in

ការ​មាន​ស្មារតី​មូល៖ គន្លឹះ​៥​យ៉ាង​ក្នុង​ការ​ផ្ដោត​អារម្មណ៍​ពេល​ថ្វាយ​បង្គំ

Blessed Are the Undistracted: Five Tips for Focus in Worship

ខ្ញុំ​គិត​ថា នៅ​ពេល​ដែល​លោក​អ្នក​កំពុង​អាន​ឃ្លា​នេះ មាន​រឿង​ពីរបី​យ៉ាង​ដែល​ទាញ​អារម្មណ៍​លោក​អ្នក។

គ្រាន់​តែ​ខ្ញុំ​ចាប់​ផ្ដើម​អង្គុយ​សរសេរ​ឯកសារ​នេះ​ភ្លាម នោះ​ក៏​មាន​អ្នក​ផ្ញើ​អ៊ីមែល​មក​ខ្ញុំ​ភ្លាម ហើយ​ទូរស័ព្ទ​របស់​ខ្ញុំ​ក៏​ចាប់ផ្ដើម​លោត​សារ​ចូល​មក​ដែរ ហើយ​ក៏​មាន​អ្នក​ចុច Like និង​អ្នក​ស៊ែ​Facebook​របស់​ខ្ញុំ​ជា​ច្រើន​ដែរ។ ពេល​នោះ​ខ្ញុំ​ទើប​តែ​ចាប់​ផ្ដើម​សរសេរ​កថាខណ្ឌ​ទី​ពីរ! យើង​មិន​សូវ​មាន​ពេល​ទំនេរ​សោះ ហើយ​ក៏​តែង​តែ​មាន​​អ្វី​ផ្សេងៗ​មក​បង្វែរ​ស្មារតី​យើង​ទៀត​ផង។

អ្វីៗ​ដែល​ឆាឆៅ​ស្មារតី​យើង​មិន​នៅ​លើ​កែប​ម៉ូតូ ឬ​ក៏​ក្នុង​ឡាន​របស់​យើង​ពេល​យើង​ចូល​ទៅ​ព្រះ​វិហារ​នៅ​ថ្ងៃ​អាទិត្យ​ឡើយ ពោល​គឺ​វា​តាម​យើង​តែ​ម្ដង។ ពេល​យើង​ចូល​ព្រះ​វិហារ យើង​មាន​បំណង​ចិត្ត​ចង់​ផ្ដោត​អារម្មណ៍​ទាំង​មូល​ក្នុង​ការ​ថ្វាយ​បង្គំ​ព្រះ​យេស៊ូវ។ ប៉ុន្តែ មាន​ចំណុច​ជា​ច្រើន​មក​ឆាឆៅ​យើង៖ បន្ទុក​នៃ​សបា្តហ៍ ភាព​តាន​តឹង​នៅ​ថ្ងៃ​នោះ កូនៗ​ដែល​នៅ​ក្បែរ​យើង ភាព​ថប់បារម្ភ​នៅ​អាទិត្យ​ក្រោយ និង​ការ​ដែល​គំនិត​យើង​រសាប់រសល់។

គួរ​បន្ទោស​ផ្នែក​បច្ចេកវិទ្យា?

សព្វថ្ងៃ​នេះ យើង​មិន​សូវ​មាន​ស្មារតី​មូល​ទេ ហើយ​ចំឡែកៗ គឺ​ដោយសារ​សេចក្តី​ល្បួង​មួយ​ចំនួន​ទាក់ទង​នឹង​សម័យ​បច្ចេកវិទ្យា។ ប៉ុន្តែ បើ​គិត​ដូច្នោះ វា​ដូចជា​យើង​ងាយ​នឹង​ចុះចាញ់​ពេក។ ប្រសិន​បើ​យើង​មាន​ស្មារតី​មិន​មូល មក​ពី​ផ្នែក​បច្ចេកវិទ្យា នោះ​មាន​ន័យ​ថា គ្មាន​ផ្លូវ​ណា​ដែល​ឲ្យ​យើង​អាច​គេច​ផុត​ឡើយ លុះ​ត្រា​តែ​យើង​បោះ​របស់​ទាំង​នោះ​ចោល ហើយ​ទៅ​នៅ​ក្នុង​រ៉ូង​ភ្នំ​ណា​មួយ។

