្នាក់ដែលមានវិញ្ញាណបែបលើសពីធម្មជាតិនោះទេ។ អត្ថន័យនៃព្រះបន្ទូលទ្រង់ភាគច្រើនមិនត្រូវបានលាក់កំបាំងនោះទេ ហើយត្រូវបានរកឃើញអត្ថន័យមួយចំនួននោះតែសម្រាប់អស់អ្នកដែលឆ្លាតខ្លាំង ឬអស់អ្នកដែលបានអានសៀវភៅអស់រាប់រយក្បាលនោះទេ។
លោក ម៉ូសេ បានមានប្រសាសន៍នៅក្នុងជំពូក ៣០:១៤ ថា៖ «គឺព្រះបន្ទូលនេះនៅជិតឯងណាស់»។ ឃ្លាមួយនេះគឺមានន័យយ៉ាងសាមញ្ញដូចដែលវាបានសង្ខេបរួចហើយ។ ព្រះបន្ទូលរបស់ព្រះគឺមានភាពច្បាស់លាស់ ដោយសារតែទ្រង់បានយកវាមកដាក់នៅជិតនឹងយើងហើយ។ ជិតល្មមគ្រប់គ្រាន់ដែលអាចមើលឃើញ ជិតល្មមគ្រប់គ្រាន់ដែលអាចស្ដាប់ឮ ជិតល្មមគ្រប់គ្រាន់ដែលអាចប៉ះពាល់បាន ហើយក៏ជិតល្មមគ្រប់គ្រាន់ដែលអាចស្គាល់បានផងដែរ។ «ក៏នៅក្នុងមាត់ឯង នឹងក្នុងចិត្តឯងផង»។
នេះមិនមែនជាលើកដំបូងទេនៅក្នុងកណ្ឌគម្ពីរ ចោទិយកថា យើងបានឃើញភាសាដែលបានប្រើលើពាក្យ «ភាពនៅជិត»។ បើត្រឡប់ក្រោយនៅក្នុងកណ្ឌគម្ពីរ ចោទិយកថា ៤:៥-៨ យើងអាចអានបាន៖
- «មើល អញបានបង្រៀនច្បាប់ ហើយនឹងបញ្ញត្តដល់ឯងរាល់គ្នា តាមដែលព្រះយេហូវ៉ាជាព្រះនៃ អញបានបង្គាប់មក ដើម្បីឲ្យឯងបានប្រព្រឹត្តតាម នៅក្នុងស្រុកដែលឯងត្រូវចូលទៅទទួលយក ដូច្នេះចូរឲ្យឯងរាល់គ្នាកាន់ ហើយប្រព្រឹត្តតាមចុះ ដ្បិតនេះនឹងបានជាប្រាជ្ញា ហើយជាយោបល់ ដល់ឯងរាល់គ្នា នៅភ្នែកនៃអស់ទាំងសាសន៍ ដែលនឹងឮថ្លែងពីបញ្ញត្តច្បាប់ទាំងប៉ុន្មាននេះ ហើយ គេនឹងនិយាយថា ប្រាកដជាសាសន៍នេះមានប្រាជ្ញា នឹងយោបល់ពិត ដ្បិតតើមានសាសន៍ដ៏ធំណា មួយ ដែលមានព្រះគង់នៅជិតគេ ដូចជាព្រះយេហូវ៉ាជាព្រះនៃយើង ទ្រង់គង់នៅជិត ក្នុងកាល ដែលយើងអំពាវនាវរកទ្រង់នោះ? ហើយតើមានសាសន៍ដ៏ធំណាមួយ ដែលមានច្បាប់ និងបញ្ញត្តិដ៏ ត្រឹមត្រូវ ឲ្យដូចជាក្រឹត្យវិន័យនេះ ដែលអញដាក់នៅមុខឯងរាល់គ្នានៅថ្ងៃនេះដូច្នេះ?»។
