Day 11 The Protestant Melting Pot
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ ប៉ុន្តែលោកមិនបានធ្វើវាឡើងតែម្នាក់ឯងនោះទេ។ ចលនាកំណែទម្រង់នេះ គឺជាចលនារបស់វីរជនជាច្រើននាក់ ទាំងអ្នកដែលមានឈ្មោះល្បី និងអ្នកដែលមិនសូវមានគេស្គាល់ ដែលបានរួមចំណែកបង្កើតប្រវត្តិសាស្ត្រមួយនេះ។
លោក ម៉ធិន ប៊ូសឺ (Martin Bucer) គឺជាអ្នកកំណែទម្រង់ដ៏សំខាន់ម្នាក់ ប៉ុន្តែលោកអ្នកប្រហែលជាមិនដែលបានឮអំពីឈ្មោះរបស់គាត់ទេ។ លោកបានបំពេញការងារក្រោមឥទ្ធិពលរបស់អ្នកកំណែទម្រង់ជនជាតិអាល្លឺម៉ង់ល្បីៗផ្សេងទៀត គឺលោក លូសើរ និងលោក មេឡង់ថុន។ ប៉ុន្តែលោក ប៊ូសឺ គឺជាអ្នកដឹកនាំនៃអ្នកកំណែទម្រង់ម្នាក់នៅក្នុងទីក្រុងស្ត្រាសប៊ឺក (Strasbourg) ហើយទីក្រុងស្ត្រាសប៊ឺកគឺជាមជ្ឈមណ្ឌលនៃគ្រីស្ទបរិស័ទនិកាយប្រូតេស្តង់អស់មួយរយៈ។
លោក ប៊ូសឺ បានកើតនៅក្បែរទីក្រុងស្ត្រាសប៊ឺកនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៤៩១ នៃគ.ស.។ កាលលោកមានអាយុ ១៥ឆ្នាំ លោកបានចូលរួមជាមួយក្រុមអ្នកអធិប្បាយខាងនិកាយកាតូលិកមួយក្រុម ដែលមានឈ្មោះថា ក្រុមដូមីនិកាំង (Dominican)។ អ្នកបួសក្នុងក្រុមនោះដែលមានដូចជាលោក ប៊ូសឺ ជាដើមបានស្បថថានឹងរស់នៅក្នុងភាពក្រីក្រ ភាពបរិសុទ្ធខាងផ្លូវភេទ និងការស្តាប់បង្គាប់ព្រះ។ ទោះជាយ៉ាងណាក៏ដោយក៏ពួកគាត់មិនដូចជាពួកសង្ឃដែរ គឺពួកគេបានបម្រើការនៅតាមទីក្រុងនានា ហើយមិនបានរស់នៅក្នុងការផ្តាច់ខ្លួននោះទេ។
លោក ម៉ធិន ប៊ូសឺ បានឮលោក ម៉ធិន លូសើរ អធិប្បាយជាលើកដំបូងនៅក្នុងខែមេសា ឆ្នាំ១៥១៨ នៃគ.ស.។ (លោក ប៊ូសឺ មានអាយុ ២៦ឆ្នាំ ហើយលោក លូសើរ មានអាយុ ៣៤ឆ្នាំ)។ លោក ប៊ូសឺ មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះលោក លូសើរ។ លោកចូលចិត្តជាពិសេសលើជំនឿរបស់លោក លូសើរ ដែលថា មនុស្សទទួលបានការរាប់ជាសុចរិតដោយអាងលើជំនឿតែមួយគត់ មិនមែនតាមរយៈការប្រព្រឹត្តអំពើសុចរិតនោះឡើយ។ បីឆ្នាំក្រោយមកលោក ប៊ូសឺ បានចាកចេញពីក្រុមដូមីនិកាំង ដើម្បីទៅប្រកាសដំណឹងល្អ។ លោកក៏បានលះបង់សច្ចារបស់លោក ហើយសម្រេចចិត្តរៀបការផងដែរ។ ការផ្លាស់ប្តូរភ្លាមៗនេះបានធ្វើឲ្យលោកក្លាយជាសង្ឃដែលលេចធ្លោ និងមានគំនិតបដិវត្តន៍បំផុតម្នាក់នៅប្រទេសអាល្លឺម៉ង់។ លោកថែមទាំងបានរៀបការជាមួយដូនជីគ្រីស្ទបរិស័ទម្នាក់ដែលមានឈ្មោះថា អេលីហ្សាប៊ែត ទៀតផង។