ខ្ញុំ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពី​សៀវភៅ​ដ៏​ចាស់​មួយ​ក្បាល​ដែល​មាន​ចំណងជើង​ថា Remedy for Wandering Thoughts in the Worship of God និពន្ធ​ដោយ​លោក​គ្រូ (Richard Steele) និពន្ធ​ឆ្នាំ​១៦៧៣។ នៅ​ក្នុង​សៀវភៅ​នេះ​បាន​ប្រាប់​ថា លោក​គ្រូ រីឆាត ស្ទីល Richard Steele បាន​សញ្ជឹង​គិត​លើ​កណ្ឌ​គម្ពីរ ១កូរិនថូស ៧:៣៥ «ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ឧស្សាហ៍​បម្រើ​ព្រះ​អម្ចាស់​ឥត​មាន​សេចក្ដី​ណា​នាំ​ឲ្យ​ទាស់​ចិត្ត​ឡើយ»។ គាត់​បាន​សរសេរ​សៀវភៅ​នេះ​ក្រោយ​ពី​ពេល​គាត់​ឃើញ​ថា ខ្លួន​គាត់​បាន​ស្រមើ​ស្រមៃ​ក្នុង​ពេល​ថ្វាយ​បង្គំ​ព្រះ​ជាម្ចាស់ ដោយ​បាន​កត់​សម្គាល់​ថា «មេរោគ​ខ្ញុំ​បាន​បណ្ដាល​ឲ្យ​ខ្ញុំ​ស្វែងរក​ថ្នាំ​ព្យាបាល»។
សៀវភៅ​របស់​លោក​គ្រូ រីឆាត ស្ទីល Richard Steele ប្រាប់​ឲ្យ​អ្នក​ជឿ​បង្កើត​ទង្វើ​ដោយ​មាន​គោល​បំណង។ ជា​រឿយៗ យើង​គិត​ថា ស្មារតី​មិន​នឹងនរ​របស់​យើង​កើត​ឡើង​ដោយ​ឯកឯង ហើយ​យើង​បន្ទោស​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម (social media) ឬ​ក៏​គ្រឿង​អេឡិចត្រូនិក។ ប៉ុន្តែ​តាម​ពិត យើង​ជា​អ្នក​ដែល​ឆាឆៅ​ស្មារតី​ក្នុង​ជីវិត​របស់​យើង យើង​ធ្វើ​បែប​នោះ​ដើម្បី​គេច​ចេញ​ពី​អ្វី​មួយ​ផ្សេង​ទៀត​ដែល​មាន​ការ​ទាមទារ​ឲ្យ​យើង​ផ្ដោត​ស្មារតី​យើង​លើ។ យើង​មិន​មែន​ជា​ទាសករ​នៃ​ភាព​មិន​នឹងនរ​ទេ។ ដូច្នេះ យើង​អាច​នៅ​មាន​ទំនុក​ចិត្ត​ដោយ​ដឹង​ថា ពេល​ដែល​យើង​ថ្វាយ​បង្គំ យើង​នៅ​អាច​តយុទ្ធ​នឹង​ស្មារតី​មិន​នឹងនរ​របស់​យើង​បាន។