ការនៅជិតរបស់ព្រះជាម្ចាស់បង្ហាញពីភាពអស្ចារ្យ និងព្រះគុណរបស់ទ្រង់។ ព្រះដ៏គ្មានព្រំដែន បានធ្វើឲ្យមនុស្សដែលមានដែនកំណត់ឲ្យអាចស្គាល់ពីអង្គទ្រង់ផ្ទាល់បាន។ ព្រះដែលមានគ្រប់ទាំងព្រះប្រាជ្ញាញាណបានប្រទានក្រឹត្យវិន័យដ៏ល្អដល់មនុស្សល្ងង់ខ្លៅដូចជាយើង។ ព្រះនៃចក្រវាលទាំងមូលបានត្រឡប់មកជាមនុស្សតូចទាប និងមិនសំខាន់នៅក្នុងភាពច្រណែននៃគ្រប់ទាំងជាតិសាសន៍។ ព្រះដ៏បរិសុទ្ធបានយាងមកជិតមនុស្សដែលពេញដោយបាប។
បរិបទនៃកណ្ឌគម្ពីរចោទិយកថាបានបង្ហាញថា លោក ម៉ូសេ បានដឹងថាបណ្ដាជននឹងបរាជ័យ។ ជាការពិត ការនេះត្រូវបានដឹងជាមុនរួចស្រេចទៅហើយថា មិនមែនដោយសារពួកគេមិនយល់ពីក្រឹត្យវិន័យព្រះទេ ប៉ុន្តែដោយសារពួកគេមិនបានស្ដាប់បង្គាប់។ ដូចជាការដឹងជាមុនរួចមកហើយមែន បរិបទនេះក៏បានបង្ហាញអំពីការបង្កើតសេចក្ដីសន្យាមួយផងដែរ។ កណ្ឌគម្ពីរ ចោទិយកថា ៣០:៦ បានចែងថា «ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងកាត់ស្បែកចិត្តរបស់ឯង ហើយនិងចិត្តរបស់ពូជឯងផង ឲ្យបានស្រឡាញ់ដល់ព្រះយេហូវ៉ាជាព្រះនៃឯង ឲ្យអស់ពីចិត្ត អស់ពីព្រលឹង ដើម្បីឲ្យឯងបានរស់នៅ»។ ការឆ្លើយតបដ៏ត្រឹមត្រូវទៅកាន់បញ្ញត្តិរបស់ព្រះ គឺមិនមែនដូចជាមនុស្សខ្លាំងណាមួយដែលស្ដាប់បង្គាប់នោះទេ។ ផ្ទុយទៅវិញ យើងបានជីវិតដោយការទុកចិត្តលើសេចក្ដីសន្យារបស់ព្រះសម្រាប់អនាគត។ ការជ្រើសរើសជីវិតគឺជាការទុកចិត្តថា ព្រះបានយាងមកជិតនៅក្នុងសេចក្ដីសន្យារបស់ទ្រង់រួចហើយ។
ព្រះបន្ទូលរបស់ព្រះគ្រីស្ទ
ខណៈដែលបើកទំព័រនៃព្រះគម្ពីរចូលសាច់រឿងផ្សេងៗទៀត អស់រយៈពេលជាច្រើនឆ្នាំនៃប្រវត្តិសាស្ត្រនៃសេចក្ដីសង្គ្រោះ ហើយលោកអ្នកនឹងឃើញពីការបំពេញសេចក្ដីសន្យានោះនៅក្នុងកណ្ឌគម្ពីរ រ៉ូម ជំពូក១០។ សាវ័ក ប៉ុល បានប្រើប្រាស់ពាក្យភ្ជាប់គ្នានៅក្នុងភាសាមួយដែលស្រដៀងគ្នានឹងអ្វីដែលលោក ម៉ូសេ បានលើកឡើងដែរ គ្រាន់តែមានភាពរីកចម្រើនជាងមុន។ ចេញពីភាពច្បាស់លាស់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ គាត់បានឈានទៅរកភាពច្បាស់លាស់របស់ព្រះគ្រីស្ទ និងសេចក្ដីសង្គ្រោះរបស់ទ្រង់ផងដែរ។ សាវ័ក ប៉ុល បានប្រើសម្រង់សម្ដីដែលបានដកស្រង់ចេញពីកណ្ឌគម្ពីរ ចោទិយកថា ជំពូក៣០ ដើម្បីបង្ហាញពីដំណឹងល្អ។ ដូចជាការមានបញ្ញត្តិនៅក្នុងមាត់ និងការដឹងក្នុងចិត្ត គឺមិនមែនសម្រាប់មនុស្សអច្ឆរិយនៅក្នុងកណ្ឌគម្ពីរ ចោទិយកថា ៣០ ប៉ុណ្ណោះទេ ហើយសេចក្ដីសង្គ្រោះក៏មិនមែនសម្រាប់អស់អ្នកមានសមត្ថភាពអច្ឆរិយនៅកណ្ឌគម្ពីរ រ៉ូម ជំពូក១០ ដែរ។
យើងឃើញភាពអស្ចារ្យ និងព្រះគុណព្រះជាម្ចាស់នៅក្នុងព្រះបន្ទូល ដោយសារក្នុងព្រះបន្ទូលព្រះអង្គ យើងឃើញព្រះបន្ទូលសន្យារបស់ព្រះអង្គបានសម្រេចឡើង។ កណ្ឌគម្ពីរ រ៉ូម ១០ យើងឃើញថា កាមេរ៉ាបានផ្ដោតចាប់យករូបភាពដ៏ច្បាស់ដោយស្វ័យប្រវត្តិលើព្រះយេស៊ូវ។ លោកអ្នកមិនចាំបាច់ត្រូវទៅស្ថានសួគ៌ ដើម្បីស្គាល់ព្រះនោះទេ ដោយព្រះអង្គបានយាងចុះមកផែនដីក្នុងភាពជាមនុស្ស ក្នុងនាមជាព្រះរាជបុត្រាព្រះរួចហើយ។ នោះគឺជាភាពនៅជិតដែលព្រះអង្គបានយាងមក។ លោកអ្នកមិនចាំបាច់ចុះទៅក្នុងទីជម្រៅនៃសេចក្ដីស្លាប់ ដើម្បីទទួលបានសេចក្ដីសង្គ្រោះនោះទេ ពីព្រោះតាមរយៈព្រះយេស៊ូវ ព្រះជាម្ចាស់បានទៅក្នុងផ្នូរ ដើម្បីប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញរួចហើយ។ នេះគឺជាភាពច្បាស់លាស់ដែលព្រះអង្គបានប្រទានឲ្យ។
ចំណុចសំខាន់របស់ សាវ័ក ប៉ុល គឺថាសេចក្ដីសង្គ្រោះមិនមែនទទួលបានតាមរយៈការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការកាន់តាមក្រឹត្យវិន័យនោះទេ។ ការនោះគឺវាពិបាកខ្លាំងពេកសម្រាប់យើង។ ផ្ទុយទៅវិញ យើងអាចរកបាននៅក្នុងព្រះគុណរបស់ព្រះអង្គ។ យើងមិនមែនជាមនុស្សអច្ឆរិយនោះទេ—ហើយយើងក៏មិនចាំបាច់ត្រូវធ្វើបែបនោះដែរ។ ព្រះជាម្ចាស់បានយាងមកជិតយើងក្នុងព្រះដែលមានភាពជាមនុស្ស គឺព្រះយេស៊ូវដែលជាព្រះអម្ចាស់រួចហើយ។ ព្រះយេស៊ូវនេះឯង ដែលបានស្ដាប់បង្គាប់ព្រះជាម្ចាស់នៅពេលដែលលោកអ្នកមិនបានស្ដាប់បង្គាប់ ទ្រង់បានសុគតដោយសារបណ្ដាសាដែលយើងមិនបានស្ដាប់បង្គាប់ ដើម្បីឲ្យយើងបានរស់នៅក្នុងព្រះពរនៃការស្ដាប់បង្គាប់របស់ទ្រង់។ នៅក្នុងទ្រង់ សេចក្ដីសង្គ្រោះត្រូវបាននាំមកជិតហើយ យើងអាចទៅដល់បាន ហើយយើងអាចចូលបានទាំងអស់ដោយមិនមានអ្វីខុសប្លែកឡើយ។ សារៈសំខាន់នៃភាពច្បាស់លាស់នៃបទគម្ពីរ គឺជាភាពច្បាស់លាស់របស់ព្រះសង្គ្រោះរបស់យើង។ សិរីល្អនៃភាពច្បាស់លាស់នៅក្នុងបទគម្ពីរគឺជាការនៅជិតព្រះអង្គសង្គ្រោះ។
មូលហេតុដែលការនេះសំខាន់
ហេតុអ្វីបានជាគោលលទ្ធិនេះសំខាន់នៅក្នុងព័ន្ធកិច្ច? មនុស្សនៅក្នុងសហគមន៍របស់លោកអ្នកភាគច្រើន ប្រហែលជាបានអានច្រើនជាងលោកអ្នក ឬខ្ញុំផង។ ប៉ុន្តែក៏មានមនុស្សមួយចំនួនមិនចេះអក្សរ។ សូមដឹងពីចំណុចនេះថា យើងមិនអាចគេចផុតពីសេចក្ដីពិតដែល ព្រះជាម្ចាស់បានបើកសម្ដែងអង្គទ្រង់ផ្ទាល់—ភាពឥតខ្ចោះ ហើយចុងបញ្ចប់—នៅក្នុងព្រះគម្ពីរនោះទេ។
ដូច្នេះ ខណៈពេលដែលយើងចូលរួមជាមួយអ្នកណាដែលមានបទពិសោធន៍ ឬបំណងប្រាថ្នាក្នុងការអានតិចតួច គឺអស់អ្នកដែលមិនមានបទពិសោធន៍ ឬបំណងប្រាថ្នាក្នុងការអានព្រះគម្ពីរ នោះយើងអាចមានទំនុកចិត្តយ៉ាងប្រាកដថា នៅពេលដែលយើងចាប់ផ្ដើមបើកទំព័រឡើង ព្រះជាម្ចាស់នឹងគង់នៅជិត ហើយគេនឹងឃើញពីព្រះយេស៊ូវយ៉ាងច្បាស់។ ជាការពិតណាស់ នឹងមានចំណុចដែលពួកគេ និងយើង—មិនបានយល់គ្រប់យ៉ាង។ ការលន់តួនៃគោលជំនឿ វេសមីនស្ទើរ (The Westminster Confession) បានលើកឡើងថា «អ្វីៗទាំងអស់នៅក្នុងបទគម្ពីរគឺមិនដូចគ្នានោះទេ» ការនោះយើងអាចនិយាយថា មានចំណុចខ្លះពិបាកយល់ជាងចំណុចផ្សេងទៀត។ សាវ័ក ពេត្រុស ថែមទាំងបានទទួលស្គាល់ថា សំណេររបស់សាវ័ក ប៉ុល ជាច្រើនមានភាពពិបាកយល់ ប៉ុន្តែមិនមែនយើងមិនអាចយល់បាននោះឡើយ ហើយក៏មិនមែនលើសពីអ្វីដែលយើងអាចឈោងចាប់បានដែរ។
ដូច្នេះ ព័ន្ធកិច្ចរបស់យើងគឺ ព័ន្ធកិច្ចនៃព្រះបន្ទូល។ ហេតុនេះហើយ កិច្ចការរបស់យើងគឺផ្សាយ និងប្រកាសព្រះបន្ទូលព្រះជាម្ចាស់ ដើម្បីទ្រង់ ដោយសារព្រះវិញ្ញាណបរិសុទ្ធ នឹងបណ្ដាលឲ្យភ្នែកដែលខ្វាក់អាចមើលឃើញខណៈដែលភ្នែកបានមើលឃើញ ហើយឲ្យស្រកាបកចេញពីភ្នែកនៃអស់អ្នកស្ដាប់។
មតិយោបល់
Loading…