Day 12 The First Lady in France
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ ប៉ុន្តែលោកមិនបានធ្វើវាឡើងតែម្នាក់ឯងនោះទេ។ ចលនាកំណែទម្រង់នេះ គឺជាចលនារបស់វីរជនជាច្រើននាក់ ទាំងអ្នកដែលមានឈ្មោះល្បី និងអ្នកដែលមិនសូវមានគេស្គាល់ ដែលបានរួមចំណែកបង្កើតប្រវត្តិសាស្ត្រមួយនេះ។
លោកស្រី ម៉ារី ដេនធៀរ គឺជាក្មេងស្រីម្នាក់ដែលបានកើតនៅឆ្នាំ១៤៩៥ នៃគ.ស. ក្នុងគ្រួសារអភិជននៅទីក្រុងទួណៃ (Tournai) ប្រទេសបារាំង។ លោកស្រី ដេនធៀរ ទទួលបានការអប់រំខ្ពង់ខ្ពស់។ លោកស្រីបានចូលរួមក្នុងសហគមន៍ដូនជីគ្រីស្ទបរិស័ទនៃក្រុមអហ្គស្ទីននិយម (លោក ម៉ធិន លូសើរ ក៏ធ្លាប់ស្ថិតក្នុងក្រុមអហ្គស្ទីននិយមនេះដែរ មុនពេលលោកទទួលបានការកំណែទម្រង់)។ លោកស្រី ដេនធៀរ ប្រហែលជាអ្នកដឹកនាំម្នាក់នៃសហគមន៍នោះ ក្នុងអំឡុងដើមទសវត្សរ៍នៃឆ្នាំ១៥២០ នៃគ.ស.។ លោកស្រីបានចាប់អារម្មណ៍យ៉ាងខ្លាំងលើគំនិតថ្មីៗរបស់លោក ម៉ធិន លូសើរ។ នៅឆ្នាំ១៥២៥ នៃគ.ស. លោកស្រីបានចាកចេញពីកន្លែងដូនជី ហើយបានប្ដូរទីលំនៅទៅទីក្រុងស្ត្រាសប៊ឺក ដើម្បីចូលរួមក្នុងចលនាកំណែទម្រង់។ ក្នុងឆ្នាំដដែលនោះ លោកស្រីក៏បានបោះជំហានដ៏ក្លាហានមួយទៀត ដោយបានរៀបការជាមួយលោក ស៊ីម៉ូន រ៉ូប៊ឺត (Simon Robert) ដែលជាអតីតសង្ឃម្នាក់ដែរ។
ជារឿយៗ លោកស្រីបានលើកឡើងអំពីរបៀបដែលព្រះគម្ពីរចែងអំពីអំណរនៃជីវិតអាពាហ៍ពិពាហ៍។ លោកស្រីបានបង្រៀនមនុស្សថា វាមិនមែនជារឿងខុសឆ្គងទេ ដែលដូនជីគ្រីស្ទបរិស័ទ និងសង្ឃអាចបោះបង់ពាក្យសច្ចាប្រណិធានរបស់ពួកគេចោលដែលថានឹងមិនរៀបការ។ លោកស្រីបាននិយាយអំពីចំណុចនោះយ៉ាងច្រើន នៅពេលលោកស្រីព្យាយាមបញ្ចុះបញ្ចូលដូនជីគ្រីស្ទបរិស័ទនៅទីក្រុងហ្សឺណែវ។ លោកស្រី ដេនធៀរ និងលោក ស៊ីម៉ូន រ៉ូប៊ឺត ប្រហែលជាប្ដីប្រពន្ធជនជាតិបារាំងដំបូងគេ ដែលបានធ្វើព័ន្ធកិច្ចសម្រាប់ក្រុមជំនុំកំណែទម្រង់។ ប្ដីប្រពន្ធមួយគូនេះមានកូនប្រាំនាក់ ប៉ុន្តែលោក រ៉ូប៊ឺត បានទទួលមរណភាពក្នុងឆ្នាំ១៥៣៣ នៃគ.ស.។ នៅឆ្នាំ១៥៣៥ នៃគ.ស. លោកស្រី ដេនធៀរ បានរៀបការជាមួយលោក អង់តូន ហ្វ្រូម៉ង់ (Antoine Froment) ដែលជាគ្រូគង្វាលនៃក្រុមជំនុំកំណែទម្រង់ម្នាក់។ លោកស្រី ដេនធៀរ និងលោក អង់តូន ក៏បានរើទីលំនៅទៅទីក្រុងហ្សឺណែវជាមួយគ្នា។
