in ,

លុយ និង​ទ្រព្យ​សម្បត្តិ

Money and Possessions in Proverbs

ព្រះ​គម្ពីរ​បាន​លើក​ឡើង​យ៉ាង​ក្បោះ​ក្បាយ​អំពី​លុយ និង​ទ្រព្យ​សម្បត្តិ។ មាន​ខ​គម្ពីរ​ជា​ច្រើន​និយាយ​អំពី​ទ្រព្យ​សម្បត្តិ និង​ភាព​ក្រីក្រ។ ចំពោះ​ប្រធាន​បទ​មួយ​ចំនួន វា​មាន​ភាព​ងាយ​ស្រួល​ណាស់​ក្នុង​ការ​ធ្វើ​ឲ្យ​យើង​បែក​ចេញ​ពី​អត្ថ​ន័យ​ដ៏​ពេញ​លេញ​នៃ​ប្រធាន​បទ​នោះ ពី​ព្រោះ​ព្រះ​គម្ពីរ​មាន​លើក​ឡើង​ពី​ខ​គម្ពីរ​ដែល​ទាក់​ទង​នឹង​ប្រធាន​បទ​នោះ​តិច​តួច​ពេក។ តើ​យើង​គិត​យ៉ាង​ដូច​ម្ដេច​ដែរ​ចំពោះ​ការ​ដេក​សំដិល​ថ្ងៃ ដើម្បី​ឲ្យ​ស្បែក​ខ្មៅ? និយាយ​រួម​ទៅ យើង​មិន​សូវ​មាន​ការ​ណែ​នាំ​ចំៗ​ច្រើន​នោះ​ទេ ដូច្នេះ​យើង​ក៏​មិន​អាច​ទទួល​បាន​ច្បាប់​ដ៏​ជាក់​លាក់​មួយ​បាន​ដែរ។

ក៏​ប៉ុន្តែ ទាក់​ទង​ជា​មួយ​លុយ និង​ទ្រព្យ​សម្បត្តិ យើង​មាន​បញ្ហា​មួយ​ដែល​ផ្ទុយ​ពី​ចំណុច​ខាង​លើ​នេះ។ ព្រះ​គម្ពីរ​បាន​លើក​ឡើង​ជា​ច្រើន​ខ​អំពី​លុយ ហេតុ​ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​យើង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​បង្កើត​ទេវវិទ្យា​មិន​ស្មើ​គ្នា​ទាក់​ទង​នឹង​លុយ​ផង​ដែរ។

ម្យ៉ាង​វិញ​ទៀត វា​ជួយ​សម្រួល​ដល់​យើង​ឲ្យ​ងាយ​ស្រួល​ក្នុង​ការ​ដឹង​ថា តើ​ទេវវិទ្យា​នៃ​ភាព​ចម្រុង​ចម្រើន​កើត​មក​ពី​ណា? បើ​គ្រាន់​តែ​យក​សេចក្ដី​សន្យា​មួយ​ចំនួន​នៃ​សេចក្ដី​តាំង​សញ្ញា​របស់​លោក ម៉ូសេ ចេញ​ពី​បរិបទ​នៃ​ជាតិ​សាសន៍​របស់​ពួក​គាត់ ហើយ​យក​សេចក្ដី​តាំង​សញ្ញា​ក្នុង​កណ្ឌ​គម្ពីរ​ម៉ាឡាគី ជំពូក៣ អំពី​ការ​បើក​ចំហ​ឃ្លាំង​នៃ​ស្ថាន​សួគ៌ ព្រម​ទាំង​យក​ចំណុច​ទាំង​ពីរ​នេះ​មក​លាយ​ឡំ​គ្នា​នឹង​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ​អំពី​ការ​ទទួល​បាន​នូវ​អ្វីៗ​ដែល​លោក​អ្នក​ទូល​សូម​ដោយ​ជំនឿ នោះ​លោក​អ្នក​នឹង​ប្រាកដ​ជា​អាច​បង្កើត​ឲ្យ​មាន​ដំណឹង​ល្អ​ដែល​សន្យា​ពី​ការ​មាន​សុខភាព​ល្អ និង​ទ្រព្យ​សម្បត្តិ​ជា​មិន​ខាន។

