ដ្បិតកូនមនុស្សក៏បានមក មិនមែនឲ្យគេបម្រើលោកទេ គឺមកដើម្បីបម្រើ
គេវិញ ទាំងប្រគល់ជីវិតខ្លួន ជាថ្លៃលោះដល់មនុស្សជាច្រើន។
(ម៉ាកុស ១០:៤៥ គកស)
ព្រះគម្ពីរមិនដែលចែងថា ដើម្បីឲ្យមនុស្សមានបាបបានសង្គ្រោះ លុះត្រាតែព្រះជាម្ចាស់បង់ថ្លៃឲ្យសាតាំងជាមុននោះទេ។ ពេលដែលព្រះគ្រីស្ទសុគត នោះមិនមែនជាថ្លៃដែលទ្រង់ត្រូវបង់ឲ្យសាតាំងនោះទេ តែនោះជាជ័យជម្នះដែលទ្រង់មានលើសាតាំងទៅវិញ។ ព្រះរាជបុត្រារបស់ព្រះជាម្ចាស់បានយកកំណើតជាមនុស្ស «…ដើម្បីឲ្យទ្រង់បានបំផ្លាញអានោះ ដែលមានអំណាចលើសេចក្តីស្លាប់ គឺជាអារក្ស ដោយទ្រង់សុគត» (ហេព្រើរ ២:១៤)។ ដូច្នេះ ការបង់ថ្លៃនោះមិនមែនជាការចរចារវាងព្រះជាម្ចាស់ និងសាតាំងនោះទេ។
នៅពេលដែលព្រះយេស៊ូវមានបន្ទូលថា ទ្រង់យាងមកដើម្បី «ប្រគល់ជីវិតខ្លួន ជាថ្លៃលោះ» នោះទ្រង់មិនផ្ដោតសំខាន់ថា អ្នកណានឹងទទួលថ្លៃលោះនោះទេ។ ការដែលទ្រង់ផ្ដោតសំខាន់នោះគឺ ការបង់ព្រះជន្មផ្ទាល់របស់ទ្រង់ទុកជាថ្លៃលោះ និងផ្ដោតលើសេរីភាពក្នុងការបម្រើអ្នកដទៃជាជាងឲ្យអ្នកដទៃមកបម្រើទ្រង់ ព្រមទាំងផ្ដោតលើ «មនុស្សជាច្រើន» ដែលនឹងទទួលព្រះពរពីថ្លៃលោះរបស់ទ្រង់។
ប្រសិនបើយើងសួរថា តើអ្នកណាជាអ្នកទទួលយកតម្លៃនៃថ្លៃលោះនោះ? ព្រះគម្ពីរបានផ្ដល់ចម្លើយយ៉ាងច្បាស់ថា ព្រះជាម្ចាស់ជាអង្គទទួលយកតម្លៃនៃថ្លៃលោះនោះ។ ព្រះគម្ពីរចែងថា ព្រះគ្រីស្ទ «…ប្រគល់ព្រះអង្គទ្រង់ជំនួសយើងផង ទុកជាតង្វាយ…ថ្វាយដល់ព្រះ» (អេភេសូរ ៥:២)។ ព្រះគ្រីស្ទ «…បានថ្វាយព្រះអង្គទ្រង់ ឥតសៅហ្មង ដល់ព្រះជាម្ចាស់…» (ហេព្រើរ ៩:១៤)។ តម្រូវការទាំងមូលរបស់យើងគឺ យើងត្រូវការអ្នកជំនួសម្នាក់ ដើម្បីស្លាប់ជួសយើង ពីព្រោះយើងបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អរបស់ព្រះជាម្ចាស់ (រ៉ូម ៣:២៣)។ ហើយដោយសារតែអំពើបាបរបស់យើងនោះឯងបានជា «…លោកីយ៍ទាំងមូលជាប់មានទោសនៅចំពោះព្រះ» (រ៉ូម ៣:១៩)។ ដូច្នេះ នៅពេលដែលព្រះគ្រីស្ទថ្វាយជីវិតទុកជាថ្លៃលោះជំនួសយើង ព្រះគម្ពីរចែងថាយើងបានរួចពីការដាក់ទោសរបស់ព្រះជាម្ចាស់ហើយ។ «ហេតុនោះ នៅជាន់នេះ អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះគ្មានទោសសោះ» (រ៉ូម ៨:១)។ ការរំដោះដ៏សំខាន់បំផុតដែលយើងត្រូវការនោះគឺការរំដោះជាលើកចុងក្រោយពី «សេចក្ដីជំនុំជំរះរបស់ព្រះ» (រ៉ូម ២:២, វិវរណៈ ១៤:៧)។
