Day 14 The Gospel Lobbyist
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ ប៉ុន្តែលោកមិនបានធ្វើវាឡើងតែម្នាក់ឯងនោះទេ។ ចលនាកំណែទម្រង់នេះ គឺជាចលនារបស់វីរជនជាច្រើននាក់ ទាំងអ្នកដែលមានឈ្មោះល្បី និងអ្នកដែលមិនសូវមានគេស្គាល់ ដែលបានរួមចំណែកបង្កើតប្រវត្តិសាស្ត្រមួយនេះ។
នៅពេលដែលស្តេច ហែនរី ទី៨ (King Henry VIII) ជិតនឹងសោយទិវង្គត ព្រះអង្គចង់ជួបបុរសម្នាក់មុនពេលដែលទ្រង់សោយទិវង្គត គឺអ្នកកំណែទម្រង់គ្រីស្ទបរិស័ទប្រូតេស្តង់ម្នាក់ដែលមានឈ្មោះថាលោក ថូម៉ាស ក្រានម័រ។
លោក ថូម៉ាស ក្រានម័រ (Thomas Cranmer) បានជួយដឹកនាំការកែទម្រង់នៅប្រទេសអង់គ្លេស (English Reformation)។ ទោះជាយ៉ាងណាក៏ដោយ ក៏លោកមិនបានដឹកនាំតាមរបៀបដូចគ្នានឹងលោក លូសើរ លោក ខិលវិន និងអ្នកកំណែទម្រង់ដទៃទៀតនោះដែរ។ លោក ក្រានម័រ មិនបានសរសេរសៀវភៅផ្នែកទេវវិទ្យាសំខាន់ៗណាមួយឡើយ។ លោកក៏មិនបានដឹកនាំក្រុមជំនុំសំខាន់ណាមួយដែរ។ តាមពិតទៅលោក ក្រានម័រ ថែមទាំងមិនបានទទួលយកគំនិតចម្បងៗនៃចលនាកំណែទម្រង់ឡើយ រហូតទាល់តែលោកមានវ័យចំណាស់។ ប៉ុន្តែ លោក ក្រានម័រ បានជះឥទ្ធិពលលើផ្នែកទេវវិទ្យានៅក្នុងប្រទេសអង់គ្លេសច្រើនជាងបុគ្គលណាៗទាំងអស់ នៅក្នុងប្រវត្តិសាស្ត្រនៃអំឡុងពេលសម័យកំណែទម្រង់ក្រុមជំនុំប្រូតេស្តង់។
លោក ថូម៉ាស ក្រានម័រ បានកើតនៅឆ្នាំ១៤៨៩ នៃគ.ស. ក្នុងភូមិតូចមួយដែលមានឈ្មោះថា អាស្លុកតុន (Aslockton)។ លោក ក្រានម័រ គឺជាអ្នកដែលអានសៀវភៅយឺតៗម្នាក់។ លោកបានចំណាយពេលប្រាំបីឆ្នាំ ដើម្បីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ដែលទូទៅគេចំណាយពេលតែបួនឆ្នាំប៉ុណ្ណោះ នៅសាកលវិទ្យាល័យ ខេមប្រីជ (Cambridge)។ ប៉ុន្តែ លោកមិនដែលបោះបង់ការសិក្សារបស់លោកចោលឡើយ ហើយបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ថែមទៀតផង។ បន្ទាប់មក គេបានចាក់ប្រេងតាំងលោក ហើយជ្រើសរើសឲ្យលោកបង្រៀននៅសាកលវិទ្យាល័យ ខេមប្រីជ។ លោកមានកេរ្តិ៍ឈ្មោះល្បីខាងការលើកទឹកចិត្តដល់សិស្សរបស់លោកឲ្យសិក្សាព្រះគម្ពីរដោយខ្លួនឯង។
