Day 15 The Apostle of the Alps
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ ប៉ុន្តែលោកមិនបានធ្វើវាឡើងតែម្នាក់ឯងនោះទេ។ ចលនាកំណែទម្រង់នេះ គឺជាចលនារបស់វីរជនជាច្រើននាក់ ទាំងអ្នកដែលមានឈ្មោះល្បី និងអ្នកដែលមិនសូវមានគេស្គាល់ ដែលបានរួមចំណែកបង្កើតប្រវត្តិសាស្ត្រមួយនេះ។
មនុស្សមួយចំនួនចាំបានត្រឹមតែថាលោក ហ្គីយ៉ូម វីលៀម ហ្វារ៉ែល (Guillaume Farel) បានប្រាប់លោក ចន ខិលវិន (១៥០៩-១៥៦៤) ថា ព្រះនឹងមិនសព្វព្រះហឫទ័យឡើយ ប្រសិនបើលោក ខិលវិន មិនចូលរួមក្នុងកិច្ចការកំណែទម្រង់នៅទីក្រុងហ្សឺណែវ។ ប៉ុន្តែលោក ហ្វារ៉ែល ក៏បានមានស្នាដៃសំខាន់ៗផ្សេងទៀតផងដែរ។ សម័យកំណែទម្រង់នៅប្រទេសបារាំងបានចាប់ផ្តើមឡើង ដោយសារលោក ហ្វារ៉ែល បានប្រកាសយ៉ាងខ្លាំងៗអំពីដំណឹងល្អ និងបានបដិសេធការថ្វាយបង្គំរូបព្រះក្លែងក្លាយ។ ចលនាកំណែទម្រង់នៅប្រទេសបារាំងបានរំដោះមនុស្សរាប់ពាន់នាក់ ឲ្យចាកផុតពីជំនឿខុសឆ្គងរបស់ពួករ៉ូម៉ាំងកាតូលិក។ មនុស្សម្នាបានហៅលោកថាជា «សាវ័កនៃជួរភ្នំអាល់»។
លោក ហ្វារ៉ែល បានកើតនៅទីក្រុងតូចមួយតាមតំបន់ភ្នំនៃប្រទេសបារាំងឈ្មោះថា ហ្កាប (Gap) ពោលគឺប្រាំឆ្នាំបន្ទាប់ពីលោក លូសើរ និងលោក ស្វីងហ្គើលី បានកើតដែរ។ លោក ហ្វារ៉ែល បានធំដឹងក្តីឡើងក្នុងគ្រួសារដ៏មានស្តុកស្តម្ភមួយ។ គ្រួសាររបស់លោកមានការប្ដេជ្ញាចិត្តយ៉ាងខ្លាំងចំពោះទេវវិទ្យារបស់ក្រុមកាតូលិក (ទោះបើមានកំហុសឆ្គង) ក្នុងអំឡុងឆ្នាំ១៥០០ នៃគ.ស.។ មុនឆ្នាំ១៥០០ នៃគ.ស. ក្រុមជំនុំរ៉ូម៉ាំងកាតូលិកបានបោះបង់ខ្លឹមសារស្នូលនៃសារដំណឹងល្អចោល ដោយបដិសេធចំពោះការទទួលបានសេចក្តីសង្គ្រោះតាមរយៈជំនឿ។ ផ្ទុយទៅវិញ ក្រុមជំនុំកាតូលិកបានបង្កើតនូវប្រព័ន្ធដ៏ស្មុគស្មាញមួយ ដើម្បីឲ្យទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់ តាមរយៈការប្រព្រឹត្តរបស់មនុស្ស។ ប្រព័ន្ធដ៏ស្មុគស្មាញនេះរួមមានការធ្វើសក្ការៈដល់ពួកបរិសុទ្ធ និងការធ្វើសក្ការៈដល់វត្ថុប្រើប្រាស់របស់ពួកបរិសុទ្ធ ការអធិស្ឋានសម្រាប់មនុស្សដែលបានស្លាប់ទៅហើយ ការចូលរួមកម្មវិធីថ្វាយបង្គំ និងការចូលរួមក្នុងពិធីលៀងព្រះអម្ចាស់ជាដើម។ អ្វីៗទាំងអស់នេះមិនអាចដោះស្រាយបញ្ហាអំពើបាបបានដ៏ពិតប្រាកដឡើយ។ មនុស្សដែលបានព្យាយាមអនុវត្តតាមទំនៀមទម្លាប់ទាំងអស់នេះ ជាទូទៅតែងតែមានអារម្មណ៍ថា វាគឺជារឿងមិនអាចទៅរួចឡើយក្នុងការទទួលបានការសង្គ្រោះ និងការបានទៅឯស្ថានសួគ៌។
លោក ហ្វារ៉ែល បានជឿលើទំនៀមទម្លាប់របស់ក្រុមជំនុំកាតូលិកទាំងអស់នេះ។ លោក ហ្វារ៉ែល និងគ្រួសាររបស់លោកបានធ្វើដំណើរទៅកាន់ទីសក្ការៈ របស់ក្រុមជំនុំកាតូលិកដែលនៅជិតផ្ទះរបស់ពួកគេ។ លោក ហ្វារ៉ែល តែងតែមានប្រសាសន៍ដោយគោរព និងផ្តល់តម្លៃដល់អំណាចរបស់សម្តេចប៉ាប ហើយលោកក៏បានជជែកដេញដោល ដើម្បីគាំទ្រដល់ប្រព័ន្ធកុសលផលបុណ្យនេះដែរ។ ជាច្រើនឆ្នាំក្រោយមកលោក ហ្វារ៉ែល បានសរសេរសំបុត្រមួយច្បាប់ទៅកាន់មិត្តភក្ដិម្នាក់។ ហើយលោកបានមានប្រសាសន៍ថា៖
«ក្រុមជំនុំកាតូលិកផ្ទាល់មិនបានគោរពព្រះជាម្ចាស់ខ្លាំងដូចទឹកចិត្តរបស់ខ្ញុំឡើយ។ អារក្សបានលេចមកឲ្យខ្ញុំឃើញក្នុងរូបរាងជាទេវតានៃពន្លឺ។ ខ្ញុំបានទទួលការបញ្ឆោតពីអារក្សលើសជាងអ្នកណាៗទាំងអស់ ដែលពួកអារក្សអាចបញ្ឆោតបាននៅក្នុងពិភពលោកនេះ (ដកស្រង់ពី William Farel, ទំព័រ២៧។»
អរព្រះគុណព្រះ ពេលក្រោយមក គាត់បានរកឃើញសេចក្តីពិត។
នៅឆ្នាំ១៥០៩ នៃគ.ស. លោក ហ្វារ៉ែល បានចូលរៀននៅសាកលវិទ្យាល័យប៉ារីស (University of Paris)។ លោកបានទៅទីនោះ ដើម្បីសិក្សាផ្នែកទស្សនវិជ្ជា ភាសាបុរាណ និងទេវវិទ្យា។ គ្រូបង្រៀនបង្គោលរបស់លោកគឺលោក ហ្សាក់ ឡឺហ្វេវ ដឺតាព (Jacques Lefévre d’Étaples ឆ្នាំ១៤៥៥-១៥៣៦ នៃគ.ស.)។ លោក ហ្សាក់ បានបង្ហាញលោក ហ្វារ៉ែល នូវសំបុត្រទាំងឡាយដែលសរសេរដោយសាវ័ក ប៉ុល ហើយលោក ហ្សាក់ ក៏បានបង្រៀនលោក ហ្វារ៉ែល អំពីគោលគំនិតនៃការទទួលបានសេចក្តីសង្គ្រោះដោយសារតែជំនឿដែរ។ នេះជាលើកដំបូងដែលលោក ហ្វារ៉ែល បានសិក្សាព្រះគម្ពីរដោយយកចិត្តទុកដាក់។ លោក ហ្វារ៉ែល