ថ្មីៗនេះ យើងខ្ញុំបានសញ្ជឹងគិតពីជីវិតរបស់យើងខ្ញុំ កាលពីដប់ពីរឆ្នាំមុនរហូតមកដល់ឥឡូវនេះ។ យើងខ្ញុំគិតពីកាលហ្នឹងរហូតដល់ឥឡូវ ហើយមើលទៅជីវិតរបស់យើងខ្ញុំមានការផ្លាស់ប្ដូរច្រើនណាស់។ យើងខ្ញុំបានចាកចេញពីភាពនៅលីវឆ្ពោះទៅកាន់ជីវិតអាពាហ៍ពិពាហ៍ ហើយបានចេញពីបន្ទុកគ្រួសារឆ្ពោះទៅកាន់ភាពជាឪពុកគេវិញ ហើយចាកចេញពីវ័យសិក្សាឆ្ពោះទៅមានការងារធ្វើវិញ ក្រោយមកទៅកាន់ក្រុមជំនុំ ចេញពីការធ្លាប់មានលុយកាក់តិចតួចទៅកាន់ការមានលុយកាក់ច្រើន (ហើយពី «ការមានច្រើន» ទៅជាមានតិចវិញ) ហើយក៏ចេញពីការលេងកីឡាក្នុងលំដាប់ខ្ពស់នៅមហាវិទ្យាល័យហើយមកធ្វើជាឪពុកដែលមើលកូនលេងកីឡានៃចំណាត់ថ្នាក់ទាបវិញ។
យើងខ្ញុំមានការផ្លាស់ប្ដូរជាច្រើនដូចជា៖ ប្ដូរទីលំនៅប្រាំបីដង ប្ដូរព្រះវិហារប្រាំដងដែលមាននិកាយខុសៗគ្នាបួនដង ប្ដូរការងារបួនដងដែលមានទីក្រុងបួនខុសៗគ្នា ហើយទីក្រុងនោះមានតំបន់ខុសៗគ្នាបីកន្លែងក្នុងប្រទេស។ យើងខ្ញុំក៏បានប្ដូរពីការគ្មានកូនសោះទៅជាមានកូនរហូតដល់ប្រាំមួយនាក់ ហើយក៏ធ្លាប់រលូតកូនមួយផងដែរ។
អ្វីដែលយើងខ្ញុំបានរៀបរាប់នៅខាងលើ គឺជាការពន្យល់ពីការប្ដូរពីនេះទៅនោះ ពីនោះទៅនេះក្នុងជីវិតរបស់យើងខ្ញុំ។ យើងមានការពិបាកណាស់ក្នុងការគ្រប់គ្រងជីវិតយើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈពេលដែលពិភពលោកនេះមានការផ្លាស់ប្ដូរយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។
ការប្ដូរពីនេះទៅនោះពីនោះទៅនេះ
ព្រះគម្ពីរមានពេញទៅដោយការរៀបរាប់ពីការផ្លាស់ប្ដូរជាច្រើន។ មានរៀបរាប់ពីមនុស្សពីរនាក់ក្នុងសួនច្បារទៅជាមានមនុស្សច្រើននៅទីក្រុងជាច្រើន ចេញពីបុរសម្នាក់ (លោក អ័ប្រាហាំ) រហូតដល់មានជាតិសាសន៍ ពីការគ្រប់គ្រងលើពូជអំបូរឲ្យទៅជាមានស្ដេចដ៏ខ្លាំងៗជាច្រើន