in

រង្វាន់​របស់​គ្រីស្ទាន

ជីវិត​ដែល​បាន​លះបង់​ដើម្បី​ព្រះ​អម្ចាស់យេស៊ូវ​នឹង​ទទួល​បាន​រង្វាន់​ជា​ទី​គាប់​ចិត្ត។ អំណរអរ និង​ភាព​រីករាយ​គឺ​ជា​ធាតុពិត​នៃ​ជីវិត​ក្នុង​ការ​ដើរតាម​ព្រះ​គ្រីស្ទ។

ព្រះសង្គ្រោះ​តែង​មាន​បន្ទូល​ដដែល​ថា «អ្នក​ណា​ដែល​រក​បាន​ជីវិត​ខ្លួន នោះ​នឹង​ត្រូវ​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត ដោយ​យល់​ដល់​ខ្ញុំ នោះ​នឹង​បាន​ជីវិត​វិញ»។ តាមពិត ព្រះបន្ទូល​ត្រង់​នេះ​ទ្រង់​បាន​លើក​ឡើង​ដដែលៗ​ស្ទើរតែ​ច្រើន​ជាង​អ្វីៗ​ផ្សេង​ទៅទៀត​នៅ​ក្នុង​ដំណឹងល្អ​ទាំង​បួន (សូម​អាន ម៉ាថាយ ១០:៣៩, ១៦:២៥; ម៉ាកុស ៨:៣៥; លូកា ៩:២៤, ១៧:៣៣; យ៉ូហាន ១២:២៥)។ ចុះ​ហេតុ​ដូចម្តេច​បានជា​ទ្រង់​លើក​ឃ្លា​ដដែលៗ​យ៉ាង​ដូច្នេះ? តើ​មិន​មែន​ដោយសារតែ វា​ជា​គោលការណ៍​ចម្បង​មួយ​របស់​គ្រីស្ទបរិស័ទ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា ជីវិត​ឱបក្រសោប​ជា​ជីវិត​ដែល​បាត់បង់ តែ​ជីវិត​ដែល​លះបង់​ដើម្បី​បម្រើ​ទ្រង់​គឺ​ជា​ជីវិត​ដ៏​ពិត ជីវិត​ដែល​ទទួល​បាន​ការ​សង្គ្រោះ មាន​អំណរ និង​ជា​ជីវិត​រស់នៅ​អស់​កល្ប​ជានិច្ច​ទេ​ឬ​អី?

ការ​ធ្វើ​ជា​គ្រីស្ទបរិស័ទ​ដែល​មិន​បាន​បម្រើ​ព្រះ​ជាម្ចាស់​អស់​ពី​ចិត្ត នឹង​នាំ​ឲ្យ​ជីវិត​របស់​អ្នក​នោះ​មាន​ពេញ​ដោយ​ការ​ឈឺចាប់។ ការ​បម្រើ​ទ្រង់​ឥត​ឈប់ឈរ​គឺជា​ផ្លូវ​ដែល​ធ្វើឲ្យ​យើង​ទទួល​បាន​អំណរ​ដ៏​គាប់​ប្រសើរ​ពី​ទ្រង់។

ការ​ធ្វើ​ជា​សិស្ស​ដ៏​ពិត​គឺជា​ការ​ធ្វើ​ជា​ខ្ញុំបម្រើ​របស់​ព្រះ​យេស៊ូវគ្រីស្ទ ហើយ​យើង​នឹង​ឃើញ​ថា​ការ​បម្រើ​ទ្រង់​គឺ​មាន​សេរីភាព​ពេញលេញ។ អស់អ្នក​ដែល​ពោល​ថា «…ខ្ញុំ​ស្រឡាញ់ ​ចៅហ្វាយ​ខ្ញុំ…ខ្ញុំ​មិន​ចេញ​ទៅ​ទេ» (និក្ខមនំ ២១:៥) អ្នក​នោះ​មាន​សេរីភាព​ពិតប្រាកដ។

សិស្ស​របស់​ព្រះ​យេស៊ូវ​មិន​ជាប់​ជំពាក់ជំពិន​នឹង​រឿង​កំប៉ិកកំប៉ុក ឬ​រឿង​ដែល​មិន​នៅ​ស្ថិតស្ថេរ​នោះ​ទេ។ គាត់​ខ្វល់ខ្វាយ​តែ​នឹង​ការ​ដែល​នៅ​អស់​កល្ប​ជានិច្ច​ប៉ុណ្ណោះ។ ជាក់ស្តែង​ដូចជា​លោក ហ័ដសិន ថេល័រ (Hudson Taylor) ជាដើម គាត់​អសប្បាយ​នឹង​ស្កប់ចិត្ត​ជាមួយ​នឹង​របស់​ដ៏​បន្តិចបន្តួច​ដែល​គាត់​មាន។

