កូនប្រុសខ្ញុំមានបញ្ហាម្ដងទៀតហើយ។
ដើមឡើយ នោះជាថ្ងៃមួយដ៏ល្អ ប៉ុន្តែក្រោយមកក៏មានបញ្ហាកើតឡើង។ ពេលនោះ គាត់កំពុងរត់លេងជាមួយបងស្រីរបស់គាត់នៅក្នុងផ្ទះ ប៉ុន្តែបងស្រីរបស់គាត់មិនសូវរត់លឿនដូចគាត់ទេ ហើយដោយសារបងស្រីរបស់គាត់នៅពីមុខគាត់ គាត់ក៏រត់បុកបងស្រី រួចបងស្រីក៏យំ។ ខ្ញុំបានស្រែកដាក់គាត់ ហើយដេញគាត់ឲ្យទៅក្នុងបន្ទប់របស់គាត់។
ក្រោយពីខ្ញុំដឹងខ្លួនថាបានធ្វើខុសចំពោះគាត់ ដោយការស្រែកដាក់គាត់ចេញពីកំហឹងរបស់ខ្ញុំហើយនោះ ខ្ញុំក៏ទៅរកគាត់នៅក្នុងបន្ទប់របស់គាត់។ ពេលខ្ញុំចូលទៅដល់ ខ្ញុំបានឃើញគាត់កំពុងដេកផ្កាប់មុខយំ ហើយគាត់បាននិយាយថា «ខ្ញុំពិតជាមនុស្សល្ងីល្ងើណាស់ ខ្ញុំមិនដែលសម្រេចចិត្តឲ្យបានត្រឹមត្រូវសោះ គឺខ្ញុំតែងតែធ្វើខុស។ បងស្រីរបស់ខ្ញុំតែងតែធ្វើល្អចំពោះខ្ញុំ តែខ្ញុំតែងតែធ្វើឲ្យគាត់ឈឺចាប់។ ប៉ុន្តែ ខ្ញុំមិនអាចជួយខ្លួនឯងបានសោះ។»
ខ្ញុំគិតថា រឿងបែបនេះមិនមែនគ្រាន់តែកើតមានឡើងនៅក្នុងគ្រួសាររបស់ខ្ញុំតែប៉ុណ្ណោះទេ។ កូនប្រុសរបស់ខ្ញុំបានមើលងាយខ្លួនឯងយ៉ាងខ្លាំង ប៉ុន្តែព្រះគុណរបស់ព្រះជាម្ចាស់មានកម្រិតខ្លាំងណាស់នៅក្នុងកាលៈទេសៈបែបនេះ។
ការចោលឱកាស
នៅពេលនោះ ខ្ញុំត្រូវតែធ្វើការសម្រេចចិត្ត។ ជម្រើសទី១ ខ្ញុំអាចប្រាប់គាត់ថា «កូនគ្រាន់តែត្រូវព្យាយាមឲ្យខ្លាំងជាងមុន នោះកូននឹងធ្វើបានយ៉ាងល្អជាមិនខាន» ឬក៏ជម្រើសទី២ គឺខ្ញុំអាចប្រាប់គាត់ថា «កូនពិតជាមិនអាចជួយខ្លួនឯងបានឡើយ»។
ក្នុងនាមជាគ្រីស្ទបរិស័ទ យើងជឿថា យើងមានបាបតាំងពីកំណើតមកម៉្លេះ គឺបាបដែលជាមរតកពីជីដូនជីតារបស់យើង។ និស្ស័យបាបរបស់យើងបានបង្ខូចភាពដូចជារូបអង្គនៃព្រះ ប៉ុន្តែមិនបានបំផ្លាញទាំងស្រុងឡើយ។ យើងតែងតែចង់បានសិរីល្អ ជាជាងថ្វាយសិរីល្អដល់ព្រះ ហើយយើងតែងតែចង់ធ្វើជាអ្នកគ្រប់គ្រង ជាជាងធ្វើជាអ្នកបម្រើ។ យើងតែងតែចង់បានភាពអរសប្បាយ ជាជាងលះបង់[ដើម្បីប្រយោជន៍អ្នកដទៃ] ហើយយើងក៏តែងតែស្ដាប់ខ្លួនឯង ជាជាងស្ដាប់តាមព្រះដែរ។
កាលៈទេសៈដែលកូនខ្ញុំ និងខ្ញុំកំពុងជួបប្រទះ គឺជាឱកាសមួយដែលខ្ញុំអាចបង្រៀនកូនខ្ញុំថា គាត់ជាមនុស្សមានបាប។ គាត់បានធ្វើបាបទាស់នឹងបងស្រីរបស់គាត់ ព្រោះគាត់បានរត់បុកបងស្រីរបស់គាត់ឲ្យដួល។ គាត់បានធ្វើបាបទាស់នឹងឪពុកម្ដាយ ព្រោះមិនបានស្ដាប់តាមការណែនាំដែលឪពុកម្ដាយបានប្រាប់ថា កុំឲ្យរត់លេងលឿនៗពេក។ គាត់បានធ្វើបាបទាស់នឹងព្រះជាម្ចាស់ ព្រោះគាត់បានគិតពីខ្លួនឯងជាមុន ជាជាងគិតអំពីព្រះ។