មួយ​វិញ​ទៀត​សោត យើង​ក៏​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​បង្កើត​ទេវវិទ្យា​យ៉ាង​ម៉ឺង​ម៉ាត់​ដែល​មិន​មាន​ភាព​ស្មើ​គ្នា​ផង​ដែរ។ បើ​គ្រាន់​តែ​លើក​ឡើង​អំពី​ការ​ដែល​ព្រះ​យេស៊ូវ​គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល​ទ្រង់ ហើយ​បើ​គ្រាន់​តែ​បើក​ទៅ​កាន់​រឿង​នៃ​បុរស​អ្នក​មាន​ម្នាក់ ព្រម​ទាំង​លាយ​ឡំ​នឹង​រឿង​នៃ​បុរស​​អ្នក​មាន​ម្នាក់​ទៀត​ដែល​ជា​មនុស្ស​លី​លា នោះ​លោក​អ្នក​នឹង​ទទួល​បាន​ទេវវិទ្យា​ដែល​បង្រៀន​ថា លុយ​អាក្រក់ រីឯ​អស់​អ្នក​ដែល​មាន​លុយ​ក៏​អាក្រក់​ដែរ​ជា​មិន​ខាន។

ហើយ​លោក​អ្នក​ក៏​ទំនង​ជា​អាច​ប្រកែក​ដោយ​លើក​ឡើង​ផង​ដែរ​ថា ព្រះ​ជាម្ចាស់​ស្អប់​មនុស្ស​មាន​លុយ បើ​គ្រាន់​តែ​យោង​លើ​រឿង​អ្នក​មាន និង​លោក ឡាសារ។ សូម​អាន​កណ្ឌ​គម្ពីរ​យ៉ាកុប។ សូម​មើល​ការ​រៀប​រាប់​របស់​លោក លូកា ទៅ​លើ​សេចក្ដី​បង្រៀន​នៅ​លើ​ភ្នំ។

សរុប​សេចក្ដី​ទៅ តើ​យើង​គួរ​គិត​យ៉ាង​ដូច​ម្ដេច​ទៅ​អំពី​លុយ និង​ទ្រព្យ​សម្បត្តិ? តើ​យើង​គួរ​រក្សា​ទុក​នូវ​គោល​ការណ៍​ណា​ខ្លះ​ក្នុង​ព្រះ​គម្ពីរ ខណៈ​ពេល​ដែល​យើង​ឃើញ​ទ្រព្យ​សម្បត្តិ និង​ភាព​ក្រី​ក្រ និង​ខណៈ​ពេល​ដែល​យើង​កំពុង​គ្រប់​គ្រង​លើ​ទ្រព្យ​សម្បត្តិ ឬ​ក៏​ភាព​ក្រី​ក្រ​របស់​យើង? មាន​តែ​ពីរ​បី​ចំណុច​ប៉ុណ្ណោះ​ដែល​ព្រះ​គម្ពីរ​បាន​លើក​ឡើង​យ៉ាង​ក្បោះ​ក្បាយ​ដែល​ការ​នោះ​គឺ​ជា​ការ​ដ៏​ល្អ ពី​ព្រោះ​មាន​តែ​ពីរ​បី​ចំណុច​ប៉ុណ្ណោះ​ដែល​មាន​ភាព​ស៊ី​គ្នា​ចំពោះ​មនុស្ស​គ្រប់ៗ​រូប នៅ​គ្រប់​ទី​កន្លែង ក្នុង​ការ​ទទួល​បាន​នូវ​ទេវវិទ្យា​ដ៏​ល្អ​មួយ​អំពី​លុយ។