គ្រីស្ទបរិស័ទ​មើល​ទៅ​ដូចជា​មិន​សូវ​មាន​ឈ្មោះ​បោះ​សម្លេង តែ​គាត់​ល្បីល្បាញ​ដែរ។ ទោះបើ​គាត់​ជា​អ្នក​ដែល​គ្មាន​នរណា​ស្គាល់ តែ​មនុស្ស​ទាំង​អស់​ស្គាល់គាត់យ៉ាង​ច្បាស់។ ទោះបើ​គេ​ចាត់​ទុកគាត់​ដូច​ជា​មនុស្ស​ហៀប​នឹង​ស្លាប់ តែ​គាត់​ពិត​ជា​នៅ​មាន​ជីវិត។ ទោះបើ​គេ​ធ្វើ​ទារុណកម្ម​គាត់ តែ​គាត់​គ្មាន​ទោស​ដល់​ស្លាប់​ទេ។ ទោះបើ​គេ​ធ្វើ​ឲ្យ​គាត់​មាន​ទុក្ខ​ព្រួយ តែ​គាត់សប្បាយ​ចិត្ត​ជានិច្ច។ ទោះបើ​គាត់​ជា​អ្នក​ក្រ តែគាត់​បាន​ធ្វើឲ្យ​មនុស្ស​ជា​ច្រើន​ក្លាយ​ទៅ​ជា​អ្នក​មាន ទោះបើ​គាត់​គ្មាន​អ្វី​សោះ តែ​គាត់​មាន​សព្វ​គ្រប់​ទាំង​អស់​វិញ (២កូរិនថូស ៦:៩-១០)។

បើ​ជីវិត​នៃ​គ្រីស្ទបរិស័ទ​ដ៏​ពិត​ជា​ជីវិត​មួយ​ដែល​ស្កប់ចិត្ត​ខាង​ឯវិញ្ញាណ​ជាងគេ​នៅ​ផែនដី​នេះ នោះ​យើង​អាច​ដឹង​ប្រាកដ​ថា គ្រីស្ទបរិស័ទ​នឹង​ទទួល​រង្វាល់​ច្រើន​ជាង​គេ​នៅ​ឯ​ស្ថានសួគ៌។ «លុះ​ដល់​បុត្រ​មនុស្ស​ប្រកប​ដោយ​សិរីរុងរឿង​ព្រះ​បិតា​របស់​ព្រះ​អង្គ​យាង​មក​ជា​មួយ​ពួក​ទេវតា​របស់​ព្រះ​អង្គ ព្រះអង្គ​នឹង​ប្រទាន​រង្វាន់ ឬ​ដាក់​ទោស​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត» (ម៉ាថាយ ១៦:២៧ គខប)។

ហេតុដូច្នេះ​ហើយ មនុស្ស​ដែល​ទទួល​ព្រះ​ពរ​ពិតប្រាកដ​ទាំង​នៅ​ពេល​នេះ និង​អស់កល្បជានិច្ច នោះ​គឺ​ជា​អ្នក​ដែល​អាច​និយាយ​ដូច​លោក បៀល ប័រដិន (Bill Borden) ជា​និស្សិត​នៅ​សាកលវិទ្យាល័យ យ៉េល (Yale) ថា៖ «ព្រះអម្ចាស់យេស៊ូវ​អើយ ទូលបង្គំ​បាន​ដក​ខ្លួន​លែង​ធ្វើ​ជា​ម្ចាស់​លើ​ជីវិត​ខ្លួន​ឯង​ទៀត​ហើយ។ ទូលបង្គំ​សូម​យាង​ទ្រង់​មក​សោយរាជ្យ​ក្នុង​ចិត្ត​ទូល​បង្គំ។ សូម​ទ្រង់​បំផ្លាស់បំប្រែ លាង​សម្អាត ហើយ​ប្រើប្រាស់​ទូល​បង្គំ​តាម​ព្រះ​ហឫទ័យ​ទ្រង់​ចុះ»។

ព្រះអង្គ​មិន​សព្វ​ព្រះទ័យ​ឃើញ​មនុស្ស​វិនាស​បង់
ព្រះយេស៊ូវ​គ្រង​លើ​បល្ល័ង្ក​ពេញ​ដោយ​សិរីល្អ​ជោគ
ទ្រង់​ទត​ឃើញ​លោកា​នៃ​មនុស្ស​គួរ​ឲ្យ​អាណិត​ពេញ​ដោយ​ទុក្ខសោក
ទ្រង់​យាង​មក​លោក​លះ​ព្រះជន្ម​ដោយ​ក្ដី​ស្រឡាញ់។
វិនាស​ហើយ វិនាស​ហើយ! មនុស្ស​វិនាស​នៅ​នឹង​មុខ​យើង
ដួង​ចិត្ត​ក៏​ចំបែង​រងទុក្ខ​ខ្លោច​ផ្សារ
ព្រះគ្រីស្ទ​សង្គ្រោះ​តែ​គ្មាន​អ្នក​ប្រាប់​ពួក​គេ​ឡើយ​ណា
ឲ្យ​រួច​សង្ខារ​ផុត​ពី​បាបកម្ម។

