Day 13 The Princess Protector
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ ប៉ុន្តែលោកមិនបានធ្វើវាឡើងតែម្នាក់ឯងនោះទេ។ ចលនាកំណែទម្រង់នេះ គឺជាចលនារបស់វីរជនជាច្រើននាក់ ទាំងអ្នកដែលមានឈ្មោះល្បី និងអ្នកដែលមិនសូវមានគេស្គាល់ ដែលបានរួមចំណែកបង្កើតប្រវត្តិសាស្ត្រមួយនេះ។
នៅដើមសតវត្សរ៍ទី១៦ សាសនារ៉ូម៉ាំងកាតូលិកគឺជាសាសនាដែលមានឥទ្ធិពលខ្លាំងបំផុតនៅក្នុងប្រទេសបារាំងអស់រយៈពេលមួយពាន់ឆ្នាំមកហើយ។ ដោយមូលហេតុនោះ ប្រទេសបារាំងមិនមានភាពរីករាយចំពោះការផ្លាស់ប្តូរជំនឿទៅជានិកាយប្រូតេស្តង់ឡើយ។ វាមានគ្រោះថ្នាក់ណាស់ក្នុងការនិយាយជាសាធារណៈប្រឆាំងនឹងព្រះគម្ពីរវ៉ុលហ្កេត (ព្រះគម្ពីរភាសាឡាតាំងដែលបកប្រែដោយលោក យេរ៉ូម័ ដែលក្រុមជំនុំកាតូលិកប្រើប្រាស់)។ វាមានគ្រោះថ្នាក់ក្នុងការគាំទ្រសេចក្តីបង្រៀនរបស់លោក លូសើរ ឬលោក ខិលវិន។ វាក៏មានគ្រោះថ្នាក់ផងដែរក្នុងការនិយាយថា ព្រះជាម្ចាស់មិនបានតែងតាំងសម្ដេចប៉ាបទេ។ គ្រីស្ទបរិស័ទនិកាយប្រូតេស្តង់ប្រថុយប្រថាននឹងការសួរដេញដោលយ៉ាងខ្លាំងពីសំណាក់អាជ្ញាធរ។ ហើយពួកគេក៏ប្រឈមនឹងការជាប់ពន្ធនាគារ និងការបាត់បង់ជីវិតទៀតផង។ ស្តេចនៃប្រទេសបារាំងបានបង្គាប់ឲ្យដើរតាមផ្លូវនៃសាសនារ៉ូម៉ាំងកាតូលិកយ៉ាងដាច់អហង្ការ។ ប៉ុន្តែ កនិដ្ឋារបស់ស្តេច ដែលជាអ្នកគាំទ្រគំនិតកំណែទម្រង់បានប្រឆាំងនឹងព្រះទ័យរបស់ស្តេច។
ស្តេច ហ្វ្រង់ស្វ័រ ទី១ (Francis I) បានគ្រងរាជ្យចាប់ពីឆ្នាំ១៥១៥ ដល់ឆ្នាំ១៥៤៧ នៃគ.ស.។ ទ្រង់មានកនិដ្ឋាបង្កើតតែម្នាក់គត់គឺព្រះនាង ម៉ាកហ្ហ្កឺរីត ដឺ ណាវ៉ារ (Marguerite de Navarre)។ ព្រះនាង ម៉ាកហ្ហ្កឺរីត ទទួលបានការអប់រំ ដើម្បីក្លាយជាម្ចាស់ក្សត្រីបន្តវេន ក្នុងករណីដែលមានរឿងអ្វីមួយកើតឡើងចំពោះស្តេច ហ្វ្រង់ស្វ័រ ទី១។ នេះមានន័យថា ព្រះនាងទទួលបានការអប់រំកាន់តែប្រសើរជាងអ្នកដទៃទៀត។ មាតារបស់ស្តេច ហ្វ្រង់ស្វ័រ និងព្រះនាង ម៉ាកហ្ហ្កឺរីត មានព្រះនាមថា ល្វីស ដឺ សាវ័រ (Louise de Savoy)។ ម្ចាស់ក្សត្រី ល្វីស ក៏ជាស្ត្រីដែលមានការអប់រំខ្ពង់ខ្ពស់ម្នាក់ផងដែរ។ ម្ចាស់ក្សត្រីបានព្យាយាមឲ្យបុត្រាបុត្រីម្ចាស់ក្សត្រីបានរៀនសូត្រអំពីគ្រប់មុខជំនាញទាំងអស់ឲ្យបានច្រើនបំផុត តាមដែលអាចធ្វើទៅបាន។ ម្ចាស់ក្សត្រី ល្វីស ប្រហែលជាបុគ្គលដំបូងគេដែលបានបង្រៀនព្រះនាង ម៉ាកហ្ហ្កឺរីត អំពីលោក អេរ៉ាស្មូស។ លោក អេរ៉ាស្មូស គឺជាបុគ្គលម្នាក់ដែលបង្កឲ្យមានការជជែកវែកញែកយ៉ាងច្រើន ដោយសារលោកគឺជាអ្នកមានទស្សនៈមនុស្សនិយមនៃគ្រីស្ទបរិស័ទ។ [អ្នកមនុស្សនិយមនៃគ្រីស្ទបរិស័ទគឺជាទស្សនវិជ្ជា ដែលបានបញ្ចូលជំនឿគ្រីស្ទបរិស័ទជាមួយនឹងគំនិតបុរាណមកពីប្រទេសក្រិក និងទីក្រុងរ៉ូមបុរាណ]។ តាមរយៈសេចក្តីបង្រៀនរបស់លោក អេរ៉ាស្មូស នោះព្រះនាង ម៉ាហ្ហ្កឺរីត ក៏បានសិក្សាស្វែងយល់អំពីព្រះគម្ពីរសញ្ញាថ្មីជាភាសាក្រិក។
គេបានបង្ខំព្រះនាង ម៉ាកហ្ហ្កឺរីត ឲ្យរៀបអភិសេកជាមួយលោក ឆាលស៍ (Charles) ដែលជាអភិជននៃទីក្រុងអាឡង់សុង (Duke of Alençon) នៅឆ្នាំ១៥០៩ នៃគ.ស.។ បន្ទាប់ពីបានរៀបអភិសេកហើយ ព្រះនាងមានពេលវេលាច្រើនតែអង្គឯង ដោយសារស្វាមីរបស់ព្រះនាងចូលចិត្តយាងទៅបរបាញ់សត្វនៅទីកន្លែងឆ្ងាយៗ។ ព្រះនាងមានសិទ្ធិប្រើប្រាស់ធនធានរបស់ស្វាមីថ្មីរបស់ព្រះនាងដោយសេរី។ បន្ទាប់ពីបានរៀបអភិសេកហើយ ព្រះនាងនៅតែមានព្រះទ័យដូចពីមុនដដែល។ ព្រះនាងបានចំណាយពេលភាគច្រើននៅក្នុងទីក្រុង អាឡង់សុង (Alençon)។ ព្រះនាងបានប្រមូលសៀវភៅជាច្រើនទុកក្នុងបណ្ណាល័យរបស់ព្រះនាង។ ហើយព្រះនាងក៏បានសោយភោជនីយអាហារជាមួយអ្នកកវីអាជីពដែរ។ ព្រះនាងក៏បានពិភាក្សាជាមួយពួកអ្នកដំណឹងល្អនិយមទៀតផង។ ហើយព្រះនាងបានជួយដល់អ្នកក្រីក្រដែរ។
នៅពេលដែលជេដ្ឋារបស់ព្រះនាងបានក្លាយជាស្តេចនៃប្រទេសបារាំងក្នុងឆ្នាំ១៥១៥ នៃគ.ស. ក្រុមជំនុំកាតូលិកបានចាប់ផ្តើមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះព្រះនាង ម៉ាកហ្កឺរីត។ ប៉ុន្តែ ការយកចិត្តទុកដាក់ជាថ្មីនេះក៏មិនបានបញ្ឈប់ព្រះនាងពីការអានសៀវភៅរបស់ក្រុមនិកាយប្រូតេស្តង់ដែលគេចាត់ទុកថា «មានគ្រោះថ្នាក់» នោះឡើយ។ សៀវភៅមួយចំនួនក្នុងចំណោមសៀវភៅទាំងនេះក៏បានសរសេរឡើងដោយលោក ម៉ធិន លូសើរ ដែរ។ ព្រះនាង ម៉ាកហ្ហ្កឺរីត បានចាប់ផ្តើមជឿរួចទៅហើយថា ក្រុមជំនុំកាតូលិកមិនបានបង្រៀនអំពីសេចក្តីពិតទាំងស្រុងនៃព្រះគម្ពីរនោះទេ។ នៅពេលដែលលោក លូសើរ បានសរសេរនិក្ខេបទ៩៥ចំណុច (95 theses) ក្នុងឆ្នាំ១៥១៧ នៃគ.