បានកត់សម្គាល់ឃើញថា សេចក្តីបង្រៀនរបស់ក្រុមជំនុំរ៉ូម៉ាំងកាតូលិកមានការណែនាំខុសឆ្គង។ លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលលោកបានឃើញថា ព្រះគម្ពីរមិនបានលើកឡើងអំពីជំនឿរបស់ក្រុមជំនុំកាតូលិកជាច្រើននោះទេ។ ឧទាហរណ៍៖ ព្រះគម្ពីរមិនបានរៀបរាប់អំពីសម្តេចប៉ាប រចនាសម្ព័ន្ធដឹកនាំរបស់ក្រុមជំនុំកាតូលិក ការបំផ្លាស់វត្ថុធាតុ (transubstantiation) ស្ថានជម្រះព្រលឹង ការបង់លុយឲ្យលោះបាបកម្ម ឬការថ្វាយបង្គំពួកបរិសុទ្ធ ភាពនៅលីវរបស់ពួកសង្ឃ ឬពិធីសាសនាណាមួយឡើយ លើកលែងតែពិធីជ្រមុជទឹក និងពិធីលៀងព្រះអម្ចាស់តែប៉ុណ្ណោះ។
នៅឆ្នាំ១៥២១ នៃគ.ស. សៀវភៅរបស់លោក លូសើរ មិនទាន់មាននៅក្នុងប្រទេសបារាំងនៅឡើយទេ។ ប៉ុន្តែលោក ហ្វារ៉ែល បានចាប់ផ្តើមជឿលើចំណុចដូចគ្នានឹងលោក លូសើរ ដែរ។ លោក ហ្វារ៉ែល បានជឿថា សេចក្តីសង្គ្រោះកើតចេញពីព្រះយេស៊ូវគ្រីស្ទតែមួយគត់។ លោកក៏បានជឿផងដែរថា ព្រះគម្ពីរគឺជាប្រភពតែមួយគត់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់មកកាន់យើង។ ហើយលោកគិតថា ទំនៀមទម្លាប់របស់ក្រុមជំនុំកាតូលិកកើតចេញពីគំនិតរបស់មនុស្ស មិនមែនមកពីព្រះជាម្ចាស់ទេ។
កាលលោក ហ្វារ៉ែល នៅជាកុមារនៅឡើយ លោកបានរៀនសូត្រអំពីទំនៀមទម្លាប់ជាច្រើនរបស់ពួកកាតូលិក។ ប៉ុន្តែ នៅពេលនេះ លោក ហ្វារ៉ែល បានដឹងថា ទំនៀមទម្លាប់ទាំងនោះគឺជារបៀបនៃការថ្វាយបង្គំព្រះក្លែងក្លាយ ជំនួសឲ្យការថ្វាយបង្គំព្រះជាម្ចាស់វិញ។ ដោយសារតែសេចក្តីបង្រៀនក្លែងក្លាយបែបនេះ នោះពួកគេក៏បាននាំឲ្យគ្រីស្ទបរិស័ទជាច្រើននាក់ដើរផ្លូវខុស ទៅរកការថ្វាយបង្គំដែលគ្មានន័យ និងជាការប្រមាថដល់ព្រះជាម្ចាស់ទៀតផង។ លោក ហ្វារ៉ែល បានមានប្រសាសន៍បែបនេះ ដើម្បីបង្ហាញពីការសោកស្តាយរបស់លោក៖
