in

ដើម្បី​ប្រទាន​មូលដ្ឋាន​នៃ​ការ​រាប់​ជា​សុចរិត​ដល់​យើង

ដូច្នេះ ដែល​បាន​រាប់​ជា​សុចរិត ដោយ​សារ​ព្រះ​លោហិត​ទ្រង់…។
(រ៉ូម ៥:៩)

តែ​ដោយ​ពឹង​ដល់​ព្រះ​គុណ​ទ្រង់ នោះ​បាន​រាប់​ជា​សុចរិត​ទទេ ដោយ​សារ​សេចក្ដី​ប្រោស​លោះ ដែល​នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ។
(រ៉ូម ៣:២៤)

ដ្បិត​យើង​យល់​ថា មនុស្ស​បាន​រាប់​ជា​សុចរិត ដោយ​សារ​ជំនឿ មិន​មែន​ដោយ​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​ទេ។
(រ៉ូម ៣:២៨ គកស)

ការ​រាប់​ជា​សុចរិត​នៅ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះ​ជាម្ចាស់ និង​ការ​ទទួល​ការ​អត់​ទោស​ពី​ព្រះ​ជាម្ចាស់​គឺ​មិន​ដូចគ្នា​ទេ។ ការ​រាប់​ជា​សុចរិត​នៅ​ក្នុង​បន្ទប់​សវនាការ មិន​ដូចគ្នា​ទៅ​នឹង​ការ​ទទួល​ការ​អត់​ទោស​នោះ​ទេ។ ការ​ទទួល​ការ​អត់​ទោស​គឺ​មាន​ន័យ​ថា ខ្ញុំ​ជាប់​ពិរុទ្ធ តែ​គេ​មិន​កាត់​ទោស​អំពើ​ឧក្រិដ្ឋ​របស់​ខ្ញុំ​ឡើយ។ ការ​រាប់​ជា​សុចរិត​មាន​ន័យ​ថា គេ​បាន​ព្យាយាម​រក​កំហុស ប៉ុន្តែ​គេ​បែរ​ជា​ឃើញ​ថា​ខ្ញុំ​គ្មាន​កំហុស។ ដូច្នេះ​ខ្ញុំ​អាច​ពោល​ថា ខ្ញុំ​ជា​មនុស្ស​សុចរិត។ តាម​រយៈ​ព្រះ​យេស៊ូវ ខ្ញុំ​គ្មាន​ទោស​ទៀត​ទេ។ ចៅក្រម​ក៏​ប្រកាស​ថា បុគ្គល​នោះ «គ្មាន​ទោស​ទេ»។

ពាក្យ​ថា សុចរិត​ គឺ​ជា​ពាក្យ​ដែល​គេ​ប្រើ​នៅ​ក្នុង​សវនាការ។ ពាក្យ​នេះ​ជា​ការ​ប្រកាស​ពី​ភាព​សុចរិត​របស់​បុគ្គល​ណា​ម្នាក់។ វា​គឺ​ជា​ការ​វិនិច្ឆ័យ​របស់​តុលាការ។ ការ​វិនិច្ឆ័យ​ថា បុគ្គល​ណា​ម្នាក់​ថា​សុចរិត​មិន​បាន​ធ្វើ​ឲ្យ​បុគ្គល​នោះ​ក្លាយ​ជា​មនុស្ស​សុចរិត​ទេ តែ​វា​ជា​ការ​ប្រកាស​ថា​បុគ្គល​ម្នាក់​នោះ​សុចរិត។ ការ​ប្រកាស​ថា បុគ្គល​ណា​ម្នាក់​សុចរិត ទាល់​តែ​អ្នក​ប្រកាស​នោះ​ជា​បុគ្គល​សុចរិត​ជា​មុន​សិន។ យើង​អាច​ឃើញ​ការ​នេះ​យ៉ាង​ច្បាស់ នៅ​ពេល​ដែល​ព្រះ​គម្ពីរ​ប្រាប់​យើង​ពី​ការ​ឆ្លើយតប​របស់​បណ្ដា​ជន​ទៅ​នឹង​សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូវ​ដោយ​ពួក​គេ​ទទួល​ស្គាល់​ថា ព្រះ​ជាម្ចាស់ «សុចរិត» (លូកា ៧:២៩)។ នេះ​មិន​មែន​មាន​ន័យ​ថា​ពួក​គេ​បាន​ធ្វើ​ឲ្យ​ព្រះ​ជាម្ចាស់​សុចរិត​ទេ (ពីព្រោះ​ទ្រង់​សុចរិត​រួច​ទៅ​ហើយ)។ តែ​វា​មាន​ន័យ​ថា ពួក​គេ​បាន​ប្រកាស​ថា ព្រះ​ជាម្ចាស់​សុចរិត។

