in ,

ទេវវិទ្យានៃការ​អធិស្ឋាន​៣​នាទី

ខ្ញុំចង់​លើក​ទឹក​ចិត្ត​ដល់​គ្រូ​គង្វាល​ដែល​បាក់​ទឹក​ចិត្ត​ពី​ការ​បាត់​បង់​សេចក្ដី​សង្ឃឹម ពី​ការ​បាត់​បង់​ទំនុក​ចិត្ត​ក្នុង​ការ​អធិស្ឋាន ទំនង​មក​ពី​គាត់​ឃើញ​ព្រះ​ជាម្ចាស់​ធ្វើ​តិច​ជាង​អ្វី​ដែល​គាត់​បាន​សង្ឃឹម​ទុក។ ជា​ចម្បង អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​ត្រាស់​ហៅ​ឲ្យ​យើង​អធិស្ឋាន​សម្រាប់​គឺ ឲ្យ​ព្រះ​នាម​របស់​ទ្រង់​ទទួល​បាន​សិរី​ល្អ ព្រះ​រាជ្យ​នគរ​របស់​ទ្រង់​បាន​មក​ដល់ និង​ឲ្យ​ព្រះ​ហឫទ័យ​របស់​ទ្រង់​បាន​សម្រេច ហើយ​បន្ទាប់​មក​ជា​ការ​គាំទ្រ និង​ជា​របៀប​ឲ្យ​ការ​ទាំង​អស់​នោះ​អាច​ដំណើរ​ការ​បាន គឺ​ឲ្យ​យើង​ទទួល​បាន​អាហារ​ជា​ប្រចាំ​ថ្ងៃ ហើយ​ឲ្យ​យើង​ទទួល​បាន​ការ​ការពារ​ពី​អារក្ស ហើយ​ឲ្យ​យើង​ទទួល​បាន​ការ​ដឹក​នាំ​ក្នុង​ផ្លូវ​នៃ​សេចក្ដី​សុចរិត។ល។

ដូច្នេះ ចំណុច​ស្នូល​នៃ​ជីវិត​នៃ​ការ​អធិស្ឋាន​របស់​យើង​គឺ​ច្បាស់​លាស់​ណាស់៖ «! ព្រះ​វរបិតា​អើយ! សូម​ធ្វើ​ឲ្យ​ពិភព​លោក​នេះ​មាន​ការ​កោត​ខ្លាច ស្រឡាញ់ សរសើរ ថ្វាយ​ព្រះ​កិត្តិយស​ដល់​ព្រះ​នាម​របស់​ទ្រង់ ហើយ​សូម​សម្រេច​ការ​នោះ​នៅ​ក្នុង​ដួង​ចិត្ត​របស់​ទូល​បង្គំ​នៅ​វេលា​ព្រឹក​នេះ​ចុះ។ ឱ! ព្រះ​ជាម្ចាស់​អើយ! ហើយ​បន្ទាប់​មក សូម​ពង្រីក​ព្រះ​រាជ្យ​នគរ​របស់​ទ្រង់ ហើយ​នាំ​ឲ្យ​ព្រះ​ហឫទ័យ​របស់​ទ្រង់​បាន​សម្រេច​ដូច​ដែល​ពួក​ទេវតា​នៅ​ឯ​ស្ថាន​សួគ៌​កំពុង​តែ​ធ្វើ​ដែរ។ និយាយ​ម្យ៉ាង​វិញ​ទៀត​ទៅ​គឺ​ថា៖ សូម​សម្រេច ហើយ​នាំ​ព្រះ​រាជ្យ​នគរ​របស់​ទ្រង់ ហើយ​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះ​អង្គ​ចាំ​បាច់​ធ្វើ ដើម្បី​នាំ​យើង​ឲ្យ​ឈាន​ទៅ​ដល់​គោល​ដៅ​នោះ​ចុះ»

ក្លិន​ក្រអូប​នៃ​ការ​អធិស្ឋាន

«ពេល​កូន​ចៀម​បាន​ទទួល​ក្រាំង​រួច​ហើយ សត្វ​មាន​ជីវិត​ទាំង​បួ​ន និង​ពួក​ចាស់​ទុំ​ទាំង​ម្ភៃ‌បួន​នាក់​បាន​ក្រាប​ចុះ​នៅ​មុខ​កូន​ចៀម ម្នាក់ៗ​កាន់​ស៊ុង និង​ពាន​មាស ពេញ​ដោយ​គ្រឿង​ក្រអូប ដែល​ជា​សេចក្ដី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ» (វិវរណៈ ៥:)