ទោះបើលោក លូសើរ បាននាំលោក ប៊ូសឺ ឲ្យមានចំណែកក្នុងសម័យកំណែទម្រង់ក៏ដោយក៏លោក ប៊ូសឺ មិនបានយល់ស្របជាមួយអ្នកណែនាំខាងឯវិញ្ញាណរបស់លោកលើគ្រប់ចំណុចទាំងអស់នោះដែរ។ នេះគឺដោយសារលោក អេរ៉ាស្មូស បានជះឥទ្ធិពលយ៉ាងខ្លាំងដល់លោក ប៊ូសឺ លើផ្នែកខ្លះៗរួចស្រេចទៅហើយ។ លោក ប៊ូសឺ បានដឹងគុណ និងស្ងើចសរសើរដល់លោក អេរ៉ាស្មូស បើទោះបីជាពួកគាត់មានជំនឿខុសៗគ្នាក៏ដោយ។ លោក ប៊ូសឺ ចង់លើកកម្ពស់ភាពរួបរួមគ្នាក្នុងចំណោមព្រះវិហារនៃគ្រីស្ទបរិស័ទផ្សេងៗគ្នា។ បំណងប្រាថ្នានោះបានដាក់លោកឲ្យស្ថិតក្នុងឋានៈមួយក្នុងការដើរតួយ៉ាងសំខាន់ នៅក្នុងចលនាដ៏ធំជាងនេះទៅទៀត។
ទីក្រុងស្ត្រាសប៊ឺកបានក្លាយជាមជ្ឈមណ្ឌលជំនឿនៃនិកាយប្រូតេស្តង់ នេះគឺដោយសារតែលោក ប៊ូសឺ និងអ្នកដឹកនាំផ្សេងៗទៀតមិនបានជជែកវែកញែកគ្នាអំពីបញ្ហាជាច្រើនដែលបង្កឲ្យមានជាជម្លោះ និងការបែកបាក់គ្នា។ ឧទាហរណ៍៖ នៅឆ្នាំ១៥២៩ នៃគ.ស. លោក លូសើរ និងលោក ស្វីងហ្គើលី (Zwingli) មានទំនាស់នឹងគ្នា ដោយសារតែពួកគាត់មិនឯកភាពគ្នាអំពីពិធីលៀងព្រះអម្ចាស់។ ប៉ុន្តែលោក ប៊ូសឺ បានយល់អំពីទស្សនៈរបស់ភាគីទាំងសងខាង ដូច្នេះលោក ប៊ូសឺ ក៏បានរៀបចំការជួបពិភាក្សាគ្នាមួយ សម្រាប់ពួកគាត់ទាំងពីរនាក់។ លោក ប៊ូសឺ បានសង្ឃឹមថា ពួកគាត់ទាំងពីរនាក់អាចឈានដល់កិច្ចព្រមព្រៀងណាមួយ ដែលនឹងជួយបង្រួបបង្រួមបុគ្គលសំខាន់ៗទាំងពីររូបនៃសម័យកំណែទម្រង់នោះ។
ទោះបីជាលោក លូសើរ និងលោក ស្វីងហ្គើលី នៅតែមិនយល់ស្របជាមួយគ្នាបន្ទាប់ពីការជួបពិភាក្សានោះក៏ដោយ ក៏ការជួបពិភាក្សានេះគឺជាគំរូដ៏ល្អមួយនៃតួនាទីដែលលោក ប៊ូសឺ បានធ្វើនៅសម័យនោះដែរ។ លោកបានបង្កើតទំនាក់ទំនងរវាងលោក លូសើរ និងលោក ស្វីងហ្គើលី។ ហើយលោកក៏បានបង្កើតទំនាក់ទំនងរវាងពួកប្រូតេស្តង់ ទូទៅ និងក្រុមអានាបាបទីស្ទ ដែលប្រកាន់ភ្ជាប់លើគោលជំនឿមួយចំនួនយ៉ាងខ្លាំងក្លា។ លោកក៏ថែមទាំងបានបង្កើតទំនាក់ទំនងរវាងអ្នកកំណែទម្រង់ និងពួកកាតូលិកទៀតផង។ លោក ប៊ូសឺ មិនចង់ចាប់ផ្តើម និងដឹកនាំចលនាណាមួយដាច់ដោយឡែកផ្ទាល់ខ្លួននោះទេ។ ផ្ទុយទៅវិញ លោកបានព្យាយាមនាំក្រុមផ្សេងៗគ្នាឲ្យមានភាពរួបរួមគ្នានៃសហគមន៍ប្រូតេស្តង់តែមួយ ដោយមានការបង្រៀនយ៉ាងច្បាស់លាស់អំពីព្រះបន្ទូលព្រះ។ លោកបានយល់ និងឲ្យតម្លៃលើភាពខ្លាំងនៃកម្លាំងដែលនឹងកើតចេញពីភាពរួបរួមគ្នា។