«ឱព្រះជាម្ចាស់អើយ តើនេះជារឿងដ៏គួរឲ្យរន្ធត់អ្វីយ៉ាងនេះ! ឱព្រះអាទិត្យអើយ តើអ្នកនៅអាចបញ្ចេញពន្លឺរបស់អ្នកទៅលើទឹកដីបែបនេះបានយ៉ាងដូចម្តេច? ឱផែនដីអើយ តើអ្នកនៅអាចទ្រទ្រង់មនុស្សបែបនេះ ហើយទុកជីវិតឲ្យពួកគេបង្កើតកូនចៅបានយ៉ាងដូចម្តេច បើទោះបីជាមនុស្សទាំងនោះមិនគោរពដល់ព្រះដ៏ជាព្រះអាទិកររបស់អ្នកផង? ឱព្រះអម្ចាស់ដ៏ជាព្រះអើយ តើទ្រង់ពិតជាមានព្រះហឫទ័យអត់ទោសបាប ហើយយឺតនឹងខ្ញាល់ដល់ថ្នាក់នេះមែនឬ? បើទោះបីជាទ្រង់កំពុងរងការប្រមាថយ៉ាងខ្លាំងយ៉ាងណាក៏ដោយ? (ដកស្រង់ពី Reformed Confessions of the 16th and 17th Centuries, ទំព័រ៩២)»
បន្ទាប់មកលោក ហ្វារ៉ែល បានបំពេញការងារជាបេសកជននៅក្នុងប្រទេសបារាំង និងប្រទេសស្វ៊ីស។ លោកបានទូលសួរព្រះជាម្ចាស់ថា «តើទូលបង្គំនឹងស្លាប់ មុនពេលទូលបង្គំបានឮសេចក្តីពិតដ៏បរិសុទ្ធរបស់ទ្រង់ត្រូវបានប្រកាសជាសាធារណៈមែនឬ? (ដកស្រង់ពី Early French Reform, ទំព័រ៨៣)»។
លោក ហ្វារ៉ែល បានធ្វើដំណើរពីទីក្រុងមួយទៅទីក្រុងមួយ ដើម្បីបង្រៀនអំពីព្រះគម្ពីរ និងដើម្បីបង្កើតក្រុមជំនុំថ្មីៗ។ លោកបានលើកទឹកចិត្តមនុស្សឲ្យផ្លាស់ប្តូរ ប្រសិនបើពួកគេធ្លាប់ថ្វាយបង្គំរូបព្រះនៃសាសនាកាតូលិក។ លោក ហ្វារ៉ែល បានមានប្រសាសន៍ថា៖
«សូមឈប់ដើរតាមគ្រូបង្រៀនណាដែលបង្គាប់ឲ្យអ្នកធ្វើការពិបាកៗដែលមិនអាចទៅរួចបាន ប៉ុន្តែពួកគេមិនបានជួយអ្នកទាល់តែសោះនោះទៀតទៅ។ ផ្ទុយទៅវិញ សូមដើរតាមព្រះយេស៊ូវ ពីព្រោះទ្រង់បានទទួលយកការពិបាកៗទាំងនោះជំនួសយើងហើយ! សូមជឿលើព្រះយេស៊ូវ នោះលោកអ្នកនឹងទទួលបានសេចក្តីសង្គ្រោះ។ សូមចូលទៅឯព្រះយេស៊ូវតែមួយអង្គគត់ កុំទៅរកអ្នកផ្សេងទៀតឡើយ។ សូមជឿលើព្រះយេស៊ូវ ពីព្រោះព្រះយេស៊ូវអាចសង្គ្រោះលោកអ្នកបាន ប៉ុន្តែពួកសង្ឃមិនអាចសង្គ្រោះលោកអ្នកបានទេ។ ចូរទូលទៅកាន់ព្រះយេស៊ូវ ហើយកុំនិយាយទៅកាន់អ្នកត្រួតត្រាដ៏មានអំនួត និងមានអំពើបាបទាំងនេះឡើយ (ដកស្រង់ពី Reformed Confessions, ទំព័រ៨៤)។»