ការ​លូតលាស់​ខាង​សីលធម៌​ដែល​កើត​ឡើង​ដោយសារ​យើង​ជឿ​ទុក​ចិត្ត​លើ​​ព្រះ​គ្រីស្ទ នោះ​​មិនមែន​ហៅ​ថា ការ​រាប់​យើង​ជា​សុចរិត​នោះ​ទេ។ តាម​ធម្មតា ព្រះ​គម្ពីរ​ហៅ​ការ​នោះ​ថា ការ​ញែក​ជា​បរិសុទ្ធ​ដែល​ជា​ដំណើរ​នៃ​ការ​ផ្លាស់​ប្រែ​ពី​អាក្រក់​ទៅ​ល្អ។ ការ​រាប់​ជា​សុចរិត​មិន​មែន​មាន​លក្ខណៈ​ដូច​ជា​ការ​ញែក​ជា​បរិសុទ្ធ​នោះ​ទេ ហើយ​ក៏​មិន​មែន​ជា​ការ​កើត​ឡើង​តាម​លំដាប់​លំដោយ​នោះ​ដែរ តែ​គឺ​ជា​សេចក្ដី​ប្រកាស​មួយ​ដែល​កើត​ឡើង​ក្នុង​មួយ​រំពេច។ វា​ដូចជា​ការ​ដែល​ចៅក្រម​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ថា៖ សុចរិត! ត្រឹមត្រូវ!

ការ​គោរព​តាម​ច្បាប់​គឺ​ជា​របៀប​ដ៏​សាមញ្ញ​មួយ ដើម្បី​ទទួល​បាន​ការ​រាប់​ជា​សុចរិត​នៅ​ក្នុង​សាលក្រម​របស់​មនុស្ស។ ក្នុង​ករណី​នោះ​ក្រុម​ប្រឹក្សា​តុលាការ និង​ចៅក្រម​ប្រកាស​ពី​សេចក្តី​ពិត​ថា ​អ្នក​បាន​គោរព​តាម​ច្បាប់។ ពួក​គេ​បាន​រាប់​អ្នក​ជា​មនុស្ស​សុចរិត។ ប៉ុន្តែ​នៅ​ចំពោះ​មុខ​បល្ល័ង្ក​របស់​ព្រះ​ជាម្ចាស់​វិញ យើង​មិន​បាន​កាន់​តាម​ច្បាប់​ទេ។ ដូច្នេះ បើ​ការ​រាប់​ជា​សុចរិត​យោង​តាម​ការ​កាន់​តាម ឬ​មិន​កាន់​តាម​ច្បាប់ នោះ​យើង​គ្មាន​សង្ឃឹម​ថា​ព្រះ​ជាម្ចាស់​នឹង​រាប់​យើង​ជា​សុចរិត​នោះ​ទេ ព្រោះ​គ្មាន​បុគ្គល​ណា​មួយ​ដែល​អាច​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​ជាម្ចាស់​បាន​ទាំង​ស្រុង​នោះ​ទេ។ សូម្បី​តែ​ព្រះ​គម្ពីរ​ចែង​ថា «អ្នក​ណា​ដែល​រាប់​មនុស្ស​អាក្រក់​ជា​ឥត​មាន​ទោស…អ្នក…នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ​យេហូវ៉ា» (សុភាសិត ១៧:១៥)។ ប៉ុន្តែ គួរ​ឲ្យ​អស្ចារ្យ​មែន ព្រោះ​តែ​ព្រះ​គ្រីស្ទ នោះ​ព្រះ​គម្ពីរ​ក៏បាន​ចែង​ផង​ដែរ​ថា​ព្រះ​ជាម្ចាស់ «…ប្រោស​ឲ្យ​មនុស្ស​ទមិឡ​ល្មើស​បាន​សុចរិត…» ជា​អ្នក​ដែល​ជឿ​ទុក​ចិត្ត​លើ​ព្រះ​គុណ​របស់​ទ្រង់ (រ៉ូម ៤:៥)។ មើល​ទៅ​ព្រះ​ជាម្ចាស់​ហាក់​បី​ដូច​ជា កំពុង​តែ​ប្រព្រឹត្ត​រឿង​គួរ​ឲ្យ​ស្អប់​ខ្ពើម។

