in ,

ចូល​នគរ​ស្ថាន​សួគ៌

Why God Must Let His People into Heaven?

គ្រីស្ទ​បរិស័ទ​គ្រប់ៗ​រូប​សុទ្ធ​តែ​ប្រាថ្នា​ចង់​ទៅ​រស់​នៅ​ក្នុង​នគរ​ស្ថាន​សួគ៌​បន្ទាប់ពី​លា​ចាក​ជីវិត​នៅ​លើ​ផែន​ដី​នេះ​ទៅ ប៉ុន្តែ​យើង​មិន​ដឹង​ច្បាស់​ជា​ប្រាកដ​ថា តើ​ហេតុអ្វី​បាន​ជា​យើង​មាន​ទំនុក​ចិត្ត​យ៉ាង​ជាក់​លាក់​ដូច​នោះ​ក្នុង​ការ​ដែល​ចូល​ទៅ​ក្នុង​ស្ថាន​សួគ៌​បាន​ដោយ​របៀប​ណា​ឡើយ។

មាន​ហេតុ​ផល​បី​យ៉ាង​ដែល​ព្រះ​ជាម្ចាស់​ត្រូវ​តែ​អនុញ្ញាត​ឲ្យ​ពួក​បរិសុទ្ធ​របស់​ទ្រង់​ចូល​ទៅ​ក្នុង​នគរ​ស្ថាន​សួគ៌​បាន៖ ព្រះ​វរបិតា ព្រះ​រាជបុត្រា និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ នៅ​ក្នុង​រូប​អង្គ​នីមួយៗ​មាន​ព្រះ​ពរ​បី​យ៉ាង ដែល​ទេវវិទូ​បាន​ផ្ដោត និង​ផ្អែក​ទៅ​លើ​ជា​ទូ​ទៅ៖ ការ​រាប់​ជា​សុចរិត ការ​យក​ធ្វើ​ជា​កូន​ចិញ្ចឹម និង​ការ​ញែក​ចេញ​ជា​បរិសុទ្ធ។

ព្រះ​ពរ​ទាំង​បី​យ៉ាង​នេះ (ទំនាក់​ទំនង​នៃ​ការ​ស៊ី​គ្នា​ទៅ​នឹង​បុគ្គល​នីមួយៗ​នៃ​ព្រះ​ត្រៃ​ឯក​ដែល​ពោរពេញ​ទៅ​ដោយ​ព្រះ​ពរ) បាន​ប្រទាន​មក​យើង​នូវ​ការ​ធានា​អះអាង​ដ៏​អស្ចារ្យ​ត្រង់​ថា តើ​ព្រះ​ជាម្ចាស់​នឹង​ព្រម​ទទួល​យក​យើង​ចូល​ទៅ​ក្នុង​នគរ​ស្ថាន​សួគ៌​នៅ​ពេល​ដែល​យើង​ស្លាប់​ឬ​ក៏​អត់។

១. យើង​បាន​ទទួល​ការ​រាប់​ជា​សុចរិត​នៅ​ក្នុង​ព្រះ​រាជ​បុត្រា

ទីមួយ ទាក់​ទង​នឹង​ការ​នៅ​ក្នុង​ព្រះ​រាជ​បុត្រា យើង​បាន​ទទួល​ការ​រាប់​ជា​សុចរិត​តាម​រយៈ​ជំនឿ​របស់​យើង​តែ​មួយ​គត់។ នេះ​មិន​មែន​គ្រាន់​តែ​មាន​ន័យ​ថា ព្រះ​អង្គ​បាន​អត់​ទោស​នូវ​រាល់​អំពើ​បាប​របស់​យើង​នោះ​ទេ ប៉ុន្តែ​ក៏​អាច​មាន​ន័យ​ថា តាម​រយៈ​ជំនឿ យើង​បាន​ទទួល​នូវ​ភាព​សុចរិត​របស់​ព្រះ​គ្រីស្ទ។ ព្រះ​ជាម្ចាស់​បាន​ប្រទាន​ភាព​សុចរិត​មក​ដល់​យើង ដែល​ប្រកប​ទៅ​ដោយ​ព្រះ​គុណ​ផង​ដែរ។