យើងមិនដឹងច្រើនអំពីលោកស្រី ម៉ារី ដេនធៀរ នោះទេ។ ប្រភពព័ត៌មានចម្បងៗអំពីជីវិតរបស់លោកស្រីគឺបានមកពីឯកសារបីច្បាប់ ដែលលោកស្រីបានសរសេរ។ ឯកសារដំបូងរៀបរាប់អំពីអ្វីដែលបានកើតឡើងនៅក្នុងទីក្រុងហ្សឺណែវចាប់ពីឆ្នាំ១៥៣២ ដល់ឆ្នាំ១៥៣៦ នៃគ.ស. ស្របតាមការយល់ឃើញរបស់អ្នកកំណែទម្រង់។ លោកស្រី ដេនធៀរ ប្រហែលជាអ្នកនិពន្ធគ្រីស្ទបរិស័ទប្រូតេស្តង់ដំបូងគេ ដែលបានឲ្យនូវកំណត់ត្រានៃការឃើញផ្ទាល់ភ្នែក (សាក្សីរស់) អំពីពេលវេលាដែលច្របូកច្របល់បំផុតនៅទីក្រុងហ្សឺណែវនៅពេលនោះ។ លោកស្រីក៏ប្រហែលជាស្ត្រីដំបូងគេដែលបានរៀបរាប់ និងគាំទ្រទេវវិទ្យាកំណែទម្រង់ជាភាសាបារាំងផងដែរ។
លោកស្រី ម៉ារី ដេនធៀរ មិនមែនត្រឹមតែជាប្រវត្តិវិទូម្នាក់ប៉ុណ្ណោះទេ។ លោកស្រីក៏មានទេពកោសល្យក្នុងការចែកចាយដំណឹងល្អដែរ។ លោកស្រីបានស្រឡាញ់ និងឲ្យតម្លៃលើព្រះគម្ពីរ។ លោកស្រីមិនសប្បាយចិត្តទេខណៈដែលក្រុមជំនុំកាតូលិកបានលាក់បាំងសេចក្តីពិតខ្លះៗនៃព្រះគម្ពីរពីបណ្តាជន។ លោកស្រីបានបង្រៀនថា មនុស្សគ្រប់ៗរូប រួមទាំងស្ត្រីផងដែរ គួរតែអានព្រះបន្ទូលដ៏មានតម្លៃ និងពេញដោយសិរីល្អនៃព្រះជាម្ចាស់ដោយខ្លួនឯងផ្ទាល់។
សំបុត្រដែលល្បីល្បាញ និងមានភាពចម្រូងចម្រាសបំផុតរបស់លោកស្រី ដេនធៀរ គឺសំបុត្រផ្ញើជូនម្ចាស់ក្សត្រីនៃ ណាវ៉ារ (Queen of Navarre)។ គេបានហៅសំបុត្រនោះថា «សំបុត្រដ៏មានប្រយោជន៍បំផុត»។ សំបុត្រនេះពន្យល់អំពីទេវវិទ្យាកំណែទម្រង់យ៉ាងលម្អិត ហើយបានរិះគន់ក្រុមជំនុំកាតូលិកយ៉ាងចាស់ដៃ។
ការអានសំបុត្រនេះផ្តល់នូវភាពរីករាយណាស់។ លោកស្រី ដេនធៀរ ស្គាល់ព្រះគម្ពីរ និងយល់ដឹងអំពីទេវវិទ្យាយ៉ាងច្បាស់លាស់។ សំបុត្រនេះបានធ្វើឲ្យក្រុមជំនុំកាតូលិកខឹងយ៉ាងខ្លាំង។ គេបានចាប់ខ្លួនលោកស្រី ដេនធៀរ ដោយសារតែលោកស្រីបានសរសេរសំបុត្រនោះ ហើយគេក៏បានបំផ្លាញច្បាប់ចម្លងភាគច្រើននៃសំបុត្រនោះចោលផងដែរ។ មានមូលហេតុបីយ៉ាងដែលក្រុមជំនុំកាតូលិកស្អប់សំបុត្ររបស់លោកស្រី៖ ទីមួយគឺដោយសារវាបានរិះគន់ក្រុមជំនុំរ៉ូម៉ាំងកាតូលិក ទីពីរគឺដោយសារអ្នកសរសេរសំបុត្រនោះគឺជាស្ត្រី ហើយទីបីគឺដោយសារសំបុត្រនោះបានគាំទ្រដល់សិទ្ធិស្មើគ្នារបស់ស្ត្រីក្នុងការធ្វើជាទេវវិទូ និងជាគ្រូបង្រៀន។ លោកស្រីបានសរសេរថា៖
«ប្រសិនបើព្រះជាម្ចាស់បានបង្ហាញអ្វីមួយដល់លោកអ្នក នោះលោកអ្នកមិនគួរលាក់ ហើយកប់វាទុកចោលក្នុងដីនោះឡើយ។ បុរសមិនគួរធ្វើបែបនោះទេ ហើយយើងដែលជាស្ត្រីក៏មិនគួរធ្វើបែបនោះដែរ។ យើងមិនមានការអនុញ្ញាតឲ្យអធិប្បាយនៅក្នុងការជួបជុំជាសាធារណៈ និងក្នុងក្រុមជំនុំឡើយ។ ប៉ុន្តែ យើងគួរតែនៅមានសិទ្ធិក្នុងការសរសេរសំបុត្រទៅកាន់គ្នាទៅវិញទៅមក ហើយផ្តល់ដំបូន្មានដល់គ្នាទៅវិញទៅមក ដោយសេចក្តីសប្បុរសបានដែរ។» (Epistle to Marguerite de Navarre, ៥៣)