ក្នុងអំឡុងពេលដែលលោក ក្រានម័រ ធ្វើជាសាស្ត្រាចារ្យ ប្រទេសអង់គ្លេសកំពុងជួបបញ្ហាជាច្រើន។ ស្តេច ហែនរី ទី៨ (King Henry VIII) ចង់លែងលះជាមួយព្រះនាង ខាធើរីន ពីអារ៉ាហ្គន (Catherine of Aragon)។ លោក ក្រានម័រ បានផ្តល់យោបល់ដល់ទីប្រឹក្សាមួយចំនួនរបស់ស្តេចថា តាមពិតទៅស្តេចនៃប្រទេសអង់គ្លេសមិនស្ថិតនៅក្រោមអំណាចរបស់សម្តេចប៉ាបឡើយ (ចំណុចនេះបានធ្វើឲ្យស្ដេចសព្វព្រះរាជហឫទ័យយ៉ាងខ្លាំង)។ យោបល់របស់លោក ក្រានម័រ បាននាំឲ្យប្រទេសអង់គ្លេសបែកចេញពីសាសនារ៉ូម៉ាំងកាតូលិក។
លោក ក្រានម័រ បានផ្លាស់ប្តូរពីការគាំទ្រជំនឿរ៉ូម៉ាំងកាតូលិក មកជាអ្នកដើរតាមលទ្ធិបែបកំណែទម្រង់វិញ នៅចុងបញ្ចប់នៃជីវិតរបស់លោក។ កាលលោក ក្រានម័រ នៅជាសិស្សនៅសាកលវិទ្យាល័យ ខេមប្រីជ លោកបានអានសៀវភៅរបស់លោក ម៉ធិន លូសើរ ប៉ុន្តែលោកមិនបានជឿតាមលោក ម៉ធិន លូសើរ ឡើយ។ តែលោក ក្រានម័រ បានចាប់ផ្តើមមានចិត្តបើកទូលាយចំពោះគំនិតរបស់អ្នកកំណែទម្រង់ បន្ទាប់ពីលោកបានក្លាយជាមិត្តភក្តិជាមួយលោក ស៊ីម៉ូន ហ្គ្រីណេយូស (Simon Grynaeus) និងលោក អាន់ដ្រេអាស អូសៀនឌឺ (Andreas Osiander)។ លោក ក្រានម័រ បានបដិសេធគោលលទ្ធិនៃការបំផ្លាស់វត្ថុធាតុ (transubstantiation ដែលជាជំនឿថានំប៉័ង និងស្រាទំពាំងបាយជូរក្លាយជាព្រះកាយ និងព្រះលោហិតរបស់ព្រះយេស៊ូវតាមអត្ថន័យចំៗ) បន្ទាប់ពីលោកសន្ទនាជាមួយលោក នីកូឡាស រីដលី (Nicholas Ridley) ដែលជាមិត្តភក្តិ។ ទស្សនៈរបស់លោក ក្រានម័រ ក៏កាន់តែរឹងមាំឡើងៗ បន្ទាប់ពីលោកបានសន្ទនាជាមួយអ្នកកំណែទម្រង់ជនជាតិអ៊ីតាលីម្នាក់ឈ្មោះលោក ភីធើរ ម័រធើ (Peter Martyr) និងអ្នកកំណែទម្រង់ជនជាតិអាល្លឺម៉ង់ម្នាក់ឈ្មោះលោក ម៉ធិន ប៊ូសឺ (Martin Bucer)។
ជំនឿរបស់លោក ក្រានម័រ បានផ្លាស់ប្តូរខ្លាំងពេកសម្រាប់គ្រីស្ទបរិស័ទរ៉ូម៉ាំងកាតូលិកនៃប្រទេសអង់គ្លេស ប៉ុន្តែជំនឿរបស់លោកក៏មិនបានផ្លាស់ប្តូរឆាប់រហ័ស គ្រប់គ្រាន់សម្រាប់គ្រីស្ទបរិស័ទដែលចង់បានការកែទម្រង់ក្រុមជំនុំនោះឡើយ។ មនុស្សមួយចំនួនគិតថាលោក ក្រានម័រ បានផ្លាស់ប្តូរជំនឿរបស់លោក ដោយសារតែមូលហេតុផ្ទាល់ខ្លួន និងកត្តានយោបាយតែប៉ុណ្ណោះ។ ប៉ុន្តែ ជំនឿរបស់លោក ក្រានម័រ បានកើតឡើងក្នុងបរិយាកាសដ៏លំបាកលំបិន និងក្នុងពេលដែលក្រុមជំនុំមានបញ្ហា និងបញ្ហាខាងនយោបាយជាច្រើនទៀតផង។