ស. និក្ខេបទនោះក៏បានបង្កឲ្យមានការជជែកវែកញែកយ៉ាងខ្លាំងនៅប្រទេសអាល្លឺម៉ង់ដែរ។ ក្នុងឆ្នាំដដែលនោះ ព្រះនាង ម៉ាកហ្ហ្កឺរីត ក៏បានស្នើសុំឲ្យមានការបកប្រែនិក្ខេបទ៩៥ចំណុច (95 theses) ទៅជាភាសាបារាំង។ និក្ខេបទ៩៥ចំណុច (95 theses) បានផ្តល់ការអះអាងដល់ជំនឿរបស់ព្រះនាង ម៉ាកហ្ហ្កឺរីត។ ក្រុមជំនុំកាតូលិកមិនបានប្រាប់អំពីសេចក្តីពិតទាំងស្រុងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព័ន្ធកិច្ចរបស់ព្រះគ្រីស្ទ ការអត់ទោស ឬក៏សេចក្តីសង្គ្រោះតាមរយៈជំនឿនោះឡើយ។
សម្តេចប៉ាប លីអូ ទី១០ (Pope Leo X) បានបណ្តេញលោក ម៉ធិន លូសើរ ចេញពីក្រុមជំនុំនៅឆ្នាំ១៥២១ នៃគ.ស.។ ព្រះនាង ម៉ាកហ្ហ្កឺរីត មានព្រះទ័យងឿងឆ្ងល់យ៉ាងខ្លាំង។ ព្រះនាង ម៉ាកហ្ហ្កឺរីត ស្រឡាញ់ក្រុមជំនុំ។ ហើយព្រះនាងក៏បានគោរពលោក លូសើរ យ៉ាងខ្លាំងដែរ។ ប៉ុន្តែព្រះនាង ម៉ាកហ្ហ្កឺរីត មានចម្ងល់ថា ហេតុអ្វីបានជាក្រុមជំនុំកាតូលិកស្អប់លោក លូសើរ។
ដូច្នេះព្រះនាង ម៉ាកហ្ហ្កឺរីត ក៏បានស្នើសុំយោបល់ពីសមាជិកនៃក្រុមស៊ើក អហ្វ ម៉ូ (Circle of Meaux)។ ក្រុមស៊ើក អហ្វ ម៉ូ គឺជាក្រុមអ្នកដំណឹងល្អនិយមជនជាតិបារាំង ដែលបានទទួលយកសេចក្តីបង្រៀនជាច្រើនពីចលនាកំណែទម្រង់។ ក្រុមស៊ើក អហ្វ ម៉ូ ជឿលើការរាប់ជាសុចរិតដោយជំនឿតែមួយគត់ ហើយពួកគេក៏ជឿលើព្រះគម្ពីរតែម្យ៉ាងគត់ផងដែរ។ ថ្នាក់ដឹកនាំសាសនានៅក្នុងប្រទេសបារាំងមានអំណាចខ្លាំងណាស់។ ព្រះនាង ម៉ាកហ្ហ្កឺរីត បានស្នើសុំជំនួយពីក្រុមស៊ើក អហ្វ ម៉ូ ទោះបីជាការធ្វើបែបនោះមានគ្រោះថ្នាក់ក៏ដោយ។ ហេតុនេះ យើងដឹងថា ព្រះនាង ម៉ាកហ្ហ្កឺរីត យកព្រះទ័យទុកដាក់ចំពោះសេចក្តីពិតនៃព្រះគម្ពីរច្រើនជាងការរំពឹងទុកផ្នែកសាសនាធម្មតា នៅក្នុងប្រទេសបារាំង។