លោកស្រី ដេនធៀរ បានគាំទ្រ និងបានការពារលោក ចន ខិលវិន ព្រមទាំងថ្នាក់ដឹកនាំអ្នកកំណែទម្រង់ផ្សេងៗទៀតយ៉ាងខ្លាំងក្លា។ ប៉ុន្តែ ដើមដំបូងនៃព័ន្ធកិច្ចរបស់លោកស្រី ដេនធៀរ ច្បាស់ណាស់គឺលោក ខិលវិន ក៏បានទាស់ចិត្តខ្លះដែរ។ លោកមិនចូលចិត្តរបៀបដែលលោកស្រីបានរិះគន់ជាសាធារណៈទៅលើថ្នាក់ដឹកនាំក្រុមជំនុំដែលជាមនុស្សប្រុសនោះទេ។
យូរៗទៅលោក ខិលវិន ក៏កាន់តែមានសេចក្តីគោរព និងកោតសរសើរចំពោះលោកស្រី ដេនធៀរ ខ្លាំងជាងមុនដែរ។ មុនពេលលោកស្រីបានទទួលមរណភាពនៅឆ្នាំ១៥៦១ នៃគ.ស. ភាពតានតឹងរវាងអ្នកទាំងពីរនោះក៏បានរលាយបាត់អស់ទៅដែរ។ លោក ខិលវិន ថែមទាំងបានស្នើសុំឲ្យលោកស្រីសរសេរ «សេចក្តីផ្ដើម» សម្រាប់អត្ថបទសេចក្តីអធិប្បាយរបស់លោក អំពីការស្លៀកពាក់ដ៏សមរម្យរបស់ស្ត្រី ដែលដកស្រង់ចេញពីកណ្ឌគម្ពីរ ១ធីម៉ូថេ ២:៨-១២ ទៀតផង។ មនុស្សមួយចំនួនបានគិតថាកណ្ឌគម្ពីរ ១ធីម៉ូថេ ២:៨-១២ ចែងថាមិនមានការអនុញ្ញាតឲ្យស្ត្រីបង្រៀនឡើយ។ ដូច្នេះ វាគឺជារឿងដែលផ្ទុយពីការរំពឹងទុកដែលលោក ខិលវិន បានស្នើសុំឲ្យលោកស្រីបង្រៀនអំពីខគម្ពីរនោះ។
លោកស្រី ដេនធៀរ បានគិតថា ព្រះគុណ និងសេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់សម្រាប់យើង គឺជាអ្វីដែលអស្ចារ្យណាស់។ ហើយលោកស្រីក៏បានគិតថា ព្រះគម្ពីរបានចែងយ៉ាងច្បាស់ថាបុរស និងស្ត្រីមានភាពស្មើគ្នា នៅក្នុងទំនាក់ទំនងរបស់យើងជាមួយនឹងព្រះជាម្ចាស់។ លោកស្រីបានជឿថា ក្រុមជំនុំកាតូលិកបានលាក់សេចក្តីពិតទាំងពីរនេះ។ ហើយលោកស្រីក៏ជឿផងដែរថា អ្នកណាដែលស្គាល់សេចក្តីពិតក៏គួរតែប្រាប់ដល់អ្នកដទៃទៀតដោយមានភាពជឿជាក់។
សង្គមដែលនៅជុំវិញលោកស្រី ដេនធៀរ មិនបានយល់ថា លោកស្រីមានភាពសុភាពរាបសា និងចេះបន្ទាបខ្លួនដូចដែលស្ត្រីគួរតែមាននោះឡើយ។ ប៉ុន្តែ ព្រះគម្ពីរគឺជាប្រភពនៃភាពឆេះឆួលរបស់លោកស្រី។ ស្នាដៃសរសេររបស់លោកស្រីបានផ្លាស់ប្ដូរចិត្តគំនិតមនុស្សនៅក្នុងសម័យកាលរបស់គាត់ ហើយក៏ថែមទាំងបន្តរហូតមកដល់សតវត្សរ៍ទី២១នេះទៀតផង។ នៅឆ្នាំ២០០២ នៃគ.ស. លោកស្រី ម៉ារី ដេនធៀរ បានក្លាយជាស្ត្រីតែម្នាក់គត់ ដែលមានឈ្មោះចារឹកនៅលើជញ្ជាំងនៃអ្នកកំណែទម្រង់ដ៏ល្បីល្បាញ នៅក្នុងទីក្រុងហ្សឺណែវ។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
-640x360.webp&w=3840&q=75)
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
-640x360.webp&w=3840&q=75)
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។