ចំណុច​ចាប់​ផ្ដើម

កណ្ឌ​គម្ពីរ​សុភាសិត​គឺ​ជា​ចំណុច​ដ៏​ល្អ​មួយ​ក្នុង​ការ​ចាប់​ផ្ដើម​បង្កើត​នូវ​ទេវ​វិទ្យា​ដែល​ទាក់​ទង​នឹង​ការ​មាន​ទ្រព្យ​សម្បត្តិ​សម្ភារៈ​និយម​ដោយ​យោង​តាម​ព្រះ​គម្ពីរ។ ជា​ការ​ចាប់​ផ្ដើម មាន​ខ​គម្ពីរ​ជា​ច្រើន​ណាស់​ដែល​និយាយ​លើ​ប្រធាន​បទ​នេះ។ ហើយ​លើស​ពី​នោះ​ទៅ​ទៀត កណ្ឌ​គម្ពីរ​នេះ​ក៏​មាន​លើក​ឡើង​អំពី​ចំណុច​ខុសៗ​គ្នា​មួយ​ចំនួន​ទាក់​ទង​នឹង​ប្រធាន​បទ​នេះ​ផង​ដែរ។ បើ​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ​គឺ​ជា​ចំណុច​ចាប់​ផ្ដើម​របស់​លោក​អ្នក នោះ​លោក​អ្នក​នឹង​ទំនង​ជា​សន្និដ្ឋាន​ថា ព្រះ​ជា​ម្ចាស់​តែង​តែ​ធ្វើ​ឲ្យ​រាស្ត្រ​របស់​ទ្រង់​ចម្រុង​ចម្រើន​ជា​មិន​ខាន។ បើ​កណ្ឌ​គម្ពីរ​អេម៉ុស​គឺ​ជា​ចំណុច​ចាប់​ផ្ដើម​របស់​លោក​អ្នក នោះ​លោក​អ្នក​នឹង​ទំនង​ជា​សន្និដ្ឋាន​ថា អ្នក​មាន​គ្រប់ៗ​រូប​គឺ​សុទ្ធ​តែ​ជា​អស់​អ្នក​ដែល​ជិះ​ជាន់​អ្នក​ដទៃ​ជា​មិន​ខាន។ ប៉ុន្តែ ចំពោះ​កណ្ឌ​គម្ពីរ​សុភាសិត​វិញ គឺ​មើល​លើ​ទ្រព្យ​សម្បត្តិ និង​ភាព​ក្រី​ក្រ​ចេញ​ពី​ពីរ ឬ​បី​ទស្សនៈ។ ដោយ​សារ​កណ្ឌ​គម្ពីរ​នេះ​គឺ​ជា​កណ្ឌ​សុភាសិត​ទូ​ទៅ ដូច្នេះ​យើង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​លើក​គោល​ការណ៍​ក្នុង​សុភាសិត​នីមួយៗ​នោះ​យក​មក​អនុវត្ត​ក្នុង​សម័យ​កាល​នេះ និង​ទី​កន្លែង​ខុសៗ​គ្នា​សម្រាប់​រាស្ត្រ​របស់​ព្រះ​ជាម្ចាស់។

កាល​ពី​យប់​អាទិត្យ​មុន យើង​ខ្ញុំ​បាន​អធិប្បាយ​ទៅ​កាន់​ក្រុម​ជំនុំ​របស់​យើង​ខ្ញុំ​អំពី​គោល​ការណ៍​ដប់​យ៉ាង​ចេញ​ពី​កណ្ឌ​គម្ពីរ​សុភាសិត​ទាក់​ទង​នឹង​លុយ​កាក់ និង​ការ​មាន​ទ្រព្យ​សម្បត្តិ​សម្ភារៈ​និយម។ យើង​ខ្ញុំ​នឹង​មិន​លើក​ឡើង​សេចក្ដី​អធិប្បាយ​ទាំង​មូល​នៅ​ក្នុង​អត្ថ​បទ​មួយ​នេះ​ទេ ប៉ុន្តែ​យើង​ខ្ញុំ​គិត​ថា​លោក​អ្នក​នឹង​ទំនង​ជា​ទទួល​បាន​អត្ថ​ប្រយោជន៍​ខ្លះៗ បើ​យើង​ខ្ញុំ​គ្រាន់​តែ​លើក​ឡើង​នូវ​ចំណុច​គោលៗ​មួយ​ចំនួន។ ទំនង​ជា​យើង​ខ្ញុំ​នឹង​លើក​ឡើង​រៀង​លម្អិត​ជាង​នេះ​ទៀត​នៅ​ពេល​ក្រោយៗ។

យើង​ខ្ញុំ​នឹង​លើក​ឡើង​នូវ​ចំណុច​ជា​លំដាប់​លំដោយ​នៃ​ភាគរយ​ដែល​កណ្ឌ​គម្ពីរ​សុភាសិត​បាន​លើក​ឡើង​ទាក់​ទិន​នឹង​គោល​ការណ៍​ណា​មួយ ព្រោះ​ក្នុង​របៀប​នោះ យើង​នឹង​បញ្ចប់​ដោយ​ខ្លឹម​សារ​សំខាន់ៗ។