ម្យ៉ាង​វិញ​ទៀត យើង​អាច​ឈរ​នៅ​មុខ​ទី​កាត់​ក្ដី​របស់​ព្រះ​ជាម្ចាស់​បាន ដោយ​មាន​ការ​ធានា​អះអាង​លើ​ការ​រាប់​ជា​សុចរិត​របស់​យើង ដូច​ដែល​ព្រះ​គ្រីស្ទ​មាន​នៅ​ចំពោះ​ព្រះ​វរបិតា​ដែរ។ នេះ​មិន​មែន​ដោយ​សារ​តែ ព្រះ​ជាម្ចាស់​ទទួល​នូវ​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​យើង​នោះ​ទេ ប៉ុន្តែ​ដោយ​សារ​តែ​ព្រះ​ជាម្ចាស់​ទាមទារ​ឲ្យ​មាន​ភាព​ល្អ​ឥត​ខ្ចោះ​ពី​អស់​អ្នក​ណា​ដែល​នឹង​ចូល​ស្ថាន​សួគ៌​ដោយ​មាន​ជីវិត ហើយ​នៅ​ក្នុង​ព្រះ​គ្រីស្ទ​យើង​បាន​ទទួល​ការ​រាប់​ជា​សុចរិត​យ៉ាង​ល្អ​ឥត​ខ្ចោះ​តាម​រយៈ​ការ​ដែល​ព្រះ​ជាម្ចាស់​បាន​ប្រទាន​មក​ឲ្យ​យើង។ នេះ​ហើយ​ជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ការ​រាប់​ជា​សុចរិត​នោះ​មិន​មាន​នរណា​ម្នាក់​អាច​មក​ដក​ហូត​ចេញ​ពី​យើង​បាន​ឡើយ។ ទាំង​អស់​នោះ​ឯង​ជា​មូល​ហេតុ​ដែល​យើង​មិន​អាច​បាត់បង់​សេចក្តី​សង្គ្រោះ​របស់​យើង​បាន​ផង​ដែរ។

ដោយ​សារ​មូល​ហេតុ​នេះ យើង​មាន​សិទ្ធ​ក្នុង​ការ​ចូល​ទៅ​ក្នុង​នគរ​ស្ថាន​សួគ៌​បាន ដូច​ជា​អង្គ​ព្រះ​គ្រីស្ទ​ទ្រង់​ផ្ទាល់ ពីព្រោះ​ទ្រង់​បាន​រាប់​យើង​ជា​សុចរិត​នៅ​ចំពោះ​ទ្រង់​រួច​ទៅ​ហើយ ដោយ​យើង​មាន​សេចក្ដី​សុចរិត​របស់​ទ្រង់​ផង​ដែរ។

ប្រសិន​បើ​ព្រះ​ជាម្ចាស់​មិន​អនុញ្ញាត​ឲ្យ​យើង​ចូល​ស្ថាន​សួគ៌ នោះ​ព្រះ​អង្គ​ក៏​នឹង​ត្រូវ​បណ្ដេញ​ព្រះ​រាជ​បុត្រា​តែ​មួយ​គត់​របស់​ទ្រង់​ចេញ​ផង​ដែរ។

២. យើង​ជា​ព្រះ​វិហារ​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ

ទីពីរ ទាក់​ទង​នឹង​ការ​នៅ​ក្នុង​ព្រះ​វិញ្ញាណ យើង​គឺ​ជា​ព្រះ​វិហារ​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ (១កូរិនថូស ៦:១៩)។

គ្រីស្ទ​បរិស័ទ​គឺ «មិន​នៅ​ខាង​សាច់​ឈាម​ទៀត​ទេ គឺ​នៅ​ខាង​វិញ្ញាណ​វិញ…អ្នក​ណា​គ្មាន​ព្រះ​វិញ្ញាណ​របស់​ព្រះ​គ្រីស្ទ អ្នក​នោះ​មិន​មែន​ជា​របស់​ផង​ទ្រង់​ទេ» (រ៉ូម ៨:៩)។

អត្ត​សញ្ញាណ​របស់​យើង​គឺ​មិន​មែន​គ្រាន់​តែ​អាស្រ័យ​លើ​ការ​ដែល​យើង​នៅ​ក្នុង​ព្រះ​គ្រីស្ទ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាស្រ័យ​លើ​ការ​ដែល​យើង​មាន​ពេញ​ទៅ​ដោយ​វិញ្ញាណ​នៅ​ក្នុង​ព្រះ​គ្រីស្ទ​ដែរ។ ដោយ​សារ​តែ​យើង​រួបរួម​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ នោះ​យើង​ក៏​រួប​រួម​ជា​មួយ​នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដែល​ជា «ព្រះ​វិញ្ញាណ​របស់​ព្រះ​គ្រីស្ទ» ផង​ដែរ (រ៉ូម ៨:៩)។ ព័ន្ធ​កិច្ច​របស់​ព្រះ​វិញ្ញាណ​ដែល​មាន​នៅ​ក្នុង​ជីវិត​របស់​យើង​នៅ​លើ​ផែន​ដី​នេះ​មិន​ឈាន​ដល់​ភាព​ល្អ​ឥត​ខ្ចោះ​នោះ​ឡើយ ប៉ុន្តែ​ទាំង​អស់​នោះ​ក៏​ស្ថិត​នៅ​ក្នុង​ព័ន្ធ​កិច្ច​របស់​ទ្រង់​ដដែល។

