ភរិយារបស់ខ្ញុំទើបតែត្រឡប់មកពីកន្លែងកាត់សក់ ហើយគាត់បានប្រាប់ខ្ញុំពីរឿងស្ត្រីនៅលីវម្នាក់ដែលជាអ្នកកាត់សក់ឲ្យគាត់។ ស្ត្រីវ័យក្មេងម្នាក់នេះបានចែកចាយអំពីការអាក់អន់ចិត្តរបស់គាត់ចំពោះគេហទំព័រស្វែងរកដៃគូ (dating website) ព្រោះគេហទំព័រនោះគ្រាន់តែផ្ដោតលើរូបសម្រស់ខាងក្រៅ។ អូសទៅខាងនេះបើអ្នកគិតថា គាត់ស្អាត ឬក៏អូសទៅខាងនោះបើអ្នកគិតថា គាត់មិនស្អាត។
គាត់បានលើកឡើងអំពីការសោកស្ដាយរបស់គាត់ថា ក្រោយពីមានទំនាក់ទំនងជាមួយនរណាម្នាក់រួចហើយ គឺគេគ្រាន់តែចង់រួមដំណេកមួយរយៈពេលខ្លីប៉ុណ្ណោះ មិនមែនជាទំនាក់ទំនងដែលនៅគង់វង្ស ឬក៏ជាទំនាក់ទំនងដែលមានការប្ដូរផ្ដាច់នឹងគ្នានោះទេ។
ខ្ញុំសោកស្ដាយជំនួសអស់អ្នកដែលស្វែងរកទំនាក់ទំនងដ៏ស្និទ្ធស្នាលដោយរបៀបនោះ។ ប្រសិនបើអ្នកនៅលីវ ហើយប្រាថ្នាចង់រៀបការ នោះលោកអ្នកនឹងឃើញថា ការទទួលយកដោយអស់ពីចិត្តនូវអ្វីៗដែលព្រះគម្ពីរបានបង្រៀនអំពីរបៀបចែចង់ គឺជាវិធីដ៏ល្អបំផុត។ ពោលគឺល្អជាងវិធីដែលលោកីយ៍នេះណែនាំឲ្យយើងធ្វើតាម ហើយក៏ជាវិធីដែលគ្មានខ្លឹមសារដែរ។
ជាពិសេសកណ្ឌគម្ពីរ សុភាសិត ជំពូក៣១ បានបង្រៀនយើងយ៉ាងច្បាស់ពីអ្វីដែលយើងគួរចង់បានជាដៃគូអនាគតរបស់យើង។ ការពណ៌នានេះបានរៀបរាប់ពីពេលវេលាដ៏ស្មោះត្រង់នៅក្នុងជីវិតរបស់ស្ត្រី ដែលមានលក្ខណសម្បត្តិល្អប្រពៃ ប៉ុន្តែយើងក៏គួរស្វែងយល់ពីលក្ខណសម្បត្តិទាំងអស់នេះនៅក្នុងគន្លងជីវិតរបស់បុរស ដែលស្ត្រីគួរស្វែងរកដែរ។
១. តើបុគ្គលនេះរក្សាពាក្យសម្ដីរបស់គាត់ដែរឬទេ?
«ប្ដីនាងនឹងទុកចិត្តចំពោះនាង ហើយមិនត្រូវខ្វះខាតអ្វីឡើយ» (សុភាសិត ៣១:១១)។ ប្ដីរបស់នាងគ្មានការព្រួយបារម្ភពីភាពស្មោះត្រង់របស់នាងចំពោះគាត់ឡើយ។ គាត់មិនដែលព្រួយបារម្ភថា ប្រពន្ធរបស់គាត់ប្រើលុយកាក់ខ្ជះខ្ជាយ ឬកិបកេងលួចលាក់នោះឡើយ។
នៅពេលដែលលោកអ្នកចាប់ផ្ដើមស្គាល់បុគ្គលណាម្នាក់ ដែលមានសក្ដានុពលក្នុងការធ្វើជាប្ដី ឬប្រពន្ធ នោះចូរពិចារណាថា តើអ្នកអាចទុកចិត្តគាត់បានដែរឬទេ? ឬក៏ថា តើគាត់ជាមនុស្សស្មោះត្រង់អត់? តើគាត់មានប្រវត្តិជាមនុស្សរក្សាពាក្យសម្ដីដែរឬទេ? ឬគាត់ជាមនុស្សបាតដៃខ្នងដៃ និយាយក្រឡេចក្រឡុចដែរឬទេ?