យ៉ាងណាមិញព្រះនាង ម៉ាកហ្ហ្កឺរីត ក៏មានអំណាចខ្លាំងដែរ។ ព្រះនាងបានប្រកាន់ខ្ជាប់តាមជំនឿកំណែទម្រង់ខណៈពេលដែលព្រះនាងកំពុងគង់នៅក្នុងក្រុមជំនុំកាតូលិក។ ហើយព្រះនាងបានប្រើប្រាស់អំណាចរបស់ព្រះនាង ដើម្បីការពារគ្រីស្ទបរិស័ទនិកាយប្រូតេស្តង់ជនជាតិបារាំង។
ស្តេចនៃប្រទេសបារាំងមានព្រះទ័យស្រឡាញ់ និងគោរពកនិដ្ឋារបស់ទ្រង់ គឺព្រះនាង ម៉ាកហ្ហ្កឺរីត។ ស្តេច ហ្វ្រង់ស្វ័រ មិនមានព្រះទ័យខ្វល់ខ្វាយអំពីការដែលមនុស្សមួយចំនួនបានត្អូញត្អែរចំពោះទស្សនៈបែបប្រូតេស្តង់របស់ព្រះនាង ម៉ាកហ្ហ្កឺរីត ឡើយ។ ស្តេចបានមានបន្ទូលថា «ខ្ញុំស្រឡាញ់កនិដ្ឋារបស់ខ្ញុំខ្លាំងណាស់។ ខ្ញុំមិនចង់ឲ្យពាក្យត្អូញត្អែរទាំងនេះមករំខានដល់នាងឡើយ» (ដកស្រង់ចេញពី Reformation Women, ទំព័រ៣០)។
ស្តេច ហ្វ្រង់ស្វ័រ មិនត្រឹមតែទុកឲ្យព្រះនាង ម៉ាកហ្ហ្កឺរីត នៅតែអង្គឯងនោះទេ ប៉ុន្តែទ្រង់ក៏ថែមទាំងបានធ្វើរឿងជាច្រើនទៀតសម្រាប់ព្រះនាងដែរ។ ព្រះនាងអាចមានបន្ទូលដោយបើកចំហអំពីព្រះគ្រីស្ទនៅក្នុងរាជវាំងដែលមានអ្នកកាន់តាមជំនឿកាតូលិក ហើយបានបញ្ចុះបញ្ចូលពួកអភិជនផ្សេងទៀតឲ្យទទួលយកជំនឿតាមបែបកំណែទម្រង់។ ប្រសិនបើពួកអភិជនទាំងនោះត្រូវជាប់ពន្ធនាគារដោយសារជំនឿថ្មីរបស់ពួកគេ ពួកគេដឹងថាព្រះនាង ម៉ាកហ្ហ្កឺរីត នឹងស្នើសុំឲ្យពួកគេមានសេរីភាពវិញ។ ជេដ្ឋារបស់ព្រះនាងតែងតែយល់ព្រមតាមសំណើទាំងនោះ ក៏ដូចជាសំណើផ្សេងៗជាច្រើនទៀតដែរ។
នៅឆ្នាំ១៥២៧ នៃគ.ស. ព្រះនាងបានក្លាយជាម្ចាស់ក្សត្រីមួយអង្គ។ ស្វាមីទីមួយរបស់ព្រះនាងបានសោយទិវង្គតនៅក្នុងសមរភូមិ។ បន្ទាប់មក ព្រះនាងបានរៀបអភិសេកជាមួយស្តេច ហែនរី ដាល់ប្រេត (Henry d’Albret) ដែលជាស្តេចនៃប្រទេសណាវ៉ារ (Navarre)។ ប្រទេសណាវ៉ារគឺជាតំបន់មានជួរភ្នំច្រើននៅចន្លោះប្រទេសអេស្ប៉ាញ និងប្រទេសបារាំង។ នៅពេលដែលព្រះនាង ម៉ាកហ្ហ្កឺរីត បានរើទីលំនៅពីទីក្រុងប៉ារីសទៅកាន់ទីក្រុង ណេរ៉ាក់ (Nérac) ដែលជារាជធានីនៃប្រទេសណាវ៉ារ នោះព្រះនាងបានបាត់បង់ឥទ្ធិពលលើការសម្រេចព្រះទ័យរបស់ព្រះជេដ្ឋាព្រះនាង។ ប៉ុន្តែ ក្នុងនាមជាម្ចាស់ក្សត្រីនៃ ប្រទេសណាវ៉ារ ព្រះនាងទទួលបានអំណាចការពារប្រភេទផ្សេងមួយបែបទៀត គឺសិទ្ធិជ្រកកោន [ការការពារដែលបានប្រទានដល់បុគ្គលដែលកំពុងរត់គេចពីគ្រោះថ្នាក់]។