គោល​ការណ៍​ដប់​យ៉ាង​ចេញ​ពី​កណ្ឌ​គម្ពីរ​សុភាសិត​ទាក់​ទង​នឹង​លុយ​កាក់ និង​ការ​មាន​ទ្រព្យ​សម្បត្តិ​សម្ភារៈ​និយម៖
១. អ្នក​មាន​ខ្លះ​មាន​ហួស​ហេតុ​ពេក ហើយ​អ្នក​ក្រ​ខ្លះ​ក្រ​ល្ហេមល្ហាម​ដុន​ដាប​ពេក ដែល​ចំណុច​ផ្ទុយ​គ្នា​ស្រឡះ​នេះ​​នឹង​នាំ​ឲ្យ​មាន​សេចក្ដី​ល្បួង​ប្លែកៗ​ចំពោះ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្ថាន​ភាព​រៀងៗ​ខ្លួន​នោះ (សុភាសិត ៣០:៧-៩)។
២. កុំ​ព្យាយាម​ហ៊ឺហា​ដូច​គ្រួសារ​ណា​មួយ​ឡើយ (សុភាសិត ១២:៩; ១៣:៧)។
៣. អ្នក​មាន និង​អ្នក​ក្រ​មាន​ចំណុច​ដូចៗ​គ្នា​ច្រើន​ជាង​ពួក​គាត់​គិត​ដល់​ទៅ​ទៀត (សុភាសិត ២២:២; ២៩:១៣)។
៤. លោក​អ្នក​មិន​អាច​ឲ្យ​លើស​ជាង​ការ​ដែល​ព្រះ​អាច​ប្រទាន​ឲ្យ​លោក​អ្នក​នោះ​ទេ (សុភាសិត ៣:៩-១០; ១១:២៤; ២២:៩)។
៥. ភាព​ក្រី​ក្រ​តោក​យ៉ាក​គឺ​មិន​មែន​ជា​រឿង​ល្អ​ទេ (សុភាសិត ១០:១៥; ១៤:២០; ១៩:៤)។
៦. លុយ​មិន​អាច​ផ្ដល់​ជួន​នូវ​សុវត្ថិភាព​ដ៏​ខ្ពស់​បំផុត​បាន​ឡើយ (សុភាសិត ១១:៧; ១១:២៨; ១៣:៨)។
៧. ព្រះ​អម្ចាស់​ស្អប់​អស់​អ្នក​ណា​ដែល​ប្រើ​ប្រាស់​មធ្យោបាយ​អយុត្តិធម៌ ដើម្បី​ក្លាយ​ជា​អ្នក​មាន (សុភាសិត ២១:៦; ២២:១៦, ២២-២៣)។
៨. ព្រះ​អម្ចាស់​ស្រឡាញ់​អស់​អ្នក​ដែល​មាន​ចិត្ត​សប្បុរស​ចំពោះ​អ្នក​ក្រ (សុភាសិត ១៤:២១, ៣១; ១៩:៧; ២៨:២១)។
៩. ចូរ​ខំ​ធ្វើ​ការ ហើយ​ការ​សម្រេច​ចិត្ត​ដែល​ល្អៗ​របស់​លោក​អ្នក​​តែង​តែ​នាំ​ឲ្យ​មាន​ភាព​ចម្រុង​ចម្រើន​ឡើង (សុភាសិត ៦:៦-១១; ១០:៤; ១៣:១១; ១៤:២៤; ២១:១៧, ២០; ២២:៤, ១៣; ២៧:២៣-២៧; ២៨:២០)។
១០. មាន​លុយ​មិន​មែន​មាន​ន័យ​ថា មាន​អ្វីៗ​គ្រប់​យ៉ាង​នោះ​ទេ។ វា​មិន​នាំ​ឲ្យ​មាន​ភាព​ស្កប់​ស្កល់​ឡើយ (សុភាសិត ២៣:៤-៥)។ វា​អន់​ជាង​ប្រាជ្ញា (សុភាសិត ៨:១០-១១, ១៨-១៩; ២៤:៣-៤)។ វា​អន់​ជាង​សេចក្ដី​សុចរិត (១០:២; ១៣:២៥; ១៦:៨; ១៩:២២; ២០:១៧; ២៨:៦)។ វា​អន់​ជាង​ការ​កោត​ខ្លាច​ព្រះ​អម្ចាស់ (សុភាសិត ១៥:១៦)។ វា​អន់​ជាង​ការ​បន្ទាប​ខ្លួន (សុភាសិត ១៦:១៩)។ វា​អន់​ជាង​ការ​មាន​ទំនាក់​ទំនង​ល្អៗ (សុភាសិត ១៥:១៧; ១៧:១)។