ក្នុង​កណ្ឌ​គម្ពីរ​វិវរណៈ ៥:៨ កា​អធិស្ឋាន​កំពុង​តែ​ទទួល​ការ​ប្រមូល​ផ្ដុំ​ចូល​ក្នុង​ចាន​គោម​មួយ ហើយ​ចាន​គោម​មាន​តួនាទី​ពីរ​យ៉ាង។ ទី១៖ វា​គឺ​ជា​គ្រឿង​ក្រអូប ហើយ​ការ​អធិស្ឋាន​របស់​យើង​គឺ​ប្រៀប​ដូច​ជា​គ្រឿង​ក្រអូប​ក្នុង​ព្រះ​វត្ត​មាន​របស់​ព្រះ​ជាម្ចាស់ ហើយ​គ្រឿង​ក្រអូប​នោះ​ក៏​ពិត​ជា​ផ្គាប់​ព្រះ​ហឫទ័យ​ដល់​ទ្រង់​មែន​ដែរ។ ព្រះ​ជាម្ចាស់​ស្រឡាញ់​ក្លិន​នៃ​ការ​អធិស្ឋាន​របស់​រាស្ត្រ​ទ្រង់ ដែល​នេះ​មាន​ន័យ​ថា​ប្រសិន​បើ​លោក​អ្នក​កំពុង​តែ​ស្រែក​ទ្រហោ​យំ​ដោយ​សារ​ប្រឈម​មុខ​ក្នុង​ការ​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ខ្លួន ឬ​ក៏​ដោយ​សារ​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​លំបាក​ក្នុង​ក្រុម​ជំនុំ​របស់​ខ្លួន ទង្វើ​នោះ​ផ្ទាល់​របស់​លោក​អ្នក​គឺ​ជា​ផ្គាប់​ព្រះ​ហឫទ័យ​ដល់​ព្រះ​អង្គ។ វា​មិន​មែន​ជា​ការ​ឥត​ប្រយោជន៍​នោះ​ទេ។

ហើយ​ព្រះ​ជាម្ចាស់​ក៏​អាច​ឆ្លើយ​តប​លើ​ការ​អធិស្ឋាន​នោះ​ឥឡូវ​នេះ ឬ​ក៏​នៅ​ដប់​ឆ្នាំ​ខាង​មុខ ឬ​ក៏​ឆ្លើយ​តប​ក្នុង​របៀប​ណា​មួយ​ដែល​លោក​អ្នក​មិន​អាច​រំពឹង​ទុក​ដល់​បាន។ ប៉ុន្តែ ដាច់​ដោយ​ឡែក​ពី​របៀប​ដែល​ព្រះ​អង្គ​នឹង​ឆ្លើយ​តប​គឺ​ត្រង់​ថា ការ​អធិស្ឋាន​ផ្ទាល់​មាន​តម្លៃ​ចំពោះ​ព្រះ​ជាម្ចាស់។ នេះ​គឺ​ជា​អត្ថ​ន័យ​ដំបូង​នៃ​ចាន​គោម និង​គ្រឿង​ក្រអូប។

បុព្វហេតុ​នៃ​ការ​ដែល​ព្រះ​រាជ្យ​នគរ​មក​ដល់

«មាន​ទេវតា​មួយ​ទៀត បាន​ចេញ​មក​ឈរ​នៅ​ចំពោះ​អាសនា ទាំង​កាន់​ពាន​មាស ហើយ​បាន​ទទួល​គ្រឿង​ក្រអូប​ជា​ច្រើន ដើម្បី​ថ្វាយ​ជា​មួយ​ពាក្យ​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ​ទាំង​អស់ នៅ​លើ​អាសនា​មាស​ដែល​ស្ថិត​នៅ​មុខ​បល្ល័ង្ក ហើយ​ផ្សែង​នៃ​គ្រឿង​ក្រអូប​ក៏​ភាយ​ក្លិន​ឡើង ជា​មួយ​ពាក្យ​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ ចេញ​ពី​ដៃ​ទេវតា​នៅ​ចំពោះ​ព្រះ។ ទេវតា​បាន​យក​ពាន​មក​ដាក់​ភ្លើង​ដែល​នៅ​លើ​អាសនា រួច​បោះ​ទៅ​លើ​ផែនដី ហើយ​មាន​សំឡេង​ផ្គរ​លាន់ ផ្លេក​បន្ទោរ និង​រញ្ជួយ​ផែនដី» (វិវរណៈ ៨:)