ព្រះអង្គ​មិន​សព្វ​ព្រះទ័យ​ឃើញ​មនុស្ស​វិនាស​បង់
ទ្រង់​យាង​មក​គង់​ក្នុង​លោកា​ដ៏​សែន​វេទនា
ទ្រង់​រក​អ្នក​វង្វេង​ទ្រង់​លួង​លោម​អ្នក​កើត​ទុក្ខា
ទ្រង់​ប្រោស​ឲ្យ​ជា​ដល់​ចិត្ត​ដែល​ខ្ទេចខ្ទាំ​និង​បាក់បែក។
វិនាស​ហើយ វិនាស​ហើយ! រដូវ​ចម្រូត​កំពុង​តែ​ទៅ​ហួស
អ្នក​ច្រូត​ក៏​តិច យប់យន់​ទន់ទោរ​មកដល់
ព្រះគ្រីស្ទ​ត្រាស់​ហៅ​អ្នក មក​ច្រូត​ចូរ​កុំ​រុញរា
ព្រោះ​ព្រលឹង​នៃ​មនុស្ស​ម្នា​មាន​តម្លៃ​ណាស់​ណា​សម្រាប់​ទ្រង់។

មនុស្ស​ខ្លះ​សម្បូរ​ចាយ​វាយ​ខ្លាំង​ណាស់ តែ​សម្រាប់​ព្រះ​មាន​តិច​តួច​ទេ
ពេល​សម្រាប់​ខ្លួន​សម្បូរ​ណាស់​ដែរ តែ​ព្រះ​គ្មាន​ទេ​រវល់​ខ្លាំង​ណាស់
គ្មាន​ពេល​បំពេញ​កិច្ចការ​ព្រះគ្រីស្ទ ទៅ​ជួយ​ដល់​មនុស្ស​កំពុង​ស្រេកឃ្លាន
ជួយ​ព្រលឹង​មនុស្ស​កំពុង​វង្វេង ជួយ​គេ​ឲ្យ​ស្វែង​រក​អំណរ​អស់​កល្ប។
វិនាស​ហើយ វិនាស​ហើយ! មើល​គេ​ហៅ​យើង​ចុះ
«នាំ​ព្រះ​អ្នក​មក ហើយ​ប្រាប់​យើង​ពី​ទ្រង់​ផង
យើង​អស់​កម្លាំង​មាន​បន្ទុក​ច្រើន​កន្លង
ទឹក​ភ្នែក​ហូរ​សៅហ្មង​នាំ​ឲ្យ​ភ្នែក​ស្រវាំង»។

ព្រះអង្គ​មិន​សព្វ​ព្រះទ័យ​ឃើញ​មនុស្ស​វិនាស​បង់
ខ្ញុំ​ជា​អ្នក​ដើរ​តាម​ទ្រង់ តើ​ខ្ញុំ​អាច​រស់​នៅ​បាន​សុខសាន្ត​យ៉ាង​ដូចម្ដេច​ទៅ
ពេល​ព្រលឹង​មនុស្ស​កំពុង​តែ​ធ្លាក់​នរក​យ៉ាង​ជ្រៅ
បាត់​រសាត់​ទៅ​ដោយ​ខ្ញុំ​មិន​បាន​ជួយ។
វិនាស​ហើយ វិនាស​ហើយ! យើង​មិន​ស្ម័គ្រចិត្ត
ម្ចាស់​ខ្ញុំ​អើយ​អាណិត ប្រណី​សន្ដោស​ផង
សូម​បំបរបង់​ចំណង់​លោកីយ៍​តែ​ម្ដង
ឲ្យ​ទូលបង្គំ​រស់​ផង​តាម​ទស្សនៈ​របស់​ព្រះអង្គ។

— លោកស្រី លូស៊ី អរ. ម៉ៃយើរ

(Lucy R. Meyer)

True-Discipleship-Khmerដកស្រង់​ចេញ​ពី​សៀវភៅ «សិស្ស​ដ៏​ពិត​របស់​ព្រះយេស៊ូវ» និពន្ធដោយ៖ លោកគ្រូ វិលាម មេកដានុល រក្សាសិទ្ធិ​គ្រប់​យ៉ាង © ដោយលោកគ្រូ វិលាម មេកដានុល ប្រើដោយការអនុញ្ញាត

តើអ្នកចូលចិត្តអត្ថបទនេះទេ?

-3 Points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ទត​មក​ពី​លើ​ស្ថាន​សួគ៌

ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​យាង​មក​កាន់​ផែនដី