គន្លឹះ​៥​យ៉ាង​ក្នុង​ការ​ផ្ដោត​អារម្មណ៍​ពេល​ថ្វាយ​បង្គំ

លោក​គ្រូ រីឆាត ស្ទីល Richard Steele បាន​លើក​ឡើង​ថា យើង​ត្រូវ​តែ​តយុទ្ធ​នឹង​ស្មារតី​មិន​នឹងនរ ព្រោះ​ព្រះ​ជាម្ចាស់​បាន​បង្គាប់​ឲ្យ​យើង​ថ្វាយ​បង្គំ​ទ្រង់​ដោយ​មាន​ស្មារតី​មូល (១សាំយូអែល ១២:២៤)។ លោក​បាន​ហាម​គ្រីស្ទបរិស័ទ​អំពី​ការ​មាន​ចិត្ត​វៀចវេរ​ដោយ​មាន​អារម្មណ៍​មិន​មូល​ពេល​យើង​ថ្វាយ​បង្គំ។ «តើ​វា​សម​ហេតុ​សម​ផល​ដែរ​ឬ​ទេ ក្នុង​ការ​ដែល​ទូល​សូម​ព្រះ​វិញ្ញាណ​បរិសុទ្ធ តែ​នៅ​គិត​ពី​សាច់​ឈាម? តើ​វា​សម​ហេតុ​សម​ផល​ដែរ​ឬ​ទេ ក្នុង​ការ​ដែល​លោក​អ្នក​កំពុង​ស្ដាប់​អំពី​ផែនដី​មួយ​ផ្សេង​ទៀត​ដែល​ជា​ស្ថាន​សួគ៌ តែ​លោក​អ្នក​បែរ​ជា​គិត​ពី​លោកីយ៍​ដ៏​ពុក​រលួយ​នេះ? តើ​វា​សម​ហេតុ​សម​ផល​ដែរ​ឬ​ទេ ក្នុង​ការ​ដែល​ភ្នែក​លោក​អ្នក​កំពុង​សម្លឹង​មើល​ទៅ​ឯ​ស្ថាន​សួគ៌ តែ​ចិត្ត​លោក​អ្នក​នៅ​គិត​ពី​លោកីយ៍​នេះ?…គ្មាន​អ្វី​ដែល​គួរ​ឲ្យ​សម​ហេតុ​សម​ផល​ឡើយ!» (ទំព័រ​៣៧)។

ខាង​ក្រោម​នេះ​គឺ​ជា​ការ​លើក​ឡើង​លោក​គ្រូ រីឆាត ស្ទីល Richard Steele ស្ដីពី​ចំណុច​៥​យ៉ាង​ដែល​ជា​ជំនួយ​ដល់​យើង​ក្នុង​ការ​សម្លឹង​ទៅ​ឯ​ស្ថាន​សួគ៌ ពេល​ដែល​យើង​មិន​មាន​អារម្មណ៍​មូល។

១. ចូរ​ព្យាយាម​រក​ការ​លើក​ទឹក​ចិត្ត​ចេញ​ពី​ការ​បាក់​ទឹក​ចិត្ត​របស់​យើង

នៅ​ក្នុង​ជំនឿ​ដ៏​ពិត មិន​ថា​ពេល​យើង​ជួប​ទុក្ខ​លំបាក​ប៉ុណ្ណា​នោះ​ទេ យើង​ដែល​ជា​អ្នក​ជឿ​គួរ​តែ​ព្យាយាម​រក​ការ​លើក​ទឹក​ចិត្ត​ចេញ​ពី​ការ​បាក់​ទឹក​ចិត្ត​របស់​យើង។ ចិត្ត​ដែល​ប្រាថ្នា​ចង់​ស្រឡាញ់​ព្រះសង្គ្រោះ​របស់​យើង​ឲ្យ​បាន​ច្រើន​ថែម​ទៀត តែ​យើង​មិន​ទាន់​មាន​ភាព​ស្កប់​ចិត្ត​នឹង​បំណងប្រាថ្នា​នោះ ដោយ​សារ​តែ​អារម្មណ៍​របស់​យើង​ស្ថិត​ក្នុង​ស្ថានភាព​មិន​នឹងនរ ការ​នោះ​បង្ហាញ​ថា ជំនឿ​របស់​យើង​កំពុង​តែ​ឈាន​ទៅ​រក​ភាព​ពេញ​វ័យ។ លោក​គ្រូ រីឆាត ស្ទីល Richard Steele បាន​លើក​ឡើង​ថា «គ្រីស្ទ​បរិស័ទ​ដែល​បរិសុទ្ធ​នឹង​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​គំនិត​ឥត​ប្រយោជន៍​នៅ​ក្នុង​ទំនួល​ខុស​ត្រូវ​របស់​ខ្លួន ជាង​គ្រីស្ទ​បរិស័ទ​ដែល​មិន​ទាំង​យក​ចិត្ត​ទុក​ដាក់​នឹង​ទំនួល​ខុស​ត្រូវ​របស់​ខ្លួន​សោះ» (ទំព័រ​៧១)។