អ្វីៗដែលបានកើតឡើងនៅថ្ងៃនេះ មិនមែនជារឿងខូចខាតធ្ងន់ធ្ងរអ្វីនោះទេ ព្រោះទោះបីជាគាត់បានរត់បុកធ្វើឲ្យបងស្រីរបស់គាត់ដួលក៏ដោយ ក៏បងស្រីរបស់គាត់មិនមានគ្រោះថ្នាក់អ្វីដែរ។ ប៉ុន្តែ នោះមិនមែនជាចំណុចសំខាន់ដែលខ្ញុំចង់និយាយទេ។ ចំណុចសំខាន់នោះគឺ និស្ស័យបាបតែងតែទាមទារឲ្យយើងគិតពី «ខ្លួនឯងជាមុន»។ ហើយនោះឯងជាអ្វីដែលគាត់បានធ្វើ។
នៅពេលដែលយើងកំពុងនិយាយអំពីអំពើបាបរបស់គាត់ ខ្ញុំបានរំឭកគាត់អំពីដំណឹងល្អដែលថា ព្រះជាម្ចាស់បានចាត់ព្រះរាជបុត្រារបស់ទ្រង់ឲ្យមកសុគតលើឈើឆ្កាង ដើម្បីឲ្យយើងអាចទទួលបានការអត់ទោស។ ដោយសារយើងបានទទួលការអត់ទោស ដូច្នេះយើងគួរតែរស់នៅឲ្យខុសពីមុន ប៉ុន្តែមិនមែនរស់នៅសម្រាប់ឲ្យទ្រង់ទទួលយកយើងនោះទេ គឺរស់នៅដោយសារទ្រង់បានទទួលយកយើងវិញ។ យើងបដិសេធខ្លួនឯង ហើយទទួលយកព្រះជាម្ចាស់ ព្រោះទ្រង់ស្រឡាញ់យើង និងកំពុងធ្វើឲ្យយើងកាន់តែមានលក្ខណៈដូចជារូបអង្គនៃទ្រង់ ហើយនៅពេលដែលយើងកាន់តែមានលក្ខណៈដូចជារូបអង្គនៃព្រះគ្រីស្ទ នោះយើង និងផែនដីនេះគឺគ្រាន់តែបង្ហាញពីការអស្ចារ្យរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ។
ប្រសិនបើខ្ញុំមិនព្រមប្រាប់កូនៗខ្ញុំថា ពួកគាត់ជាមនុស្សមានបាប នោះមានន័យថា ខ្ញុំបានបោះបង់ចោលឱកាសក្នុងការបង្ហាញពីព្រះគុណនៃដំណឹងល្អហើយ។
និស្ស័យទាស់នឹងព្រះគុណ
ក្នុងនាមជាគ្រូគង្វាលសម្រាប់ក្រុមមនុស្សវ័យក្មេង ក្ដីបារម្ភមួយរបស់ខ្ញុំគឺអំពីសេចក្ដីសង្គ្រោះរបស់ពួកគេ ដែលចូលព្រះវិហារតាំងពីខ្លួននៅតូច ព្រោះពួកគេជាច្រើនមាននិស្ស័យទាស់នឹងដំណឹងល្អ ដោយសារហេតុផលពីរយ៉ាង៖ ១) ភាពយុត្តិធម៌របស់ខ្លួន ២) ការដែលពួកគេស្គាល់ព្រះគម្ពីរ។ នៅពេលដែលយើងគិតថា យើងមិនចាំបាច់លន់តួបាប និងប្រែចិត្តដោយផ្ទាល់ ដោយសារគិតថាខ្លួនមិនមែនជាមនុស្សមានបាប នោះមានន័យថាយើងបានបោះបង់សេចក្ដីល្អនៃដំណឹងល្អចោល និងបានគិតថាដំណឹងល្អគឺសម្រាប់តែអ្នកដទៃប៉ុណ្ណោះ។
ក្នុងនាមជាឪពុកម្ដាយ យើងមិនអាចសាងសង់នៅលើមូលដ្ឋានដែលគ្មានគ្រឹះបានឡើយ។ នៅពេលដែលយើងលន់តួបាបរបស់ខ្លួនចំពោះកូនៗ នោះមានន័យថា យើងកំពុងទទួលស្គាល់ថា កូនៗរបស់យើងដឹងនូវអ្វីដែលពួកគេដឹង នោះគឺ៖ ឪពុកម្ដាយយើងជាអ្នកមានបាប ហើយពួកគាត់ត្រូវការព្រះយេស៊ូវយ៉ាងខ្លាំង។ ប្រសិនបើឪពុកម្ដាយមិនព្រមធ្វើជាគំរូក្នុងការលន់តួបាបទេ នោះមានន័យថាយើងកំពុងតែធ្វើជាគំរូដល់ពួកគេថា ខ្លួនយើងជាមនុស្សយុត្តិធម៌ហើយ ក៏បង្ហាញថាយើងពឹងលើការល្អរបស់ខ្លួនដោយមិនឲ្យកិត្តិយសដល់ព្រះវិញ្ញាណបរិសុទ្ធដ៏ជាព្រះដែលបានញែកយើងជាបរិសុទ្ធដែរ។
នៅពេលដែលយើងមិនបង្រៀនកូនៗរបស់យើងអំពីអំពើបាប នោះមានន័យថាយើងកំពុងតែធ្វើឲ្យពួកគាត់មានការពិបាកក្នុងការក្លាយជាគ្រីស្ទបរិស័ទហើយ។ ប្រសិនបើពួកគេមិនដឹងពីពិរុទ្ធភាពរបស់ខ្លួនទេ នោះពួកគេនឹងមិនលន់តួបាបរបស់ខ្លួន ឬក៏ប្រកាសថាខ្លួនជាអ្នកជឿឡើយ។ ប៉ុន្តែ នៅពេលដែលយើងបង្រៀនពួកគេអំពីនិស្ស័យបាបរបស់ពួកគេ នោះពួកគេនឹងមានការត្រៀមខ្លួនក្នុងការអធិស្ឋានសូមព្រះជាម្ចាស់ឲ្យប្រទានកម្លាំងដល់ពួកគេក្នុងការតយុទ្ធនឹងសេចក្ដីល្បួង។
ចូរបង្រៀនអំពីដំណឹងល្អដល់ពួកគេ
ប្រសិនបើយើងចង់ឲ្យកូនៗរបស់យើងស្គាល់ព្រះគ្រីស្ទ និងស្រឡាញ់ទ្រង់ ដាច់ខាតគឺយើងត្រូវតែប្រាប់ពួកគេអំពីសេចក្ដីពិតដែលទាក់ទងនឹងពួកគេ។ ព្រះជាម្ចាស់បានបង្កើតពួកគេមកឲ្យមានលក្ខណៈដូចជារូបអង្គនៃទ្រង់ ប៉ុន្តែអំពើបាបបានឃុំឃាំងពួកគេ។ ចូរចាំថា៖ ដំណឹងល្អនៅក្នុងព្រះគម្ពីរពិតជាដំណឹងដ៏ល្អមែន។ ចូរប្រកាសអំពីអំណាចរបស់ព្រះជាម្ចាស់ចំពោះសេចក្ដីសង្គ្រោះ។ ចូរបង្ហាញពួកគេឲ្យឃើញពីសេចក្ដីសង្ឃឹម ដែលចេញមកពីការប្រែចិត្ត និងជំនឿ ទាំងក្នុងក្ដីសង្គ្រោះ និងការញែកជាបរិស័ទផង។
នៅពេលដែលខ្ញុំនិយាយអំពីរឿងនេះជាមួយឪពុកម្ដាយដទៃទៀត ពួកគាត់តែងតែបង្ហាញទឹកមុខរបស់គាត់ដល់ខ្ញុំថា ខ្ញុំហាក់បីដូចជាមនុស្សហួសហេតុពេកហើយ បើទោះជាពួកគាត់មានភាពពេញវ័យខាងឯសេចក្ដីជំនឿក៏ដោយ។ ប៉ុន្តែ ខ្ញុំអធិស្ឋានទូលសូមដល់ព្រះកុំឲ្យពួកគាត់គិតបែបនេះ ដ្បិតនោះគួរតែជាមូលដ្ឋានគ្រឹះសំខាន់សម្រាប់ឪពុកម្ដាយដែលយកដំណឹងល្អជាគោលក្នុងការចិញ្ចឹមកូន។
តើនេះមានន័យថា យើងត្រូវចាប់ផ្ដើមចង្អុលរាល់អំពើបាបដែលកូនៗយើងបានធ្វើ ហើយស្រែកដាក់ពួកគេថា ពួកគេជាមនុស្សមានបាប? មិនដូច្នោះទេ។ ផ្ទុយទៅវិញ យើងត្រូវស្វែងរកដោយពឹងលើសេចក្ដីអធិស្ឋាន ដើម្បីឲ្យមានកម្លាំងចិត្ត និងប្រាជ្ញាក្នុងការបង្រៀនពីសេចក្ដីពិតនៃដំណឹងល្អដល់ជីវិតរបស់ពួកគេ នៅពេលដែលព្រះជាម្ចាស់ប្រទានឱកាសដល់យើង។ ការធ្វើបែបនេះ គឺតម្រូវឲ្យយើងប្រាប់ពួកគេថា ពួកគេជាមនុស្សមានបាប ហើយយើងក៏ត្រូវតែប្រាប់ពួកគេថា ព្រះស្រឡាញ់មនុស្សមានបាប និងប្រាប់ពួកគេពីរបៀបដែលព្រះជាម្ចាស់សង្គ្រោះមនុស្សមានបាបដែរ។
ប្រសិនបើគ្មានដំណឹងអាក្រក់ទេ នោះយើងក៏មិនចាំបាច់ត្រូវការដំណឹងល្អដែរ។ ដូច្នេះ យើងត្រូវតែប្រាប់កូនៗរបស់យើងអំពីដំណឹងទាំងពីរនេះ។
មតិយោបល់
Loading…