ស្វាមីថ្មីរបស់ព្រះនាងគឺជាអ្នកកាន់តាមសាសនាកាតូលិក ហើយជួនកាលព្រះអង្គមានភាពតឹងរ៉ឹងខ្លាំងចំពោះរឿងនេះ។ ទោះជាយ៉ាងណាក៏ដោយ ក៏ជាធម្មតាអាណាចក្រណាវ៉ារមានការបើកចំហក្នុងការទទួលយកសាសនាផ្សេងៗទៀតដែរ។ ព្រះនាង ម៉ាកហ្ហ្កឺរីត បានធ្វើឲ្យទីក្រុង ណេរ៉ាក់ (Nérac) ក្លាយជាទីក្រុងដ៏មានសុវត្ថិភាពសម្រាប់មនុស្សដែលកំពុងរត់គេចពីការបៀតបៀន [គេទទួលរងភាពអយុត្តិធម៌ដោយសារតែជំនឿ]។ សូម្បីតែលោក ចន ខិលវិន ផ្ទាល់ក៏ធ្លាប់បានទទួលការការពារពីព្រះនាង ម៉ាកហ្ហ្កឺរីត ផងដែរ។
ព្រះនាង ម៉ាកហ្ហ្កឺរីត តែងតែមានសុវត្ថិភាពជានិច្ច ហើយព្រះនាងក៏អាចមានបន្ទូលដោយសេរីបានគ្រប់ពេលដែរ។ ប៉ុន្តែ យូរៗទៅ ព្រះនាងហាក់ដូចជាលែងសូវមានព្រះទ័យចាប់អារម្មណ៍ក្នុងការជួយអ្នកដទៃទៀត ជាពិសេសបន្ទាប់ពីមាន «ព្រឹត្តិការណ៍បិទប្រកាស» (Affair of the Placards) នៅឆ្នាំ១៥៣៤ នៃគ.ស.។ នៅឆ្នាំ១៥៣៤ នៃគ.ស. មនុស្សម្នាបានបិទរូបភាពប្រកាសដែលរិះគន់អំពីពិធីអភិបូជាកាតូលិក នៅពាសពេញប្រទេសបារាំង។ ពួកគេថែមទាំងបានលួចបិទរូបភាពប្រកាសទាំងនោះនៅក្នុងក្រឡាបន្ទំរបស់ស្តេច ហ្វ្រង់ស្វ័រ ទៀតផង។ ស្តេចមានភាពស្រឡាំងកាំង និងមានព្រះទ័យខឹងសម្បារយ៉ាងខ្លាំង ដូច្នេះបន្ទាប់ពីព្រឹត្តិការណ៍នោះមកទ្រង់ក៏បានអនុញ្ញាតឲ្យមានអំពើហិង្សាកាន់តែខ្លាំងឡើងៗប្រឆាំងនឹងពួកប្រូតេស្តង់។ ព្រះទ័យខឹងសម្បាររបស់ទ្រង់ចំពោះពួកប្រូតេស្តង់គឺខ្លាំងជាងសេចក្តីស្រឡាញ់ដែលទ្រង់មានចំពោះកនិដ្ឋារបស់ទ្រង់ទៅទៀត។ ហើយជាលទ្ធផលគេក៏បានប្រហារជីវិតពួកប្រូតេស្តង់ជាច្រើននាក់ ដោយសារជំនឿរបស់ពួកគេ រួមទាំងលោក អង់តូន អូហ្សេរ៉ូ (Antoine Augereau) ផងដែរ។ លោក អូហ្សេរ៉ូ គឺជាបុគ្គលដែលបានបោះពុម្ពសៀវភៅដែលព្រះនាង ម៉ាកហ្ហ្កឺរីត បានសរសេរ។