២. ចូរ​ពឹង​អាង​លើ​កម្លាំង​របស់​ព្រះ​ជាម្ចាស់

លោក​គ្រូ រីឆាត ស្ទីល Richard Steele បាន​លើក​ទឹក​ចិត្ត​គ្រីស្ទ​បរិស័ទ​ឲ្យ​ជឿ​នូវ​អ្វី​ដែល​កណ្ឌ​គម្ពីរ ៤:១៣ មាន​ចែង​ថា «ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន​ដោយ​សារ​ព្រះ​គ្រីស្ទ​ដែល​ទ្រង់​ចម្រើន​កម្លាំង​ដល់​ខ្ញុំ»។ គាត់​បាន​សរសេរ​ថា «ពេល​ដែល​លោកអ្នក​ជួប​ប្រទះ​នឹង​រឿង​ដ៏​ពិបាក ហើយ​នាំ​លោកអ្នក​​ធ្លាក់​ទឹក​ចិត្ត នោះ​ចូរ​បើក​​ភ្នែក​នៃ​ជំនឿ​របស់​លោកអ្នក​ឡើង ពេល​នោះ​លោកអ្នក​នឹង​ឃើញ​ព្រះជាម្ចាស់​ដែល​ជា​កម្លាំង​នៃ​ដួង​ចិត្ត​របស់​លោកអ្នក….ទ្រង់​បាន​ប្រទាន​ព្រះ​ចេស្ដា​របស់​ទ្រង់​ឲ្យ​លោក​អ្នក​ប្រើ​ប្រាស់ ដូច្នេះ​ចូរ​ប្រើ​អំណាច​ចេស្ដា​នោះ​ចុះ» (ទំព័រ​២៣-២៤)។ មាន​អ្នក​ជឿ​មួយ​ចំនួន​បាន​ដក​ពិសោធន៍​នូវ​កម្លាំង​របស់​ព្រះ​ជាម្ចាស់​ក្នុង​ពេល​ដែល​ពួក​គាត់​តយុទ្ធ​នឹង​ស្មារតី​មិន​នឹងនរ​របស់​ខ្លួន នៅ​ពេល​ដែល​គាត់​កំពុងតែ​ថ្វាយ​បង្គំ ហើយ​ចំពោះ​គ្រីស្ទ​បរិស័ទ​ដែល​ងាយ​នឹង​ធ្លាក់​ក្នុង​ស្មារតី​មិន​នឹងនរ នោះ​ចូរ​ទទួល​យក​ការ​លើក​ទឹក​ចិត្ត​ពី «បទ​ពិសោធន៍​របស់​អ្នក​បម្រើ​ព្រះ ដែល​ពួក​គាត់​បាន​ព្យាយាម​បង្កើត​ការ​ចាំ​យាម​ដ៏​បរិសុទ្ធ ហើយ​ពួក​គាត់​បាន​ទទួល​កម្លាំង​ជា​ច្រើន ដើម្បី​នឹង​តយុទ្ធ​ស្មារតី​មិន​នឹងនរ​របស់​គាត់» (ទំព័រ​២៥)។

៣. ចូរ​សម្រាក​មុន​ថ្ងៃ​អាទិត្យ​មក​ដល់ ហើយ​ទទួល​ទាន​អាហារ​ពេល​ព្រឹក​ឲ្យ​រួច​រាល់

យោង​តាម​ចំណងជើង​នេះ យើង​ឃើញ​ថា លោក​គ្រូ រីឆាត ស្ទីល Richard Steele បាន​ភ្ជាប់​ចិត្ត​គំនិត​យើង​ទៅ​នឹង​រូបកាយ​ដោយ​បង្ហាញ​ថា ទាំង​ពីរ​នេះ​ជា​កត្តា​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ផ្ចង់​ស្មារតី។ គាត់​បាន​សរសេរ​ថា ចំណុច​មួយ​ដែល «ជា​ហេតុ​បង្ក​ឲ្យ​យើង​មិន​មាន​ស្មារតី​មូល​ក្នុង​ការ​បម្រើ​ព្រះ​ជាម្ចាស់ គឺ​និស្ស័យ​ពុករលួយ​របស់​យើង—ព្រលឹង​វិញ្ញាណ និង​រូបកាយ​របស់​យើង» (ទំព័រ​៦៤)។ ដូច្នេះ យើង​មិន​ត្រូវ​គិត​ថា ការ​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់ និង​ញ៉ាំ​ឲ្យ​បាន​ទៀង​ទាត់​មិន​មាន​សារៈសំខាន់​ក្នុង​ការ​តយុទ្ធ​នឹង​អារម្មណ៍​មិន​នឹងនរ​នៅ​ពេល​ថ្វាយ​បង្គំ​នោះ​ទេ។ ក្នុង​លក្ខណៈ​ហ្នឹង យើង​ត្រូវ​តែ​ចាប់​ផ្ដើម​តយុទ្ធ​ដើម្បី​ឲ្យ​អាច​ផ្ដោត​អារម្មណ៍​នៅ​ថ្ងៃ​អាទិត្យ ដោយ​ត្រូវ​ត្រៀម​ខ្លួន​ជា​មុន​នៅ​ថ្ងៃ​សៅរ៍។