ក្នុងអំឡុងពេលដែលស្តេច អ៊ែដវើដ ទី៦ (Edward VI) គ្រងរាជ្យ៖ លោក ក្រានម័រ មានភាពជោគជ័យដ៏អស្ចារ្យបំផុតនៅក្នុងក្រុមជំនុំ។ ក្នុងអំឡុងពេលនេះ លោក ក្រានម័រ បានសរសេរឡើងវិញនូវការអធិស្ឋានជាសាធារណៈ សេចក្តីអធិប្បាយរបស់គ្រូគង្វាល ការអធិស្ឋានផ្ទាល់ខ្លួន និងគោលជំនឿជាផ្លូវការ។ សំណេរទាំងនេះបានបង្កើតជាមូលដ្ឋានគ្រឹះនៃជំនឿ ដែលក្រោយមកបានក្លាយជាក្រុមជំនុំអង់គ្លីខិន។ នេះគឺជាកិច្ចការដ៏ធំបំផុតដែលគេចងចាំអំពីលោក ក្រានម័រ។
លោក ក្រានម័រ ចង់ឲ្យមនុស្សគ្រប់គ្នានៅក្នុងក្រុមជំនុំនានានៃប្រទេសអង់គ្លេសជឿលើការរាប់ជាសុចរិតដោយសារជំនឿតែមួយគត់។ លោកបានសរសេរថា៖
«គំនិតនេះគឺថា យើងទទួលបានការរាប់ជាសុចរិតដោយសារតែជំនឿតែមួយមុខប៉ុណ្ណោះ ដោយមិនអាស្រ័យលើការធ្វើអំពើល្អឡើយ។ គំនិតនេះមានន័យថា ទោះបីជាយើងធ្វើអំពើល្អច្រើនយ៉ាងណាក៏ដោយ ក៏យើងមិនដែលមានភាពល្អគ្រប់គ្រាន់ ដើម្បីឲ្យសមនឹងទទួលបានសេចក្តីសង្គ្រោះទេ។ គំនិតនេះបង្ហាញអំពីភាពទន់ខ្សោយរបស់មនុស្សលោក និងសេចក្តីសប្បុរសរបស់ព្រះជាម្ចាស់។ ហើយវាក៏បង្ហាញអំពីភាពមិនល្អឥតខ្ចោះនៃការប្រព្រឹត្តរបស់យើង និងព្រះគុណដ៏អស្ចារ្យរបស់ព្រះគ្រីស្ទដែលជាព្រះសង្គ្រោះនៃយើង។ គំនិតនេះក៏ថ្វាយព្រះកិត្តិយសទាំងអស់ដល់ព្រះគ្រីស្ទ ចំពោះការលះបង់របស់អង្គទ្រង់ផ្ទាល់ ដើម្បីធ្វើជាយញ្ញបូជាជំនួសយើង (ដកស្រង់ពី The Works of Thomas Cranmer, ទំព័រ១៣១)។»
លោក ក្រានម័រ បានស្លាប់ដោយសារតែជំនឿតាមបែបកំណែទម្រង់របស់លោកបន្ទាប់ពីម្ចាស់ក្សត្រី ម៉ារី ទី១ (Mary I) ដែលជាអ្នកកាន់តាមសាសនារ៉ូម៉ាំងកាតូលិកបានក្លាយជាម្ចាស់ក្សត្រីនៃប្រទេសអង់គ្លេស។ គេបានដាក់គុកលោក ហើយទុកឲ្យលោកនៅតែម្នាក់ឯងអស់រយៈពេលបីឆ្នាំដ៏ឈឺចាប់។ មិនតែប៉ុណ្ណោះ គេក៏បានសួរ និងធ្វើទារុណកម្មលោកផងដែរ។ គេក៏បានបង្ខំលោកឲ្យមើលការដុតសម្លាប់លោក នីកូឡាស រីដលី (Nicholas Ridley) និងលោក យូ ឡាទីម័រ (Hugh Latimer) ដែលជាមិត្តភក្តិរបស់លោកផងដែរ។