២. តើបុគ្គលនេះជួយលោកអ្នកឲ្យរឹងមាំជាងមុនដែរឬទេ?
«នាងនឹងធ្វើឲ្យប្ដីបានសេចក្ដីល្អ មិនមែនអាក្រក់ឡើយ រហូតដល់អស់១ជីវិតនាង» (សុភាសិត ៣១:១២)។ «កាលណាប្ដីនាងទៅអង្គុយត្រង់ទ្វារក្រុង ក្នុងចំណោមនៃពួកចាស់ទុំក្នុងស្រុក នោះគេក៏ស្គាល់រាប់អានគាត់ដែរ» (សុភាសិត ៣១:២៣)។ វាគួរឲ្យចម្លែកណាស់ដែលខនេះនៅចំកណ្តាលសាច់រឿងនៃអត្ថបទខដែលរៀបរាប់អំពីលក្ខណសម្បត្តិរបស់ស្ត្រីដែលកោតខ្លាចព្រះជាម្ចាស់។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏ខនេះបង្ហាញពីការប្ដូរផ្ដាច់របស់ប្រពន្ធចំពោះប្ដីរបស់ខ្លួនដែរ។ កិច្ចការដែលនាងធ្វើនៅផ្ទះ គឺជាប្រយោជន៍ដល់កេរ្តិ៍ឈ្មោះ និងជ័យជម្នះរបស់ប្ដីនាង។ ប្ដីនាងពិតជាមានពរមែន ព្រោះគាត់បានរៀបការជាមួយនាង។
ចូរស្វែងរក ហើយរៀបការជាមួយបុគ្គលដែលនឹងលើកទឹកចិត្តលោកអ្នក ហើយជួយបំពេញបន្ថែមជីវិតគ្នាទៅវិញទៅមក។ ប្ដីប្រពន្ធមួយគូគួរតែមានលក្ខណសម្បត្តិខ្លាំងជាងការដែលគាត់នៅតែម្នាក់ឯង ព្រោះគាត់បានរៀបការជាមួយនឹងគ្នា។
៣. តើបុគ្គលនេះខំប្រឹងធ្វើការដែរឬទេ?
«នាងខិតខំរកអំបោះ និងសូត្រមកត្បាញរវៃយ៉ាងស្វាហាប់។ នាងនាំអាហារមកពីឆ្ងាយ ដូចនាវាដឹកទំនិញ។ នាងក្រោកពីព្រលឹម រៀបចំបាយទឹកឲ្យអស់អ្នកដែលរស់នៅក្នុងផ្ទះ ហើយចាត់ចែងការងារឲ្យស្រីបម្រើធ្វើ។ នាងរិះគិតពិចារណា ហើយទៅទិញចំការមួយ រួចនាងយកប្រាក់ដែលខ្លួនរកបាន ទៅទិញទំពាំងបាយជូរមកដាំ» (សុភាសិត ៣១:១៣-១៦ គខប)។
ចូររកបុគ្គលដែលចេះដាក់វិន័យលើខ្លួនឯង ហើយឧស្សាហ៍ ជាបុគ្គលដែលមានគោលបំណង ហើយព្យាយាមបំពេញគោលបំណងនោះ ជាបុគ្គលដែលផ្ដើមកិច្ចការណាមួយ ហើយក៏បានធ្វើវារហូតដល់ចប់។
៤. តើបុគ្គលនេះចិត្តល្អ ហើយចេះចៅរ៉ៅដែរឬទេ?
«នាងឈោងដៃដល់មនុស្សកំសត់ទុគ៌ត អើ នាងហុចដៃទៅជួយមនុស្សក្រលំបាកផង» (សុភាសិត ៣១:២០)។
ស្ត្រីបែបនេះមិនគ្រាន់តែបំពេញតម្រូវការរបស់គ្រួសារនាងឡើយ តែនាងថែមទាំងបំពេញតម្រូវការរបស់អ្នកនៅជុំវិញនាងទៀតផង។ នាងជាស្ត្រីដែលមានចិត្តល្អ ហើយចេះចៅរ៉ៅ និងចេះជួយអ្នកដទៃ។ តើលោកអ្នកមានចំណាប់អារម្មណ៍ទៅលើបុគ្គលដែលមានលក្ខណសម្បត្តិបែបនេះដែរឬទេ?