ការ​ឈោង​ចាប់​សេចក្ដី​សន្និដ្ឋាន​ដ៏​សាមញ្ញ និង​ការ​ស្វែង​រក​ព្រះ​គ្រីស្ទ

លោក​អ្នក​មិន​អាច​មាន​ការ​យល់​ដឹង​តាម​បែប​ព្រះ​គម្ពីរ​បាន​ឡើយ លុះ​ត្រា​តែ​លោក​អ្នក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ទទួល​យក​សេចក្ដី​ពិត​មួយ​ចំនួន​ដែល​មាន​ការ​ប្រតែងប្រតោង​គ្នា​ជា​មុន​សិន។

  • លោក​អ្នក​នឹង​ទំនង​ជា​រក​បាន​លុយ​ជា​ច្រើន ប្រសិន​បើ​លោក​អ្នក​ខំ​ធ្វើ​ការ ហើយ​មាន​ប្រាជ្ញា​យ៉ាង​ខ្លាំង ប៉ុន្តែ​បើ​លោក​អ្នក​គិត​តែ​ពី​ធ្វើ​ការ​រក​លុយ នោះ​មាន​ន័យ​ថា លោក​អ្នក​ជា​មនុស្ស​ដ៏​ល្ងីល្ងើ​បំផុត​ហើយ។
  • លុយ​គឺ​ជា​ព្រះ​ពរ​ពី​ព្រះ​ជាម្ចាស់ ប៉ុន្តែ​លោក​អ្នក​នឹង​កាន់​តែ​ទទួល​បាន​ព្រះ​ពរ​បន្ថែម​ទៀត បើ​លោក​អ្នក​ឲ្យ​លុយ​នោះ​ទៅ​កាន់​អ្នក​ដទៃ។
  • ព្រះ​ជាម្ចាស់​បាន​ប្រទាន​លុយ​ដល់​លោក​អ្នក ពី​ព្រោះ​ព្រះ​អង្គ​សប្បុរស ប៉ុន្តែ​ព្រះ​អង្គ​មាន​ចិត្ត​សប្បុរស​ជា​មួយ​នឹង​លោក​អ្នក ដើម្បី​ឲ្យ​លោក​អ្នក​ចេះ​មាន​ចិត្ត​សប្បុរស​ជា​មួយ​នឹង​អ្នក​ដទៃ​ដែរ។ ហើយ​បើ​លោក​អ្នក​មាន​ចិត្ត​សប្បុរស​ជា​មួយ​នឹង​អ្នក​ដទៃ នោះ​ទ្រង់​ក៏​នឹង​កាន់​តែ​មាន​ចិត្ត​សប្បុរស​ជា​មួយ​នឹង​លោក​អ្នក​ថែម​ទៀត​ដែរ។
  • ការ​សន្សំ​លុយ​គឺ​ជា​ការ​មាន​ប្រាជ្ញា ប៉ុន្តែ​ចូរ​កុំ​គិត​ថា លុយ​នឹង​ផ្ដល់​សន្តិភាព​ដ៏​ពិត​ដល់​លោក​អ្នក​ឡើយ។
  • មនុស្ស​ជា​ច្រើន​ប្រាថ្នា​ចង់​មាន​ទ្រព្យ​សម្បត្តិ​ជា​ជាង​ភាព​ក្រី​ក្រ ប៉ុន្តែ​ទ្រព្យ​សម្បត្តិ​មិនមែន​ជា​អ្វី​ដែល​ល្អ​ពេញ​លក្ខណៈ​ដូច​នឹង​សេចក្ដី​សុចរិត ការ​បន្ទាប​ខ្លួន ប្រាជ្ញា ការ​មាន​ទំនាក់​ទំនង​ល្អ និង​ការ​កោត​ខ្លាច​ព្រះ​អម្ចាស់​ឡើយ។