បន្ទាប់មក នៅពេលគេប្រហារជីវិតរបស់លោក ក្រានម័រ ផ្ទាល់ លោកក៏ស្ទើរតែបានបោះបង់ និងបដិសេធជំនឿរបស់លោកចោលដែរ។ ជាធម្មតា លោក ក្រានម័រ គឺជាមនុស្សស្ងប់ស្ងាត់ និងមិនសូវមានទំនុកចិត្តលើខ្លួនឯងប៉ុន្មានទេ។ ប៉ុន្តែលោក ក្រានម័រ បានបង្ហាញអំពីជំនឿដ៏រឹងមាំរបស់លោកលើព្រះគ្រីស្ទ ពីព្រោះលោកបានទុកចិត្តលើព្រះយេស៊ូវ សូម្បីតែក្នុងពេលដែលគេកំពុងដុតសម្លាប់លោកក៏ដោយ។
ពេលវេលាដែលបង្ហាញបានយ៉ាងល្អបំផុតអំពីកេរ្តិ៍ដំណែល ដែលនៅស្ថិតស្ថេររបស់លោក ក្រានម័រ គឺមិនមែននៅថ្ងៃដែលលោកបានស្លាប់នោះទេ ប៉ុន្តែគឺជាថ្ងៃមួយកាលពីប្រាំបួនឆ្នាំមុន គឺនៅថ្ងៃទី២៧ ខែមករា ឆ្នាំ១៥៤៧ នៃគ.ស.។ នៅថ្ងៃនោះ ស្តេច ហែនរី ទី៨ កំពុងជិតសោយទិវង្គត។ អ្នកបម្រើម្នាក់របស់ស្តេចបានទូលសួរព្រះអង្គថា តើព្រះអង្គចង់មានបន្ទូលជាមួយនរណា មុនពេលព្រះអង្គសោយទិវង្គត។ ស្តេចបានស្នើសុំមានបន្ទូលជាមួយលោក ថូម៉ាស ក្រានម័រ។
នៅពេលដែលលោក ក្រានម័រ បានទៅដល់រាជវាំង ស្តេច ហែនរី មានអាការៈសោយទិវង្គតខ្លាំងពេក រហូតមិនអាចមានបន្ទូលបានឡើយ។
បន្ទាប់មកលោក ក្រានម័រ បានទូលប្រាប់ស្តេចឲ្យជឿលើព្រះគ្រីស្ទ និងសូមសេចក្តីមេត្តាករុណាពីព្រះគ្រីស្ទ។ ដោយសារស្តេចមិនអាចមានបន្ទូលបាន នោះលោកក៏បានសុំឲ្យព្រះអង្គបង្ហាញសញ្ញាតាមរយៈព្រះនេត្រ ឬព្រះហស្ត ដើម្បីបញ្ជាក់ថាព្រះអង្គជឿលើព្រះគ្រីស្ទ។ បន្ទាប់មក ស្តេចក៏បានច្របាច់ដៃលោក ក្រានម័រ យ៉ាងខ្លាំងតាមដែលព្រះអង្គអាចធ្វើបាន (ដកស្រង់ពី Foxe's Book of Marthrs, ទំព័រ៧៤៨)។
ទិដ្ឋភាពនេះបានបង្ហាញយ៉ាងច្បាស់លាស់អំពីចំណងមិត្តភាពដ៏សំខាន់បំផុតនៅក្នុងសម័យកំណែទម្រង់នៃប្រទេសអង់គ្លេស។ ព្រះជាម្ចាស់បានប្រើប្រាស់មិត្តភាពរបស់លោក ក្រានម័រ និងស្តេច ហែនរី ទី៨ ដើម្បីញែកប្រទេសអង់គ្លេស ឲ្យបែកចេញពីជំនឿតាមបែបរ៉ូម៉ាំងកាតូលិក និងដើម្បីបង្រៀនអំពីដំណឹងល្អដ៏ពិតតែមួយ។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
-640x360.webp&w=3840&q=75)
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។