អត្ថ​ន័យ​ទី២​គឺ​នៅ​ក្នុង​កណ្ឌ​គម្ពីរ វិវរណៈ ៨:៥។ នឹង​មាន​ថ្ងៃ​មកដល់​ដែល​ចាន​គោម​នោះ​នឹង​ពេញ។ និយាយ​ម្យ៉ាង​ទៀត កា​អធិស្ឋាន​រាប់​លាន​ដែល​ត្រូវ​បាន​អធិស្ឋាន​ឡើង—«សូម​ឲ្យ​ព្រះ​នាម​ព្រះ​អង្គ​បាន​បរិសុទ្ធ សូម​ឲ្យ​ព្រះ​រាជ្យ​របស់​ព្រះ​អង្គ​បាន​មក​ដល់»—ចំណុច​ចុង​ក្រោយ​នឹង​មាន​ការ​អធិស្ឋាន​ឡើង ហើយ​ព្រះ​ជាម្ចាស់​ក៏​នឹង​ទត​មើល​ពួក​ទេវតា ហើយ​មាន​បន្ទូល​ថា «ចូល​ចាក់​លើ​ផែនដី​ចុះ»។ ហើយ​គាត់​នឹង​យក​ចាន​គោម​នៃ​សេចក្ដី​អធិស្ឋាន ដូច​ជា​ភ្លើង ហើយ​បោះ​ទៅ​លើ​ផែនដី ដែល​នេះ​គឺ​ជា​ការ​សម្រេច​គោល​បំណង​ចុង​ក្រោយ​របស់​ព្រះ​ជាម្ចាស់។

ហើយ​ខ្ញុំ​គិត​ថា យើង​ត្រូវ​តែ​អធិប្បាយ​មក​កាន់​ខ្លួន​ឯង​ថា ការ​អធិស្ឋាន​របស់​យើង​ក៏​ជា​ចំណែក​មួយ​នៃ​បុព្វហេតុ​នៃ​ជ័យ​ជម្នះ​ចុង​ក្រោយ​របស់​ព្រះ​ជាម្ចាស់​ដែរ។ ព្រះ​អង្គ​នឹង​មិន​ឲ្យ​យើង​អធិស្ឋាន​ឲ្យ​ព្រះ​រាជ​នគរ​របស់​ទ្រង់​បាន​មក​ដល់​នោះ​ទេ​ប្រសិន​បើ​ទ្រង់​មិន​មាន​ព្រះ​ហឫទ័យ​ក្នុង​ការ​ប្រើ​ប្រាស់​ការ​អធិស្ឋាន​របស់​យើង​ជា​ឧបករណ៍​មួយ​នៃ​ការ​នាំ​ឲ្យ​ព្រះ​រាជ​នគរ​របស់​ទ្រង់​មក​ដល់។

ដូច្នេះ វា​ពិត​ជា​គួរ​ដ៏​ភ្ញាក់​ផ្អើល​មែន នៅ​ពេល​ដែល​លោក​អ្នក​គិត​អំពី​ការ​ដែល​សេចក្ដី​អធិស្ឋាន​របស់​ព្រះ​ជាម្ចាស់​ត្រូវ​បាន​អធិស្ឋាន​ឡើង​រាប់​លាន​ដង គ្រប់​ពេល​ដែល​យើង​អធិស្ឋាន​ក្នុង​ជំនឿ នោះ​ព្រះ​ជាម្ចាស់​បាន​ដាក់​វា​ចូលក្នុង​ចាន​គោម​ឲ្យ​ពេញ​ឡើងៗ ហើយ​ក៏​នឹង​មាន​ថ្ងៃ​ដែល​មក​ដល់​ពេល​ដែល​ទ្រង់​នឹង​ចាក់​ចាន​គោម​នោះ ដើម្បី​ជា​ការ​សម្រេច​ពេល​វេលា។ ដូច្នេះ ការ​អធិស្ឋាន​ទាំង​អស់​នោះ​មិន​មែន​ជា​ការ​ឥត​ប្រយោជន៍​នោះ​ទេ។

មិន​ថា​ព្រះ​ជាម្ចាស់​ឆ្លើយ​តប​សេចក្ដី​អធិស្ឋាន​របស់​យើង​រៀងៗ​ខ្លួន​ដោយ​របៀប​ណា​ក៏​ដោយ​ក៏​ព្រះ​អង្គ​នៅ​សព្វ​ព្រះ​ហឫទ័យ​ក្នុង​ការ​ព្រះ​សណ្ដាប់​សំណូម​ពរ​របស់​យើង ហើយ​ព្រះ​អង្គ​នឹង​ប្រើ​ប្រាស់​សេចក្ដី​អធិស្ឋាន​នោះ​សម្រាប់​បង្កើត​នគរ​របស់​ទ្រង់​ជា​សម្រេច​ដែរ។

និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយលោក៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និងលោកស្រី ពុល រដ្ឋា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ

ពេញចិត្តនឹងព្រះគុណ