៤. ចូរ​រៀបចំ​ចិត្ត​មុន​ទៅ​ថ្វាយ​បង្គំ

យើង​ក៏​អាច​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ថ្វាយបង្គំ​មុន​ព្រឹក​ថ្ងៃ​អាទិត្យ​បាន​ដែរ។ មុន​ការ​ថ្វាយ​បង្គំ​ចាប់​ផ្ដើម ចូរ​ញែក​ពេល ហើយ​រៀបចំ​ចិត្ត​ពេល​ជួប​គ្នា។ ហើយ​ពេល​ដែល​ការ​ថ្វាយ​បង្គំ​ចាប់​ផ្ដើម ចូរ​ព្យាយាម​បង្កើត​ភាព​បន្ទាន់ និង​គោល​បំណង​សម្រាប់​ការ​ជុំ​គ្នា៖

«អ្នក​ដែល​រត់​នឹង​មិន​មើល​អ្វី​ក្រៅ​ពី​ទី​ព្រ័ត្រ​នោះ​ទេ។ ទោះ​បើ​គាត់​ជួប​អ្នក​រត់​ផ្សេង​ទៀត ឬ​ក៏​រត់​កាត់​កន្លែង​ផ្សេងៗ ក៏​គាត់​នៅ​តែ​ប្រញាប់ ហើយ​នឹង​មិន​ឈប់​មើល​អ្វី​ឡើយ។ អ្នក​ដែល​បែរ​ទៅ​មើល​នេះ​មើល​នោះ គឺ​ជា​អ្នក​ដែល​ដើរ​លំហែ ព្រោះ​គាត់​មិន​ប្រញាប់​ឡើយ»។ (ទំព័រ​៧៩)

៥. ចូរ​ស្រែក​សុំ​ព្រះ​ជាម្ចាស់​ឲ្យ​ជួយ​លោក​អ្នក​ពេល​កំពុង​ថ្វាយ​បង្គំ

ប្រាកដ​ណាស់! យើង​តយុទ្ធ​នឹង​អារម្មណ៍​មិន​នឹងនរ​ពេល​យើង​កំពុង​ថ្វាយ​បង្គំ។ ពេល​ដែល​លោក​អ្នក​សង្កេត​ឃើញ​ថា ចិត្ត​គំនិត​របស់​លោក​អ្នក​កំពុង​តែ​រសាប់រសល់ នោះ​ចូរ​ទូល​សុំ​ព្រះ​ជាម្ចាស់​ឲ្យ​ជួយ​លោក​អ្នក​ក្នុង​ការ​ផ្ចង់​ស្មារតី​ឡើង​វិញ។ លោក​គ្រូ រីឆាត ស្ទីល Richard Steele បាន​សរសេរ​ថា «ចូរ​ធ្វើ​ដូច​ស្ដេច ដាវីឌ ដ៏​បរិសុទ្ធ​បាន​ធ្វើ…គាត់​បាន​ស្រែក​ហៅ​ព្រះ​ជាម្ចាស់​ប្រាំបី​ប្រាំ​បួន​ដង​ក្នុង​កណ្ឌ​គម្ពីរ ទំនុកតម្កើង [១១៩:២៥, ៣៧, ៤០, ១០៧, ១៥៤, ១៥៦]៖ សូម​បង្វែរ​ទូលបង្គំ​ឲ្យ​ទៅ​តាម​ផ្លូវ​ទ្រង់ សូម​បង្វែរ​ឲ្យ​លឿន នោះ​យើង​ខ្ញុំ​នឹង​អំពាវ​នាវ​ដល់​ព្រះ​នាម​ទ្រង់។ មើល​បើ​ស្ដេច ដាវីឌ ត្រូវការ​យក​ភ្លើង​ពី​ស្ថាន​សួគ៌ ចុះ​ចំពោះ​យើង​វិញ តើ​គួរ​យើង​ត្រូវការ​ប៉ុណ្ណា​ទៅ?» (ទំព័រ​៨៣)។