ប្រហែលជាជំនឿតាមបែបកំណែទម្រង់របស់ព្រះនាង ម៉ាកហ្ហ្កឺរីត បានមានភាពចុះខ្សោយ នៅពេលដែលព្រះនាងមានព្រះជន្មកាន់តែច្រើនទៅៗ។ ព្រះនាងបានបញ្ចប់មិត្តភាពជាមួយលោក ខិលវិន បន្ទាប់ពីលោកបានរិះគន់ជាសាធារណៈអំពីមនុស្សប្រុសមួយចំនួនដែលព្រះនាងទុកព្រះទ័យ។ សំណេរភាគច្រើនរបស់ព្រះនាង ម៉ាកហ្ហ្កឺរីត គឺជាការរិះគន់លើទំនៀមទម្លាប់របស់សាសនាកាតូលិកដែលមិនស្របតាមព្រះគម្ពីរ ប៉ុន្តែនៅពេលក្រោយមកក្នុងឆាកជីវិត ព្រះនាងបែរជាបានអនុវត្តតាមពិធីបុណ្យកាតូលិកមួយចំនួននោះវិញ ដូចជាការសោយអាហារក្នុងពិធីជប់លៀង ដើម្បីផ្តល់កិត្តិយសដល់សាន់ ម៉ធិន (Saint Martin) ជាដើម។ យើងមិនដឹងថា តើព្រះនាងកំពុងគាំទ្រការថ្វាយបង្គំពួកបរិសុទ្ធ ឬមួយក៏ព្រះនាងគ្រាន់តែផ្តល់កិត្តិយសដល់ព្រះជេដ្ឋារបស់ព្រះនាង ដែលជាស្តេចនោះទេ។
អ្វីដែលយើងបានដឹងច្បាស់នោះគឺថា ព្រះនាង ម៉ាកហ្ហ្កឺរីត ដឺ ណាវ៉ារ ចង់ឲ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់មានលក្ខណៈងាយស្រួលយល់ និងអាចស្វែងរកបាន ហើយព្រះនាងមានព្រះទ័យចង់ឲ្យព្រះយេស៊ូវទទួលបានការលើកតម្កើង ព្រមទាំងចង់ឲ្យក្រុមជំនុំរបស់ទ្រង់មានការឯកភាពគ្នាផងដែរ។ មុនពេលព្រះនាង ម៉ាកហ្ហ្កឺរីត សុគត គឺព្រះនាងមានព្រះទ័យសង្ឃឹមថា បុត្រីរបស់ព្រះនាងដែលជាក្សត្រិយ៍អង្គបន្ទាប់នឹងធ្វើកិច្ចការបានកាន់តែច្រើនជាងព្រះនាងទៅទៀត។
ព្រះនាង ម៉ាកហ្ហ្កឺរីត បានសរសេរថា «ខ្ញុំដឹងថាព្រះជាម្ចាស់នឹងបន្តកិច្ចការដែលព្រះអង្គបានអនុញ្ញាតឲ្យខ្ញុំចាប់ផ្តើម។ បុត្រីរបស់ខ្ញុំនឹងធ្វើកិច្ចការបានកាន់តែល្អជាងអ្វីដែលខ្ញុំបានធ្វើទៅទៀត។ នាងមានកម្លាំង និងសេចក្តីក្លាហានខាងសីលធម៌ ដែលរូបខ្ញុំផ្ទាល់បានខ្វះ»។ (Reformation Women, ទំព័រ៣៩)។
បុត្រីរបស់ព្រះនាងគឺ ហ្សង់ ដាលប្រេត (Jeanne d'Albret) បានក្លាយជាម្ចាស់ក្សត្រីនៃប្រទេសណាវ៉ារ ហើយព្រះនាងក៏ជាអ្នកការពារដ៏ក្លាហាននៃចលនាកំណែទម្រង់បារាំងមួយអង្គដែរ។ ព្រះជាម្ចាស់បានបន្តកិច្ចការដែលព្រះនាង ម៉ាកហ្ហ្កឺរីត ដែលជាព្រះនាងម្ចាស់ និងជាអ្នកការពារបានចាប់ផ្តើម។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។