ព្រះជន្មរបស់ព្រះគ្រីស្ទ គឺជាតម្លៃថ្លៃលោះនៃការរំដោះយើងឲ្យរួចពីសេចក្តីជំនុំជំរះរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មិនមែនត្រឹមតែតម្រូវឲ្យព្រះយេស៊ូវមានព្រះជន្មគង់នៅលើផែនដីនេះតែប៉ុណ្ណោះនោះទេ ប៉ុន្តែទ្រង់ថែមទាំងតម្រូវឲ្យព្រះយេស៊ូវសុគតទៀតផង។ ព្រះយេស៊ូវបានមានបន្ទូលម្ដងហើយម្ដងទៀតទៅកាន់សិស្សរបស់ទ្រង់ថា «កូនមនុស្សត្រូវបញ្ជូនទៅក្នុងកណ្ដាប់ដៃនៃមនុស្សលោក គេនឹងសម្លាប់លោក» (ម៉ាកុស ៩:៣១)។ តាមពិត ហេតុផលមួយក្នុងចំណោមហេតុផលដទៃទៀតដែលព្រះយេស៊ូវសព្វព្រះហឫទ័យហៅខ្លួនព្រះអង្គថា «កូនមនុស្ស» ព្រោះងារនោះបង្ហាញថា ជីវិតទ្រង់នឹងត្រូវស្លាប់ (ងារនេះមានជាង៦៥ដងនៅក្នុងកណ្ឌដំណឹងល្អ)។ មនុស្សយើងគេចមិនផុតពីសេចក្ដីស្លាប់ឡើយ! ដូច្នេះ ទ្រង់ក៏ជាអង្គម្នាក់ដែរ ពីព្រោះទ្រង់បានយករូបភាពជាមនុស្ស។ ហើយមានតែ «កូនមនុស្ស» ប៉ុណ្ណោះដែលអាចបង់ថ្លៃលោះឲ្យបាន ព្រោះការបង់ថ្លៃលោះអាចសម្រេចបានតាមរយៈការស្លាប់របស់ព្រះគ្រីស្ទ។
មិនមានអ្នកណាមួយបង្ខំព្រះយេស៊ូវឲ្យបង់ថ្លៃលោះជំនួសយើងនោះទេ។ ឃ្លាខាងលើនេះបង្ហាញថា «…កូនមនុស្សក៏បានមក មិនមែនឲ្យគេបម្រើលោកទេ គឺមកដើម្បីបម្រើគេវិញ ទាំងប្រគល់ជីវិតខ្លួន ជាថ្លៃលោះដល់មនុស្សជាច្រើន» (ម៉ាកុស ១០:៤៥ គកស)។ ទ្រង់មិនត្រូវការការបម្រើពីយើងនោះទេ។ ទ្រង់គឺជាអ្នកឲ្យ មិនមែនជាអ្នកទទួលនោះទេ។ «គ្មានអ្នកណាដកយកជីវិតពីខ្ញុំបានទេ គឺខ្ញុំដាក់ជីវិតចុះដោយខ្លួនខ្ញុំ…» (យ៉ូហាន ១០:១៨)។ ព្រះយេស៊ូវបានបង់ថ្លៃលោះដោយស្ម័គ្រព្រះហឫទ័យ មិនមែនជាការបង្ខិតបង្ខំនោះទេ។ ការបង់ថ្លៃនេះនាំយើងឲ្យស្គាល់សេចក្ដីស្រឡាញ់របស់ទ្រង់ម្ដងទៀត។ ទ្រង់បានសង្គ្រោះយើងដោយស្ម័គ្រពីព្រះហឫទ័យ ទោះបើទ្រង់ត្រូវលះបង់ព្រះជន្មក៏ដោយ។
តើព្រះគ្រីស្ទបានសងថ្លៃលោះដ៏មានប្រសិទ្ធភាពជំនួសអំពើបាបរបស់មនុស្សប៉ុន្មាននាក់? ទ្រង់បានមានបន្ទូលថា ខ្ញុំបានមកដើម្បី «ប្រគល់ជីវិតខ្លួន ជាថ្លៃលោះដល់មនុស្សជាច្រើន» (ម៉ាកុស ១០:៤៥ គកស)។ ប៉ុន្តែមិនមែនគ្រប់គ្នានឹងទទួលការប្រោសលោះចេញពីសេចក្ដីក្រោធរបស់ព្រះជាម្ចាស់នោះទេ។ តែព្រះយេស៊ូវបានអញ្ជើញមនុស្សគ្រប់ៗគ្នាមកទទួលយកការប្រោសលោះនោះ។ កណ្ឌគម្ពីរ ១ធីម៉ូថេ ២:៥-៦ ចែងថា «ពីព្រោះមានព្រះតែ១…នៅកណ្តាលព្រះ និងមនុស្ស គឺជាមនុស្សដ៏ជាព្រះគ្រីស្ទយេស៊ូវនោះ ទ្រង់បានថ្វាយព្រះអង្គទ្រង់ ទុកជាថ្លៃលោះមនុស្សទាំងអស់…»។ អ្នកណាក៏អាចទទួលបានសេចក្ដីសង្គ្រោះដែរ ប្រសិនបើពួកគេទទួលយកការប្រោសលោះដែលជាសម្បត្តិពីព្រះគ្រីស្ទ។
មតិយោបល់
Loading…