ពីការចម្រុងចម្រើនដ៏ងាយស្រួលទៅកាន់ភាពក្រីក្រដ៏លំបាកលំបិន។ល។ រាស្ត្ររបស់ព្រះជាម្ចាស់បានផ្លាស់ប្ដូរចេញពីការប្រើប្រាស់អាសនាដូចជំនាន់ពួកឰយុកោទៅប្រើរោងឧបោសថដែលអាចរុះរើបាន ហើយការមានព្រះវិហារនៅមួយកន្លែង បន្ទាប់មកដល់វាំងននត្រូវបានហែកជាពីរភាគ។
ព្រះគម្ពីរក៏មានរៀបរាប់ពីការផ្លាស់ប្ដូរដោយផ្ដោតលើបុគ្គលផងដែរ។ លោក អ័ប្រាហាំ បានចាកចេញពីគ្រួសាររបស់គាត់។ លោក ដាវីឌ បានឈប់ធ្វើជាអ្នកគង្វាលហើយបានក្លាយជាស្ដេច។ ពួកសាវ័កបានចេញពីមុខរបររកស៊ីជាអ្នកនេសាទត្រី ហើយក្លាយជាអ្នកដឹកនាំក្រុមជំនុំ ក៏ដូចជាបានរៀបរាប់ជាច្រើនពីមនុស្សមានបាបដែលបានក្លាយជាពួកបរិសុទ្ធដែរ។ សូមពិចារណាពីជីវិតលោក ម៉ូសេ ដែលមានការផ្លាស់ប្ដូរដូចព្យុះចំនួនបីដង៖ ពីការរស់នៅជាមួយស្ដេចសាសន៍ដទៃ ទៅជាអ្នកគង្វាលដែលគ្មានគោលដៅក្នុងជីវិត ហើយក្រោយមកក្លាយជាមេដឹកនាំសាសន៍ហេប្រឺ។ លោក ម៉ូសេ ក៏ស្គាល់ពីអត្ថន័យនៃការវិលវល់ទាក់ទងនឹងការផ្លាស់ប្ដូរក្នុងជីវិតដែរ (និក្ខមនំ ៣:១១)។
ឥឡូវនេះ តើយើងខ្ញុំជាអ្នកណា?
ប្រសិនបើជីវិតលោកអ្នកមានលក្ខណៈដូចជាមនុស្សដទៃជាច្រើនទៀត នោះជីវិតលោកអ្នកក៏មានពេញទៅដោយការផ្លាស់ប្ដូរជាមិនខាន។ ទំនងវានឹងមិនស្មើនឹងការផ្លាស់ប្ដូរធំៗដូចលោក ម៉ូសេ ទេ ឬក៏មានការញឹកញាប់ដូចនឹងជីវិតយើងខ្ញុំប្រមាណដប់ឆ្នាំមុននេះនោះដែរ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏លោកអ្នកនឹងប្រទះការផ្លាស់ប្ដូរក្នុងជីវិតរស់នៅជាមិនខាន។ ពេលដែលលោកអ្នកប្រទះនឹងការផ្លាស់ប្ដូរ នោះលោកអ្នកក៏នឹងប្រឈមមុខនឹងសំណួរជាច្រើនមានដូចជា៖
តើយើងខ្ញុំមានការឆេះឆួលចំពោះអ្វី?
ឥឡូវនេះ តើយើងខ្ញុំជាអ្នកណា?
តើយើងខ្ញុំចង់ក្លាយជាបុគ្គលបែបណានាពេលអនាគត?
តើយើងខ្ញុំចង់ឲ្យអ្នកដទៃនិយាយបែបណាពីយើងខ្ញុំ ក្រោយពេលដែលយើងខ្ញុំស្លាប់បាត់ទៅ?