លោក ហ្វារ៉ែល គឺជាមនុស្សដែលមានការតស៊ូ និងមានភាពច្នៃប្រឌិត។ លោកបានបង្រៀន និងបានចូលរួមក្នុងការជជែកដេញដោលខាងឯផ្នែកទេវវិទ្យា។ លោកថែមទាំងបានទៅតុលាការ ដើម្បីប្តឹងមនុស្សដែលបានប្រមាថលោកទៀតផង។ លោកបានធ្វើបែបនេះ ដើម្បីឲ្យលោកអាចចែកចាយដំណឹងល្អជាមួយនឹងពួកគេ នៅឯតុលាការបានដែរ។ ក្នុងពេលជាមួយគ្នានោះដែរ មិត្តភក្ដិរបស់លោក ហ្វារ៉ែល ដូចជាលោក ចន ខិលវិន និងលោក រ៉ូបឺត អូលីវេតាន (Robert Olivetan) បានបកប្រែព្រះគម្ពីរទៅជាភាសាបារាំង។ លោក ហ្វារ៉ែល បានផ្ដោតអារម្មណ៍ទាំងស្រុងលើការងាររបស់លោកជាបេសកជន។
គេបានវាយដំ ចោលដុំថ្ម ដាក់ថ្នាំបំពុល និងបាញ់ប្រហារលោក ហ្វារ៉ែល។ ប៉ុន្តែ លោកបានបន្តអធិប្បាយ អធិស្ឋាន ផ្សព្វផ្សាយដំណឹងល្អ និងដឹកនាំក្រុមជំនុំអស់រយៈពេល៣៥ឆ្នាំ! បន្ទាប់ពីខេត្តដែលលោក ហ្វារ៉ែល បានធំដឹងក្តីឡើងបានចាប់ផ្តើមជឿលើដំណឹងល្អ នោះលោកក៏បានសម្រេចចិត្តរៀបការ។ លោកបានរៀបការជាមួយនាង ម៉ារី ថូរ៉ែល (Mary Thorel) នៅពេលលោកមានអាយុ៦៩ឆ្នាំ។ ប្រាំពីរឆ្នាំក្រោយមកលោក ហ្វារ៉ែល បានទទួលមរណភាព។
អ្នកកំណែទម្រង់ជនជាតិបារាំងដែលមានឈ្មោះថា លោក ថេអូឌ័រ ប៊ីហ្សា (Theodore Beza) បានមានប្រសាសន៍ថា៖
«ការពិបាកៗមិនបានបញ្ឈប់លោក ហ្វារ៉ែល ហើយលោកក៏មិនមានការភ័យខ្លាចចំពោះការគំរាមកំហែង ការប្រមាថ និងសូម្បីតែការវាយដំនោះដែរ។ លោក ហ្វារ៉ែល បានបង្រៀនអំពីព្រះយេស៊ូវដល់ប្រជាជននៅតំបន់ ម៉ុងបេលីយ៉ារ (Montbéliard) តំបន់ ណឺសាតែល (Neuchatel) តំបន់ ឡូសាន (Lausanne) តំបន់ អាគីឡឺយ៉ា (Aquileia) និងទីក្រុងហ្សឺណែវ (Geneva)។ លោក ហ្វារ៉ែល មានចំណេះដឹងច្រើន មានសេចក្តីសុចរិត និងចេះដាក់ខ្លួន។ លោកគឺជាមនុស្សដែលមានការផ្ដោតអារម្មណ៍ខ្លាំង និងឆ្លាតវៃណាស់។ នៅពេលដែលលោកអធិប្បាយ សម្លេងរបស់លោកគឺឮហាក់បីដូចជាសូរសព្ទផ្គរលាន់ ជាជាងការនិយាយធម្មតា ពីព្រោះលោកមានភាពមោះមុតខ្លាំងណាស់។ នៅពេលដែលមនុស្សស្តាប់លោកអធិស្ឋាន ពួកគេមានអារម្មណ៍ថាដូចជាខ្លួនពួកគេទទួលបានការលើកឡើងទៅឯស្ថានសួគ៌អញ្ចឹង ពីព្រោះលោកបានអធិស្ឋានដោយមានអានុភាពខ្លាំងក្លាណាស់ (ដកស្រង់ពី History of the Christian Church, Volume 8: ទំព័រ២១៣)។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។