ប្រាកដណាស់! យើងអាចអរព្រះគុណព្រះជាម្ចាស់ចំពោះអស់អ្នកដែលយើងស្រឡាញ់ដែលបានស្លាប់ទៅ ប៉ុន្តែ ព្រះគម្ពីរមិនបានលើកទឹកចិត្តយើងឲ្យអធិស្ឋានឲ្យអស់អ្នកដែលបានស្លាប់ទេ ព្រោះការធ្វើបែបនោះគ្មានប្រយោជន៍អ្វីឡើយ។
ពេលបុគ្គលណាម្នាក់ស្លាប់ មានផ្លូវតែពីរគត់សម្រាប់គាត់៖ ១) ទៅនៅជាមួយព្រះអម្ចាស់ ២) ឬក៏នៅដាច់ចេញពីព្រះវត្តមានទ្រង់។ គ្មានអ្វីដែលយើងអាចធ្វើ ដើម្បីនឹងជួយកែវាសនារបស់គាត់ បន្ទាប់ពីគាត់បានស្លាប់ទៅហើយនោះទេ។ អស់អ្នកជឿនឹង «ទៅនៅជាមួយព្រះគ្រីស្ទ ដ្បិតការនេះប្រសើរជាងខ្លាំងណាស់» នេះសឲ្យឃើញថា ពួកគាត់គ្មានអ្វីខ្វះខាត ដែលតម្រូវឲ្យយើងអធិស្ឋានសម្រាប់ពួកគាត់ទៀតនោះទេ (ភីលីព ១:២៣ គគខ)។
អស់អ្នកជឿលែងមានឱកាសឆ្លើយតបនឹងដំណឹងល្អទៀតហើយ ពេលគាត់ស្លាប់ ដូច្នេះការដែលយើងចំណាយពេលអធិស្ឋានសម្រាប់ពួកគាត់នឹងមិនអាចសម្រេចអ្វីបានឡើយ។ ហេតុដូច្នេះហើយបានជាព្រះគម្ពីរលើកទឹកចិត្តយើងឲ្យមានភាពរហ័សរហួនក្នុងការផ្សាយដំណឹងល្អលើផែនដីនេះ ខណៈពេលដែលយើងនៅមានពេលវេលានៅឡើយ។ ប្រាកដណាស់! យើងគួរអរព្រះគុណព្រះជាម្ចាស់ចំពោះជីវិតរបស់អស់អ្នកដែលបានស្លាប់បាត់ទៅ ប៉ុន្តែ យើងត្រូវប្រគល់ពួកគេទៅព្រះជាម្ចាស់ដោយមានទំនុកចិត្ត ហើយយើងក៏ត្រូវព្យាយាមអធិស្ឋានសម្រាប់អស់អ្នកដែលកំពុងតែរស់នៅវិញ។
តែផ្ទុយទៅវិញក្រុមជំនុំ រ៉ូម៉ាំង កាតូលិក (Roman Catholic Church) បែរជាបង្រៀនថា មានអ្នកជឿជាច្រើនពេលដែលស្លាប់ទៅនឹងត្រូវទៅស្ថានជម្រះព្រលឹង (purgatory) ជាកន្លែងដែលភ្លើងនឹងបន្សុទ្ធពួកគាត់ ដើម្បីឲ្យពួកគាត់អាចទៅនៅស្ថានសួគ៌បាន។ លើសពីនោះ ពួកគាត់ថែមទាំងបង្រៀនថា អ្នកជឿដែលនៅរស់លើផែនដីនេះមានសមត្ថភាពជួយអ្នកនៅស្ថានជម្រះព្រលឹងបាន ដោយអធិស្ឋានឲ្យអ្នកទាំងនោះ ហើយអាចសុំទោសព្រះជាម្ចាស់ជំនួសអ្នកទាំងនោះបាន ដោយបង់លុយលោះបាប (indulgences)។
ការបង្រៀនបែបនោះគ្មានមូលដ្ឋានក្នុងព្រះគម្ពីរទេ។ ហើយការបង្រៀនបែបនោះក៏ទាស់ប្រឆាំងនឹងការបង្រៀនដ៏ច្បាស់លាស់ក្នុងព្រះបន្ទូលទៀតផង៖ ពេលបុគ្គលណាម្នាក់ជឿទុកចិត្តលើព្រះគ្រីស្ទ ពួកគាត់នឹងទទួលបានការរាប់ជាសុចរិតចាប់ពីពេលនោះតែម្ដង ពោលគឺពួកគាត់នឹងត្រូវគ្នានឹងព្រះជាម្ចាស់វិញ ហើយទ្រង់ក៏បានទទួលស្គាល់ ក៏ដូចជាទទួលយកពួកគាត់ទាំងស្រុងតែម្ដង។ អំណះអំណាងដែលយើងមានគឺព្រះជាម្ចាស់ «បានរាប់ជាសុចរិតដោយសារជំនឿ នោះយើងមានមេត្រីភាពជាមួយព្រះជាម្ចាស់តាមរយៈព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់របស់យើង» (រ៉ូម ៥:១ គគខ)។
ចំណុចដ៏អស្ចារ្យនៃដំណឹងល្អគឺ ដោយសារព្រះគ្រីស្ទបានរងទុក្ខជំនួសបាបរបស់យើង នោះយើងនឹងមិនត្រូវរងទុក្ខឡើយ (១ពេត្រុស ៣:១៨)។
មតិយោបល់
Loading…