ប្រសិន​បើ​ព្រះ​ជាម្ចាស់​រារាំង​ពួក​បរិសុទ្ធ​របស់​ទ្រង់​មិន​ឲ្យ​ចូល​ទៅ​ស្ថានសួគ៌ ព្រះ​អង្គ​ក៏​ត្រូវ​តែ​បណ្ដេញ​ព្រះ​វិញ្ញាណ​ចេញ​ផង​ដែរ។ ការ​ដែល​ព្រះ​អង្គ​ធ្វើ​បែប​នោះ​មិន​អាច​ទៅ​រួច​បាន​ឡើយ។ ប្រសិន​បើ​ព្រះ​ជាម្ចាស់​ទទួល​ព្រះ​វិញ្ញាណ​ទៅ​ស្ថាន​សួគ៌—ពិត​ប្រាកដ​ណាស់​ការ​នោះ​ត្រូវ​តែ​កើត​ឡើង—ដូច្នេះ​ព្រះ​ជាម្ចាស់​ក៏​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​យើង​ដែល​មាន​ព្រះ​វិញ្ញាណ​ចូល​ទៅ​ក្នុង​ស្ថាន​សួគ៌​ដែរ។

៣. យើង​ជា​បុត្រា​បុត្រី​របស់​ព្រះ​វរបិតា

ចំណុច​ចុង​ក្រោយ ទាក់​ទង​នឹង​ការ​នៅ​ក្នុង​ព្រះ​វរបិតា យើង​គឺ​ជា​បុត្រា​បុត្រី​របស់​ព្រះ​អង្គ (១យ៉ូហាន ៣:២)។

ក្នុង​នាម​យើង​ទាំង​អស់​គ្នា​ដែល​ជា​កូន​ចិញ្ចឹម យើង​ជា​សមាជិក​នៃ​ក្រុម​គ្រួសារ​តែ​មួយ​របស់​ព្រះ​អង្គ។ ព្រះ​ជាម្ចាស់​គឺ​ជា​ព្រះ​វរបិតា​របស់​យើង​រាល់​គ្នា។ យើង​មាន​ងារ​របស់​ព្រះ​អង្គ​ដែល​ទ្រង់​បាន​ដាក់​លើ​យើង (វិវរណៈ ៣:១២)។ ក្នុង​នាម​ព្រះ​អង្គ​ដែល​ទ្រង់​ជា​បិតា​របស់​យើង ទ្រង់​ត្រូវ​តែ​ថែ​រក្សា​បី​បាច់​យើង ដូច្នេះ​ការ​ដែល​យើង​មាន​សុខុមាល​ភាព​គឺ​ជា​ទំនួល​ខុស​ត្រូវ​របស់​ទ្រង់។

សាវ័ក ប៉ុល បាន​លើក​ឡើង​នៅ​ក្នុង​កណ្ឌ​គម្ពីរ ១ធីម៉ូថេ ៥:៨ «បើ​មាន​អ្នក​ណា ដែល​មិន​ផ្គត់​ផ្គង់​ឲ្យ​ពួក​ញាតិ​សន្ដាន​ខ្លួន គឺ​ឲ្យ​ពួក​អ្នក​ផ្ទះ​ខ្លួន​ជា​ដើម អ្នក​នោះ​ឈ្មោះ​ថា​បាន​បោះ​បង់​ចោល​ជំនឿ​ហើយ ក៏​អាក្រក់​ជាង​មនុស្ស​ដែល​មិន​បាន​ជឿ​ទៅ​ទៀត»។ នេះ​ក៏​ជា​ការ​ពិត​ចំពោះ​ព្រះ​វរបិតា​ដែល​ទ្រង់​មាន​ចំពោះ​យើង​ដែរ។ ពេល​ដែល​យើង​ស្លាប់ ព្រះ​អង្គ​ក៏​មាន​ទំនួល​ខុស​ត្រូវ​សម្រាប់​សុខុមាល​ភាព​របស់​យើង​ផង​ដែរ។