៥. តើបុគ្គលនេះមានប្រាជ្ញា ហើយមានចិត្តចង់ជួយអ្នកដទៃដែរឬទេ?
«នាងពោលដោយប្រាជ្ញា ហើយនៅអណ្ដាតនាងមានសេចក្ដីសប្បុរស» (សុភាសិត ៣១:២៦)។ នាងរកវិធីជួយអ្នកដទៃ៖ ដោយបំពេញតម្រូវការរបស់ពួកគេតាមដែលនាងអាចធ្វើទៅបាន ទាំងខាងអារម្មណ៍ និងខាងវិញ្ញាណ។ នាងជាស្ត្រីម្នាក់ដែលមានប្រាជ្ញា ហើយអ្នកដទៃនឹងស្វែងរកប្រាជ្ញារបស់នាង ពេលនោះ ប្រសិនបើពួកគេស្តាប់តាមនាង នោះពួកគេនឹងទទួលបានប្រយោជន៍ជាច្រើន។
លោកអ្នកគួរតែចង់រៀបការជាមួយបុគ្គលបែបនោះ ជាបុគ្គលដែលមិនគិតតែពីប្រយោជន៍ខ្លួនឯង មិនថាអ្វីដែលគាត់ធ្វើ និងអ្វីដែលគាត់យកមកកំសាន្តចិត្តខ្លួនឯង ប៉ុន្តែជាបុគ្គលដែលចូលចិត្តជួយ ហើយក៏ជាបុគ្គលមានប្រាជ្ញាអាចជួយអ្នកដទៃបានពិតប្រាកដ។
៦. តើបុគ្គលនេះពិតជាបានទុកចិត្តលើព្រះយេស៊ូវមែនឬ?
នាងមិនចុះចូលជាមួយភាពថប់បារម្ភទេ ព្រោះនាងជឿទុកចិត្តលើព្រះអម្ចាស់របស់នាង។ «…ក៏នឹកសើចពីហេតុណាដែលកើតបាននៅខាងមុខ» (សុភាសិត ៣១:២៥)។ ស្ត្រីម្នាក់នេះកោតខ្លាចព្រះជាម្ចាស់ ហើយតាមរយៈការកោតខ្លាចដ៏ត្រឹមត្រូវនេះ នាំឲ្យនាងមានប្រាជ្ញា សេចក្ដីសប្បុរស និងការខិតខំធ្វើការ។ ស្ត្រីគ្រប់លក្ខណ៍ គឺជាស្ត្រីដែលកោតខ្លាចព្រះជាម្ចាស់នឹងទុកចិត្តលើទ្រង់ ព្រមទាំងផែនការដែលទ្រង់បានគ្រោងទុកសម្រាប់នាង។ ហេតុដូច្នេះហើយបានជាគាត់មិនបារម្ភ ឬក៏ខ្លាចពីអ្វីៗដែលនឹងកើតឡើងយ៉ាងលម្អិតនៅពេលអនាគត។
សំណួរដ៏សំខាន់បំផុត ទាក់ទងនឹងចំណុចស្នូលនៃលក្ខណសម្បត្តិរបស់ដៃគូបណ្តូលចិត្តដែលយើងគួរតែសួរគឺ៖ តើបុគ្គលនេះពិតជាបានទុកចិត្តលើព្រះយេស៊ូវគ្រីស្ទមែនឬទេ? តើបុគ្គលនោះជាអ្នកជឿលើព្រះយេស៊ូវដែរឬទេ? ចូរកុំមើលរំលងចំណុចនេះឲ្យសោះ! ចូរ «កុំឲ្យទឹមនឹមស្រៀក» ជាមួយបុគ្គលដែលមិនរួមចំណែកជាមួយអត្តសញ្ញាណដ៏សំខាន់បំផុតនៅក្នុងជីវិតរបស់លោកអ្នកឡើយ (២កូរិនថូស ៦:១៤)។ ដាច់ខាត! លោកអ្នកត្រូវតែយកព្រះគ្រីស្ទជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងរបស់លោកអ្នក ដោយអ្នកទាំងពីរត្រូវសម្លឹងមើលទៅឯទ្រង់ ទុកចិត្តលើទ្រង់ ហើយក៏ត្រូវរីករាយជាមួយគ្នាចំពោះអ្វីៗដែលនឹងកើតឡើងនៅពេលអនាគតផងដែរ។
