មិនពិតទេ
កាសែតអង់គ្លេស THE DAILY MAIL បានចេញផ្សាយនូវព័ត៌មានដ៏សែនរន្ធត់មួយកាលពីថ្ងៃ២៥ ខែមករា ឆ្នាំ២០១៧ ហើយឥឡូវនេះព័ត៌មានមួយនេះក៏បានចេញផ្សាយជាភាសាខ្មែរនៅប្រទេសកម្ពុជាយើងដែរ៖ «ថ្ងៃអវសានរបស់ពិភពលោកនឹងត្រូវបានបញ្ចប់ដោយអាចម៍ផ្កាយដ៏សែនធំមួយដែលនឹងធ្លាក់មកលើភពផែនដីនេះ អាចម៍ផ្កាយនោះនឹងបង្កឱ្យមានមេហ្គាស៊ូណាមី ( mega-tsunamis)។» នេះជាសម្ដីរបស់ក្រុមអ្នកឆបោក។ (ប្រភពព័ត៌មាន៖ http://archive.is/BMklD)។ ក្រុមនេះបានលើកឡើងថា អាចម៍ដែលមានឈ្មោះ 2016 WF9 នឹងហោះមកបុកផែនដីយើងនេះនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
ក៏ប៉ុន្តែ ការលើកឡើងរបស់កាសែតអង់គ្លេស THE DAILY MAIL មិនបានផ្នែកលើមូលដ្ឋានដ៏ពិតជាក់លាក់ណាមួយនោះទេ។ អង្គការ NASA (the National Aeronautic and Space Administration) ជាក្រុមអ្នកជំនាញខាងផ្នែកវិទ្យាសាស្ត្រដ៏ធំមួយដែលពួកគាត់បានចំណាយពេលសិក្សាអំពីការធ្វើដំណើររបស់ផ្កាយអស់រាប់សិបឆ្នាំ។ ហើយការងារដ៏ចម្បងរបស់ពួកគាត់ គឺតាមដាននូវការធ្វើដំណើររបស់ផ្កាយនានាដែលស្ថិតនៅជិតផែនដីយើងនេះ។ អង្គការ NASA នេះបានរកឃើញនូវអាចម៍ផ្កាយដែលមានឈ្មោះថា 2016 WF9 តាំងពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ មកម្ល៉េះ។ ក្រោយដែលពួកគាត់បានសិក្សាស្រាវជ្រាវ ក៏ដូចជាប្រមូលនូវទិន្នន័យបានយ៉ាងគ្រប់គ្រាន់ទាក់ទងនឹងដំណើរនៃអាចម៍ផ្កាយមួយនេះ បន្ទាប់មកនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ពួកគាត់បានអះអាងថា អាចម៍ផ្កាយនេះនឹងមិនហោះមកបុកបំផ្លាញផែនដីឡើយ។
អង្គការ NASA បានលើកឡើងថា «អាចម៍ផ្កាយឈ្មោះ 2016 WF9 នឹងហោះចូលមកជិតខ្សែគន្លងគោចររបស់ផែនដីនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុននេះ។ ហើយរយៈចម្ងាយរវាងអាចម៍ផ្កាយ និងផែនដីយើងមានប្រមាណជា ៥១ លានគីឡូម៉ែត្រពីគ្នា។ អាចម៍ផ្កាយមួយនេះនឹងមិនហោះចូលមកជិតផែនដីយើងនោះទេ។ យើងយល់ពីការធ្វើដំណើររបស់អាចម៍ផ្កាយ 2016 WF9 នេះបានយ៉ាងច្បាស់លាស់។ យោងតាមការសិក្សាស្រាវជ្រាវក្រុមរបស់យើង យើងហ៊ានសន្មតថា អាចម៍ផ្កាយ 2016 WF9 នេះនឹងមិនបង្កឲ្យមានការគំរាមកំហែងមកដល់ផែនដីយើងនេះឡើយ»។ (ដកស្រង់ចេញពី៖ http://www.jpl.nasa.gov/news/news.php?feature=6712)
ប៉ុន្តែ ក្រុមឆបោកបានចេញពាក្យចចាមអារ៉ាមថា អាចម៍ផ្កាយ 2016 WF9 នេះពិតជាអាចនាំមកនូវគ្រោះថ្នាក់ដល់ផែនដីយើង ហើយវានឹងហោះបុកផែនដីនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។ ក៏ប៉ុន្តែ ការអះអាងបែបនេះខុសឆ្គងទាំងស្រុង ហើយក៏មិនមានភស្តុតាងដ៏ជាក់លាក់ណាមួយផងដែរ។ អាចម៍ផ្កាយ 2016 WF9 នឹងមិនបង្កឲ្យមានគ្រោះថ្នាក់មកដល់ផែនដីយើងឡើយ។
សូមកុំជឿនូវរាល់អ្វីៗដែលលោកអ្នកអាននៅតាមប្រព័ន្ធអ៊ីនធឺណិតនោះឡើយ តែចូរស្រាវជ្រាវឲ្យដឹងប្រាកដថា អ្វីៗដែលលោកអ្នកកំពុងតែអាន វាជាការពិត ឬក៏មិនពិត។
មិនពិតទេ
មតិយោបល់
Loading…