ចម្លើយទាំងប៉ុន្មានរបស់លោកអ្នកលើសំណួរទាំងនេះនឹងបណ្ដាលឲ្យលោកអ្នកមានជម្រើសពីរយ៉ាង ដែលជម្រើសទាំងពីរនោះវាផ្ទុយពីគ្នាទាំងស្រុង។ ចម្លើយមួយបែបគឺ លោកអ្នកនឹង «បង្កើតខ្លួនឯងសារជាថ្មី»។ នៅក្នុងយុគសម័យរបស់យើងសព្វថ្ងៃនេះ ភាគច្រើនការបង្កើតខ្លួនឯងសារជាថ្មីទាក់ទងនឹងការយកខ្លួនឯងដាក់ជាចំណុចកណ្តាល ក៏ដូចជាការធ្វើអ្វីមួយដោយគ្មានព្រះ។ ទាក់ទងនឹងចំណុច «គ្មានព្រះ» យើងខ្ញុំមិនមែនចង់មានន័យថា គ្រប់ចំណុចគឺអាក្រក់ទាំងស្រុងនោះទេ តែត្រង់នេះយើងខ្ញុំចង់មានន័យដ៏សាមញ្ញមួយថា នៅក្នុងការផ្លាស់ប្ដូរក្នុងជីវិតរបស់លោកអ្នក លោកអ្នកមិនបានគិតថា តើព្រះជាម្ចាស់សព្វព្រះហឫទ័យ ឬក៏មិនសព្វព្រះហឫទ័យឲ្យលោកអ្នកធ្វើ ឬក៏មិនឲ្យធ្វើនោះទេ។ តែនេះមានន័យថា លោកអ្នកមើលតែក្នុងខ្លួនឯង៖ តើយើងខ្ញុំជាអ្នកណា? ហើយក៏មើលខាងក្រៅខ្លួន៖ យើងខ្ញុំចង់មានលក្ខណៈដូចមនុស្សនេះ ឬក៏មិនចង់មានលក្ខណៈដូចមនុស្សនោះ។
ក្នុងផ្នត់គំនិតនៃការសន្មតទាក់ទងនឹងការបង្កើតខ្លួនឯងសារជាថ្មីមានដូចតទៅ៖ ផលកម្មនៃជីវិតមានច្រើនផ្នត់ដែលរាប់មិនអស់ ហើយបើយើងខ្ញុំព្យាយាមឲ្យបានគ្រប់គ្រាន់ នោះយើងខ្ញុំក៏អាចធ្វើនូវអ្វីដែលយើងខ្ញុំចង់ធ្វើបានដែរ។ ជាថ្មីម្ដងទៀត ក្នុងផ្នត់គំនិតបែបនេះ យើងឃើញថា ពួកគាត់មិនបានផ្ដោតលើព្រះជាម្ចាស់សោះដោយពួកគាត់សម្លឹងមើលទៅផ្នែកខាងលើ ខាងក្នុង និងខាងក្រៅខ្លួនឯងតែប៉ុណ្ណោះ។
ជីវិតរស់នៅរបស់លោកអ្នកសព្វថ្ងៃនេះ
ចំពោះគ្រីស្ទបរិស័ទវិញ មានជម្រើសមួយផ្សេងទៀតដែលល្អប្រសើរជាងជម្រើសខាងលើនេះ។ គ្រីស្ទបរិស័ទមិនគួរប្រើការផ្លាស់ប្ដូរទុកជាឱកាស ដើម្បីបង្កើតខ្លួនឯងសារជាថ្មីទេ ប៉ុន្តែគ្រីស្ទបរិស័ទគួរប្រើការផ្លាស់ប្ដូរទុកជាឱកាស ដើម្បី «សម្គាល់ពីអត្តសញ្ញាណថ្មី» របស់ខ្លួនក្នុងព្រះគ្រីស្ទ។ ការផ្លាស់ប្ដូរពីនេះទៅនោះឬក៏ពីនោះទៅនេះ គឺជាពេលវេលានៃការអះអាងជាថ្មីថា អត្ថន័យដ៏ពិតនៃជីវិតរបស់យើងខ្ញុំ គឺមិនពឹងផ្អែកលើថា តើយើងខ្ញុំនៅលីវ ឬក៏រៀបការរួចហើយ មិនពឹងលើទីតាំងនៃគេហដ្ឋាន មិនពឹងលើកូនចៅយើងខ្ញុំ ប្រាក់ខែ ការងារ យើងខ្ញុំស្អាតឬមិនស្អាត រៀនបានប៉ុណ្ណា ឬក៏មានឬមិនមានប្រជាប្រិយភាពនោះទេ ប៉ុន្តែការផ្លាស់ប្ដូរគឺជាឱកាស ដើម្បីសម្គាល់ជាថ្មីពីអត្តសញ្ញាណរបស់ខ្លួនក្នុងព្រះគ្រីស្ទ៖ ព្រះយេស៊ូវគ្រីស្ទស្រឡាញ់យើងខ្ញុំ ហើយក៏បានលះបង់ជីវិតព្រះអង្គជំនួសយើងខ្ញុំដែល។
សាវ័ក ប៉ុល ក៏បានគិតបែបនេះថា៖ «យើងខ្ញុំបានជាប់ឆ្កាងជាមួយព្រះគ្រីស្ទ ដូច្នេះ មិនមែនយើងខ្ញុំទៀតទេដែលរស់នៅ គឺព្រះគ្រីស្ទវិញទេតើដែលរស់នៅក្នុងយើងខ្ញុំ ហើយដែលយើងខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ គឺយើងខ្ញុំរស់ដោយជំនឿដល់ព្រះរាជបុត្រារបស់ព្រះដែលទ្រង់ស្រឡាញ់យើងខ្ញុំ ហើយបានប្រគល់ព្រះអង្គទ្រង់សម្រាប់យើងខ្ញុំ» (កាឡាទី ២:២០ គកស)។ សាវ័ក ប៉ុល មានប្រសាសន៍ថា ជីវិតដែលគាត់កំពុង «រស់ក្នុងសាច់ឈាមឥឡូវនេះ» (ដែលនេះមានន័យថា៖ អ្វីៗដែលទើបតែបានកើតឡើង កំពុងតែកើតឡើង ឬក៏ថាក្រោយការផ្លាស់ប្ដូរ) គឺគាត់បានប្ដេជ្ញាថា គាត់នឹងរស់នៅក្នុងចំណេះដឹងដែលថា ព្រះជាម្ចាស់ស្រឡាញ់គាត់។ នេះឯងជាកន្លែងដែលគាត់ទម្លាក់យុថ្កានៃអត្តសញ្ញាណរបស់គាត់—ការដែលកំពុងផ្ដោតលើអត្តសញ្ញាណ និងការដែលបានផ្ដោតលើអត្តសញ្ញាណដដែលៗនោះជាថ្មីនិងម្ដងហើយម្ដងទៀត។
ព្រះយេស៊ូវក៏បានធ្វើបែបនេះក្នុងជីវិតរបស់ព្រះអង្គដែរ។ ពេលដែលព្រះយេស៊ូវបានប្ដូរមុខរបរពីជាងឈើពេញម៉ោងទៅធ្វើព័ន្ធកិច្ចនៃការអធិប្បាយ ព្រះជាម្ចាស់ដ៏ជាព្រះវរបិតាបានប្រកាសជាសាធារណៈពីភាពពេញចិត្តរបស់ទ្រង់លើព្រះរាជបុត្រាថា៖ «នេះជាកូនស្ងួនភ្ងារបស់យើង យើងពេញចិត្តនឹងព្រះអង្គណាស់» (ម៉ាថាយ ៣:១៧ គកស)។
សសរដ៏រឹងមាំលើដីខ្សាច់ដែលចេះតែប្រែប្រួល
បើនិយាយពីជីវប្រវត្តិរបស់យើងខ្ញុំផ្ទាល់វិញ យើងខ្ញុំមិនមានទម្លាប់ល្អក្នុងការស្វែងរកអត្តសញ្ញាណរបស់ខ្លួនក្នុងព្រះគ្រីស្ទទេ។ ទាក់ទងនឹងការងារដែលយើងខ្ញុំទើបតែប្ដូរថ្មីៗនេះ យើងខ្ញុំមានចំណុចនៃការងារយើងខ្ញុំមួយចំនួនដែលត្រូវបានផ្លាស់ប្ដូរផងដែរ។ ពេលយើងខ្ញុំឈានទៅដល់ដំណាក់កាលនៃការផ្លាស់ប្ដូរ នោះជាពេលដែលយើងខ្ញុំទើបតែចាប់ផ្ដើមសម្គាល់ពីអត្តសញ្ញាណដែលថា យើងខ្ញុំពឹងលើផ្នែកមួយនៃការងាររបស់យើងខ្ញុំ៖ ការអធិប្បាយ។ បើយើងខ្ញុំអធិប្បាយបានយ៉ាងពូកែនោះមានន័យថា យើងខ្ញុំល្អ ហើយត្រូវបានគេស្រឡាញ់ និងឲ្យតម្លៃទៀតផង។ ហើយបើយើងខ្ញុំមិនបានអធិប្បាយបានយ៉ាងពូកែទេ នោះមានន័យថាយើងខ្ញុំមិនល្អទេ។ កាលពីមួយទសវត្សរ៍មុន បញ្ហាដែលយើងខ្ញុំតយុទ្ធជាមួយនោះគឺ តើយើងខ្ញុំរៀនបានពិន្ទុល្អ ឬមិនល្អ ឬក៏ថា តើកីឡាដែលយើងខ្ញុំលេងពូកែឬមិនពូកែ។ បើយើងខ្ញុំប្រឡងបានពិន្ទុខ្ពស់ នោះមានន័យថា យើងខ្ញុំពូកែ។ ហើយបើយើងខ្ញុំប្រឡងបានពិន្ទុទាប នោះមានន័យថា យើងខ្ញុំអន់។ អត្តសញ្ញាណរបស់យើងខ្ញុំ គឺពឹងលើភាពជោគជ័យនៃការសិក្សារបស់យើងខ្ញុំ។
នោះមិនមែនជាដំណឹងល្អទេ។ ក្នុងដំណឹងល្អគឺថា គ្រីស្ទបរិស័ទមានប្រភពនៃអត្តសញ្ញាណដែលមិនចេះប្រែប្រួលមួយគឺ៖ ព្រះជាម្ចាស់មានក្ដីស្រឡាញ់ចំពោះយើង។ តាមរយៈការប្រែចិត្តចេញពីអំពើបាប និងការមានជំនឿលើការស្លាប់ជំនួស និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ដែលការនោះបណ្ដាលឲ្យព្រះជាម្ចាស់ទតមកយើងដូចជាព្រះអង្គទតមើលព្រះរាជបុត្រាទ្រង់ ពោលគឺទ្រង់ពេញចិត្តនឹងយើង។
បច្ចុប្បន្ននេះ យើងខ្ញុំកំពុងស្ថិតក្នុងស្ថានភាពនឹងនរដ៏ជាក់លាក់ខ្លះៗ ហើយបើសម្លឹងឆ្ពោះទៅមុខ យើងខ្ញុំដូចជាមិនឃើញថា មានការផ្លាស់ប្ដូរអ្វីទេ ប៉ុន្តែយើងខ្ញុំក៏កំពុងព្យាយាមសម្គាល់ពីអត្តសញ្ញាណថ្មីរបស់ខ្លួនក្នុងព្រះគ្រីស្ទឲ្យកាន់តែជ្រាលជ្រៅជាងមុនក្នុងដំណឹងល្អ និងក្នុងការពេញចិត្តរបស់ព្រះជាម្ចាស់ចំពោះយើងខ្ញុំក្នុងព្រះគ្រីស្ទដែរ។ ព្រះជាម្ចាស់ក៏សព្វព្រះហឫទ័យឲ្យលោកអ្នកផ្ដោតចិត្តបែបនេះ ពេលដែលលោកអ្នកប្រទះនឹងការផ្លាស់ប្ដូរនៅអនាគត ព្រោះដំណឹងល្អ (ប្រទាននូវ «វាលស្មៅខៀវខ្ចី» និង «មាត់ទឹកដែលហូរគ្រឿនៗ») គឺជាប្រភពតែមួយគត់ដែលគ្មានការផ្លាស់ប្រែ ខណៈពេលដែលយើងកំពុងរស់នៅក្នុងជីវិតដែលមានពេញដោយការផ្លាស់ប្ដូរ និងក្នុងពិភពលោកដែលប្រែប្រួលមិនចេះឈប់ឈរមួយនេះ (ទំនុកតម្កើង ២៣:២)។
មតិយោបល់
Loading…