កណ្ឌ​គម្ពីរ ១កូរិនថូស ១:៣០-៣១ បាន​ប្រាប់​យើង​ថា ព្រះ​គ្រីស្ទ​គឺ​ជា​ប្រាជ្ញា សេចក្ដី​សុចរិត ការ​ញែក​ជា​បរិសុទ្ធ និង​ជា​សេចក្ដី​សង្គ្រោះ​សម្រាប់​យើង​ពី​ព្រះ​ជាម្ចាស់​ដូច​ដែល​មាន​ចែង​ទុក​មក​ដើម្បី​ឲ្យ «អ្នក​ណា​ដែល​អួត ត្រូវ​អួត​តែ​ពី​ព្រះ​អម្ចាស់​ប៉ុណ្ណោះ»។ លុយ​មិន​អាច​ផ្ដល់​ជួន​លោក​អ្នក​នូវ​អ្វីៗ​ដែល​លោក​អ្នក​ត្រូវ​ការ​ខ្លាំង​បំផុត​បាន​នោះ​ទេ។ វា​មិន​អាច​ធ្វើ​ឲ្យ​លោក​អ្នក​បរិសុទ្ធ​បាន​ឡើយ។ វា​មិន​អាច​ធ្វើ​ឲ្យ​លោក​អ្នក​សុចរិត​ទេ។ វា​ក៏​មិន​អាច​សង្គ្រោះ​លោក​អ្នក​ចេញ​ពី​អំពើ​បាប​បាន​ដែរ។ ទ្រព្យ​សម្បត្តិ​គឺ​ជា​សញ្ញា​មួយ​នៃ​ព្រះ​ពរ ប៉ុន្តែ​វា​ក៏​ជា​សេចក្ដី​ល្បួង​ដ៏​ធំ​ធេង​មួយ​សម្រាប់​លោក​អ្នក​ដែរ ព្រោះ​វា​ល្បួង​ឲ្យ​លោក​អ្នក​អួត​ពី​ខ្លួន​ឯង។ វា​សន្យា​ថា​នឹង​ធ្វើ​ជា​ភាព​ស័ក្ដិសម​ដល់​លោក​អ្នក ហើយ​នឹង​ធ្វើ​ឲ្យ​លោក​អ្នក​ត្រូវ​ការ​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ។ វា​អញ្ជើញ​ឲ្យ​លោក​អ្នក​អួត​អំពី​អ្វី​មួយ ឬ​ក៏​បុគ្គល​ណា​ម្នាក់​ផ្សេង​ទៀត ក្រៅ​ពី​ព្រះ​អម្ចាស់​ផ្ទាល់។

សរុប​សេចក្ដី​ទៅ លុយ​គឺ​ជា​បញ្ហា​នៃ​ជំនឿ។ គឺ​ជា​ការ​ទទួល​ជឿ​ថា ការ​ធ្វើ​អ្វី​មួយ​តាម​របៀប​ព្រះ​ជាម្ចាស់​គឺ​ជា​ផ្លូវ​ដ៏​ល្អ​បំផុត​របស់​លោក​អ្នក។ ចូរ​ទទួល​ជឿ​ថា បើ​លោក​អ្នក​ហ៊ាន​ឲ្យ​លុយ​របស់​លោក​អ្នក នោះ​ព្រះ​អង្គ​ក៏​នឹង​​ឲ្យ​លុយ​នោះ​មក​កាន់​លោក​អ្នក​វិញ​ដែរ។ ចូរ​ទទួល​ជឿ​ថា លុយ​ក៏​អាច​ជា​របស់​ល្អ​ដែរ។ ប៉ុន្តែ ចូរ​កុំ​​ជឿ​ឲ្យ​សោះ​ថា មាន​វា​គឺ​គ្រប់​គ្រាន់​ហើយ។ លុយ​គឺ​ជា​អំណោយ​ទាន​ពី​ព្រះ​ជា​ម្ចាស់ ប៉ុន្តែ​អំណោយ​ទាន​ដែល​លោក​អ្នក​ពិត​ជា​ត្រូវ​ការ​ខ្លាំង​ជាង​គេ​បំផុត​នោះ គឺ​មាន​តែ​នៅ​ក្នុង​ព្រះ​ជា​ម្ចាស់​មួយ​អង្គ​គត់។

និពន្ធដោយ៖ លោកគ្រូ Kevin DeYoung
បកប្រែដោយ និង​កែសម្រួលដោយ៖ លោក ឈាង បូរ៉ា, ​លោក ទេព រ៉ូ, ខែម បូឡុង និង​កញ្ញា លី វួចឡេង
ដកស្រង់ខ្លះៗចេញពី www.thegospelcoalition.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

អាលផា និង​អូមេកា

កូន​របស់​សាតាំង​ក្នុង​ភាព​ជា​អ្នក​មាន