ប្រសិន​បើ​ព្រះ​វរបិតា​រារាំង​បុត្រា​បុត្រី​របស់​ទ្រង់​មិន​ឲ្យ​ចូល​ស្ថាន​សួគ៌ នោះ​ព្រះ​អង្គ​ក៏​ត្រូវ​តែ​បណ្ដេញ​រូប​អង្គ​ទ្រង់​ចេញ​ផ្ទាល់​ផង​ដែរ។ ព្រះ​វរបិតា​ដ៏​ល្អ​របស់​យើង​ទាំង​អស់​គ្នា​ទ្រង់​មិន​ធ្វើ​ដូច​នេះ​ទេ ហើយ​ក៏​មិន​អាច​កាត់​ការ​បុត្រា​បុត្រី​របស់​ទ្រង់​ចោល​បាន​នោះ​ឡើយ។

ហេតុអ្វី​បាន​ជា​លោក​អ្នក​គួរ​មាន​ទំនុក​ចិត្ត?

ជួន​កាល យើង​បាន​ភ្លេច​ព្រះ​ពរ​នានា​របស់​យើង​ក្នុង​អង្គ​នីមួយៗ​នៃ​ព្រះ​ត្រៃ​ឯក​ដែល​ទ្រង់​ទាម​ទារ​ឲ្យ​មាន។ តើ​លោក​អ្នក​អាច​ងាក​មក​គិត​អំពី​ចំណុច​ចម្បង​ដ៏​ធំ​បី​យ៉ាង ដែល​ព្រះ​ជាម្ចាស់​គួរ​អនុញ្ញាត​ឲ្យ​យើង​ចូល​ក្នុង​នគរ​ស្ថាន​សួគ៌ ជាជាង​សេចក្ដី​ពិត​នៃ​បុគ្គល​នីមួយៗ​នៃ​ព្រះ​ត្រៃ​ឯក​ដែល​នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​ស្ថាន​សួគ៌​ក្នុង​ករណី​ដែល​ព្រះ​អង្គ​រារាំង​យើង​ចេញ​ពី​សិរី​ល្អ​របស់​ទ្រង់​បាន​ដែរ​ឬ​ទេ?

ហេតុ​ដូច្នេះហើយ ក្នុង​នាម​លោក​អ្នក​ជា​គ្រីស្ទ​បរិស័ទ​ម្នាក់ តើ​លោក​អ្នក​មាន​ទំនុក​ចិត្ត​បែប​ណា​ខ្លះ​ក្នុង​ការ​ចូល​ទៅ​កាន់​នគរ​ស្ថាន​សួគ៌​បាន? ចម្លើយ​គឺ៖ ព្រះ​វរបិតា ព្រះ​រាជបុត្រា និង​ព្រះវិញ្ញាណ​បរិសុទ្ធ។ អាម៉ែន!

នគរ​ស្ថាន​សួគ៌​គឺ​ជា​បល្ល័ង្ក​របស់​ព្រះ​ជាម្ចាស់ ជា​កន្លែង​ដែល​ព្រះ​គ្រីស្ទ​សោយ​រាជ្យ​ក្នុង​អំណាច​នៃ​ព្រះ​វិញ្ញាណ​ក្នុង​សិរី​ល្អ (អេសាយ ៦៦:១; ទំនុក​តម្កើង ១១០:១; កិច្ចការ ២:៣៣)។ ព្រះ​ជាម្ចាស់​នឹង​មិន​ចាក​ចេញ​ពី​នគរ​ស្ថាន​សួគ៌​ទេ! ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ព្រះ​អង្គ​ក៏​នឹង​មិន​អនុញ្ញាត​ឲ្យ​រាស្ដ្រ​របស់​ទ្រង់​ទៅ​កន្លែង​​ណា​ផ្សេង​ទៀត​ឡើយ ក្រៅ​ពី​កន្លែង​ដែល​ទ្រង់​កំពុង​មាន​ព្រះ​វត្តមាន ហើយ​គង់​នៅ​សព្វ​ថ្ងៃ​នេះ។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ជីវប្រវត្តិ​របស់​ព្រះ​វរ​បិតា

ការ​ឆ្លើយ​តប​ដោយ​ថ្វាយ​បង្គំ