កុំទទួលយកនូវអ្វីដែលទាបជាងក្ដីរំពឹង
ចូរនឹកស្រមៃ ហើយអធិស្ឋាន ព្រមទាំងស្វែងរកការប្រឹក្សាពីអ្នកដទៃពីលក្ខណសម្បត្តិដែលលោកអ្នកគួរស្វែងរកពីបុគ្គលដែលលោកអ្នកចង់រៀបការជាមួយ ហើយចូរព្យាយាមកុំទទួលយកនូវអ្វីដែលទាបជាងក្ដីរំពឹងនោះឡើយ។ ចូរកុំស្វែងរកស្វាមី ឬក៏ភរិយាដោយពឹងផ្នែកលើរូបសម្រស់ខាងក្រៅ! «ស្ត្រីមានរូបស្រស់ល្អ ដែលឥតមានគំនិតមារយាទ នោះប្រៀបដូចជាក្រវិលមាសដែលពាក់នៅច្រមុះជ្រូក» (សុភាសិត ១១:២២)។
វិធីសាស្ត្រចែចង់របស់លោកីយ៍នេះ គឺជាគន្លងដ៏ល្ងីល្ងើ ហើយពោរពេញដោយការឈឺចាប់។ ចូរស្វែងរកបុគ្គលដែលមានការពិចារណាដោយពឹងលើព្រះបន្ទូល ព្រោះនោះជាលក្ខណសម្បត្តិដែលពិបាករកណាស់ តែជាលក្ខណសម្បត្តិដែលប្រកបដោយអត្ថប្រយោជន៍។ នៅពេលដែលលោកអ្នកសម្រាកនៅក្នុងផែនការរបស់ព្រះជាម្ចាស់ និងនៅក្នុងពេលវេលារបស់ទ្រង់ នោះចូរអធិស្ឋានសូមឲ្យព្រះជាម្ចាស់ប្រទានស្វាមី ឬក៏ភរិយាម្នាក់ដែលលោកអ្នកអាចទុកចិត្តបាន ជាអ្នកដែលចេះជួយ ហើយខំប្រឹងធ្វើការ ក៏មានចិត្តសប្បុរស មានប្រាជ្ញា និងទុកចិត្តលើព្រះយេស៊ូវ។
មួយចំណុចទៀត៖ ចូរកុំស្វែងរកតែម្នាក់ឯងឡើយ! សូមកុំសន្មតថា គំនិតរបស់លោកអ្នកតែម្នាក់ឯង ចំពោះការស្វែងរកស្វាមី ឬភរិយាមានភាពគ្រប់គ្រាន់នោះឡើយ។ ឥឡូវនេះ ប្រសិនបើលោកអ្នកកំពុងចែចង់នរណាម្នាក់ ចូរណែនាំឲ្យមិត្តភក្ដិរបស់លោកអ្នកទាំងអស់បានស្គាល់ ជាពិសេសគ្រួសារនៃក្រុមជំនុំរបស់លោកអ្នក។ ចូរស្វែងរកការប្រឹក្សាដ៏ស្មោះត្រង់ពីពួកគាត់ ហើយចាំមើលថា តើពួកគាត់ប៉ុន្មាននាក់នឹងប្រាប់លោកអ្នកថាទំនាក់ទំនងនេះមិនសមគ្នា។ នោះហើយជាការបង្ហាញពីការបន្ទាបខ្លួននៅក្នុងទំនាក់ទំនងនៃការចែចង់គ្នា គឺការសុំប្រឹក្សាយោបល់ពីអ្នកដទៃដោយមិនត្រូវរាប់ខ្លួនឯងថាពូកែ ឬចេះច្រើនជាងគេ។
ចូរឲ្យប្រាជ្ញានៃព្រះបន្ទូលណែនាំការសម្រេចចិត្តរបស់លោកអ្នកពីការទាក់ទងគ្នា មិនមែនគ្រាន់តែការសម្ដែងខាងក្រៅឡើយ។
«រូបឆោមឆាយជាសេចក្ដីបញ្ឆោត ហើយមុខស្រស់ល្អក៏ឥតប្រយោជន៍ដែរ តែស្ត្រីណាដែលកោតខ្លាចដល់ព្រះយេហូវ៉ា នោះនឹងមានគេសរសើរវិញ។» (សុភាសិត ៣១:៣០)
Thank you so much 🥰 LOVE JESUS 💗