ជំនឿរបស់លោក ប៊ូសឺ គឺជាការរួមបញ្ចូលគ្នារវាងជំនឿរបស់លោក លូសើរ និងលោក អេរ៉ាស្មូស។ ដូច្នេះ ការកំណែទម្រង់របស់លោក ប៊ូសឺ មានរចនាបទប្លែកពីគេ។ លោក ប៊ូសឺ តែងតែបង្រៀនថា ការរាប់ជាសុចរិតគឺដោយសារជំនឿតែមួយគត់ទេ ប៉ុន្តែក្នុងពេលជាមួយគ្នានោះលោកក៏បានបង្រៀនផងដែរថា វាជាការសំខាន់ដែលគ្រីស្ទបរិស័ទធ្វើ អំពើល្អ ហើយមានតែព្រះវិញ្ញាណបរិសុទ្ធទេដែលអាចជួយឲ្យយើងធ្វើអំពើល្អទាំងនេះទៅរួចបាន។ ទោះជាយ៉ាងណាក៏ដោយនៅពេលក្រោយមកទៀតក្នុងជីវិតរបស់ លោក ប៊ូសឺ ក៏លោកបានលើកឡើងអំពីអ្វីម្យ៉ាងទៀតដែលលោកបានហៅថា «ការរាប់ជាសុចរិតពីរដង»។ ការបង្រៀនអំពី «ការរាប់ជាសុចរិតពីរដង» នេះបានធ្វើឲ្យមនុស្សមានការភាន់ច្រឡំ ហើយក៏ថែមទាំងអាចផ្ទុយនឹងជំនឿតាមបែបប្រូតេស្តង់អំពីការរាប់ជាសុចរិតដោយជំនឿតែមួយគត់ទៀតផង។
វាពិតជាច្បាស់ណាស់ថាលោក ប៊ូសឺ បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការប្រព្រឹត្តរបស់គ្រីស្ទបរិស័ទ។ ដោយសារមូលហេតុនេះហើយបានជាលោកតែងតែស្វែងរកវិធីសាស្ត្រ ដើម្បីជួយដល់ក្រុមជំនុំនានា ឲ្យប្រាកដថាសមាជិករបស់ខ្លួនមានអាកប្បកិរិយាល្អៗ។ ជាដំបូង លោកបានស្នើដល់មន្ត្រីនៅក្នុងទីក្រុងស្ត្រាសប៊ឺក ឲ្យអនុវត្តច្បាប់តឹងរ៉ឹងជាងមុន។ ប៉ុន្តែ រដ្ឋាភិបាលមិនបានយល់ព្រមបង្ខំឲ្យអនុវត្តតាមការរំពឹងទុកដែលតឹងរ៉ឹងជាងមុននោះទេ។ ដូច្នេះ លោក ប៊ូសឺ ក៏បានបង្កើតក្រុមអ្នកជឿដោយស្ម័គ្រចិត្តនៅក្នុងក្រុមជំនុំតាមតំបន់។ ក្រុមទាំងនេះបានជួបជុំគ្នា ដើម្បីលើកទឹកចិត្តគ្នាទៅវិញទៅមក ឲ្យបន្តរស់នៅក្នុងសេចក្តីសុចរិត។ ក្រុមទាំងនេះប្រហែលជាក្រុមតូចដំបូងបំផុត ដែលមើលទៅមានលក្ខណៈស្រដៀងនឹងក្រុមតូចនៅក្នុងក្រុមជំនុំបច្ចុប្បន្ននេះ។
បន្ទាប់ពីលោក ចន ខិលវិន បាននិរទេសខ្លួន លោកក៏បានឃើញក្រុមតូចរបស់លោក ប៊ូសឺ នៅក្នុងទីក្រុងស្ត្រាសប៊ឺក។ លោក ខិលវិន ក៏បានប្រើប្រាស់គោលការណ៍ដូចគ្នានេះនៅឯទីក្រុងហ្សឺណែវផងដែរ។ លោក ខិលវិន បានចំណាយពេលខ្លះក្នុងចំណោមឆ្នាំនានារបស់លោកដោយមានភាពរីករាយបំផុតនៅក្នុងទីក្រុងស្ត្រាសប៊ឺក ពីព្រោះនៅទីក្រុងស្ត្រាសប៊ឺក លោក ខិលវិន បានរៀនសូត្រពីលោក ប៊ូសឺ ក្នុងអំឡុងពេលដែលលោក ខិលវិន ដឹកនាំក្រុមជំនុំសម្រាប់ជនភៀសខ្លួនជនជាតិបារាំងដទៃទៀត។
ភរិយាដំបូងរបស់លោក ប៊ូសឺ ដែលលោកបានរៀបការជាមួយអស់រយៈពេល ២០ឆ្នាំបានស្លាប់ដោយសារគ្រោះកាចនៅឆ្នាំ១៥៤២ នៃគ.ស.។ នៅពេលភរិយាគាត់ហៀបនឹងស្លាប់ គាត់បានលើកទឹកចិត្តលោក ប៊ូសឺ ឲ្យរៀបការជាមួយអ្នកស្រី វីប្រេនឌីស រ៉ូសិនប្លាត (Wibrandis Rosenblatt)។ សព្វថ្ងៃនេះ មនុស្សមួយចំនួនហៅអ្នកស្រី វីប្រានឌីស ថាជា «កូនក្រមុំនៃអ្នកកំណែទម្រង់» ពីព្រោះគាត់បានរៀបការជាមួយអ្នកកំណែទម្រង់បួនរូបខុសៗគ្នា ពេញមួយជីវិតរបស់គាត់។ ដំបូង គាត់បានរៀបការជាមួយលោក ឡាក់វីក ខេល័រ (Ludwig Keller) ប៉ុន្តែក្រោយមកលោក ខេល័រ ក៏បានស្លាប់។ បន្ទាប់មក គាត់បានរៀបការជាមួយលោក យ៉ូហាន អូកូឡាំប៉ាឌីស (Johannes Oecolampadius) ហើយបន្ទាប់មកលោក អូកូឡាំប៉ាឌីស ក៏បានស្លាប់ទៅដែរ។ បន្ទាប់មកទៀត គាត់បានរៀបការជាមួយលោក វ៉ូហ្វហ្គាំង កាពីតូ (Wolfgang Capito) រហូតដល់លោក កាពីតូ បានស្លាប់។ ជាចុងក្រោយ គាត់បានរៀបការជាមួយលោក ប៊ូសឺ ហើយបានត្រឹមតែ ៥ឆ្នាំក្រោយមក លោក ប៊ូសឺ ក៏បានស្លាប់ដែរ។
លោក ប៊ូសឺ បានបង្ហាញថា ពួកសង្ឃដែលជាអ្នកកំណែទម្រង់ក៏អាចរៀបការបានដែរ។ ប៉ុន្តែ លោក ប៊ូសឺ ក៏បានធ្វើឲ្យការលែងលះគ្នាមានភាពងាយស្រួលជាងមុនផងដែរ។ លោក ប៊ូសឺ បានបង្រៀនថា គូស្វាមីភរិយាអាចពិចារណាអំពីការលែងលះគ្នាបាន ដរាបណាពួកគាត់បានព្យាយាមដោះស្រាយបញ្ហាដោយប្រើប្រាស់រាល់ជម្រើសផ្សេងទៀតអស់ហើយសិន (ដកស្រង់ចេញពី Reformation, ទំព័រ៦៦០)។ ជាលទ្ធផល ក្រុមជំនុំប្រូតេស្តង់ទាំងមូលនៅក្នុងទ្វីបអឺរ៉ុបក៏បានចាប់ផ្តើមទទួលយកការលែងលះគ្នាកាន់តែងាយទៅៗ ដោយសារតែការបង្រៀនរបស់លោក ប៊ូសឺ។
នៅឆ្នាំ១៥៤៩ នៃគ.ស. លោកអធិរាជ ឆាលស៍ ទី៥ (Emperor Charles V) បានបង្កើតច្បាប់មួយ ដែលបង្ខំឲ្យ គ្រីស្ទបរិស័ទប្រូតេស្តង់នៅក្នុងទីក្រុង ស្ត្រាសប៊ឺក ត្រឡប់មកអនុវត្តតាមទំនៀមទំលាប់បែបនិកាយកាតូលិកឡើងវិញ។ ដូច្នេះលោក ប៊ូសឺ ក៏បានទៅនៅទីក្រុង ខេមប្រ៊ីជ (Cambridge) ប្រទេសអង់គ្លេស ហើយបានក្លាយជាសាស្ត្រាចារ្យផ្នែកការសិក្សាអំពីជំនឿគ្រីស្ទបរិស័ទ។ លោកបានស្លាប់នៅឆ្នាំ១៥៥១ នៃគ.ស. ពោលគឺមុនពេលដែលលោកអាចត្រឡប់ទៅទីក្រុងស្ត្រាសប៊ឺកវិញ។
នៅសព្វថ្ងៃនេះគេមិនសូវនិយាយអំពីលោក ម៉ធិន ប៊ូសឺ ប៉ុន្មានទេ បើធៀបទៅនឹងលោក លូសើរ លោក ស្វីងហ្គើលី លោក មេឡង់តុន និងលោក ខិលវិន។ ប៉ុន្តែ យើងគួរតែផ្តល់កិត្តិយសដល់លោក ពីព្រោះលោកចង់ភ្ជាប់ទំនាក់ទំនងរវាងគ្រីស្ទបរិស័ទ និងបង្កើតឲ្យមានភាពរួបរួមគ្នា ក្នុងចំណោមអ្នកកំណែទម្រង់ទាំងឡាយ។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
-640x360.webp&w=3840&q=75)
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
-640x360.webp&w=3840&q=75)
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។