ហេតុ​អ្វី​បាន​ជា​វា​មិន​គួរ​ឲ្យ​ស្អប់​ខ្ពើម? ឬ​ដូច​ដែល​ព្រះ​គម្ពីរ​បាន​ពណ៌នា​ថា តើ «ព្រះអង្គ​ប្រោស​មនុស្ស​ឲ្យ​បាន​សុចរិត ដើម្បី​សម្ដែង​ថា ​ព្រះអង្គ​សុចរិត ហើយ…​ប្រោស​អ្នក​ដែល​ជឿ​លើ​ព្រះយេស៊ូវឲ្យ​បាន​សុចរិត​ផង​ដែរ» ដោយ​របៀប​ណា (រ៉ូម ៣:២៦)? មាន​ហេតុ​ផល​ពីរ​យ៉ាង​ដែល​បង្ហាញ​ថា វា​មិន​គួរ​ឲ្យ​ស្អប់​ខ្ពើម​នោះ​ឡើយ​នៅ​ចំពោះ​ព្រះ​ជាម្ចាស់​ក្នុង​ការ​ដែល​ទ្រង់​រាប់​មនុស្ស​ទមិឡ​ល្មើស​ដែល​បាន​ទុក​ចិត្ដ​ទ្រង់​ថា ជា​មនុស្ស​សុចរិត​នោះ។
ហេតុផល​ទីមួយ ព្រះ​គ្រីស្ទ​បាន​ខ្ចាយ​ព្រះ​លោហិត​របស់​ទ្រង់ ដើម្បី​លុប​ទោស​កំហុស​នៃ​អំពើ​ឧក្រិដ្ឋ​របស់​យើង​ចោល។ ដូច​ដែល​ព្រះ​គម្ពីរ​ចែង​ថា «…យើង​បាន​សេចក្តី​ប្រោស​លោះ​នៅ​ក្នុង​ព្រះរាជបុត្រា​នោះ ដោយសារ​ព្រះលោហិត​ទ្រង់…» (អេភេសូរ ១:៧)។ ប៉ុន្តែ​នោះ​គឺ​គ្រាន់​តែ​ជា​ការ​ដក​នូវ​ទោស​កំហុស​របស់​យើង​ចោល​តែប៉ុណ្ណោះ។ ការ​នោះ​មិន​បាន​ប្រកាស​ថា យើង​សុចរិត​នោះ​ទេ។ ការ​លុបចោល​នូវ​ការ​ដែល​យើង​មិន​បាន​គោរព​តាម​ច្បាប់ គឺ​មិន​ដូចគ្នា​ទៅ​នឹង​ការ​ប្រកាស​ថា យើង​ជា​អ្នក​គោរព​ច្បាប់​ម្នាក់​នោះ​ទេ។ នៅ​ពេល​ដែល​គ្រូ​ម្នាក់​លុប​បញ្ជី​នៃ​ការ​ប្រលង​របស់​សិស្ស​មួយ​ក្រុម​ដែល​ទទួល​បាន​និទ្ទេស​ខ្សោយ​ចោល គឺ​មិន​ដូចគ្នា​ទៅ​នឹង​ការ​ប្រកាស​ថា អ្នក​ទាំង​នោះ មាន​និទ្ទេស​ល្អ​នោះ​ទេ។ ប្រសិនបើ​ធនាគារ​បាន​លើក​លែង​ឲ្យ​ខ្ញុំ​រួច​ពី​បំណុល​ដែល​ខ្ញុំ​ជំពាក់​គេ នោះ​មិន​មែន​មាន​ន័យ​ថា គេ​ហៅ​ខ្ញុំ​ជា​អ្នកមាន​នោះ​ដែរ។ ដូច​គ្នា​នេះ​ដែរ ការ​លុបចោល​នូវ​អំពើ​បាប​របស់​យើង គឺ​មិន​ដូច​ទៅ​នឹង​ការ​ប្រកាស​ថា យើង​ជា​មនុស្ស​សុចរិត​នោះ​ឡើយ។ ការ​លុបចោល​ត្រូវ​តែ​មាន ព្រោះ​ការ​នេះ​ជា​ការ​សំខាន់​ក្នុង​ការ​រាប់​ជា​សុចរិត។ ប៉ុន្តែ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ នៅ​មាន​ហេតុផល​មួយ​ទៀត​ដែល​ថា ព្រះ​ជាម្ចាស់​មិន​គួរ​ឲ្យ​ស្អប់​ខ្ពើម​ឡើយ​ក្នុង​ការ​ដែល​ទ្រង់​រាប់​មនុស្ស​អាក្រក់​ថា ជា​មនុស្ស​សុចរិត ដោយ​សារ​ជំនឿ​នោះ។ ដើម្បី​ឲ្យ​ដឹង​ជាក់​ច្បាស់​បន្ថែម​ទៀត​អំពី​មូលហេតុ​នេះ សូម​អាន​ជំពូក​បន្ទាប់។

ដកស្រង់ចេញពីសៀវភៅ «ហេតុផលហាសិបដែលព្រះគ្រីស្ទយាងមកសុគត» និពន្ធដោយ៖ លោកគ្រូ ចន ផាភ័រ រក្សាសិទ្ធិគ្រប់យ៉ាង © ដោយលោកគ្រូ ចន ផាភ័រ ប្រើដោយការអនុញ្ញាត

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ដើម្បី​អត់​ទោស​បាប​យើង

ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូវ​ត្រូវ​​ស្ដាប់​បង្គាប់​?