កុំ​ចុះចាញ់​ឡើយ

ការ​ផ្ចង់​ស្មារតី​ឲ្យ​មូល​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ ហើយ​យើង​ក៏​ងាយ​ធ្លាក់​ចូល​នឹង​សេចក្ដី​ល្បួង​ដែល​ចង់​ចេះ​តែ​ទាញ​យើង​មិន​ឲ្យ​មាន​អារម្មណ៍​មូល​ផង​ដែរ។ ប៉ុន្តែ សេចក្តី​សន្យា​របស់​ព្រះ​ជាម្ចាស់ «មិន​មែន​ដូច​ជា​ខ្នើយ​សម្រាប់​មនុស្ស​ខ្ជិល​ឡើយ ប៉ុន្តែ​ជា​ការ​គាំទ្រ​សម្រាប់​អស់​អ្នក​នឿយ​ហត់។ សេចក្តី​សន្យា​របស់​យើង​មិន​មែន​ជា​លេស​សម្រាប់​ឲ្យ​យើង​គេច​ពី​ទំនួល​ខុស​ត្រូវ​របស់​យើង​ទេ ប៉ុន្តែ​ជា​ការ​សម្រាល​ទុក្ខ​យើង​ពេល​យើង​ខ្សោយ (ទំព័រ​៥៧)។ ប្រសិនបើ​ព្រះជាម្ចាស់​មិន​បាន​ប្រទាន​នូវ​ចិត្ត​ស្កប់​ដ៏​ឥតខ្ចោះ​ដល់​យើង​ភ្លាមៗ​ អំឡុង​ពេល​ថ្វាយ​បង្គំ​នោះ​ទេ នោះ​ចូរ​កុំ​ទាន់​អាល​ចុះចាញ់។ តែ​ផ្ទុយ​ទៅ​វិញ ចូរ​អរ​ព្រះ​គុណ​ទ្រង់​ដែល​ទ្រង់​បាន​ប្រទាន​ព្រះ​គុណ​ដល់​លោក​អ្នក​ឲ្យ​អាច​ផ្ចង់​ស្មារតី​បាន​កាល​ថ្វាយ​បង្គំ​លើក​មុន ហើយ​ចូរ​ទូល​សូម​ទ្រង់​ឲ្យ​ប្រទាន​ការ​ផ្ចង់​ចិត្ត​ថែម​ទៀត​នៅ​សប្ដាហ៍​ក្រោយៗ។

ឱ! ព្រះ​អម្ចាស់​អើយ! សូម​ប្រទាន​ចិត្ត​គំនិត​ដែល​មាន​ស្មារតី​មូល នៅ​ពេល​ដែល​យើង​ជុំ​គ្នា​ជាមួយ​នឹង​រាស្ត្រ​ទ្រង់​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​នេះ។ សូម​ជួយ​ឲ្យ​យើង​លូត​លាស់​ក្នុង​ការ​តយុទ្ធ ដើម្បី​ឲ្យ​យើង​កាន់​តែ​សម្លឹង​ទៅ​រក​ទ្រង់។ ជា​ការ​ប្រពៃ​ណាស់ ប្រសិន​បើ​យើង​អាច​លើក​ឡើង​ដូច​អ្នក​និពន្ធ​កណ្ឌ​គម្ពីរ ទំនុកតម្កើង ៦៣:៨​ ថា «ព្រលឹង​ទូល​បង្គំ​តាម​ទ្រង់​ប្រកិត ព្រះ​ហស្ត​ស្ដាំ​នៃ​ទ្រង់​ក៏​ទប់​ទល់​ទូល​បង្គំ»។

ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
និពន្ធ​ដោយ៖ លោក​គ្រូ Matthew Westerholm
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក ជួប ប៊ុនហាក់
ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ឆ្លុះ​បញ្ចាំង

ប្រកាស​ដំណឹង​ល្អ